លើកកិត្ដិយសចំពោះអ្នកដទៃ
«ខាងឯការលើកកិត្ដិយសទៅវិញទៅមក នោះលើកកិត្ដិយសចំពោះគេជាមុន»។—រ៉ូម ១២:១០, ព.ថ.
១, ២. (ក) តើព្រះយេហូវ៉ាត្រូវតែប្រព្រឹត្តយ៉ាងណា ដើម្បីបង្ហាញចិត្តសុភាពរបស់យើង? (ខ) តើព្រះគម្ពីរច្រើនតែប្រើពាក្យ«កិត្ដិយស»ដើម្បីសំដៅទៅអ្វី ហើយតើអ្នកណាដែលអាចលើកកិត្ដិយសដល់គេស្រួលជាង?
អត្ថបទមុននោះបានបញ្ជាក់លើឱវាទក្នុងបន្ទូលរបស់ព្រះ ដែលថា៖ «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ»។ (ពេត្រុសទី១ ៥:៥) របៀបមួយដែលយើងអាចមានចិត្តសុភាព គឺដោយការលើកកិត្ដិយសចំពោះអ្នកដទៃ។
២ ពាក្យដែលថា«កិត្ដិយស» នោះច្រើនតែត្រូវប្រើក្នុងព្រះគម្ពីរដើម្បីសំដៅទៅការគោរព ការរាប់ជាមានតម្លៃ និងការរាប់អានដែលយើងគួរបង្ហាញចំពោះអ្នកដទៃ។ យើងលើកកិត្ដិយសចំពោះអ្នកដទៃដោយប្រព្រឹត្តចំពោះគេតាមរបៀបសប្បុរសធម៌ ដោយការគោរពភាពថ្លៃថ្នូររបស់គេ ដោយស្ដាប់ទស្សនៈរបស់គេ និងដោយយល់ព្រមបំពេញតាមសំណូមពរសមហេតុសមផលដែលត្រូវសូមពីយើង។ អ្នកដែលមានចិត្តសុភាពនោះ ធម្មតាមិនគិតថានេះគឺពិបាកទេ។ ក៏ប៉ុន្តែ អស់អ្នកដែលមានចិត្តអំនួតអាចឃើញថា ការលើកកិត្ដិយសដ៏ស្មោះស្ម័គ្រគឺពិបាក ហើយផ្ទុយទៅវិញ ប្រហែលជាខិតខំឲ្យបានសគុណនិងប្រយោជន៍ដោយពាក្យបញ្ជោរដ៏មិនស្មោះ។
ព្រះយេហូវ៉ាលើកកិត្ដិយសចំពោះមនុស្សជាតិ
៣, ៤. តើព្រះយេហូវ៉ាបានលើកកិត្ដិយសចំពោះអ័ប្រាហាំយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជាទ្រង់ធ្វើដូច្នោះ?
៣ ព្រះយេហូវ៉ាទុកគំរូក្នុងការលើកកិត្ដិយស។ ទ្រង់បានបង្កើតមនុស្សឲ្យមានចិត្តសេរី ហើយទ្រង់មិនប្រព្រឹត្តលើពួកគេប្រៀបដូចជាពួកគេជាមនុស្សយន្តទេ។ (ពេត្រុសទី១ ២:១៦) ឧទាហរណ៍ ពេលទ្រង់បានមានបន្ទូលប្រាប់អ័ប្រាហាំថា ក្រុងសូដុំមនឹងត្រូវបំផ្លាញចោលដោយព្រោះអំពើអាក្រក់ជួជាតិរបស់វា នោះអ័ប្រាហាំបានសួរថា៖ «តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី»? ព្រះយេហូវ៉ាបានមានព្រះបន្ទូលតបឆ្លើយថា ទ្រង់នឹងប្រណីដល់ទីក្រុងដើម្បីផលប្រយោជន៍ដល់ពួកអ្នកសុចរិត៥០នាក់។ អ័ប្រាហាំក៏បានបន្តអង្វរដោយចិត្តរាបទាប។ ចុះបើសិនជាមានតែ ៤៥នាក់? ៤០នាក់? ៣០នាក់? ២០នាក់? ១០នាក់? ព្រះយេហូវ៉ាបានធានារ៉ាប់រងអ័ប្រាហាំថា ទ្រង់នឹងមិនបំផ្លាញក្រុងសូដុំម សូម្បីតែបើសិនជាមានមនុស្សសុចរិតតែដប់នាក់នៅទីនោះ។—លោកុប្បត្តិ ១៨:២០-៣៣
៤ ព្រះយេហូវ៉ាបានជ្រាបថា គ្មានមនុស្សសុចរិត១០នាក់នៅទីក្រុងសូដុំមទេ។ ក៏ប៉ុន្តែ ទ្រង់បានលើកកិត្ដិយសចំពោះអ័ប្រាហាំដោយទ្រង់ព្រះសណ្ដាប់ទស្សនៈរបស់គាត់ ហើយប្រព្រឹត្តយ៉ាងគោរពចំពោះគាត់។ ហេតុអ្វីអ៊ីចឹង? ពីព្រោះអ័ប្រាហាំ«ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិតដល់គាត់»។ អ័ប្រាហាំបានត្រូវហៅជា«សំឡាញ់របស់ទ្រង់ដែរ»។ (លោកុប្បត្តិ ១៥:៦; យ៉ាកុប ២:២៣) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានឃើញថា អ័ប្រាហាំបានលើកកិត្ដិយសចំពោះអ្នកដទៃ។ ពេលការទាស់ទែងអំពីដីបានកើតឡើង រវាងអ្នកគង្វាលរបស់គាត់និងរបស់ក្មួយប្រុសរបស់គាត់ឈ្មោះឡុត នោះអ័ប្រាហាំបានឲ្យកិត្ដិយសចំពោះឡុត ដោយប្រាប់គាត់ឲ្យជ្រើសរើសកន្លែងគាត់ចង់បានជាមុន។ ឡុតបានជ្រើសដីដែលគាត់គិតថាគឺល្អបំផុត ហើយអ័ប្រាហាំក៏បានទៅកន្លែងផ្សេងទៀត។—លោកុប្បត្តិ ១៣:៥-១១
៥. តើព្រះយេហូវ៉ាបានលើកកិត្ដិយសចំពោះឡុតតាមរបៀបណា?
៥ ព្រះយេហូវ៉ាក៏បានលើកកិត្ដិយសចំពោះឡុតដូច្នេះដែរ។ មុនដែលក្រុងសូដុំមត្រូវបំផ្លាញ នោះទ្រង់បានជំរាបឡុតឲ្យរត់ចេញទៅឯភ្នំ។ ក៏ប៉ុន្តែ ឡុតបាននិយាយថាគាត់មិនចង់ទៅទីនោះទេ គាត់ចង់ទៅក្រុងសូអារទៅវិញ ទោះបីក្រុងនោះស្ថិតនៅក្នុងតំបន់ដែលនឹងត្រូវបំផ្លាញក៏ដោយ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ»។ ព្រះយេហូវ៉ាបានលើកកិត្ដិយសចំពោះឡុតដ៏ស្មោះត្រង់នោះ ដោយទ្រង់ប្រព្រឹត្តតាមអ្វីដែលគាត់បានសូម។—លោកុប្បត្តិ ១៩:១៥-២២; ពេត្រុសទី២ ២:៦-៩
៦. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានលើកកិត្ដិយសចំពោះម៉ូសេ?
៦ ពេលដែលព្រះយេហូវ៉ាចាត់លោកម៉ូសេត្រឡប់ទៅស្រុកអេស៊ីប ដើម្បីនាំរាស្ត្ររបស់ទ្រង់ចេញពីទាសភាព ហើយនិយាយជាមួយនឹងស្តេចផារ៉ោនអំពីការលែងរាស្ត្ររបស់ទ្រង់ នោះម៉ូសេបានតបឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ»។ ព្រះយេហូវ៉ាបានបញ្ជាក់ឲ្យម៉ូសេថា៖ «អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង»។ ក៏ប៉ុន្តែ ម៉ូសេនៅតែស្ទាក់ស្ទើរ។ នៅត្រង់នោះ ព្រះយេហូវ៉ាបានធានារ៉ាប់រងម៉ូសេសារជាថ្មី ហើយទ្រង់ក៏បានរៀបចំចាត់ឲ្យបងប្រុសរបស់គាត់ឈ្មោះអើរ៉ុន ឲ្យទៅជាមួយគាត់ជាអ្នកនាំពាក្យ។—និក្ខមនំ ៤:១០-១៦
៧. តើហេតុអ្វីបានជាព្រះយេហូវ៉ាព្រមលើកកិត្ដិយសចំពោះអ្នកដទៃ?
៧ ក្នុងករណីទាំងអស់នេះ នោះព្រះយេហូវ៉ាបានបង្ហាញថា ទ្រង់ព្រមលើកកិត្ដិយសចំពោះអ្នកដទៃ ជាពិសេសអ្នកដែលបំរើទ្រង់។ ទោះបីអ្វីដែលគេបានសូមគឺខុសប្លែកពីបំណងដើមរបស់ទ្រង់ក៏ដោយ នោះទ្រង់បានពិចារណាសំណូមពររបស់គេ ហើយបានធ្វើសម្បទានដើម្បីគេ ឲ្យតែនេះមិនបំពានលើគោលបំណងរបស់ទ្រង់។
ព្រះយេស៊ូបានលើកកិត្ដិយសចំពោះអ្នកដទៃ
៨. តើយ៉ាងដូចម្ដេចដែលព្រះយេស៊ូបានលើកកិត្ដិយសចំពោះស្ត្រីម្នាក់ ដែលមានជម្ងឺធ្ងន់ធ្ងរមួយ?
៨ ព្រះយេស៊ូបានធ្វើតម្រាប់តាមព្រះយេហូវ៉ាក្នុងការលើកកិត្ដិយសចំពោះអ្នកដទៃ។ នៅពេលមួយ ក្នុងចំណោមមនុស្សមួយហ្វូង មានស្ត្រីម្នាក់ដែលបានមានជម្ងឺធ្លាក់ឈាមអស់១២ឆ្នាំហើយ។ ពួកគ្រូពេទ្យគ្មានសមត្ថភាពព្យាបាលនាងទេ។ ក្រោមក្រិត្យវិន័យម៉ូសេ នោះនាងត្រូវចាត់ទុកជាមិនស្អាតហើយក៏មិនគួរនៅក្នុងចំណោមពួកគេឡើយ។ នាងបានដើរពីក្រោយព្រះយេស៊ូ បានប៉ះព្រះពស្ត្ររបស់ទ្រង់ ហើយបានត្រូវជា។ ព្រះយេស៊ូមិនបានអាងលើក្រិត្យល្អិតល្អន់នៃវិន័យនោះ ទាំងស្តីបន្ទោសនាងដោយព្រោះអ្វីនាងបានធ្វើទេ។ ផ្ទុយទៅវិញ ដោយទ្រង់ជ្រាបពីកាលៈទេសៈនោះ ទ្រង់បានលើកកិត្ដិយសចំពោះនាង ដោយមានព្រះបន្ទូលថា៖ «កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ»។—ម៉ាកុស ៥:២៥-៣៤; លេវីវិន័យ ១៥:២៥-២៧
៩. តើតាមរបៀបណាដែល ព្រះយេស៊ូបានលើកកិត្ដិយសចំពោះអ្នកសាសន៍ដទៃ?
៩ នៅពេលមួយទៀត ស្ត្រីម្នាក់សាសន៍ភេនីស នាងបានប្រាប់ព្រះយេស៊ូថា៖ «ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្ដាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូលធ្វើទុក្ខជាខ្លាំងណាស់»។ ដោយព្រោះព្រះយេស៊ូជ្រាបថា ទ្រង់បានត្រូវចាត់ឲ្យទៅដល់សាសន៍អ៊ីស្រាអែលហើយមិនទៅសាសន៍ទាំងឡាយនោះទេ នោះទ្រង់មានបន្ទូលប្រាប់ថា៖ «ដែលយកនំប៉័ងរបស់កូនក្មេង[នៃសាសន៍អ៊ីស្រាអែល]បោះទៅឲ្យកូនឆ្កែ[សាសន៍ទាំងឡាយ] នោះមិនល្អទេ»។ ស្ត្រីនោះឆ្លើយថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ»។ ក្រោយនោះព្រះយេស៊ូមានបន្ទូលនិយាយថា៖ «នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ»។ កូនស្រីរបស់នាងបានត្រូវជា។ ព្រះយេស៊ូបានលើកកិត្ដិយសចំពោះអ្នកសាសន៍ផ្សេងនេះ ដោយព្រោះជំនឿរបស់នាង។ សូម្បីតែដែលទ្រង់ប្រើពាក្យថា«កូនឆ្កែ»ជាជាងសំដៅឆ្កែព្រៃ នោះបានធ្វើឲ្យរឿងនោះមិនធ្ងន់ធ្ងរទេ ហើយក៏បានបង្ហាញសេចក្ដីមេត្ដាករុណារបស់ទ្រង់ផងដែរ។—ម៉ាថាយ ១៥:២១-២៨
១០. តើព្រះយេស៊ូបានបង្រៀនមេរៀនដ៏ខ្លាំងក្លាអ្វី ហើយហេតុអ្វីបានជានោះគឺចាំបាច់?
១០ ព្រះយេស៊ូតែងតែបង្រៀនសិស្សរបស់ទ្រង់ នូវភាពចាំបាច់នៃចិត្តសុភាពហើយការលើកកិត្ដិយសចំពោះអ្នកដទៃ ដោយព្រោះគេនៅតែមានបញ្ហាគិតតែប្រយោជន៍ខ្លួន។ នៅពេលមួយ ក្រោយគេបានមានជំលោះ នោះព្រះយេស៊ូបានមានបន្ទូលសួរថា៖ «តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ»? ពួកគេបាននៅស្ងៀមពីព្រោះ«គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង»។ (ម៉ាកុស ៩:៣៣, ៣៤) សូម្បីតែនៅរាត្រីមុនព្រះយេស៊ូបានសោយទិវង្គត នោះ«គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ»។ (លូកា ២២:២៤) នៅពេលទទួលទានពេលបុណ្យរំលង នោះព្រះយេស៊ូបាន«ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស»។ នេះជាមេរៀនដ៏ខ្លាំងក្លាម្ល៉េះហ្ន៎! ព្រះយេស៊ូគឺជារាជបុត្រារបស់ព្រះ មានថ្នាក់ទាបជាងតែព្រះយេហូវ៉ាប៉ុណ្ណោះក្នុងសកលលោកទាំងមូល។ ក៏ប៉ុន្តែ ទ្រង់បានបង្រៀនសិស្សរបស់ទ្រង់មេរៀនដ៏ប្រសើរមួយ ដោយការលាងជើងរបស់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។—យ៉ូហាន ១៣:៥-១៥
ប៉ុលបានលើកកិត្ដិយស
១១, ១២. ក្រោយពីប៉ុលបានទៅជាគ្រីស្ទានម្នាក់ តើគាត់បានរៀនអ្វី ហើយតើតាមរបៀបណាដែលគាត់បានអនុវត្តតាមមេរៀននេះចំពោះភីលេម៉ូន?
១១ ជាអ្នកដែលធ្វើតម្រាប់តាមព្រះគ្រីស្ទ នោះសាវ័កប៉ុលក៏បានលើកកិត្ដិយសចំពោះអ្នកដទៃ។ (កូរិនថូសទី១ ១១:១) គាត់បាននិយាយថា៖ «គង់តែយើងខ្ញុំមិនរក ឲ្យមនុស្សគោរពប្រតិបត្ដិដល់យើងខ្ញុំឡើយ . . . យើងខ្ញុំបាននៅកណ្ដាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្ដាយថ្នមកូន ដែលកំពុងនៅបៅ»។ (ថែស្សាឡូនីចទី១ ២:៦, ៧) ម្ដាយដែលមានកូនកំពុងតែបៅ នោះថ្នមកូនរបស់នាង។ ក្រោយពីប៉ុលបានទៅជាគ្រីស្ទាន នោះគាត់បានចេះមានចិត្តសុភាពហើយលើកកិត្ដិយសចំពោះគ្រីស្ទានឯទៀត ដោយគាត់ប្រព្រឹត្តចំពោះគេតាមរបៀបស្លូតបូត។ ដោយធ្វើដូច្នោះ នោះគាត់ក៏បានគោរពសិទ្ធិសេរីភាពរបស់ពួកគេ ដូចបានត្រូវសម្ដែងដោយព្រឹត្ដិការណ៍មួយ ដែលបានកើតឡើងពេលគាត់ជាអ្នកជាប់គុកនៅទីក្រុងរ៉ូម។
១២ អូនេស៊ីម ជាបាវបំរើម្នាក់ដែលរត់ចោលម្ចាស់ បានស្ដាប់សេចក្ដីបង្រៀនរបស់ប៉ុល។ គាត់ក៏បានទៅជាគ្រីស្ទានម្នាក់ ព្រមទាំងជាសំឡាញ់របស់ប៉ុលដែរ។ ម្ចាស់របស់បាវបំរើនោះគឺជាភីលេម៉ូន ដែលជាគ្រីស្ទានដែរ ដែលរស់នៅភូមិភាគអាស៊ីខាងលិច។ ក្នុងសំបុត្រមួយទៅកាន់ភីលេម៉ូន នោះប៉ុលបានសរសេរអំពីប្រយោជន៍ ដែលគាត់បានទទួលពីអូនេស៊ីមថា៖ «ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់»។ ក៏ប៉ុន្តែប៉ុលបានផ្ញើអូនេស៊ីមទៅភីលេម៉ូនវិញ ដ្បិតគាត់បានសរសេរថា៖ «ខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រពីចិត្តវិញ»។ ប៉ុលមិនបានឆ្លៀតយកប្រយោជន៍ពីហេតុការណ៍ដែលថាគាត់ជាសាវ័កនោះទេ។ ក៏ប៉ុន្តែគាត់បានលើកកិត្ដិយសចំពោះភីលេម៉ូន ដោយមិនបានសូមទុកអូនេស៊ីមនៅក្នុងទីក្រុងរ៉ូមទេ។ ម្យ៉ាងវិញទៀត ប៉ុលបានជំរុញទឹកចិត្តភីលេម៉ូនឲ្យលើកកិត្ដិយសចំពោះអូនេស៊ីម ដោយប្រព្រឹត្តចំពោះគាត់«លើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ»។—ភីលេម៉ូន ១៣-១៦
ការលើកកិត្ដិយសនៅសម័យយើង
១៣. តើរ៉ូម ១២:១០ ប្រាប់ឲ្យយើងធ្វើអ្វី?
១៣ បន្ទូលរបស់ព្រះជូនឱវាទថា៖ «លើកកិត្ដិយសចំពោះគេជាមុន»។ (រ៉ូម ១២:១០, ព.ថ.) នេះមានន័យថាយើងគួរតែមិនចាំ ទាល់តែអ្នកដទៃលើកកិត្ដិយសចំពោះយើងជាមុនទេ ក៏ប៉ុន្តែយើងគួរផ្ដួចផ្ដើមការនេះ។ «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។ (កូរិនថូសទី១ ១០:២៤; ពេត្រុសទី១ ៣:៨, ៩) ហេតុដូច្នេះ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាស្វែងរកឱកាស ដើម្បីលើកកិត្ដិយសចំពោះអ្នកក្នុងក្រុមគ្រួសារ ចំពោះគ្រីស្ទានឯទៀតក្នុងក្រុមជំនុំ ហើយសូម្បីតែអ្នកខាងក្រៅក្រុមជំនុំ។
១៤. តើយ៉ាងដូចម្ដេចដែលកិត្ដិយសត្រូវលើកឡើងរវាងប្ដីប្រពន្ធ?
១៤ ព្រះគម្ពីរចែងថា៖ «ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី»។ (កូរិនថូសទី១ ១១:៣) ព្រះយេហូវ៉ាដាក់ភារកិច្ចឲ្យបុរសទាំងអស់ប្រព្រឹត្តចំពោះប្រពន្ធខ្លួន ដូចព្រះគ្រីស្ទបានប្រព្រឹត្តចំពោះក្រុមជំនុំ។ នៅពេត្រុសទី១ ៣:៧ នោះប្ដីត្រូវណែនាំឲ្យគោរពប្រពន្ធរបស់ខ្លួន«ដូចជាគ្រឿងភាជនៈដែលខ្សោយជាងគឺជាមនុស្សស្រី»។ ប្ដីអាចធ្វើដូច្នេះដោយបង្ហាញថាខ្លួនមានចំណង់ស្មោះស្ម័គ្រចង់ស្ដាប់ ហើយដោយយកមកពិចារណានូវយោបល់របស់ប្រពន្ធខ្លួន។ (លោកុប្បត្តិ ២១:១២) គាត់ប្រហែលជានឹងយល់ព្រមទៅតាមចំណង់ចិត្តរបស់នាង បើសិនជានោះមិនទាស់នឹងគោលការណ៍ព្រះគម្ពីរ។ គាត់ក៏នឹងជួយនាងទាំងប្រព្រឹត្តចំពោះនាងតាមរបៀបស្លូតបូតវិញ។ បន្ទាប់មក «ប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:៣៣) នាងនឹងស្ដាប់ប្ដីរបស់នាង នឹងមិនតែងខិតខំឲ្យយល់ព្រមទៅតាមចំណង់ចិត្តរបស់ខ្លួន ហើយក៏នឹងមិនមើលងាយឬក៏បន្ទោសរំអុកគាត់ឡើយ។ នាងបង្ហាញចិត្តសុភាពដោយមិនខិតខំត្រួតត្រាលើប្ដីរបស់នាង សូម្បីតែពេលនាងមានសមត្ថភាពច្រើនជាងខាងអ្វីខ្លះក៏ដោយ។
១៥. តើការរាប់អានអ្វីដែលត្រូវបង្ហាញចំពោះអ្នកដែលមានវ័យចាស់ ហើយតើពួកគេគួរតែមានប្រតិកម្មយ៉ាងណា?
១៥ ក្នុងក្រុមជំនុំគ្រីស្ទាន ក៏មានអ្នកជាពិសេសដែលគួរនឹងទទួលកិត្ដិយស ដូចជាពួកអ្នកដែលមានវ័យចាស់។ «ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន»។ (លេវីវិន័យ ១៩:៣២) មានករណីដូច្នេះ ជាពិសេសចំពោះអ្នកដែលបានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ច្រើនឆ្នាំហើយ ពីព្រោះ«ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) អ្នកត្រួតពិនិត្យគួរតែតាំងគំរូមួយ ដោយការបង្ហាញការគោរពចំពោះគ្រីស្ទានឯទៀតដែលមានវ័យចាស់ជាង។ ពិតមែនហើយ ពួកអ្នកដែលមានវ័យចាស់ ក៏គួរបង្ហាញអាកប្បកិរិយាដ៏គោរពចំពោះអ្នកដែលមានវ័យក្មេងជាងនោះ ជាពិសេសអ្នកដែលរួមទទួលខុសត្រូវផ្នែកការគង្វាលហ្វូងចៀម។—ពេត្រុសទី១ ៥:២, ៣
១៦. តើយ៉ាងដូចម្ដេចដែលឪពុកម្ដាយនិងកូនៗ លើកកិត្ដិយសគ្នាទៅវិញទៅមក?
១៦ យុវជនគួរលើកកិត្ដិយសចំពោះឪពុកម្ដាយរបស់គេ៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ ‹ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន› នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង ‹ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ›»។ ជាបន្ទាប់មក ឪពុកម្ដាយលើកកិត្ដិយសចំពោះពួកកូនរបស់គេ ដ្បិតគេត្រូវប្រាប់«កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។—អេភេសូរ ៦:១-៤; និក្ខមនំ ២០:១២
១៧. តើអ្នកណាដែលគួរនឹងទទួល«គោរពប្រតិបត្ដិជាទ្វេគុណឡើង»នោះ?
១៧ ពួកអ្នកដែលធ្វើការនឿយហត់ក្នុងការបំរើក្រុមជំនុំ ក៏គួរត្រូវលើកកិត្ដិយសគេផងដែរ៖ «អ្នកចាស់ទុំណា ដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម»។ (ធីម៉ូថេទី១ ៥:១៧) របៀបមួយដែលយើងអាចលើកកិត្ដិយសចំពោះពួកគេ គឺដោយយើងប្រព្រឹត្តតាមហេព្រើរ ១៣:១៧ ដែលថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ»។
១៨. តើយើងត្រូវតែធ្វើអ្វីចំពោះអ្នកខាងក្រៅក្រុមជំនុំ?
១៨ តើយើងគួរលើកកិត្ដិយសចំពោះអ្នកដែលនៅក្រៅក្រុមជំនុំទេ? មែនហើយ។ ជាឧទាហរណ៍ យើងបានត្រូវបង្គាប់ថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ (រ៉ូម ១៣:១) នេះជាអ្នកគ្រប់គ្រងខាងលោកីយ៍ ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យគេកាន់អំណាច ទាល់តែព្រះរាជាណាចក្ររបស់ទ្រង់ដាក់ជំនួសគេវិញ។ (ដានីយ៉ែល ២:៤៤) ហេតុនេះហើយយើង«សងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្ដិ ដល់លោកណាដែលគួរគោរពដែរ»។ (រ៉ូម ១៣:៧) យើងត្រូវតែ«រាប់អានដល់មនុស្សទាំងអស់»។—ពេត្រុសទី១ ២:១៧
១៩. តើយ៉ាងដូចម្ដេចដែលយើងអាច«ធ្វើល្អ»ដល់អ្នកដទៃ ព្រមទាំងលើកកិត្ដិយសចំពោះពួកគេផងដែរ?
១៩ ទោះបីយើងត្រូវតែលើកកិត្ដិយសសូម្បីតែចំពោះអ្នកនៅក្រៅក្រុមជំនុំពិតមែន ចូរកត់សម្គាល់អ្វីដែលព្រះបន្ទូលរបស់ព្រះបញ្ជាក់៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) ត្រូវហើយ របៀបល្អបំផុតដែលយើងអាច«ធ្វើល្អ»ដល់អ្នកដទៃ គឺដោយយើងបណ្ដុះបណ្ដាលនិងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ។ (ម៉ាថាយ ៥:៣) យើងអាចធ្វើដូច្នេះ ដោយប្រព្រឹត្តតាមសេចក្ដីរំឭករបស់សាវ័កប៉ុល៖ «ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ ពេលយើងឆ្លៀតយកយ៉ាងប្រុងប្រយ័ត្ននូវឱកាសទាំងអស់ដើម្បីធ្វើបន្ទាល់ និង‹បំពេញការងាររបស់យើងគ្រប់ជំពូក›ផង នោះយើងមិនគ្រាន់តែធ្វើល្អដល់មនុស្សទាំងអស់ ក៏ប៉ុន្តែលើកកិត្ដិយសចំពោះពួកគេផងដែរ។—ធីម៉ូថេទី២ ២:១៥; ៤:៥
ការលើកកិត្ដិយសចំពោះព្រះយេហូវ៉ា
២០. តើអ្វីដែលបានកើតមានឡើងចំពោះស្តេចផារ៉ោននិងពលទ័ពរបស់ទ្រង់ ហើយហេតុអ្វី?
២០ ព្រះយេហូវ៉ាលើកកិត្ដិយសចំពោះសត្តនិកររបស់ទ្រង់។ ដូច្នេះគឺសមហេតុសមផលដែរ ដែលយើងក៏លើកកិត្ដិយសចំពោះទ្រង់វិញ។ (សុភាសិត ៣:៩; វិវរណៈ ៤:១១) បន្ទូលរបស់ព្រះយេហូវ៉ាក៏ប្រាប់ថា៖ «អស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ»។ (សាំយូអែលទី១ ២:៣០) ពេលស្តេចផារ៉ោននៃប្រទេសអេស៊ីប បានត្រូវប្រាប់ឲ្យលែងរាស្ត្ររបស់ព្រះ នោះទ្រង់បានឆ្លើយយ៉ាងក្រអឺតក្រទមថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់»? (និក្ខមនំ ៥:២) ពេលស្តេចផារ៉ោនបានចាត់ឲ្យទ័ពរបស់ទ្រង់ដើម្បីបង្រាបពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាបានញែកទឹកនៃសមុទ្រក្រហមសំរាប់អ៊ីស្រាអែល។ ក៏ប៉ុន្តែពេលពួកអេស៊ីបបានខំទៅតាមគេ នោះព្រះយេហូវ៉ាបានធ្វើឲ្យទឹកនោះហូរមកវិញ។ «ទ្រង់[ព្រះយេហូវ៉ា]បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ»។ (និក្ខមនំ ១៤:២៦-២៨; ១៥:៤) ដូច្នេះការបដិសេធដ៏អំនួតរបស់ស្តេចផារ៉ោនមិនព្រមលើកកិត្ដិយសចំពោះព្រះយេហូវ៉ា នោះបាននាំទៅដល់ទីបញ្ចប់ដ៏ហិនវិនាស។—ទំនុកដំកើង ១៣៦:១៥
២១. ហេតុអ្វីបានជាព្រះយេហូវ៉ាទាស់នឹងបេលសាសារ ហើយតើអ្វីជាលទ្ធផល?
២១ ស្តេចបេលសាសារនៃបាប៊ីឡូនបានបដិសេធ មិនព្រមលើកកិត្ដិយសចំពោះព្រះយេហូវ៉ា។ ពេលជប់លៀងដោយផឹកស្រាស្រវឹង នោះទ្រង់បានចំអកដាក់ព្រះយេហូវ៉ា ដោយផឹកពីគ្រឿងភាជនៈធ្វើពីមាសនិងប្រាក់ ដែលបានត្រូវយកចេញពីព្រះវិហារនៃយេរូសាឡិម។ ហើយពេលទ្រង់កំពុងតែធ្វើដូច្នេះ ទ្រង់ក៏បានសរសើរដំកើងព្រះពាហិររបស់ទ្រង់។ ក៏ប៉ុន្តែអ្នកបំរើរបស់ព្រះយេហូវ៉ាឈ្មោះដានីយ៉ែលបានប្រាប់ទ្រង់ថា៖ «ទ្រង់មិនបានបន្ទាបព្រះទ័យ . . . គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ»។ នៅរាត្រីនោះឯង នោះបេលសាសារបានត្រូវសម្លាប់ ហើយព្រះរាជាណាចក្ររបស់ទ្រង់បានត្រូវរឹបយកពីទ្រង់វិញ។—ដានីយ៉ែល ៥:២២-៣១
២២. (ក) ហេតុអ្វីបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានធ្លាក់លើពួកអ្នកដឹកនាំសាសន៍អ៊ីស្រាអែល និងរាស្ត្ររបស់ពួកគេ? (ខ) តើព្រះយេហូវ៉ាបានពេញព្រះហឫទ័យនឹងអ្នកណា ហើយតើនេះបានមានលទ្ធផលអ្វី?
២២ នៅសតវត្សទីមួយស.យ. ស្តេចហេរ៉ូឌកំពុងតែថ្លែងសុន្ទរកថាឲ្យសាធារណជន ហើយគេបានស្រែកឡើងថា៖ «នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ»! ស្តេចដ៏អួតអាងនោះមិនបានបដិសេធទេ ក៏ប៉ុន្តែចង់ទទួលសេចក្ដីសរសើរ។ នោះ«ស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅ . . . ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ»។ (កិច្ចការ ១២:២១-២៣) ហេរ៉ូឌបានលើកកិត្ដិយសចំពោះអង្គទ្រង់ មិនមែនព្រះយេហូវ៉ាទេ ហើយបានត្រូវធ្វើគុត។ ពួកអ្នកដឹកនាំខាងសាសនានៅសម័យនោះបានធ្វើឲ្យអាប់កិត្ដិយសដល់ព្រះ ដោយពួកគេបានរួមគំនិតធ្វើគុតព្រះយេស៊ូ ជារាជបុត្ររបស់ទ្រង់។ អ្នកគ្រប់គ្រងខ្លះដឹងថាព្រះយេស៊ូបង្រៀនសេចក្ដីពិត ក៏ប៉ុន្តែគេមិនបានកាន់តាមទ្រង់ទេ «ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ»។ (យ៉ូហាន ១១:៤៧-៥៣; ១២:៤២, ៤៣) សាសន៍នោះជាក្រុមមិនបានលើកកិត្ដិយសចំពោះព្រះយេហូវ៉ា ឬក៏អ្នកតំណាងចាក់ប្រេងតាំងរបស់ទ្រង់ ជាព្រះយេស៊ូ។ ជាលទ្ធផល ព្រះយេហូវ៉ាមិនបានបន្តលើកកិត្ដិយសចំពោះគេទៅទៀតទេ ទាំងលះចោលពួកគេនិងព្រះវិហាររបស់គេឲ្យទទួលសេចក្ដីហិនវិនាស។ ក៏ប៉ុន្តែទ្រង់បានរក្សាជីវិតរបស់អ្នក ដែលបានលើកកិត្ដិយសចំពោះទ្រង់និងរាជបុត្ររបស់ទ្រង់ឲ្យនៅរស់តទៅទៀត។—ម៉ាថាយ ២៣:៣៨; លូកា ២១:២០-២២
២៣. តើយើងត្រូវតែធ្វើអ្វីដើម្បីរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ? (ទំនុកដំកើង ៣៧:៩-១១; ម៉ាថាយ ៥:៥)
២៣ អស់អ្នកណាដែលចង់រស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ ក្រោយពីរបបនេះត្រូវបំផ្លាញចោល គឺត្រូវតែលើកកិត្ដិយសចំពោះព្រះនិងរាជបុត្ររបស់ទ្រង់ព្រះយេស៊ូគ្រីស្ទ ហើយស្ដាប់បង្គាប់តាមទ្រង់។ (យ៉ូហាន ៥:២២, ២៣; ភីលីព ២:៩-១១) អ្នកណាដែលមិនលើកកិត្ដិយសបែបនេះ«នឹងត្រូវកាត់ឲ្យសូនចេញពីផែនដីវិញ»។ ក៏ប៉ុន្តែពួកអ្នកទៀងត្រង់ដែលលើកកិត្ដិយសចំពោះព្រះនិងព្រះគ្រីស្ទ ទាំងស្ដាប់បង្គាប់នោះ«នឹងអាស្រ័យនៅផែនដី»។—សុភាសិត ២:២១, ២២
ដើម្បីរៀនសាឡើងវិញ
◻ តើការលើកកិត្ដិយសចំពោះអ្នកដទៃមានន័យអ្វី ហើយតើព្រះយេហូវ៉ាបានធ្វើដូច្នេះយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលព្រះយេស៊ូនិងប៉ុលបានលើកកិត្ដិយសចំពោះអ្នកដទៃ?
◻ នៅសព្វថ្ងៃយើងនេះ តើអ្នកណាដែលគួរនឹងទទួលកិត្ដិយស?
◻ ហេតុអ្វីបានជាយើងគួរលើកកិត្ដិយសចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូ?
[រូបភាពនៅទំព័រ១៦]
ព្រះយេហូវ៉ាបានលើកកិត្ដិយសចំពោះអ័ប្រាហាំដោយពិចារណាសេចក្ដីអង្វររបស់គាត់
[រូបភាពនៅទំព័រ១៧]
ក្នុងអាពាហ៍ពិពាហ៍ដែលជោគជ័យ នោះប្ដីនិងប្រពន្ធលើកកិត្ដិយសគ្នាទៅវិញទៅមក