-
បើអត់ឃើញអ្នកបង្កើតធ្វើម្ដេចជឿបាន?ទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មិថុនា
-
-
ហេតុអ្វីបានជាប៉ុលមានជំនឿស៊ប់ថា មានព្រះមួយអង្គដែលពិតជាយកចិត្តទុកដាក់ចំពោះមនុស្សដែលលោកបានបង្កើតមក? ពេលសរសេរសំបុត្រជូនចំពោះគ្រិស្តសាសនិកគ្នីគ្នានៅទីក្រុងរ៉ូម ប៉ុលបានពន្យល់ពីមូលហេតុមួយដែលគាត់ជឿ។ ប៉ុលសរសេរថា៖ ‹អ្វីៗរបស់ព្រះដែលរកមើលមិនឃើញ តាំងពីកំណើតពិភពលោកមក ទោះទាំងព្រះចេស្ដានឹងនិស្ស័យជាព្រះ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលព្រះបានបង្កើតមក›។—រ៉ូម ១:២០
អត្ថបទបន្តបន្ទាប់នឹងពិភាក្សាអំពីគុណសម្បត្ដិបីយ៉ាងរបស់ព្រះដែលយើងអាចឃើញច្បាស់ដោយពិចារណាយល់ពីអ្វីៗទាំងប៉ុន្មានដែលលោកបានបង្កើតមក។ ពេលពិនិត្យមើលឧទាហរណ៍នីមួយៗ សូមសួរខ្លួនឯងថា ‹តើចំណេះអំពីគុណសម្បត្ដិទាំងបីនោះគួរជំរុញចិត្តខ្ញុំឲ្យធ្វើដូចម្ដេច?›។
-
-
សត្វនានាបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើតទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មិថុនា
-
-
សត្វនានាបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើត
‹ព្រះអង្គអោយយើងមានចំណេះជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានអោយយើងមានប្រាជ្ញាជាងបក្សាបក្សីដែលហើរនៅលើមេឃ›។—យ៉ូប ៣៥:១១, ខ.ស.
បក្សាបក្សីជាពពួកសត្វដ៏អស្ចារ្យណាស់! សូម្បីតែវិស្វករផ្នែកផលិតយន្តហោះក៏មានចិត្តកោតស្ងើចចំពោះសមត្ថភាពហោះហើររបស់ពពួកបក្សាបក្សីដែរ។ ទោះជាគ្មានទីសម្គាល់សម្រាប់នាំផ្លូវក៏ដោយ ប្រភេទបក្សាបក្សីខ្លះហើរកាត់មហាសាគររាប់ពាន់គីឡូម៉ែត្រទាំងអត់វង្វេងទិសផង។
បក្សាបក្សីក៏មានសមត្ថភាពអស្ចារ្យមួយទៀតដែលបង្ហាញពីប្រាជ្ញារបស់ព្រះដែលបានបង្កើតរបស់សព្វសារពើ ពោលគឺ សមត្ថភាពហួចហៅគ្នីគ្នា។ សូមមើលឧទាហរណ៍ខ្លះៗដូចតទៅ។
ភាសាសត្វ
សូម្បីតែមុនញាស់ក្ដី ប្រភេទបក្សាបក្សីខ្លះក៏ចេះហៅគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ សត្វក្រួចញីពងមួយក្នុងមួយថ្ងៃ ហើយអាចពងរហូតដល់ទៅ៨ថ្ងៃជាបន្តបន្ទាប់។ បើពងទាំង៨លូតលាស់ស្មើគ្នា ពងទាំងនោះនឹងញាស់ម្ដងមួយៗក្នុងរយៈពេល៨ថ្ងៃ។ បើដូច្នេះ ពិបាកណាស់ឲ្យមេចិញ្ចឹមថែទាំកូន ដំណាលគ្នានឹងក្រាបពងដែលអត់ទាន់ញាស់។ ប៉ុន្តែ មិនដែលមានដូចនោះឡើយ។ តាមការពិត ក្នុងរយៈពេលតែ៦ម៉ោង កូនក្រួចទាំង៨ញាស់តែម្ដង។ ម្ដេចក៏អាចញាស់ដំណាលគ្នាកើត? យោងទៅតាមអ្នកស្រាវជ្រាវ មុនញាស់ កូនក្រួចប្រើភាសាសត្វហាក់ដូចជាសន្មតគ្នាដើម្បីចេញមកដំណាលគ្នា។
ក្នុងចំណោមពពួកបក្សាបក្សី តាមធម្មតាពេលធំល្មមហើយ មានតែបក្សាទេដែលពូកែយំ ជាពិសេសដើម្បីវាតទីនិងទាក់ទាញរកគូទៅតាមរដូវរបស់វា។ តាមមើលទៅ គឺហាក់ដូចជាពពួកបក្សាបក្សីដែលមានរាប់ពាន់ប្រភេទនោះមានភាសារបស់ខ្លួន ដែលជួយបក្សីឲ្យសម្គាល់គូប្រភេទដូចគ្នា។
មូលហេតុដែលបក្សាបក្សីច្រើនតែយំនៅពេលថ្ងៃរះនិងថ្ងៃលិច គឺដោយសារពេលនោះមិនសូវមានខ្យល់បក់និងសំឡេងឯទៀតមករំខានទេ។ អ្នកស្រាវជ្រាវបានរកឃើញថា សំឡេងចាបយំនៅពេលព្រឹកនិងល្ងាចអាចឮបានឆ្ងាយជាង គឺដល់ទៅ២០ដងឯណោះ។
ទោះជាបក្សាយំច្រើនជាងបក្សីក្ដី ទាំងពីរពួកក៏អាចបូលហៅគ្នាផងដែរ។ ជាឧទាហរណ៍ មានចាបមួយពួកចេះយំ៩បែប។ ចាបនោះយំមួយបែបសម្រាប់ព្រមានពីអ្វីដែលពាធាពីអាកាស ពីបក្សាបក្សីដែលហើររកចាប់រំពា។ ប៉ុន្តែ ចាបនោះក៏ហួចមួយបែបទៀតសម្រាប់ព្រមានពីអ្វីដែលពាធាពីដីទៅវិញ។
ភាសាមនុស្សវិសេសជាង
សមត្ថភាពផ្សេងៗរបស់បក្សាបក្សីដែលបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើត ពិតជាអស្ចារ្យណាស់! ប៉ុន្តែ មនុស្សពិតជាមានសមត្ថភាពវិសេសជាងទៅទៀត ក្នុងការប្រាស្រ័យទាក់ទងគ្នា។ សៀវភៅយ៉ូប ៣៥:១១ បញ្ជាក់ថា ព្រះបានបង្កើតមនុស្សឲ្យមាន«ប្រាជ្ញាលើសជាងសត្វហើរលើអាកាស»ផង។ មានតែមនុស្សទេដែលមានសមត្ថភាពប្រាប់ពីគំនិតដ៏ជ្រាលជ្រៅរបស់ខ្លួន ដោយបញ្ចេញសំឡេងតាមបំពង់កនិងធ្វើកាយវិការ។
ខុសប្លែកពីកូនសត្វ តាមមើលទៅ កូនក្មេងដែលទើបតែកើតមានសមត្ថភាពដើម្បីរៀនភាសាផ្សេងៗដ៏ស្មុគស្មាញ។ ប្រភពព័ត៌មានតាមបណ្ដាញអ៊ីនធឺណិត (ទស្សនាវដ្ដី American Scientist) ចែងថា៖ «សូម្បីតែពេលដែលមាតាបិតាមិនចេះនិយាយជាមួយកូនក៏ដោយ ក្មេងៗនៅតែមានសមត្ថភាពរៀនភាសានៅឡើយ។ រីឯក្មេងៗដែលថ្លង់ ទោះជាគ្មាននរណាបង្រៀនភាសាគឲ្យគេក្ដី គេក៏អាចចេះធ្វើកាយវិការដោយខ្លួនឯងបានដែរ»។
-
-
សត្វនានាបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើតទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មិថុនា
-
-
មានអារម្មណ៍យ៉ាងណា?
ពេលស្ដាប់ចាបយំ និងឮក្មេងតូចចាប់ចេះនិយាយ តើយើងមានអារម្មណ៍យ៉ាងណា? តើយើងទទួលស្គាល់ថារបស់ទាំងនេះជាទីសំអាងដែលបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើតទេ?
ក្រោយលោកដាវីឌពីបុរាណបានរំពឹងគិតអំពីរូបកាយដ៏អស្ចារ្យរបស់ខ្លួន ដែលជាស្នាដៃរបស់អ្នកបង្កើត គាត់មានចិត្តជំរុញឲ្យសរសេរបទទំនុកដំកើងថា៖ ‹ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃព្រះអង្គ ក៏សុទ្ធតែអស្ចារ្យទាំងអស់!›។ (ទំនុកដំកើង ១៣៩:១៤) បើយើងមានចិត្តអបអរចំពោះអ្នកបង្កើត និងពិនិត្យមើលភ័ស្តុតាងក្នុងធម្មជាតិដែលបង្ហាញពីប្រាជ្ញារបស់ព្រះ យើងក៏នឹងមានជំនឿកាន់តែខ្លាំងទៅលើសមត្ថភាពរបស់លោកក្នុងការណែនាំជីវិតយើង។
-
-
ដួងតារាបង្ហាញពីអំណាចរបស់អ្នកបង្កើតទស្សនាវដ្ដីប៉មយាម ២០០៨ | ១ មិថុនា
-
-
ដួងតារាបង្ហាញពីអំណាចរបស់អ្នកបង្កើត
«ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ អោយរះឡើងផ្គុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិនិងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ»។—អេសាយ ៤០:២៦, ខ.ស.
ព្រះអាទិត្យជាតារាដែលមានទំហំជាមធ្យមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ព្រះអាទិត្យមានទម្ងន់ធ្ងន់ជាងផែនដីដល់ទៅ៣៣០.០០០ដង! រីឯដួងតារាឯទៀតដែលនៅជិតផែនដី ភាគច្រើនមានទំហំតូចជាងព្រះអាទិត្យ។ ប៉ុន្តែ តារាខ្លះ (ដូចជាតារាដែលគេហៅថាV382 Cygni)មានទម្ងន់ធ្ងន់ជាងព្រះអាទិត្យដល់ទៅ២៧ដងផង!
តើព្រះអាទិត្យបញ្ចេញថាមពលខ្លាំងប៉ុណ្ណា? សូមគិតទៅមើល បើគេបង្កាត់ភ្នក់ភ្លើងឲ្យឆេះសន្ធោសន្ធៅដល់ម្ល៉េះបានជាជះកម្ដៅយ៉ាងឆ្ងាយដល់ទៅ១៥គីឡូម៉ែត្រផង តើភ្លើងនោះត្រូវមានកម្ដៅក្ដៅប៉ុណ្ណា? ឯព្រះអាទិត្យវិញ ដួងតារានោះស្ថិតនៅចម្ងាយប្រមាណជា១៥០លានគីឡូម៉ែត្រពីផែនដី។ ប៉ុន្តែ ពេលថ្ងៃក្ដៅចែងចាំង កម្ដៅនោះក៏អាចធ្វើឲ្យស្បែករលាកផង! គួរឲ្យអស្ចារ្យណាស់ដែលមានប្រមាណតែ១ភាគក្នុង១.០០០លាននៃថាមពលរបស់ព្រះអាទិត្យមកដល់ផែនដី។ យ៉ាងណាក៏ដោយ ថាមពលបន្ដិចបន្តួចនេះនៅតែល្មមគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតទាំងឡាយដែលមាននៅលើភពនេះ។
តាមការពិត អ្នកវិទ្យាសាស្ត្រយល់ថា បើមានភពដូចផែនដីចំនួន៣១លានលាន ព្រះអាទិត្យនៅតែបញ្ចេញថាមពលល្មមនឹងចិញ្ចឹមជីវិតនៅលើភពទាំងនោះបាន។ ម្យ៉ាងវិញទៀត យោងទៅតាមព័ត៌មានក្នុងបណ្ដាញអ៊ីនធឺណិត (របស់Space Weather Prediction Center—SWPC) បើគិតពីថាមពលដែលចេញពីព្រះអាទិត្យក្នុងរយៈពេលតែមួយវិនាទីប៉ុណ្ណោះ ថាមពលនោះល្មមនឹងផ្ដល់ឲ្យមាន«ភ្លើងគ្រប់គ្រាន់សម្រាប់៩.០០០.០០០ឆ្នាំ តាមដែលគេប្រើសព្វថ្ងៃ»នៅសហរដ្ឋអាម៉េរិក។
ស្នូលព្រះអាទិត្យបញ្ចេញថាមពលដែលមានលក្ខណៈប្រហាក់ប្រហែលនឹងម៉ាស៊ីនភ្លើងនុយក្លេអ៊ែរដែលបង្កើតភ្លើងដោយបំបែកបរមាណូ។ ព្រះអាទិត្យមានទំហំធំដល់ម្ល៉េះ និងស្នូលក្រាសដល់ម្ល៉េះបានជាច្រើនលានឆ្នាំកន្លងទៅទើបថាមពលក្នុងស្នូលអាចចេញរួច។ យោងទៅតាមព័ត៌មានក្នុងបណ្ដាញអ៊ីនធឺណិតនៅខាងលើ «បើព្រះអាទិត្យឈប់បញ្ចេញថាមពលនៅថ្ងៃនេះ ៥០.០០០.០០០ឆ្នាំទៅមុខទៀតទើបមនុស្សនៅផែនដីចាប់ភ្លឹក!»។
សូមគិតអំពីចំណុចមួយនេះទៀត។ ពេលរាត្រីមេឃស្រឡះ យើងងើយទៅលើឃើញរាប់ពាន់ដួងតារាកំពុងបញ្ចេញថាមពលខ្លាំងឥតគណនា ដូចព្រះអាទិត្យផងដែរ។ រីឯចំនួនតារាក្នុងសកលលោក អ្នកវិទ្យាសាស្ត្រយល់ថាមានដល់ទៅរាប់លានលានឯណោះ!
តើហ្វូងតារាទាំងអម្បាលម៉ានមកពីណា? ទោះជាមិនយល់នូវមូលហេតុក៏ដោយ អ្នកស្រាវជ្រាវភាគច្រើនជឿថា ប្រមាណ១៤លានលានឆ្នាំមុន សកលលោកបានផ្ទុះឡើងក្នុងមួយប៉ប្រិចភ្នែក។ រីឯគម្ពីរវិញ កំណត់ហេតុរៀបរាប់យ៉ាងសង្ខេបថា៖‹កាលដើមដំបូង ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី›។ (លោកុប្បត្តិ ១:១) គឺច្បាស់ហើយថា ព្រះដែលបានបង្កើតដួងតារាទាំងឡាយពោរពេញទៅដោយថាមពល ពិតជាមាន«តេជានុភាព»ឬអំណាច«ដ៏ខ្លាំងក្លា»។—អេសាយ ៤០:២៦
-