មេរៀនទី៥៩
អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!
មិនយូរមិនឆាប់ គ្រិស្តសាសនិកទាំងអស់នឹងជួបការប្រឆាំង រួមទាំងការបៀតបៀនដែរ។ តើយើងគួរភ័យខ្លាចឬទេ?
១. ហេតុអ្វីយើងដឹងថាយើងនឹងជួបការបៀតបៀន?
គម្ពីរប្រាប់យ៉ាងចំៗថា៖ «អស់អ្នកដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ (ធីម៉ូថេទី២ ៣:១២) លោកយេស៊ូត្រូវគេបៀតបៀន ដោយសារលោកមិនរួមចំណែកក្នុងពិភពលោកសាថាន។ យើងក៏មិនរួមចំណែកក្នុងពិភពលោកនេះដែរ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេ ពេលដែលរដ្ឋាភិបាលនិងអង្គការសាសនាផ្សេងៗបៀតបៀនយើង។—យ៉ូហាន ១៥:១៨, ១៩
២. តើយើងអាចត្រៀមខ្លួនប្រឈមមុខការបៀតបៀនយ៉ាងដូចម្ដេច?
ឥឡូវនេះ យើងត្រូវពង្រឹងទំនុកចិត្តលើព្រះយេហូវ៉ា។ ជារៀងរាល់ថ្ងៃ សូមលៃទុកពេលអធិដ្ឋានទៅលោក និងអានបណ្ដាំរបស់លោក។ សូមចូលរួមកិច្ចប្រជុំក្រុមជំនុំជាទៀងទាត់។ ពេលអ្នកធ្វើអ្វីទាំងអស់នេះ អ្នកនឹងមានចិត្តក្លាហានកាន់តែខ្លាំងដើម្បីប្រឈមមុខនឹងការបៀតបៀន ទោះជាការបៀតបៀននោះមកពីសមាជិកក្រុមគ្រួសារក៏ដោយ។ សាវ័កប៉ូលបានជួបការបៀតបៀនជាច្រើនលើកច្រើនសា តែគាត់បានសរសេរថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។—ហេប្រឺ ១៣:៦
ពេលយើងផ្សព្វផ្សាយជាទៀងទាត់ នោះក៏ជួយយើងឲ្យកាន់តែមានចិត្តក្លាហានដែរ។ ហេតុអ្វី? ពីព្រោះពេលយើងផ្សព្វផ្សាយ យើងរៀនឲ្យទុកចិត្តព្រះយេហូវ៉ា និងយកឈ្នះការខ្លាចមនុស្ស។ (សុភាសិត ២៩:២៥) បើអ្នកបង្កើនចិត្តក្លាហានដើម្បីផ្សព្វផ្សាយនៅឥឡូវនេះ នោះនឹងជួយអ្នកឲ្យត្រៀមខ្លួនកាន់តែល្អដើម្បីបន្ដផ្សព្វផ្សាយ សូម្បីតែរដ្ឋាភិបាលដាក់កម្រិតលើកិច្ចការរបស់យើង។—ថែស្សាឡូនិចទី១ ២:២
៣. បើយើងស៊ូទ្រាំការបៀតបៀន តើយើងនឹងទទួលរង្វាន់អ្វីខ្លះ?
យើងម្នាក់ៗមិនចង់ជួបការបៀតបៀនទេ តែពេលយើងជួបការបៀតបៀន ហើយចេះស៊ូទ្រាំ នោះយើងនឹងមានជំនឿកាន់តែរឹងមាំ។ ម្យ៉ាងទៀត យើងកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដោយសារយើងឃើញរបៀបដែលលោកជួយយើង ពេលយើងមានអារម្មណ៍ថាមិនអាចស៊ូទ្រាំតទៅទៀតបាន។ (សូមអាន យ៉ាកុប ១:២-៤) ព្រះយេហូវ៉ាឈឺចិត្តពេលឃើញយើងរងទុក្ខវេទនា តែលោកពេញចិត្តពេលឃើញយើងស៊ូទ្រាំ។ គម្ពីរចែងថា៖ «ប្រសិនបើអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ តែអ្នករាល់គ្នាស៊ូទ្រាំ នោះធ្វើឲ្យព្រះពេញចិត្ត»។ (ពេត្រុសទី១ ២:២០) បើយើងបន្តស៊ូទ្រាំ ព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។ នៅទីនោះ មនុស្សទាំងអស់នឹងបម្រើព្រះយេហូវ៉ា ហើយគ្មានអ្នកណាមកប្រឆាំងពួកគេឡើយ។—ម៉ាថាយ ២៤:១៣
បង្កើនចំណេះ
សូមរៀនអំពីមូលហេតុដែលយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាជួបការបៀតបៀនក៏ដោយ។ សូមរៀនដែរអំពីរង្វាន់ដែលព្រះនឹងឲ្យដល់យើង។
៤. អ្នកអាចស៊ូទ្រាំចំពោះការប្រឆាំងពីក្រុមគ្រួសារ
លោកយេស៊ូដឹងច្បាស់ថា សមាជិកខ្លះក្នុងក្រុមគ្រួសាររបស់យើងប្រហែលជាមិនចង់ឲ្យយើងបម្រើព្រះយេហូវ៉ាទេ។ សូមអាន ម៉ាថាយ ១០:៣៤-៣៦ រួចពិភាក្សាសំណួរនេះ៖
តើក្រុមគ្រួសារមានប្រតិកម្មយ៉ាងណា ពេលសមាជិកគ្រួសាររបស់ខ្លួនសម្រេចចិត្តបម្រើព្រះយេហូវ៉ា?
ដើម្បីដឹងឧទាហរណ៍មួយ សូមលេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
បើសាច់ញាតិឬមិត្តភក្តិព្យាយាមរារាំងអ្នកមិនឲ្យបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើយ៉ាងណា?
សូមអាន ចម្រៀងសរសើរព្រះ ២៧:១០ និងម៉ាកុស ១០:២៩, ៣០។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
បើអ្នករងការប្រឆាំងពីក្រុមគ្រួសារឬមិត្តភក្តិ តើសេចក្ដីសន្យានេះអាចជួយអ្នកយ៉ាងដូចម្ដេច?
៥. ចូរបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា ទោះជាមានការបៀតបៀនក៏ដោយ
យើងត្រូវមានចិត្តក្លាហាន ពេលអ្នកឯទៀតព្យាយាមរារាំងយើងមិនឲ្យបម្រើព្រះយេហូវ៉ា។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើគំរូក្នុងវីដេអូនេះជួយអ្នកឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច?
សូមអាន សកម្មភាព ៥:២៧-២៩ និងហេប្រឺ ១០:២៤, ២៥។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
ទោះជារដ្ឋាភិបាលដាក់កម្រិតលើកិច្ចផ្សព្វផ្សាយឬកិច្ចប្រជុំរបស់យើងក៏ដោយ ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
៦. ព្រះយេហូវ៉ានឹងជួយអ្នកឲ្យស៊ូទ្រាំ
សាក្សីព្រះយេហូវ៉ាទាំងចាស់ទាំងក្មេងនៅទូទាំងពិភពលោក បន្តបម្រើលោកយ៉ាងស្មោះត្រង់ ទោះជាជួបការបៀតបៀនក៏ដោយ។ ដើម្បីមើលអ្វីដែលបានជួយពួកគេ សូមលេងវីដេអូ។ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើអ្វីបានជួយសាក្សីឲ្យស៊ូទ្រាំ?
សូមអាន រ៉ូម ៨:៣៥, ៣៧-៣៩ និងភីលីព ៤:១៣។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
តើបទគម្ពីរនេះធ្វើឲ្យអ្នកជឿជាក់យ៉ាងដូចម្ដេចថា អ្នកអាចស៊ូទ្រាំទុក្ខលំបាកទាំងអស់បាន?
សូមអាន ម៉ាថាយ ៥:១០-១២ រួចពិភាក្សាសំណួរនេះ៖
ទោះជាជួបការបៀតបៀនក៏ដោយ ហេតុអ្វីអ្នកនៅតែអាចមានសុភមង្គល?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនអាចស៊ូទ្រាំការបៀតបៀនបានទេ»។
តើបទគម្ពីរមួយណាអាចជួយពួកគេឲ្យមានទំនុកចិត្តថាពួកគេអាចស៊ូទ្រាំបាន?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាឲ្យតម្លៃយើងចំពោះការខំព្យាយាមបម្រើលោក ទោះជាយើងជួបការបៀតបៀនក៏ដោយ។ ដោយមានជំនួយពីលោក យើងអាចស៊ូទ្រាំបាន!
រៀនសាឡើងវិញ
ហេតុអ្វីគ្រិស្តសាសនិកដឹងថាពួកគេនឹងជួបការបៀតបៀន?
នៅឥឡូវនេះ តើអ្នកអាចធ្វើអ្វីដើម្បីត្រៀមខ្លួនមុនជួបការបៀតបៀន?
ទោះជាអ្នកជួបទុក្ខលំបាកណាក៏ដោយ ហេតុអ្វីអ្នកជឿជាក់ថាអ្នកអាចបន្តបម្រើព្រះយេហូវ៉ា?
ស្វែងយល់ថែមទៀត
សូមមើលប្អូនប្រុសវ័យក្មេងម្នាក់ពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ឲ្យស៊ូទ្រាំ ពេលគាត់ជាប់គុកដោយសាររក្សាអព្យាក្រឹតភាព។
សូមពិចារណាអំពីអ្វីដែលបានជួយប្ដីប្រពន្ធមួយគូឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ទោះជាជួបការប្រឆាំងអស់ជាច្រើនឆ្នាំក្ដី។
ការបម្រើព្រះយេហូវ៉ាក្នុងអំឡុងគ្រាដែលផ្លាស់ប្ដូរ (៧:១១)
សូមរៀនអំពីរបៀបដែលយើងអាចប្រឈមមុខការបៀតបៀនដោយចិត្តក្លាហាន។
«ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ការបៀតបៀន» (ទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ២០១៩)
តើយើងគួរមានទស្សនៈយ៉ាងណាពេលក្រុមគ្រួសារបៀតបៀនយើង? ហើយតើយើងអាចធ្វើអ្វីដើម្បីរក្សាសន្តិភាពជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបន្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា?