ចូរធ្វើតាមតម្រាប់ដែលព្រះយេស៊ូបានទុកឲ្យជានិរន្តរ៍
«ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។—យ៉ូហាន ១៣:១៥
១. ហេតុអ្វីព្រះយេស៊ូជាគំរូដ៏ល្អដើម្បីឲ្យជនគ្រីស្ទានយកតម្រាប់តាម?
នៅក្នុងគ្រប់ប្រវត្ដិសាស្ត្រនៃមនុស្សជាតិ មានតែបុគ្គលម្នាក់ទេដែលរស់នៅអស់មួយជីវិតដោយមិនបានប្រព្រឹត្តអំពើបាប។ បុគ្គលនោះគឺព្រះយេស៊ូ។ ក្រៅពីព្រះយេស៊ូ គឺ«គ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ»។ (ពង្សាវតារក្សត្រទី១ ៨:៤៦; រ៉ូម ៣:២៣) ដោយហេតុនេះហើយបានជាជនគ្រីស្ទានពិត ចាត់ទុកព្រះយេស៊ូជាគំរូដ៏គ្រប់ល័ក្ខណ៍ដែលត្រូវយកតម្រាប់តាម។ មែនហើយ មិនយូរមុនដែលព្រះយេស៊ូសោយទិវង្គតនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ. នោះទ្រង់បានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ឲ្យយកតម្រាប់តាមទ្រង់។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។ (យ៉ូហាន ១៣:១៥) នៅរាត្រីចុងក្រោយនោះ ព្រះយេស៊ូបានរៀបរាប់វិធីមួយចំនួនដែលជនគ្រីស្ទានគួរព្យាយាមយកតម្រាប់តាមទ្រង់។ នៅក្នុងអត្ថបទនេះ យើងនឹងពិគ្រោះនូវវិធីខ្លះៗ។
ត្រូវមានចិត្តរាបទាបជាចាំបាច់
២, ៣. តើព្រះយេស៊ូជាគំរូដ៏គ្រប់ល័ក្ខណ៍ចំពោះការបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេចខ្លះ?
២ នៅពេលដែលព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ឲ្យធ្វើតាមតម្រាប់ដែលទ្រង់ទុកឲ្យ នោះទ្រង់ចង់សំដៅយ៉ាងចំៗចំពោះចិត្តរាបទាប។ ច្រើនដង ព្រះយេស៊ូបានប្រទានឱវាទដល់សិស្សទ្រង់ឲ្យមានចិត្តរាបទាប។ ហើយនៅរាត្រីនៃថ្ងៃទី១៤ ខែណែសាន ទ្រង់បានសម្ដែងនូវព្រះទ័យរាបទាប ដោយលាងជើងរបស់ពួកសាវ័ក។ រួចមក ព្រះយេស៊ូបានមានបន្ទូលថា៖ «បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ»។ (យ៉ូហាន ១៣:១៤) ក្រោយមក ទ្រង់បានមានបន្ទូលប្រាប់ពួកសាវ័កឲ្យត្រាប់តាមតម្រាប់ឬគំរូដែលទ្រង់បានទុកឲ្យ។ នោះពិតជាគំរូដ៏ល្អមែនចំពោះការសម្ដែងចិត្តរាបទាប!
៣ សាវ័កប៉ុលប្រាប់យើងថា ព្រះយេស៊ូ«មានរូបអង្គជាព្រះ»មុននឹងទ្រង់យាងមកផែនដី។ យ៉ាងណាក៏ដោយ ទ្រង់បានលះបង់អង្គទ្រង់ ព្រមទាំងប្រសូតមកមានរូបជាមនុស្សវិញ។ មិនតែប៉ុណ្ណោះ ទ្រង់ក៏បាន«បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើ[«បង្គោលឈើទារុណកម្ម», ព.ថ.]ផង»។ (ភីលីព ២:៦-៨) ចូរគិតទៅមើល! បន្ទាប់ពីព្រះយេហូវ៉ា គឺព្រះយេស៊ូដែលទ្រង់មានឋានៈខ្ពង់ខ្ពស់ជាងគេបំផុត តែទ្រង់បានសុខព្រះទ័យទៅជាទាបជាងបណ្ដាទេវតា ដោយប្រសូតជាទារកដែលពុំអាចការពារខ្លួនបាន ហើយធំឡើងនិងស្ដាប់បង្គាប់តាមឪពុកម្ដាយដែលឥតគ្រប់ល័ក្ខណ៍ ហើយនៅទីបំផុត នឹងត្រូវសោយទិវង្គតដូចជាឧក្រិដ្ឋជនម្នាក់ដែលគួរឲ្យស្អប់ខ្ពើម។ (កូល៉ុស ១:១៥, ១៦; ហេព្រើរ ២:៦, ៧) នេះជាការបង្ហាញនូវចិត្តរាបទាបយ៉ាងអស្ចារ្យមែន! តើយើងអាចយកតម្រាប់តាម«គំនិត»របស់ទ្រង់ហើយបណ្ដុះឲ្យមាន«ចិត្តសុភាព»បានឬទេ? (ភីលីព ២:៣-៥) យើងអាចយកតម្រាប់តាមមែន តែការនោះគឺមិនស្រួលទេ។
៤. តើមនុស្សមានអំនួតដោយសារអ្វីខ្លះ? ប៉ុន្តែ ហេតុអ្វីក៏ការមានអំនួតគឺមិនល្អ?
៤ អំនួតគឺផ្ទុយនឹងចិត្តរាបទាប។ (សុភាសិត ៦:១៦-១៩) អំនួតឬការមានចិត្តធំបានធ្វើឲ្យសាតាំងប្រព្រឹត្តអាក្រក់។ (ធីម៉ូថេទី១ ៣:៦) អំនួតអាចកកើតយ៉ាងស្រួលក្នុងចិត្តមនុស្ស ហើយក្រោយនៅក្នុងចិត្តរួច គឺពិបាកដកចេញណាស់។ មនុស្សមានអំនួតដោយសារប្រទេសខ្លួន ពូជសាសន៍ ទ្រព្យធន ការអប់រំ បានសម្រេចការអ្វីមួយក្នុងលោកីយ៍ ឋានៈក្នុងសង្គម អាការក្រៅ ពូកែខាងកីឡា និងអ្វីផ្សេងៗទៀតជាដើម។ ក៏ប៉ុន្តែ របស់ទាំងនោះគឺមិនសំខាន់ចំពោះព្រះយេហូវ៉ាឡើយ។ (កូរិនថូសទី១ ៤:៧) ហើយបើរឿងទាំងនេះធ្វើឲ្យយើងមានអំនួត នេះនឹងបំផ្លាញទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់។ «ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយ»។—ទំនុកដំកើង ១៣៨:៦; សុភាសិត ៨:១៣
ការមានចិត្តរាបទាបក្នុងចំណោមបងប្អូនខាងវិញ្ញាណ
៥. ហេតុអ្វីក៏សំខាន់ចាំបាច់ឲ្យពួកអ្នកចាស់ទុំមានចិត្តរាបទាប?
៥ ក្នុងកិច្ចបំរើព្រះយេហូវ៉ា ទោះជាយើងមានមុខនាទីអ្វីក៏ដោយ ឬក៏បានសម្រេចកិច្ចការអ្វីក៏ដោយ ក៏នោះមិនគួរជាហេតុធ្វើឲ្យយើងមានអំនួតឡើយ។ ម្យ៉ាងទៀត ការទទួលខុសត្រូវភារកិច្ចផ្សេងៗក្នុងក្រុមជំនុំក៏មិនត្រូវជាហេតុធ្វើឲ្យយើងមានអំនួតដែរ។ (របាក្សត្រទី១ ២៩:១៤; ធីម៉ូថេទី១ ៦:១៧, ១៨) ការពិត កាលណាយើងមានភារកិច្ចកាន់តែច្រើន នោះយើងត្រូវមានចិត្តរាបទាបជាងមុនទៅទៀត។ សាវ័កពេត្រុសបានដាស់តឿនពួកអ្នកចាស់ទុំ កុំឲ្យ«ប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកអោយបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ»។ (១ពេត្រុស/សិលា ៥:៣, ខ.ស.) ពួកអ្នកចាស់ទុំត្រូវបានតែងតាំងដើម្បីបំរើនិងធ្វើជាគំរូដល់បងប្អូន មិនមែនដើម្បីកាន់អំណាចនិងធ្វើជាចៅហ្វាយនោះឡើយ។—លូកា ២២:២៤-២៦; កូរិនថូសទី២ ១:២៤
៦. តើយើងត្រូវមានចិត្តរាបទាបក្នុងទិដ្ឋភាពណាខ្លះ?
៦ មិនមែនមានតែពួកអ្នកចាស់ទុំទេដែលត្រូវបង្ហាញចិត្តរាបទាបនោះ។ ចំពោះបុរសវ័យក្មេង ដែលប្រហែលជាមានមោទនភាពដោយសារមានគំនិតឈ្លាសវៃនិងរូបកាយមាំមួនជាងបងប្អូនវ័យចាស់នោះ ពេត្រុសបានសរសេរថា៖ «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ»។ (ពេត្រុសទី១ ៥:៥) ប្រាកដហើយ យើងគ្រប់គ្នាត្រូវមានចិត្តរាបទាបដូចព្រះគ្រីស្ទ។ យើងត្រូវមានចិត្តរាបទាបដើម្បីផ្សព្វផ្សាយដំណឹងល្អ ជាពិសេសពេលដែលប្រឈមមុខនឹងភាពកន្តើយឬការប្រឆាំង។ ចិត្តរាបទាបធ្វើឲ្យយើងព្រមទទួលយកឱវាទ ឬធ្វើឲ្យជីវិតរបស់យើងមានភាពសាមញ្ញ ដើម្បីឲ្យយើងចូលរួមបានច្រើនជាងក្នុងកិច្ចបំរើផ្សាយ។ ម្យ៉ាងវិញទៀត យើងត្រូវមានចិត្តរាបទាបព្រមទាំងជំនឿ និងសេចក្ដីក្លាហាន ពេលដែលស៊ូទ្រាំនឹងការប្រឆាំងដោយអាងច្បាប់ ការបៀតបៀនដ៏ឃោរឃៅ ឬពេលមានគេផ្សាយពត៌មានដែលបង្អាប់បង្អោនយើង។—ពេត្រុសទី១ ៥:៦
៧, ៨. តើមានវិធីណាខ្លះដែលយើងអាចបណ្ដុះឲ្យមានចិត្តរាបទាប?
៧ តើបុគ្គលម្នាក់អាចយកឈ្នះចិត្តអំនួត និង«ដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន»យ៉ាងដូចម្ដេច? (ភីលីព ២:៣, ខ.ស.) គាត់ត្រូវមានទស្សនៈចំពោះខ្លួនដូចព្រះយេហូវ៉ាមានទស្សនៈចំពោះគាត់ដែរ។ ព្រះយេស៊ូបានពន្យល់នូវចិត្តគំនិតត្រឹមត្រូវ ពេលដែលទ្រង់បានមានបន្ទូលថា៖ «ឯអ្នករាល់គ្នា ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា ‹យើងជាបាវបំរើឥតកំរៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ›»។ (លូកា ១៧:១០) ចូរចាំថា អ្វីៗដែលយើងអាចសម្រេចពុំអាចប្រៀបស្មើនឹងអ្វីៗដែលព្រះយេស៊ូបានសម្រេចនោះឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូមានព្រះទ័យរាបទាប។
៨ ម្យ៉ាងទៀត យើងអាចទូលសុំជំនួយពីព្រះយេហូវ៉ា ដើម្បីបណ្ដុះបណ្ដាលឲ្យមានគំនិតត្រឹមត្រូវចំពោះខ្លួនយើង។ យើងអាចអធិស្ឋានដូចអ្នកតែងបទទំនុកដំកើងថា៖ «សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាធ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ»។ (ទំនុកដំកើង ១១៩:៦៦) ព្រះយេហូវ៉ានឹងជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនយើង ហើយទ្រង់នឹងប្រទានពរដល់យើង ដោយសារយើងមានចិត្តរាបទាប។ (សុភាសិត ១៨:១២) ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង»។—ម៉ាថាយ ២៣:១២
ទស្សនៈត្រឹមត្រូវចំពោះអ្វីដែលត្រូវនិងអ្វីដែលខុស
៩. តើព្រះយេស៊ូមានទស្សនៈយ៉ាងណាចំពោះអ្វីដែលត្រូវនិងអ្វីដែលខុសនោះ?
៩ ថ្វីបើព្រះយេស៊ូបានរស់នៅអស់៣៣ឆ្នាំក្នុងចំណោមមនុស្សឥតគ្រប់ល័ក្ខណ៍ក៏ដោយ តែទ្រង់«ឥតធ្វើបាបឡើយ»។ (ហេព្រើរ ៤:១៥) តាមការពិត អ្នកតែងបទទំនុកដំកើងទាយអំពីព្រះមេស្ស៊ី ដោយពោលថា៖ «ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត»។ (ទំនុកដំកើង ៤៥:៧; ហេព្រើរ ១:៩) ជនគ្រីស្ទានក៏ត្រូវយកតម្រាប់តាមព្រះយេស៊ូក្នុងទិដ្ឋភាពនេះដែរ។ ជនគ្រីស្ទានមិនគ្រាន់តែដឹងអ្វីដែលខុសអ្វីដែលត្រូវ តែពួកគេក៏ស្អប់អ្វីដែលខុសនិងស្រឡាញ់អ្វីដែលត្រូវដែរ។ (អេម៉ុស ៥:១៥) នេះនឹងជួយឲ្យពួកគេទប់ទល់នឹងលក្ខណៈមួយដែលមានពីកំណើត គឺភាពទោរទន់ទៅរកការប្រព្រឹត្តអំពើបាប។—លោកុប្បត្តិ ៨:២១; រ៉ូម ៧:២១-២៥
១០. ប្រសិនបើយើង«ប្រព្រឹត្តអាក្រក់»ដោយឥតប្រែចិត្តនោះ តើយើងបង្ហាញនូវចិត្តគំនិតអ្វី?
១០ ព្រះយេស៊ូបានមានបន្ទូលទៅកាន់នីកូដេមដែលជាសមាជិកម្នាក់នៃគណៈផារីស៊ី ថា៖ «អ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសំដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ»។ (យ៉ូហាន ៣:២០, ២១) ចូរពិចារណា: យ៉ូហានប្រាប់ថាព្រះយេស៊ូជា«ពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់»។ (យ៉ូហាន ១:៩, ១០) ក៏ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថាប្រសិនបើយើង«ប្រព្រឹត្តអាក្រក់» ពោលគឺអ្វីៗដែលព្រះមិនសព្វព្រះហឫទ័យនោះ យើងស្អប់ពន្លឺ។ ពិបាកជឿណាស់ថាមនុស្សស្អប់ព្រះយេស៊ូនិងគោលការណ៍របស់ទ្រង់ មែនទេ? ប៉ុន្តែ នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាបដោយឥតប្រែចិត្តនោះ ពួកគេបង្ហាញថាស្អប់ព្រះយេស៊ូមែន។ ប្រហែលជាពួកគេគិតថាមិនស្អប់ព្រះយេស៊ូនិងគោលការណ៍របស់ទ្រង់ទេ ប៉ុន្តែ ចំពោះព្រះយេស៊ូវិញពួកគេស្អប់ទ្រង់ហើយ។
វិធីបណ្ដុះឲ្យមានទស្សនៈដូចព្រះយេស៊ូចំពោះអ្វីដែលត្រូវនិងអ្វីដែលខុស
១១. តើយើងត្រូវការអ្វីជាចាំបាច់ ប្រសិនបើយើងចង់បណ្ដុះឲ្យមានទស្សនៈដូចព្រះយេស៊ូចំពោះអ្វីដែលត្រូវនិងអ្វីដែលខុសនោះ?
១១ យើងត្រូវយល់ឲ្យច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្វីដែលត្រូវនិងអ្វីដែលខុស។ វិធីតែមួយគត់ដែលយើងអាចយល់ដឹងអំពីទស្សនៈរបស់ទ្រង់គឺដោយសិក្សាព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។ កាលដែលយើងបន្តសិក្សាបែបនេះ យើងត្រូវអធិស្ឋានដូចអ្នកតែងបទទំនុកដំកើង ដែលថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់»។ (ទំនុកដំកើង ២៥:៤) ប៉ុន្តែ ចូរចាំថា អារក្សសាតាំងប៉ិនបោកបញ្ឆោតណាស់។ (កូរិនថូសទី២ ១១:១៤) ចំពោះជនគ្រីស្ទានដែលមិនប្រុងប្រយ័ត្ន វាអាចធ្វើឲ្យអ្វីដែលខុសមើលទៅដូចជាត្រឹមត្រូវវិញ។ ហេតុដូច្នេះហើយ យើងត្រូវតែរំពឹងគិតយ៉ាងជ្រាលជ្រៅលើអ្វីៗដែលយើងរៀន និងធ្វើតាមឱវាទរបស់‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ការសិក្សា ការអធិស្ឋាន និងការរំពឹងគិតលើអ្វីដែលយើងបានរៀន នឹងជួយយើងឲ្យមានគំនិតចាស់ទុំ និងស្ថិតនៅក្នុងចំណោមអស់អ្នកដែល«បានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ (ហេព្រើរ ៥:១៤) ធ្វើដូច្នេះទើបយើងមានភាពទោរទន់ទៅរកការស្អប់អ្វីដែលខុសនិងស្រឡាញ់អ្វីដែលត្រូវ។
១២. តើឱវាទអ្វីក្នុងព្រះគម្ពីរដែលជួយយើងកុំឲ្យប្រព្រឹត្តអំពើអាក្រក់?
១២ ប្រសិនបើយើងស្អប់អ្វីដែលខុស នោះយើងនឹងមិនអនុញ្ញាតឲ្យសេចក្ដីប្រាថ្នាចំពោះអ្វីដែលខុសកកើតក្នុងចិត្តយើងឡើយ។ សាវ័កយ៉ូហានបានសរសេរច្រើនឆ្នាំក្រោយពីព្រះយេស៊ូសោយទិវង្គតថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ។ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ»។—យ៉ូហានទី១ ២:១៥, ១៦
១៣, ១៤. (ក) ហេតុអ្វីក៏ការស្រឡាញ់អ្វីៗដែលនៅក្នុងលោកីយ៍អាចនាំឲ្យជនគ្រីស្ទានមានគ្រោះថ្នាក់? (ខ) តើយើងអាចជៀសវាងពីការបណ្ដុះឲ្យមានចិត្តស្រឡាញ់អ្វីដែលនៅក្នុងលោកីយ៍យ៉ាងដូចម្ដេច?
១៣ អ្នកខ្លះប្រហែលជាគិតថា មិនមែនអ្វីៗទាំងអស់ក្នុងលោកីយ៍គឺអាក្រក់នោះទេ។ ទោះជានេះពិតមែនក៏ដោយ តែលោកីយ៍និងរបស់អ្វីដែលនៅក្នុងនោះអាចទាញយើងយ៉ាងស្រួលចេញពីការបំរើព្រះយេហូវ៉ា។ ហើយគ្មានអ្វីក្នុងលោកីយ៍នេះដែលជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ាឡើយ។ ហេតុនេះហើយ បើយើងចាប់ផ្ដើមស្រឡាញ់អ្វីៗដែលនៅក្នុងលោកីយ៍ ទោះជារបស់នោះមិនមែនខុសក៏ដោយ យើងកំពុងតែដើរក្នុងផ្លូវដែលនាំទៅឯគ្រោះថ្នាក់។ (ធីម៉ូថេទី១ ៦:៩, ១០) ម្យ៉ាងវិញទៀត អ្វីៗជាច្រើនក្នុងលោកីយ៍ពិតជាអាក្រក់ហើយអាចធ្វើឲ្យយើងចង់ប្រព្រឹត្តអាក្រក់ដែរ។ ប្រសិនបើយើងទស្សនាកម្មវិធីទូរទស្សន៍ដែលបញ្ចាំងអំពើឃោរឃៅ វត្ថុនិយម ឬអំពើអសីលធម៌ខាងកាមនោះ យើងអាចចាប់ផ្ដើមគិតថារឿងទាំងនោះគឺមិនខុសវិញ ហើយក្រោយមកអាចជាការល្បួងដល់យើងទៀតផង។ ប្រសិនបើយើងសេពគប់ជាមួយនឹងមនុស្សដែលគិតតែពីការលើកស្ទួយជីវភាព ឬគិតតែពីការរកលុយ នោះរបស់ទាំងប៉ុន្មាននេះអាចទៅជាអ្វីដ៏សំខាន់បំផុតចំពោះយើងដែរ។—ម៉ាថាយ ៦:២៤; កូរិនថូសទី១ ១៥:៣៣
១៤ ផ្ទុយទៅវិញ ប្រសិនបើយើងស្រឡាញ់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះ«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត»នឹងលែងជាអ្វីដែលទាក់ទាញទឹកចិត្តយើង។ បន្ថែមទៅទៀត ប្រសិនបើយើងចូលរួមជាមួយនឹងអស់អ្នកដែលចាត់ទុកកិច្ចការខាងព្រះរាជាណាចក្រជាអាទិភាពនោះ យើងនឹងមានចិត្តគំនិតដូចពួកគេដែរ គឺយើងនឹងស្រឡាញ់អ្វីដែលពួកគេស្រឡាញ់និងជៀសវាងអ្វីៗដែលពួកគេជៀសវាងដែរ។—ទំនុកដំកើង ១៥:៤; សុភាសិត ១៣:២០
១៥. ដូចព្រះយេស៊ូ តើការស្រឡាញ់សេចក្ដីសុចរិតនិងស្អប់សេចក្ដីទុច្ចរិតពង្រឹងកម្លាំងចិត្តយើងយ៉ាងដូចម្ដេច?
១៥ អ្វីដែលបានជួយព្រះយេស៊ូឲ្យប្រមូលអារម្មណ៍លើ«សេចក្ដីអំណរដែលនៅចំពោះទ្រង់» គឺដោយសារទ្រង់ស្អប់សេចក្ដីទុច្ចរិតនិងស្រឡាញ់សេចក្ដីសុចរិត។ (ហេព្រើរ ១២:២) នេះក៏អាចជាការពិតចំពោះយើងដែរ។ យើងដឹងថា«លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ»។ ការសប្បាយណាដែលមានក្នុងលោកីយ៍នេះគឺមានតែបណ្ដោះអាសន្នទេ។ ក៏ប៉ុន្តែ «អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧) ពីព្រោះព្រះយេស៊ូបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ទ្រង់បានធ្វើឲ្យមនុស្សជាតិមានលទ្ធភាពទទួលជីវិតអស់កល្បជានិច្ច។ (យ៉ូហានទី១ ៥:១៣) សូមឲ្យយើងគ្រប់គ្នាយកតម្រាប់តាមទ្រង់និងទទួលប្រយោជន៍ពីការដែលទ្រង់បានធ្វើដោយមានព្រះទ័យគ្រប់លក្ខណ៍។
ការស៊ូទ្រាំនឹងការបៀតបៀន
១៦. ហេតុអ្វីបានជាព្រះយេស៊ូបានដាស់តឿនអ្នកកាន់តាមទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក?
១៦ ព្រះយេស៊ូបានប្រាប់នូវវិធីមួយទៀតដែលសិស្សរបស់ទ្រង់អាចយកតម្រាប់តាមទ្រង់។ ទ្រង់មានបន្ទូលថា៖ «នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ (យ៉ូហាន ១៥:១២, ១៣, ១៧) គឺមានមូលហេតុជាច្រើនដែលជនគ្រីស្ទានស្រឡាញ់បងប្អូនខាងវិញ្ញាណរបស់ខ្លួន។ នៅពេលនេះ ព្រះយេស៊ូចង់មានបន្ទូលថាសិស្សទ្រង់នឹងប្រឈមមុខនឹងសេចក្ដីស្អប់ពីលោកីយ៍។ ទ្រង់បានមានបន្ទូលថា៖ «បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន។ . . . បាវមិនមែនធំជាងចៅហ្វាយទេ។ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា»។ (យ៉ូហាន ១៥:១៨, ២០) មែនហើយ សូម្បីតែត្រូវគេបៀតបៀនក៏ដោយ ក៏ជនគ្រីស្ទានត្រូវមានលក្ខណៈដូចព្រះយេស៊ូដែរ។ ពួកគេត្រូវតែបណ្ដុះឲ្យមានចំណងនៃសេចក្ដីស្រឡាញ់រវាងគ្នាឲ្យបានរឹងមាំ ដើម្បីជួយពួកគេឲ្យទប់ទល់នឹងការស្អប់ពីលោកីយ៍។
១៧. ហេតុអ្វីបានជាលោកីយ៍ស្អប់ជនគ្រីស្ទានពិត?
១៧ ហេតុអ្វីបានជាលោកីយ៍ស្អប់ជនគ្រីស្ទានពិត? ពីព្រោះពួកគេ«មិនមែនជារបស់លោកីយ» ដូចព្រះយេស៊ូដែរ។ (យ៉ូហាន ១៧:១៤, ១៦) ជនគ្រីស្ទានពិតមានគោលជំហរអព្យាក្រឹតក្នុងរឿងនយោបាយនិងយោធា។ ពួកគេធ្វើតាមគោលការណ៍ព្រះគម្ពីរ គោរពនូវភាពពិសិដ្ឋនៃជីវិត និងកាន់តាមគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់។ (កិច្ចការ ១៥:២៨, ២៩; កូរិនថូសទី១ ៦:៩-១១) គោលដៅដ៏សំខាន់របស់គ្រីស្ទានពិតគឺទាក់ទងនឹងរឿងខាងវិញ្ញាណ មិនមែនខាងសាច់ឈាមទេ។ ពួកគេរស់នៅក្នុងលោកីយ៍ ប៉ុន្តែដូចជាប៉ុលបានសរសេរប្រាប់ នោះពួកគេមិន«ប្រើប្រាស់លោកីយនេះ . . . ហួសខ្នាតទេ»។ (កូរិនថូសទី១ ៧:៣១) ពិតមែនដែលមនុស្សខ្លះបាននិយាយសរសើរស្មរបន្ទាល់ព្រះយេហូវ៉ាចំពោះខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ពួកគេ។ ក៏ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនបន្ធូរខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ពួកគេ ដើម្បីឲ្យមនុស្សសរសើរឬរាប់ជាមិត្តនោះឡើយ។ ជាលទ្ធផល មនុស្សភាគច្រើនក្នុងលោកីយ៍មិនយល់ស្មរបន្ទាល់ព្រះយេហូវ៉ា ហើយមនុស្សច្រើននាក់ស្អប់ពួកគេទៅវិញ។
១៨, ១៩. ដោយយកតម្រាប់តាមព្រះយេស៊ូ តើជនគ្រីស្ទានប្រព្រឹត្តយ៉ាងណានៅចំពោះមុខការប្រឆាំងនិងការបៀតបៀន?
១៨ សាវ័ករបស់ព្រះយេស៊ូបានឃើញនូវសេចក្ដីស្អប់ដ៏ខ្លាំងពីមនុស្សក្នុងលោកីយ៍ នៅពេលដែលគេចាប់និងប្រហារជីវិតរបស់ព្រះយេស៊ូ។ សាវ័ករបស់ទ្រង់ក៏បានឃើញនូវរបៀបដែលព្រះយេស៊ូប្រព្រឹត្តនៅចំពោះមុខនឹងសេចក្ដីស្អប់នោះដែរ។ ពួកអ្នកកាន់សាសនាដែលប្រឆាំងព្រះយេស៊ូបានមកចាប់ទ្រង់នៅឯសួនគែតសេម៉ានី។ សាវ័កពេត្រុសបានប្រើដាវដើម្បីការពារទ្រង់ ប៉ុន្តែព្រះយេស៊ូបានមានបន្ទូលប្រាប់ពេត្រុសថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥២; លូកា ២២:៥០, ៥១) មុនពេលនោះ ពួកអ៊ីស្រាអែលធ្លាប់ប្រើដាវដើម្បីប្រយុទ្ធនឹងពួកសត្រូវ។ ប៉ុន្តែ នៅសម័យព្រះយេស៊ូ គឺមិនដូច្នោះឡើយ។ ព្រះរាជាណាចក្ររបស់ព្រះ«មិនមែនត្រូវខាងលោកីយនេះទេ» ហើយក៏មិនមែនជាប្រទេសដែលមានព្រំដែនដែលពួកគេត្រូវការពារនោះដែរ។ (យ៉ូហាន ១៨:៣៦) មិនយូរប៉ុន្មានទៀត ពេត្រុសនឹងរួមចំណែកក្នុងសាសន៍ខាងវិញ្ញាណ ដែលសមាជិកម្នាក់ៗនឹងរស់នៅស្ថានសួគ៌។ (កាឡាទី ៦:១៦; ភីលីព ៣:២០, ២១) ដូច្នេះ ចាប់ពីពេលនោះទៅ ពួកអ្នកកាន់តាមព្រះយេស៊ូនឹងប្រព្រឹត្តដូចទ្រង់នៅចំពោះមុខសេចក្ដីស្អប់និងការបៀតបៀន ពោលគឺដោយក្លាហានប៉ុន្តែដោយសន្ដិវិធី។ ដោយមានទំនុកចិត្ត ពួកគេនឹងទុកឲ្យព្រះយេហូវ៉ាដោះស្រាយរឿងទាំងប៉ុន្មាន ទាំងទុកចិត្តលើទ្រង់ថាទ្រង់នឹងប្រទានឲ្យពួកគេមានកម្លាំងស៊ូទ្រាំនឹងសេចក្ដីស្អប់និងការបៀតបៀន។—លូកា ២២:៤២
១៩ យូរឆ្នាំក្រោយមក ពេត្រុសបានសរសេរថា៖ «ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ . . . កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរគឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ»។ (ពេត្រុសទី១ ២:២១-២៣) ជាច្រើនឆ្នាំកន្លងមក ជនគ្រីស្ទានពិតបានពិសោធន៍នូវការបៀតបៀនយ៉ាងខ្លាំង ដូចព្រះយេស៊ូបានមានបន្ទូលមកមែន។ ពួកគេបានយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូដូចនៅសតវត្សរ៍ទីមួយនិងសម័យយើងនេះដែរ។ ពួកគេបានស៊ូទ្រាំដោយបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ជាយូរមកហើយៗនេះបង្ហាញឲ្យឃើញថាពួកគេជាពួកអ្នកដែលរក្សាចិត្តគ្រប់ល័ក្ខណ៍ដោយសន្ដិវិធី។ (វិវរណៈ ២:៩,១០) សូមឲ្យយើងទាំងអស់គ្នាធ្វើដូច្នេះដែរ នៅពេលដែលប្រឈមមុខនឹងកាលៈទេសៈបែបនោះ។—ធីម៉ូថេទី២ ៣:១២
«ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»
២០-២២. តើជនគ្រីស្ទាន«ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»តាមរបៀបណា?
២០ សាវ័កប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅក្រុងរ៉ូមថា៖ «គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ»។ (រ៉ូម ១៣:១៤) បើនិយាយជាអត្ថបដិរូប ជនគ្រីស្ទានប្រដាប់ខ្លួនដោយព្រះយេស៊ូប្រៀបដូចជាស្លៀកសំលៀកបំពាក់។ ទោះជាពួកគេពុំអាចយកតម្រាប់តាមទ្រង់យ៉ាងគ្រប់ល័ក្ខណ៍ក៏ដោយ ក៏ពួកគេខំធ្វើតម្រាប់តាមគុណសម្បត្ដិរបស់ទ្រង់និងការប្រព្រឹត្តរបស់ទ្រង់រហូតដល់អ្នកឯទៀតអាចមើលពួកគេឃើញគំរូរបស់ព្រះយេស៊ូ។—ថែស្សាឡូនីចទី១ ១:៦
២១ យើងអាច«ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»ដោយជោគជ័យបាន ប្រសិនបើយើងស្គាល់ច្បាស់អំពីព្រះជន្មរបស់ព្រះយេស៊ូ និងខំព្យាយាមរស់នៅដូចទ្រង់ធ្លាប់ធ្វើនោះដែរ។ យើងយកតម្រាប់តាមព្រះទ័យរាបទាប សេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះសេចក្ដីសុចរិត ការស្អប់ដែលទ្រង់មានចំពោះអំពើទុច្ចរិត ការស្រឡាញ់បងប្អូន ការរក្សាខ្លួនមិនឲ្យជារបស់ផងលោកីយ៍ ហើយការស៊ូទ្រាំដោយអត់ធ្មត់។ យើងមិន«ផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាម» ដែលមានន័យថាគោលបំណងដ៏សំខាន់របស់យើងក្នុងជីវិតគឺមិនមែនជាការបំពេញគោលដៅខាងលោកីយ៍ឬបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមនោះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលយើងត្រូវសម្រេចចិត្តឬដោះស្រាយបញ្ហាណាមួយ យើងសួរខ្លួនឯងថា៖ ‹តើព្រះយេស៊ូនឹងធ្វើយ៉ាងណាក្នុងស្ថានការណ៍នេះ? តើទ្រង់ចង់ឲ្យខ្ញុំធ្វើយ៉ាងណា?›។
២២ នៅទីបំផុត យើងយកតម្រាប់តាមព្រះយេស៊ូដោយជាប់រវល់នឹងការ«ប្រកាសដំណឹងល្អពីនគរ»។ (ម៉ាថាយ ៤:២៣; កូរិនថូសទី១ ១៥:៥៨) ក្នុងរឿងនេះដែរ ជនគ្រីស្ទានក៏ធ្វើតាមតម្រាប់ដែលព្រះយេស៊ូបានទុកឲ្យ។ អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីរឿងនេះ។
តើអ្នកអាចពន្យល់ទេ?
• ហេតុអ្វីក៏សំខាន់ដែលជនគ្រីស្ទានត្រូវមានចិត្តរាបទាប?
• តើយើងអាចបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវចំពោះអ្វីដែលត្រូវនិងអ្វីដែលខុសយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលជនគ្រីស្ទានយកតម្រាប់តាមព្រះយេស៊ូពេលដែលប្រឈមមុខនឹងការប្រឆាំងនិងការបៀតបៀននោះ?
• តើយើងអាច«ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៧]
ព្រះយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះចំពោះចិត្តរាបទាប
[រូបភាពនៅទំព័រ៨]
គ្រប់ទិដ្ឋភាពនៃជីវិតរស់នៅជាគ្រីស្ទាន រួមបញ្ចូលការផ្សព្វផ្សាយដំណឹងល្អ តម្រូវឲ្យមានចិត្តរាបទាប
[រូបភាពនៅទំព័រ៩]
សាតាំងអាចធ្វើឲ្យការកំសាន្តដ៏មិនល្អ មើលទៅហាក់ដូចជាល្អវិញចំពោះជនគ្រីស្ទាន
[រូបភាពនៅទំព័រ១០]
សេចក្ដីស្រឡាញ់ចំពោះបងប្អូនខាងវិញ្ញាណរបស់យើង នឹងជួយពង្រឹងកម្លាំងយើងឲ្យទប់ទល់នឹងការប្រឆាំង