តើគម្ពីរនៅតែកែប្រែជីវិតរបស់អ្នកឬទេ?
«ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា»។—រ៉ូម ១២:២
១-៣. (ក) ក្រោយទទួលការជ្រមុជទឹក តើយើងប្រហែលជាពិបាកធ្វើការកែប្រែអ្វីខ្លះ? (ខ) ពេលការជឿនទៅមុខគឺពិបាកជាងអ្វីដែលយើងបានរំពឹងទុក តើយើងប្រហែលជាឆ្ងល់អំពីសំណួរអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
អស់ជាច្រើនឆ្នាំ បងប្រុសខេវិនបានលេងល្បែងស៊ីសង ជក់បារី ប្រមឹកស្រា និងប្រើគ្រឿងញៀន។[១] (សូមមើលកំណត់នៅចុងអត្ថបទ) ក្រោយមក គាត់បានរៀនអំពីព្រះយេហូវ៉ា ហើយចង់ធ្វើជាមិត្តសម្លាញ់របស់លោក។ ប៉ុន្តែ ដើម្បីធ្វើដូច្នេះ គាត់ត្រូវធ្វើការកែប្រែដ៏ធំផ្សេងៗក្នុងជីវិតរបស់គាត់។ គាត់អាចធ្វើដូច្នេះបានដោយសារជំនួយពីព្រះយេហូវ៉ានិងឫទ្ធានុភាពនៃបណ្ដាំរបស់លោក ពោលគឺគម្ពីរ។—ហេប្រឺ ៤:១២
២ បន្ទាប់ពីបងខេវិនបានទទួលការជ្រមុជទឹក គាត់នៅតែត្រូវកែប្រែបុគ្គលិកលក្ខណៈរបស់គាត់ដើម្បីក្លាយទៅជាគ្រិស្តសាសនិកកាន់តែល្អប្រសើរ។ (អេភេសូរ ៤:៣១, ៣២) ជាឧទាហរណ៍ គាត់ធ្លាប់ជាមនុស្សឆាប់ខឹង។ គាត់ភ្ញាក់ផ្អើលពេលគាត់ឃើញថាការរៀនឲ្យចេះទប់កំហឹងគឺជាអ្វីដែលពិបាកណាស់។ តាមពិត បងខេវិនបាននិយាយថាការរៀនឲ្យចេះទប់កំហឹងរបស់ខ្លួនគឺពិបាកជាងការឈប់ធ្វើអ្វីដ៏អាក្រក់ដែលគាត់បានធ្វើមុនគាត់ទទួលការជ្រមុជទឹកទៅទៀត! ប៉ុន្តែ គាត់អាចធ្វើការកែប្រែផ្សេងៗបានដោយសារគាត់បានអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យជួយគាត់ និងដោយសារគាត់បានសិក្សាគម្ពីរយ៉ាងយកចិត្តទុកដាក់។
៣ មុនយើងបានទទួលការជ្រមុជទឹក យើងជាច្រើននាក់ត្រូវធ្វើការកែប្រែដ៏ធំផ្សេងៗក្នុងជីវិតរបស់យើងដើម្បីមានរបៀបរស់នៅសមស្របតាមគម្ពីរ។ ប៉ុន្តែសូម្បីតែនៅឥឡូវនេះ យើងទទួលស្គាល់ថាយើងត្រូវធ្វើការកែប្រែតូចៗដើម្បីឲ្យយើងកាន់តែដូចព្រះនិងគ្រិស្ត។ (អេភេសូរ ៥:១, ២; ពេត្រុសទី១ ២:២១) ជាឧទាហរណ៍ យើងប្រហែលជាកត់សម្គាល់ថាយើងពូកែត្អូញត្អែរ ឬថាយើងច្រើនតែនិយាយដើមគេ។ ឬក៏ជួនកាលយើងប្រហែលជាគិតអំពីទស្សនៈនិងពាក្យសម្ដីរបស់អ្នកឯទៀតខ្លាំងដល់ម្ល៉េះបានជាយើងមិនធ្វើអ្វីដែលត្រឹមត្រូវ។ យើងប្រហែលជាព្យាយាមធ្វើការកែប្រែផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែយើងនៅតែបន្តធ្វើខុសដដែលៗ។ ដូច្នេះ យើងប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីការកែប្រែតូចៗបែបនេះពិបាកធ្វើម្ល៉េះ? តើខ្ញុំត្រូវធ្វើអ្វីដើម្បីធ្វើតាមការណែនាំក្នុងគម្ពីរ ជាប្រយោជន៍ឲ្យខ្ញុំអាចបន្តធ្វើឲ្យបុគ្គលិកលក្ខណៈរបស់ខ្ញុំកាន់តែប្រសើរឡើង?›។
អ្នកអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
៤. ហេតុអ្វីយើងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តចំពោះការប្រព្រឹត្តទាំងអស់របស់យើង?
៤ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយយើងពិតជាចង់ធ្វើឲ្យលោកពេញចិត្ត។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ យើងមិនអាចធ្វើឲ្យលោកពេញចិត្តគ្រប់ពេលវេលាបានទេ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ។ យើងច្រើនតែមានអារម្មណ៍ដូចសាវ័កប៉ូលដែលបាននិយាយថា៖ «ខ្ញុំមានសមត្ថភាពប៉ងប្រាថ្នា ប៉ុន្តែគ្មានសមត្ថភាពធ្វើការល្អប្រសើរឡើយ»។—រ៉ូម ៧:១៨; យ៉ាកុប ៣:២
៥. មុនយើងបានទទួលការជ្រមុជទឹក តើយើងបានធ្វើការកែប្រែអ្វីខ្លះ ប៉ុន្តែតើយើងប្រហែលជានៅតែតយុទ្ធនឹងភាពទន់ខ្សោយណាខ្លះ?
៥ មុនយើងអាចធ្វើជាសមាជិកក្រុមជំនុំ យើងត្រូវឈប់ធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់។ (កូរិនថូសទី១ ៦:៩, ១០) ក៏ប៉ុន្តែ យើងនៅតែជាមនុស្សមិនល្អឥតខ្ចោះ។ (កូឡុស ៣:៩, ១០) ដូច្នេះ យើងបន្តធ្វើខុស ទោះជាយើងបានទទួលការជ្រមុជទឹកអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ។ ម្ដងម្កាល យើងប្រហែលជាមានសេចក្ដីប៉ងប្រាថ្នានិងអារម្មណ៍មិនត្រឹមត្រូវ ឬយើងប្រហែលជាពិបាកគ្រប់គ្រងភាពទន់ខ្សោយក្នុងបុគ្គលិកលក្ខណៈរបស់យើង។ តាមការពិត យើងប្រហែលជាត្រូវតយុទ្ធនឹងភាពទន់ខ្សោយដដែលៗអស់ជាច្រើនឆ្នាំ។
៦, ៧. (ក) ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី តើអ្វីបានបើកឱកាសឲ្យយើងអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា? (ខ) ហេតុអ្វីយើងមិនគួរស្ទាក់ស្ទើរសុំការអភ័យទោសពីព្រះយេហូវ៉ា?
៦ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី យើងនៅតែអាចមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ហើយបម្រើលោក។ ចូរនឹកចាំជានិច្ចអំពីរបៀបដែលអ្នកបានទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ានៅដើមដំបូង។ លោកគឺជាបុគ្គលដែលបានឃើញលក្ខណៈល្អរបស់អ្នក ហើយចង់ឲ្យអ្នកស្គាល់លោក។ (យ៉ូហាន ៦:៤៤) លោកក៏ដឹងថាអ្នកមានកំហុសនិងភាពទន់ខ្សោយ ហើយថាអ្នកនឹងធ្វើខុស។ ប៉ុន្តែ ព្រះយេហូវ៉ានៅតែចង់ឲ្យអ្នកទៅជាមិត្តសម្លាញ់របស់លោក។
៧ ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងដល់ម្ល៉េះបានជាលោកបានផ្ដល់ឲ្យយើងនូវអំណោយដ៏វិសេសមួយ។ លោកបានបញ្ជូនលោកយេស៊ូដែលជាបុត្ររបស់លោកឲ្យមកផែនដីដើម្បីផ្ដល់ជីវិតជាថ្លៃលោះសម្រាប់ភាពខុសឆ្គងរបស់យើង។ (យ៉ូហាន ៣:១៦) ពេលយើងធ្វើខុស យើងអាចសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ ម្យ៉ាងទៀត ដោយសារថ្លៃលោះ យើងអាចប្រាកដថាលោកនឹងអភ័យទោសឲ្យយើង ហើយថាយើងនៅតែជាមិត្តសម្លាញ់របស់លោក។ (រ៉ូម ៧:២៤, ២៥; យ៉ូហានទី១ ២:១, ២) សូមចាំថា លោកយេស៊ូបានស្លាប់ដើម្បីពួកអ្នកធ្វើខុសដែលប្រែចិត្ត។ ដូច្នេះ ទោះជាយើងមានអារម្មណ៍ថាអ្វីដែលយើងបានធ្វើគឺអាក្រក់ណាស់ក៏ដោយ យើងមិនត្រូវឈប់អធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីសុំការអភ័យទោសឡើយ។ បើយើងមិនសុំលោកអភ័យទោសឲ្យយើងទេ នេះប្រៀបដូចជាយើងមិនព្រមលាងសម្អាតដៃរបស់យើងពេលវាកខ្វក់។ យើងមានចិត្តកតញ្ញូយ៉ាងខ្លាំងដែលព្រះយេហូវ៉ាបានបើកឱកាសឲ្យយើងទៅជាមិត្តសម្លាញ់របស់លោកទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ!—សូមអាន ធីម៉ូថេទី១ ១:១៥
បើយើងចង់ចូលកាន់តែជិតព្រះយេហូវ៉ា យើងត្រូវបន្តព្យាយាមយកតម្រាប់លោកនិងបុត្ររបស់លោក
៨. ហេតុអ្វីយើងគួរទទួលស្គាល់ភាពទន់ខ្សោយរបស់យើង?
៨ យើងមិនអាចបន្តរកលេសឬមិនព្រមទទួលស្គាល់ថាយើងមានភាពទន់ខ្សោយទេ។ ព្រះយេហូវ៉ាបានប្រាប់យើងថាលោកចង់ឲ្យមនុស្សបែបណាទៅជាមិត្តសម្លាញ់របស់លោក។ (ទំនុកតម្កើង ១៥:១-៥) ដូច្នេះ បើយើងចង់ចូលកាន់តែជិតលោក យើងត្រូវបន្តព្យាយាមយកតម្រាប់លោកនិងបុត្ររបស់លោក។ យើងក៏ត្រូវព្យាយាមគ្រប់គ្រងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់យើង ហើយយើងប្រហែលជាអាចបំបាត់សេចក្ដីប៉ងប្រាថ្នាទាំងនោះខ្លះ។ ទោះជាយើងបានទទួលការជ្រមុជទឹកយូរប៉ុណ្ណាក៏ដោយ យើងត្រូវបន្តធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងកាន់តែប្រសើរឡើង។—កូរិនថូសទី២ ១៣:១១
៩. ហេតុអ្វីយើងដឹងថាយើងអាចបន្តពាក់បុគ្គលិកលក្ខណៈថ្មី?
៩ សាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកថា៖ «ចូរដោះចេញនូវបុគ្គលិកលក្ខណៈចាស់និងការប្រព្រឹត្តរបស់វា រួចបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលកំពុងត្រូវកែប្រែឲ្យថ្មីឡើងតាមរយៈចំណេះត្រឹមត្រូវ ស្របតាមលក្ខណៈរបស់លោកដែលបានបង្កើតបុគ្គលិកលក្ខណៈថ្មីនោះ»។ (កូឡុស ៣:៩, ១០) ពាក្យ«កំពុងត្រូវកែប្រែឲ្យថ្មីឡើង»បញ្ជាក់ថាការពាក់បុគ្គលិកលក្ខណៈថ្មីគឺជាអ្វីដែលត្រូវបន្តធ្វើជានិច្ច។ ដូច្នេះ ទោះជាយើងបានបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយ យើងតែងតែអាចរៀនថែមទៀតអំពីគុណសម្បត្ដិរបស់លោក។ ម្យ៉ាងទៀត គម្ពីរអាចជួយយើងឲ្យបន្តកែប្រែបុគ្គលិកលក្ខណៈរបស់យើងឲ្យកាន់តែដូចលោក។
ហេតុអ្វីនេះពិបាកដល់ម្ល៉េះ?
១០. តើយើងត្រូវធ្វើអ្វីដើម្បីបន្តធ្វើការកែប្រែដោយមានជំនួយពីគម្ពីរ ហើយតើយើងអាចសួរសំណួរអ្វីខ្លះ?
១០ យើងទាំងអស់គ្នាចង់ធ្វើតាមអ្វីដែលគម្ពីរចែង។ ប៉ុន្តែ យើងត្រូវខំប្រឹងបើយើងចង់បន្តកែប្រែ។ ហេតុអ្វីយើងត្រូវខំប្រឹងដូច្នេះ? តើព្រះយេហូវ៉ាអាចធ្វើឲ្យយើងងាយស្រួលធ្វើអ្វីដែលត្រឹមត្រូវបានឬទេ?
១១-១៣. ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងខំប្រឹងយកឈ្នះភាពទន់ខ្សោយរបស់យើង?
១១ ពេលយើងគិតអំពីសកលលោកនិងអ្វីទាំងអស់ដែលនៅក្នុងសកលលោក យើងជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ាមានឫទ្ធានុភាពធ្វើអ្វីៗទាំងអស់។ ជាឧទាហរណ៍ លោកបានបង្កើតព្រះអាទិត្យដែលមានថាមពលខ្លាំងក្លា។ រាល់មួយវិនាទី ព្រះអាទិត្យផលិតថាមពលពន្លឺនិងកម្ដៅដ៏ខ្លាំងក្រៃលែង ប៉ុន្តែដើម្បីទ្រទ្រង់ជីវិតនៅផែនដី ត្រូវមានថាមពលនេះតែបន្ដិចបន្តួចប៉ុណ្ណោះ។ (ទំនុកតម្កើង ៧៤:១៦; អេសាយ ៤០:២៦) ព្រះយេហូវ៉ាក៏ផ្ដល់ឫទ្ធានុភាពដល់អ្នកបម្រើរបស់លោកនៅផែនដីពេលដែលពួកគេត្រូវការដែរ។ (អេសាយ ៤០:២៩) យើងឃើញច្បាស់ថា បើព្រះយេហូវ៉ាចង់ធ្វើ លោកអាចធ្វើឲ្យយើងងាយស្រួលតយុទ្ធនឹងភាពទន់ខ្សោយរបស់យើងនិងឈប់មានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ ដូច្នេះ ហេតុអ្វីលោកមិនធ្វើដូច្នេះ?
១២ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវចិត្តសេរី។ លោកអនុញ្ញាតឲ្យយើងសម្រេចចិត្តដោយខ្លួនឯងថាយើងនឹងស្ដាប់បង្គាប់ឬមិនស្ដាប់បង្គាប់លោក។ ពេលយើងសម្រេចចិត្តស្ដាប់បង្គាប់លោកនិងខំប្រឹងធ្វើតាមបំណងប្រាថ្នារបស់លោក យើងបង្ហាញថាយើងស្រឡាញ់លោកនិងចង់ធ្វើឲ្យលោកពេញចិត្ត។ សាថាននិយាយថាព្រះយេហូវ៉ាគ្មានសិទ្ធិគ្រប់គ្រងទេ។ ប៉ុន្តែ ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា យើងបង្ហាញថាយើងចង់ឲ្យលោកធ្វើជាអ្នកគ្រប់គ្រងរបស់យើង។ ម្យ៉ាងទៀត យើងអាចប្រាកដថាបិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ឲ្យតម្លៃចំពោះការខំប្រឹងទាំងអស់របស់យើងដើម្បីស្ដាប់បង្គាប់លោក។ (យ៉ូប ២:៣-៥; សុភាសិត ២៧:១១) ពេលយើងខំព្យាយាមគ្រប់គ្រងភាពទន់ខ្សោយរបស់យើងទោះជាការធ្វើដូច្នេះគឺមិនងាយស្រួលក្ដី នោះយើងបង្ហាញថាយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយថាយើងចង់ឲ្យលោកធ្វើជាអ្នកគ្រប់គ្រងយើង។
១៣ ព្រះយេហូវ៉ាប្រាប់យើងថាយើងគួរខំព្យាយាមដើម្បីមានគុណសម្បត្ដិដូចលោក។ (កូឡុស ៣:១២; សូមអាន ពេត្រុសទី២ ១:៥-៧) លោកក៏តម្រូវឲ្យយើងខំប្រឹងគ្រប់គ្រងគំនិតនិងអារម្មណ៍របស់យើងដែរ។ (រ៉ូម ៨:៥; ១២:៩) កាលណាយើងត្រូវខំព្យាយាមធ្វើការកែប្រែណាមួយ ហើយយើងទទួលជោគជ័យ នោះយើងសប្បាយចិត្តយ៉ាងខ្លាំង។
ចូរឲ្យបណ្ដាំរបស់ព្រះបន្តកែប្រែអ្នក
១៤, ១៥. តើយើងអាចធ្វើអ្វីខ្លះដើម្បីបណ្ដុះឲ្យមានគុណសម្បត្ដិដែលព្រះយេហូវ៉ាស្រឡាញ់? (សូមមើលប្រអប់ដែលមានចំណងជើងថា «គម្ពីរនិងសេចក្ដីអធិដ្ឋានបានកែប្រែជីវិតរបស់ពួកគាត់»)
១៤ តើយើងត្រូវធ្វើអ្វីខ្លះដើម្បីបណ្ដុះឲ្យមានគុណសម្បត្ដិដែលព្រះយេហូវ៉ាស្រឡាញ់? ជាជាងធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលយើងត្រូវកែប្រែ យើងត្រូវឲ្យបណ្ដាំរបស់ព្រះណែនាំយើង។ រ៉ូម ១២:២ចែងថា៖ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ ដូច្នេះ ដើម្បីដឹងអំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ យើងត្រូវពឹងផ្អែកលើជំនួយដែលលោកបានផ្ដល់ឲ្យយើង។ យើងត្រូវអានគម្ពីរជារៀងរាល់ថ្ងៃ រំពឹងគិតអំពីអ្វីដែលយើងអាន ហើយអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធរបស់លោក។ (លូកា ១១:១៣; កាឡាទី ៥:២២, ២៣) តាមរបៀបទាំងនេះ ព្រះយេហូវ៉ាអាចជួយយើងយល់អំពីអ្វីដែលធ្វើឲ្យលោកពេញចិត្ត ហើយយើងអាចរៀនឲ្យមានទស្សនៈដូចលោក។ ជាលទ្ធផល អ្វីដែលយើងគិត ធ្វើ និងនិយាយនឹងនាំឲ្យព្រះយេហូវ៉ាកាន់តែពេញចិត្ត ហើយយើងនឹងរៀនអំពីរបៀបគ្រប់គ្រងភាពទន់ខ្សោយរបស់យើង។ ប៉ុន្តែ ទោះជាយ៉ាងនោះក្ដី យើងនឹងត្រូវបន្តតយុទ្ធនឹងភាពទន់ខ្សោយនោះ។—សុភាសិត ៤:២៣
១៥ ក្រៅពីការអានគម្ពីររាល់ថ្ងៃ យើងត្រូវសិក្សាគម្ពីរដោយមានជំនួយពីសៀវភៅផ្សេងៗរបស់យើង ដូចជាទស្សនាវដ្ដីប៉មយាមជាដើម។ អត្ថបទជាច្រើនក្នុងទស្សនាវដ្ដីនេះបង្រៀនយើងអំពីរបៀបដែលយើងអាចមានគុណសម្បត្ដិដូចព្រះយេហូវ៉ា និងរបៀបតយុទ្ធនឹងភាពទន់ខ្សោយរបស់យើង។ យើងប្រហែលជាអាចរកអត្ថបទឬខគម្ពីរមួយចំនួនដែលមានប្រយោជន៍ជាពិសេសសម្រាប់យើង។ យើងអាចប្រមូលខគម្ពីរនិងអត្ថបទទាំងនេះទុកដើម្បីយូរៗម្ដងយើងអាចអានម្ដងទៀត។
១៦. ហេតុអ្វីយើងមិនគួរធ្លាក់ទឹកចិត្តបើយើងមិនអាចធ្វើការកែប្រែភ្លាមៗ?
១៦ យើងត្រូវការពេលវេលាដើម្បីរៀនឲ្យមានគុណសម្បត្ដិដូចព្រះយេហូវ៉ា។ ដូច្នេះ ចូរមានចិត្តអត់ធ្មត់ បើអ្នកយល់ថាអ្នកមិនបានធ្វើការកែប្រែច្រើនដូចដែលអ្នកចង់ធ្វើ។ ដំបូង អ្នកប្រហែលជាត្រូវបង្ខំខ្លួនអ្នកឲ្យធ្វើតាមអ្វីដែលគម្ពីរចែង។ ប៉ុន្តែ កាលដែលអ្នកកាន់តែមានគំនិតនិងការប្រព្រឹត្តដូចដែលព្រះយេហូវ៉ាចង់ឲ្យអ្នកមាន នោះអ្នកនឹងកាន់តែស្រួលមានទស្សនៈដូចលោក ហើយធ្វើអ្វីដែលត្រឹមត្រូវ។—ទំនុកតម្កើង ៣៧:៣១; សុភាសិត ២៣:១២; កាឡាទី ៥:១៦, ១៧
សូមគិតអំពីអនាគតដ៏អស្ចារ្យរបស់យើង
១៧. បើយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា តើយើងអាចទន្ទឹងរង់ចាំអនាគតដ៏អស្ចារ្យបែបណា?
១៧ យើងទន្ទឹងរង់ចាំពេលដែលយើងនឹងទៅជាមនុស្សល្អឥតខ្ចោះ ហើយបម្រើព្រះយេហូវ៉ាជារៀងរហូត។ នៅពេលនោះ យើងនឹងមិនចាំបាច់តយុទ្ធនឹងភាពទន់ខ្សោយណាមួយឡើយ ហើយយើងនឹងកាន់តែស្រួលយកតម្រាប់ព្រះយេហូវ៉ា។ ប៉ុន្តែ សូម្បីតែឥឡូវនេះក្ដី យើងនៅតែអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយសារលោកបានផ្ដល់ថ្លៃលោះដែលជាអំណោយមួយដល់យើង។ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងអាចធ្វើឲ្យលោកពេញចិត្ត បើយើងបន្តខំព្យាយាមកែប្រែនិងធ្វើតាមអ្វីដែលលោកបង្រៀនយើងក្នុងគម្ពីរ។
១៨, ១៩. តើយើងអាចប្រាកដយ៉ាងណាថាគម្ពីរមានឫទ្ធានុភាពដើម្បីបន្តកែប្រែជីវិតរបស់យើង?
១៨ បងខេវិនបានខំប្រឹងអស់ពីសមត្ថភាពដើម្បីរៀនឲ្យចេះគ្រប់គ្រងកំហឹងរបស់គាត់។ គាត់បានរំពឹងគិតអំពីអ្វីដែលគាត់អានក្នុងគម្ពីរ ហើយព្យាយាមធ្វើការកែប្រែផ្សេងៗក្នុងជីវិតរបស់គាត់។ គាត់ក៏បានធ្វើតាមឱវាទដែលបងប្អូនរួមជំនឿបានឲ្យគាត់ដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ បងខេវិនបានរីកចម្រើនក្នុងការគ្រប់គ្រងកំហឹងរបស់គាត់ ហើយក្រោយមកគាត់អាចបម្រើជាជំនួយការខាងកិច្ចបម្រើ។ ម្យ៉ាងទៀត អស់រយៈពេល២០ឆ្នាំមកហើយ គាត់បានបម្រើជាអ្នកចាស់ទុំ។ ប៉ុន្តែ សូម្បីតែឥឡូវនេះក្ដី គាត់ដឹងថាគាត់ត្រូវបន្តតយុទ្ធនឹងភាពទន់ខ្សោយរបស់គាត់។
១៩ ដូចបងខេវិន យើងអាចបន្តធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងកាន់តែប្រសើរឡើង។ បើយើងធ្វើដូច្នេះ យើងនឹងបន្តចូលកាន់តែជិតព្រះយេហូវ៉ា។ (ទំនុកតម្កើង ២៥:១៤) ម្យ៉ាងទៀត ពេលយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើការកែប្រែដែលនាំឲ្យលោកពេញចិត្ត លោកនឹងជួយយើងឲ្យទទួលជោគជ័យ។ យើងអាចប្រាកដថាដោយមានជំនួយពីគម្ពីរ យើងអាចបន្តធ្វើការកែប្រែផ្សេងៗក្នុងជីវិតរបស់យើង។—ទំនុកតម្កើង ៣៤:៨
^ [១] (វគ្គ១) ឈ្មោះបានត្រូវផ្លាស់ប្ដូរ។