ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែមករា
bt-E ទំ. ១៧៧-១៧៨ វ. ១៥-១៦
«សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
១៥ ពេលប៉ូលកំពុងស្នាក់នៅជាមួយភីលីព នោះអាហ្គាប៊ូសបានមកដល់។ មនុស្សនៅផ្ទះរបស់ភីលីពដឹងថាអាហ្គាប៊ូសជាអ្នកប្រកាសទំនាយ គាត់បានប្រកាសទុកជាមុនអំពីការអត់ឃ្លានយ៉ាងខ្លាំងក្នុងអំឡុងសម័យដែលក្លូឌាសជាអ្នកគ្រប់គ្រង។ (សកម្ម. ១១:២៧, ២៨) ពួកគេប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីអាហ្គាប៊ូសមក? តើគាត់មានដំណឹងអ្វី?› កាលដែលពួកគេមើលគាត់ នោះអាហ្គាប៊ូសបានយកខ្សែក្រវាត់របស់ប៉ូលមកចងដៃនិងជើងខ្លួន។ រួចគាត់និយាយថា៖ «សកម្មពលបរិសុទ្ធចែងដូច្នេះថា៖ ‹បុរសដែលជាម្ចាស់ខ្សែក្រវាត់នេះ នឹងត្រូវជនជាតិយូដាចងយ៉ាងនេះនៅក្រុងយេរូសាឡិម រួចប្រគល់ទៅក្នុងកណ្ដាប់ដៃជនជាតិដទៃ›»។—សកម្ម. ២១:១១
១៦ ទំនាយនោះបានបញ្ជាក់ថាប៉ូលនឹងទៅក្រុងយេរូសាឡិម។ ទំនាយនោះក៏បញ្ជាក់ដែរថាគាត់នឹងត្រូវប្រគល់«ទៅក្នុងកណ្ដាប់ដៃជនជាតិដទៃ»។ ទំនាយនោះមានឥទ្ធិពលយ៉ាងខ្លាំងលើពួកអ្នកដែលនៅទីនោះ។ លូកាសរសេរថា៖ «ឮដូច្នេះ យើងនិងពួកអ្នកដែលនៅទីនោះចាប់ផ្ដើមអង្វរសុំប៉ូល កុំឲ្យឡើងទៅក្រុងយេរូសាឡិម។ ប៉ូលតបថា៖ ‹ហេតុអ្វីអ្នករាល់គ្នាយំហើយធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានត្រៀមខ្លួនរួចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ តែក៏សុខចិត្តស្លាប់នៅក្រុងយេរូសាឡិមដើម្បីនាមលោកម្ចាស់យេស៊ូ›»។—សកម្ម. ២១:១២, ១៣
bt-E ទំ. ១៧៨ វ. ១៧
«សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
១៧ សូមស្រមៃគិតអំពីអ្វីដែលកំពុងកើតឡើង។ បងប្អូន រួមទាំងលូកាអង្វរប៉ូលកុំឲ្យទៅ។ អ្នកខ្លះថែមទាំងយំទៀតផង។ ការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញ ធ្វើឲ្យប៉ូលរំជួលចិត្ត ហើយគាត់និយាយថាពួកគេកំពុងធ្វើឲ្យគាត់«ពិបាកចិត្ត»។ ប៉ុន្តែ ការសម្រេចចិត្តរបស់គាត់នៅដដែល គឺគាត់នឹងមិនឲ្យការអង្វរ ឬការយំធ្វើឲ្យគាត់ផ្លាស់ប្ដូរចិត្តឡើយ។ ផ្ទុយទៅវិញ គាត់ពន្យល់ពួកគេអំពីមូលហេតុដែលគាត់ត្រូវទៅ។ ប៉ូលបានប្ដេជ្ញាចិត្តនិងបង្ហាញចិត្តក្លាហាន! ដូចលោកយេស៊ូ ប៉ូលបានប្ដេជ្ញាចិត្តទៅក្រុងយេរូសាឡិម។ (ហេ. ១២:២) ប៉ូលមិនមែនចង់ស្លាប់ទេ ប៉ុន្តែបើនោះកើតឡើង គាត់នឹងចាត់ទុកថាជាកិត្ដិយសមួយដែលបានស្លាប់ក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។
bt-E ទំ. ១៧៨ វ. ១៨
«សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
១៨ តើបងប្អូនបានប្រព្រឹត្តយ៉ាងណា? ពួកគេបានបង្ហាញការគោរព។ គម្ពីរចែងថា៖ «ពេលយើងឃើញថាមិនអាចឃាត់គាត់បាន នោះយើងយល់ព្រមដោយនិយាយថា៖ ‹សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច›»។ (សកម្ម. ២១:១៤) អ្នកដែលខំឃាត់ប៉ូលកុំឲ្យទៅក្រុងយេរូសាឡិមមិនបានបង្ខំគាត់ឲ្យធ្វើតាមចិត្តពួកគេទេ។ ពួកគេបានស្ដាប់ប៉ូលនិងទទួលស្គាល់ថាជាគោលបំណងរបស់ព្រះ ទោះជាការធ្វើដូច្នោះគឺពិបាកចំពោះពួកគេក្ដី។ ប៉ូលបានចាប់ផ្ដើមបំពេញភារកិច្ចដែលនឹងនាំឲ្យគាត់ស្លាប់។ គឺស្រួលឲ្យប៉ូលបំពេញភារកិច្ចជាង បើអ្នកដែលស្រឡាញ់គាត់មិនខំឃាត់គាត់ឲ្យធ្វើដូច្នោះទេ។
bt-E ទំ. ១៨៤-១៨៥ វ. ១០-១២
«សូមស្ដាប់ខ្ញុំពន្យល់សិន»
១០ ប៉ូលបង្ហាញការយោគយល់ចំពោះអ្នកដែលធ្វើតាមទំនៀមទម្លាប់ខ្លះរបស់ជនជាតិយូដា ដូចជាមិនធ្វើការនៅថ្ងៃឈប់សម្រាក ឬតមអាហារខ្លះជាដើម។ (រ៉ូម ១៤:១-៦) ម្យ៉ាងទៀត គាត់មិនបានបង្កើតច្បាប់អំពីការកាត់ចុងស្បែកទេ។ ប៉ូលថែមទាំងបានយកធីម៉ូថេទៅកាត់ចុងស្បែកដើម្បីឲ្យជនជាតិយូដាមិនសង្ស័យធីម៉ូថេដែលមានឪពុកជាជនជាតិក្រិច។ (សកម្ម. ១៦:៣) ការកាត់ចុងស្បែកគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅខេត្តកាឡាទីថា៖ «ការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺជំនឿដែលផុសចេញពីសេចក្ដីស្រឡាញ់»។ (កាឡ. ៥:៦) ប៉ុន្តែ ការកាត់ចុងស្បែកដើម្បីធ្វើតាមច្បាប់របស់ម៉ូសេ ឬការនិយាយថាការកាត់ចុងស្បែកគឺចាំបាច់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា នោះបង្ហាញថាគ្មានជំនឿទេ។
១១ ទោះជាពាក្យចចាមអារ៉ាមអំពីប៉ូលគឺមិនពិតក្ដី អ្នកជឿដែលជាជនជាតិយូដានៅតែឆ្ងល់អំពីរឿងនេះ។ ដោយហេតុនេះហើយ អ្នកចាស់ទុំបានផ្ដល់ការណែនាំនេះដល់ប៉ូលថា៖ «យើងមានបុរសបួននាក់ដែលជាប់សម្បថ។ ចូរយកបុរសទាំងនេះទៅជាមួយនឹងអ្នក ហើយសម្អាតខ្លួនឲ្យបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ ព្រមទាំងចេញថ្លៃឲ្យពួកគេកោរសក់ផង។ យ៉ាងនេះ មនុស្សទាំងអស់នឹងដឹងថាពាក្យចចាមអារ៉ាមដែលពួកគេបានឮអំពីអ្នកគឺមិនពិតទេ តែនឹងដឹងថាអ្នកប្រព្រឹត្តអំពើល្អ ដោយកាន់តាមច្បាប់ដែរ»។—សកម្ម. ២១:២៣, ២៤
១២ ប៉ូលអាចជំទាស់ ហើយនិយាយថាបញ្ហានោះគឺដោយសារអ្នកជឿដែលជាជនជាតិយូដាទាំងនោះធ្វើតាមច្បាប់ម៉ូសេដោយចិត្តខ្នះខ្នែង។ ប៉ុន្តែ ប៉ូលចេះប្រែប្រួលទៅតាមកាលៈទេសៈ ដរាបណាគាត់មិនធ្វើខុសពីគោលការណ៍របស់ព្រះ។ មុននោះគាត់បានសរសេរថា៖ «ចំពោះអ្នកដែលនៅក្រោមច្បាប់ ខ្ញុំបានធ្វើដូចអ្នកនៅក្រោមច្បាប់ ទោះជាខ្ញុំមិននៅក្រោមច្បាប់ក៏ដោយ ដើម្បីខ្ញុំអាចបានអ្នកដែលនៅក្រោមច្បាប់»។ (១កូ. ៩:២០) ក្នុងករណីនេះ ប៉ូលបានសហការជាមួយនឹងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិម ហើយគាត់បានធ្វើ«ដូចអ្នកនៅក្រោមច្បាប់»។ ដោយធ្វើដូច្នេះ គាត់បានទុកគំរូល្អសម្រាប់យើងនៅសព្វថ្ងៃនេះក្នុងការសហការជាមួយនឹងពួកអ្នកចាស់ទុំ ហើយមិនទាមទារឲ្យអ្នកឯទៀតធ្វើតាមយោបល់របស់យើងឡើយ។—ហេ. ១៣:១៧
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២២:១៦
លាងការខុសឆ្គងរបស់អ្នកដោយហៅរកនាមរបស់លោក: ឬ«លាងការខុសឆ្គងរបស់អ្នក និងហៅរកនាមរបស់លោក»។ បុគ្គលម្នាក់នឹងត្រូវលាងការខុសឆ្គងរបស់គាត់ មិនមែនដោយទឹកដែលប្រើដើម្បីជ្រមុជទឹកទេ ប៉ុន្តែដោយហៅរកនាមរបស់លោកយេស៊ូ។ ការធ្វើដូច្នេះមានន័យថាពួកគេមានជំនឿទៅលើលោកយេស៊ូ ហើយបង្ហាញជំនឿនោះតាមរយៈការប្រព្រឹត្តរបស់គ្រិស្តសាសនិក។—សកម្ម. ១០:៤៣; យ៉ា. ២:១៤, ១៨
bt-E ទំ. ១៧៨ វ. ១៩
«សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
១៩ យើងទាញមេរៀនដ៏មានប្រយោជន៍ពីអ្វីដែលបានកើតឡើងចំពោះប៉ូល។ យើងរៀនថាយើងមិនចង់ព្យាយាមឃាត់អ្នកឯទៀតមិនឲ្យលះបង់ប្រយោជន៍ខ្លួនដើម្បីបម្រើព្រះឡើយ។ យើងអាចធ្វើតាមមេរៀននេះក្នុងស្ថានភាពជាច្រើន មិនគ្រាន់តែក្នុងស្ថានភាពដែលនាំឲ្យស្លាប់ទេ។ ជាឧទាហរណ៍ ឪពុកម្ដាយជាច្រើនដែលជាគ្រិស្តសាសនិកពិបាកទ្រាំឃើញកូនរបស់ពួកគាត់ចាកចេញពីផ្ទះដើម្បីបំពេញភារកិច្ចឲ្យព្រះយេហូវ៉ានៅកន្លែងឆ្ងាយៗ តែពួកគាត់តាំងចិត្តមិនបំបាក់ទឹកចិត្តកូនឡើយ។ បងស្រីភីលីសដែលរស់នៅប្រទេសអង់គ្លេស នឹកចាំអារម្មណ៍គាត់ពេលកូនស្រីតែមួយរបស់គាត់ទៅបម្រើជាសាសនទូតនៅទ្វីបអាហ្វ្រិក។ បងភីលីសបាននិយាយថា៖ «ពេលនោះជាពេលដ៏តានតឹងចិត្តណាស់។ ខ្ញុំមិនស្រួលក្នុងចិត្តសោះពេលដឹងថាកូនស្រីនឹងទៅឆ្ងាយពីខ្ញុំ។ ខ្ញុំពិបាកចិត្ត តែដំណាលគ្នាខ្ញុំក៏មានមោទនភាពចំពោះនាងដែរ។ ខ្ញុំបានអធិដ្ឋានច្រើនអំពីរឿងនេះ។ ក៏ប៉ុន្តែនេះជាការសម្រេចចិត្តរបស់នាង ហើយខ្ញុំមិនដែលព្យាយាមឃាត់នាងមិនឲ្យធ្វើឡើយ។ តាមពិត ខ្ញុំតែងតែបង្រៀននាងឲ្យចាត់ទុករាជាណាចក្រព្រះថាសំខាន់បំផុត។ នាងបានបម្រើនៅប្រទេសក្រៅអស់រយៈពេល៣០ឆ្នាំមកហើយ ខ្ញុំអរគុណព្រះយេហូវ៉ារាល់ថ្ងៃចំពោះចិត្តស្មោះត្រង់របស់នាង»។ ពេលយើងលើកទឹកចិត្តបងប្អូនរួមជំនឿដែលលះបង់ប្រយោជន៍ខ្លួន នោះគឺជាការល្អយ៉ាងណាទៅ!
ថ្ងៃទី១៤-២០ ខែមករា
bt-E ទំ. ១៩១ វ. ៥-៦
«ចូរមានចិត្តក្លាហានឡើង»
៥ ប៉ូលបានទទួលការលើកទឹកចិត្តនៅចំពេល។ តែនៅថ្ងៃបន្ទាប់នោះ បុរសជនជាតិយូដាជាង៤០នាក់«បានឃុបឃិតគ្នា ក៏ស្បថឲ្យត្រូវបណ្ដាសា ដោយនិយាយថា ពួកគេនឹងមិនបរិភោគឬផឹកអ្វីទេ ទាល់តែបានសម្លាប់ប៉ូល»។ នេះបង្ហាញថាពួកគេពិតជាបានតាំងចិត្តសម្លាប់ប៉ូល។ (សកម្ម. ២៣:១២-១៥) គម្រោងរបស់ពួកគេគឺនាំប៉ូលមកជួបក្រុមប្រឹក្សាជាន់ខ្ពស់ម្ដងទៀតដើម្បីសួរចម្លើយបន្ថែម គឺហាក់ដូចជាចង់ដឹងអំពីគាត់ថែមទៀត។ ប៉ុន្តែនៅតាមផ្លូវពួកគេនឹងលបចាំចាប់ប៉ូល ហើយសម្លាប់គាត់។
៦ ក៏ប៉ុន្តែ ក្មួយប្រុសរបស់ប៉ូលបានឮអំពីគម្រោងការនេះ ហើយបានរាយការណ៍ប្រាប់ប៉ូល។ បន្ទាប់មក ប៉ូលបានប្រាប់ក្មួយប្រុសគាត់ឲ្យទៅប្រាប់មេបញ្ជាការរ៉ូម ឈ្មោះក្លូឌាស ឡែសៀស។ (សកម្ម. ២៣:១៦-២២) ច្បាស់ណាស់ ព្រះយេហូវ៉ាស្រឡាញ់មនុស្សវ័យក្មេង ដូចក្មួយប្រុសរបស់ប៉ូលដែលមានចិត្តក្លាហានក្នុងការគិតអំពីសុខទុក្ខរបស់រាស្ត្រព្រះសំខាន់ជាងខ្លួនឯង ហើយធ្វើអ្វីដែលអាចធ្វើបានដោយចិត្តស្មោះត្រង់ដើម្បីកិច្ចការរាជាណាចក្រព្រះ។
bt-E ទំ. ១៩២ វ. ១០
«ចូរមានចិត្តក្លាហានឡើង»
១០ នៅក្រុងសេសារៀ ប៉ូលបានត្រូវគេ«ឃុំក្នុងវាំងរបស់ហេរ៉ូឌ ដោយមានអ្នកយាម»ដើម្បីចាំពួកអ្នកដើមចោទពីក្រុងយេរូសាឡិម។ (សកម្ម. ២៣:៣៥) ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាសបានមកជាមួយនឹងពួកបុរសចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស។ ដំបូង ទើទូលុសបានសរសើរភេលីចចំពោះកិច្ចការដែលគាត់ធ្វើសម្រាប់ជនជាតិយូដា តាមមើលទៅគឺដើម្បីបញ្ជោរភេលីច និងទទួលការពេញចិត្តពីគាត់។ បន្ទាប់មក ទើទូលុសនិយាយថាប៉ូលជា«មនុស្សចង្រៃ ក៏បំបះបំបោរជនជាតិយូដាទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី និងជាមេដឹកនាំនិកាយពួកណាសារ៉ែត។ បុរសនេះក៏ប៉ុនប៉ងធ្វើឲ្យវិហារលែងបរិសុទ្ធ ហើយយើងបានចាប់អ្នកនេះ»។ ជនជាតិយូដាឯទៀត«ក៏បានចូលរួមវាយប្រហារប៉ូលដោយសម្ដី ហើយអះអាងថារឿងទាំងនោះគឺដូច្នេះមែន»។ (សកម្ម. ២៤:៥, ៦, ៩) ការបំបះបំបោរ ការធ្វើជាមេដឹកនាំនិកាយ និងការប៉ុនប៉ងធ្វើឲ្យវិហារលែងបរិសុទ្ធ គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរដែលអាចទទួលទោសស្លាប់។
bt-E ទំ. ១៩៣-១៩៤ វ. ១៣-១៤
«ចូរមានចិត្តក្លាហានឡើង»
១៣ បើយើងបានត្រូវគេបង្ខំឲ្យទៅឯពួកអាជ្ញាធរ ដោយសារការគោរពប្រណិប័តន៍របស់យើង ហើយចោទប្រកាន់មិនពិត ដូចជាថាយើងជាអ្នកបំបះបំបោរ ឬសមាជិកនៃនិកាយមួយដែលគេហៅថានិកាយគ្រោះថ្នាក់ នោះយើងអាចធ្វើតាមគំរូល្អរបស់ប៉ូល។ ប៉ូលមិនបានព្យាយាមបញ្ជោរអភិបាលដូចទើទូលុសបានធ្វើនោះទេ។ ប៉ូលបានរក្សាចិត្តស្ងប់និងបង្ហាញការគោរព។ គាត់បានប្រាប់ព័ត៌មានអំពីគាត់យ៉ាងច្បាស់លាស់និងត្រឹមត្រូវ។ ប៉ូលបានលើកឡើងថា«ជនជាតិយូដាខ្លះពីតំបន់អាស៊ី»ដែលបានចោទប្រកាន់គាត់ថាប៉ុនប៉ងធ្វើឲ្យវិហារមិនបរិសុទ្ធគឺមិនបាននៅទីនោះទេ ហើយតាមច្បាប់ គាត់គួរតែអាចជួបពួកគេដោយផ្ទាល់និងស្ដាប់ការចោទប្រកាន់របស់ពួកគេ។—សកម្ម. ២៤:១៨, ១៩
១៤ ប៉ូលមិនបានស្ទាក់ស្ទើរក្នុងការធ្វើជាសាក្សីបញ្ជាក់អំពីជំនឿរបស់គាត់ទេ។ ដោយក្លាហាន គាត់បាននិយាយអំពីជំនឿរបស់គាត់ទៅលើការប្រោសឲ្យរស់ឡើងវិញ។ រឿងនោះធ្លាប់បង្កឲ្យមានបញ្ហាដ៏ធំ ពេលដែលគាត់នៅក្នុងចំណោមក្រុមប្រឹក្សាជាន់ខ្ពស់។ (សកម្ម. ២៣:៦-១០) ដើម្បីនិយាយការពារខ្លួន គាត់បានលើកបញ្ជាក់អំពីសេចក្ដីសង្ឃឹមលើការប្រោសឲ្យរស់ឡើងវិញ។ ហេតុអ្វី? ដោយសារប៉ូលធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូនិងអំពីការដែលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ជាអ្វីដែលអ្នកប្រឆាំងទាំងនោះមិនទទួលស្គាល់។ (សកម្ម. ២៦:៦-៨, ២២, ២៣) ការជឿទៅលើលោកយេស៊ូនិងការប្រោសលោកឲ្យរស់ឡើងវិញនោះហើយ គឺជាហេតុដែលបង្កឲ្យមានបញ្ហានោះ។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២៣:៦
ខ្ញុំជាផារិស៊ី: ពួកគេខ្លះនៅទីនោះស្គាល់ប៉ូល។ (សកម្ម. ២២:៥) ពួកគេអាចយល់មូលហេតុដែលប៉ូលហៅខ្លួនឯងថាកូនពួកផារិស៊ី គឺគាត់ទទួលស្គាល់ថាគាត់មានប្រវត្ដិស្រដៀងនឹងពួកគេ។ ពួកគេយល់ថាប៉ូលមិនមែនកុហកអំពីខ្លួនគាត់ទេ ដោយសារពួកផារិស៊ីនៃក្រុមប្រឹក្សាជាន់ខ្ពស់បានដឹងថាគាត់បានទៅជាគ្រិស្តសាសនិកដ៏ខ្នះខ្នែង។ ប៉ុន្តែក្នុងបរិបទនេះ ពាក្យសម្ដីររបស់ប៉ូលអំពីការជាផារិស៊ីអាចយល់ក្នុងន័យផ្សេងទៀត ពោលគឺប៉ូលនិយាយថាគាត់ជាផារិស៊ីជាជាងជាសាឌូស៊ី ព្រោះគាត់និងពួកផារិស៊ីមានជំនឿដូចគ្នាទៅលើការប្រោសឲ្យរស់ឡើងវិញ។ ដោយធ្វើដូច្នេះ គាត់បានទទួលការគាំទ្រពីពួកផារិស៊ីដែលនៅទីនោះ។ តាមមើលទៅ គាត់សង្ឃឹមថាការលើកឡើងរឿងនេះនឹងធ្វើឲ្យសមាជិកខ្លះនៃក្រុមប្រឹក្សាជាន់ខ្ពស់គាំទ្រគាត់។ គម្រោងរបស់ប៉ូលបានសម្រេច។ (សកម្ម. ២៣:៧-៩) ពាក្យសម្ដីរបស់ប៉ូលនៅសកម្ម. ២៣:៦ ក៏ស្របគ្នានឹងរបៀបដែលគាត់និយាយអំពីខ្លួនគាត់ក្រោយមក ពេលគាត់និយាយការពារខ្លួននៅមុខស្តេចអាគ្រីប៉ា។ (សកម្ម. ២៦:៥) ម្យ៉ាងទៀត ពេលគាត់សរសេរសំបុត្រនៅក្រុងរ៉ូមជូនទៅគ្រិស្តសាសនិកនៅក្រុងភីលីព ប៉ូលបាននិយាយម្ដងទៀតថាគាត់ធ្លាប់ជាផារិស៊ី។ (ភី. ៣:៥) ក៏គួរឲ្យកត់សម្គាល់ផងដែរអំពីរបៀបដែលគ្រិស្តសាសនិកឯទៀតដែលធ្លាប់ជាផារិស៊ីបានត្រូវរៀបរាប់នៅសកម្ម. ១៥:៥។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២៤:២៤
ទ្រូស៊ីល: នាងជាកូនស្រីទី៣និងក្មេងជាងគេក្នុងចំណោមកូនស្រីរបស់ហេរ៉ូឌដែលបានត្រូវរៀបរាប់នៅសកម្ម. ១២:១ ពោលគឺហេរ៉ូឌ អាគ្រីប៉ាទី១។ នាងប្រហែលជាបានកើតនៅឆ្នាំ៣៨ គ.ស. ហើយជាប្អូនស្រីរបស់អាគ្រីប៉ាទី២និងបេរេនីស។ អភិបាលភេលីចគឺជាប្ដីទី២របស់នាង។ នាងបានរៀបការលើកទី១ជាមួយនឹងស្តេចស៊ីរីឈ្មោះអាស៊ីសឹស ប៉ុន្តែនាងបានលែងលះគាត់ ហើយរៀបការជាមួយនឹងភេលីចប្រហែលជានៅឆ្នាំ៥៤ គ.ស. ឬពេលដែលនាងប្រហែលជាមានអាយុ១៦ឆ្នាំ។ គឺទំនងជានាងនៅទីនោះដែរ ពេលប៉ូលបាននិយាយនៅមុខភេលីច«អំពីសេចក្ដីសុចរិត ការទប់ចិត្ត និងការវិនិច្ឆ័យសេចក្ដីនៅអនាគត»។ (សកម្ម. ២៤:២៥) ពេលភេលីចប្រគល់តំណែងទៅឲ្យភេស្ទុស គាត់បានឃុំប៉ូលទុកដើម្បី«ផ្គាប់ចិត្តជនជាតិយូដា» ដែលអ្នកខ្លះគិតថាគាត់បានធ្វើដូច្នេះដើម្បីផ្គាប់ចិត្តប្រពន្ធវ័យក្មេងរបស់គាត់ ដែលជាជនជាតិយូដា។—សកម្ម. ២៤:២៧
ថ្ងៃទី២១-២៧ ខែមករា
bt-E ទំ. ១៩៨ វ. ៦
«ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»
៦ ដោយសារភេស្ទុសចង់ផ្គាប់ចិត្តជនជាតិយូដា នោះអាចធ្វើឲ្យប៉ូលមានគ្រោះថ្នាក់។ ដូច្នេះ ប៉ូលបានប្រើសិទ្ធិរបស់គាត់ជាពលរដ្ឋរ៉ូម។ គាត់បានប្រាប់ភេស្ទុសថា៖ «ខ្ញុំកំពុងឈរនៅកន្លែងវិនិច្ឆ័យក្ដីរបស់សេសារហើយ ជាកន្លែងដែលខ្ញុំគួរទទួលការវិនិច្ឆ័យ។ ខ្ញុំមិនបានធ្វើអ្វីខុសនឹងជនជាតិយូដាទេ ដូចលោកបានឃើញច្បាស់ហើយ។ . . . ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»។ ពេលអ្នកណាម្នាក់លើករឿងក្ដីទៅសេសារ ជាធម្មតាពួកគេមិនអាចប្ដូរចិត្តបានឡើយ។ ភេស្ទុសបានលើកបញ្ជាក់ចំណុចនេះដោយនិយាយថា៖ «អ្នកសុំលើករឿងក្ដីទៅសេសារ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។ (សកម្ម. ២៥:១០-១២) ដោយលើករឿងក្ដីទៅអ្នកដែលមានអំណាចខ្ពស់ជាង ប៉ូលបានទុកគំរូសម្រាប់គ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះ។ ពេលអ្នកប្រឆាំងព្យាយាម«បង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់» សាក្សីព្រះយេហូវ៉ាប្រើច្បាប់ដើម្បីការពារដំណឹងល្អ។—ទំនុក. ៩៤:២០
bt-E ទំ. ១៩៨-២០១ វ. ១០-១៦
«ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»
១០ ដោយគោរព ប៉ូលបានអរគុណស្តេចអាគ្រីប៉ាដែលបានផ្ដល់ឱកាសឲ្យគាត់និយាយការពារខ្លួន ហើយទទួលស្គាល់ថាស្តេចនោះយល់ច្បាស់អំពីទំនៀមទម្លាប់ទាំងឡាយរបស់ជនជាតិយូដា។ បន្ទាប់មក ប៉ូលបានរៀបរាប់អំពីជីវិតពីមុនរបស់គាត់ថា៖ «ខ្ញុំបានកាន់តាមពួកផារិស៊ី សមស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង»។ (សកម្ម. ២៦:៥) ក្នុងនាមជាផារិស៊ី ប៉ូលមានសេចក្ដីសង្ឃឹមចំពោះការមកដល់របស់មេស្ស៊ី។ ក្រោយមកពេលគាត់ទៅជាគ្រិស្តសាសនិក គាត់បាននិយាយដោយក្លាហានថាលោកយេស៊ូគ្រិស្តជាមេស្ស៊ី។ គាត់និងពួកអ្នកចោទប្រកាន់គាត់មានជំនឿដូចគ្នា ពោលគឺសេចក្ដីសង្ឃឹមទៅលើអ្វីដែលព្រះបានសន្យាឲ្យដល់ពួកបុព្វបុរសរបស់ពួកគេ។ សេចក្ដីសង្ឃឹមនេះគឺជាហេតុដែលនាំឲ្យប៉ូលទទួលការកាត់ក្ដីនៅថ្ងៃនោះ។ ស្ថានភាពនេះបានធ្វើឲ្យអាគ្រីប៉ាកាន់តែចាប់អារម្មណ៍ចង់ដឹងថាប៉ូលនឹងនិយាយយ៉ាងណា។
១១ ប៉ូលបាននឹកឃើញកាលគាត់ធ្លាប់ប្រព្រឹត្តយ៉ាងសាហាវទៅលើគ្រិស្តសាសនិក នោះគាត់បាននិយាយថា៖ «ចំណែកខ្ញុំវិញ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនាមរបស់លោកយេស៊ូពីក្រុងណាសារ៉ែត។ . . . ដោយសារខ្ញុំខឹងពួកគាត់[អ្នកកាន់តាមគ្រិស្ត]ក្រៃលែង ខ្ញុំបានបៀតបៀនពួកគាត់ សូម្បីតែនៅក្រុងឯទៀតដែរ»។ (សកម្ម. ២៦:៩-១១) ប៉ូលមិនមែននិយាយពន្លើសទេ។ មនុស្សជាច្រើនដឹងអំពីអំពើហិង្សាដែលគាត់បានធ្វើដាក់គ្រិស្តសាសនិក។ (កាឡ. ១:១៣, ២៣) អាគ្រីប៉ាប្រហែលជាឆ្ងល់ថា ‹តើអ្វីអាចធ្វើឲ្យបុរសនេះកែប្រែ?›។
១២ អ្វីដែលប៉ូលនិយាយក្រោយមកនឹងឆ្លើយសំណួរនោះ។ គាត់និយាយថា៖ «កាលដែល . . . ខ្ញុំចេញដំណើរទៅក្រុងដាម៉ាស ដោយបានទទួលបង្គាប់និងសិទ្ធិអំណាចពីពួកសង្ឃនាយក។ នៅតាមផ្លូវ ប្រហែលជាថ្ងៃត្រង់ ខ្ញុំឃើញពន្លឺមួយដែលភ្លឺជាងពន្លឺថ្ងៃ។ ពន្លឺនោះបានភ្លឺពីលើមេឃចាំងជុំវិញខ្ញុំ និងពួកអ្នកដែលកំពុងរួមដំណើរជាមួយនឹងខ្ញុំ។ យើងទាំងអស់គ្នាដួលដល់ដី រួចខ្ញុំឮសំឡេងមួយបន្លឺមកកាន់ខ្ញុំជាភាសាហេប្រឺថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ? អ្នកធ្វើទុក្ខដល់ខ្លួនឯងដោយសារចេះតែធាក់ជន្លួញដូច្នេះ›។ ប៉ុន្តែខ្ញុំនិយាយថា៖ ‹តើលោកម្ចាស់ជាអ្នកណា?› លោកម្ចាស់មានប្រសាសន៍ថា៖ ‹ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន›»។—សកម្ម. ២៦:១២-១៥
១៣ មុនរឿងនេះកើតឡើង គឺប្រៀបដូចជាប៉ូលកំពុង«ធាក់ជន្លួញ»។ ដូចសត្វគោដែលធ្វើទុក្ខដល់ខ្លួនវា បើវាចេះតែធាក់ចុងជន្លួញ នោះប៉ូលក៏ធ្វើទុក្ខដល់ខ្លួនឯងក្នុងន័យធៀបដោយប្រឆាំងនឹងគោលបំណងរបស់ព្រះ។ ដោយលេចមកជួបប៉ូលនៅតាមផ្លូវទៅក្រុងដាម៉ាស លោកយេស៊ូបានធ្វើឲ្យបុរសដែលមានចិត្តស្មោះតែមានទស្សនៈខុសនេះ កែប្រែចិត្តគំនិតរបស់គាត់។—យ៉ូន. ១៦:១, ២
១៤ ប៉ូលបានធ្វើការកែប្រែដ៏ធំក្នុងជីវិតរបស់គាត់។ គាត់និយាយទៅកាន់អាគ្រីប៉ាថា៖ «ខ្ញុំមិនបានធ្វើព្រងើយនឹងអ្វីដែលបានត្រូវបើកបង្ហាញពីស្ថានសួគ៌ឲ្យខ្ញុំឃើញក្នុងគំនិតទេ ប៉ុន្តែខ្ញុំបាននាំសារទៅដល់អ្នកក្រុងដាម៉ាសមុនដំបូង ហើយដល់បណ្ដាជននៅក្រុងយេរូសាឡិម និងពេញតំបន់យូឌា រួចដល់ជនជាតិដទៃថា ពួកគេត្រូវប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះ ដោយប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត»។ (សកម្ម. ២៦:១៩, ២០) អស់ជាច្រើនឆ្នាំ ប៉ូលបានបំពេញភារកិច្ចដែលលោកយេស៊ូបានផ្ដល់ឲ្យគាត់ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះ។ តើមានលទ្ធផលយ៉ាងណា? ពួកអ្នកដែលតបឆ្លើយចំពោះដំណឹងល្អដែលប៉ូលបានផ្សព្វផ្សាយ បានប្រែចិត្តពីអំពើប្រាសចាកសីលធម៌និងការប្រព្រឹត្តមិនស្មោះត្រង់ ហើយបែរមកការគោរពប្រណិប័តន៍ព្រះវិញ។ មនុស្សទាំងនេះបានទៅជាពលរដ្ឋល្អ ដោយធ្វើតាមច្បាប់។
១៥ ក៏ប៉ុន្តែ ប្រយោជន៍ទាំងនោះគ្មានន័យចំពោះជនជាតិយូដាដែលប្រឆាំងប៉ូលឡើយ។ ប៉ូលបាននិយាយថា៖ «ដោយសារការទាំងនេះ ជនជាតិយូដាបានចាប់ខ្ញុំក្នុងវិហារ រួចប៉ុនប៉ងសម្លាប់ខ្ញុំ។ ក៏ប៉ុន្តែដោយសារខ្ញុំបានទទួលជំនួយពីព្រះ ខ្ញុំបន្តធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូចអំពីដំណឹងល្អរហូតដល់ថ្ងៃនេះ»។—សកម្ម. ២៦:២១, ២២
១៦ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវ«ប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារ»ជំនឿរបស់យើង។ (១ពេ. ៣:១៥) ពេលនិយាយទៅកាន់ចៅក្រមនិងអ្នកគ្រប់គ្រងអំពីជំនឿរបស់យើង យើងអាចធ្វើតាមវិធីដែលប៉ូលបានប្រើពេលគាត់និយាយទៅកាន់អាគ្រីប៉ានិងភេស្ទុស។ ដោយគោរព យើងអាចប្រាប់ពួកគេអំពីរបៀបដែលគម្ពីរបានកែប្រែជីវិតរបស់យើងឲ្យល្អប្រសើរជាង និងអ្នកដែលស្ដាប់ដំណឹងយើង យ៉ាងនេះយើងអាចមានឥទ្ធិពលលើចិត្តរបស់មន្ត្រីជាន់ខ្ពស់ទាំងនោះ។
bt-E ទំ. ២០២ វ. ១៨
«ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»
១៨ ប៉ុន្តែ ប៉ូលបានតបឆ្លើយទៅអភិបាលថា៖ «ឯកឧត្តមភេស្ទុស ខ្ញុំមិនឆ្កួតទេ តែខ្ញុំកំពុងនិយាយសេចក្ដីពិតដោយដឹងខុសត្រូវ។ តាមការពិត ស្តេចដែលខ្ញុំកំពុងជម្រាបដោយសេចក្ដីក្លាហាន លោកដឹងច្បាស់អំពីការទាំងនេះ . . . ស្តេចអាគ្រីប៉ា តើលោកជឿពួកអ្នកប្រកាសទំនាយទេ? ខ្ញុំដឹងថាលោកជឿ»។ អាគ្រីប៉ានិយាយទៅប៉ូលថា៖ «តែបន្ដិចទៀត ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ»។ (សកម្ម. ២៦:២៥-២៨) ទោះជាពាក្យទាំងនេះស្មោះឬមិនស្មោះក្ដី ពាក្យទាំងនេះបង្ហាញថាការធ្វើជាសាក្សីបញ្ជាក់របស់ប៉ូលមានឥទ្ធិពលខ្លាំងលើស្តេចនោះ។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២៦:១៤
ធាក់ជន្លួញ: ជន្លួញគឺជាដំបងដែលបានត្រូវប្រើដើម្បីចាក់សត្វឲ្យទៅមុខ។ (ចៅ. ៣:៣១) ពាក្យ«ធាក់ជន្លួញ»គឺជាសុភាសិតមួយនៅក្នុងសៀវភៅភាសាក្រិច។ ពាក្យនេះសំដៅលើគោក្បាលរឹងដែលធាក់ជន្លួញ ហើយនាំទុក្ខដល់ខ្លួនវា។ សុលបានប្រព្រឹត្តស្រដៀងនឹងនោះមុនទៅជាគ្រិស្តសាសនិក។ ដោយប្រឆាំងនឹងអ្នកកាន់តាមលោកយេស៊ូដែលមានជំនួយពីព្រះយេហូវ៉ា នោះប៉ូលបានធ្វើទុក្ខដល់ខ្លួនជាខ្លាំង។ (សូមពិនិត្យបន្ថែមសកម្ម. ៥:៣៨, ៣៩; ១ធី. ១:១៣, ១៤) នៅសាស្ដ. ១២:១១ «ជន្លួញ»បានត្រូវរៀបរាប់ក្នុងន័យធៀប សំដៅលើពាក្យរបស់មនុស្សមានប្រាជ្ញាដែលជំរុញចិត្តអ្នកស្ដាប់ឲ្យធ្វើតាមឱវាទ។
nwtsty-E និយមន័យពាក្យ
ជន្លួញ។ ដំបងវែងដែលមានចុងស្រួច ដែលកសិករប្រើដើម្បីចាក់សត្វឲ្យទៅមុខ។ ជន្លួញគឺប្រៀបដូចជាពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាដែលជំរុញចិត្តអ្នកស្ដាប់ឲ្យធ្វើតាមឱវាទ។ «ធាក់ជន្លួញ»គឺឃើញរូបភាពអំពីគោក្បាលរឹងដែលធាក់ជន្លួញ ជាលទ្ធផលនាំទុក្ខដល់ខ្លួន។—សកម្ម. ២៦:១៤; ចៅ. ៣:៣១
ថ្ងៃទី២៨ ខែមករា–ថ្ងៃទី៣ ខែកុម្ភៈ
bt-E ទំ. ២០៨ វ. ១៥
«គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងបាត់បង់ជីវិតឡើយ»
១៥ ប៉ូលទំនងជាបានផ្សព្វផ្សាយដល់មនុស្សជាច្រើននៅលើសំពៅអំពី«[សេចក្ដី]សង្ឃឹមលើអ្វីដែលព្រះបានសន្យា»។ (សកម្ម. ២៦:៦; កូឡ. ១:៥) ដោយសារសំពៅប្រហែលជាហៀបនឹងលិច នោះប៉ូលអាចប្រាប់សេចក្ដីសង្ឃឹមមួយទៀត។ គាត់បាននិយាយថា៖ «យប់មិញ ទេវតាមួយរូប . . . បានឈរនៅជិតខ្ញុំ និយាយថា៖ ‹ប៉ូលអើយ កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ ហើយមើល! ដោយសារអ្នក ព្រះក៏នឹងមេត្ដាសង្គ្រោះអស់អ្នកដែលកំពុងរួមដំណើរជាមួយនឹងអ្នកដែរ›»។ ប៉ូលបានដាស់តឿនពួកគេថា៖ «ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តរីករាយឡើង ព្រោះខ្ញុំជឿព្រះ ថាលោកនឹងធ្វើការទាំងនោះ ដូចទេវតានោះបានប្រាប់ដល់ខ្ញុំ។ ក៏ប៉ុន្តែយើងនឹងលិចសំពៅនៅជិតកោះមួយ»។—សកម្ម. ២៧:២៣-២៦
bt-E ទំ. ២០៩ វ. ១៨
«គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងបាត់បង់ជីវិតឡើយ»
១៨ ពួកអ្នកដែលបានរួចជីវិតនៅលើកោះម៉ល់តា។ អ្នកដែលនិយាយភាសាបរទេសនៅកោះនោះបានប្រព្រឹត្តទៅលើពួកគេដោយ«មនុស្សធម៌និងចិត្តសប្បុរសក្រៃលែង»។ (សកម្ម. ២៨:២) ពេលឃើញអស់អ្នកដែលមកដល់កោះរបស់ពួកគេទទឹកជោកនិងរងា អ្នកកោះនោះបានបង្កាត់ភ្លើងឲ្យ ទោះជាពួកគេមិនស្គាល់អ្នកទាំងនោះក៏ដោយ។ ភ្លើងនោះបានជួយពួកគេឲ្យកក់ក្ដៅទោះជាអាកាសធាតុត្រជាក់និងមានភ្លៀងក្ដី។ នោះក៏នាំឲ្យមានអព្ភូតហេតុមួយ។
bt-E ទំ. ២១០ វ. ២១
«គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងបាត់បង់ជីវិតឡើយ»
២១ បុរសអ្នកមានម្នាក់ឈ្មោះផឹបភ្លាស រស់នៅលើកោះនោះ។ គាត់ប្រហែលជាមន្ត្រីរ៉ូមធំជាងគេនៅកោះម៉ល់តា។ គាត់បានទទួលប៉ូលនិងអ្នករួមដំណើរជាមួយគាត់យ៉ាងរាក់ទាក់អស់បីថ្ងៃ។ ប៉ុន្តែ ឪពុករបស់ផឹបភ្លាសកំពុងឈឺ។ លូកាបានសរសេរថាគាត់«កំពុងសម្រាន្តលើគ្រែដោយសារឈឺគ្រុនក្ដៅផងហើយរាកមួលផង»។ ប៉ូលបានអធិដ្ឋាន ហើយដាក់ដៃលើគាត់ធ្វើឲ្យជាសះស្បើយ។ អ្នកកោះនោះបានកោតស្ងើចអព្ភូតហេតុនេះយ៉ាងខ្លាំង ដូច្នេះពួកគេបានយកអ្នកឯទៀតដែលឈឺនៅកោះនោះដើម្បីឲ្យប៉ូលធ្វើឲ្យជាសះស្បើយដែរ ហើយពួកគេបានយកអំណោយផ្សេងៗដែលប៉ូលនិងអ្នករួមដំណើរជាមួយគាត់ត្រូវការ។—សកម្ម. ២៨:៧-១០
bt-E ទំ. ២១៣ វ. ១០
«[ការ]ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»
១០ នៅទីបំផុតអ្នកធ្វើដំណើរបានចូលក្រុងរ៉ូម ហើយ«គេអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ជាមួយនឹងទាហានម្នាក់ដែលយាមគាត់»។ (សកម្ម. ២៨:១៦) ប៉ូលបានត្រូវដាក់ខ្នោះច្រវាក់ជាប់នឹងអ្នកយាមគាត់ដើម្បីប្រាកដថាប៉ូលមិនរត់គេចទេ។ ទោះជាយ៉ាងនេះក្ដី ប៉ូលជាអ្នកប្រកាសអំពីរាជាណាចក្ររបស់ព្រះ ដូច្នេះខ្នោះច្រវាក់មិនអាចឃាត់គាត់មិនឲ្យនិយាយបានឡើយ។ ហេតុនេះហើយបានជាក្រោយពីគាត់បានសម្រាកតែបីថ្ងៃប៉ុណ្ណោះដើម្បីមានកម្លាំងឡើងវិញបន្ទាប់ពីធ្វើដំណើរ នោះគាត់បានហៅបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដានៅក្រុងរ៉ូមឲ្យមកជុំគ្នាដើម្បីឲ្យគាត់ណែនាំខ្លួននិងផ្សព្វផ្សាយដល់ពួកគេ។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២៧:៩
ថ្ងៃតមអាហារនិងជម្រះការខុសឆ្គង: ពាក្យភាសាក្រិច«តមអាហារ»សំដៅលើបង្គាប់អំពីការតមអាហារតែមួយប៉ុណ្ណោះក្នុងច្បាប់ម៉ូសេ ពោលគឺការតមអាហារដែលជាប់ទាក់ទងនឹងថ្ងៃជម្រះការខុសឆ្គងមួយឆ្នាំម្ដង។ (លេវី. ១៦:២៩-៣១; ២៣:២៦-៣២; ជន. ២៩:៧) ពាក្យ«បញ្ឈឺចិត្តខ្លួន»ដែលបានត្រូវប្រើពេលសំដៅលើថ្ងៃជម្រះការខុសឆ្គង ជាធម្មតាមានន័យថាការលះបង់ផ្សេងៗ រួមបញ្ចូលការតមអាហារ។ (លេវី. ១៦:២៩) ការប្រើពាក្យ«តមអាហារ»នៅសកម្ម. ២៧:៩ គាំទ្រគំនិតថាការលះបង់ចម្បងមួយនៅថ្ងៃជម្រះការខុសឆ្គង រួមបញ្ចូលការតមអាហារ។ ថ្ងៃតមអាហារនិងជម្រះការខុសឆ្គងគឺធ្វើឡើងនៅចុងខែកញ្ញា ឬដើមខែតុលា។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ២៨:១១
កូនរបស់ព្រះសឺស: យោងទៅតាមរឿងព្រេងរបស់ពួកក្រិចនិងពួករ៉ូម «កូនរបស់ព្រះសឺស»គឺជាខាសស្ទ័រនិងផូលុច ជាកូនប្រុសភ្លោះរបស់ព្រះសឺស និងម្ចាស់ក្សត្រីក្រុងស្ប៉ាតាឈ្មោះលីដា។ ពួកគេបានត្រូវចាត់ទុកជាអ្នកការពារអស់អ្នកដែលធ្វើដំណើរលើសំពៅ ហើយអាចសង្គ្រោះអ្នកធ្វើការនៅលើសំពៅឲ្យរួចផុតពីគ្រោះថ្នាក់នៅសមុទ្រ។ ព័ត៌មានស្តីអំពីក្បាលសំពៅគឺជាភ័ស្តុតាងមួយទៀតបង្ហាញថាកំណត់ហេតុក្នុងគម្ពីរបានត្រូវសរសេរដោយសាក្សីម្នាក់ដែលបានឃើញផ្ទាល់ភ្នែក។