ជំពូកទី១៨
លោកយេស៊ូចម្រើនឡើង តែយ៉ូហានថយចុះ
ម៉ាថាយ ៤:១២ ម៉ាកុស ៦:១៧-២០ លូកា ៣:១៩, ២០ យ៉ូហាន ៣:២២–៤:៣
អ្នកកាន់តាមលោកយេស៊ូជ្រមុជទឹកឲ្យគេ
យ៉ូហានដែលជាអ្នកជ្រមុជទឹកបានត្រូវគេដាក់គុក
នៅរដូវស្លឹកឈើលាស់នាឆ្នាំ៣០ គ.ស. ក្រោយពីធ្វើបុណ្យរំលងរួច លោកយេស៊ូនិងអ្នកកាន់តាមលោកបានចាកចេញពីក្រុងយេរូសាឡិម។ ប៉ុន្តែ ពួកគាត់មិនបានត្រឡប់ទៅស្រុករបស់ពួកគាត់ក្នុងតំបន់កាលីឡេទេ។ ពួកគាត់បានទៅតំបន់យូឌា ហើយនៅទីនោះពួកគាត់ជ្រមុជទឹកឲ្យមនុស្សជាច្រើន។ យ៉ូហានដែលជាអ្នកជ្រមុជទឹកបានធ្វើកិច្ចការនេះអស់ប្រហែលជាមួយឆ្នាំហើយ អ្នកកាន់តាមគាត់ខ្លះនៅជាមួយនឹងគាត់នៅឡើយ។ ក្នុងអំឡុងពេលនោះ ពួកគាត់ប្រហែលជានៅក្បែរជ្រលងភ្នំទន្លេយ៉ូដាន់។
លោកយេស៊ូផ្ទាល់មិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ទេ តែលោកបង្គាប់ពួកអ្នកកាន់តាមលោកឲ្យជ្រមុជទឹកអ្នកឯទៀតវិញ។ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ ទាំងលោកយេស៊ូទាំងយ៉ូហានបង្រៀនជនជាតិយូដាដែលបានបំពានកិច្ចព្រមព្រៀងខាងច្បាប់របស់ព្រះ តែបានប្រែចិត្ត។—សកម្មភាព ១៩:៤
ប៉ុន្តែ អ្នកកាន់តាមយ៉ូហានមានចិត្តច្រណែន ហើយត្អូញត្អែរប្រាប់គាត់អំពីលោកយេស៊ូថា៖ «បុរស[លោកយេស៊ូ]ដែលបាននៅ . . . ជាមួយនឹងអ្នក . . . កំពុងជ្រមុជទឹកឲ្យគេ ហើយមនុស្សទាំងអស់កំពុងទៅឯលោក»។ (យ៉ូហាន ៣:២៦) យ៉ូហានមិនច្រណែននឹងលោកយេស៊ូទេ។ ផ្ទុយទៅវិញ គាត់អរសប្បាយដែលឃើញកិច្ចបម្រើរបស់លោកយេស៊ូបានរីកចម្រើន ហើយគាត់ចង់ឲ្យអ្នកកាន់តាមគាត់អរសប្បាយដែរ។ យ៉ូហានរំលឹកពួកគាត់ថា៖ «អ្នករាល់គ្នាជាសាក្សីដែលខ្ញុំបាននិយាយថា៖ ‹ខ្ញុំមិនមែនជាគ្រិស្តទេ តែខ្ញុំបានត្រូវចាត់ឲ្យមកមុនលោក›»។ គាត់លើកឧទាហរណ៍មួយដែលជួយអ្នកកាន់តាមទាំងអស់អាចយល់បាន ដោយនិយាយថា៖ «កូនក្រមុំនៅជាមួយនឹងអ្នកណា អ្នកនោះជាកូនកំលោះហើយ។ ក៏ប៉ុន្តែ មិត្តភក្ដិរបស់កូនកំលោះក៏ត្រេកអរយ៉ាងខ្លាំងនៅពេលដែលឮសំឡេងរបស់កូនកំលោះ។ ដូច្នេះ អំណររបស់ខ្ញុំបានពេញខ្នាតហើយ»។—យ៉ូហាន ៣:២៨, ២៩
ដូចមិត្តភក្ដិរបស់កូនកំលោះ យ៉ូហានបានអរសប្បាយតាំងពីប៉ុន្មានខែមុន ពេលដែលគាត់បានណែនាំពួកអ្នកកាន់តាមគាត់ឲ្យស្គាល់លោកយេស៊ូ។ អ្នកខ្លះពីចំណោមពួកគេបានកាន់តាមលោកយេស៊ូ ហើយក្រោយមកពួកគេនឹងត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ ម្យ៉ាងទៀត យ៉ូហានចង់ឲ្យពួកអ្នកកាន់តាមគាត់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូវិញ។ តាមពិត គោលបំណងរបស់យ៉ូហាន គឺរៀបចំផ្លូវសម្រាប់កិច្ចបម្រើផ្សាយរបស់គ្រិស្ត។ យ៉ូហានពន្យល់ថា៖ «លោកត្រូវតែចម្រើនឡើងតទៅទៀត តែខ្ញុំត្រូវតែបន្តថយចុះ»។—យ៉ូហាន ៣:៣០
អ្នកប្រហែលជានៅចាំអំពីយ៉ូហានដែលជាអ្នកកាន់តាមដំបូងម្នាក់របស់លោកយេស៊ូ ដែលក្រោយមកគាត់សរសេរអំពីដើមកំណើតនិងតួនាទីដ៏សំខាន់របស់លោកយេស៊ូក្នុងការសង្គ្រោះមនុស្សជាតិ ថា៖ «លោកដែលមកពីស្ថានលើគឺធំជាងអ្នកឯទៀតទាំងអស់។ . . . បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក ក៏បានប្រគល់អ្វីៗទាំងអស់ទៅក្នុងដៃរបស់បុត្រលោក។ អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ រីឯអ្នកណាដែលមិនស្ដាប់បង្គាប់បុត្ររបស់លោក អ្នកនោះនឹងមិនទទួលជីវិតឡើយ តែកំហឹងរបស់ព្រះនៅជាប់នឹងអ្នកនោះ»។ (យ៉ូហាន ៣:៣១, ៣៥, ៣៦) នេះជាសេចក្ដីពិតដ៏សំខាន់ដែលមនុស្សត្រូវដឹង!
មិនយូរក្រោយពីយ៉ូហានដែលជាអ្នកជ្រមុជទឹកបានប្រាប់អំពីតួនាទីនិងកិច្ចការរបស់គាត់ដែលត្រូវថយចុះ គាត់បានត្រូវស្តេចហេរ៉ូឌចាប់ដាក់គុក។ ហេរ៉ូឌបានរៀបការជាមួយនឹងហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាប្អូនរបស់គាត់។ ពេលយ៉ូហានបកអាក្រាតនូវអំពើផិតក្បត់របស់ហេរ៉ូឌ នោះហេរ៉ូឌក៏បញ្ជាឲ្យគេចាប់យ៉ូហានដាក់គុក។ ពេលឮដំណឹងថាយ៉ូហានបានត្រូវគេចាប់ដាក់គុក លោកយេស៊ូក៏ចាកចេញពីតំបន់យូឌាជាមួយនឹងអ្នកកាន់តាមលោក«ទៅស្រុកកាលីឡេ»វិញ។—ម៉ាថាយ ៤:១២; ម៉ាកុស ១:១៤