ចូរក្លាយជាអ្នកបម្រើ ដែលរីកចម្រើននិងចេះប្រែប្រួល
«ខ្ញុំបានត្រឡប់ . . . ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ»។—កូរិនថូសទី១ ៩:២២
១, ២. (ក) តើសាវ័កប៉ុលជាអ្នកបម្រើដែលមានប្រសិទ្ធភាពដូចម្ដេចខ្លះ? (ខ) តើប៉ុលបានមានប្រសាសន៍យ៉ាងណាស្តីអំពីទស្សនៈរបស់គាត់ចំពោះកិច្ចការបម្រើព្រះ?
គាត់មានអារម្មណ៍ស្រួលពេលទាក់ទងជាមួយនឹងមនុស្សដែលមានប្រាជ្ញាខ្ពង់ខ្ពស់ ហើយក៏ចេះទាក់ទងជាមួយនឹងជាងត្រសាលជាមនុស្សក្រខ្សត់ដែរ។ គាត់ចេះនិយាយបញ្ចុះបញ្ចូលពួកជាតិរ៉ូមដែលមានយសស័ក្ដិធំ ព្រមទាំងដល់ពួកសាសន៍ព្រីគីដែលជាអ្នកស្រែចំការ។ សំណេររបស់គាត់បានជំរុញចិត្តពួកក្រិចដែលប្រកាន់សេរីនិយមនិងពួកយូដាដែលប្រកាន់អភិរក្សនិយម។ ការពន្យល់របស់គាត់គឺសមហេតុផលដែលពុំអាចប្រកែកបាន ហើយគាត់ក៏ពូកែទាក់ទាញអារម្មណ៍មនុស្សដែរ។ គាត់ខំព្យាយាមបង្កើតឲ្យមានការយល់ស្របគ្នាទៅលើចំណុចណាមួយជាមួយមនុស្សទាំងអស់ ដោយធ្វើដូច្នោះ គាត់អាចជួយមនុស្សខ្លះឲ្យមានជំនឿលើព្រះគ្រីស្ទ។—កិច្ចការ ២០:២១
២ បុរសនេះគឺសាវ័កប៉ុល ជាអ្នកបម្រើព្រះដែលរីកចម្រើននិងមានប្រសិទ្ធភាព។ (ធីម៉ូថេទី១ ១:១២) ព្រះយេស៊ូបានបង្គាប់គាត់ឲ្យ«ប្រកាសឈ្មោះ[ព្រះគ្រីស្ទ]ដល់ពួកសាសន៍ដទៃ នឹងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង»។ (កិច្ចការ ៩:១៥) តើសាវ័កប៉ុលមានទស្សនៈយ៉ាងណាចំពោះកិច្ចការនេះ? គាត់បានមានប្រសាសន៍ថា៖ «ខ្ញុំ . . . បានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ»។ (កូរិនថូសទី១ ៩:១៩-២៣) តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់សាវ័កប៉ុល ដែលអាចជួយយើងឲ្យមានប្រសិទ្ធភាពជាងក្នុងការផ្សព្វផ្សាយនិងការបង្រៀន?
បានកែខ្លួនហើយសម្រេចកិច្ចការដ៏ពិបាក
៣. មុនប៉ុលក្លាយជាគ្រីស្ទាន តើគាត់មានអារម្មណ៍យ៉ាងណាដល់ពួកគ្រីស្ទាន?
៣ តើប៉ុលតែងធ្លាប់ជាមនុស្សដែលចេះអត់ធន់ ចេះគិតដល់អ្នកដទៃ សមទទួលកិច្ចការនេះទេ? គឺមិនមែនទេ! ប៉ុល(ដែលពីដើមឈ្មោះសុល) ធ្លាប់ជាអ្នកនិយមជ្រុលខាងសាសនា ហើយនេះបានធ្វើឲ្យគាត់បៀតបៀនយ៉ាងកាចសាហាវនូវអ្នកកាន់តាមរបស់ព្រះគ្រីស្ទ។ កាលនៅជាយុវជន គាត់បានយល់ព្រមឲ្យគេសម្លាប់ស្ទេផាន។ ក្រោយមក គាត់បានដេញចាប់ទាញអូសពួកគ្រីស្ទានដោយគ្មានមេត្ដាឡើយ។ (កិច្ចការ ៧:៥៨; ៨:១, ៣; ធីម៉ូថេទី១ ១:១៣) គាត់បានបន្តបញ្ចេញ«សេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់»។ គាត់មិនអស់ចិត្តរកចាប់ពួកគ្រីស្ទាននៅក្រុងយេរូសាឡិមទេ ក៏ទៅកន្លែងផ្សេងៗរហូតដល់ទីក្រុងដាម៉ាសឆ្ងាយទៅទិសខាងជើង ដើម្បីរកចាប់ពួកគ្រីស្ទាននៅទីនោះ។—កិច្ចការ ៩:១, ២
៤. តើប៉ុលត្រូវតែកែប្រែអ្វីដើម្បីបំពេញកិច្ចការរបស់គាត់?
៤ ដើមហេតុដែលប៉ុលស្អប់សាសនាគ្រីស្ទានយ៉ាងខ្លាំងនោះ ប្រហែលជាគាត់បានជឿស៊ប់ថាសាសនាគ្រីស្ទាននឹងមានអានុភាពអាក្រក់លើសាសនាយូដា បើដាក់បញ្ចូលគំនិតនៃសាសន៍ដទៃនោះ។ តាមការពិត ប៉ុលធ្លាប់ជាសមាជិកគណៈ«ពួកផារិស៊ី»ដែរ ហើយពាក្យថាផារិស៊ីនេះមានន័យថា«អ្នកដែលត្រូវញែកចេញ»។ (កិច្ចការ ២៣:៦) នៅពេលដែលប៉ុលដឹងថាព្រះបានរើសតាំងគាត់ឲ្យផ្សព្វផ្សាយអំពីព្រះគ្រីស្ទដល់ពួកសាសន៍ដទៃតែម្ដង គាត់ច្បាស់ជាភ្ញាក់ផ្អើលយ៉ាងណាទៅហ្ន៎! (កិច្ចការ ២២:១៤, ១៥; ២៦:១៦-១៨) ពួកផារិស៊ីបដិសេធមិនទាំងបរិភោគជាមួយនឹងអ្នកដែលពួកគេចាត់ទុកថាជាមនុស្សប្រព្រឹត្តអំពើបាប! (លូកា ៧:៣៦-៣៩) គាត់ច្បាស់ជាត្រូវខំប្រឹងយ៉ាងខ្លាំង ទើបអាចកែប្រែគំនិតរបស់គាត់ ដើម្បីឲ្យសមស្របតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ពោលគឺ ឲ្យមនុស្សទាំងអស់ទទួលសេចក្ដីសង្គ្រោះដែរ។—កាឡាទី ១:១៣-១៧
៥. តើយើងអាចយកតម្រាប់តាមប៉ុលក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៥ ដូចសាវ័កប៉ុល យើងក៏ប្រហែលជាត្រូវកែប្រែគំនិតយើងដែរ។ កាលដែលយើងជួបមនុស្សពីប្រទេសផ្សេងៗក្នុងកិច្ចបម្រើផ្សាយ យើងត្រូវតែខំប្រឹងពិនិត្យមើលចិត្តគំនិតយើង និងលះចោលនូវការប្រកាន់ឲ្យអស់ចេញ។ (អេភេសូរ ៤:២២-២៤) សង្គមដែលយើងរស់នៅនិងការអប់រំដែលយើងបានទទួលតាំងពីតូច គឺមានអានុភាពលើគំនិតរបស់យើង ទោះជាយើងដឹងឬមិនដឹងក៏ដោយ។ ហើយនេះអាចធ្វើឲ្យយើងមានគំនិតអគតិ ទស្សនៈលម្អៀង និងមិនព្រមប្រែប្រួលឡើយ។ យើងត្រូវតែយកឈ្នះនូវគំនិតបែបនេះ បើយើងចង់ទទួលបានជោគជ័យក្នុងការរកនិងជួយមនុស្សដែលមានលក្ខណៈដូចចៀម។ (រ៉ូម ១៥:៧) ប៉ុលបានកែប្រែចិត្តគំនិតរបស់គាត់។ គាត់ព្រមទទួលកិច្ចការពិបាកនេះ ដែលជាការពង្រីកកិច្ចផ្សព្វផ្សាយ។ ដោយសារគាត់មានសេចក្ដីស្រឡាញ់ នោះគាត់បានបណ្ដុះនូវបំនិនខាងការបង្រៀន ដែលសមឲ្យយើងយកតម្រាប់តាម។ មែនហើយ ការពិនិត្យមើលកិច្ចបម្រើផ្សាយរបស់ប៉ុល ដែលជា«សាវកដល់សាសន៍ដទៃ» បង្ហាញថាប៉ុលចេះយកចិត្តទុកដាក់ ចេះប្រែប្រួលតាមកាលៈទេសៈ និងមានគំនិតឈ្លាសវៃក្នុងការផ្សព្វផ្សាយនិងការបង្រៀន។a—រ៉ូម ១១:១៣
របៀបដែលប៉ុលប្រែប្រួលតាមកាលៈទេសៈ
៦. តើប៉ុលបានយកចិត្តទុកដាក់នឹងមជ្ឈដ្ឋានរបស់អ្នកស្ដាប់យ៉ាងណា? តើមានលទ្ធផលយ៉ាងណា?
៦ ប៉ុលបានយកចិត្តទុកដាក់នឹងជំនឿនិងមជ្ឈដ្ឋាននៃអ្នកស្ដាប់។ ពេលនិយាយទៅកាន់ស្តេចអ័គ្រីប៉ាទី២ ប៉ុលបានទទួលស្គាល់ថាស្តេចនេះ«ជ្រាបគ្រប់ទាំងទំលាប់ នឹងសេចក្ដីជជែករបស់ពួកសាសន៍យូដា»។ រួចមក ដោយផ្អែកលើជំនឿរបស់ស្តេចអ័គ្រីប៉ា ប៉ុលបានពិគ្រោះជាមួយស្តេចអំពីរឿងដែលស្តេចនោះយល់ច្បាស់។ ប៉ុលពូកែពន្យល់និងពូកែវែកញែកដល់ម្ល៉េះ ដែលស្តេចអ័គ្រីប៉ាមានបន្ទូលថា៖ «បន្ដិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ»។—កិច្ចការ ២៦:២, ៣, ២៧, ២៨
៧. នៅពេលដែលផ្សព្វផ្សាយដល់ហ្វូងមនុស្សនៅក្រុងលីស្ដ្រា តើប៉ុលបានប្រែប្រួលតាមកាលៈទេសៈយ៉ាងដូចម្ដេច?
៧ ប៉ុលក៏ចេះប្រែប្រួលតាមកាលៈទេសៈដែរ។ ចូរកត់សម្គាល់របៀបដែលគាត់បាននិយាយ ពេលដែលខំឃាត់មនុស្សមួយហ្វូងនៅក្នុងក្រុងលីស្ដ្រា កុំឲ្យថ្វាយបង្គំគាត់និងបាណាបាសដូចជាព្រះនោះ។ មនុស្សទាំងនេះដែលនិយាយភាសាលូកៅនា ត្រូវគេចាត់ទុកជាមនុស្សដែលពុំសូវចេះដឹងនិងមានជំនឿឆ្វេង។ យោងទៅតាមកិច្ចការ ១៤:១៤-១៨ ប៉ុលបានប្រាប់អំពីការបង្កើត និងរបស់ល្អៗគ្រប់បែបយ៉ាងនៅផែនដី ជាទីសំអាងដែលបញ្ជាក់ភាពខ្ពង់ខ្ពស់នៃព្រះពិត។ ការពន្យល់វែកញែកនេះគឺស្រួលយល់ ហើយតាមមើលទៅនោះបាន«ឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់»ប៉ុលនិងបាណាបាស។
៨. តើតាមរបៀបណាដែលប៉ុលចេះប្រែប្រួលតាមកាលៈទេសៈ ទោះជាជួនកាលគាត់ទាស់ចិត្តទាស់អារម្មណ៍ក៏ដោយ?
៨ ប៉ុលមិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ ហើយជួនកាល គាត់ទាស់ចិត្តទាស់អារម្មណ៍អំពីរឿងខ្លះៗ។ ជាឧទាហរណ៍ នៅពេលមួយមនុស្សម្នាក់ឈ្មោះអាន្ន៉ានាសជាតិយូដាបានធ្វើទុក្ខទោសគាត់តាមរបៀបអយុត្ដិធម៌និងគួរឲ្យអាម៉ាស់មុខនោះ ប៉ុលបានខឹងស្តីឲ្យគាត់ភ្លាមៗវិញ។ ប៉ុន្តែ ពេលដែលគេប្រាប់ថាគាត់បានស្តីបន្ទោសសម្ដេចសង្ឃដោយឥតដឹងខ្លួន នោះគាត់បានសុំអត់ឱនទោសភ្លាម។ (កិច្ចការ ២៣:១-៥) នៅក្រុងអាថែន មុនដំបូងគាត់«មានសេចក្ដីរំជួលក្នុងចិត្ត[ឬ«តឹងទ្រូង», ខ.ស.]ជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ»។ ប៉ុន្តែ ពេលគាត់អធិប្បាយនៅកណ្ដាលទីអើរីយ៉ូស ប៉ុលមិនបានបង្ហាញនូវកំហឹងគាត់ឡើយ។ ផ្ទុយទៅវិញ គាត់បាននិយាយដល់ពួកអ្នកនៅក្រុងអាថែន ទាំងលើកឡើងចំណុចដែលអ្នកស្ដាប់យល់ព្រម ដោយសំដៅទៅអាសនៈរបស់គេដែលថ្វាយ«ព្រះដ៏ពុំស្គាល់» ហើយនិយាយអំពីកវីម្នាក់របស់គេផង។—កិច្ចការ ១៧:១៦-២៨
៩. តើប៉ុលបង្ហាញថាគាត់មានគំនិតឈ្លាសវៃយ៉ាងណា ពេលនិយាយទៅកាន់ក្រុមមនុស្សផ្សេងៗ?
៩ នៅពេលដែលប៉ុលនិយាយទៅកាន់មនុស្សផ្សេងៗ នោះគាត់ក៏មានគំនិតឈ្លាសវៃណាស់។ គាត់បានគិតអំពីទំនៀមទម្លាប់និងមជ្ឈដ្ឋានដែលមានអានុភាពលើគំនិតរបស់អ្នកស្ដាប់។ នៅពេលដែលគាត់បានសរសេរទៅកាន់ជនគ្រីស្ទាននៅក្រុងរ៉ូម គាត់បានដឹងច្បាស់ថា ពួកគេរស់នៅក្នុងរដ្ឋធានីនៃមហាអំណាចនៅសម័យនោះ។ គោលចំណុចនៃសំបុត្ររបស់ប៉ុលទៅកាន់ពួកគ្រីស្ទាននៅក្រុងរ៉ូម គឺថាអំណាចនៃបាបរបស់អ័ដាមដែលនាំឲ្យខូចទៅ នោះត្រូវបានឈ្នះដោយអំណាចរបស់ព្រះគ្រីស្ទដែលអាចរំដោះយើង។ គាត់បាននិយាយទៅកាន់ជនគ្រីស្ទាននៅក្រុងរ៉ូមនិងមនុស្សឯទៀត ដោយប្រើពាក្យសំដីដែលទាក់ទាញទឹកចិត្តរបស់គេ។—រ៉ូម ១:៤; ៥:១៤, ១៥
១០, ១១. តើប៉ុលបានកែសម្រួលឧទាហរណនិទស្សន៍សម្រាប់អ្នកស្ដាប់យ៉ាងដូចម្ដេច? (សូមមើលសម្គាល់ហេតុ)
១០ តើប៉ុលបានធ្វើអ្វី នៅពេលដែលគាត់ចង់ពន្យល់សេចក្ដីពិតដ៏ជ្រាលជ្រៅដល់ពួកអ្នកស្ដាប់? សាវ័កប៉ុលពូកែប្រើឧទាហរណនិទស្សន៍ស្រួលយល់ដែលមនុស្សដឹងទូទៅ ដើម្បីបញ្ជាក់នូវរឿងខាងវិញ្ញាណដែលស៊ីជម្រៅ។ ជាឧទាហរណ៍ ប៉ុលបានដឹងថាមនុស្សនៅក្រុងរ៉ូមដឹងអំពីរឿងបាវបម្រើនៅទូទាំងចក្រភពរ៉ូម។ តាមការពិត គាត់បានសរសេរទៅកាន់មនុស្សដែលពួកគេភាគច្រើនប្រហែលជាបាវបម្រើ។ ហេតុដូច្នេះហើយ ប៉ុលបានប្រើឧទាហរណនិទស្សន៍នេះអំពីបាវបម្រើ ដើម្បីលើកឡើងនូវចំណុចដែលមនុស្សម្នាក់សម្រេចប្រគល់ខ្លួនបម្រើបាប ឬធ្វើជាបាវបម្រើនៃសេចក្ដីសុចរិតវិញ។—រ៉ូម ៦:១៦-២០
១១ ឯកសារយោងមួយចែងថា៖ «ក្នុងចំណោមមនុស្សរស់នៅក្រុងរ៉ូម ម្ចាស់អាចដោះលែងបាវបម្រើឲ្យរួច ឬបាវបម្រើនោះអាចមានសេរីភាពដោយបង់ថ្លៃដល់ម្ចាស់។ គាត់ក៏អាចរៀបចំឲ្យមានសេរីភាព បើព្រះមួយអង្គទៅជាម្ចាស់គាត់វិញ»។ បាវបម្រើដែលមានសេរីភាពអាចបន្តធ្វើការឲ្យម្ចាស់ដើម្បីទទួលប្រាក់ខែ។ តាមមើលទៅ ប៉ុលចង់សំដៅទៅលើការប្រព្រឹត្តនេះ នៅពេលដែលគាត់បានសរសេរអំពីការសម្រេចចិត្តរបស់បុគ្គលម្នាក់ថា ត្រូវបម្រើចៅហ្វាយណាមួយ បាបឬសេចក្ដីសុចរិត។ ជនគ្រីស្ទាននៅក្រុងរ៉ូមត្រូវបានរំដោះចេញពីបាប ហើយឥឡូវគឺព្រះជាម្ចាស់របស់ពួកគេវិញ។ ពួកគេមានសេរីភាពអាចបម្រើព្រះបាន ប៉ុន្តែ ពួកគេក៏អាចសម្រេចចិត្តធ្វើជាបាវបម្រើរបស់បាប ដែលជាចៅហ្វាយដើម ប្រសិនបើចង់នោះ។ ឧទាហរណនិទស្សន៍នេះដែលស្រួលយល់និងមនុស្សដឹងទូទៅ នឹងជំរុញជនគ្រីស្ទាននៅក្រុងរ៉ូមឲ្យសួរខ្លួនឯងថា‹តើចៅហ្វាយមួយណាដែលខ្ញុំកំពុងតែបម្រើ?›។b
ចូររៀនពីគំរូរបស់សាវ័កប៉ុល
១២, ១៣. (ក) សព្វថ្ងៃនេះ តើយើងត្រូវខំប្រឹងយ៉ាងណាដើម្បីនិយាយទាក់ទាញទឹកចិត្តមនុស្សផ្សេងៗ? (ខ) ពេលផ្សាយដល់មនុស្សពីមជ្ឈដ្ឋានផ្សេងៗ តើអ្វីដែលនាំឲ្យអ្នកមានប្រសិទ្ធភាព?
១២ ពេលនិយាយជាមួយមនុស្សផ្សេងៗ ដូចសាវ័កប៉ុលយើងក៏ត្រូវយកចិត្តទុកដាក់ ចេះប្រែប្រួលតាមកាលៈទេសៈ និងមានគំនិតឈ្លាសវៃដើម្បីទាក់ទាញទឹកចិត្តរបស់អ្នកស្ដាប់។ យើងចង់ជួយអ្នកស្ដាប់ឲ្យយល់នូវដំណឹងល្អ មិនគ្រាន់តែទៅជួបគេឲ្យតែបង្គ្រប់កិច្ច ប្រាប់នូវសារដែលបានរៀបចំហើយ ឬទុកសៀវភៅខ្លះៗឲ្យគេនោះទេ។ យើងខំឲ្យយល់នូវតម្រូវការនិងកង្វល់របស់ពួកគេ អ្វីដែលពួកគេចូលចិត្តនិងមិនចូលចិត្ត អ្វីដែលធ្វើឲ្យពួកគេខ្លាចនិងធ្វើឲ្យប្រកាន់។ ទោះជានេះតម្រូវឲ្យខំប្រឹងយ៉ាងខ្លាំងក៏ពិតមែន តែអ្នកផ្សាយសារព្រះរាជាណាចក្រនៅជុំវិញពិភពលោក មានចិត្តរីករាយធ្វើដូច្នេះ។ ជាឧទាហរណ៍ ការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសហុងគ្រីប្រាប់ថា៖ «បងប្អូនទីនេះបង្ហាញការគោរពដល់ទំនៀមទម្លាប់និងជីវភាពរស់នៅរបស់មនុស្សពីប្រទេសផ្សេងៗ និងមិនតម្រូវឲ្យមនុស្សកែប្រែធ្វើតាមទំនៀមទម្លាប់ក្នុងប្រទេសនេះទេ»។ ស្មរបន្ទាល់ព្រះយេហូវ៉ានៅកន្លែងផ្សេងៗក៏ធ្វើដូច្នេះដែរ។
១៣ នៅប្រទេសមួយនៅទ្វីបអាស៊ី មនុស្សភាគច្រើនខ្វល់ខ្វាយអំពីសុខភាព ការអប់រំកូន និងការរៀនសូត្រ។ អ្នកផ្សាយសារព្រះរាជាណាចក្រនៅទីនោះលើកចំណុចនេះមកនិយាយ ជាជាងពិគ្រោះអំពីរឿងផ្សេងៗដូចស្ថានភាពមិនល្អក្នុងពិភពលោក ឬរឿងស្មុគស្មាញក្នុងសង្គម។ ស្រដៀងគ្នាដែរ អ្នកផ្សព្វផ្សាយក្នុងទីក្រុងមួយនៅសហរដ្ឋអាមេរិក បានកត់សម្គាល់ថា នៅកន្លែងមួយក្នុងតំបន់ផ្សព្វផ្សាយ នោះមានមនុស្សខ្វល់ខ្វាយនឹងរឿងពុករលួយ ការស្ទះចរាចរ និងឧក្រិដ្ឋកម្មជាដើម។ ស្មរបន្ទាល់ព្រះយេហូវ៉ាពិគ្រោះព្រះគម្ពីរ ដោយលើកប្រធានបែបនេះមកនិយាយវិញ ហើយពួកគេទទួលបានលទ្ធផលល្អដែរ។ អ្នកបង្រៀនដែលមានប្រសិទ្ធភាពនឹងខំធ្វើឲ្យប្រាកដថា ទោះជាពួកគាត់លើកប្រធានអ្វីមកនិយាយក៏ដោយ ក៏ពួកគាត់នៅតែមានគំនិតសុទិដ្ឋិនិយមនិងលើកទឹកចិត្ត ដោយបញ្ជាក់នូវប្រយោជន៍ដែលមកពីការអនុវត្តតាមគោលការណ៍ព្រះគម្ពីរនៅឥឡូវនេះ និងអនាគតដ៏ភ្លឺស្វាងដែលព្រះនឹងប្រទាន។—អេសាយ ៤៨:១៧, ១៨; ៥២:៧
១៤. ចូររៀបរាប់នូវរបៀបដែលយើងត្រូវប្រែប្រួលតាមតម្រូវការនៃមនុស្សនិងស្ថានការណ៍ផ្សេងៗ។
១៤ យើងត្រូវចេះប្រែប្រួលតាមកាលៈទេសៈក្នុងកិច្ចបម្រើផ្សាយដែរ ដ្បិតមនុស្សមានទំនៀមទម្លាប់ ការអប់រំ និងសាសនាផ្សេងពីគ្នា។ របៀបដែលយើងនិយាយដល់មនុស្សដែលជឿលើព្រះ តែមិនជឿព្រះគម្ពីរ គឺខុសគ្នាពីរបៀបដែលយើងនិយាយជាមួយអ្នកដែលជឿថាគ្មានព្រះវិញ។ ចំពោះមនុស្សម្នាក់ដែលមានអារម្មណ៍ថា សៀវភៅទាំងអស់ខាងសាសនាគ្រាន់តែជារបៀបបញ្ចុះបញ្ចូលមនុស្ស នោះរបៀបដែលយើងនិយាយដល់មនុស្សបែបនេះ នឹងខុសគ្នាពីរបៀបដែលយើងនិយាយដល់មនុស្សដែលជឿលើការបង្រៀនក្នុងព្រះគម្ពីរ។ ពេលយើងនិយាយដល់មនុស្សគ្រប់កម្រិតវប្បធម៌ នោះក៏យើងត្រូវចេះប្រែប្រួលតាមកាលៈទេសៈដែរ។ គ្រូដែលប៉ិនប្រសប់នឹងពន្យល់វែកញែកហើយប្រើឧទាហរណនិទស្សន៍ដែលសមរម្យនឹងស្ថានការណ៍នោះ។—យ៉ូហានទី១ ៥:២០
ចូរជួយអ្នកបម្រើថ្មី
១៥, ១៦. ហេតុអ្វីក៏ត្រូវការបង្ហាត់បង្រៀនអ្នកបម្រើថ្មីៗ?
១៥ ប៉ុលមិនគ្រាន់តែគិតអំពីវិធីបង្រៀនរបស់គាត់ប៉ុណ្ណោះទេ។ គាត់ចង់ជួយបង្ហាត់បង្រៀនមនុស្សតំណក្រោយៗ ដូចជាធីម៉ូថេនិងទីតុស ឲ្យក្លាយជាអ្នកបម្រើដែលមានប្រសិទ្ធភាពដែរ។ (ធីម៉ូថេទី២ ២:២; ៣:១០, ១៤; ទីតុស ១:៤) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះក៏ត្រូវបង្ហាត់បង្រៀននិងទទួលការបង្ហាត់បង្រៀនជាបន្ទាន់។
១៦ នៅឆ្នាំ១៩១៤ អ្នកផ្សាយសារព្រះរាជាណាចក្រនៅទូទាំងផែនដីមាន៥.០០០នាក់ តែសព្វថ្ងៃនេះ ជារៀងរាល់សប្ដាហ៍មាន៥.០០០នាក់ដែលទទួលបុណ្យជ្រមុជទឹក! (អេសាយ ៥៤:២, ៣; កិច្ចការ ១១:២១) នៅពេលដែលអ្នកថ្មីចាប់ផ្ដើមចូលរួមក្រុមជំនុំគ្រីស្ទាន និងចង់រួមចំណែកក្នុងកិច្ចបម្រើផ្សាយ នោះពួកគាត់ត្រូវការនូវការបង្ហាត់បង្រៀននិងការណែនាំ។ (កាឡាទី ៦:៦) គឺសំខាន់ណាស់ដែលយើងប្រើវិធីបង្រៀនរបស់ព្រះយេស៊ូដែលជាអម្ចាស់យើង ក្នុងការបង្ហាត់បង្រៀនសិស្ស។c
១៧, ១៨. តើយើងអាចជួយសិស្សថ្មីមានទំនុកចិត្តក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
១៧ ព្រះយេស៊ូមិនគ្រាន់តែរកមនុស្សមួយក្រុម រួចប្រាប់សាវ័កទ្រង់ឲ្យចាប់ផ្ដើមនិយាយដល់មនុស្សទាំងនោះឡើយ។ មុនដំបូង ទ្រង់បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយ ហើយបានលើកទឹកចិត្តឲ្យពួកគេព្យាយាមអធិស្ឋានអំពីកិច្ចបម្រើផ្សាយដែរ។ រួចមក ដើម្បីជួយពួកគេទ្រង់បានប្រទានអ្វីបីយ៉ាងសម្រាប់សិស្សទ្រង់គឺ ដៃគូ តំបន់ផ្សាយ និងសារ។ (ម៉ាថាយ ៩:៣៥-៣៨; ១០:៥-៧; ម៉ាកុស ៦:៧; លូកា ៩:២, ៦) យើងក៏អាចធ្វើដូច្នេះដែរ។ មិនថាយើងជួយកូនយើង សិស្សថ្មីម្នាក់ ឬបុគ្គលណាម្នាក់ដែលមិនបានចូលរួមកិច្ចផ្សាយយូរហើយក្ដីនោះគឺសមហេតុផលឲ្យយើងខំប្រឹងបង្ហាត់ពួកគេតាមរបៀបនេះដែរ។
១៨ សិស្សថ្មីត្រូវការជំនួយច្រើនដើម្បីឲ្យមានទំនុកចិត្តក្នុងការផ្សព្វផ្សាយសារព្រះរាជាណាចក្រ។ តើអ្នកអាចជួយពួកគេឲ្យរៀបចំវិធីនិយាយដែលស្រួលយល់និងទាក់ទាញចិត្ត ហើយក្រោយមកហាត់ពាក្យនិយាយនោះបានឬទេ? នៅកន្លែងផ្សព្វផ្សាយ អនុញ្ញាតឲ្យគេរៀនពីគំរូរបស់អ្នក ពេលដែលអ្នកនិយាយនៅផ្ទះបីបួនដំបូងនោះ។ អ្នកអាចយកតម្រាប់តាមលោកគេឌាន ដែលបានប្រាប់ទាហានគាត់ថា៖ «ចូរមើលមកអញ ហើយធ្វើតាមអញចុះ»។ (ពួកចៅហ្វាយ ៧:១៧) រួចមក អនុញ្ញាតឲ្យសិស្សមានឱកាសចូលរួមផ្សព្វផ្សាយដែរ។ ចូរសរសើរសិស្សដោយបានខំប្រឹងផ្សព្វផ្សាយ ហើយពេលសមរម្យ ផ្ដល់នូវយោបល់យ៉ាងសង្ខេបឲ្យរីកចម្រើន។
១៩. កាលដែលអ្នកខំ‹បំពេញកិច្ចបំរើរបស់ខ្លួនគ្រប់ជំពូក› តើអ្នកនឹងប្ដេជ្ញាធ្វើអ្វី?
១៩ ដើម្បី‹បំពេញកិច្ចបំរើរបស់ខ្លួនគ្រប់ជំពូក› យើងប្ដេជ្ញាឲ្យចេះប្រែប្រួលតាមកាលៈទេសៈ និងយើងចង់បង្ហាត់បង្រៀនសិស្សថ្មីឲ្យធ្វើដូច្នេះដែរ។ នៅពេលដែលយើងគិតអំពីសារៈសំខាន់នៃគោលដៅយើង ពោលគឺដើម្បីផ្ដល់ចំណេះអំពីព្រះដែលនាំទៅដល់សេចក្ដីសង្គ្រោះ នោះយើងជឿជាក់ថាគឺសមឲ្យយើងខំប្រឹងដើម្បី«ត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ»។—ធីម៉ូថេទី២ ៤:៥; កូរិនថូសទី១ ៩:២២
[កំណត់សម្គាល់]
a ចំពោះឧទាហរណ៍នៃគុណសម្បត្ដិបែបនេះក្នុងកិច្ចបម្រើផ្សាយរបស់ប៉ុល សូមមើលកិច្ចការ ១៣:៩, ១៦-៤២; ១៧:២-៤; ១៨:១-៤; ១៩:១១-២០; ២០:៣៤; រ៉ូម ១០:១១-១៥; កូរិនថូសទី២ ៦:១១-១៣។
b ប៉ុលក៏បានធ្វើដូច្នេះដែរ ពេលពន្យល់នូវទំនាក់ទំនងថ្មីរវាងព្រះនិង«ពួកកូន»ចាក់ប្រេងតាំងខាងវិញ្ញាណ គាត់បានប្រើគំនិតខាងច្បាប់ដែលអ្នកអានក្នុងចក្រភពរ៉ូមស្រួលយល់។ (រ៉ូម ៨:១៤-១៧) សៀវភៅមួយចែងថា៖ «ការយកមកចិញ្ចឹមជាកូនគឺជាទំនៀមទម្លាប់រ៉ូម ហើយក៏ផ្សាជាប់នឹងគំនិតរបស់ជនជាតិរ៉ូមស្តីអំពីក្រុមគ្រួសារ»។—St. Paul at Rome
c ឥឡូវក្នុងគ្រប់ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា មានកម្មវិធីដែលហៅថាអ្នកត្រួសត្រាយជួយអ្នកឯទៀត។ កម្មវិធីនេះប្រើអ្នកត្រួសត្រាយពេញពេលដែលមានបទពិសោធន៍ ដើម្បីជួយអ្នកផ្សាយដែលមិនសូវមានបទពិសោធន៍។
តើអ្នកនៅចាំឬទេ?
• ក្នុងកិច្ចបម្រើផ្សាយ តើយើងអាចយកតម្រាប់តាមសាវ័កប៉ុលយ៉ាងដូចម្ដេច?
• តើយើងប្រហែលជាត្រូវកែប្រែគំនិតអ្វីខ្លះ?
• តើយើងអាចរក្សាសាររបស់យើងឲ្យប្រកបដោយសុទិដ្ឋិនិយមយ៉ាងដូចម្ដេច?
• តើសិស្សថ្មីត្រូវការអ្វី ដើម្បីបណ្ដុះឲ្យមានទំនុកចិត្ត?
[រូបភាពនៅទំព័រ២១]
សាវ័កប៉ុលបានជោគជ័យក្នុងការផ្សព្វផ្សាយដល់មនុស្សពីមជ្ឈដ្ឋានផ្សេងៗ ដោយប្រែប្រួលតាមតម្រូវការរបស់ពួកគេ
[រូបភាពនៅទំព័រ២៣]
អ្នកផ្សព្វផ្សាយដែលមានប្រសិទ្ធភាពគិតអំពីវប្បធម៌របស់អ្នកដែលពួកគេជួប
[រូបភាពនៅទំព័រ២៤]
អ្នកផ្សព្វផ្សាយដែលរីកចម្រើនជួយអ្នកថ្មីឲ្យរៀបចំសម្រាប់កិច្ចផ្សព្វផ្សាយ