ជំពូកទី១៩
លោកយេស៊ូបង្រៀនស្ត្រីជនជាតិសាម៉ារីម្នាក់
លោកយេស៊ូបង្រៀនស្ត្រីជនជាតិសាម៉ារីនិងអ្នកផ្សេងទៀត
ការគោរពប្រណិប័តន៍ដែលព្រះពេញចិត្ត
តាមផ្លូវពីតំបន់យូឌាទៅស្រុកកាលីឡេដែលនៅភាគខាងជើង លោកយេស៊ូនិងអ្នកកាន់តាមលោកបានធ្វើដំណើរឆ្លងកាត់តំបន់សាម៉ារី។ ពួកគាត់អស់កម្លាំងណាស់ ដូច្នេះប្រហែលជានៅពេលថ្ងៃត្រង់ ពួកគាត់បានឈប់សម្រាកនៅអណ្ដូងមួយដែលនៅជិតក្រុងស៊ីខា។ នាប៉ុន្មានសតវត្សរ៍មុន អណ្ដូងនោះទំនងជាអណ្ដូងមួយដែលយ៉ាកុបបានជីក ឬក៏គាត់បង់ប្រាក់ឲ្យគេជីក។ នៅសម័យយើង ជិតក្រុងណាប្លុស អណ្ដូងដូចនោះនៅមាននៅឡើយ។
ពេលលោកយេស៊ូសម្រាកនៅជិតអណ្ដូង ពួកអ្នកកាន់តាមលោកចេញទៅក្រុងក្បែរនោះ ដើម្បីទិញអាហារ។ ពេលពួកគាត់ចេញទៅអស់ មានស្ត្រីជនជាតិសាម៉ារីម្នាក់មកដងទឹក។ លោកយេស៊ូក៏មានប្រសាសន៍ទៅនាងថា៖ «សូមឲ្យខ្ញុំផឹកផង»។—យ៉ូហាន ៤:៧
តាមធម្មតា ជនជាតិយូដាមិននិយាយរកជនជាតិសាម៉ារីទេ ដោយសារការប្រកាន់ពូជសាសន៍ដែលមានតាំងពីយូរមកហើយ។ ហេតុនេះ ស្ត្រីនោះបានភ្ញាក់ផ្អើលជាខ្លាំង ហើយសួរលោកថា៖ «ហេតុដូចម្ដេចបានជាលោកសុំទឹកពីខ្ញុំពិសាដូច្នេះ? ព្រោះលោកជាជនជាតិយូដា ហើយខ្ញុំជាស្ត្រីជនជាតិសាម៉ារី»។ លោកយេស៊ូក៏តបទៅនាងថា៖ «ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកណាកំពុងនិយាយទៅនាងថា៖ ‹សូមឲ្យខ្ញុំផឹកផង› នោះនាងមុខជាបានសុំលោក ហើយលោកនឹងឲ្យទឹកដែលផ្ដល់ជីវិត»។ នាងឆ្លើយថា៖ «លោកគ្មានអ្វីសម្រាប់ដងទឹកទេ ហើយអណ្ដូងនេះក៏ជ្រៅផង។ ដូច្នេះ តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? លោកមិនមែនធំជាងយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្ដូងនេះមកយើង ហើយដែលបានពិសាទឹកពីអណ្ដូងនេះជាមួយនឹងកូនៗនិងហ្វូងសត្វរបស់គាត់ មែនទេ?»។—យ៉ូហាន ៤:៩-១២
លោកយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកណាដែលផឹកទឹកនេះ នឹងស្រេកម្ដងទៀត។ អ្នកណាដែលផឹកទឹកដែលខ្ញុំឲ្យ អ្នកនោះនឹងមិនស្រេកម្ដងទៀតឡើយ ប៉ុន្តែទឹកដែលខ្ញុំឲ្យអ្នកនោះ នឹងទៅជាទឹកផុសក្នុងអ្នកនោះ ហើយផ្ដល់នូវជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ៤:១៣, ១៤) ទោះជាលោកយេស៊ូអស់កម្លាំងក៏ដោយ លោកពេញចិត្តនិយាយប្រាប់ស្ត្រីជនជាតិសាម៉ារីនោះអំពីសេចក្ដីពិតដែលផ្ដល់ជីវិត។
បន្ទាប់មក ស្ត្រីនោះនិយាយថា៖ «លោក សូមឲ្យទឹកនោះមកខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្រេកទៀតឬត្រូវមកដងទឹកពីកន្លែងនេះម្ដងហើយម្ដងទៀតឡើយ»។ ឥឡូវ តាមមើលទៅលោកយេស៊ូប្ដូរសាច់រឿង ដោយនិយាយទៅកាន់នាងថា៖ «ចូរទៅហៅប្ដីរបស់នាង រួចត្រឡប់មកកន្លែងនេះវិញ»។ ពេលនោះនាងឆ្លើយថា៖ «ខ្ញុំគ្មានប្ដីទេ»។ ប៉ុន្តែ នាងច្បាស់ជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលលោកយេស៊ូជ្រាប ពេលលោកប្រាប់នាងថា៖ «នាងនិយាយថា៖ ‹ខ្ញុំគ្មានប្ដីទេ› នោះត្រឹមត្រូវហើយ។ ព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ ហើយបុរសដែលរស់នៅជាមួយនឹងនាងសព្វថ្ងៃនេះ មិនមែនជាប្ដីរបស់នាងឡើយ»។—យ៉ូហាន ៤:១៥-១៨
ប្រសាសន៍របស់លោកយេស៊ូធ្វើឲ្យនាងយល់ច្បាស់ថា លោកមិនមែនជាមនុស្សធម្មតាទេ។ ហេតុនេះ នាងនឹកអស្ចារ្យក្នុងចិត្ត ហើយនិយាយថា៖ «លោក ខ្ញុំយល់ឃើញថាលោកជាអ្នកប្រកាសទំនាយ»។ រួចមក នាងបង្ហាញថានាងចាប់អារម្មណ៍ទៅលើរឿងដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ តើនាងបង្ហាញយ៉ាងដូចម្ដេច? គឺនាងបន្តនិយាយថា៖ «បុព្វបុរសរបស់យើង[ជនជាតិសាម៉ារី]ធ្លាប់គោរពបូជានៅភ្នំនេះ[ភ្នំកេរិស៊ីមដែលនៅក្បែរនោះ] ប៉ុន្តែពួកលោក[ជនជាតិយូដា]និយាយថាត្រូវគោរពបូជានៅក្រុងយេរូសាឡិមវិញ»។—យ៉ូហាន ៤:១៩, ២០
ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូពន្យល់ថាទីកន្លែងគោរពប្រណិប័តន៍ព្រះគឺមិនសំខាន់ទេ។ លោកមានប្រសាសន៍ថា៖ «នឹងមានគ្រាមកដល់ ដែលពេលនោះ អ្នករាល់គ្នានឹងមិនគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ នៅភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ»។ លោកក៏ប្រាប់នាងទៀតថា៖ «នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលអ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត ព្រោះបិតានៅស្ថានសួគ៌កំពុងរកមនុស្សបែបនេះដើម្បីគោរពប្រណិប័តន៍លោក»។—យ៉ូហាន ៤:២១, ២៣, ២៤
អ្វីដែលនាំឲ្យបិតានៅស្ថានសួគ៌ចាត់ទុកអ្នកណាម្នាក់ថាជាអ្នកគោរពប្រណិប័តន៍ពិត គឺរបៀបដែលអ្នកនោះគោរពប្រណិប័តន៍លោក មិនមែនកន្លែងដែលគាត់គោរពប្រណិប័តន៍នោះទេ។ ពេលឮដូច្នោះ ស្ត្រីនោះភ្ញាក់ផ្អើលណាស់ ហើយនិយាយថា៖ «ខ្ញុំដឹងថាមេស្ស៊ីដែលគេហៅថាគ្រិស្តនឹងមកដល់។ នៅពេលលោកមកដល់ហើយ លោកនឹងប្រកាសជាចំហឲ្យយើងដឹងអ្វីៗទាំងអស់»។—យ៉ូហាន ៤:២៥
បន្ទាប់មក លោកយេស៊ូប្រាប់នាងអំពីការពិតដ៏សំខាន់មួយថា៖ «ខ្ញុំដែលកំពុងនិយាយជាមួយនឹងនាង គឺជាលោកនោះហើយ»។ (យ៉ូហាន ៤:២៦) គួរឲ្យអស្ចារ្យមែន! ស្ត្រីម្នាក់នេះគ្រាន់តែមកដងទឹកតាមទម្លាប់នៅថ្ងៃត្រង់ តែលោកយេស៊ូបានប្រាប់នាងយ៉ាងចំៗថាលោកជាមេស្ស៊ី! នេះជាឯកសិទ្ធិណាស់ ពីព្រោះលោកយេស៊ូបានប្រាប់នាងនូវអ្វីដែលលោកមិនទាន់ប្រាប់ជាចំហដល់អ្នកឯទៀតឡើយ។
ជនជាតិសាម៉ារីជាច្រើននាក់បានជឿ
អ្នកកាន់តាមលោកយេស៊ូត្រឡប់មកពីក្រុងស៊ីខាវិញ ដោយយកអាហារមកជាមួយ។ ពួកគាត់ឃើញលោកនៅឯអណ្ដូងយ៉ាកុបកំពុងនិយាយជាមួយនឹងស្ត្រីជនជាតិសាម៉ារី។ ពេលអ្នកកាន់តាមលោកមកដល់ នាងបានទុកក្អមទឹកចោល រួចចេញទៅក្រុង។
ពេលទៅដល់ក្រុងស៊ីខាហើយ ស្ត្រីនោះរៀបរាប់ប្រាប់អ្នកឯទៀតអំពីអ្វីដែលលោកយេស៊ូបានប្រាប់នាង។ នាងប្រាប់ពួកគេដោយជឿជាក់ថា៖ «សូមមកមើលបុរសដែលបានប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ»។ រួចមក ដើម្បីធ្វើឲ្យពួកគេឆ្ងល់ នាងសួរថា៖ «ប្រហែលជាលោកនេះជាគ្រិស្តទេដឹង?»។ (យ៉ូហាន ៤:២៩) នេះជាសំណួរដែលទាក់ទងនឹងរឿងដ៏សំខាន់ដែលមនុស្សចាប់អារម្មណ៍ចង់ដឹងចម្លើយ តាំងពីសម័យម៉ូសេមកម្ល៉េះ។ (ចោទិយកថា ១៨:១៨) សំណួរនេះជំរុញចិត្តមនុស្សឲ្យចេញពីក្រុងដើម្បីមកជួបលោកយេស៊ូផ្ទាល់។
នៅចន្លោះពេលនោះ ពួកអ្នកកាន់តាមបានតឿនលោកយេស៊ូឲ្យពិសាអាហារដែលពួកគេបានទិញមក។ ប៉ុន្តែ លោកបានតបឆ្លើយថា៖ «ខ្ញុំមានអាហារបរិភោគដែលអ្នករាល់គ្នាមិនស្គាល់ឡើយ»។ ពួកអ្នកកាន់តាមលោកបានឆ្ងល់ ហើយសួរគ្នាថា៖ «គ្មានអ្នកណាបានយកអ្វីជូនលោកពិសាទេ មែនទេ?»។ ដោយចិត្តសប្បុរស លោកយេស៊ូបានពន្យល់ពួកគាត់នូវអត្ថន័យនៃប្រសាសន៍របស់លោកថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ»។—យ៉ូហាន ៤:៣២-៣៤
កិច្ចការដែលលោកយេស៊ូមានប្រសាសន៍នេះ មិនមែនជាកិច្ចការច្រូតកាត់ដែលនឹងមានប្រហែលជាបួនខែនាពេលខាងមុខនោះទេ តែលោកយេស៊ូសំដៅទៅលើកិច្ចការច្រូតកាត់ក្នុងន័យធៀបវិញ។ ហេតុអ្វីយើងដឹងដូច្នេះ? ពីព្រោះលោកយេស៊ូមានប្រសាសន៍បន្តថា៖ «ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ។ អ្នកច្រូតកាត់កំពុងទទួលឈ្នួល និងប្រមូលផលសម្រាប់ជីវិតដែលគ្មានទីបញ្ចប់រួចហើយ ប្រយោជន៍ឲ្យអ្នកសាបព្រោះនិងអ្នកច្រូតកាត់អរសប្បាយជាមួយគ្នា»។—យ៉ូហាន ៤:៣៥, ៣៦
លោកយេស៊ូប្រហែលជាដឹងរួចហើយនូវលទ្ធផលដែលមកពីការផ្សព្វផ្សាយដល់ស្ត្រីជនជាតិសាម៉ារី។ មនុស្សជាច្រើននៅក្រុងស៊ីខាចាប់ផ្ដើមមានជំនឿលើលោកយេស៊ូ ដោយសារនាងបានធ្វើជាសាក្សីបញ្ជាក់ប្រាប់មនុស្សទាំងនោះថា៖ «លោកបានប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ»។ (យ៉ូហាន ៤:៣៩) ម្ល៉ោះហើយ ពេលពួកគេមកជួបលោកយេស៊ូនៅអណ្ដូងទឹក ពួកគេសុំឲ្យលោកស្នាក់នៅទីនោះ ហើយបង្រៀនពួកគេថែមទៀត។ ដូច្នេះ លោកយេស៊ូធ្វើតាមសំណូមពរពួកគេ ហើយបានស្នាក់នៅក្រុងសាម៉ារីអស់ពីរថ្ងៃ។
កាលដែលជនជាតិសាម៉ារីស្ដាប់លោកយេស៊ូបង្រៀន ពួកគេជាច្រើននាក់ទៀតបានជឿលើលោក។ ពួកគេប្រាប់ស្ត្រីនោះថា៖ «យើងមិនជឿដោយសារសម្ដីរបស់នាងទៀតទេ ព្រោះយើងបានឮដោយខ្លួនឯង ហើយយើងដឹងថាបុរសនេះប្រាកដជាអ្នកសង្គ្រោះពិភពលោក»។ (យ៉ូហាន ៤:៤២) ស្ត្រីជនជាតិសាម៉ារីនោះពិតជាគំរូដ៏ល្អស្តីអំពីរបៀបដែលយើងអាចផ្សព្វផ្សាយអំពីគ្រិស្ត ដោយលើកសំណួរដែលធ្វើឲ្យគេឆ្ងល់ ដើម្បីឲ្យអ្នកដែលស្ដាប់យើងចង់ដឹងព័ត៌មានថែមទៀត។
ឥឡូវប្រហែលជាខែវិច្ឆិកា ឬខែធ្នូ។ សូមចាំថានៅបួនខែទៀតទើបដល់រដូវច្រូតស្រូវ។ នៅតំបន់នោះគេច្រូតស្រូវនៅខែមីនា ឬខែមេសា។ នេះមានន័យថា ក្រោយពីបុណ្យរំលងនៅឆ្នាំ៣០គ.ស. លោកយេស៊ូនិងអ្នកកាន់តាមលោកបានចំណាយពេលនៅតំបន់យូឌាអស់៨ខែឬច្រើនជាង ដើម្បីបង្រៀននិងជ្រមុជទឹកឲ្យមនុស្ស។ ឥឡូវ ពួកគាត់ធ្វើដំណើរឆ្ពោះទៅទិសខាងជើងនៅតំបន់កាលីឡេដែលជាស្រុករបស់ពួកគាត់។ តើពួកគាត់នឹងធ្វើអ្វីនៅទីនោះ?