ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី តើគ្រិស្តបានបង្រៀនអំពីក្ដីសង្ឃឹមនេះទេ?
«[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត»។—បប. ២១:៤
បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាននិងជាមនុស្សដែលមានមុខមាត់ បានរត់ទៅលុតជង្គង់នៅមុខលោកយេស៊ូ ហើយសួរថា៖ «លោកគ្រូល្អ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ (ម៉ាក. ១០:១៧) បុរសវ័យក្មេងនោះសួរអំពីការទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក ប៉ុន្តែតើគាត់ចង់សួរអំពីជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ឬក៏នៅផែនដី? ដូចយើងបានពិគ្រោះនៅអត្ថបទមុន រាប់រយឆ្នាំមុន ព្រះបានផ្ដល់ឲ្យជនជាតិយូដាមានក្ដីសង្ឃឹមរស់ឡើងវិញ ហើយមានជីវិតជារៀងរហូតនៅផែនដី។ សេចក្ដីសង្ឃឹមនោះនៅតែមានក្នុងចំណោមជនជាតិយូដាជាច្រើននៅសតវត្សរ៍ទី១។
២ តាមមើលទៅ ម៉ាថាដែលជាមិត្តរបស់លោកយេស៊ូ បានគិតអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដី ពេលគាត់និយាយអំពីប្អូនប្រុសគាត់ដែលបានស្លាប់ថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ នៅថ្ងៃចុងក្រោយ»។ (យ៉ូន. ១១:២៤) ពិតមែន ពួកសាឌូស៊ីនៅសម័យនោះមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញឡើយ។ (ម៉ាក. ១២:១៨) យ៉ាងណាក៏ដោយ បុរសម្នាក់បានសរសេរថា៖ «សំណេរ . . . ដែលមាននៅសតវត្សរ៍ទី១ឬទី២ មុនគ.ស. បញ្ជាក់អំពីជំនឿដែលមនុស្សជាច្រើនមានដែលថា នៅគ្រាសំខាន់មួយក្នុងប្រវត្ដិសាស្ត្រពិភពលោក នោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី»។ (ឈ្មោះ George Foot Moore សៀវភៅ Judaism in the First Centuries of the Christian Era) ដូច្នេះ បុរសអ្នកមានដែលបានរត់មកជួបលោកយេស៊ូនោះ ចង់ទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។
៣ សព្វថ្ងៃ សាសនានិងបណ្ឌិតខាងគម្ពីរជាច្រើនមិនព្រមទទួលស្គាល់ថា លោកយេស៊ូបានបង្រៀនអំពីក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីទេ។ មនុស្សភាគច្រើនសង្ឃឹមថាក្រោយពីស្លាប់ ពួកគេនឹងទៅកាន់សុគតិភព។ ដូច្នេះ ពេលមនុស្សអានបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយឃើញពាក្យ«ជីវិតដែលគ្មានទីបញ្ចប់» នោះមនុស្សជាច្រើនតែងតែគិតថា នេះសំដៅទៅជីវិតនៅស្ថានសួគ៌។ តើនេះជាការពិតទេ? តើលោកយេស៊ូបង្កប់អត្ថន័យអ្វីពេលលោកមានប្រសាសន៍អំពីជីវិតដែលគ្មានទីបញ្ចប់? តើអ្នកកាន់តាមលោកជឿអ្វីចំពោះរឿងនេះ? តើបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចបង្រៀនថា យើងមានក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីទេ?
ជីវិតដែលគ្មានទីបញ្ចប់«ក្នុងគ្រាបង្កើតសាជាថ្មី»
៤ គម្ពីរបង្រៀនថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ដើម្បីគ្រប់គ្រងផែនដី។ (លូក. ១២:៣២; បប. ៥:៩, ១០; ១៤:១-៣) ក៏ប៉ុន្តែ ពេលលោកយេស៊ូមានប្រសាសន៍អំពីជីវិតដែលគ្មានទីបញ្ចប់ លោកមិនតែងតែសំដៅទៅលើគ្រិស្តសាសនិកមួយចំនួនតូចនោះឡើយ។ ពេលលោកយេស៊ូអញ្ជើញបុរសវ័យក្មេងដែលជាអ្នកមានឲ្យមកកាន់តាមលោក ហើយលះបង់ទ្រព្យសម្បត្ដិទាំងអស់ នោះគាត់បានចេញទៅដោយមានក្ដីទុក្ខ។ សូមគិតអំពីអ្វីដែលលោកមានប្រសាសន៍ទៅអ្នកកាន់តាមលោកក្រោយពីរឿងនេះកើតឡើង។ (សូមអាន ម៉ាថាយ ១៩:២៨, ២៩) លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា ពួកគាត់នឹងស្ថិតក្នុងចំណោមអ្នកដែលគ្រប់គ្រងជាស្តេច ហើយវិនិច្ឆ័យ«កុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ» ពោលគឺមនុស្សជាតិទាំងឡាយលើកលែងតែពួកអ្នកដែលគ្រប់គ្រងនៅស្ថានសួគ៌។ (១កូ. ៦:២) លោកក៏បានមានប្រសាសន៍អំពីរង្វាន់ដែល«អ្នកណា»ក៏ដោយជាអ្នកកាន់តាមលោកនឹងទទួល។ អ្នកនោះក៏«នឹងទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក»ដែរ។ អ្វីៗទាំងអស់នេះនឹងត្រូវកើតឡើងនៅ«ក្នុងគ្រាបង្កើតសាជាថ្មី»។
៥ តើលោកយេស៊ូចង់បង្កប់អត្ថន័យអ្វីពេលលោកមានប្រសាសន៍អំពី«គ្រាបង្កើតសាជាថ្មី»? ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ ពាក្យនេះបានត្រូវបកប្រែថា«ក្នុងពិភពថ្មី»។ សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធបានបកប្រែពាក្យនេះថា«គ្រាកែជាថ្មីឡើងវិញ»។ ដោយសារលោកយេស៊ូមិនបានពន្យល់បន្ថែមពេលប្រើពាក្យនេះ នោះតាមមើលទៅ លោកសំដៅទៅក្ដីសង្ឃឹមដែលជនជាតិយូដាមានរាប់រយឆ្នាំមកហើយ។ ស្ថានភាពនៅផែនដីនឹងត្រូវបង្កើតសាជាថ្មី ដើម្បីឲ្យអ្វីៗទាំងអស់មានស្ថានភាពដូចសួនច្បារអេដែនមុនអាដាមនិងអេវ៉ាប្រព្រឹត្តអំពើខុសឆ្គង។ គ្រាបង្កើតសាជាថ្មីនឹងសម្រេចសេចក្ដីសន្យារបស់ព្រះដែលថា លោកនឹង«បង្កើតផ្ទៃមេឃថ្មីហើយនឹងផែនដីថ្មី»។—អេ. ៦៥:១៧
៦ ជីវិតដែលគ្មានទីបញ្ចប់គឺជាអ្វីដែលលោកយេស៊ូបានរៀបរាប់ម្ដងទៀត ពេលដែលលោកថ្លែងអំពីគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ២៤:១-៣) លោកមានប្រសាសន៍ថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក ហើយប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នាដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ»។ មនុស្សដែលលោកផ្ដន្ទាទោស«នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត តែមនុស្សសុចរិតនឹងបានជីវិតដែលគ្មានទីបញ្ចប់»។ «មនុស្សសុចរិត»ដែលទទួលជីវិតដែលគ្មានទីបញ្ចប់ គឺជាអ្នកដែលគាំទ្រយ៉ាងស្មោះនូវ«ពួកបងប្អូន»របស់គ្រិស្តដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ។ (ម៉ាថ. ២៥:៣១-៣៤, ៤០, ៤១, ៤៥, ៤៦) ដោយសារអ្នកដែលបានត្រូវរើសតាំងនឹងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ នោះ«មនុស្សសុចរិត»នឹងត្រូវធ្វើជារាស្ត្រនៅផែនដីរបស់រាជាណាចក្រនោះ។ គម្ពីរបានទាយទុកថា៖ «[ស្តេចរបស់ព្រះយេហូវ៉ា]នឹងមានអំណាច[ឬ«រាស្ត្រ»] ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេរហូតដល់ទីបំផុតផែនដី»។ (ទំនុក. ៧២:៨; ព.ថ.) រាស្ត្រទាំងនេះនឹងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់នៅផែនដី។
តើសៀវភៅដំណឹងល្អរបស់យ៉ូហានឆ្លុះបញ្ចាំងឲ្យឃើញអ្វី?
៧ ដូចបានរៀបរាប់ខាងលើ លោកយេស៊ូបានប្រើពាក្យ«ជីវិតដែលគ្មានទីបញ្ចប់»នៅសៀវភៅដំណឹងល្អរបស់ម៉ាថាយ ម៉ាកុស និងលូកា។ សៀវភៅដំណឹងល្អរបស់យ៉ូហានបានដកស្រង់ពាក្យរបស់លោកយេស៊ូអស់១៧ដងស្តីអំពីជីវិតដែលគ្មានទីបញ្ចប់។ សូមឲ្យយើងពិនិត្យមើលករណីនោះខ្លះៗដើម្បីយល់ពីអ្វីដែលលោកយេស៊ូមានប្រសាសន៍ស្តីអំពីក្ដីសង្ឃឹមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។
៨ យោងទៅតាមយ៉ូហាន លោកយេស៊ូមានប្រសាសន៍ជាលើកដំបូងទៅកាន់ផារិស៊ីម្នាក់ឈ្មោះនីកូដេម អំពីជីវិតដែលគ្មានទីបញ្ចប់។ លោកបានប្រាប់នីកូដេមថា៖ «គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពលរបស់ព្រះ»។ អ្នកដែលចូលក្នុងរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ត្រូវ«កើតម្ដងទៀត»។ (យ៉ូន. ៣:៣-៥) មិនត្រឹមតែប៉ុណ្ណោះ លោកយេស៊ូក៏បានមានប្រសាសន៍អំពីក្ដីសង្ឃឹមដែលមនុស្សទាំងឡាយអាចមាន។ (សូមអាន យ៉ូហាន ៣:១៦) លោកយេស៊ូសំដៅទៅក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌សម្រាប់អ្នកកាន់តាមលោកដែលបានត្រូវរើសតាំង ហើយជីវិតដែលគ្មានទីបញ្ចប់នៅផែនដីសម្រាប់មនុស្សឯទៀត។
៩ ក្រោយពីលោកយេស៊ូពិភាក្សាជាមួយនីកូដេមនៅក្រុងយេរូសាឡិម លោកធ្វើដំណើរទៅស្រុកកាលីឡេនៅទិសខាងជើង។ ពេលកំពុងធ្វើដំណើរទៅទីនោះ លោកជួបស្ត្រីម្នាក់នៅឯអណ្ដូងរបស់យ៉ាកុប ជិតក្រុងស៊ីខានៅស្រុកសាម៉ារី។ លោកបានប្រាប់ស្ត្រីនោះថា៖ «អ្នកណាដែលផឹកទឹកដែលខ្ញុំឲ្យ អ្នកនោះនឹងមិនស្រេកម្ដងទៀតឡើយ ប៉ុន្តែទឹកដែលខ្ញុំឲ្យអ្នកនោះ នឹងទៅជាទឹកផុសក្នុងអ្នកនោះ ហើយផ្ដល់នូវជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូន. ៤:៥, ៦, ១៤) ទឹកនេះតំណាងការរៀបចំរបស់ព្រះដើម្បីធ្វើឲ្យមនុស្សទាំងអស់មានជីវិតដែលគ្មានទីបញ្ចប់ម្ដងទៀត រួមទាំងអ្នកដែលនឹងរស់នៅផែនដី។ ក្នុងសៀវភៅការបើកបង្ហាញ ព្រះបានពណ៌នាខ្លួនលោកថា៖ «ខ្ញុំនឹងឲ្យទឹកពីរន្ធនៃទឹកដែលផ្ដល់ជីវិតដល់អ្នកណាដែលស្រេក ដោយឥតគិតថ្លៃ»។ (បប. ២១:៥, ៦; ២២:១៧) យ៉ាងនេះ លោកយេស៊ូមានប្រសាសន៍ទៅស្ត្រីជនជាតិសាម៉ារីអំពីជីវិតដែលគ្មានទីបញ្ចប់ មិនគ្រាន់តែសម្រាប់អ្នកដែលបានត្រូវរើសតាំងដើម្បីទទួលរាជាណាចក្ររបស់ព្រះជាមត៌កតែប៉ុណ្ណោះទេ តែសម្រាប់មនុស្សដែលមានក្ដីសង្ឃឹមរស់នៅផែនដីដែលជឿទៅលើលោកផងដែរ។
១០ មួយឆ្នាំក្រោយមក លោកយេស៊ូបាននៅក្នុងទីក្រុងយេរូសាឡិមម្ដងទៀត។ នៅទីនោះ លោកបានប្រោសបុរសម្នាក់ដែលឈឺឲ្យជានៅអាងទឹកបេតសាថា។ លោកបានពន្យល់ទៅជនជាតិយូដាដែលរិះគន់អ្វីដែលលោកបានធ្វើថា «បុត្រព្រះមិនអាចធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់បានឡើយ សូម្បីតែអ្វីមួយក៏ដោយ ប៉ុន្តែលោកធ្វើតែអ្វីដែលលោកឃើញបិតារបស់លោកធ្វើប៉ុណ្ណោះ»។ ក្រោយពីប្រាប់ពួកគាត់ថា បិតានៅស្ថានសួគ៌បាន«ប្រគល់ការវិនិច្ឆ័យទាំងអស់ឲ្យបុត្ររបស់លោក» នោះលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលឮពាក្យរបស់ខ្ញុំ ហើយជឿលោកដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់»។ លោកយេស៊ូក៏មានប្រសាសន៍ថា៖ «មានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់[កូនមនុស្ស] ហើយចេញមក អស់អ្នកណាដែលបានប្រព្រឹត្តការល្អ អ្នកទាំងនោះនឹងរស់ឡើងវិញហើយបានជីវិត ឯអស់អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់ អ្នកទាំងនោះនឹងរស់ឡើងវិញហើយទទួលការកាត់ទោស»។ (យ៉ូន. ៥:១-៩, ១៩, ២២, ២៤-២៩) ដូច្នេះ លោកយេស៊ូបានប្រាប់ជនជាតិយូដាដែលបៀតបៀនលោកថា លោកជាអ្នកដែលព្រះបានតែងតាំងដើម្បីសម្រេចក្ដីសង្ឃឹមរបស់ជនជាតិយូដាឲ្យមានជីវិតជារៀងរហូតនៅផែនដី ហើយលោកនឹងធ្វើដូច្នោះដោយប្រោសមនុស្សឲ្យរស់ឡើងវិញ។
១១ នៅស្រុកកាលីឡេ មនុស្សរាប់ពាន់នាក់ចាប់ផ្ដើមកាន់តាមលោកយេស៊ូ ដោយសារពួកគេចង់បាននំប៉័ងដែលលោកផ្ដល់ឲ្យដោយអព្ភូតហេតុ។ លោកមានប្រសាសន៍ទៅពួកគេអំពីនំប៉័ងម្យ៉ាងទៀត ពោលគឺ«នំប៉័ងនៃជីវិត»។ (សូមអាន យ៉ូហាន ៦:៤០, ៤៨-៥១) លោកបានពោលថា៖ «នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជាសាច់របស់ខ្ញុំ»។ លោកយេស៊ូមិនគ្រាន់តែបានស្លាប់ដើម្បីអ្នកដែលនឹងគ្រប់គ្រងជាមួយលោកក្នុងរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ«ដើម្បីឲ្យមនុស្សជាតិអាចរស់»។ «បើអ្នកណាបរិភោគនំប៉័ងនេះ» ពោលគឺមានជំនឿថាគ្រឿងបូជារបស់លោកយេស៊ូអាចលោះពួកគេបាន អ្នកនោះនឹងមានក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។ ប្រាកដហើយ ពាក្យដែលថា«រស់ជារៀងរហូត»រួមបញ្ចូលក្ដីសង្ឃឹមដែលជនជាតិយូដាមានយូរយារមកហើយ គឺជាជីវិតដែលគ្មានទីបញ្ចប់នៅផែនដីក្នុងអំឡុងការគ្រប់គ្រងរបស់មេស្ស៊ី។
១២ ក្រោយមក នៅបុណ្យឧទ្ទិសក្នុងក្រុងយេរូសាឡិម លោកយេស៊ូបានប្រាប់អ្នកប្រឆាំងលោកថា៖ «អ្នករាល់គ្នាមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ។ ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ។ ខ្ញុំក៏ឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេ»។ (យ៉ូន. ១០:២៦-២៨) តើលោកយេស៊ូសំដៅទៅលើជីវិតនៅស្ថានសួគ៌តែប៉ុណ្ណោះ ឬក៏លោកសំដៅទៅលើជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដែរ? មិនយូរមុនលោកយេស៊ូពោលពាក្យនេះ លោកបានសម្រាលទុក្ខអ្នកកាន់តាមលោកដោយមានប្រសាសន៍ថា៖ «ហ្វូងតូចអើយ! កុំខ្លាចឡើយ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា»។ (លូក. ១២:៣២) ក៏ប៉ុន្តែ នៅបុណ្យឧទ្ទិសដដែលនេះ លោកយេស៊ូពោលថា៖ «ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ»។ (យ៉ូន. ១០:១៦) ដូច្នេះហើយ ពេលលោកយេស៊ូមានប្រសាសន៍ទៅអ្នកប្រឆាំងទាំងនោះ លោកសំដៅទៅក្ដីសង្ឃឹមមានជីវិតនៅស្ថានសួគ៌សម្រាប់«ហ្វូងតូច» និងជីវិតដែលគ្មានទីបញ្ចប់នៅផែនដីសម្រាប់ពួក«ចៀមឯទៀត»រាប់លាននាក់។
ក្ដីសង្ឃឹមដែលមិនចាំបាច់បកស្រាយ
១៣ ពេលលោកយេស៊ូកំពុងឈឺចាប់នៅលើបង្គោលទារុណកម្ម នោះលោកបានបញ្ជាក់យ៉ាងច្បាស់ពុំអាចប្រកែកបានអំពីក្ដីសង្ឃឹមរបស់មនុស្សជាតិ។ អ្នកប្រព្រឹត្តអំពើអាក្រក់ម្នាក់ដែលនៅក្បែរលោក បានជម្រាបលោកថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្តេច»។ លោកយេស៊ូបានសន្យានឹងគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ (លូក. ២៣:៤២, ៤៣) តាមមើលទៅគាត់ជាជនជាតិយូដា ដូច្នេះគាត់យល់ច្បាស់ ហើយមិនចាំបាច់មានគេបកស្រាយទេ ពេលនិយាយអំពីសួនឧទ្យាន។ គាត់ក៏ដឹងអំពីក្ដីសង្ឃឹមក្នុងការរស់ជារៀងរហូតនៅផែនដីនាអនាគត។
១៤ ក៏ប៉ុន្តែ អ្វីដែលត្រូវបកស្រាយ គឺក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែលលោកយេស៊ូបានរៀបរាប់។ ពេលលោកប្រាប់អ្នកកាន់តាមថា លោកនឹងទៅស្ថានសួគ៌ដើម្បីរៀបចំកន្លែងមួយឲ្យពួកគាត់ នោះពួកគាត់មិនយល់ទេ។ (សូមអាន យ៉ូហាន ១៤:២-៥) ក្រោយមកលោកបានប្រាប់ពួកគាត់ថា៖ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ។ ក៏ប៉ុន្តែពេលដែលអ្នកជួយមកដល់ ពោលគឺសកម្មពលរបស់ព្រះដែលសម្ដែងពីសេចក្ដីពិត គាត់នឹងដឹកនាំអ្នករាល់គ្នាដោយជួយឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ»។ (យ៉ូន. ១៦:១២, ១៣) ក្រោយពីបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ពេលពួកគាត់ដែលជាអ្នកកាន់តាមលោកយេស៊ូបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះឲ្យធ្វើជាស្តេចនៅអនាគត ទើបពួកគាត់យល់ច្បាស់ថា ពួកគាត់នឹងគ្រប់គ្រងពីស្ថានសួគ៌។ (១កូ. ១៥:៤៩; កូឡ. ១:៥; ១ពេ. ១:៣, ៤) នៅពេលនោះ ក្ដីសង្ឃឹមទទួលមត៌កនៅស្ថានសួគ៌គឺជាអ្វីដែលព្រះបានបើកបង្ហាញឲ្យមនុស្សដឹង ហើយអ្នកសរសេរសំបុត្រក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចបានផ្ចង់អារម្មណ៍ទៅលើក្ដីសង្ឃឹមនេះ។ ប៉ុន្តែ តើសំបុត្រទាំងនេះបញ្ជាក់ថែមទៀតទេអំពីក្ដីសង្ឃឹមរបស់មនុស្សជាតិក្នុងការមានជីវិតដែលគ្មានទីបញ្ចប់នៅផែនដី?
តើសំបុត្រដែលព្រះដឹកនាំឲ្យគេសរសេរចែងយ៉ាងណា?
១៥ ក្នុងសំបុត្រដែលប៉ូលសរសេរជូនបងប្អូនរួមជំនឿជនជាតិហេប្រឺ គាត់បានហៅបងប្អូនទាំងនោះថា «បងប្អូនបរិសុទ្ធ ដែលរួមចំណែកជាមួយនឹងអ្នកដែលត្រូវហៅឲ្យឡើងទៅស្ថានសួគ៌»។ យ៉ាងណាក៏ដោយ គាត់ក៏បានរៀបរាប់ដែរថា ព្រះដាក់«ពិភពលោកដែលនឹងមាននៅថ្ងៃមុខ»ឲ្យស្ថិតក្រោមអំណាចរបស់លោកយេស៊ូ។ (ហេ. ២:៣, ៥; ៣:១) «ពិភពលោកដែលនឹងមាននៅថ្ងៃមុខ»ជារបៀបរបបពិភពលោកនាអនាគតក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តមកលើផែនដី។ នៅពេលនោះ លោកយេស៊ូនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះដែលថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុក. ៣៧:២៩
១៦ ក្រោមការដឹកនាំរបស់ព្រះ សាវ័កពេត្រុសក៏បានសរសេរអំពីអនាគតរបស់មនុស្សជាតិដែរ។ គាត់បានសរសេរថា៖ «មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។ (២ពេ. ៣:៧) តើអ្វីនឹងជំនួសរដ្ឋាភិបាលដែលប្រៀបដូចជាមេឃ និងសង្គមមនុស្សអាក្រក់នៅបច្ចុប្បន្ន? (សូមអាន ពេត្រុសទី២ ៣:១៣) របស់ទាំងពីរនេះនឹងត្រូវជំនួសដោយ«មេឃថ្មី»ដែលជារាជាណាចក្រនៃមេស្ស៊ីរបស់ព្រះ និងដោយ«ផែនដីថ្មី»ពោលគឺសង្គមមនុស្សសុចរិតដែលសុទ្ធតែជាអ្នកគោរពប្រណិប័តន៍ពិត។
១៧ សៀវភៅចុងក្រោយបង្អស់ក្នុងគម្ពីររៀបរាប់អំពីអ្វីដែលព្រះបង្ហាញឲ្យឃើញក្នុងគំនិតដែលបញ្ជាក់ថា មនុស្សជាតិនឹងមានភាពល្អឥតខ្ចោះដូចដើម ហើយនេះពិតជារំជួលចិត្តយើងណាស់។ (សូមអាន ការបើកបង្ហាញ ២១:១-៤) នេះជាសេចក្ដីសង្ឃឹមរបស់មនុស្សដែលជឿទៅលើព្រះ តាំងពីបុរសដំបូងប្រព្រឹត្តអំពើខុសឆ្គងនៅសួនច្បារអេដែនមកម្ល៉េះ។ មនុស្សសុចរិតនឹងរស់ក្នុងសួនឧទ្យាននៅផែនដីជារៀងរហូតដោយលែងចាស់លែងជរា។ ក្ដីសង្ឃឹមនេះមានមូលដ្ឋានរឹងមាំលើបទគម្ពីរភាសាហេប្រឺនិងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ហើយសព្វថ្ងៃ សេចក្ដីសង្ឃឹមនេះនៅតែពង្រឹងកម្លាំងចិត្តអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។—បប. ២២:១, ២
តើអ្នកអាចពន្យល់បានទេ?
• តើលោកយេស៊ូចង់បញ្ជាក់អ្វីពេលលោកមានប្រសាសន៍អំពី«គ្រាបង្កើតសាជាថ្មី»?
• តើលោកយេស៊ូមានប្រសាសន៍ទៅនីកូដេមអំពីអ្វី?
• តើលោកយេស៊ូបានសន្យាអ្វីជាមួយអ្នកប្រព្រឹត្តអំពើអាក្រក់ដែលនៅលើបង្គោលទារុណកម្មក្បែរលោក?
• តើសំបុត្រជូនជនជាតិហេប្រឺនិងពាក្យរបស់ពេត្រុសបានបញ្ជាក់យ៉ាងដូចម្ដេចពីក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី?
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើយើងដឹងយ៉ាងដូចម្ដេចថា ជនជាតិយូដាជាច្រើននាក់នៅសតវត្សរ៍ទី១មានក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី?
៣. តើយើងនឹងពិចារណាសំណួរអ្វីខ្លះនៅអត្ថបទនេះ?
៤. តើនឹងមានអ្វីកើតឡើង«ក្នុងគ្រាបង្កើតសាជាថ្មី»?
៥. តើអ្នកនឹងបកស្រាយពាក្យ«គ្រាបង្កើតសាជាថ្មី»យ៉ាងណា?
៦. តើរឿងប្រៀបប្រដូចស្តីអំពីចៀមនិងពពែ បង្រៀនយើងអ្វីខ្លះអំពីក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់?
៧, ៨. លោកយេស៊ូមានប្រសាសន៍ទៅនីកូដេមអំពីក្ដីសង្ឃឹមពីរដែលខុសគ្នា តើក្ដីសង្ឃឹមនោះជាអ្វី?
៩. តើលោកយេស៊ូមានប្រសាសន៍ទៅស្ត្រីជនជាតិសាម៉ារីអំពីក្ដីសង្ឃឹមអ្វី?
១០. ក្រោយពីលោកយេស៊ូប្រោសបុរសម្នាក់ឲ្យជានៅអាងទឹកបេតសាថា ហើយពេលមានជនជាតិយូដាប្រឆាំងលោក តើលោកបានប្រាប់ពួកគាត់អ្វីស្តីអំពីជីវិតដែលគ្មានទីបញ្ចប់?
១១. តើយើងអាចដឹងយ៉ាងដូចម្ដេចថា អ្វីដែលលោកយេស៊ូមានប្រសាសន៍នៅយ៉ូហាន ៦:៤៨-៥១ រួមបញ្ចូលក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី?
១២. ពេលលោកយេស៊ូប្រាប់ពួកអ្នកប្រឆាំងថា ‹លោកនឹងឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ចៀមរបស់លោក› តើលោកសំដៅទៅក្ដីសង្ឃឹមមួយណា?
១៣. តើលោកយេស៊ូចង់បញ្ជាក់អ្វីពេលលោកមានប្រសាសន៍ថា៖ «អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»?
១៤. (ក) តើអ្វីបង្ហាញថាពួកសាវ័កពិបាកយល់អំពីក្ដីសង្ឃឹមទៅស្ថានសួគ៌? (ខ) តើអ្នកកាន់តាមលោកយេស៊ូយល់ច្បាស់នូវក្ដីសង្ឃឹមទៅស្ថានសួគ៌នៅពេលណា?
១៥, ១៦. តើសំបុត្រជូនជនជាតិហេប្រឺដែលបានសរសេរក្រោមការដឹកនាំរបស់ព្រះ និងពាក្យរបស់ពេត្រុសចង្អុលប្រាប់យ៉ាងដូចម្ដេចអំពីក្ដីសង្ឃឹមឲ្យបានជីវិតដែលគ្មានទីបញ្ចប់នៅផែនដី?
១៧. តើសៀវភៅការបើកបង្ហាញ ២១:១-៤បានពិពណ៌នាពីសេចក្ដីសង្ឃឹមរបស់មនុស្សជាតិយ៉ាងណា?
[រូបភាពនៅទំព័រ១៥]
មនុស្សដែលមានលក្ខណៈដូចចៀមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី
[រូបភាពនៅទំព័រ១៦]
លោកយេស៊ូបានមានប្រសាសន៍ប្រាប់អ្នកដទៃអំពីជីវិតដែលគ្មានទីបញ្ចប់