ចូរឲ្យការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើអ្នក
«ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ»។—ទំនុក. ៧៣:២៤
១, ២. (ក) តើអ្វីខ្លះដែលសំខាន់ចាំបាច់ដើម្បីមានទំនាក់ទំនងល្អជាមួយព្រះយេហូវ៉ា? (ខ) តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះពេលពិនិត្យមើលកំណត់ហេតុក្នុងគម្ពីរស្តីអំពីប្រតិកម្មរបស់មនុស្សចំពោះការប្រៀនប្រដៅរបស់ព្រះ?
អ្នកតែងទំនុកតម្កើងបានបង្ហាញទំនុកចិត្តរបស់គាត់ចំពោះព្រះដោយនិយាយថា៖ «ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ»។ (ទំនុក. ៧៣:២៨) តើស្ថានភាពអ្វីដែលបាននាំឲ្យគាត់សន្និដ្ឋានយ៉ាងឈ្លាសវៃបែបនេះ? ដោយបានសង្កេតឃើញមនុស្សអាក្រក់មានសេចក្ដីសុខ មុនដំបូងអ្នកតែងទំនុកតម្កើងមានកំហឹងនៅក្នុងចិត្ត។ គាត់បានត្អូញត្អែរថា៖ «ការដែលទូលបង្គំបានជំរះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ»។ (ទំនុក. ៧៣:២, ៣, ១៣, ២១) ប៉ុន្តែពេលគាត់បានចូលក្នុង«ទីបរិសុទ្ធរបស់ព្រះ» គាត់ស្ថិតក្នុងស្ថានភាពមួយដែលបានជួយគាត់ឲ្យកែប្រែរបៀបគិតគូររបស់គាត់ ហើយរក្សាភាពជិតស្និទ្ធជាមួយព្រះ។ (ទំនុក. ៧៣:១៦-១៨) អ្នកតែងទំនុកតម្កើងបានរៀននូវមេរៀនដ៏សំខាន់មួយគឺ បើបុគ្គលម្នាក់ចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា គាត់ត្រូវជារាស្ត្ររបស់ព្រះ ហើយទទួលយក ព្រមទាំងធ្វើតាមដំបូន្មានរបស់លោក។—ទំនុក. ៧៣:២៤
២ យើងក៏ចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះពិតដែលមានជីវិតរស់នៅដែរ។ ដើម្បីសម្រេចគោលដៅនេះ ជាការសំខាន់ចាំបាច់ដែលយើងឲ្យឱវាទនិងការប្រៀនប្រដៅរបស់លោកមានឥទ្ធិពលលើយើង ដើម្បីឲ្យយើងក្លាយទៅជាបុគ្គលដែលទទួលការពេញចិត្តពីលោក! នៅអតីតកាល ព្រះបានបង្ហាញសេចក្ដីមេត្ដាករុណាដល់បុគ្គលម្នាក់ៗនិងប្រជាជាតិនានាដោយផ្ដល់ឱកាសឲ្យពួកគេទទួលយកការប្រៀនប្រដៅរបស់លោក។ កំណត់ហេតុអំពីការប្រព្រឹត្តរបស់ពួកគេបានត្រូវកត់ទុកក្នុងគម្ពីរ«ដើម្បីណែនាំយើង»និង«ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ»។ (រ៉ូម ១៥:៤; ១កូ. ១០:១១) ការពិនិត្យមើលកំណត់ហេតុទាំងនេះឲ្យបានដិតដល់និងជួយយើងឲ្យស្គាល់កាន់តែច្បាស់នូវបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ហើយបង្ហាញយើងអំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីការអប់រំរបស់លោក។
ព្រះយេហូវ៉ាប្រើអំណាចរបស់លោកដូចជាងស្មូនម្នាក់
៣. នៅអេសាយ ៦៤:៨ និងយេរេមា ១៨:១-៦ តើគម្ពីររៀបរាប់យ៉ាងណាអំពីអំណាចរបស់ព្រះយេហូវ៉ាលើមនុស្ស? (សូមមើលរូបភាពនៅដើមអត្ថបទ)។
៣ គម្ពីរចែងថាព្រះយេហូវ៉ាគឺប្រៀបដូចជាជាងស្មូនដោយសារលោកមានអំណាចលើមនុស្សនិងប្រជាជាតិនានា។ អេសាយ ៦៤:៨ចែងថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា»។ ជាងស្មូនមានអំណាចទាំងស្រុងដើម្បីសូនដីឥដ្ឋទៅជាភាជនៈដែលគាត់ចង់ធ្វើ។ ដីឥដ្ឋមិនអាចប្រាប់ជាងស្មូនឲ្យសូនវាទៅជាអ្វីទេ។ មនុស្សនិងព្រះក៏ដូច្នេះដែរ។ មនុស្សគ្មានសិទ្ធិប្រកែកនឹងព្រះទេ ដូចដីឥដ្ឋក៏មិនអាចប្រកែកនឹងជាងស្មូនដែលជាអ្នកសូនវាដែរ។—សូមអាន យេរេមា ១៨:១-៦
៤. តើព្រះអប់រំមនុស្សឬប្រជាជាតិនានាតាមតែចិត្តរបស់លោកឬ? សូមពន្យល់។
៤ ព្រះយេហូវ៉ាអប់រំជនជាតិអ៊ីស្រាអែល ដូចជាងស្មូនសូនដីឥដ្ឋ។ ប៉ុន្តែគឺមានអ្វីមួយដែលខុសគ្នាឆ្ងាយណាស់។ ជាងស្មូនអាចធ្វើភាជនៈប្រភេទណាក៏ដោយដែលគាត់អាចធ្វើពីដីឥដ្ឋមួយដុំ។ តើព្រះយេហូវ៉ាអប់រំមនុស្សឬប្រជាជាតិនានា ដោយធ្វើឲ្យមនុស្សខ្លះទៅជាល្អ ហើយមនុស្សខ្លះទៀតទៅជាអាក្រក់តាមតែចិត្តរបស់លោកឬ? គម្ពីរមិនចែងដូច្នេះទេ។ ព្រះយេហូវ៉ាបានឲ្យអំណោយដ៏មានតម្លៃមួយដល់មនុស្ស ហើយអំណោយនោះគឺសេរីភាព។ លោកមិនប្រើអំណាចគ្រប់គ្រងរបស់លោកដោយបំបាត់សេរីភាពដែលជាអំណោយរបស់លោកនោះទេ។ មនុស្សជាតិត្រូវសម្រេចចិត្តឲ្យព្រះយេហូវ៉ាដែលជាអ្នកបង្កើតអប់រំពួកគេ។—សូមអាន យេរេមា ១៨:៧-១០
៥. ពេលមនុស្សមិនព្រមឲ្យព្រះយេហូវ៉ាអប់រំពួកគេ តើលោកនឹងប្រព្រឹត្តយ៉ាងណា?
៥ ចុះយ៉ាងណាបើមនុស្សរឹងរូសមិនព្រមឲ្យជាងស្មូនដ៏ឧត្តមអប់រំពួកគេ? ដូច្នេះ តើលោកប្រើអំណាចរបស់លោកយ៉ាងដូចម្ដេច? ពេលជាងស្មូនពិបាកសូនដីឥដ្ឋទៅជាអ្វីដែលគាត់ចង់ធ្វើ គាត់អាចសម្រេចចិត្តធ្វើអ្វីផ្សេងទៀត ឬគាត់អាចបោះដីឥដ្ឋនោះចោល។ នេះច្រើនតែកើតឡើងដោយសារជាងស្មូនមិនបានសូនដីឥដ្ឋតាមរបៀបត្រឹមត្រូវ។ ប៉ុន្តែ ព្រះយេហូវ៉ាតែងតែអប់រំមនុស្សតាមរបៀបត្រឹមត្រូវ។ (ចោ. ៣២:៤) ពេលបុគ្គលម្នាក់មិនឲ្យព្រះយេហូវ៉ាអប់រំគាត់ នោះគឺជាកំហុសរបស់បុគ្គលនោះ។ ព្រះយេហូវ៉ាកែប្រែរបៀបអប់រំមនុស្សស្របតាមប្រតិកម្មរបស់ពួកគេចំពោះការអប់រំរបស់លោក។ ពេលមនុស្សស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះពួកគេទៅជាមនុស្សដែលមានប្រយោជន៍សម្រាប់លោក។ ឧទាហរណ៍ គ្រិស្តសាសនិកដែលព្រះបានរើសតាំង គឺជា«ភាជនៈដែលលោកនឹងបង្ហាញសេចក្ដីមេត្ដាករុណា» ដែលបានត្រូវសូនជាភាជនៈ«សម្រាប់ប្រើក្នុងការថ្លៃថ្នូរ»។ ប៉ុន្តែ ពួកអ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះនឹងទៅជា«ភាជនៈដែលបានត្រូវបម្រុងទុកដើម្បីបំផ្លាញចោល»។—រ៉ូម ៩:១៩-២៣
៦, ៧. តើស្តេចដាវីឌនិងសូលមានប្រតិកម្មខុសគ្នាយ៉ាងណាពេលទទួលឱវាទពីព្រះយេហូវ៉ា?
៦ របៀបមួយដែលព្រះយេហូវ៉ាអប់រំមនុស្សគឺ តាមរយៈឱវាទឬការប្រៀនប្រដៅ។ យើងអាចឃើញរបៀបដែលព្រះប្រើអំណាចរបស់លោកទៅលើពួកអ្នកដែលលោកអប់រំ ដោយពិចារណាអំពីស្តេចពីរអង្គដែលជាស្តេចដំបូងរបស់ជនជាតិអ៊ីស្រាអែល ពោលគឺសូលនិងដាវីឌ។ ពេលដែលស្តេចដាវីឌប្រព្រឹត្តអំពើផិតក្បត់ជាមួយបាតសេបា នោះគាត់នាំឲ្យខ្លួនគាត់និងអ្នកឯទៀតទទួលលទ្ធផលអាក្រក់។ ទោះជាដាវីឌជាស្តេចក៏ដោយ ព្រះយេហូវ៉ាមិនបានស្ទាក់ស្ទើរនឹងប្រៀនប្រដៅគាត់យ៉ាងខ្លាំងឡើយ។ ព្រះបានចាត់ណាថាន់ដែលជាអ្នកប្រកាសទំនាយឲ្យជូនឱវាទចំៗដល់ដាវីឌ។ (២សាំ. ១២:១-១២) តើដាវីឌបានតបឆ្លើយយ៉ាងណា? គាត់ពិបាកចិត្តយ៉ាងខ្លាំង ហើយបានប្រែចិត្ត។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះដាវីឌ។—សូមអាន សាំយូអែលទី២ ១២:១៣
៧ ផ្ទុយទៅវិញ សូលដែលជាស្តេចគ្រប់គ្រងមុនដាវីឌ មិនធ្វើតាមដំបូន្មានរបស់ព្រះទេ។ ព្រះយេហូវ៉ាបានឲ្យបញ្ញត្ដិចំៗដល់សូលតាមរយៈអ្នកប្រកាសទំនាយសាំយូអែល គឺឲ្យគាត់បំផ្លាញចោលជនជាតិអាម៉ាលេកទាំងអស់និងហ្វូងសត្វរបស់ពួកគេ។ សូលមិនធ្វើតាមបញ្ញត្ដិនេះឡើយ។ គាត់មិនបានសម្លាប់ស្តេចអ័កាក់ ហើយបានទុកហ្វូងសត្វល្អៗ។ ហេតុអ្វី? ពីព្រោះគាត់ចង់ទទួលការសរសើរ។ (១សាំ. ១៥:១-៣, ៧-៩, ១២) ដូច្នេះព្រះយេហូវ៉ាបានចាត់សាំយ៉ូអែលឲ្យផ្ដល់ឱវាទដល់សូល។ សូលគួរធ្វើតាមដំបូន្មានរបស់ព្រះយេហូវ៉ា ហើយឲ្យលោកអប់រំគាត់។ ផ្ទុយទៅវិញ សូលមិនព្រមឲ្យព្រះយេហូវ៉ាអប់រំគាត់ទេ។ គាត់បានដោះសា។ គាត់បានវែកញែកថា អ្វីដែលគាត់បានធ្វើគឺមិនមែនខុសទេ ពីព្រោះសត្វទាំងនោះអាចប្រើជាគ្រឿងបូជាជូនព្រះ ហើយគាត់មិនអើពើនឹងឱវាទរបស់សាំយូអែលឡើយ។ ព្រះយេហូវ៉ាលែងទទួលស្គាល់សូលជាស្តេចទៀត ហើយសូលមិនមានទំនាក់ទំនងល្អឡើងវិញជាមួយនឹងព្រះយេហូវ៉ាដែលជាព្រះពិតទេ។—សូមអាន សាំយូអែលទី១ ១៥:១៣-១៥, ២០-២៣
ព្រះមិនរើសមុខទេ
៨. តើយើងអាចទាញមេរៀនអ្វីពីប្រតិកម្មរបស់ជនជាតិអ៊ីស្រាអែលចំពោះការអប់រំរបស់ព្រះយេហូវ៉ា?
៨ ព្រះយេហូវ៉ាមិនត្រឹមតែអប់រំបុគ្គលម្នាក់ៗប៉ុណ្ណោះទេ តែលោកក៏ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលមានឱកាសទទួលការអប់រំពីលោកដែរ។ នៅឆ្នាំ១៥១៣ មុនគ.ស. ព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីប ហើយលោកបានឲ្យពួកគេធ្វើជាភាគីនៃកិច្ចព្រមព្រៀងជាមួយលោក។ ជនជាតិអ៊ីស្រាអែលគឺជារាស្ត្រដែលព្រះយេហូវ៉ាបានជ្រើសរើស ហើយពួកគេមានឯកសិទ្ធិទទួលការអប់រំពីលោក។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបន្តធ្វើអ្វីដែលព្រះយេហូវ៉ាចាត់ទុកជាអំពើអាក្រក់ ពួកគេថែមទាំងបានគោរពបូជាព្រះរបស់ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញពួកគេ។ ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយឲ្យប្រាប់ជនជាតិអ៊ីស្រាអែលឲ្យកែប្រែការប្រព្រឹត្ត ប៉ុន្តែពួកគេមិនព្រមស្ដាប់ឡើយ។ (យេ. ៣៥:១២-១៥) ដោយសារជនជាតិអ៊ីស្រាអែលមានចិត្តរឹងចចេស នោះពួកគេបានត្រូវប្រៀនប្រដៅយ៉ាងខ្លាំង។ ដូចភាជនៈដែលបានត្រូវបម្រុងទុកដើម្បីបំផ្លាញចោល ជនជាតិអាសស៊ើរបានច្បាំងឈ្នះរាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០ ហើយពួកបាប៊ីឡូនបានច្បាំងឈ្នះរាជាណាចក្រខាងត្បូងដែលមានកុលសម្ព័ន្ធ២។ នេះគួរជាមេរៀនដ៏សំខាន់មួយសម្រាប់យើង! ការអប់រំរបស់ព្រះយេហូវ៉ានឹងជួយយើង លុះត្រាតែយើងធ្វើតាមឱវាទរបស់លោកយ៉ាងត្រឹមត្រូវ។
៩, ១០. តើបណ្ដាជននៅក្រុងនីនីវេមានប្រតិកម្មយ៉ាងណាចំពោះការព្រមានរបស់ព្រះ?
៩ ព្រះយេហូវ៉ាក៏បានឲ្យមនុស្សនៅរដ្ឋធានីនីនីវេនៅប្រទេសអាសស៊ើរ មានឱកាសមួយដើម្បីធ្វើតាមការព្រមានរបស់លោក។ លោកបានប្រាប់យ៉ូណាសថា៖ «ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ»។ ព្រះយេហូវ៉ាបានសម្រេចថាទីក្រុងនីនីវេគួរទទួលសេចក្ដីហិនវិនាស ដោយសារបណ្ដាជននៅក្រុងនេះគឺអាក្រក់ខ្លាំងណាស់។—យ៉ូណ. ១:១, ២; ៣:១-៤
១០ ប៉ុន្តែ ពេលយ៉ូណាសប្រកាសថាក្រុងនេះនឹងត្រូវបំផ្លាញចោល «ពួកបណ្ដាជននៅក្រុងនីនីវេគេក៏ជឿព្រះអង្គ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ»។ ស្តេចរបស់ពួកគេ«ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ»។ បណ្ដាជននៅក្រុងនីនីវេបានធ្វើតាមការអប់រំរបស់ព្រះយេហូវ៉ាហើយបានកែប្រែចិត្ត។ ដូច្នេះ ព្រះយេហូវ៉ាមិនបានបំផ្លាញក្រុងនោះឡើយ។—យ៉ូណ. ៣:៥-១០
១១. តើយើងរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលនិងបណ្ដាជននៅក្រុងនីនីវេ?
១១ ទោះជាជនជាតិអ៊ីស្រាអែលជាប្រជាជាតិមួយដែលព្រះបានរើសតាំងក៏ដោយ តែពួកគេក៏បានត្រូវព្រះប្រៀនប្រដៅដែរ។ ផ្ទុយទៅវិញ បណ្ដាជននៅក្រុងនីនីវេមិនមែនជាភាគីនៃកិច្ចព្រមព្រៀងជាមួយព្រះទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យអ្នកប្រកាសទំនាយប្រាប់អំពីការវិនិច្ឆ័យទោសដល់ពួកគេ ហើយលោកបានបង្ហាញសេចក្ដីមេត្ដាករុណា ពេលពួកគេបង្ហាញថាពួកគេទទួលការអប់រំពីលោក ពោលគឺពួកគេដូចជាដីឥដ្ឋទន់ក្នុងដៃរបស់លោក។ នេះពិតជាឧទាហរណ៍ដែលបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាជាព្រះរបស់យើង«មិនដែលយោគយល់ខាងអ្នកណាសោះ»ឡើយ!—ចោ. ១០:១៧
ព្រះយេហូវ៉ាប្រព្រឹត្តដោយសមហេតុផល ហើយចេះផ្លាស់ប្ដូរតាមកាលៈទេសៈ
១២, ១៣. (ក) ហេតុអ្វីព្រះយេហូវ៉ាផ្លាស់ប្ដូរការប្រព្រឹត្តរបស់លោកពេលមនុស្សធ្វើតាមការអប់រំរបស់លោក? (ខ) ដោយសារព្រះយេហូវ៉ាអាច«ប្រែគំនិត» តើយើងអាចរៀនអ្វីអំពីលោក?
១២ ព្រះយេហូវ៉ាអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោកអំពីមនុស្ស ពេលពួកគេកែប្រែការប្រព្រឹត្តរបស់ពួកគេ។ ជាឧទាហរណ៍ គម្ពីរប្រាប់យើងថា ព្រះយេហូវ៉ាស្ដាយដែលលោកបានតែងតាំងសូលជាស្តេចនៃជនជាតិអ៊ីស្រាអែល។ (១សាំ. ១៥:១១) ពេលបណ្ដាជននៃក្រុងនីនីវេបានប្រែចិត្ត ហើយឈប់ប្រព្រឹត្តអំពើអាក្រក់ គម្ពីរចែងថា៖ «ព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថានឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ»។—យ៉ូណ. ៣:១០
១៣ ព្រះយេហូវ៉ាបានផ្លាស់ប្ដូរចិត្តគំនិតចំពោះសូល។ ពីមុនលោកបានជ្រើសរើសសូលឲ្យធ្វើជាស្តេច តែឥឡូវលោកឈប់ទទួលស្គាល់គាត់ជាស្តេចទៀត។ ការផ្លាស់ប្ដូរនេះមិនមែនកើតឡើងដោយសារលោកជ្រើសរើសខុសដោយឲ្យសូលធ្វើជាស្តេចនោះទេ ប៉ុន្តែដោយសារសូលបានប្រព្រឹត្តដោយគ្មានជំនឿ ហើយមិនបានស្ដាប់បង្គាប់លោក។ ពេលបណ្ដាជននៅក្រុងនីនីវេប្រែចិត្ត ព្រះយេហូវ៉ាសុខចិត្តផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោក ហើយទុកជីវិតឲ្យពួកគេ។ យើងពិតជាទទួលការសម្រាលទុក្ខណាស់ ពេលដឹងថាព្រះយេហូវ៉ាមានសេចក្ដីសប្បុរសនិងមានសេចក្ដីមេត្ដាករុណា ហើយលោកសុខចិត្តផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោក ពេលមនុស្សកែប្រែការប្រព្រឹត្តរបស់ខ្លួន!
ចូរទទួលយកការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា
១៤. (ក) សព្វថ្ងៃនេះ តើតាមរបៀបណាព្រះយេហូវ៉ាអប់រំយើង? (ខ) តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះការអប់រំពីព្រះ?
១៤ សព្វថ្ងៃនេះ ព្រះយេហូវ៉ាអប់រំយើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក និងតាមរយៈអង្គការរបស់លោក។ (២ធី. ៣:១៦, ១៧) យើងគួរទទួលយកឱវាទឬការប្រៀនប្រដៅតាមរយៈមធ្យោបាយទាំងនេះ។ ទោះជាយើងបានទទួលការជ្រមុជទឹកយូរឆ្នាំ ឬទទួលឯកសិទ្ធិក្នុងកិច្ចបម្រើច្រើនយ៉ាងណាក៏ដោយ យើងគួរបន្តធ្វើតាមឱវាទរបស់ព្រះ ហើយឲ្យឱវាទទាំងនេះបន្តកែប្រែលក្ខណៈរបស់យើងឲ្យទៅជាភាជន:មួយសម្រាប់ការដ៏ប្រសើរ។
១៥, ១៦. (ក) តើបុគ្គលម្នាក់ប្រហែលជាមានអារម្មណ៍យ៉ាងណាពេលគាត់បាត់បង់ឯកសិទ្ធិក្នុងក្រុមជំនុំ? សូមលើកឧទាហរណ៍មួយ។ (ខ) តើអ្វីអាចជួយយើងមិនឲ្យមានអារម្មណ៍ខ្មាសអៀនពេលត្រូវប្រៀនប្រដៅ?
១៥ តើតាមរបៀបណាព្រះយេហូវ៉ាប្រៀនប្រដៅយើង? លោកបង្រៀនយើងនូវអ្វីដែលលោកតម្រូវពីយើង ហើយកែតម្រង់របៀបគិតគូររបស់យើង។ ប៉ុន្តែ នៅពេលផ្សេងទៀត យើងប្រហែលជាត្រូវការការប្រៀនប្រដៅ ដោយសារយើងមិនបានធ្វើអ្វីដែលត្រឹមត្រូវ។ ការប្រៀនប្រដៅបែបនេះប្រហែលជាជាប់ទាក់ទងនឹងការបាត់បង់ឯកសិទ្ធិ។ សូមពិចារណាអំពីគំរូរបស់ដេននីសa ដែលបានបម្រើជាអ្នកចាស់ទុំ។ គាត់បានធ្វើខុសដោយសារគាត់បានសម្រេចចិត្តមិនត្រឹមត្រូវអំពីមុខជំនួញរបស់គាត់ ហើយគាត់បានទទួលការប្រដៅតម្រង់។ តើដេននីសមានអារម្មណ៍យ៉ាងណានៅយប់ដែលគេប្រកាសនៅក្នុងក្រុមជំនុំថាគាត់លែងបម្រើជាអ្នកចាស់ទុំទៀត? គាត់និយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំបរាជ័យទាំងស្រុងក្នុងជីវិត។ ជាង៣០ឆ្នាំកន្លងទៅនេះ ខ្ញុំបានទទួលឯកសិទ្ធិជាច្រើន។ ខ្ញុំធ្លាប់ជាអ្នកត្រួសត្រាយពេញពេញ ធ្លាប់បម្រើនៅបេតអែល ហើយធ្លាប់បានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ ហើយក្រោយមកជាអ្នកចាស់ទុំ។ ខ្ញុំក៏ទើបតែបានថ្លែងសុន្ទរកថាជាលើកទី១នៅមហាសន្និបាត។ ក្នុងមួយរំពេច ខ្ញុំបានបាត់បង់អ្វីៗទាំងអស់នេះ។ ក្រៅពីមានអារម្មណ៍ខ្មាសគេ ខ្ញុំបានគិតថាខ្ញុំលែងមានភារកិច្ចអ្វីទាំងអស់ក្នុងអង្គការរបស់ព្រះ»។
១៦ ដេននីសត្រូវកែប្រែការប្រព្រឹត្តរបស់គាត់។ ប៉ុន្តែតើអ្វីបានជួយគាត់ឲ្យស៊ូទ្រាំនឹងអារម្មណ៍អៀនខ្មាសនេះ? គាត់ពន្យល់ថា៖ «ខ្ញុំបានតាំងចិត្តរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ។ ការគាំទ្រពីបងប្អូនរួមជំនឿនិងការលើកទឹកចិត្តដែលខ្ញុំបានទទួលពីសៀវភៅរបស់យើង ពិតជាសំខាន់មែន។ អត្ថបទមួយដែលមានចំណងជើងថា ‹តើអ្នកធ្លាប់មានឯកសិទ្ធិក្នុងកិច្ចបម្រើឬទេ? តើអ្នកអាចទទួលឯកសិទ្ធិនោះម្ដងទៀតឬទេ?› ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ (ជាភាសាអង់គ្លេស) គឺហាក់ដូចជាសំបុត្រមួយដែលព្រះឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ ឱវាទដែលខ្ញុំចាត់ទុកថាមានតម្លៃបំផុតគឺ ‹ពេលអ្នកគ្មានភារកិច្ចថែមទៀតក្នុងក្រុមជំនុំ សូមប្រមូលអារម្មណ៍ទៅលើការពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះ›»។ តើការប្រៀនប្រដៅនេះបានជួយដេននីសយ៉ាងដូចម្ដេច? ប៉ុន្មានឆ្នាំក្រោយមក គាត់និយាយថា៖ «ព្រះយេហូវ៉ាបានប្រទានពរដល់ខ្ញុំម្ដងទៀត ដោយឲ្យខ្ញុំមានឯកសិទ្ធិបម្រើជាជំនួយការខាងកិច្ចបម្រើ»។
១៧. តើការបណ្ដាច់មិត្តភាពជួយបុគ្គលដែលបានធ្វើខុសយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
១៧ ការបណ្ដាច់មិត្តភាពគឺជាការប្រៀនប្រដៅមួយបែបទៀតពីព្រះយេហូវ៉ា។ នេះការពារក្រុមជំនុំពីឥទ្ធិពលអាក្រក់របស់បុគ្គលដែលបានធ្វើអំពើខុសឆ្គង ហើយអាចជួយគាត់ឲ្យកែប្រែចិត្ត។ (១កូ. ៥:៦, ៧, ១១) រ៉ូបឺតបានត្រូវបណ្ដាច់មិត្តភាពជិត១៦ឆ្នាំមកហើយ ក្នុងអំឡុងពេលនោះឪពុកម្ដាយនិងបងប្អូនបង្កើតរបស់គាត់បានតាំងចិត្តយ៉ាងរឹងមាំ ហើយបានធ្វើតាមការណែនាំដែលនៅក្នុងបណ្ដាំរបស់ព្រះយ៉ាងស្មោះត្រង់ ដោយឈប់ចូលលាយឡំជាមួយនឹងបុគ្គលដែលបានធ្វើខុស ថែមទាំងមិនជម្រាបសួរបុគ្គលបែបនេះឡើយ។ ឥឡូវនេះ រ៉ូបឺតបានត្រូវទទួលស្គាល់ជាសមាជិកក្រុមជំនុំឡើងវិញអស់ប៉ុន្មានឆ្នាំហើយ ហើយគាត់កំពុងជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ ពេលគេសួរគាត់ថា តើអ្វីបានជំរុញគាត់ឲ្យត្រឡប់មកអង្គការរបស់ព្រះយេហូវ៉ានិងរាស្ត្ររបស់លោកវិញ បន្ទាប់ពីបានត្រូវបណ្ដាច់មិត្តភាពអស់ជាច្រើនឆ្នាំមកនេះ គាត់បានឆ្លើយតបថា ដោយសារសមាជិកក្រុមគ្រួសាររបស់គាត់បានកាន់ជំហរមាំមួន នេះបានមានឥទ្ធិពលមកលើគាត់។ គាត់និយាយថា៖ «បើក្រុមគ្រួសាររបស់ខ្ញុំបានទាក់ទងជាមួយនឹងខ្ញុំសូម្បីតែបន្ដិចក៏ដោយ គ្រាន់តែដើម្បីសួរសុខទុក្ខប៉ុណ្ណោះ នោះនឹងធ្វើឲ្យខ្ញុំអស់ចិត្ត ហើយខ្ញុំនឹងមិនមានអារម្មណ៍ថាខ្ញុំត្រូវត្រឡប់មករកព្រះដើម្បីអាចសេពគប់ជាមួយនឹងពួកគេឡើយ»។
១៨. ពេលព្រះយេហូវ៉ាអប់រំយើង តើយើងគួរមានប្រតិកម្មយ៉ាងណា?
១៨ យើងប្រហែលជាមិនត្រូវការការប្រៀនប្រដៅដូចគ្នានេះទេ។ ប៉ុន្តែយើងត្រូវគិតថាយើងនឹងធ្វើអ្វីពេលព្រះអប់រំ ហើយប្រៀនប្រដៅយើង។ តើយើងនឹងមានប្រតិកម្មយ៉ាងណាពេលយើងទទួលការប្រៀនប្រដៅ? តើយើងនឹងធ្វើដូចដាវីឌឬដូចសូល? បិតារបស់យើងគឺជាជាងស្មូនដ៏ឧត្តម។ សូមកុំភ្លេចថា៖ «ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ»។ ហេតុនេះសូមកុំ«មើលងាយសេចក្ដីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោសរបស់ទ្រង់ដែរ»។—សុភ. ៣:១១, ១២
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ។