ការបញ្ចេញពន្លឺក្នុងសម័យនៃពួកសាវ័ក
«ពន្លឺបានបញ្ចេញឡើង សំរាប់មនុស្សសុចរិត នឹងសេចក្ដីអំណរ សំរាប់មនុស្សដែលមានចិត្តទៀងត្រង់»។—ទំនុកដំកើង ៩៧:១១, ព.ថ.
១. តើស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះមានសភាពដូចនឹងពួកគ្រីស្ទានពីសម័យដើមយ៉ាងដូចម្ដេច?
ជាជនគ្រីស្ទានពិត យើងមានចិត្តអបអរនឹងពាក្យក្នុងទំនុកដំកើង ៩៧:១១នេះណាស់! ‹ពន្លឺបានបញ្ចេញឡើង›ម្ដងហើយម្ដងទៀតសំរាប់យើងមែន។ ពិតហើយ ពួកយើងខ្លះបានឃើញការបំភ្លឺរបស់ព្រះយេហូវ៉ាជាច្រើនទសវត្សមកហើយ។ ការទាំងនេះរំឭកយើងអំពីសុភាសិត ៤:១៨ ដែលអានថា៖ «តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ ដោយសារយើងអបអរនឹងតម្លៃព្រះគម្ពីរជាងតាមទំនៀមទំលាប់នោះ ជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា យើងមានសភាពដូចនឹងពួកគ្រីស្ទានពីសម័យដើមដែរ។ យើងអាចឃើញអាកប្បកិរិយារបស់គេយ៉ាងច្បាស់ពីសៀវភៅខាងប្រវត្ដិសាស្ត្រនៃបទគម្ពីរគ្រីស្ទានភាសាក្រិក និងពីសំបុត្រដែលបានបណ្ដាលឲ្យសរសេរដោយព្រះវិញ្ញាណរបស់ព្រះ។
២. តើមានអ្វីខ្លះក្នុងចំណោមការបញ្ចេញពន្លឺដំបូង ដែលពួកអ្នកកាន់តាមព្រះយេស៊ូបានទទួលនោះ?
២ ក្នុងចំណោមការបញ្ចេញពន្លឺដំបូង ដែលពួកអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទពីសម័យដើមបានទទួលនោះ គឺអំពីព្រះមេស្ស៊ី។ អនទ្រេបានប្រាប់បងប្រុសរបស់គាត់ ឈ្មោះស៊ីម៉ូនពេត្រុសថា៖ «យើងបានឃើញព្រះមែស៊ីហើយ»។ (យ៉ូហាន ១:៤១) មិនយូរប៉ុន្មានក្រោយមក ព្រះវរបិតានៅលើស្ថានសួគ៌បានឲ្យសាវ័កពេត្រុសឆ្លើយជាសាក្សីតាមរបៀបដែលបង្ហាញឲ្យឃើញនូវទស្សនៈនោះ នៅពេលដែលគាត់បានមានប្រសាសន៍ទៅព្រះយេស៊ូគ្រីស្ទថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត»។—ម៉ាថាយ ១៦:១៦, ១៧; យ៉ូហាន ៦:៦៨, ៦៩
ពន្លឺចំពោះមុខងារផ្សាយរបស់គេ
៣, ៤. ក្រោយពីទ្រង់បានរស់ឡើងវិញ តើព្រះយេស៊ូបានផ្ដល់ការបំភ្លឺអ្វីទៅពួកអ្នកកាន់តាមទ្រង់ ចំពោះសកម្មភាពរបស់គេនៅអនាគតនោះ?
៣ ក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូបានផ្ដល់ឲ្យការបំភ្លឺចំពោះកាតព្វកិច្ចមួយសំរាប់ពួកអ្នកកាន់តាមទ្រង់។ នេះគឺប្រហែលជាសំរាប់ពួកសិស្ស៥០០នាក់របស់ទ្រង់ដែលបានមកជួបជុំគ្នានៅស្រុកកាលីឡេ ដែលទ្រង់បានមានបន្ទូលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថាយ ២៨:១៩, ២០; កូរិនថូសទី១ ១៥:៦) នៅពេលក្រោយមក ពួកអ្នកកាន់តាមព្រះគ្រីស្ទបានតម្រូវឲ្យធ្វើជាអ្នកផ្សាយ ហើយមុខងារផ្សាយរបស់គេមិនមែនត្រឹមតែសំរាប់ដល់«ចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែល»ប៉ុណ្ណោះទេ។ (ម៉ាថាយ ១០:៦) ហើយពួកគេក៏មិនត្រូវធ្វើពិធីជ្រមុជទឹករបស់យ៉ូហានជានិមិត្តរូបនៃការប្រែចិត្តសំរាប់ការអត់ឱនទោសនៃអំពើបាបឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវជ្រមុជទឹកមនុស្ស«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។
៤ មុននឹងព្រះយេស៊ូយាងទៅស្ថានសួគ៌ សាវ័កស្មោះត្រង់១១នាក់របស់ទ្រង់បានសួរថា៖ «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអីដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ? ជាជាងឆ្លើយនឹងសំនួរនេះ ព្រះយេស៊ូបានផ្ដល់ឲ្យបញ្ជាថែមទៀតអំពីមុខងារផ្សាយរបស់គេ ដោយមានបន្ទូលថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។ មុនពេលនោះ ពួកគេបានធ្វើបន្ទាល់ដល់ព្រះយេហូវ៉ាទាំងស្រុង ប៉ុន្តែឥឡូវនេះពួកគេក៏ត្រូវធ្វើបន្ទាល់អំពីព្រះគ្រីស្ទដែរ។—កិច្ចការ ១:៦-៨
៥, ៦. តើពួកសិស្សរបស់ព្រះយេស៊ូបានទទួលការបញ្ចេញពន្លឺអ្វីនៅបុណ្យភិន្ដាកុស?
៥ គ្រាន់តែដប់ថ្ងៃក្រោយមក ពួកអ្នកកាន់តាមព្រះយេស៊ូបានទទួលការបញ្ចេញពន្លឺដ៏អស្ចារ្យ! នៅថ្ងៃបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. ជាលើកដំបូងដែលពួកគេបានយល់យ៉ាងច្បាស់នូវសារៈសំខាន់នៃសៀវភៅយ៉ូអែល ២:២៨, ២៩៖ «អញ[ព្រះយេហូវ៉ា]នឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្ដិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ»។ ពួកសិស្សរបស់ព្រះយេស៊ូបានឃើញព្រះវិញ្ញាណបរិសុទ្ធ តាមសណ្ឋានជាអណ្ដាត ហាក់បីដូចជាភ្លើងនៅលើក្បាលរបស់គេទាំងអស់គ្នា—មានប្រុសស្រីប្រមាណ១២០នាក់—បានមកជួបជុំគ្នានៅក្នុងទីក្រុងយេរូសាឡិម។—កិច្ចការ ១:១២-១៥; ២:១-៤
៦ ហើយនៅថ្ងៃបុណ្យភិន្ដាកុសនោះដែរ ពួកសិស្សបានយល់ជាលើកដំបូងថា ពាក្យនៅទំនុកដំកើង ១៦:១០ បានទាក់ទងនឹងព្រះយេស៊ូគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញហើយនោះ។ អ្នកទំនុកដំកើងបានមានប្រសាសន៍ថា៖ «ដ្បិតទ្រង់[ព្រះយេហូវ៉ា]មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ»។ ពួកសិស្សបានដឹងថា ពាក្យទាំងនោះច្បាស់ជាមិនទាក់ទងនឹងស្តេចដាវីឌទេ ដ្បិតផ្នូររបស់ទ្រង់បាននៅជាមួយពួកគេរហូតដល់ថ្ងៃនោះ។ មិនជាការគួរឲ្យភ្ញាក់ផ្អើលទេ ដែលមនុស្សប្រមាណ៣.០០០នាក់ដែលបានឮការពន្យល់ថ្មីនេះ បានជឿជាក់យ៉ាងខ្លាំងដែលពួកគេបានជ្រមុជទឹកនៅថ្ងៃនោះតែម្ដង!—កិច្ចការ ២:១៤-៤១
៧. តើពន្លឺដ៏អស្ចារ្យអ្វីដែលសាវ័កពេត្រុសបានទទួល ក្នុងកំឡុងទៅជួបមេទ័ពរ៉ូម៉ាំងម្នាក់ឈ្មោះកូនេលាសនោះ?
៧ ជាច្រើនសតវត្សកន្លងមក ពួកជនជាតិអ៊ីស្រាអែលបានអបអរនូវអ្វីដែលព្រះបានមានបន្ទូលអំពីពួកគេ៖ «ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ»។ (អេម៉ុស ៣:២) ដូច្នេះជាការបញ្ចេញពន្លឺដ៏អស្ចារ្យមែន ដែលសាវ័កពេត្រុសនិងពួកអ្នកដែលទៅជាមួយគាត់បានទទួល កាលដែលពួកគេទៅផ្ទះមេទ័ពរ៉ូម៉ាំងម្នាក់ឈ្មោះកូនេលាស ដ្បិតពេលនោះព្រះវិញ្ញាណបរិសុទ្ធបានចាក់មកលើពួកជឿនៃសាសន៍ដទៃជាលើកដំបូង។ ជាការគួរឲ្យកត់សម្គាល់ដែរ ពីព្រោះនេះជាវេលាតែម្ដងគត់ដែលព្រះវិញ្ញាណបរិសុទ្ធបានចាក់មកលើបុគ្គល មុននឹងពិធីជ្រមុជទឹកនោះ។ ប៉ុន្តែនេះជាការចាំបាច់ដែលត្រូវធ្វើដូច្នោះ។ បើមិនដូច្នេះទេ ពេត្រុសនឹងមិនដឹងថា ពួកដែលមិនកាត់ស្បែកនៃសាសន៍ដទៃ មានសិទ្ធិទទួលជ្រមុជទឹកឬមិនមានទទួលនោះទេ។ ដោយអបអរយ៉ាងពេញលេញនៃសារៈសំខាន់នៃបាតុភូតនេះ ពេត្រុសបានសួរថា៖ «តើមានអ្នកណាអាចនឹងឃាត់ មិនឲ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានឬទេ ដែលពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។ ពិតហើយ ពួកអ្នកដែលមានវត្តមាននៅទីនោះមិនអាចបដិសេធបានទេ ដូច្នេះពិធីជ្រមុជទឹកនៃពួកសាសន៍ដទៃទាំងនេះក៏បានកើតឡើងទៅ។—កិច្ចការ ១០:៤៤-៤៨; ប្រៀបធៀបកិច្ចការ ៨:១៤-១៧
លែងមានការកាត់ស្បែក
៨. ហេតុអ្វីក៏ពួកគ្រីស្ទានពីសម័យដើមមានការពិបាកក្នុងការបោះបង់ចោលលទ្ធិនៃការកាត់ស្បែក?
៨ ការបញ្ចេញពន្លឺនៃសេចក្ដីពិតថែមទៀតគឺទាក់ទងនឹងសំនួរនៃការកាត់ស្បែក។ វិធីប្រតិបត្ដិការកាត់ស្បែកបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩១៩ ម.ស.យ. ជាមួយនឹងកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំ។ នៅពេលនោះ ព្រះបានបញ្ជាឲ្យអ័ប្រាហាំនិងគ្រប់កូនចៅប្រុសៗក្នុងគ្រួសាររបស់គាត់ឲ្យកាត់ស្បែក។ (លោកុប្បត្តិ ១៧:៩-១៤, ២៣-២៧) ដូច្នេះការកាត់ស្បែកជាអត្ថសញ្ញាណនៃកូនចៅរបស់អ័ប្រាហាំ។ ហើយពួកគេបានពេញចិត្តអំពីការប្រតិបត្ដិនេះណាស់! ជាលទ្ធផល «ពួកមិនកាត់ស្បែក»បានក្លាយទៅជាពាក្យនៃការមើលងាយទៅវិញ។ (អេសាយ ៥២:១; សាំយូអែលទី១ ១៧:២៦, ២៧) ដូច្នេះ ជាការស្រួលនឹងឃើញនូវមូលហេតុដែលពួកគ្រីស្ទានសាសន៍យូដាពីសម័យដើមចង់ទុកបន្តសញ្ញានេះ។ ពួកគេខ្លះបានពិគ្រោះយ៉ាងច្រើនជាមួយប៉ុលនិងបាណាបាសអំពីរឿងនេះ។ ដើម្បីនឹងដោះស្រាយ ប៉ុលនិងអ្នកឯទៀតបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីនឹងសុំយោបល់ពីគណៈអភិបាល។—កិច្ចការ ១៥:១, ២
៩. តើការបញ្ចេញពន្លឺអ្វីដែលបានសម្ដែងឲ្យឃើញដល់គណៈអភិបាលពីដើម ដូចបានកត់ទុកនៅកិច្ចការជំពូក ១៥?
៩ ក្នុងស្ថានការណ៍នេះ មិនមែនតាមរយៈអព្ភូតហេតុដ៏អស្ចារ្យនោះទេ ដែលពួកគ្រីស្ទានពីសម័យដើមបានទទួលពន្លឺថា ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាលែងត្រូវការកាត់ស្បែកនោះ។ ផ្ទុយទៅវិញ ពួកគេបានទទួលពន្លឺដោយការពិនិត្យពិច័យបទគម្ពីរ ហើយទុកចិត្តទៅលើព្រះវិញ្ញាណបរិសុទ្ធសំរាប់ការណែនាំ និងការឮការពិសោធរបស់ពេត្រុសនិងប៉ុល ចំពោះការផ្លាស់ជំនឿនៃពួកសាសន៍ដទៃដែលមិនកាត់ស្បែក។ (កិច្ចការ ១៥:៦-២១) សេចក្ដីសម្រេចបានចេញក្នុងសំបុត្រមួយ ដែលអានថា៖ «ព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១»។ (កិច្ចការ ១៥:២៨, ២៩) ដូច្នេះ ពួកគ្រីស្ទានពីសម័យដើមបានរួចចេញពីបញ្ជានៃការកាត់ស្បែក ហើយរួចចេញពីតម្រូវផ្សេងៗទៀតនៃច្បាប់របស់លោកម៉ូសេ។ ដូច្នេះហើយបានជាប៉ុលអាចប្រាប់ពួកជនគ្រីស្ទាននៃក្រុងកាឡាទីថា៖ «ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ»។—កាឡាទី ៥:១
ពន្លឺនៅក្នុងដំណឹងល្អ
១០. តើមានការបញ្ចេញពន្លឺអ្វីខ្លះដែលបានសម្ដែងក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយ?
១០ គឺគ្មានការសង្ស័យឡើយ ដែលថាសៀវភៅដំណឹងល្អរបស់ម៉ាថាយបានសរសេរមកនៅឆ្នាំ ៤១ ស.យ. មានការបញ្ចេញពន្លឺជាច្រើនសំរាប់ប្រយោជន៍ដល់ពួកអ្នកអាន។ ពួកគ្រីស្ទាននៅសតវត្សទីមួយភាគតិចណាស់ដែលបានឮព្រះយេស៊ូពន្យល់ការបង្រៀនរបស់ទ្រង់នោះ។ សៀវភៅដំណឹងល្អរបស់ម៉ាថាយ ជាពិសេសបានបញ្ជាក់ថាផ្ទៃរឿងនៃការផ្សាយរបស់ព្រះយេស៊ូគឺអំពីព្រះរាជាណាចក្រ។ ហើយព្រះយេស៊ូបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវសារៈសំខាន់នៃការមានបំណងចិត្តត្រឹមត្រូវ! គឺមានការបញ្ចេញពន្លឺល្អជាច្រើនមែន ដូចនៅក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ ហើយនៅក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់ (ដូចជាបានកត់ទុកនៅជំពូកទី១៣) ហើយនៅក្នុងទំនាយដ៏ល្បីរបស់ទ្រង់ក្នុងជំពូក២៤និង២៥! រឿងទាំងនេះបានធ្វើឲ្យពួកគ្រីស្ទានពីសម័យដើមបានដឹង នៅក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយដែលបានសរសេរមកប្រមាណប្រាំបីឆ្នាំក្រោយពីបុណ្យភិន្ដាកុសនៅឆ្នាំ ៣៣ ស.យ.។
១១. តើបញ្ជីរឿងនៃសៀវភៅដំណឹងល្អរបស់លូកានិងម៉ាកុស អាចនិយាយយ៉ាងណាបាន?
១១ ប្រមាណ១៥ឆ្នាំក្រោយមក លូកាបានសរសេរសៀវភៅដំណឹងល្អរបស់គាត់។ ថ្វីបើសាច់រឿងមានស្រដៀងគ្នានឹងដំណើររឿងរបស់ម៉ាថាយក្ដី តែមាន៥៩ភាគរយថែមពីលើនោះទៅទៀត។ លូកាបានកត់ទុកអព្ភូតហេតុប្រាំមួយរបស់ព្រះយេស៊ូ ហើយមានរឿងប្រៀបប្រដូចរបស់ទ្រង់លើសជាងគេជាពីរដង ដែលមិនបានរៀបរាប់មកដោយអ្នកសរសេរសៀវភៅដំណឹងល្អឯទៀត។ បីបួនឆ្នាំក្រោយមក ម៉ាកុសបានសរសេរសៀវភៅដំណឹងល្អរបស់គាត់ ដោយដៅបញ្ជាក់ព្រះយេស៊ូជាអ្នកដែលមានសកម្មភាព អ្នកសម្ដែងអព្ភូតហេតុ។ ថ្វីបើម៉ាកុសបានរៀបរាប់នូវព្រឹត្ដិការណ៍ដែលបានរៀបរាប់ដោយម៉ាថាយនិងលូកាហើយក្ដី តែគាត់បានកត់ទុករឿងប្រៀបប្រដូចមួយដែលពួកគេទាំងពីរមិនបានកត់ទុកសោះ។ ក្នុងរឿងប្រៀបប្រដូចនោះ ព្រះយេស៊ូបានប្រដូចព្រះរាជាណាចក្ររបស់ព្រះទៅនឹងពូជដែលមានពន្លក ដុះឡើងខ្ពស់ ហើយមានផ្លែបន្ដិចម្ដងៗ។a—ម៉ាកុស ៤:២៦-២៩
១២. តើដល់កំរិតណាដែលសៀវភៅដំណឹងល្អរបស់យ៉ូហានផ្ដល់ការបំភ្លឺទៀតនោះ?
១២ រួចមកក៏មានសៀវភៅដំណឹងល្អរបស់យ៉ូហានដែរ ដែលបានសរសេរមកជាង៣០ឆ្នាំក្រោយពីម៉ាកុសបានសរសេរដំណើររឿងរបស់គាត់។ លោកយ៉ូហានបានបញ្ចេញពន្លឺជាច្រើនអំពីកិច្ចផ្សាយរបស់ព្រះយេស៊ូ ជាពិសេសចំពោះការរស់នៅមុននឹងប្រសូតជាមនុស្ស! មានតែលោកយ៉ូហានទេដែលផ្ដល់នូវដំណើររស់ឡើងវិញរបស់ឡាសា ហើយមានតែគាត់ទេ ដែលផ្ដល់ឲ្យសេចក្ដីសង្កេតរបស់ព្រះយេស៊ូទៅពួកសាវ័កស្មោះត្រង់ ព្រមទាំងការអធិស្ឋានយ៉ាងកក់ក្ដៅក្នុងយប់ដែលគេក្បត់ទ្រង់ ដែលបានកត់ទុកនៅក្នុងជំពូក១៣ទៅ១៧។ តាមការពិត គេត្រូវបានដឹងថា ៩២ភាគរយនៃសៀវភៅដំណឹងល្អរបស់យ៉ូហានគឺអស្ចារ្យណាស់!
ការបញ្ចេញពន្លឺក្នុងសំបុត្រទាំងឡាយរបស់ប៉ុល
១៣. ហេតុអ្វីក៏អ្នកខ្លះគិតថា សំបុត្ររបស់ប៉ុលទៅពួករ៉ូម៉ាំងហាក់បីដូចជាសៀវភៅដំណឹងល្អដូច្នេះ?
១៣ សាវ័កប៉ុលត្រូវបានប្រើជាពិសេស ក្នុងការបញ្ចេញពន្លឺនៃសេចក្ដីពិតដល់ពួកជនគ្រីស្ទានរស់នៅក្នុងសម័យនៃពួកសាវ័ក។ ជាដំបូង ប៉ុលបានសរសេរសំបុត្រទៅពួករ៉ូម៉ាំង ដែលបានសរសេរមកក្នុងឆ្នាំ៥៦ ស.យ.—គឺដំណាលពេលដែលលូកាបានសរសេរសៀវភៅដំណឹងល្អរបស់គាត់។ ក្នុងសំបុត្រនោះ ប៉ុលបានបញ្ជាក់នូវសេចក្ដីសុចរិតនឹងមានឡើង ជាលទ្ធផលនៃព្រះគុណដែលគ្មានសិទ្ធិទទួល ហើយតាមរយៈជំនឿទៅលើព្រះយេស៊ូគ្រីស្ទ។ ការបញ្ជាក់របស់ប៉ុលអំពីទិដ្ឋភាពនេះនៃដំណឹងល្អ បានធ្វើឲ្យអ្នកខ្លះគិតថាសំបុត្ររបស់គាត់ទៅពួករ៉ូម៉ាំង ហាក់បីដូចជាសៀវភៅដំណឹងល្អលេខប្រាំអញ្ចឹង។
១៤-១៦. (ក) ក្នុងសំបុត្រទីមួយរបស់គាត់ជូនទៅពួកជនគ្រីស្ទានកូរិនថូស តើប៉ុលបានបញ្ចេញពន្លឺយ៉ាងណាដែរចំពោះសាមគ្គីភាពនោះ? (ខ) តើមានពន្លឺអ្វីទៀតនៅក្នុងកូរិនថូសទីមួយចំពោះចរិយានោះ?
១៤ ប៉ុលបានសរសេរអំពីរឿងខ្លះ ដែលពួកជនគ្រីស្ទាននៅទីក្រុងកូរិនថូសមានបញ្ហា។ សំបុត្ររបស់គាត់ជូនពួកកូរិនថូសរួមបញ្ចូលឱវាទដែលព្រះបានបណ្ដាលមក ដែលពួកជនគ្រីស្ទានបានទទួលប្រយោជន៍រហូតមកដល់សម័យយើងនេះ។ ជាដំបូង គាត់ត្រូវតែបំភ្លឺពួកកូរិនថូសចំពោះកំហុសដែលពួកគេកំពុងតែធ្វើក្នុងការគោរពដល់បុគ្គលធំដុំណាមួយ។ សាវ័កប៉ុលបានកែគំនិតរបស់គេ ដោយប្រាប់ពួកគេយ៉ាងក្លាហានថា៖ «ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្ដីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ»។—កូរិនថូសទី១ ១:១០-១៥
១៥ ពួកជនគ្រីស្ទាននៅទីក្រុងកូរិនថូសបានត្រាប្រណីនឹងអំពើអសីលធម៌ដ៏ធ្ងន់។ នៅទីនោះ បុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន ដែលប្រព្រឹត្ត‹អំពើសហាយស្មន់បែបនេះមិនទាំងមាននៅក្នុងសាសន៍ផង›។ ប៉ុលបានសរសេរយ៉ាងត្រង់ថា៖ «ត្រូវឲ្យអ្នករាល់គ្នាបណ្ដេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»។ (កូរិនថូសទី១ ៥:១, ១១-១៣) ការបណ្ដាច់មិត្តភាព—ជាអ្វីមួយដែលក្រុមជំនុំគ្រីស្ទានមិនដែលជួបប្រទះទេ។ រឿងមួយទៀតដែលពួកក្រុមជំនុំកូរិនថូសត្រូវការការបំភ្លឺនោះ គឺទាក់ទងនឹងហេតុការណ៍ពិតថា សមាជិកខ្លះបានយកបងប្អូនខាងវិញ្ញាណរបស់គេទៅតុលាការខាងលោកីយ៍ ដើម្បីនឹងដោះស្រាយរឿងអយុត្ដិធម៌ណាមួយ។ ប៉ុលបានស្តីបន្ទោសពួកគេយ៉ាងខ្លាំងដោយការប្រព្រឹត្តបែបនេះ។—កូរិនថូសទី១ ៦:៥-៨
១៦ រឿងមួយទៀតដែលក្រុមជំនុំពួកកូរិនថូសមានទុក្ខលំបាកនោះ គឺជាប់ទាក់ទងនឹងការរួមសង្វាស។ នៅកូរិនថូសទី១ជំពូក៧ប៉ុលបានបង្ហាញថា ដោយសារតែមានអំពើអសីលធម៌ខាងកាមជាច្រើន ជាការដ៏ល្អដែលពួកបុរសគ្រប់ៗគ្នាត្រូវមានប្រពន្ធផ្ទាល់ខ្លួន ហើយស្ត្រីគ្រប់ៗគ្នាត្រូវមានប្ដីផ្ទាល់ខ្លួន។ ប៉ុលក៏បានបង្ហាញថា ថ្វីបើបុគ្គលនៅលីវអាចបំរើព្រះដោយមានការរំខានតិចក្ដី មិនមែនបុគ្គលទាំងអស់មាននិស្ស័យជាភាពនៅលីវនោះបានទេ។ ហើយបើសិនជាប្ដីរបស់ស្ត្រីម្នាក់បានស្លាប់ទៅ នាងអាចរៀបការម្ដងទៀតបាន ប៉ុន្តែ«ឲ្យតែយកក្នុងព្រះអម្ចាស់»។—កូរិនថូសទី១ ៧:៣៩
១៧. ចំពោះការបង្រៀននៃដំណើររស់ឡើងវិញ តើប៉ុលបានបញ្ចេញពន្លឺយ៉ាងណាដែរ?
១៧ ព្រះអម្ចាស់បានប្រើប៉ុលដើម្បីនឹងបញ្ចេញឲ្យឃើញអំពីដំណើររស់ឡើងវិញដែរ! តើពួកជនគ្រីស្ទានចាក់ប្រេងតាំងនឹងប្រោសឲ្យរស់ឡើងវិញក្នុងរូបកាយប្រភេទណា? ប៉ុលបានសរសេរថា៖ «បានកប់ជារូបកាយខាងសាច់ឈាម តែរស់ឡើងជារូបកាយខាងវិញ្ញាណវិញ»។ រូបកាយខាងសាច់ឈាមមិនអាចយកទៅស្ថានសួគ៌បានទេ ដ្បិត«សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ»។ ប៉ុលបាននិយាយបន្ថែមថា មិនមែនពួកអ្នកចាក់ប្រេងតាំងទាំងអស់នឹងស្លាប់នោះទេ ប៉ុន្តែក្នុងកំឡុងវត្តមានរបស់ព្រះយេស៊ូ បុគ្គលខ្លះនឹងប្រោសឲ្យរស់បានជីវិតអមតៈមួយរំពេចភ្លាមក្រោយពីស្លាប់ទៅ។—កូរិនថូសទី១ ១៥:៤៣-៥៣
១៨. សំបុត្រទីមួយរបស់ប៉ុលទៅពួកថែស្សាឡូនីច មានការទាក់ទងអ្វីខ្លះចំពោះអនាគត?
១៨ ក្នុងសំបុត្ររបស់គាត់ជូនទៅពួកជនគ្រីស្ទាននៅថែស្សាឡូនីច ប៉ុលត្រូវបានប្រើឲ្យបញ្ចេញពន្លឺចំពោះអនាគត។ ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ដូចជាចោរមកនៅពេលយប់អញ្ចឹង។ ប៉ុលបានពន្យល់ថា៖ «ដ្បិតកាលណាគេកំពុងតែនិយាយថាមានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។—ថែស្សាឡូនីចទី១ ៥:២, ៣
១៩, ២០. ក្នុងសំបុត្ររបស់ប៉ុលជូនពួកហេព្រើរ តើពួកជនគ្រីស្ទាននៅក្នុងក្រុងយេរូសាឡិមនិងយូដាបានទទួលការបញ្ចេញពន្លឺអ្វីខ្លះ?
១៩ ដោយសរសេរសំបុត្ររបស់គាត់ទៅពួកហេព្រើរ ប៉ុលក៏បាននិយាយរៀបរាប់ពីការបញ្ចេញពន្លឺទៅពួកគ្រីស្ទានពីសម័យដើមនៅក្នុងក្រុងយេរូសាឡិមនិងយូដាដែរ។ គាត់បានបង្ហាញយ៉ាងអង់អាចនូវឧត្តមភាពនៃប្រព័ន្ធការថ្វាយបង្គំជនគ្រីស្ទាន ទៅលើនឹងប្រព័ន្ធការថ្វាយបង្គំរបស់ម៉ូសេ! ជាជាងកាន់តាមច្បាប់ដែលបានបញ្ជូនមកតាមពួកទេវតា ពួកជនគ្រីស្ទានមានជំនឿក្នុងការសង្គ្រោះដែលរាជបុត្រារបស់ព្រះបានមានបន្ទូលមក ដែលមានភាពខ្ពង់ខ្ពស់ជាងពួកទេវតាដែលនាំសារនោះទៅទៀត។ (ហេព្រើរ ២:២-៤) ម៉ូសេគ្រាន់តែជាអ្នកឆ្មាំក្នុងដំណាក់ព្រះប៉ុណ្ណោះទេ។ ប៉ុន្តែ ព្រះយេស៊ូគ្រីស្ទធ្វើជាប្រធានទៅលើដំណាក់ទាំងមូល។ ព្រះគ្រីស្ទជាសម្ដេចសង្ឃតាមរបៀបលោកម៉ិលគីស្សាដែក ដែលមានឋានៈដ៏ខ្ពង់ខ្ពស់ជាងពួកសង្ឃខាងអើរ៉ុនទៅទៀត។ ប៉ុលក៏បានចង្អុលប្រាប់ថា ជនជាតិអ៊ីស្រាអែលមិនអាចចូលទៅក្នុងដំណាក់របស់ព្រះបានទេ ពីព្រោះដោយការគ្មានជំនឿនិងការគោរពស្ដាប់បង្គាប់ ប៉ុន្តែជនគ្រីស្ទានអាចចូលបានពីព្រោះពួកគេមានសេចក្ដីស្មោះត្រង់និងការគោរពស្ដាប់បង្គាប់។—ហេព្រើរ ៣:១–៤:១១
២០ រួចមក កិច្ចព្រមព្រៀងថ្មីគឺមានភាពខ្ពង់ខ្ពស់ជាងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យទៅទៀតដែរ។ ដូចបានទាយមក៦០០ឆ្នាំមុននៅយេរេមា ៣១:៣១-៣៤ ពួកអ្នកដែលនៅក្នុងកិច្ចព្រមព្រៀងថ្មីមានច្បាប់របស់ព្រះបានចារនៅក្នុងចិត្តរបស់គេ ហើយអាចទទួលការអត់ឱនទោសពីអំពើបាប។ ជាជាងមានសម្ដេចសង្ឃថ្វាយយញ្ញបូជាជារៀងរាល់ឆ្នាំសំរាប់អំពើបាបខ្លួននិងរបស់អ្នកដទៃនោះ ពួកជនគ្រីស្ទានមានព្រះយេស៊ូគ្រីស្ទជាសម្ដេចសង្ឃរបស់គេ ដែលគ្មានបាប ដែលបានថ្វាយយញ្ញបូជាសំរាប់អំពើបាបជាស្ថាពរ។ ជាជាងចូលទៅក្នុងកន្លែងបរិសុទ្ធដែលធ្វើដោយដៃដើម្បីនឹងថ្វាយតង្វាយនោះ ទ្រង់បានចូលទៅក្នុងស្ថានសួគ៌ដើម្បីនឹងលេចខ្លួននៅពីមុខព្រះភក្ដ្ររបស់ព្រះយេហូវ៉ា។ ម្យ៉ាងវិញទៀត យញ្ញបូជាសត្វនៅក្រោមក្រិត្យវិន័យនៃកិច្ចព្រមព្រៀងរបស់លោកម៉ូសេមិនអាចលាងបាបបានទេ ដូច្នេះហើយបានជាថ្វាយជារៀងរាល់ឆ្នាំនោះ។ ប៉ុន្តែយញ្ញបូជារបស់ព្រះគ្រីស្ទបានថ្វាយជាស្ថាពរ គឺអាចលាងបាបបាន។ រឿងទាំងនេះបញ្ចេញពន្លឺទៅលើព្រះវិហារដ៏ធំខាងវិញ្ញាណ នៅក្នុងទីធ្លាដែលពួកសំណល់ចាក់ប្រេងតាំងនិង«ចៀមឯទៀត»បំរើនៅសព្វថ្ងៃនេះ។—យ៉ូហាន ១០:១៦; ហេព្រើរ ៩:២៤-២៨
២១. តើការពិភាក្សានេះបានបង្ហាញអ្វីខ្លះចំពោះការសម្រេចនៃទំនុកដំកើង ៩៧:១១និងសុភាសិត ៤:១៨ ក្នុងសម័យនៃពួកសាវ័កនោះ?
២១ គឺមិនមានកន្លែងគ្រប់គ្រាន់ទេក្នុងការរៀបរាប់ឧទាហរណ៍ថែមទៀតនោះ ដូចជាការបញ្ចេញពន្លឺដែលមាននៅក្នុងសំបុត្ររបស់សាវ័កពេត្រុស ហើយរបស់សិស្សឈ្មោះយ៉ាកុបនិងយូដាសនោះ។ ប៉ុន្តែអ្វីដែលបានបង្ហាញមុនៗនេះគឺគ្រប់គ្រាន់ហើយ ដើម្បីនឹងបង្ហាញថាទំនុកដំកើង ៩៧:១១ និងសុភាសិត ៤:១៨ គឺមានការសម្រេចក្នុងសម័យនៃពួកសាវ័ក។ សេចក្ដីពិតចាប់ផ្ដើមលូតលាស់ពីបែបនិងការតំណាង ទៅការសម្រេចនិងសេចក្ដីជាក់ស្តែង។—កាឡាទី ៣:២៣-២៥; ៤:២១-២៦
២២. តើមានអ្វីកើតឡើងក្រោយពីពួកសាវ័កបានស្លាប់ទៅ ហើយតើអត្ថបទជាបន្ទាប់នឹងបង្ហាញយ៉ាងណាខ្លះ?
២២ ក្រោយពីពួកសាវ័ករបស់ព្រះយេស៊ូបានស្លាប់ទៅ ក៏មានការបះបោរជំនឿដែលបានទាយមក ពន្លឺនៃសេចក្ដីពិតក៏បានឆេះមិនសូវភ្លឺដែរ។ (ថែស្សាឡូនីចទី២ ២:១-១១) ប៉ុន្តែ យោងទៅតាមកិច្ចសន្យារបស់ព្រះយេស៊ូ ក្រោយពីសតវត្សជាច្រើនបានកន្លងទៅ ចៅហ្វាយបានត្រឡប់មកវិញ ហើយបានឃើញថា«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ»កំពុងតែឲ្យអាហារទៅ«ពួកបំរើក្នុងផ្ទះ»នៅពេលត្រឹមត្រូវ។ ជាលទ្ធផល ព្រះយេស៊ូគ្រីស្ទបានចាត់តាំងអ្នកបំរើនោះ«លើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៤៥-៤៧, ព.ថ.) តើមានការបញ្ចេញពន្លឺអ្វីបន្តទៅទៀត? នេះនឹងពិភាក្សាក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ដីនៅទីនេះគឺសំដៅទៅបរិយាការដែលជនគ្រីស្ទានសម្រេចចិត្តដើម្បីបណ្ដុះឲ្យមានគុណសម្បត្ដិនៃបុគ្គលិកលក្ខណៈ។—សូមមើល ប៉មយាម ១៥ មិថុនា ១៩៨០ ទំព័រ ១៨-១៩ (ជាភាសាអង់គ្លេស)
តើអ្នកនៅចាំទេ?
◻ តើនៅក្នុងបទគម្ពីរណាខ្លះដែលបង្ហាញថា ការយល់សេចក្ដីពិតនឹងមានឡើងបន្ដិចម្ដងៗ?
◻ តើមានការបញ្ចេញពន្លឺណាខ្លះ ដែលបានកត់ទុកមកក្នុងសៀវភៅកិច្ចការ?
◻ តើពន្លឺអ្វីដែលមាននៅក្នុងសៀវភៅដំណឹងល្អ?
◻ តើសំបុត្ររបស់ប៉ុលមានការបញ្ចេញពន្លឺអំពីអ្វីខ្លះ?