«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»
«មើល! ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត។ មើល! ឥឡូវនេះគឺជាថ្ងៃសង្គ្រោះ»។—២កូ. ៦:២
១. ហេតុអ្វីយើងត្រូវដឹងថាអ្វីទៅជាកិច្ចការសំខាន់បំផុតដែលយើងត្រូវធ្វើនៅគ្រាណាមួយ?
សាឡូម៉ូន បានសរសេរថា៖ «មានពេល[«កំណត់»]សំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ»។ (សាស្ដ. ៣:១; ព.ថ.) គាត់បានសរសេរអំពីសារៈសំខាន់នៃការដឹងពេលល្អបំផុតដើម្បីធ្វើអ្វីដែលមានប្រយោជន៍ ដូចជាធ្វើកសិកម្ម ធ្វើដំណើរ រកស៊ី ឬប្រាស្រ័យទាក់ទងជាមួយអ្នកឯទៀត។ ទោះជាយើងចង់ដឹងពេលល្អបំផុតដើម្បីធ្វើដូច្នោះក្ដី យើងក៏ត្រូវដឹងដែរថាអ្វីទៅជាកិច្ចការសំខាន់បំផុតដែលយើងត្រូវធ្វើនៅគ្រាណាមួយ។ បើនិយាយឲ្យចំទៅ យើងត្រូវយល់ច្បាស់អំពីអាទិភាពរបស់យើង។
២. ពេលលោកយេស៊ូផ្សព្វផ្សាយ តើយើងដឹងយ៉ាងដូចម្ដេចថា លោកយល់ច្បាស់អំពីគ្រាដែលលោកកំពុងរស់នៅ?
២ ពេលនៅផែនដី លោកយេស៊ូបានយល់ច្បាស់អំពីគ្រាដែលលោកកំពុងរស់នៅនិងអំពីអ្វីដែលលោកត្រូវធ្វើ។ ដោយយល់ច្បាស់អំពីអ្វីដែលសំខាន់បំផុតក្នុងជីវិត លោកដឹងថាគ្រានោះគឺជាគ្រាដែលគេរង់ចាំជាយូរមកហើយ ដែលទំនាយជាច្រើនអំពីមេស្ស៊ីនឹងត្រូវសម្រេច។ (១ពេ. ១:១១; បប. ១៩:១០) លោកមានកិច្ចការដែលត្រូវធ្វើដើម្បីឲ្យបណ្ដាជនដឹងថាលោកជាមេស្ស៊ីដែលបានត្រូវសន្យា។ លោកត្រូវធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីសេចក្ដីពិតស្តីអំពីរាជាណាចក្ររបស់ព្រះ ហើយប្រមូលពួកអ្នកដែលនឹងទទួលមត៌កជាមួយលោកក្នុងរាជាណាចក្រនោះ។ ម្យ៉ាងទៀត លោកបានរៀបចំគ្រឹះសម្រាប់ក្រុមជំនុំគ្រិស្តសាសនិក ដែលនឹងបន្តផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោករហូតដល់ចុងផែនដី។—ម៉ាក. ១:១៥
៣. តើការដែលលោកយេស៊ូយល់ច្បាស់អំពីគ្រាដែលលោកកំពុងរស់នៅ មានឥទ្ធិពលយ៉ាងណាទៅលើការប្រព្រឹត្តរបស់លោក?
៣ ការដែលលោកយេស៊ូយល់ច្បាស់អំពីគ្រាដែលលោកកំពុងរស់នៅ មានឥទ្ធិពលល្អលើជីវិតលោក ហើយជំរុញទឹកចិត្តលោកឲ្យខ្នះខ្នែងធ្វើតាមបំណងប្រាថ្នារបស់បិតាលោក។ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក»។ (លូក. ១០:២; ម៉ាឡ. ៤:៥, ៦) មុនដំបូង លោកយេស៊ូបានជ្រើសរើស១២នាក់ ក្រោយមក៧០នាក់ពីចំណោមពួកអ្នកកាន់តាមលោក ហើយលោកបានផ្ដល់ការណែនាំជាក់លាក់ រួចចាត់ពួកគេទៅផ្សព្វផ្សាយដំណឹងដែលគួរឲ្យរំភើបចិត្តថា៖ «រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ ចំណែកលោកយេស៊ូវិញ គម្ពីរបានចែងថា៖ «ពេលដែលលោក . . . បានណែនាំអ្នកកាន់តាមទាំងដប់ពីរនាក់រួចហើយ លោកចេញពីទីនោះដើម្បីទៅបង្រៀននិងផ្សព្វផ្សាយនៅក្រុងឯទៀត»។—ម៉ាថ. ១០:៥-៧; ១១:១; លូក. ១០:១
៤. តើតាមរបៀបណាដែលប៉ូលបានយកតម្រាប់តាមគ្រិស្ត?
៤ លោកយេស៊ូជាគំរូល្អឥតខ្ចោះសម្រាប់ពួកអ្នកកាន់តាមទាំងអស់របស់លោក ស្តីអំពីការមានចិត្តខ្នះខ្នែងនិងភក្ដីភាពចំពោះព្រះ។ នេះជាអ្វីដែលសាវ័កប៉ូលសំដៅទៅលើ ពេលគាត់ដាស់តឿនបងប្អូនរួមជំនឿថា៖ «ចូរយកតម្រាប់តាមខ្ញុំ ដូចខ្ញុំយកតម្រាប់តាមគ្រិស្ត»។ (១កូ. ១១:១) តើតាមរបៀបណាដែលប៉ូលបានយកតម្រាប់តាមគ្រិស្ត? សំខាន់បំផុត គឺដោយគាត់ខំប្រឹងអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ក្នុងសំបុត្ររបស់ប៉ូលទៅក្រុមជំនុំនានា គាត់បានសរសេរឃ្លាដូចជា«កុំខ្ជិលក្នុងកិច្ចការរបស់អ្នកឡើយ» «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា» «ចូរជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់» និង«ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា»។ (រ៉ូម ១២:១១; ១កូ. ១៥:៥៨; កូឡ. ៣:២៣) ប៉ូលចាំជានិច្ចពេលគាត់ជួបលោកម្ចាស់យេស៊ូគ្រិស្តតាមផ្លូវទៅក្រុងដាម៉ាស និងពាក្យរបស់លោកយេស៊ូដែលអាណានាសប្រាកដជាបានប្រាប់គាត់ដែលថា៖ «បុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើសដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិទាំងឡាយ ព្រមទាំងនៅមុខស្តេចនានា និងពួកកូនអ៊ីស្រាអែល»។—សកម្ម. ៩:១៥; រ៉ូម ១:១, ៥; កាឡ. ១:១៦
«គ្រាដែលលោកពេញចិត្ត»
៥. តើអ្វីជំរុញទឹកចិត្តប៉ូលឲ្យបំពេញកិច្ចបម្រើផ្សាយដោយចិត្តខ្នះខ្នែង?
៥ ពេលអានសៀវភៅសកម្មភាព យើងឃើញច្បាស់នូវចិត្តក្លាហាននិងចិត្តខ្នះខ្នែងដែលប៉ូលបានបង្ហាញក្នុងកិច្ចបម្រើផ្សាយរបស់គាត់។ (សកម្ម. ១៣:៩, ១០; ១៧:១៦, ១៧; ១៨:៥) ប៉ូលទទួលស្គាល់សារៈសំខាន់នៃគ្រាដែលគាត់រស់នៅ។ គាត់បានស្រដីថា៖«មើល! ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត។ មើល! ឥឡូវនេះគឺជាថ្ងៃសង្គ្រោះ»។ (២កូ. ៦:២) នៅឆ្នាំ៥៣៧ មុនគ.ស. នោះគឺជាគ្រាដែលព្រះពេញចិត្តឲ្យជននិរទេសនៅក្រុងបាប៊ីឡូនត្រឡប់ទៅស្រុកកំណើតវិញ។ (អេ. ៤៩:៨, ៩) ប៉ុន្តែ នៅទីនេះ តើប៉ូលសំដៅទៅលើអ្វី? បរិបទជួយយើងឲ្យដឹងអ្វីដែលគាត់ចង់សំដៅទៅលើ។
៦, ៧. សព្វថ្ងៃ តើពួកគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានទទួលកិត្ដិយសដ៏អស្ចារ្យអ្វី? តើអ្នកណាកំពុងធ្វើកិច្ចការជាមួយពួកអ្នកដែលព្រះបានរើសតាំង?
៦ នៅដើមដំបូងនៃសំបុត្ររបស់គាត់ ប៉ូលបាននិយាយអំពីកិត្ដិយសអស្ចារ្យមួយដែលគាត់និងបងប្អូនរួមជំនឿដែលព្រះបានរើសតាំង បានទទួល។ (សូមអាន កូរិនថូសទី២ ៥:១៨-២០) គាត់បានពន្យល់ថា ព្រះបានហៅពួកគាត់ឲ្យបំពេញគោលដៅជាក់លាក់មួយ ពោលគឺបំពេញ«កិច្ចបម្រើខាងការផ្សះផ្សា» ហើយអង្វរមនុស្សឲ្យ«ផ្សះផ្សាជាមួយនឹងព្រះ»។ នេះមានន័យថា ធ្វើឲ្យមានចំណងមិត្តភាពឡើងវិញឬត្រូវគ្នាជាមួយនឹងព្រះ។
៧ តាំងពីការបះបោរនៅសួនអេដែនមក មនុស្សជាតិទាំងឡាយបានដាច់ឆ្ងាយពីព្រះយេហូវ៉ា។ (រ៉ូម ៣:១០, ២៣) នេះបានបណ្ដាលឲ្យពួកគេមិនស្គាល់ព្រះនិងគោលបំណងរបស់លោក ហើយបាននាំមកនូវទុក្ខវេទនានិងសេចក្ដីស្លាប់។ ប៉ូលបានសរសេរថា៖«យើងដឹងថា អ្វីៗទាំងឡាយដែលព្រះបានបង្កើតក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់ រហូតដល់ឥឡូវនេះ»។ (រ៉ូម ៨:២២) ប៉ុន្តែព្រះបានចាត់វិធានការដើម្បីដាស់តឿន តាមពិត«អង្វរ»មនុស្សឲ្យត្រឡប់ទៅរកលោកឬផ្សះផ្សាជាមួយនឹងលោកវិញ។ នេះហើយជាកិច្ចបម្រើផ្សាយដែលលោកបានប្រគល់ឲ្យប៉ូលនិងបងប្អូនរួមជំនឿដែលព្រះបានរើសតាំងនៅសម័យនោះ។ «គ្រាដែលលោកពេញចិត្ត»អាចទៅជា«ថ្ងៃសង្គ្រោះ»សម្រាប់ពួកអ្នកដែលបង្ហាញជំនឿទៅលើលោកយេស៊ូ។ គ្រិស្តសាសនិកទាំងអស់ដែលព្រះបានរើសតាំងនិងពួក«ចៀមឯទៀត»ដែលកំពុងធ្វើកិច្ចការជាមួយពួកគេ បន្តអញ្ជើញមនុស្សឲ្យទទួលប្រយោជន៍ពី«គ្រាដែលលោកពេញចិត្ត»។—យ៉ូន. ១០:១៦
៨. ហេតុអ្វីបានជាការអញ្ជើញមនុស្សឲ្យផ្សះផ្សាជាមួយនឹងព្រះគឺអស្ចារ្យណាស់?
៨ ការអញ្ជើញមនុស្សឲ្យផ្សះផ្សាជាមួយនឹងព្រះគឺអស្ចារ្យណាស់! ពីព្រោះគឺមនុស្សជាតិទេដែលធ្វើឲ្យចំណងមេត្រីភាពជាមួយលោកប្រេះឆាដោយសារការបះបោរនៅសួនអេដែន តែព្រះជាអ្នកដែលបានចាត់វិធានការដើម្បីផ្សះផ្សាចំណងមិត្តភាពជាមួយលោកវិញ។ (១យ៉ូន. ៤:១០, ១៩) តើព្រះបានធ្វើអ្វី? ប៉ូលបានឆ្លើយថា៖ «ព្រះបានផ្សះផ្សាជាមួយនឹងពិភពលោកតាមរយៈគ្រិស្ត ក៏មិនបានផ្ដន្ទាទោសពួកគេដោយសារកំហុសរបស់ពួកគេឡើយ ហើយលោកបានប្រគល់បណ្ដាំអំពីការផ្សះផ្សាឲ្យយើង»។—២កូ. ៥:១៩; អេ. ៥៥:៦
៩. តើប៉ូលបានធ្វើអ្វីដើម្បីបង្ហាញថាគាត់ដឹងគុណចំពោះចិត្តមេត្ដាករុណារបស់ព្រះ?
៩ ដោយផ្ដល់គ្រឿងបូជាដែលជាថ្លៃលោះ ព្រះយេហូវ៉ាបានផ្ដល់លទ្ធភាពឲ្យពួកអ្នកដែលបង្ហាញជំនឿលើគ្រឿងបូជានោះ ឲ្យទទួលការអភ័យទោសចំពោះកំហុសរបស់ពួកគេ ហើយមានចំណងមិត្តភាពឡើងវិញឬត្រូវគ្នាជាមួយនឹងលោក។ បន្ថែមទៅទៀត លោកបានបញ្ជូនបេសកជនរបស់លោកដើម្បីដាស់តឿនមនុស្សនៅគ្រប់កន្លែង ឲ្យធ្វើឲ្យមានសន្ដិភាពជាមួយលោក កាលដែលនៅសល់ពេលឲ្យពួកគេធ្វើដូច្នេះ។ (សូមអាន ធីម៉ូថេទី១ ២:៣-៦) ប៉ូលយល់អំពីបំណងប្រាថ្នារបស់ព្រះ ហើយទទួលស្គាល់គ្រាដែលគាត់រស់នៅ ហេតុនេះគាត់បានខំប្រឹងដោយមិនខ្លាចនឿយហត់ក្នុង«កិច្ចបម្រើខាងការផ្សះផ្សា»។ បំណងប្រាថ្នារបស់ព្រះមិនបានផ្លាស់ប្ដូរឡើយ។ ព្រះយេហូវ៉ានៅតែបើកឱកាសឲ្យយើងផ្សះផ្សាជាមួយលោក។ ពាក្យសម្ដីរបស់ប៉ូលដែលថា«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត» និង«ឥឡូវនេះគឺជាថ្ងៃសង្គ្រោះ»នៅតែទាក់ទងនឹងយើងសព្វថ្ងៃនេះ។ ដូច្នេះ ព្រះយេហូវ៉ាពិតជាព្រះដែលមានចិត្តមេត្ដាករុណាមែន!—និក្ខ. ៣៤:៦, ៧
កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះ«ដោយឥតប្រយោជន៍»
១០. នៅសម័យមុននិងសព្វថ្ងៃនេះ តើ«ថ្ងៃសង្គ្រោះ»មានន័យយ៉ាងណាចំពោះគ្រិស្តសាសនិកដែលព្រះបានរើសតាំង?
១០ ពួកអ្នកដែលទទួលប្រយោជន៍មុនគេពីឱកាសដែលព្រះបើកឲ្យពួកគេផ្សះផ្សាជាមួយនឹងលោក គឺពួកអ្នកដែល«រួបរួមជាមួយនឹងគ្រិស្ត»។ (២កូ. ៥:១៧, ១៨) ចំពោះពួកគេ «ថ្ងៃសង្គ្រោះ»បានចាប់ផ្ដើមនៅឆ្នាំ៣៣ គ.ស.។ តាំងពីពេលនោះមក ព្រះបានប្រគល់ភារកិច្ចឲ្យពួកគេប្រកាស«បណ្ដាំអំពីការផ្សះផ្សា»។ សព្វថ្ងៃ គ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលមិនទាន់បានឡើងទៅស្ថានសួគ៌ នៅតែបន្តបំពេញ«កិច្ចបម្រើខាងការផ្សះផ្សា»។ ពួកគេទទួលស្គាល់ថាទេវតាបួនរូបដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត កំពុង«ទប់ខ្យល់ទាំងបួននៃផែនដី មិនឲ្យបក់មកលើផែនដី»ឡើយ។ ដូច្នេះ នេះនៅតែជា«ថ្ងៃសង្គ្រោះ»និង«គ្រាដែលលោកពេញចិត្ត»នៅឡើយ។ (បប. ៧:១-៣) ហេតុនេះ តាំងពីដើមសតវត្សរ៍ទី២០ គ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលមិនទាន់បានឡើងទៅស្ថានសួគ៌ បានខ្នះខ្នែងបំពេញ«កិច្ចបម្រើខាងការផ្សះផ្សា»រហូតដល់កន្លែងដាច់ស្រយាលនៅលើផែនដី។
១១, ១២. នៅដើមសតវត្សរ៍ទី២០ តើគ្រិស្តសាសនិកដែលព្រះបានរើសតាំងបង្ហាញយ៉ាងដូចម្ដេចថាពួកគេដឹងអំពីគ្រាដែលពួកគេរស់នៅ? (សូមមើលរូបភាពនៅទំព័រ២០)
១១ ជាឧទាហរណ៍ សៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើង សាក្សីព្រះយេហូវ៉ា ពួកអ្នកប្រកាសរាជាណាចក្ររបស់ព្រះ បានចែងថា ជិតចូលដល់សតវត្សរ៍ទី២០ «ឆាល្សថេហ្សរ៉ាសិលនិងគូកនរបស់គាត់ជឿជាក់ថា ពួកគេរស់នៅគ្រាចម្រូត ហើយជឿថាមនុស្សត្រូវឮសេចក្ដីពិតដែលនឹងរំដោះពួកគេ»។ តើពួកគេបានធ្វើអ្វីចំពោះរឿងនេះ? ដោយទទួលស្គាល់ថាពួកគេស្ថិតក្នុងគ្រាច្រូតកាត់ ដែលជា«គ្រាដែលលោកពេញចិត្ត» បងប្អូនទាំងនេះមិនគ្រាន់តែស្កប់ចិត្តអញ្ជើញមនុស្សឲ្យមកស្ដាប់កម្មវិធីសាសនាប៉ុណ្ណោះទេ ដោយសារបព្វជិតនៃពិភពគ្រិស្តសាសនាបានធ្វើដូច្នេះច្រើនឆ្នាំមកហើយ។ ផ្ទុយទៅវិញ គ្រិស្តសាសនិកទាំងនេះដែលព្រះបានរើសតាំងបានចាប់ផ្ដើមរកវិធីផ្សេងៗដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ក្នុងចំណោមវិធីទាំងនោះ ពួកគេបានប្រើបច្ចេកវិជ្ជាថ្មីៗដើម្បីធ្វើឲ្យកិច្ចការរបស់ពួកគេជឿនទៅមុខ។
១២ ដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ពួកអ្នកខ្នះខ្នែងផ្សព្វផ្សាយមួយក្រុមតូចនោះបានប្រើខិត្តប័ណ្ណ សៀវភៅស្តើង ទស្សនាវដ្ដី និងសៀវភៅផ្សេងៗ។ ពួកគេក៏បានសរសេរសុន្ទរកថានិងអត្ថបទផ្សេងៗ ហើយបានបញ្ជូនឲ្យកាសែតរាប់ពាន់បោះពុម្ពផ្សាយ។ ពួកគេបានផ្សាយកម្មវិធីខាងគម្ពីរតាមវិទ្យុជាតិនិងអន្តរជាតិ។ ម្យ៉ាងទៀត ពួកគេបានផលិតខ្សែភាពយន្ត ហើយបានបញ្ចូលសំឡេង មុនក្រុមហ៊ុនផលិតភាពយន្តសម្រាប់សាធារណជនមានភាពយន្តបែបនោះ។ តើការមានចិត្តខ្នះខ្នែងដោយឥតឈប់ឈរបែបនេះនាំមកនូវលទ្ធផលអ្វីខ្លះ? សព្វថ្ងៃនេះ មានមនុស្សជាងប្រាំពីរលាននាក់បានស្ដាប់ ហើយចូលរួមក្នុងការប្រកាសដំណឹងដែលថា៖ «សូមផ្សះផ្សាជាមួយនឹងព្រះ»។ ពិតមែន ពួកអ្នកបម្រើព្រះយេហូវ៉ានៅដើមសតវត្សរ៍ទី២០ ជាគំរូល្អក្នុងការបង្ហាញចិត្តខ្នះខ្នែង ទោះជាពួកគេមិនសូវមានគ្នាច្រើន និងមិនសូវមានបទពិសោធន៍ក៏ដោយ។
១៣. ហេតុអ្វីយើងគួរយកចិត្តទុកដាក់នឹងគោលបំណងរបស់ព្រះ?
១៣ ពាក្យរបស់ប៉ូលដែលថា«ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត»នៅតែជាការពិត។ យើងដែលបានពិសោធគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ដឹងគុណដោយសារយើងមានឱកាសដើម្បីឮនិងធ្វើតាមការប្រកាសឲ្យផ្សះផ្សានឹងព្រះ។ ជាជាងមានគំនិតថាប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ យើងយកចិត្តទុកដាក់នឹងពាក្យបន្ទាប់របស់ប៉ូលដែលថា៖ «យើងក៏អង្វរអ្នករាល់គ្នាថា កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍»។ (២កូ. ៦:១) គោលបំណងនៃគុណដ៏វិសេសលើសលប់របស់ព្រះគឺឲ្យ‹ពិភពលោកផ្សះផ្សាជាមួយនឹងលោក›តាមរយៈគ្រិស្ត។—២កូ. ៥:១៩
១៤. ក្នុងប្រទេសជាច្រើន តើមនុស្សចាប់ផ្ដើមប្រព្រឹត្តយ៉ាងណាពេលឮការប្រកាសឲ្យផ្សះផ្សានឹងព្រះ?
១៤ សាថានបានធ្វើឲ្យគំនិតរបស់មនុស្សភាគច្រើនទៅជាងងឹត ហេតុនេះ ពួកគេនៅតែដាច់ឆ្ងាយពីព្រះ ហើយមិនអើពើនឹងគោលបំណងនៃគុណដ៏វិសេសលើសលប់របស់លោក។ (២កូ. ៤:៣, ៤; ១យ៉ូន. ៥:១៩) ក៏ប៉ុន្តែ ស្ថានភាពក្នុងពិភពលោកដែលកាន់តែអាក្រក់ទៅនាំឲ្យមនុស្សជាច្រើនធ្វើតាមការប្រកាសឲ្យផ្សះផ្សានឹងព្រះ ពេលពួកគេដឹងថាអំពើអាក្រក់និងទុក្ខវេទនារបស់មនុស្សគឺដោយសារពួកគេដាច់ឆ្ងាយពីព្រះ។ សូម្បីតែនៅប្រទេសដែលមនុស្សភាគច្រើនមិនអើពើនឹងកិច្ចការផ្សព្វផ្សាយរបស់យើងក្ដី ឥឡូវពួកគេច្រើននាក់ទទួលយកដំណឹងល្អ ហើយចាត់វិធានការផ្សះផ្សានឹងព្រះ។ ដូច្នេះ តើយើងយល់ថាគ្រានេះជាគ្រាដែលយើងត្រូវខ្នះខ្នែងកាន់តែខ្លាំងឡើងដើម្បីប្រកាសការអង្វរដែលថា៖ «សូមផ្សះផ្សាជាមួយនឹងព្រះ»ឬទេ?
១៥. ជាជាងផ្សាយអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ស្រួល តើយើងចង់ឲ្យមនុស្សនៅគ្រប់កន្លែងដឹងអំពីអ្វី?
១៥ ភារកិច្ចរបស់យើងគឺមិនគ្រាន់តែប្រាប់មនុស្សថាបើពួកគេត្រឡប់មករកព្រះវិញ នោះពួកគេនឹងមានអារម្មណ៍ស្រួលជាង ហើយព្រះនឹងជួយដោះស្រាយបញ្ហាទាំងអស់របស់ពួកគេ។ ពួកគេច្រើននាក់ចង់បានតែអ្វីនេះប៉ុណ្ណោះពេលពួកគេទៅវិហារ ហើយអ្នកដឹកនាំវិហារពេញចិត្តបំពេញសេចក្ដីត្រូវការនោះ។ (២ធី. ៤:៣, ៤) នេះមិនមែនជាគោលដៅនៃកិច្ចបម្រើផ្សាយរបស់យើងទេ។ ដំណឹងល្អដែលយើងផ្សាយគឺថា ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាពេញចិត្តអភ័យទោសចំពោះកំហុសរបស់យើងតាមរយៈគ្រិស្ត។ ហេតុនេះ មនុស្សអាចលែងដាច់ឆ្ងាយពីព្រះ ហើយផ្សះផ្សាជាមួយនឹងលោកវិញ។ (រ៉ូម ៥:១០; ៨:៣២) ក៏ប៉ុន្តែ «គ្រាដែលលោកពេញចិត្ត»នឹងមកដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស។
«ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»
១៦. តើអ្វីបានជួយប៉ូលឲ្យបង្ហាញចិត្តក្លាហាននិងចិត្តខ្នះខ្នែង?
១៦ ដូច្នេះ តើតាមរបៀបណាដែលយើងអាចបណ្ដុះនិងរក្សាចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត? អ្នកខ្លះប្រហែលជាអៀនឬមិនសូវចេះនិយាយស្តី ហើយប្រហែលពិបាកបង្ហាញអារម្មណ៍នៅមុខអ្នកឯទៀតឬមិនសូវចេះរួសរាយរាក់ទាក់ទេ។ ទោះជាយ៉ាងនេះក្ដី ជាការល្អឲ្យយើងចាំថាចិត្តខ្នះខ្នែងមិនមែនជាការបង្ហាញអារម្មណ៍ឬចិត្តរំភើបតែសម្បកក្រៅប៉ុណ្ណោះទេ ហើយក៏មិនអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់យើងដែរ។ ប៉ូលបានបង្ហាញអំពីរបៀបបណ្ដុះនិងរក្សាចិត្តខ្នះខ្នែង ពេលគាត់ដាស់តឿនបងប្អូនរួមជំនឿថា៖ «ចូរមានចិត្តពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»។ (រ៉ូម ១២:១១) សកម្មពលរបស់ព្រះយេហូវ៉ាមានឥទ្ធិពលខ្លាំងក្នុងការធ្វើឲ្យប៉ូលមានចិត្តក្លាហាន ហើយស៊ូទ្រាំក្នុងកិច្ចផ្សព្វផ្សាយ។ ក្នុងអំឡុងពេលជាង៣០ឆ្នាំដែលចាប់តាំងពីពេលលោកយេស៊ូបានហៅគាត់រហូតដល់ពេលគាត់ជាប់គុក ហើយស្លាប់ដោយសារជំនឿរបស់គាត់នៅក្រុងរ៉ូម ចិត្តខ្នះខ្នែងរបស់ប៉ូលមិនដែលរង្គោះរង្គើឡើយ។ គាត់តែងតែពឹងលើព្រះ ដែលតាមរយៈសកម្មពលរបស់លោក បានផ្ដល់កម្លាំងដែលគាត់ត្រូវការ។ គាត់បានពោលថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភី. ៤:១៣) បើយើងរៀនពីគំរូរបស់គាត់ តើយើងអាចទទួលប្រយោជន៍យ៉ាងដូចម្ដេច?
១៧. តើយើងអាច«ពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»យ៉ាងដូចម្ដេច?
១៧ នៅរ៉ូម ១២:១១ សាវ័កប៉ូលបានប្រើពាក្យភាសាក្រិចដែលមានន័យត្រង់ថា«ពុះ»។ ដើម្បីឲ្យទឹកក្នុងកំសៀវនៅតែពុះ យើងត្រូវដុតភ្លើងឲ្យជាប់។ ស្រដៀងគ្នាដែរ ដើម្បីអាច«ពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ» យើងត្រូវមានសកម្មពលរបស់លោកជាប់ជានិច្ច។ ដើម្បីមានសកម្មពលនោះ យើងត្រូវទាញយកប្រយោជន៍ពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានរៀបចំដើម្បីពង្រឹងជំនឿយើង។ នេះបានសេចក្ដីថាយើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងការគោរពប្រណិប័តន៍ក្នុងក្រុមគ្រួសារយើងនិងក្នុងក្រុមជំនុំ។ យើងអាចធ្វើដូច្នេះដោយទៀងទាត់ក្នុងការសិក្សាដោយខ្លួនឯង ការសិក្សាជាក្រុមគ្រួសារ ការអធិដ្ឋាននិងក្នុងការទៅប្រជុំជាមួយបងប្អូនរួមជំនឿ។ ការរៀបចំនេះនឹងជួយយើងឲ្យ«ពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»ដូចភ្លើងដែលធ្វើឲ្យទឹកកំសៀវនៅតែពុះ។—សូមអាន សកម្មភាព ៤:២០; ១៨:២៥
១៨. ក្នុងនាមជាគ្រិស្តសាសនិក តើយើងគួរប្រមូលអារម្មណ៍ទៅលើគោលដៅអ្វី?
១៨ បុគ្គលដែលតាំងចិត្តធ្វើអ្វីមួយគឺជាអ្នកដែលប្រមូលអារម្មណ៍ទាំងស្រុងទៅលើគោលដៅមួយ ហើយមិនងាយបែរអារម្មណ៍ឬធ្លាក់ទឹកចិត្តក្នុងការសម្រេចគោលដៅនោះឡើយ។ ក្នុងនាមជាគ្រិស្តសាសនិក យើងប្រមូលអារម្មណ៍ទៅលើគោលដៅរបស់យើងដែលរួមបញ្ចូលកិច្ចការណាក៏ដោយដែលព្រះចង់ឲ្យយើងធ្វើ ដូចលោកយេស៊ូបានធ្វើដែរ។ (ហេ. ១០:៧) សព្វថ្ងៃ បំណងប្រាថ្នារបស់ព្រះយេហូវ៉ា គឺចង់ឲ្យមនុស្សច្រើនបំផុតផ្សះផ្សាជាមួយលោក។ ហេតុនេះ ដោយយកតម្រាប់តាមលោកយេស៊ូនិងសាវ័កប៉ូល ចូរយើងខំប្រឹងយ៉ាងខ្នះខ្នែងធ្វើកិច្ចការដ៏សំខាន់នេះដែលជាកិច្ចការប្រញាប់ដែលត្រូវធ្វើសព្វថ្ងៃនេះ។
តើអ្នកចាំឬទេ?
• តើអ្វីជា«កិច្ចបម្រើខាងការផ្សះផ្សា»ដែលព្រះបានប្រគល់ឲ្យប៉ូលនិងពួកគ្រិស្តសាសនិកឯទៀតដែលព្រះបានរើសតាំង?
• តើពួកគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានធ្វើអ្វីខ្លះក្នុង«គ្រាដែលលោកពេញចិត្ត»?
• តើពួកគ្រិស្តសាសនិកអាច«ពុះកញ្ជ្រោលដោយសកម្មពលរបស់ព្រះ»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៧]
ប៉ូលចាំជានិច្ចពេលគាត់ ជួបលោកម្ចាស់យេស៊ូគ្រិស្ត