ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែវិច្ឆិកា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ២១:១៥, ១៧
លោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនពេត្រុស: លោកយេស៊ូមានប្រសាសន៍ទៅកាន់ពេត្រុសមិនយូរក្រោយពីពេត្រុសបានបដិសេធលោកអស់បីដង។ លោកយេស៊ូបានសួរសំណួរបីឲ្យជាក់ច្បាស់អំពីអារម្មណ៍របស់ពេត្រុសចំពោះលោក រហូតដល់«ពេត្រុសតាំងកើតទុក្ខក្នុងចិត្ត»។ (យ៉ូន. ២១:១៧) កំណត់ហេតុរបស់យ៉ូហាននៅយ៉ូន. ២១:១៥-១៧ ប្រើកិរិយាសព្ទភាសាក្រិចពីរផ្សេងគ្នាគឺអាហ្គាប៉េអូ (a·ga·paʹo) និងហ្វែលីអូ (phi·leʹo)។ កិរិយាសព្ទទាំងពីរនេះបានត្រូវបកប្រែជាភាសាខ្មែរថាស្រឡាញ់។ លោកយេស៊ូបានសួរពេត្រុសបីដងថា៖ ‹តើអ្នកស្រឡាញ់ខ្ញុំទេ?›។ រាល់បីដងនោះពេត្រុសបានបញ្ជាក់យ៉ាងស្មោះអស់ពីចិត្តថាគាត់ស្រឡាញ់លោកយេស៊ូ។ លោកយេស៊ូបានបញ្ជាក់ថាសេចក្ដីស្រឡាញ់ដែលពេត្រុសបញ្ជាក់រាល់ដងនោះ គួរតែជំរុញចិត្តពេត្រុសឲ្យផ្ដល់ចំណីនិង«ឃ្វាល»កូនចៀម ឬ«ចៀមតូចៗ»របស់លោក ពោលគឺអ្នកកាន់តាមលោកយេស៊ូ។ (យ៉ូន. ២១:១៦, ១៧; ១ពេ. ៥:១-៣) លោកយេស៊ូបានឲ្យពេត្រុសបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គាត់បីដង ហើយក្រោយមកលោកបានប្រគល់ភារកិច្ចថែរក្សាចៀមរបស់លោកដល់គាត់។ យ៉ាងនេះ លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថា លោកពិតជាបានអភ័យទោសឲ្យពេត្រុសចំពោះការដែលគាត់បានបដិសេធមិនទទួលស្គាល់លោកអស់បីដង។
តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?: តាមវេយ្យាករណ៍ ឃ្លា«ច្រើនជាងអ្វីៗទាំងនេះ»អាចមានអត្ថន័យច្រើនយ៉ាង។ បណ្ឌិតខ្លះបកស្រាយអត្ថន័យឃ្លានោះថា«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្នកស្រឡាញ់អ្នកកាន់តាមឯទៀតទាំងនេះទេ?» ឬ«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្នកកាន់តាមឯទៀតទាំងនេះស្រឡាញ់ខ្ញុំទេ?»។ ប៉ុន្តែ អត្ថន័យទំនងជា«តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?» ពោលគឺសំដៅលើត្រីដែលពួកគេទើបតែចាប់បាន ឬអ្វីដែលទាក់ទងនឹងមុខរបរនេសាទត្រី។ ដូច្នេះតាមមើលទៅគំនិតនៃខនេះគឺ: ‹តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងទ្រព្យសម្បត្ដិឬការស្វែងរកទ្រព្យសម្បត្ដិទេ? បើដូច្នេះ សូមឲ្យចំណីដល់កូនចៀមរបស់ខ្ញុំ›។ សំណួរនេះគឺសមត្រឹមត្រូវបើគិតអំពីប្រវត្ដិរបស់ពេត្រុស។ ទោះជាពេត្រុសគឺជាអ្នកកាន់តាមដំបូងម្នាក់របស់លោកយេស៊ូក្ដី (យ៉ូន. ១:៣៥-៤២) គាត់មិនបានតាមលោកយេស៊ូពេញពេលភ្លាមៗនោះទេ។ ផ្ទុយទៅវិញ គាត់បានត្រឡប់ទៅប្រកបមុខរបរនេសាទត្រីរបស់គាត់។ ប៉ុន្មានខែក្រោយមក លោកយេស៊ូបានហៅពេត្រុសឲ្យធ្វើជា«អ្នកនេសាទមនុស្ស»វិញ ហើយឲ្យគាត់ឈប់ប្រកបមុខរបរនេសាទត្រី។ (ម៉ាថ. ៤:១៨-២០; លូក. ៥:១-១១) ម្ដងទៀត មិនយូរក្រោយពីលោកយេស៊ូបានស្លាប់ ពេត្រុសបាននិយាយថាគាត់នឹងទៅនេសាទត្រី ហើយសាវ័កឯទៀតក៏ទៅជាមួយនឹងគាត់ដែរ។ (យ៉ូន. ២១:២, ៣) ដូច្នេះ តាមមើលទៅលោកយេស៊ូទំនងជាចង់ឲ្យពេត្រុសសម្រេចចិត្តឲ្យជាក់ច្បាស់ថា: តើគាត់នឹងចាត់ទុកមុខរបររបស់គាត់ជាអ្នកនេសាទត្រីថាជាអ្វីសំខាន់បំផុត ឬក៏តើគាត់នឹងចាត់ទុកការផ្ដល់ចំណីដល់កូនចៀមរបស់លោកយេស៊ូ ឬអ្នកកាន់តាមលោកថាសំខាន់បំផុត?—យ៉ូន. ២១:៤-៨
លើកទីបី: ពេត្រុសបានបដិសេធមិនទទួលស្គាល់លោកម្ចាស់របស់គាត់បីដង ឥឡូវលោកបានផ្ដល់ឱកាសឲ្យគាត់បីដងដើម្បីបញ្ជាក់អំពីអារម្មណ៍របស់គាត់។ កាលដែលពេត្រុសធ្វើដូច្នេះ លោកយេស៊ូបានប្រាប់គាត់ឲ្យបង្ហាញសេចក្ដីស្រឡាញ់នោះ ដោយចាត់ទុកកិច្ចបម្រើពិសិដ្ឋថាសំខាន់ជាងអ្វីៗទាំងអស់។ ពេត្រុសនិងបងប្រុសឯទៀតដែលជាអ្នកទទួលខុសត្រូវនឹងផ្ដល់ចំណី ពង្រឹងកម្លាំង និងឃ្វាលហ្វូងចៀមដែលជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត។ ពួកគេទាំងនេះគឺជាអ្នកដែលព្រះបានរើសតាំង ប៉ុន្តែពួកគេនៅតែត្រូវការសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។—លូក. ២២:៣២
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ២០:១៧
ឈប់តោងខ្ញុំ: កិរិយាសព្ទភាសាក្រិចនេះ (haʹpto·mai) អាចមានន័យថា«ពាល់»ឬ«តោង កាន់»។ អ្នកបកប្រែខ្លះបកប្រែពាក្យរបស់លោកយេស៊ូថា៖ «កុំពាល់ខ្ញុំ»។ ប៉ុន្តែ លោកយេស៊ូមិនមែនហាមមិនឲ្យម៉ារៀ ម៉ាក់ដាឡេនពាល់លោកនោះទេ ដោយសារពេលស្ត្រីឯទៀតបានឃើញលោកក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបាន«ឱបជើងលោក» នោះលោកមិនបានហាមពួកគេឡើយ។ (ម៉ាថ. ២៨:៩) តាមមើលទៅ ម៉ារៀ ម៉ាក់ដាឡេនខ្លាចថាលោកយេស៊ូជិតនឹងឡើងទៅឯស្ថានសួគ៌។ ដោយសារនាងពិតជាចង់នៅជាមួយនឹងម្ចាស់របស់នាង នោះនាងបានកាន់លោកយេស៊ូយ៉ាងជាប់ មិនឲ្យលោកទៅណាឡើយ។ ដើម្បីធ្វើឲ្យនាងប្រាកដថាលោកមិនទាន់ចាកចេញទេ នោះលោកយេស៊ូបានប្រាប់ម៉ារៀឲ្យឈប់តោងលោក តែឲ្យនាងទៅជួបអ្នកកាន់តាមឯទៀត ហើយប្រាប់អំពីការដែលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ២០:២៨
លោកម្ចាស់របស់ខ្ញុំនិងព្រះរបស់ខ្ញុំអើយ!: ដើម្បីយល់ឃ្លា«លោកម្ចាស់របស់ខ្ញុំនិងព្រះរបស់ខ្ញុំ» សូមពិចារណាបទគម្ពីរឯទៀត។ កំណត់ហេតុក្នុងគម្ពីរបង្ហាញថាលោកយេស៊ូបានផ្ដាំប្រាប់អ្នកកាន់តាមលោកថា៖ «ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំនិងបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំនិងព្រះរបស់អ្នករាល់គ្នា» ដូច្នេះគ្មានហេតុឲ្យជឿថាថូម៉ាស់បានគិតថាលោកយេស៊ូគឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ។ (យ៉ូន. ២០:១៧) ថូម៉ាស់បានឮលោកយេស៊ូអធិដ្ឋានទៅកាន់«បិតា»របស់លោកដោយហៅព្រះថា«ព្រះពិតតែមួយ»។ (យ៉ូន. ១៧:១-៣) ដូច្នេះថូម៉ាស់ប្រហែលជាបានហៅលោកយេស៊ូថា«ព្រះរបស់ខ្ញុំ»ដោយសារមូលហេតុដូចតទៅនេះ: គាត់បានចាត់ទុកលោកយេស៊ូជា«ព្រះមួយ» តែមិនមែនជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ។ (សូមមើលការពន្យល់បន្ថែមនៅ យ៉ូន. ១:១) ឬក៏គាត់ប្រហែលជាហៅលោកយេស៊ូស្រដៀងនឹងរបៀបដែលអ្នកបម្រើរបស់ព្រះបានហៅទេវតាដែលជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា ដូចដែលបានត្រូវកត់ទុកក្នុងបទគម្ពីរភាសាហេប្រឺ។ ថូម៉ាស់ស្គាល់កំណត់ហេតុផ្សេងៗដែលក្នុងនោះបុគ្គលខ្លះ ឬជួនកាលអ្នកសរសេរអំពីកំណត់ហេតុគម្ពីរ បានតបឆ្លើយឬនិយាយជាមួយនឹងទេវតាដែលជាអ្នកនាំពាក្យហាក់ដូចជាពួកគេកំពុងនិយាយជាមួយនឹងព្រះយេហូវ៉ា។ (សូមពិនិត្យបន្ថែមលោ. ១៦:៧-១១, ១៣; ១៨:១-៥, ២២-៣៣; ៣២:២៤-៣០; ចៅ. ៦:១១-១៥; ១៣:២០-២២) ហេតុនេះហើយ ថូម៉ាស់ប្រហែលជាបានហៅលោកយេស៊ូថា«ព្រះរបស់ខ្ញុំ»ក្នុងន័យថាគាត់ទទួលស្គាល់លោកយេស៊ូថាជាអ្នកតំណាងនិងអ្នកនាំពាក្យរបស់ព្រះពិត។
ថ្ងៃទី១២-១៨ ខែវិច្ឆិកា
w៨៦-E ១/១២ ទំ. ២៩ វ. ៤-៥, ៧
វិភាគទានដែលធ្វើឲ្យចិត្តរីករាយ
នៅថ្ងៃដំបូងនៃការចាប់ផ្ដើមនៃក្រុមជំនុំគ្រិស្តសាសនិកនាឆ្នាំ៣៣ គ.ស. អ្នកដែលទើបតែទទួលការជ្រមុជទឹកថ្មី៣.០០០នាក់‹បានចែកអ្វីៗទាំងអស់ជាមួយគ្នា ហើយបរិភោគជាមួយគ្នា ព្រមទាំងបានអធិដ្ឋាន›។ ហេតុអ្វី? ដើម្បីពួកគេអាចពង្រឹងជំនឿដោយ«បន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក»។—សកម្ម. ២:៤១, ៤២
ជនជាតិយូដានិងអ្នកដូរសាសនាបានមកក្រុងយេរូសាឡិម ហើយមានគម្រោងស្នាក់នៅតែក្នុងអំឡុងពេលបុណ្យថ្ងៃទី៥០ប៉ុណ្ណោះ។ ប៉ុន្តែ ពួកអ្នកដែលបានទៅជាគ្រិស្តសាសនិកចង់ស្នាក់នៅយូរជាង ហើយរៀនថែមទៀតដើម្បីពង្រឹងជំនឿរបស់ពួកគេ។ នេះនាំឲ្យត្រូវការអាហារនិងកន្លែងស្នាក់នៅជាបន្ទាន់។ អ្នកខ្លះដែលមកក្រុងយេរូសាឡិមមិនមានប្រាក់គ្រប់គ្រាន់ទេ តែអ្នកខ្លះទៀតមានច្រើនលើសលប់។ ដូច្នេះ ជាបណ្ដោះអាសន្ន មានការប្រមូលប្រាក់ដាក់បញ្ចូលគ្នា ព្រមទាំងមានការចែកដល់អ្នកដែលត្រូវការជំនួយ។—សកម្ម. ២:៤៣-៤៧
ការលក់ដីនិងការចែកអ្វីៗទាំងអស់ជាមួយគ្នាគឺធ្វើដោយស្ម័គ្រចិត្ត។ គ្មានអ្នកណាមានកាតព្វកិច្ចលក់ឬធ្វើវិភាគទានទេ ហើយក៏មិនតម្រូវឲ្យពួកគេធ្លាក់ខ្លួនក្រនោះដែរ។ នេះមិនមានន័យថាគ្រិស្តសាសនិកដែលជាអ្នកមានលក់អ្វីៗទាំងអស់ ហើយទៅជាអ្នកក្រទេ។ ផ្ទុយទៅវិញ ដោយសារពួកគេមានចិត្តអាណិតមេត្ដាចំពោះបងប្អូនរួមជំនឿក្នុងស្ថានភាពនៅពេលនោះ ពួកគេបានលក់ដី ហើយធ្វើជាវិភាគទានដើម្បីគាំទ្រកិច្ចការរាជាណាចក្រ។—សូមពិនិត្យបន្ថែម ២កូ. ៨:១២-១៥
it-2-E ទំ. ៦១ វ. ១
លោកយេស៊ូគ្រិស្ត
«មេដឹកនាំដែលផ្ដល់ជីវិត»។ លោកយេស៊ូគ្រិស្តបានលះបង់ជីវិតល្អឥតខ្ចោះរបស់លោកជាថ្លៃលោះ នេះបង្ហាញអំពីគុណដ៏វិសេសលើសលប់របស់បិតាលោក។ នេះបើកឱកាសឲ្យអ្នកកាន់តាមគ្រិស្តដែលបានត្រូវរើសតាំងអាចគ្រប់គ្រងជាមួយនឹងលោកនៅស្ថានសួគ៌ ហើយក៏បើកឱកាសឲ្យមានការរៀបចំសម្រាប់ពលរដ្ឋនៅផែនដីក្រោមការគ្រប់គ្រងរបស់លោក។ (ម៉ាថ. ៦:១០; យ៉ូន. ៣:១៦; អេភ. ១:៧; ហេ. ២:៥) ហេតុនេះ លោកបានទៅជា«មេដឹកនាំដែលផ្ដល់ជីវិត»សម្រាប់មនុស្សជាតិទាំងអស់។ (សកម្ម. ៣:១៥) ភាសាក្រិចដែលបានត្រូវប្រើនៅទីនេះមានន័យថា«មេដឹកនាំ»។ ពាក្យនេះជាប់ទាក់ទងនឹងពាក្យដែលបានត្រូវប្រើពេលសំដៅលើម៉ូសេដែលជា«អ្នកគ្រប់គ្រង»ក្នុងស្រុកអ៊ីស្រាអែល។
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
it-1-E ទំ. ១២៩ វ. ២-៣
តើអ្នកណាបានជំនួសយូដាសអ៊ីស្ការីយ៉ុតជាសាវ័កទី១២?
យូដាសអ៊ីស្ការីយ៉ុតបានបោះបង់ឯកសិទ្ធិរបស់គាត់ ហើយបានស្លាប់ក្នុងនាមជាមនុស្សដែលមិនស្មោះត្រង់។ ដូច្នេះ នៅសល់តែសាវ័ក១១នាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេល៤០ថ្ងៃចាប់ពីពេលដែលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញរហូតដល់ពេលដែលលោកបានឡើងទៅឯស្ថានសួគ៌ លោកមិនបានតែងតាំងអ្នកណាជំនួសទេ។ ក្នុងរយៈពេល១០ថ្ងៃរវាងពេលដែលលោកឡើងទៅឯស្ថានសួគ៌និងបុណ្យថ្ងៃទី៥០ មានពេលមួយដែលគេគិតថាគឺចាំបាច់ឲ្យមានម្នាក់ទៀតជំនួសយូដាស។ នេះមិនគ្រាន់តែដោយសារយូដាសបានស្លាប់នោះទេ តែដោយសារយូដាសបានបោះបង់ឯកសិទ្ធិ ហើយទៅជាអាក្រក់ ដូចអ្វីដែលពេត្រុសបានដកស្រង់ក្នុងបទគម្ពីរ។ (សកម្ម. ១:១៥-២២; ទំនុក. ៦៩:២៥; ១០៩:៨; សូមពិនិត្យបន្ថែម បប. ៣:១១) ផ្ទុយទៅវិញ ពេលសាវ័កយ៉ាកុបដែលស្មោះត្រង់បានត្រូវគេសម្លាប់ គ្មានកំណត់ហេតុដែលប្រាប់ថាត្រូវមានបុគ្គលណាម្នាក់ជំនួសគាត់ជាសាវ័កឡើយ។—សកម្ម. ១២:២
តាមរយៈអ្វីដែលពេត្រុសបាននិយាយ បុគ្គលដែលបំពេញមុខងារជាសាវ័ករបស់លោកយេស៊ូគ្រិស្តត្រូវបំពេញតម្រូវការមួយចំនួនដើម្បីមានគុណសម្បត្ដិគ្រប់គ្រាន់។ តម្រូវការទាំងនោះគឺធ្លាប់ប្រាស្រ័យទាក់ទងជាមួយលោកយេស៊ូ ថែមទាំងជាសាក្សីអំពីកិច្ចការនិងអព្ភូតហេតុរបស់លោក ជាពិសេសការដែលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ តម្រូវការទាំងនោះគឺគ្មានអ្នកណាអាចបំពេញបានទេនៅពេលក្រោយៗមក លុះត្រាតែព្រះយេហូវ៉ាជួយបុគ្គលនោះឲ្យបំពេញតម្រូវការដើម្បីអាចមានគុណសម្បត្ដិគ្រប់គ្រាន់។ នៅមុនពេលបុណ្យថ្ងៃទី៥០ មានបុរសខ្លះដែលអាចបំពេញតម្រូវការទាំងនោះ ហើយបុរសពីរនាក់បានត្រូវលើកឈ្មោះដែលសាកសមនឹងជំនួសយូដាសដែលមិនស្មោះត្រង់។ ដោយគិតអំពីសុភាសិត ១៦:៣៣ ពួកគេបានចាប់ឆ្នោត ហើយម៉ាធាសបានត្រូវជ្រើសរើស ក្រោយមក«គាត់បានត្រូវរាប់ជាមួយនឹងសាវ័កដប់មួយនាក់ទៀត»។ (សកម្ម. ១:២៣-២៦) ដូច្នេះ គាត់បានត្រូវរួមបញ្ចូលក្នុង«សាវ័កទាំងដប់ពីរនាក់»ដែលបានដោះស្រាយបញ្ហាស្តីអំពីពួកអ្នកកាន់តាមដែលនិយាយភាសាក្រិច (សកម្ម. ៦:១, ២) ហើយនៅ១កូ. ១៥:៤-៨ ពេលប៉ូលនិយាយអំពីការលេចមកជួបរបស់លោកយេស៊ូក្នុងអំឡុងពេលដែលលោករស់ឡើងវិញ ប៉ូលរួមបញ្ចូលម៉ាធាសពេលសំដៅលើ«សាវ័កទាំងដប់ពីរនាក់»។ ដូច្នេះ ពេលបុណ្យថ្ងៃទី៥០មកដល់ មានសាវ័ក១២នាក់ដែលបានធ្វើជាគ្រឹះសម្រាប់អ៊ីស្រាអែលនៃព្រះ។
ថ្ងៃទី១៩-២៥ ខែវិច្ឆិកា
w០៨-E ១/៩ ទំ. ១៥, ប្រអប់
ពាក្យសម្ដីទៅជាគម្ពីរបរិសុទ្ធ សំណេរនិងគ្រិស្តសាសនិកសម័យដើម
តើពួកសាវ័កមិនបានរៀនសូត្រឬ?
ពេលពួកអ្នកគ្រប់គ្រងនិងពួកបុរសចាស់ទុំក្នុងក្រុងយេរូសាឡិម«ឃើញថាពេត្រុសនិងយ៉ូហាននិយាយដោយសេចក្ដីក្លាហានដូច្នេះ ក៏យល់ឃើញថាពួកគាត់មិនបានរៀនសូត្រ នោះពួកគេតាំងឆ្ងល់»។ (សកម្ម. ៤:១៣) តើពួកសាវ័កពិតជាមិនបានរៀនសូត្រមែនឬ? ស្តីអំពីការបញ្ជាក់នេះ សៀវភៅមួយរៀបរាប់ថា«ពាក្យទាំងនេះមិនមែនមានន័យត្រង់ថាពេត្រុស[និងយ៉ូហាន]មិនបានរៀនសូត្រ និងមិនចេះសរសេរឬអានទេ។ ពួកគេគ្រាន់តែទទួលស្គាល់ថាពួកសាវ័កមានឋានៈខុសគ្នាឆ្ងាយពីពួកអ្នកដែលវិនិច្ឆ័យ»។ (The New Interpreter’s Bible)
it-1-E ទំ. ១២៨ វ. ៣
សាវ័ក
សកម្មភាពក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ពេលព្រះបានចាក់សកម្មពលរបស់លោកលើពួកសាវ័កនៅបុណ្យថ្ងៃទី៥០ នោះបានពង្រឹងកម្លាំងចិត្តរបស់ពួកគេជាខ្លាំង។ ជំពូកប្រាំដំបូងនៃសៀវភៅសកម្មភាពរបស់ពួកសាវ័កបញ្ជាក់អំពីភាពអង់អាចនិងចិត្តក្លាហានរបស់ពួកសាវ័កក្នុងការប្រកាសអំពីដំណឹងល្អនិងការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ ទោះជាពួកគេត្រូវជាប់គុក ត្រូវគេវាយនិងត្រូវពួកអ្នកគ្រប់គ្រងរបស់ពួកគេគំរាមសម្លាប់ពួកគេក្ដី។ ក្នុងអំឡុងថ្ងៃបន្ទាប់ពីបុណ្យថ្ងៃទី៥០ ការដឹកនាំដោយខ្នះខ្នែងរបស់ពួកសាវ័កក្រោមឥទ្ធិពលនៃសកម្មពលបរិសុទ្ធ បានធ្វើឲ្យក្រុមជំនុំគ្រិស្តសាសនិករីកចម្រើនយ៉ាងលឿន។ (សកម្ម. ២:៤១; ៤:៤) ដំបូងពួកគេផ្ចង់អារម្មណ៍ចំពោះកិច្ចបម្រើផ្សាយនៅក្រុងយេរូសាឡិម ក្រោយមកពង្រីកដល់ស្រុកសាម៉ារី និងក្រោយមកទៀតនៅស្រុកឯទៀតនៅសម័យនោះ។—សកម្ម. ៥:៤២; ៦:៧; ៨:៥-១៧, ២៥; ១:៨
it-1-E ទំ. ៥១៤ វ. ៤
ថ្មជ្រុង
ទំនុកតម្កើង ១១៨:២២ប្រាប់ថាថ្មដែលអ្នកសាងសង់មិនព្រមយក នឹងទៅជា«ថ្មជ្រុងយ៉ាងឯក»។ លោកយេស៊ូបានដកស្រង់ទំនាយនេះ ហើយថាសំដៅលើលោកផ្ទាល់ជា«ថ្មជ្រុងដែលនៅលើថ្មជ្រុងទាំងអស់»។ (ម៉ាថ. ២១:៤២; ម៉ាក. ១២:១០, ១១; លូក. ២០:១៧) ដូចថ្មដែលនៅលើគេបំផុតនៃអគារលេចធ្លោជាងថ្មឯទៀត ដូច្នេះលោកយេស៊ូគ្រិស្តគឺជាថ្មសំខាន់ជាងគេបំផុតក្នុងក្រុមជំនុំរបស់គ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលបានត្រូវប្រៀបប្រដូចជាវិហាររបស់ព្រះ។ ពេត្រុសក៏បានប្រាប់ថាទំនុកតម្កើង ១១៨:២២សំដៅលើគ្រិស្តផងដែរ បង្ហាញថាលោកគឺជា«ថ្ម»ដែលអ្នកសាងសង់មិនព្រមយក តែព្រះបានជ្រើសរើសឲ្យក្លាយទៅជា«ថ្មជ្រុងយ៉ាងឯក»។—សកម្ម. ៤:៨-១២; សូមមើលផងដែរ ១ពេ. ២:៤-៧
ថ្ងៃទី២៦ ខែវិច្ឆិកា–ថ្ងៃទី២ ខែធ្នូ
bt-E ទំ. ៤១ វ. ១៧
«យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង»
១៧ ក្រុមជំនុំថ្មីឥឡូវកំពុងប្រឈមមុខនឹងបញ្ហាក្នុងក្រុមជំនុំ។ តើបញ្ហានោះជាអ្វីទៅ? អ្នកកាន់តាមគ្រិស្តជាច្រើននាក់ដែលបានទទួលការជ្រមុជទឹក គឺជាអ្នកទៅក្រុងយេរូសាឡិម ហើយចង់រៀនថែមទៀតមុនត្រឡប់មកស្រុកកំណើតវិញ។ អ្នកកាន់តាមដែលរស់នៅក្រុងយេរូសាឡិមស្ម័គ្រចិត្តធ្វើវិភាគទានដើម្បីបំពេញសេចក្ដីត្រូវការខាងអាហារនិងអ្វីផ្សេងទៀត។ (សកម្ម. ២:៤៤-៤៦; ៤:៣៤-៣៧) នៅពេលនោះ មានស្ថានភាពមួយបានកើតឡើង។ «រាល់ថ្ងៃ ពេលធ្វើការចែកចាយអាហារ» ពួកស្ត្រីមេម៉ាយដែលនិយាយភាសាក្រិចមិនបានត្រូវគេយកចិត្តទុកដាក់ទេ។ (សកម្ម. ៦:១) ប៉ុន្តែ ពួកស្ត្រីមេម៉ាយដែលនិយាយភាសាហេប្រឺបានត្រូវគេយកចិត្តទុកដាក់។ ដូច្នេះ តាមមើលទៅបញ្ហានេះមកពីការរើសអើង។ បញ្ហាបែបនេះអាចស្រួលធ្វើឲ្យលែងមានសាមគ្គីភាពជាងបញ្ហាណាផ្សេងទៀត។
bt-E ទំ. ៤២ វ. ១៨
«យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង»
១៨ ពួកសាវ័កដែលធ្វើជាគណៈអភិបាលនៃក្រុមជំនុំ ទទួលស្គាល់ថា គឺមិនមែនជាការឈ្លាសវៃទេដែលពួកគេ«ឈប់បង្រៀនបណ្ដាំរបស់ព្រះ ហើយទៅបម្រើនៅតុ»។ (សកម្ម. ៦:២) ដើម្បីដោះស្រាយបញ្ហា ពួកគេបានឲ្យការណែនាំដល់ពួកអ្នកកាន់តាមឲ្យស្វែងរកបុរស៧នាក់«ដែលពោរពេញទៅដោយប្រាជ្ញានិងសកម្មពលរបស់ព្រះ» ហើយជាអ្នកដែលពួកសាវ័កអាចតែងតាំងឲ្យមើលការខុសត្រូវលើ«កិច្ចការដ៏ចាំបាច់»នេះ។ (សកម្ម. ៦:៣) ដោយសារកិច្ចការនោះទំនងជាមិនគ្រាន់តែរួមបញ្ចូលការផ្ដល់អាហារប៉ុណ្ណោះ តែក៏ទាក់ទងនឹងការចាត់ចែងលុយកាក់ ទិញអ្វីផ្សេងៗ និងកត់ទុកថ្លៃចំណាយផ្សេងៗដែរ ដូច្នេះគឺត្រូវការបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់។ បុរសដែលបានត្រូវជ្រើសរើសទាំងអស់មានឈ្មោះជាភាសាក្រិច នេះប្រហែលជាធ្វើឲ្យស្ត្រីមេម៉ាយដែលទើសចិត្តស្រួលទទួលយកពួកគេជាង។ ក្រោយពួកសាវ័កបានអធិដ្ឋានអំពីយោបល់ដែលពួកគេបានទទួល ពួកគេបានតែងតាំងបុរស៧នាក់ឲ្យមើលការខុសត្រូវលើ«កិច្ចការដ៏ចាំបាច់»នេះ។
bt-E ទំ. ៤៥ វ. ២
ស្ទេផាន«ពោរពេញទៅដោយគុណដ៏វិសេសលើសលប់និងឫទ្ធានុភាព»
២ មានអ្វីដ៏គួរឲ្យកត់សម្គាល់អំពីទឹកមុខរបស់ស្ទេផាន។ ចៅក្រមបានសម្លឹងមើលគាត់ ហើយឃើញថាមុខគាត់គឺ«ដូចមុខទេវតា»។ (សកម្ម. ៦:១៥) ទេវតានាំដំណឹងពីព្រះយេហូវ៉ា ដូច្នេះពួកគេមានចិត្តក្លាហាន ចិត្តស្ងប់ និងសេចក្ដីសុខសាន្ត។ ស្ទេផានក៏ដូចគ្នាដែរ សូម្បីតែពួកចៅក្រមដែលស្អប់គាត់ក៏អាចឃើញដូច្នេះ។ តើគាត់អាចមានចិត្តស្ងប់ដូចនេះយ៉ាងដូចម្ដេចបាន?
bt-E ទំ. ៥៨ វ. ១៦
ការប្រកាស«ដំណឹងល្អអំពីលោកយេស៊ូ»
១៦ សព្វថ្ងៃនេះ គ្រិស្តសាសនិកមានឯកសិទ្ធិធ្វើកិច្ចការដូចភីលីពបានធ្វើដែរ។ ជាច្រើនដង ពួកគេអាចផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដល់អ្នកដែលពួកគេជួបក្រៅផ្លូវការ ដូចជាពេលធ្វើដំណើរជាដើម។ ក្នុងករណីជាច្រើន ពេលពួកគេជួបមនុស្សដែលមានចិត្តស្មោះ នោះមិនមែនជាការចៃដន្យទេ។ ពីព្រោះគម្ពីរប្រាប់យ៉ាងច្បាស់ថាទេវតាកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយដើម្បីឲ្យដំណឹងឮដល់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍»។ (បប. ១៤:៦) ការដឹកនាំពីទេវតាក្នុងកិច្ចការផ្សព្វផ្សាយគឺជាអ្វីដែលលោកយេស៊ូបានប្រកាសទុកជាមុន។ ក្នុងឧទាហរណ៍របស់លោកអំពីស្រូវសាលីនិងស្រងែ លោកយេស៊ូបានមានប្រសាសន៍ថាក្នុងអំឡុងពេលច្រូតកាត់ ពោលគឺទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ «បណ្ដាទេវតាគឺជាអ្នកច្រូត»។ លោកបានបន្ថែមទៀតថាបុគ្គលវិញ្ញាណទាំងនេះនឹង«ដកចេញពីរាជាណាចក្ររបស់លោក នូវអ្វីៗទាំងអស់ដែលនាំឲ្យជំពប់ដួល ព្រមទាំងមនុស្សទាំងអស់ដែលប្រព្រឹត្តប្រឆាំងច្បាប់»។ (ម៉ាថ. ១៣:៣៧-៤១) នៅដំណាលគ្នានោះ ទេវតានឹងប្រមូលអ្នកដែលមានឱកាសទទួលមត៌កជារាជាណាចក្រនៅស្ថានសួគ៌ ហើយក្រោយមកប្រមូល«មនុស្សមួយក្រុមធំ»ឬ«ចៀមឯទៀត»។ ពួកគេគឺជាអ្នកដែលព្រះយេហូវ៉ាចង់ទាញនាំឲ្យចូលក្នុងអង្គការរបស់លោក។—បប. ៧:៩; យ៉ូន. ៦:៤៤, ៦៥; ១០:១៦