ជំពូកទីប្រាំពីរ
សេចក្ដីសង្ឃឹមពិតសំរាប់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់
ហេតុអ្វីយើងដឹងថា មនុស្សស្លាប់ពិតជានឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
តើអ្វីបញ្ជាក់ថាព្រះយេហូវ៉ាមានព្រះទ័យចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ?
តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
១-៣. តើអ្វីជាសត្រូវដែលកំពុងតែដេញប្រកិតតាមយើងទាំងអស់គ្នា? ហេតុអ្វីបានជាការពិចារណាសេចក្ដីបង្រៀនក្នុងព្រះគម្ពីរអាចសម្រាលទុក្ខយើង?
សូមស្រមៃគិតថា មានសត្រូវដ៏ឃោរឃៅម្នាក់កំពុងតែរត់ដេញតាមអ្នកក្នុងបំណងសំឡាប់អ្នក។ សត្រូវនេះរត់លឿនជាងអ្នក ហើយក៏មានកម្លាំងខ្លាំងជាងអ្នកឆ្ងាយណាស់។ អ្នកដឹងថាសត្រូវនេះគ្មានសេចក្ដីមេត្ដា ពីព្រោះធ្លាប់ឃើញវាសំឡាប់មិត្តភក្ដិខ្លះរបស់អ្នក។ មិនថាអ្នកខំរត់លឿនយ៉ាងណាក៏ដោយ ក៏វាដេញប្រកិតតាមកាន់តែជិតទៅៗ។ តាមមើលទៅ អ្នកគ្មានសេចក្ដីសង្ឃឹមសោះឡើយ។ ប៉ុន្តែរំពេចនោះមានមនុស្សម្នាក់លេចមកជួយសង្គ្រោះអ្នក។ គាត់ខ្លាំងជាងសត្រូវនោះឆ្ងាយណាស់ ហើយក៏សន្យាថាគាត់នឹងជួយអ្នក។ នេះច្បាស់ជាធ្វើឲ្យអ្នកអរសប្បាយណាស់!
២ ក្នុងន័យធៀប អ្នកពិតជាមានសត្រូវមួយដែលកំពុងតែដេញប្រកិតតាមអ្នកមែន មិនត្រឹមតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងទាំងអស់គ្នាដែរ។ ដូចដែលយើងបានរៀនក្នុងជំពូកមុន ព្រះគម្ពីរប្រាប់ថាសេចក្ដីស្លាប់ជាសត្រូវរបស់យើង។ គ្មានយើងណាម្នាក់អាចគេចរួចឬទប់ទល់នឹងសត្រូវនេះបានឡើយ។ យើងភាគច្រើនធ្លាប់ឃើញសត្រូវនេះសំឡាប់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែព្រះយេហូវ៉ាមានអំណាចខ្លាំងជាងសេចក្ដីស្លាប់ឆ្ងាយណាស់។ ទ្រង់ជាអ្នកសង្គ្រោះដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយទ្រង់បានបង្ហាញរួចហើយថា ទ្រង់អាចឈ្នះសត្រូវនេះបាន។ ទ្រង់សន្យាថានឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យទៅ។ ព្រះគម្ពីរបង្រៀនថា៖ «ឯខ្មាំងសត្រូវក្រោយបង្អស់ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់»។ (កូរិនថូសទី១ ១៥:២៦) នេះជាដំណឹងល្អមែន!
៣ មុនបង្អស់ យើងនឹងពិចារណាយ៉ាងខ្លីនូវអារម្មណ៍ដែលយើងមានពេលដែលសត្រូវនេះសំឡាប់មនុស្សជាទីស្រឡាញ់របស់យើង។ ការពិចារណារឿងនោះនឹងជួយឲ្យយើងយល់សេចក្ដីសន្យាមួយរបស់ព្រះ ដែលនឹងធ្វើឲ្យយើងមានសុភមង្គល។ នោះគឺសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា មនុស្សស្លាប់នឹងរស់ឡើងវិញ។ (អេសាយ ២៦:១៩) ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញម្ដងទៀត។ សេចក្ដីសន្យានេះធ្វើឲ្យយើងមានសេចក្ដីសង្ឃឹម។
ពេលមនុស្សជាទីស្រឡាញ់ស្លាប់
៤. (ក) ហេតុអ្វីបានជាព្រះទ័យរបស់ព្រះយេស៊ូពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ក៏ធ្វើឲ្យយើងដឹងអំពីព្រះទ័យរបស់ព្រះយេហូវ៉ាដែរ? (ខ) តើអ្នកណាជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូ?
៤ តើអ្នកធ្លាប់មានមនុស្សជាទីស្រឡាញ់របស់អ្នកស្លាប់ទេ? នោះអាចធ្វើឲ្យយើងមានទុក្ខសោកនិងឈឺចាប់ខ្លោចផ្សា រហូតដល់យើងគិតថាមិនអាចទ្រាំតទៅទៀតបានឡើយ។ នៅពេលមានអារម្មណ៍ដូច្នេះ យើងត្រូវមើលព្រះបន្ទូលរបស់ព្រះ ពីព្រោះបន្ទូលនោះនឹងកំសាន្តចិត្តឬសម្រាលទុក្ខយើង។ (កូរិនថូសទី២ ១:៣, ៤) ព្រះគម្ពីរជួយឲ្យយើងដឹងថា ព្រះយេហូវ៉ានិងព្រះយេស៊ូមានព្រះទ័យយ៉ាងណានៅពេលដែលមនុស្សស្លាប់។ ព្រះយេស៊ូដែលមានគុណសម្បត្ដិដូចព្រះវរបិតាទ្រង់បេះបិទ ធ្លាប់មានព្រះទ័យឈឺចាប់ខ្លោចផ្សា ដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់។ (យ៉ូហាន ១៤:៩) ពេលដែលព្រះយេស៊ូនៅទីក្រុងយេរូសាឡិម ទ្រង់ធ្លាប់យាងទៅសួរសុខទុក្ខឡាសារនិងបងស្រីពីរនាក់របស់ឡាសារឈ្មោះម៉ារានិងម៉ាថា ដែលរស់នៅភូមិបេថានី ក្បែរទីក្រុងយេរូសាឡិម។ ពួកគាត់បានទៅជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូ។ ព្រះគម្ពីរចែងថា៖ «ព្រះយេស៊ូវទ្រង់ស្រឡាញ់នាងម៉ាថានឹងប្អូនស្រីនាង ហើយនឹងឡាសារផង»។ (យ៉ូហាន ១១:៥) ក៏ប៉ុន្តែឡាសារបានស្លាប់ ដូចដែលយើងបានរៀនក្នុងជំពូកមុន។
៥, ៦. (ក) ពេលដែលបងប្អូន ញាតិសន្ដាន និងមិត្តភក្ដិរបស់ឡាសារកំពុងតែយំសោកនោះ តើព្រះយេស៊ូបានធ្វើអ្វី? (ខ) ហេតុអ្វីបានជាយើងទទួលការលើកទឹកចិត្តដោយដឹងថាព្រះយេស៊ូធ្លាប់មានទុក្ខសោកនោះ?
៥ តើព្រះយេស៊ូមានព្រះទ័យយ៉ាងណាពេលដែលមិត្តសំឡាញ់ទ្រង់ស្លាប់នោះ? ព្រះគម្ពីរប្រាប់ថា ពេលដែលបងប្អូន ញាតិសន្ដាន និងមិត្តភក្ដិរបស់ឡាសារបានយំសោកនោះ ព្រះយេស៊ូក៏ទ្រង់ព្រះកន្សែងឬយំដែរ។ ពេលដែលព្រះយេស៊ូទតឃើញពួកគេកើតទុក្ខដូច្នេះ ទ្រង់បានរំជួលព្រះទ័យយ៉ាងខ្លាំង «ទាំងក្នាញ់ក្នុងព្រះហឫទ័យ»។ ក្រោយនោះព្រះគម្ពីរប្រាប់ថា៖ «ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង»។ (យ៉ូហាន ១១:៣៣, ៣៥) ព្រះយេស៊ូមានទុក្ខសោកដូចនេះ តើនេះមានន័យថាទ្រង់អស់សង្ឃឹមហើយឬ? មិនមានន័យដូច្នេះឡើយ! តាមការពិត ព្រះយេស៊ូជ្រាបថា បន្ដិចទៀតនឹងមានអ្វីមួយដ៏អស្ចារ្យកើតឡើងនៅពេលនោះឯង។ (យ៉ូហាន ១១:៣, ៤) យ៉ាងណាក៏ដោយ ទ្រង់នៅតែមានទុក្ខសោកហើយក៏ខ្លោចផ្សាក្នុងព្រះទ័យ ដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់នោះ។
៦ តាមការពិត យើងទទួលការលើកទឹកចិត្តដោយដឹងថាព្រះយេស៊ូមានក្ដីទុក្ខសោក។ នោះបង្រៀនយើងថា ព្រះយេស៊ូនិងព្រះយេហូវ៉ាដែលជាព្រះវរបិតារបស់ទ្រង់ស្អប់សេចក្ដីស្លាប់។ ប៉ុន្តែ ព្រះយេហូវ៉ាអាចឈ្នះសត្រូវនេះបាន! សូមឲ្យយើងមើលអ្វីដែលព្រះបានប្រគល់អំណាចឲ្យព្រះយេស៊ូធ្វើនោះ។
«ឡាសារអើយ! ចូរចេញមក!»
៧, ៨. ហេតុអ្វីតាមទស្សនៈរបស់មនុស្ស ឡាសារមើលទៅដូចជាគ្មានសង្ឃឹមនឹងរស់ឡើងវិញនោះ? ប៉ុន្តែតើព្រះយេស៊ូបានធ្វើអ្វី?
៧ សពរបស់ឡាសារបានត្រូវបញ្ចុះក្នុងរូងភ្នំដែលមានថ្មមួយបាំងនៅមាត់រូង។ ព្រះយេស៊ូបានសុំគេយកថ្មនោះចេញ។ ម៉ាថាបានជំទាស់ ពីព្រោះសពរបស់ឡាសារបានត្រូវបញ្ចុះក្នុងរូងភ្នំនោះអស់បួនថ្ងៃហើយ ដូច្នេះច្បាស់ជាចាប់ផ្ដើមរលួយហើយ។ (យ៉ូហាន ១១:៣៩) តាមទស្សនៈរបស់មនុស្ស ឡាសារមើលទៅដូចជាគ្មានសង្ឃឹមនឹងរស់ឡើងវិញនោះទេ។
៨ គេក៏យកថ្មនោះចេញពីមាត់រូង ហើយព្រះយេស៊ូបានបន្លឺព្រះសូរសៀងថា៖ «ឡាសារអើយ! ចូរចេញមក!»។ តើអ្វីកើតឡើងនៅពេលនោះ? «អ្នកដែលបានស្លាប់ក៏ចេញមក»។ (យ៉ូហាន ១១:៤៣, ៤៤) មនុស្សដែលនៅទីនោះច្បាស់ជាមានអំណរសម្បើមណាស់ មែនទេ? មិនថាឡាសារជាប្អូនប្រុស មិត្តភក្ដិ ញាតិសន្ដាន ឬអ្នកជិតខាងរបស់ពួកគេក៏ដោយ អ្វីដែលពួកគេបានដឹងគឺ គាត់ស្លាប់ហើយ។ ប៉ុន្តែឥឡូវអ្នកជាទីស្រឡាញ់របស់ពួកគេគឺឡាសារ កំពុងតែឈរក្នុងចំណោមពួកគេ។ ពួកគេច្បាស់ជាអស្ចារ្យក្នុងចិត្តស្ទើរតែមិនជឿអ្វីដែលពួកគេឃើញ។ ពិតជាមានមនុស្សជាច្រើនបានឱបឡាសារដោយមានអំណរយ៉ាងខ្លាំង។ នៅពេលនោះសេចក្ដីស្លាប់បានបរាជ័យយ៉ាងខ្លាំងមែន!
៩, ១០. (ក) តើព្រះយេស៊ូបានធ្វើដូចម្ដេចដើម្បីឲ្យគេដឹងថា អំណាចដែលទ្រង់មានក្នុងការប្រោសឡាសារឲ្យរស់ឡើងវិញមកពីព្រះ? (ខ) តើការអានកំណត់ហេតុព្រះគម្ពីរអំពីការប្រោសឲ្យរស់ឡើងវិញមានប្រយោជន៍អ្វីខ្លះ?
៩ ព្រះយេស៊ូមិនបានអះអាងថាទ្រង់ធ្វើអព្ភូតហេតុដ៏គួរឲ្យអស្ចារ្យនេះដោយអាងអំណាចរបស់ទ្រង់ផ្ទាល់ឡើយ។ មុននឹងហៅឡាសារចេញមកនោះ ទ្រង់បានអធិស្ឋានឮៗបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាជាអ្នកដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូហាន ១១:៤១, ៤២) ព្រះយេហូវ៉ាក៏ធ្លាប់ប្រើអំណាចរបស់ទ្រង់ដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅគ្រាផ្សេងទៀតដែរ មិនមែនក្នុងករណីឡាសារប៉ុណ្ណោះទេ។ ព្រះគម្ពីរប្រាប់អំពីមនុស្សប្រាំបួននាក់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ រួមទាំងឡាសារផងដែរ។a ការអាននិងសិក្សាកំណត់ហេតុទាំងនោះធ្វើឲ្យយើងសប្បាយណាស់។ កំណត់ហេតុទាំងនោះបង្រៀនយើងឲ្យដឹងថាព្រះមិនរើសមុខទេ ពីព្រោះក្នុងចំណោមអ្នកដែលទ្រង់បានប្រោសឲ្យរស់ឡើងវិញនោះមានទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ហើយក៏មានជនជាតិអ៊ីស្រាអែលនិងជនជាតិដទៃផងដែរ។ កំណត់ហេតុទាំងនោះក៏ពណ៌នាអំពីអំណរដែលរកពណ៌នាពុំបានរបស់មនុស្សដែលឃើញអព្ភូតហេតុនោះ! ជាក់ស្តែងដូចជាពេលដែលព្រះយេស៊ូប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញនោះ មាតាបិតារបស់នាង«មានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង»។ (ម៉ាកុស ៥:៤២) ព្រះយេហូវ៉ាបានផ្ដល់មូលហេតុឲ្យអ្នកទាំងនោះមានអំណរពន់ពេករហូតដល់ពុំអាចបំភ្លេចបាន។
១០ យើងដឹងហើយថា មនុស្សទាំងប៉ុន្មានដែលព្រះយេស៊ូបានប្រោសឲ្យរស់ឡើងវិញនោះនឹងស្លាប់ម្ដងទៀតនៅថ្ងៃក្រោយ។ តើនេះមានន័យថាការប្រោសពួកគេឲ្យរស់ឡើងវិញគ្មានប្រយោជន៍ឬ? មិនមែនមានន័យដូច្នោះទេ! កំណត់ហេតុទាំងនេះក្នុងព្រះគម្ពីរបញ្ជាក់សេចក្ដីពិតដ៏សំខាន់ ហើយក៏ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម។
ការទាញមេរៀនពីកំណត់ហេតុអំពីការប្រោសឲ្យរស់ឡើងវិញ
១១. តើកំណត់ហេតុអំពីការប្រោសឡាសារឲ្យរស់ឡើងវិញជួយបញ្ជាក់សេចក្ដីពិតនៃសាស្ដា ៩:៥ យ៉ាងដូចម្ដេច?
១១ ព្រះគម្ពីរបង្រៀនថា មនុស្សស្លាប់«ឥតដឹងអ្វីឡើយ»។ ពួកគេមិនដឹងខ្លួនហើយក៏មិនបន្តរស់នៅកន្លែងមួយទៀតដែរ។ កំណត់ហេតុអំពីឡាសារបញ្ជាក់សេចក្ដីពិតនេះ។ ពេលដែលឡាសាររស់ឡើងវិញនោះ តើគាត់បានរៀបរាប់ប្រាប់អំពីស្ថានសួគ៌ទេ? ឬក៏តើគាត់បាននិយាយអំពីស្ថាននរកទេ? មិនមែនទេ! ព្រះគម្ពីរមិនប្រាប់ថាឡាសារបានរៀបរាប់ដូច្នេះឡើយ។ ក្នុងកំលុងបួនថ្ងៃដែលឡាសារស្លាប់នោះ គាត់«ឥតដឹងអ្វីឡើយ»។ (សាស្ដា ៩:៥) ពេលឡាសារស្លាប់ នោះប្រៀបដូចជាគាត់ដេកលក់។—យ៉ូហាន ១១:១១
១២. ហេតុអ្វីបានជាយើងអាចជឿជាក់ថាការប្រោសឡាសារឲ្យរស់ឡើងវិញបានកើតឡើងពិតប្រាកដមែន?
១២ កំណត់ហេតុអំពីឡាសារក៏បង្រៀនយើងថាការប្រោសឲ្យរស់ឡើងវិញជាការពិត មិនមែនជារឿងព្រេងឡើយ។ ព្រះយេស៊ូបានប្រោសឡាសារឲ្យរស់ឡើងវិញនៅមុខសាក្សីជាច្រើននាក់។ សូម្បីតែអ្នកដឹកនាំសាសនាដែលធ្លាប់ស្អប់ព្រះយេស៊ូក៏មិនបានបដិសេធចំពោះហេតុការណ៍នោះដែរ។ ផ្ទុយទៅវិញ ពួកគេបាននិយាយគ្នាថា៖ «តើយើងត្រូវធ្វើដូចម្ដេច? ព្រោះមនុស្សនេះ[ព្រះយេស៊ូ]ធ្វើទីសំគាល់ច្រើនណាស់»។ (យ៉ូហាន ១១:៤៧) មនុស្សជាច្រើនបានទៅសួរសុខទុក្ខឡាសារដែលបានរស់ឡើងវិញនោះ។ ជាលទ្ធផល មនុស្សកាន់តែច្រើនបានជឿលើព្រះយេស៊ូ។ ពេលដែលឃើញឡាសារនោះ ពួកគេកំពុងតែឃើញភស្តុតាងដែលបញ្ជាក់ច្បាស់ថា ព្រះបានចាត់ព្រះយេស៊ូឲ្យយាងមកផែនដី។ ភស្តុតាងនេះគឺសឲ្យឃើញច្បាស់ដល់ម្ល៉េះដែលអ្នកដឹកនាំសាសនាដ៏រឹងចចេសខ្លះបានឃុបឃិតគ្នាសំឡាប់ព្រះយេស៊ូនិងឡាសារទៀតផង។—យ៉ូហាន ១១:៥៣; ១២:៩-១១
១៣. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាពិតជាអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ?
១៣ តើការជឿថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញគឺសមហេតុសមផលឬ? គឺសមហេតុសមផលមែន ពីព្រោះព្រះយេស៊ូបង្រៀនថា នៅថ្ងៃមុខ«អស់ទាំងខ្មោចនៅក្នុងផ្នូរ»នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨) ព្រះយេហូវ៉ាជាអ្នកបង្កើតជីវិតទាំងឡាយ។ តើនេះពិបាកឲ្យជឿឬថាទ្រង់អាចបង្កើតជីវិតមនុស្សម្ដងទៀតនោះ? យើងដឹងថានេះគឺអាស្រ័យលើការចងចាំរបស់ព្រះយេហូវ៉ា។ តើទ្រង់អាចចាំទេនូវមនុស្សជាទីស្រឡាញ់របស់យើងដែលបានស្លាប់ហើយនោះ? ក្នុងសកលលោកមានផ្កាយច្រើនឥតគណនា ក៏ប៉ុន្តែព្រះដាក់ឈ្មោះឲ្យផ្កាយនីមួយៗ! (អេសាយ ៤០:២៦) ដូច្នេះ ព្រះយេហូវ៉ាអាចចាំមនុស្សជាទីស្រឡាញ់របស់យើងព្រមទាំងព័ត៌មានល្អិតល្អន់អំពីពួកគេទៀត ហើយទ្រង់អាចប្រោសពួកគេឲ្យរស់ឡើងវិញ។
១៤, ១៥. យោងទៅតាមអ្វីដែលយ៉ូបបាននិយាយនោះ ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាមានព្រះទ័យចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ?
១៤ ក៏ប៉ុន្តែ តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណា ចំពោះការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ? ព្រះគម្ពីរបង្រៀនថាទ្រង់មានព្រះទ័យរំភើបចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ បុរសស្មោះត្រង់ម្នាក់ឈ្មោះយ៉ូប បានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។ យ៉ូបកំពុងតែនិយាយអំពីការរង់ចាំក្នុងផ្នូរទាល់តែពេលកំណត់មកដល់ដែលព្រះនឹងនឹកចាំគាត់។ យ៉ូបបានទូលប្រាប់ព្រះយេហូវ៉ាថា៖ «ទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។—យ៉ូប ១៤:១៣-១៥
១៥ សូមគិតទៅមើល! ព្រះយេហូវ៉ាពិតជាមានព្រះទ័យរំភើបចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ការដឹងថាព្រះយេហូវ៉ាមានព្រះទ័យដូច្នេះធ្វើឲ្យយើងសប្បាយចិត្តណាស់ មែនទេ? ក៏ប៉ុន្តែ តើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅថ្ងៃមុខនឹងកើតឡើងយ៉ាងដូចម្ដេច? តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? តើពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅកន្លែងណា?
«អស់ទាំងខ្មោចនៅក្នុងផ្នូរ»
១៦. តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងស្ថានភាពបែបណា?
១៦ កំណត់ហេតុព្រះគម្ពីរអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ក៏បង្រៀនយើងជាច្រើនអំពីការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃមុខ។ មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីបានជួបជុំជាមួយនឹងអ្នកជាទីស្រឡាញ់ម្ដងទៀត។ ការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃមុខគឺស្រដៀងគ្នា ប៉ុន្តែនោះគឺល្អជាងមុនឆ្ងាយណាស់។ ដូចដែលយើងបានរៀនក្នុងជំពូកទី៣ បំណងព្រះហឫទ័យរបស់ព្រះគឺធ្វើឲ្យផែនដីទាំងមូលទៅជាសួនមនោរម្យ។ ដូច្នេះមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកដែលពោរពេញទៅដោយសង្គ្រាម ឧក្រិដ្ឋកម្ម និងជំងឺទេ។ ពួកគេនឹងមានឱកាសរស់ជារៀងរហូតនៅលើផែនដីក្នុងស្ថានភាពប្រកបដោយសេចក្ដីសុខសាន្តនិងសុភមង្គល។
១៧. តើការប្រោសឲ្យរស់ឡើងវិញនឹងមានដល់កំរិតណា?
១៧ តើអ្នកណានឹងត្រូវប្រោសឲ្យរស់ឡើងវិញ? ព្រះយេស៊ូបានមានបន្ទូលថា៖ «អស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់[ព្រះយេស៊ូ] ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩, កំណែជាអក្សរទ្រេត) ស្រដៀងគ្នាដែរ វិវរណៈ ២០:១៣ប្រាប់ថា៖ «ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់»។ ឃ្លាដែលថា«ស្ថានឃុំព្រលឹងមនុស្សស្លាប់»គឺមានន័យជាអត្ថបដិរូបឬន័យធៀប។ នៅពេលដែលមនុស្សស្លាប់ទៅ គឺប្រៀបដូចជាពួកគេចូលកន្លែងអត្ថបដិរូបនោះ។ (សូមមើលការពន្យល់បន្ថែមដែលមានចំណងជើងថា «តើហ្សីអូលនិងហាដេសជាអ្វី?») ប៉ុន្តែនៅថ្ងៃខាងមុខមនុស្សស្លាប់នឹងលែងស្ថិតនៅកន្លែងនោះទៀត ពីព្រោះមនុស្សរាប់ពាន់លាននាក់ដែលបានស្លាប់នឹងរស់ឡើងវិញ។ សាវ័កប៉ុលបានសរសេរថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) តើនេះមានន័យដូចម្ដេច?
១៨. តើ«មនុស្សសុចរិត»ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះនឹងរួមបញ្ចូលអ្នកណាខ្លះ? តើសេចក្ដីសង្ឃឹមនេះប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
១៨ «មនុស្សសុចរិត»រួមបញ្ចូលមនុស្សជាច្រើនដែលយើងអានអំពីពួកគេក្នុងព្រះគម្ពីរ គឺជាអ្នកដែលធ្លាប់រស់មុនព្រះយេស៊ូប្រសូតមកនៅផែនដី។ អ្នកប្រហែលជាគិតអំពីណូអេ អ័ប្រាហាំ សារ៉ា ម៉ូសេ នាងរស់ នាងអេសធើរ និងមនុស្សជាច្រើនឯទៀត។ បុរសស្ត្រីខ្លះក្នុងចំណោមអ្នកទាំងនោះដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះ បានត្រូវរៀបរាប់ក្នុងហេព្រើរជំពូកទី១១។ ប៉ុន្តែ«មនុស្សសុចរិត»ក៏រួមបញ្ចូលអ្នកបំរើរបស់ព្រះយេហូវ៉ាដែលស្លាប់នៅសម័យយើងនេះដែរ។ ដោយសារមានសេចក្ដីសង្ឃឹមថាព្រះនឹងប្រោសយើងឲ្យរស់ឡើងវិញនោះ យើងមិនចាំបាច់ភ័យខ្លាចចំពោះសេចក្ដីស្លាប់ឡើយ។—ហេព្រើរ ២:១៥
១៩. តើ«មនុស្សទុច្ចរិត»សំដៅទៅអ្នកណាខ្លះ? តើព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរសដោយផ្ដល់ឱកាសអ្វីដល់ពួកគេ?
១៩ ចុះយ៉ាងណាវិញចំពោះមនុស្សដែលមិនធ្លាប់បំរើព្រះយេហូវ៉ាឬមិនស្ដាប់បង្គាប់ទ្រង់ដោយសារពួកគេមិនដែលស្គាល់ទ្រង់នោះ? ព្រះនឹងមិនភ្លេចមនុស្សរាប់ពាន់លាននាក់ទាំងនេះដែលជា«មនុស្សទុច្ចរិត»នោះឡើយ។ ពួកគេក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីមានពេលរៀនអំពីព្រះពិតហើយបំរើទ្រង់។ ក្នុងកំលុងពេលមួយពាន់ឆ្នាំ មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញដើម្បីមានឱកាសបំរើព្រះយេហូវ៉ានៅលើផែនដីជាមួយនឹងមនុស្សស្មោះភក្ដីឯទៀត។ ពេលនោះនឹងជាគ្រាសប្បាយណាស់! នេះជាគ្រាដែលព្រះគម្ពីរហៅថាថ្ងៃជំនុំជំរះ។b
២០. តើហ្គេហេណាជាអ្វី? តើអ្នកណាស្ថិតក្នុងហ្គេហេណា?
២០ តើនេះមានន័យថាមនុស្សទាំងអស់ដែលធ្លាប់រស់ពីមុននឹងត្រូវប្រោសឲ្យរស់ឡើងវិញឬ? មិនមែនទេ! ព្រះគម្ពីរប្រាប់ថាមនុស្សស្លាប់ខ្លះស្ថិតក្នុងហ្គេហេណា ដែលបកប្រែថា«នរក»ក្នុងព្រះគម្ពីរភាសាខ្មែរ។ (លូកា ១២:៥) ឈ្មោះហ្គេហេណាសំដៅលើកន្លែងចាក់សំរាមមួយដែលស្ថិតនៅខាងក្រៅទីក្រុងយេរូសាឡិមនៅសម័យបុរាណ។ នៅទីនោះ សពមនុស្សនិងសំរាមត្រូវដុតចោល។ សពមនុស្សដែលបោះចោលនៅទីនោះជនជាតិយូដាចាត់ទុកថា មិនសមនឹងកប់ឬប្រោសឲ្យរស់ឡើងវិញទេ។ ដូច្នេះ គឺសមរម្យដែលហ្គេហេណាត្រូវប្រើជានិមិត្តរូបតំណាងការបំផ្លាញចោលដែលមិនអាចរស់ឡើងវិញបានឡើយ។ ទោះជាព្រះយេស៊ូនឹងមានតួនាទីក្នុងការជំនុំជំរះមនុស្សរស់ហើយមនុស្សស្លាប់ក៏ពិតមែន តែព្រះយេហូវ៉ាជាចៅក្រមដែលមានអំណាចខ្ពស់បំផុត។ (កិច្ចការ ១០:៤២) មនុស្សដែលទ្រង់វិនិច្ឆ័យថាជាមនុស្សទុច្ចរិតដែលមិនព្រមកែប្រែនោះ ទ្រង់នឹងមិនប្រោសឲ្យរស់ឡើងវិញឡើយ។
ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌
២១, ២២. (ក) មានការប្រោសឲ្យរស់ឡើងវិញម្យ៉ាងទៀត តើនោះជាអ្វី? (ខ) តើអ្នកណាបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណមុនគេបង្អស់?
២១ ព្រះគម្ពីរក៏រៀបរាប់អំពីការប្រោសឲ្យរស់ឡើងវិញម្យ៉ាងទៀត ដែលជាការប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ ក្នុងព្រះគម្ពីរ មានឧទាហរណ៍តែមួយគត់អំពីការប្រោសឲ្យរស់ឡើងវិញជាន់មុនដំបូងនេះ គឺការប្រោសព្រះយេស៊ូគ្រីស្ទឲ្យរស់ឡើងវិញ។
២២ ក្រោយព្រះយេស៊ូត្រូវមនុស្សធ្វើគុតទ្រង់ ព្រះយេហូវ៉ាមិនបានឲ្យព្រះរាជបុត្រាស្មោះត្រង់របស់ទ្រង់នៅក្នុងផ្នូររហូតឡើយ។ (ទំនុកដំកើង ១៦:១០; កិច្ចការ ១៣:៣៤, ៣៥) ព្រះបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ប៉ុន្តែមិនមែនជាមនុស្សនោះទេ។ សាវ័កប៉ុលបានប្រាប់ឲ្យយើងដឹងថា ព្រះគ្រីស្ទបានត្រូវកប់ទៅ«ជារូបកាយខាងសាច់ឈាម» តែបានត្រូវប្រោសឲ្យរស់ឡើងវិញ«ជារូបកាយ ខាងវិញ្ញាណវិញ»។ (កូរិនថូសទី១ ១៥:៤២-៥០) នេះពិតជាអព្ភូតហេតុដ៏អស្ចារ្យណាស់! ព្រះយេស៊ូបានរស់ឡើងវិញជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា! (កូរិនថូសទី១ ១៥:៣-៦) ព្រះយេស៊ូគឺជាអ្នកដែលបានទទួលការប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណមុនគេបង្អស់។ (យ៉ូហាន ៣:១៣) ប៉ុន្តែក៏មានអ្នកឯទៀតផងដែរ។
២៣, ២៤. តើអ្នកណាជា«ហ្វូងតូច»របស់ព្រះយេស៊ូ? តើពួកគេមានគ្នាប៉ុន្មាននាក់?
២៣ ព្រះយេស៊ូបានមានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ថា ទ្រង់នឹង«រៀបកន្លែង»ឲ្យពួកគេ ពីព្រោះទ្រង់ជ្រាបថាបន្ដិចទៀតទ្រង់នឹងត្រឡប់ទៅស្ថានសួគ៌វិញ។ (យ៉ូហាន ១៤:២) ព្រះយេស៊ូបានមានបន្ទូលសំដៅទៅអ្នកដែលនឹងទៅស្ថានសួគ៌ថាជា«ហ្វូងតូច»របស់ទ្រង់។ (លូកា ១២:៣២) តើគ្រីស្ទានស្មោះភក្ដីមួយក្រុមតូចនេះមានគ្នាប៉ុន្មាននាក់? នៅវិវរណៈ ១៤:១ សាវ័កយ៉ូហានប្រាប់ថា៖ «ខ្ញុំក្រឡេកទៅឃើញកូនចៀម[ព្រះយេស៊ូគ្រីស្ទ]ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ»។
២៤ ជនគ្រីស្ទានដែលមានចំនួន១៤៤.០០០នាក់រួមបញ្ចូលសាវ័កស្មោះភក្ដីរបស់ព្រះយេស៊ូត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ តើការប្រោសឲ្យរស់ឡើងវិញនោះកើតឡើងនៅពេលណា? សាវ័កប៉ុលសរសេរថានោះនឹងកើតឡើងក្នុងកំលុងការយាងមករបស់ព្រះគ្រីស្ទឬវត្តមានរបស់ទ្រង់។ (កូរិនថូសទី១ ១៥:២៣) ក្នុងជំពូកទី៩អ្នកនឹងរៀនដឹងថាយើងកំពុងតែរស់នៅគ្រានោះហើយ។ ដូច្នេះនៅសម័យយើងនេះ មនុស្សក្នុងចំណោម១៤៤.០០០នាក់ដែលនៅរស់លើផែនដីនឹងត្រូវប្រោសឲ្យរស់ឡើងវិញភ្លាមៗនៅស្ថានសួគ៌ក្រោយពីពួកគេបានស្លាប់។ (កូរិនថូសទី១ ១៥:៥១-៥៥) ក៏ប៉ុន្តែមនុស្សភាគច្រើនមានសេចក្ដីសង្ឃឹមទទួលការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃមុខក្នុងផែនដីមនោរម្យ។
២៥. ក្នុងជំពូកបន្ទាប់ តើយើងនឹងរៀនអំពីអ្វី?
២៥ ពិតមែន ព្រះយេហូវ៉ាពិតជានឹងយកឈ្នះសត្រូវរបស់យើងគឺសេចក្ដីស្លាប់ ហើយសត្រូវនេះនឹងលែងមានតទៅទៀត! (អេសាយ ២៥:៨) ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថា ‹តើអ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌នឹងធ្វើអ្វីនៅទីនោះ?›។ ពួកគេនឹងធ្វើជាសមាជិកនៃរាជរដ្ឋាភិបាលដ៏អស្ចារ្យមួយនៅស្ថានសួគ៌។ យើងនឹងរៀនថែមទៀតអំពីរដ្ឋាភិបាលនោះក្នុងជំពូកបន្ទាប់។
[កំណត់សម្គាល់]
a កំណត់ហេតុឯទៀតមាននៅពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧; ១៣:២០, ២១; ម៉ាថាយ ២៨:៥-៧; លូកា ៧:១១-១៧; ៨:៤០-៥៦; កិច្ចការ ៩:៣៦-៤២; ហើយ២០:៧-១២។
b ដើម្បីបានការពន្យល់ថែមទៀតអំពីថ្ងៃជំនុំជំរះនិងមូលដ្ឋានសំរាប់ការជំនុំជំរះនោះ សូមមើលព័ត៌មានបន្ថែមនៅការពន្យល់បន្ថែមដែលមានចំណងជើងថា «តើថ្ងៃជំនុំជំរះជាអ្វី?»។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ កំណត់ហេតុព្រះគម្ពីរស្តីអំពីការប្រោសឲ្យរស់ឡើងវិញផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមពិត។—យ៉ូហាន ១១:៣៩-៤៤
▪ ព្រះយេហូវ៉ាមានព្រះទ័យរំភើបចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៣-១៥
▪ មនុស្សទាំងអស់ដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
[រូបភាពនៅទំព័រ៧៩]
ការប្រោសឡាសាឲ្យរស់ឡើងវិញបានធ្វើឲ្យមនុស្សមានអំណរក្រៃលែង។—យ៉ូហាន ១១:៣៨-៤៤
[រូបភាពនៅទំព័រ៧៩]
អេលីយ៉ាបានប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ។—ពង្សាវតារក្សត្រទី១ ១៧:១៧-២៤
[រូបភាពនៅទំព័រ៧៩]
សាវ័កពេត្រុសបានប្រោសស្ត្រីគ្រីស្ទានម្នាក់ឈ្មោះតេប៊ីថាឲ្យរស់ឡើងវិញ។—កិច្ចការ ៩:៣៦-៤២
[រូបភាពនៅទំព័រ៨៥]
ក្នុងសួនមនោរម្យ មនុស្សស្លាប់នឹងរស់ឡើងវិញហើយជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេម្ដងទៀត