តើអ្នកយកព្រះយេហូវ៉ាជាទីពឹងពំនាក់ឬទេ?
«ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្ដិដល់ទ្រង់ ហើយក្នុងពួកអស់អ្នក ដែលពឹងជ្រកក្នុងទ្រង់នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ»។—ទំនុកតម្កើង ៣៤:២២
១. ដោយសារភាពខុសឆ្គង តើអ្នកបម្រើដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះមានអារម្មណ៍យ៉ាងណា?
សាវ័កប៉ូលបានសរសេរថា៖ «ពិបាកចិត្តណាស់ខ្ញុំ!»។ (រ៉ូម ៧:២៤) សព្វថ្ងៃនេះ អ្នកបម្រើដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះធ្លាក់ទឹកចិត្តនិងពិបាកចិត្តដូចប៉ូលដែរ។ ហេតុអ្វី? ពីព្រោះទោះជាយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្ដី យើងទាំងអស់គ្នាមានភាពខុសឆ្គងនិងជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ យើងប្រហែលជាមានអារម្មណ៍សោកស្ដាយពេលដែលយើងធ្វើឲ្យលោកមិនពេញចិត្ត។ គ្រិស្តសាសនិកខ្លះដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ថែមទាំងមានអារម្មណ៍ថាព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យពួកគេបានឡើយ។
២. (ក) តើទំនុកតម្កើង ៣៤:២២បង្ហាញយ៉ាងណាថា អ្នកបម្រើរបស់ព្រះមិនត្រូវបន្ទោសខ្លួនហួសហេតុពេក? (ខ) តើយើងនឹងរៀនអ្វីក្នុងអត្ថបទនេះ? (សូមមើលប្រអប់ដែលមានចំណងជើងថា «តើជាមេរៀន ឬជានិមិត្តរូប?»)
២ បទគម្ពីរពង្រឹងទំនុកចិត្តរបស់យើងថា បើយើងយកព្រះយេហូវ៉ាជាទីពឹងពំនាក់ យើងមិនត្រូវបន្ទោសខ្លួនហួសហេតុពេកទេ។ (សូមអាន ទំនុកតម្កើង ៣៤:២២) ប៉ុន្តែ តើការយកព្រះយេហូវ៉ាជាទីពឹងពំនាក់មានន័យអ្វី? តើយើងត្រូវធ្វើអ្វីបើយើងចង់ឲ្យព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាចំពោះយើងនិងអភ័យទោសឲ្យយើង? យើងអាចរកឃើញចម្លើយចំពោះសំណួរទាំងនេះ ដោយរៀនអំពីការរៀបចំឲ្យមានក្រុងពំនាក់នៅស្រុកអ៊ីស្រាអែលសម័យបុរាណ។ ការរៀបចំនេះមាននៅក្រោមកិច្ចព្រមព្រៀងខាងច្បាប់ដែលបានត្រូវផ្លាស់ប្ដូរនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ប៉ុន្តែ ច្បាប់នោះមកពីព្រះយេហូវ៉ា។ ដូច្នេះការរៀបចំឲ្យមានក្រុងពំនាក់បង្រៀនយើងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអំពើខុសឆ្គង អ្នកដែលប្រព្រឹត្តអំពើខុសឆ្គង និងអ្នកដែលប្រែចិត្ត។ មុនដំបូង សូមយើងពិចារណាអំពីមូលដែលជនជាតិអ៊ីស្រាអែលមានក្រុងពំនាក់ និងរបៀបរៀបចំនៃក្រុងនោះ។
«ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់»
៣. តើជនជាតិអ៊ីស្រាអែលត្រូវប្រព្រឹត្តយ៉ាងណាចំពោះឃាតករ?
៣ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងពេលដែលបុគ្គលម្នាក់បានត្រូវគេសម្លាប់។ បើជនជាតិអ៊ីស្រាអែលណាម្នាក់បានសម្លាប់បុគ្គលណាម្នាក់ បុរសដែលជាសាច់ញាតិជិតស្និទ្ធបំផុតរបស់ជនរងគ្រោះ ត្រូវសម្លាប់ឃាតករនោះ។ បុរសនោះបានត្រូវហៅថា «អ្នកដែលត្រូវសងសឹកនឹងឈាម»។ (ជនគណនា ៣៥:១៩) យ៉ាងនេះ ឃាតករនឹងសងជីវិតរបស់ខ្លួនចំពោះជីវិតរបស់ជនរងគ្រោះដែលគ្មានទោសនោះ។ បើគេមិនប្រហារជីវិតឃាតករភ្លាមៗ ស្រុកដែលព្រះបានសន្យាអាចទៅជាស្មោកគ្រោក ឬលែងបរិសុទ្ធ។ ព្រះយេហូវ៉ាបានបង្គាប់ថា៖ «មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះទៅជាស្មោកគ្រោក» ដោយកម្ចាយឈាមមនុស្សឡើយ ពោលគឺដោយសម្លាប់អ្នកណាម្នាក់។—ជនគណនា ៣៥:៣៣, ៣៤
៤. តើមានអ្វីកើតឡើងនៅពេលដែលជនជាតិអ៊ីស្រាអែលណាម្នាក់បានសម្លាប់បុគ្គលម្នាក់ដោយអចេតនា?
៤ ប៉ុន្តែ ចុះយ៉ាងណាបើជនជាតិអ៊ីស្រាអែលណាម្នាក់បានសម្លាប់បុគ្គលម្នាក់ដោយអចេតនា តើមានអ្វីកើតឡើងនៅពេលនោះ? ទោះជាគាត់មិនមានបំណងសម្លាប់អ្នកនោះក៏ដោយ គាត់នៅតែមានទោស។ (លោកុប្បត្តិ ៩:៥) ក្នុងករណីនោះ ព្រះយេហូវ៉ាបានប្រាប់ថាគាត់អាចទទួលសេចក្ដីមេត្ដាករុណាបាន។ អ្នកដែលសម្លាប់គេដោយអចេតនាអាចរត់គេចពីអ្នកដែលត្រូវសងសឹកនឹងឈាម ហើយរត់ទៅក្រុងពំនាក់ណាមួយក្នុងចំណោមក្រុងពំនាក់ទាំង៦។ គាត់ទទួលការការពារ ពេលដែលគាត់បានត្រូវអនុញ្ញាតឲ្យនៅក្នុងក្រុងនោះ។ ប៉ុន្តែ គាត់ត្រូវនៅក្នុងក្រុងពំនាក់នោះរហូតដល់សម្ដេចសង្ឃស្លាប់។—ជនគណនា ៣៥:១៥, ២៨
៥. ហេតុអ្វីការរៀបចំឲ្យមានក្រុងពំនាក់អាចជួយយើងឲ្យកាន់តែស្គាល់ព្រះយេហូវ៉ា?
៥ ក្រុងពំនាក់គឺជាការរៀបចំរបស់ព្រះយេហូវ៉ា មិនមែនជាការរៀបចំរបស់មនុស្សទេ។ លោកបានបង្គាប់យ៉ូស្វេឲ្យ«ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ ‹ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់›»។ (យ៉ូស្វេ ២០:១, ២, ៧, ៨) ដោយសារព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តថាត្រូវញែកក្រុងទាំងនោះជាបរិសុទ្ធ នោះយើងអាចរៀនច្រើនអំពីគុណសម្បត្ដិរបស់លោក។ ជាឧទាហរណ៍ ការរៀបចំនេះជួយយើងឲ្យយល់អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត នេះក៏បង្រៀនយើងអំពីរបៀបដែលយើងអាចយកព្រះយេហូវ៉ាជាទីពឹងពំនាក់នៅសព្វថ្ងៃនេះដែរ។
គាត់ត្រូវ«ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំ»
៦, ៧. (ក) សូមរៀបរាប់អំពីតួនាទីរបស់បុរសចាស់ទុំក្នុងការវិនិច្ឆ័យបុគ្គលដែលបានសម្លាប់គេដោយអចេតនា។ (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីជាការឈ្លាសវៃដែលបុគ្គលដែលបានសម្លាប់គេដោយអចេតនាត្រូវទៅជួបបុរសចាស់ទុំ?
៦ បើជនជាតិអ៊ីស្រាអែលណាម្នាក់សម្លាប់បុគ្គលម្នាក់ដោយអចេតនា គាត់ត្រូវរត់ទៅក្រុងពំនាក់ ហើយ«ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំ»ដែលនៅមាត់ទ្វារក្រុង។ បុរសចាស់ទុំត្រូវស្វាគមន៍គាត់។ (យ៉ូស្វេ ២០:៤) ក្រោយមក ពួកគេនឹងបញ្ជូនគាត់ឲ្យទៅបុរសចាស់ទុំនៅក្រុងដែលបានកើតហេតុនោះដើម្បីវិនិច្ឆ័យគាត់។ (សូមអាន ជនគណនា ៣៥:២៤, ២៥) បើបុរសចាស់ទុំនៅក្រុងនោះសម្រេចសេចក្ដីថាអ្នកនោះបានសម្លាប់បុគ្គលម្នាក់ដោយអចេតនា នោះពួកគាត់នឹងបញ្ជូនអ្នកដែលសម្លាប់គេដោយអចេតនានោះត្រឡប់ទៅក្រុងពំនាក់វិញ។
៧ ហេតុអ្វីបុគ្គលដែលសម្លាប់គេដោយអចេតនាត្រូវប្រាប់បុរសចាស់ទុំ? ពីព្រោះបុរសចាស់ទុំនឹងធ្វើឲ្យប្រាកដថាក្រុមជំនុំនៃជនជាតិអ៊ីស្រាអែលនៅតែមានភាពស្អាតស្អំ ហើយពួកគេនឹងជួយអ្នកដែលសម្លាប់គេដោយអចេតនាឲ្យទទួលប្រយោជន៍ពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ បណ្ឌិតម្នាក់ខាងគម្ពីរបានសរសេរថាបើបុគ្គលដែលសម្លាប់គេដោយគ្មានចេតនាមិនទៅជួបបុរសចាស់ទុំទេ នោះគាត់អាចត្រូវគេសម្លាប់។ បន្ថែមទៅទៀត បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ដោយសារគាត់មិនបានធ្វើតាមបង្គាប់របស់ព្រះ។ ដើម្បីរួចជីវិត អ្នកដែលសម្លាប់គេដោយគ្មានចេតនាត្រូវសុំនិងទទួលយកជំនួយ។ បើគាត់មិនទៅក្រុងពំនាក់ណាមួយ បុគ្គលដែលជាសាច់ញាតិជិតស្និទ្ធបំផុតរបស់បុគ្គលដែលគាត់បានសម្លាប់ មានសិទ្ធិសម្លាប់គាត់។
៨, ៩. ហេតុអ្វីគ្រិស្តសាសនិកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរគួរនិយាយជាមួយនឹងពួកអ្នកចាស់ទុំ?
៨ សព្វថ្ងៃនេះគ្រិស្តសាសនិកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរត្រូវទៅជួបអ្នកចាស់ទុំ ដើម្បីពួកគាត់អាចជួយគាត់ឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។ ហេតុអ្វីនេះគឺសំខាន់ម្ល៉េះ? ទី១ គឺព្រះយេហូវ៉ាដែលបានរៀបចំឲ្យមានពួកអ្នកចាស់ទុំដើម្បីវិនិច្ឆ័យចំពោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ (យ៉ាកុប ៥:១៤-១៦) ទី២ ព្រះរៀបចំឲ្យមានពួកអ្នកចាស់ទុំដើម្បីជួយពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យកែប្រែ ប្រយោជន៍ឲ្យពួកគេទទួលការពេញចិត្តពីព្រះយេហូវ៉ា ហើយជៀសវាងពីការធ្វើអំពើខុសឆ្គងនោះម្ដងទៀត។ (កាឡាទី ៦:១; ហេប្រឺ ១២:១១) ទី៣ អ្នកចាស់ទុំបានត្រូវតែងតាំងនិងបានទទួលការបង្ហាត់បង្រៀនដើម្បីពង្រឹងទំនុកចិត្តរបស់ពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានកែប្រែ ហើយជួយពួកគេឲ្យមានអារម្មណ៍ធូរស្បើយនិងមិនបន្ទោសខ្លួន។ ព្រះយេហូវ៉ាហៅពួកអ្នកចាស់ទុំបែបនេះថា «ទីជ្រកឲ្យរួចពីព្យុះសង្ឃរា»។ (អេសាយ ៣២:១, ២) ការរៀបចំនេះគឺជារបៀបមួយដែលព្រះបង្ហាញសេចក្ដីមេត្ដាករុណាចំពោះយើង។
៩ អ្នកបម្រើជាច្រើនរបស់ព្រះដែលបានជួបអ្នកចាស់ទុំ ហើយទទួលជំនួយពីពួកគាត់មានអារម្មណ៍ធូរស្រាលនៅពេលក្រោយមក។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះដានីយ៉ែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែអស់ប៉ុន្មានខែគាត់មិនបានទៅជួបពួកអ្នកចាស់ទុំទេ។ គាត់បាននិយាយថា៖ «ដោយសាររយៈពេលយូរបានកន្លងទៅ ខ្ញុំមានអារម្មណ៍ថាអ្នកចាស់ទុំមិនអាចជួយខ្ញុំកើតទេ»។ ប៉ុន្តែ គាត់នៅតែភ័យខ្លាចថាអ្នកឯទៀតនឹងដឹងអំពីអំពើខុសឆ្គងរបស់គាត់ ហើយគាត់មានអារម្មណ៍ថាគាត់ត្រូវចាប់ផ្ដើមសេចក្ដីអធិដ្ឋាននីមួយៗដោយសុំការអភ័យទោសពីព្រះយេហូវ៉ា។ នៅទីបំផុត គាត់បានសុំជំនួយពីពួកអ្នកចាស់ទុំ។ បើគិតអំពីពេលនោះ គាត់និយាយថា៖ «មែន ខ្ញុំខ្លាចទៅជួបពួកគាត់។ ប៉ុន្តែ ក្រោយមកគឺហាក់ដូចជាមានអ្នកណាម្នាក់បានលើកអ្វីដែលធ្ងន់ចេញពីស្មាខ្ញុំ»។ បងដានីយ៉ែលអាចនិយាយដោយសេរីទៅកាន់ព្រះយេហូវ៉ាម្ដងទៀត។ ឥឡូវ គាត់មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយថ្មីៗនេះគាត់បានទៅជាជំនួយការខាងកិច្ចបម្រើ។
«អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ»
១០. ដើម្បីទទួលការអភ័យទោស តើអ្នកដែលបានសម្លាប់គេដោយគ្មានចេតនាត្រូវធ្វើអ្វី?
១០ ដើម្បីទទួលការអភ័យទោស អ្នកដែលសម្លាប់គេដោយអចេតនាត្រូវរត់ទៅក្រុងពំនាក់ដែលនៅជិតជាងគេបំផុតជាបន្ទាន់។ (សូមអាន យ៉ូស្វេ ២០:៤) គាត់ត្រូវទៅដល់ក្រុងនោះដើម្បីរួចជីវិត ហើយបន្តរស់នៅទីនោះរហូតដល់សម្ដេចសង្ឃស្លាប់។ ដូច្នេះ គាត់ត្រូវធ្វើការលះបង់មួយចំនួនដូចជាការងារនិងផ្ទះសម្បែង ហើយគាត់ក៏គ្មានសេរីភាពទៅណាមកណាដែរ។a (សូមមើលកំណត់សម្គាល់) (ជនគណនា ៣៥:២៥) ប៉ុន្តែការលះបង់នោះមានប្រយោជន៍។ បើអ្នកដែលបានសម្លាប់គេដោយអចេតនាចាកចេញពីក្រុងនោះ គាត់បង្ហាញថាគាត់មិនខ្វល់ថាគាត់បានសម្លាប់មនុស្សឯទៀត ហើយគាត់ក៏ធ្វើឲ្យខ្លួនគាត់ជួបគ្រោះថ្នាក់ដែរ។
១១. តើគ្រិស្តសាសនិកដែលបានប្រែចិត្តអាចបង្ហាញយ៉ាងណាថាគាត់ឲ្យតម្លៃទៅលើសេចក្ដីមេត្ដាករុណារបស់ព្រះ?
១១ សព្វថ្ងៃនេះ បុគ្គលដែលបានប្រព្រឹត្តអំពើខុសឆ្គងហើយប្រែចិត្ត ក៏ត្រូវធ្វើអ្វីមួយចំនួនដើម្បីទទួលការអភ័យទោសពីព្រះ។ គាត់ត្រូវឈប់ប្រព្រឹត្តអំពើខុសឆ្គង។ នេះរួមបញ្ចូលការជៀសវាងពីអ្វីណាក៏ដោយដែលអាចនាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ សាវ័កប៉ូលបានរៀបរាប់អំពីអ្វីដែលគ្រិស្តសាសនិកនៅក្រុងកូរិនថូសដែលបានប្រែចិត្តបានធ្វើ។ គាត់បានសរសេរថា៖ «ការព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ បានធ្វើឲ្យអ្នករាល់គ្នាខំប្រឹងព្យាយាមខ្លាំងណាស់ ដោយស្ដារកេរ្ដិ៍ឈ្មោះ ដោយទាស់ចិត្ត ដោយកោតខ្លាច ដោយចង់ប្រែចិត្តយ៉ាងខ្លាំង ដោយខ្នះខ្នែង ដោយកែតម្រូវអ្វីដែលខុស!»។ (កូរិនថូសទី២ ៧:១០, ១១) ដូច្នេះ បើយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីឈប់ប្រព្រឹត្តអំពើខុសឆ្គង នោះយើងនឹងបង្ហាញព្រះយេហូវ៉ាថាយើងមិនមើលស្រាលកំហុសរបស់យើង ហើយក៏មិនគិតថាយើងនឹងទទួលសេចក្ដីមេត្ដាករុណារបស់លោកដោយស្វ័យប្រវត្ដិឡើយ។
១២. តើគ្រិស្តសាសនិកប្រហែលជាត្រូវលះបង់អ្វីដើម្បីបន្តទទួលសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ា?
១២ ដើម្បីបន្តទទួលសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា តើគ្រិស្តសាសនិកប្រហែលជាត្រូវលះបង់អ្វី? គាត់ត្រូវសុខចិត្តធ្វើការលះបង់ផ្សេងៗ សូម្បីតែអ្វីដែលគាត់ចូលចិត្តក្ដី បើអ្វីនោះអាចនាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គង។ (ម៉ាថាយ ១៨:៨, ៩) ជាឧទាហរណ៍ បើមិត្តភក្ដិរបស់អ្នកជំរុញអ្នកឲ្យធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តើអ្នកនឹងឈប់សេពគប់ពួកគេឬទេ? បើអ្នកពិបាកទប់ចិត្តកុំឲ្យពិសាស្រាហួសប្រមាណ តើអ្នកនឹងជៀសវាងពីស្ថានភាពដែលប្រហែលជានឹងនាំឲ្យអ្នកពិសាស្រាហួសប្រមាណឬទេ? បើអ្នកពិបាកទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ តើអ្នកនឹងជៀសវាងពីភាពយន្ត គេហទំព័រ ឬសកម្មភាពផ្សេងៗដែលអាចនាំឲ្យអ្នកមានគំនិតមិនស្អាតស្អំឬទេ? សូមចាំថា ការលះបង់ណាក៏ដោយដែលយើងធ្វើដើម្បីធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាគឺមានប្រយោជន៍។ គ្មានអ្វីដែលពិបាកជាងការមានអារម្មណ៍ថាព្រះយេហូវ៉ាបានបោះបង់ចោលយើងនោះទេ។ ក៏គ្មានអ្វីដែលល្អប្រសើរជាងការមានអារម្មណ៍ថាយើងទទួល«សេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ច» ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជារៀងរហូតពីព្រះយេហូវ៉ាឡើយ។—អេសាយ ៥៤:៧, ៨
«ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា»
១៣. សូមពន្យល់អំពីមូលហេតុដែលបុគ្គលសម្លាប់គេដោយគ្មានចេតនា អាចមានសុវត្ថិភាពនិងសប្បាយចិត្តនៅក្នុងក្រុងពំនាក់។
១៣ ពេលបុគ្គលដែលបានសម្លាប់គេដោយអចេតនាបានចូលក្នុងក្រុងពំនាក់ គាត់មានសុវត្ថិភាព។ ស្តីអំពីក្រុងទាំងនោះព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា»។ (យ៉ូស្វេ ២០:២, ៣) ព្រះយេហូវ៉ាមិនបានតម្រូវឲ្យបុគ្គលដែលបានសម្លាប់គេដោយអចេតនា ទទួលការវិនិច្ឆ័យចំពោះរឿងនោះម្ដងទៀតឡើយ។ ម្យ៉ាងទៀត បុគ្គលដែលត្រូវសងសឹកនឹងឈាមមិនអាចចូលក្នុងក្រុងនោះដើម្បីសម្លាប់គាត់បានទេ។ ពេលដែលបុគ្គលដែលបានសម្លាប់គេដោយអចេតនានៅក្នុងក្រុងនោះ គាត់មានសុវត្ថិភាពនៅក្រោមការការពាររបស់ព្រះយេហូវ៉ា។ គាត់មិនមែនជាប់គុកទេ។ គាត់អាចធ្វើការ ជួយអ្នកឯទៀត និងបម្រើព្រះយេហូវ៉ាដោយសេចក្ដីសុខសាន្ត។ គាត់អាចមានជីវិតដ៏សប្បាយនិងគាប់ចិត្ត!
១៤. តើគ្រិស្តសាសនិកដែលបានប្រែចិត្តអាចមានទំនុកចិត្តអ្វី?
១៤ រាស្ត្រមួយចំនួនរបស់ព្រះ ដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនៅតែបន្ទោសខ្លួន សូម្បីតែក្រោយពីពួកគេបានប្រែចិត្តហើយក៏ដោយ។ អ្នកខ្លះ ថែមទាំងមានអារម្មណ៍ថាព្រះយេហូវ៉ានឹងមិនភ្លេចអ្វីដែលពួកគេបានធ្វើឡើយ។ បើអ្នកមានអារម្មណ៍ដូច្នេះ សូមមានទំនុកចិត្តថាពេលព្រះយេហូវ៉ាអភ័យទោសឲ្យអ្នក លោកអភ័យទោសឲ្យទាំងស្រុង។ អ្នកមិនត្រូវបន្ទោសខ្លួនទៀតទេ។ នេះបានកើតឡើងចំពោះបងដានីយ៉ែលដែលបានត្រូវរៀបរាប់ខាងលើ។ ក្រោយពួកអ្នកចាស់ទុំបានកែតម្រង់គាត់និងជួយគាត់ឲ្យមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស គាត់មានអារម្មណ៍ធូរស្រាលជាខ្លាំង។ គាត់និយាយថា៖ «ខ្ញុំមិនត្រូវបន្ទោសខ្លួនតទៅទៀតទេ។ ពេលព្រះយេហូវ៉ាអភ័យទោសអំពើខុសឆ្គងរបស់យើងហើយ លោកអភ័យទោសឲ្យទាំងស្រុង។ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍ លោកដកយកបន្ទុករបស់យើង ហើយដាក់វាឲ្យនៅឆ្ងាយពីយើង។ យើងនឹងមិនចាំបាច់ទ្រាំនឹងបន្ទុកនោះទៀតទេ»។ ក្រោយពីបុគ្គលដែលបានសម្លាប់គេដោយអចេតនាបានចូលក្នុងក្រុងពំនាក់ គាត់មិនចាំបាច់ខ្លាចថាអ្នកដែលត្រូវសងសឹកនឹងឈាមនឹងមកសម្លាប់គាត់ទេ។ ស្រដៀងគ្នាដែរ ក្រោយពីព្រះយេហូវ៉ាបានអភ័យទោសអំពើខុសឆ្គងរបស់យើង យើងមិនចាំបាច់ភ័យខ្លាចថាលោកនឹងលើករឿងនោះឡើងម្ដងទៀត ឬដាក់ទណ្ឌកម្មយើងឡើយ។—សូមអាន ទំនុកតម្កើង ១០៣:៨-១២
១៥, ១៦. តើការដឹងថាលោកយេស៊ូបានផ្ដល់ថ្លៃលោះហើយថាលោកជាសម្ដេចសង្ឃរបស់យើង ពង្រឹងទំនុកចិត្តរបស់អ្នកទៅលើសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ នៅសព្វថ្ងៃនេះ យើងមានមូលហេតុច្រើនជាងជនជាតិអ៊ីស្រាអែលឲ្យទុកចិត្តលើសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ បន្ទាប់ពីប៉ូលបាននិយាយថាគាត់«ពិបាកចិត្តណាស់»ដោយសារគាត់មិនអាចស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ គាត់និយាយថា៖ «ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង!»។ (រ៉ូម ៧:២៥) តើគាត់ចង់មានន័យយ៉ាងណា? ទោះជាប៉ូលបានតយុទ្ធនឹងបំណងប្រាថ្នាដែលខុសឆ្គង ហើយគាត់ធ្លាប់ធ្វើខុសក៏ដោយ គាត់បានប្រែចិត្ត។ គាត់មានទំនុកចិត្តថាព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ដោយផ្អែកលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ តាមរយៈថ្លៃលោះរបស់លោកយេស៊ូ យើងអាចមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនិងសេចក្ដីសុខសាន្តក្នុងចិត្ត។ (ហេប្រឺ ៩:១៣, ១៤) ក្នុងនាមជាសម្ដេចសង្ឃរបស់យើង លោកយេស៊ូ«អាចសង្គ្រោះយ៉ាងពេញលេញអ្នកដែលចូលទៅជិតព្រះតាមរយៈលោក ពីព្រោះលោកមានជីវិតរស់នៅជារៀងរហូតដើម្បីអង្វរជំនួសពួកគេ»។ (ហេប្រឺ ៧:២៤, ២៥) នៅសម័យបុរាណ សម្ដេចសង្ឃបានជួយជនជាតិអ៊ីស្រាអែលឲ្យជឿជាក់ថាព្រះយេហូវ៉ានឹងអភ័យទោសការខុសឆ្គងរបស់ពួកគេ។ ដោយមានលោកយេស៊ូជាសម្ដេចសង្ឃរបស់យើង យើងមានមូលហេតុកាន់តែច្រើនឲ្យជឿជាក់ថា«យើងអាចទទួលសេចក្ដីមេត្ដាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ»។—ហេប្រឺ ៤:១៥, ១៦
១៦ ដើម្បីយកព្រះយេហូវ៉ាជាទីពឹងពំនាក់ យើងត្រូវមានជំនឿលើគ្រឿងបូជារបស់លោកយេស៊ូ។ សូមទទួលស្គាល់ថាថ្លៃលោះមិនគ្រាន់តែមានប្រយោជន៍ចំពោះមនុស្សជាទូទៅប៉ុណ្ណោះទេ តែក៏មានប្រយោជន៍ចំពោះអ្នកដែរ។ (កាឡាទី ២:២០, ២១) សូមមានជំនឿថាព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់អ្នកដោយមានមូលដ្ឋានលើថ្លៃលោះ។ សូមជឿថាថ្លៃលោះផ្ដល់ឲ្យអ្នកនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ ថ្លៃលោះរបស់លោកយេស៊ូគឺជាអំណោយដែលព្រះយេហូវ៉ាឲ្យអ្នក!
១៧. ហេតុអ្វីអ្នកចង់យកព្រះយេហូវ៉ាជាទីពឹងពំនាក់?
១៧ ក្រុងពំនាក់គឺជាការរៀបចំពីព្រះ ហើយជួយយើងឲ្យយល់អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា ថែមទាំងបង្រៀនយើងថាជីវិតគឺពិសិដ្ឋ។ ការរៀបចំនេះក៏បង្ហាញយើងអំពីរបៀបដែលពួកអ្នកចាស់ទុំអាចជួយយើង អំពីអត្ថន័យនៃការប្រែចិត្តដោយស្មោះ និងអំពីមូលហេតុដែលយើងអាចជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ តើអ្នកកំពុងយកព្រះយេហូវ៉ាជាទីពឹងពំនាក់ឬទេ? បើដូច្នេះ អ្នកនឹងទទួលការការពារដ៏ពិតប្រាកដ! (ទំនុកតម្កើង ៩១:១, ២) នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលក្រុងពំនាក់អាចជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ា ដែលជាគំរូដ៏ល្អប្រសើរស្តីអំពីសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌។
a យោងទៅតាមបណ្ឌិតជនជាតិយូដា សមាជិកជិតស្និទ្ធក្នុងក្រុមគ្រួសាររបស់អ្នកដែលសម្លាប់គេដោយអចេតនា បានទៅក្រុងពំនាក់ដើម្បីរស់នៅជាមួយនឹងគាត់ដែរ។