ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅយ៉ូហាន
លោកយ៉ូហានជា«សិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់» ហើយគាត់ក៏ជាអ្នកចុងក្រោយគេបង្អស់ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យសរសេរកំណត់ហេតុពីជីវិតនិងកិច្ចបម្រើរបស់ព្រះយេស៊ូ។ (យ៉ូន. ២១:២០) សៀវភៅដំណឹងល្អរបស់យ៉ូហានមានព័ត៌មានល្អិតល្អន់បន្ថែមទៅលើកំណត់ហេតុដែលសៀវភៅដំណឹងល្អបីផ្សេងទៀតមិនបានរៀបរាប់ ហើយបានចារទុកជាលាយលក្ខណ៍អក្សរប្រហែលជានៅឆ្នាំ៩៨ គ.ស.។
សាវ័កយ៉ូហានមានគោលបំណងច្បាស់លាស់ក្នុងការសរសេរសៀវភៅដំណឹងល្អរបស់គាត់។ យ៉ូហានមានប្រសាសន៍ថា គាត់សរសេរព័ត៌មាននោះ«ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិតដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ»។ (យ៉ូន. ២០:៣១) ព័ត៌មានដែលបានចារទុកក្នុងសៀវភៅយ៉ូហាន ពិតជាមានប្រយោជន៍ណាស់ចំពោះយើង។—ហេ. ៤:១២
«នុ៎ះន៏! កូនចៀមនៃព្រះ»
ក្រោយពីបានឃើញព្រះយេស៊ូ យ៉ូហានបាទីស្ទដែលជាអ្នកជ្រមុជទឹកឲ្យគេ ពោលដោយម៉ឺងម៉ាត់ថា៖ «នុ៎ះន៏! កូនចៀមនៃព្រះដែលដោះបាបមនុស្សលោក»។ (យ៉ូន. ១:២៩) ពេលព្រះយេស៊ូផ្សព្វផ្សាយ បង្រៀន និងធ្វើការអស្ចារ្យក្នុងស្រុកសាម៉ារី ស្រុកកាលីឡេ ស្រុកយូដានិងភូមិភាគខាងកើតទន្លេយ័រដាន់ នោះ‹មនុស្សជាច្រើនមកឯទ្រង់ និងជឿដល់ទ្រង់›។—យ៉ូន. ១០:៤១, ៤២
ក្នុងចំណោមអព្ភូតហេតុជាច្រើនដែលព្រះយេស៊ូធ្វើ ការប្រោសលោកឡាសារឲ្យរស់ឡើងវិញជាអព្ភូតហេតុដ៏អស្ចារ្យមួយ។ មនុស្សជាច្រើនជឿដល់ព្រះយេស៊ូ ពេលឃើញមនុស្សដែលបានស្លាប់អស់បួនថ្ងៃ បែរជាមានជីវិតរស់ឡើងវិញ។ យ៉ាងណាក៏ដោយ ពួកសង្គ្រាជនិងពួកផារិស៊ីពិគ្រោះគ្នាដើម្បីរកវិធីសម្លាប់ព្រះយេស៊ូបង់។ ដូច្នេះ ព្រះយេស៊ូចេញពីកន្លែងគេ ទៅ«ឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម»។—យ៉ូន. ១១:៥៣, ៥៤
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៣៥, ៤០—ក្រៅពីអនទ្រេ តើសិស្សម្នាក់ទៀតដែលឈរជាមួយយ៉ូហានដែលជ្រមុជទឹកឲ្យគេ ជានរណា? ក្នុងសៀវភៅយ៉ូហាន គាត់មិនដែលសំដៅទៅលើខ្លួនឯងដោយឈ្មោះផ្ទាល់ទេ។ រៀងរាល់ដងដែលគាត់កត់ឈ្មោះ«យ៉ូហាន» នេះសំដៅទៅលើអ្នកដែលជ្រមុជទឹកឲ្យគេ។ ដូច្នេះតាមមើលទៅ សិស្សម្នាក់ដែលអត់ចេញឈ្មោះ គឺជាយ៉ូហានដែលបានសរសេរសៀវភៅដំណឹងល្អនោះ។
២:២០—តើវិហារមួយណាដែលបានសង់ក្នុងរយៈពេល«៤៦ឆ្នាំគត់»? ពួកយូដាបាននិយាយអំពីវិហារដែលស្តេចហេរ៉ូឌនៅស្រុកយូដាបានជួសជុលឡើងវិញ។ នេះជាវិហារដែលបានសាងសង់ឡើងវិញរួចរាល់ នៅសម័យលោកសូរ៉ូបាបិល។ យោងទៅតាមអ្នកប្រវត្ដិវិទូឈ្មោះយ៉ូសេហ្វឺស កិច្ចការសាងសង់នោះចាប់ផ្ដើមក្នុងឆ្នាំទី១៨នៃរាជ្យរបស់ស្តេចហេរ៉ូឌ ដែលជាឆ្នាំ១៨ឬ១៧ មុនគ.ស.។ វិហារនិងផ្នែកសំខាន់ៗឯទៀតបានសង់ឡើងក្នុងរយៈពេល៨ឆ្នាំ។ ក៏ប៉ុន្តែ កិច្ចការសាងសង់អគារផ្សេងៗដែលនៅជិតវិហារ មានរហូតដល់ក្រោយបុណ្យរំលងនាឆ្នាំ៣០ គ.ស.។ ហេតុនេះហើយបានជាជនជាតិយូដានិយាយថា គេចំណាយអស់៤៦ឆ្នាំគត់ដើម្បីសង់វិហារឡើងវិញ។
៥:១៤—តើជំងឺតម្កាត់បណ្ដាលមកពីអំពើបាបទេ? មិនមែនគ្រប់ករណីទាំងអស់ទេ។ មនុស្សម្នាក់ដែលព្រះយេស៊ូបានព្យាបាល គាត់ឈឺអស់៣៨ឆ្នាំមកហើយ ដោយសារភាពមិនល្អឥតខ្ចោះដែលគាត់បានទទួលជាមត៌កតាំងពីកំណើតមក។ (យ៉ូន. ៥:១-៩) ព្រះយេស៊ូមានប្រសាសន៍នេះដើម្បីបញ្ជាក់ថា ដោយសារទ្រង់មានមេត្ដាចំពោះបុរសនោះ គប្បីឲ្យគាត់មានរបៀបរស់នៅដែលនាំទៅឯសេចក្ដីសង្គ្រោះ និងមិនធ្វើខុសដោយចេតនា ក្រែងលោគាត់ជួបប្រទះអ្វីដែលធ្ងន់ធ្ងរជាងជំងឺទៅទៀត។ បើបុរសនោះធ្វើខុសដែលអត់ទោសឲ្យមិនបាន គាត់សមនឹងស្លាប់ ហើយគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញទេ។—ម៉ាថ. ១២:៣១, ៣២; លូ. ១២:១០; ហេ. ១០:២៦, ២៧
៥:២៤, ២៥—តើអ្នកណាខ្លះដែលនឹង«កន្លងហួសពីសេចក្ដីស្លាប់ទៅដល់ជីវិតវិញ»? ព្រះយេស៊ូសំដៅទៅលើអស់អ្នកដែលមិនមានទំនាក់ទំនងជាមួយព្រះយេហូវ៉ា តែក្រោយបានឮសាររបស់ព្រះយេស៊ូ មានជំនឿទៅលើទ្រង់ ហើយឈប់ធ្វើខុសទៀត។ ពួកគេ«កន្លងហួសពីសេចក្ដីស្លាប់ទៅដល់ជីវិតវិញ»ក្នុងន័យថា ពួកគេមិនស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានទោសទៀតហើយ តែមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ ពីព្រោះពួកគេជឿទៅលើព្រះយេហូវ៉ា។—១ពេ. ៤:៣-៦
៥:២៦; ៦:៥៣—តើមាន«ជីវិតនៅក្នុងខ្លួន»មានន័យអ្វី? ចំពោះព្រះយេស៊ូ នេះមានន័យថា ទ្រង់ទទួលសមត្ថភាពពិសេសពីរយ៉ាងពីព្រះយេហូវ៉ា ពោលគឺ សមត្ថភាពជួយមនុស្សជាតិឲ្យមានទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា និងអំណាចផ្ដល់ជីវិតដោយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ រីឯសិស្សរបស់ព្រះយេស៊ូវិញ ពួកគេអាចមាន«ជីវិតនៅក្នុងខ្លួន»ក្នុងន័យថា អាចមានជីវិតដែលគ្មានទីបញ្ចប់។ ពួកគ្រិស្តសាសនិកដែលបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌ នឹងមានជីវិតដែលគ្មានទីបញ្ចប់នៅទីនោះ។ អ្នកបម្រើស្មោះភក្ដីដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី នឹងទទួលជីវិតដែលគ្មានទីបញ្ចប់បន្ទាប់ពីពួកគាត់ឆ្លងផុតការសាកល្បងជាលើកចុងក្រោយបង្អស់ ដែលនឹងមាននៅទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រិស្ត។—១កូ. ១៥:៥២, ៥៣; វិវរ. ២០:៥, ៧-១០
៦:៦៤—ពេលព្រះយេស៊ូបានជ្រើសរើសយូដាស អ៊ីស្ការីយ៉ុតជាសាវ័កម្នាក់ តើទ្រង់ដឹងថាគាត់នឹងក្បត់ទ្រង់ទេ? តាមមើលទៅ ទ្រង់មិនទាន់ដឹងទេ។ ក៏ប៉ុន្តែ នៅឆ្នាំ៣២ គ.ស. ព្រះយេស៊ូមានប្រសាសន៍ទៅកាន់ពួកសាវ័កទ្រង់ថា៖ «ម្នាក់ក្នុងអ្នករាល់គ្នាជាអារក្ស»។ ប្រហែលជាពេលនោះជា«ដើម»ដំបូងដែលព្រះយេស៊ូចាប់ផ្ដើមកត់សម្គាល់ថា យូដាស អ៊ីស្ការីយ៉ុតហៀបនឹងដើរផ្លូវខុស។—យ៉ូន. ៦:៦៦-៧១
មេរៀនសម្រាប់យើង:
២:៤: ពេលពោលពាក្យទាំងនេះ ព្រះយេស៊ូគ្រាន់តែចង់បញ្ជាក់ដល់ម៉ារាថា ដោយសារទ្រង់ជាបុត្រដែលព្រះយេហូវ៉ាបានរើសតាំងនោះ ទ្រង់ត្រូវតែធ្វើតាមការណែនាំពីបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌វិញ។ ថ្វីបើព្រះយេស៊ូទើបតែចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់ទ្រង់ក្ដី ទ្រង់ជ្រាបច្បាស់អំពីពេលវេលាឬរយៈពេលដែលទ្រង់ត្រូវធ្វើកិច្ចការដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ រួមទាំងការបូជាជីវិតផង។ សូម្បីតែម៉ារាដែលជាសាច់ញាតិជិតដិតរបស់ព្រះយេស៊ូក្ដី ក៏មិនអាចរំខានដល់កិច្ចការរបស់ទ្រង់ក្នុងការធ្វើតាមឆន្ទៈរបស់ព្រះយេហូវ៉ាឡើយ។ គប្បីឲ្យយើងធ្វើតាមគំរូរបស់ព្រះយេស៊ូ ដោយតាំងចិត្តដើម្បីធ្វើកិច្ចបម្រើព្រះយេហូវ៉ា។
៣:១-៩: យើងអាចទាញយកមេរៀនពីរយ៉ាងពីគំរូរបស់លោកនីកូដេមដែលជាចៅហ្វាយម្នាក់របស់ពួកយូដា។ ទី១ ដោយសារនីកូដេមទទួលស្គាល់កូនប្រុសរបស់ជាងឈើដែលមានឋានៈតូចទាបថា ជាគ្រូបង្រៀនដែលព្រះយេហូវ៉ាបានបញ្ជូនមក នេះបង្ហាញថាគាត់មានចិត្តរាបទាប ចេះយល់ធ្លុះ និងទទួលស្គាល់ថាខ្លួនត្រូវការទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា។ គ្រិស្តសាសនិកគ្រប់រូបសព្វថ្ងៃនេះក៏ត្រូវបណ្ដុះឲ្យមានចិត្តរាបទាបដែរ។ ទី២ ពេលព្រះយេស៊ូរស់នៅផែនដី នីកូដេមមានចិត្តស្ទាក់ស្ទើរ ហើយមិនបានក្លាយទៅជាសិស្សម្នាក់របស់ទ្រង់ទេ។ ប្រហែលជាគាត់ខ្លាចមនុស្ស ស្រឡាញ់ឋានៈរបស់ខ្លួនក្នុងក្រុមប្រឹក្សាជាន់ខ្ពស់នៃជនជាតិយូដា ឬក៏ដោយសារគាត់ស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុពេក។ យើងអាចទាញយកមេរៀនសំខាន់ពីរឿងនេះ។ យើងមិនត្រូវអនុញ្ញាតឲ្យទំនោរចិត្តរបស់ខ្លួនរំខានយើងពីការ‹ផ្ទុកបង្គោលទារុណកម្មរាល់តែថ្ងៃតាមព្រះយេស៊ូ›ឡើយ។—លូ. ៩:២៣
៤:២៣, ២៤: យើងត្រូវតែថ្វាយបង្គំព្រះយេហូវ៉ាស្របទៅនឹងសេចក្ដីពិតក្នុងគម្ពីរ ព្រមទាំងទទួលការណែនាំពីវិញ្ញាណឬសកម្មពលបរិសុទ្ធរបស់ទ្រង់ ទើបទ្រង់ពេញចិត្តនឹងយើង។
៦:២៧: យើងខំប្រឹងឲ្យបាន«អាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច» ដោយខំបណ្ដុះឲ្យមានទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា។ ពេលធ្វើដូច្នេះ យើងក៏នឹងទទួលពរមែន!—ម៉ាថ. ៥:៣
៦:៤៤: ព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងយើងគ្រប់រូប។ ព្រះយេហូវ៉ាបានទាញនាំយើងម្នាក់ៗឲ្យស្គាល់បុត្ររបស់ទ្រង់ តាមរយៈកិច្ចការផ្សព្វផ្សាយ។ ព្រះយេហូវ៉ាក៏ប្រទានសកម្មពលបរិសុទ្ធដើម្បីជួយយើងឲ្យយល់និងចេះធ្វើតាមសេចក្ដីពិតដែលមានក្នុងគម្ពីរ។
១១:៣៣-៣៦: បើយើងសម្ដែងការរំជួលចិត្ត នេះមិនមែនជាចំណុចខ្សោយទេ។
‹ចូរមកតាមទ្រង់ចុះ!›
ជិតដល់បុណ្យរំលងនៅឆ្នាំ៣៣ គ.ស. ព្រះយេស៊ូបានវិលត្រឡប់ទៅភូមិបេថានីម្ដងទៀត។ នៅថ្ងៃទី៩ ខែណែសាន ព្រះយេស៊ូបានចូលទៅក្នុងក្រុងយេរូសាឡិមដោយជិះសត្វលា។ នៅថ្ងៃទី១០ ខែណែសាន ព្រះយេស៊ូក៏ចូលទៅក្នុងវិហារម្ដងទៀត។ ក្រោយព្រះយេស៊ូបានអធិដ្ឋានសូមឲ្យបិតាតម្កើងនាមទ្រង់ឡើង មានសំឡេងពីស្ថានសួគ៌ថា៖ «អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ»។—យ៉ូន. ១២:២៨
ពេលធ្វើបុណ្យរំលង ព្រះយេស៊ូផ្ដល់ដំបូន្មានដ៏សំខាន់ៗដល់សិស្សទ្រង់ ព្រមទាំងអធិដ្ឋានសូមព្រះយេហូវ៉ាជួយពួកគាត់ ពីព្រោះជិតដល់ពេលដែលទ្រង់បែកពីពួកគាត់ហើយ។ ក្រោយពីគេបានចាប់ខ្លួន កាត់ទោស ព្រមទាំងបោះភ្ជាប់ព្រះយេស៊ូនៅលើបង្គោលទារុណកម្មរហូតដល់ទីមរណៈ ព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យរស់ឡើងវិញ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១៤:២—តើព្រះយេស៊ូទៅ«រៀបកន្លែង»ឲ្យសិស្សរបស់ទ្រង់នៅឯស្ថានសួគ៌យ៉ាងដូចម្ដេច? ការរៀបចំនោះរួមបញ្ចូលការឡើងទៅចំពោះមុខព្រះយេហូវ៉ាដើម្បីថ្វាយតម្លៃនៃឈាមទ្រង់ ដែលធ្វើឲ្យកិច្ចព្រមព្រៀងថ្មីចាប់មានសុពលភាព។ ការរៀបកន្លែងនោះក៏រួមបញ្ចូលការទទួលអំណាចជាស្តេច ហើយក្រោយនោះមក ការប្រោសអ្នករើសតាំងដែលកាន់តាមទ្រង់ឲ្យរស់ឡើងវិញនៅស្ថានសួគ៌។—១ថែ. ៤:១៤-១៧; ហេ. ៩:១២, ២៤-២៨; ១ពេ. ១:១៩; វិវរ. ១១:១៥
១៩:១១—ពេលព្រះយេស៊ូមានប្រសាសន៍ទៅរកលោកពីឡាត់អំពីអ្នកដែលបានបញ្ជូនទ្រង់មក តើទ្រង់សំដៅទៅលើយូដាស អ៊ីស្ការីយ៉ុតទេ? តាមមើលទៅ ជាជាងសំដៅចំៗទៅលើយូដាសឬបុគ្គលណាម្នាក់ទៀត ព្រះយេស៊ូចង់សំដៅទៅលើអស់អ្នកដែលរួមដៃគ្នាក្នុងការសម្លាប់ទ្រង់។ អ្នកទាំងនោះរួមបញ្ចូលយូដាស ‹ពួកសង្គ្រាជនឹងពួកចាស់ទុំទាំងអស់គ្នា› ព្រមទាំង«ហ្វូងមនុស្ស»ដែលត្រូវគេបញ្ឆេះឲ្យសូមឲ្យលែងបារ៉ាបាសវិញ។—ម៉ាថ. ២៦:៥៩-៦៥; ២៧:១, ២, ២០-២២
២០:១៧—ហេតុអ្វីបានជាព្រះយេស៊ូមានប្រសាសន៍ទៅកាន់នាងម៉ារា ម៉ាក់ដាឡាថា កុំឲ្យនាងពាល់ទ្រង់? កិរិយាសព្ទភាសាក្រិចដែលបកប្រែថា «ពាល់» អាចមានន័យថា «តោង ចាប់ កាន់»។ តាមមើលទៅ មូលហេតុដែលម៉ារាតោងព្រះយេស៊ូជាប់ គឺដោយសារនាងគិតថាទ្រង់ហៀបនឹងឡើងទៅស្ថានសួគ៌ ហើយនាងមិនអាចឃើញទ្រង់ទៀត។ ដូច្នេះ ព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែពាក្យទាំងនេះថា «កុំឃាត់ខ្ញុំទុកអី»។ ដើម្បីបញ្ជាក់ថាព្រះយេស៊ូនឹងមិនឡើងទៅស្ថានសួគ៌ភ្លាមទេ ទ្រង់បង្គាប់នាងឲ្យទៅប្រាប់សិស្សទ្រង់ថា ទ្រង់បានរស់ឡើងវិញហើយ។
មេរៀនសម្រាប់យើង:
១២:៣៦: ដើម្បីក្លាយទៅជា«កូននៃពន្លឺ»ឬអ្នកបំផ្លាតពន្លឺ យើងត្រូវតែមានចំណេះពិតពីគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ា។ រួចមក យើងត្រូវតែយកចំណេះពិតនោះទៅជួយអ្នកដទៃឲ្យស្គាល់ព្រះយេហូវ៉ា និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទ្រង់ ហាក់ដូចជាបំផ្លាតពន្លឺនៅទីងងឹត។
១៤:៦: ព្រះយេស៊ូគ្រិស្តជាខ្សែរយៈដ៏សំខាន់ចាំបាច់តែមួយគត់ដែលជួយយើងឲ្យផ្គាប់ចិត្តព្រះយេហូវ៉ា។ យើងត្រូវតែជឿទៅលើព្រះយេស៊ូ និងធ្វើតាមគំរូរបស់ទ្រង់ដើម្បីចូលទៅជិតព្រះយេហូវ៉ា។—១ពេ. ២:២១
១៤:១៥, ២១, ២៣, ២៤; ១៥:១០: ពេលយើងកាន់តាមបញ្ញត្តរបស់ព្រះយេហូវ៉ា នេះជួយយើងឲ្យស្ថិតជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់និងបុត្ររបស់ទ្រង់។—១យ៉ូន. ៥:៣
១៤:២៦; ១៦:១៣: វិញ្ញាណឬសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយបង្រៀន និងជួយយើងឲ្យនឹកចាំពីអ្វីដែលយើងបានរៀនរួចហើយ។ សកម្មពលរបស់ព្រះយេហូវ៉ាក៏ជួយយើងឲ្យយល់នូវសេចក្ដីពិតក្នុងគម្ពីរ។ ដូច្នេះ សកម្មពលរបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យមានចំណេះ ប្រាជ្ញា យល់ធ្លុះ ចេះធ្វើការសម្រេចចិត្ត និងចេះគិតគូរឲ្យបានកាន់តែប្រសើរឡើង។ ហេតុនេះហើយ គប្បីឲ្យយើងព្យាយាមអធិដ្ឋាន ជាពិសេសដោយមានបំណងសូមសកម្មពលរបស់ព្រះយេហូវ៉ាឲ្យជួយយើង។—លូ. ១១:៥-១៣
២១:១៥, ១៩: ព្រះយេស៊ូសួរពេត្រុសថា តើគាត់ស្រឡាញ់ទ្រង់ច្រើនជាង«របស់ទាំងនេះ»? ដែលមានន័យថា ច្រើនជាងត្រីដែលនៅចំពោះមុខគាត់។ យ៉ាងនេះ ព្រះយេស៊ូបញ្ជាក់ដល់ពេត្រុសថា សំខាន់ណាស់ឲ្យគាត់តាមទ្រង់រហូត ជាជាងចាត់ទុកកិច្ចការនេសាទត្រីជាអាទិភាព។ ពេលបានពិនិត្យពិចារណាពីកំណត់ហេតុក្នុងសៀវភៅដំណឹងល្អនីមួយៗ ចូរឲ្យយើងតាំងចិត្តស្រឡាញ់ព្រះយេស៊ូឲ្យបានច្រើនជាងអ្វីៗទាំងអស់ដែលអាចបញ្ចូលចិត្តយើង។ ត្រូវមែន! ចូរឲ្យយើងកាន់តាមព្រះយេស៊ូយ៉ាងអស់ពីចិត្តជារៀងរហូត។
[រូបភាពនៅទំព័រ៣១]
តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់លោកនីកូដេម?