ចូរបន្តតស៊ូដើម្បីទទួលពរពីព្រះយេហូវ៉ា
«ឯងមានអំណាចចំពោះ[ឬ«បោកចំបាប់ជាមួយ»]ព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង»។—លោកុប្បត្តិ ៣២:២៨ [កំណើតពិភពលោក ៣២:២៩; ខ.ស.]
១, ២. តើអ្នកបម្រើព្រះយេហូវ៉ាតស៊ូនឹងអ្វីខ្លះ?
អ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់ព្រះបានតស៊ូព្យាយាម តាំងពីអេបិលដែលជាមនុស្សសុចរិតរហូតដល់អ្នកបម្រើដ៏ស្មោះភក្ដីនៅសព្វថ្ងៃនេះ។ សាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកជនជាតិហេប្រឺថាពួកគេ«បានស៊ូទ្រាំក្នុងការតយុទ្ធដ៏ធំដោយរងទុក្ខលំបាកផ្សេងៗ» កាលដែលពួកគេព្យាយាមទទួលពរនិងការពេញចិត្តពីព្រះយេហូវ៉ា។ (ហេប្រឺ ១០:៣២-៣៤) ប៉ូលបានប្រៀបធៀបការតស៊ូរបស់គ្រិស្តសាសនិកទៅនឹងកីឡាករក្នុងការប្រកួតប្រជែងរបស់ជនជាតិក្រិចដូចជាការរត់ប្រណាំង ការបោកចំបាប់ និងការប្រដាល់។ (ហេប្រឺ ១២:១, ៤) សព្វថ្ងៃនេះ យើងកំពុងរត់ប្រណាំងដើម្បីបានជីវិត ហើយយើងមានសត្រូវដែលចង់បំបែរអារម្មណ៍យើងនិងធ្វើឲ្យយើងបាត់បង់អំណរនៅឥឡូវនេះនិងរង្វាន់របស់យើងនាពេលអនាគត។
២ ការតស៊ូឬ«ការប្រយុទ្ធ»ដ៏ខ្លាំងបំផុតរបស់យើង គឺការប្រយុទ្ធជាមួយនឹងសាថាននិងពិភពលោករបស់វា។ (អេភេសូរ ៦:១២) គឺសំខាន់ណាស់ដែលយើងទប់ទល់នឹងឥទ្ធិពលពីសេចក្ដីបង្រៀន ទស្សនៈវិជ្ជា និងការប្រព្រឹត្តដ៏អាក្រក់របស់ពិភពលោកនេះដូចជាការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ការជក់បារី ការផឹកស្រាហួសប្រមាណ ឬការប្រើគ្រឿងញៀនជាដើម។ យើងក៏ត្រូវបន្តតយុទ្ធនឹងការធ្លាក់ទឹកចិត្តនិងភាពទន់ខ្សោយរបស់យើងដែរ។—កូរិនថូសទី២ ១០:៣-៦; កូឡុស ៣:៥-៩
៣. តើព្រះបង្ហាត់បង្រៀនយើងយ៉ាងដូចម្ដេចដើម្បីប្រយុទ្ធនឹងសត្រូវរបស់យើង?
៣ តើយើងពិតជាអាចយកឈ្នះការប្រយុទ្ធជាមួយនឹងសត្រូវនេះដែលមានអំណាចខ្លាំងក្លាបានឬទេ? ពិតជាបាន ប៉ុន្តែនេះគឺពិបាក! ប៉ូលបានប្រៀបធៀបខ្លួនគាត់ទៅនឹងអ្នកប្រដាល់ម្នាក់ ពេលគាត់និយាយថា៖ «របៀបដែលខ្ញុំដាល់ មិនដូចជាដាល់ខ្យល់ឡើយ»។ (កូរិនថូសទី១ ៩:២៦) ដូចអ្នកប្រដាល់ប្រយុទ្ធជាមួយនឹងគូប្រយុទ្ធ យើងក៏ត្រូវប្រយុទ្ធជាមួយនឹងសត្រូវរបស់យើងដែរ។ ព្រះយេហូវ៉ាជួយយើងនិងបង្ហាត់បង្រៀនយើងឲ្យធ្វើដូច្នេះ។ លោកធ្វើដូច្នេះតាមរយៈគម្ពីរ។ លោកក៏ជួយយើងតាមរយៈសៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ កិច្ចប្រជុំ សន្និបាតនិងមហាសន្និបាត។ តើអ្នកធ្វើតាមការណែនាំទាំងអស់ដែលអ្នកកំពុងទទួលឬទេ? បើអ្នកមិនធ្វើតាមការណែនាំទាំងអស់នោះទេ អ្នកប្រហែលជាមិនប្រឆាំងសត្រូវរបស់អ្នកយ៉ាងពេញលេញបានឡើយ គឺដូចអ្នកប្រដាល់ដែលដាល់ខ្យល់។
៤. តើយើងអាចធ្វើអ្វីដើម្បីមិនឲ្យសេចក្ដីអាក្រក់ឈ្នះយើង?
៤ យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ហេតុអ្វី? សត្រូវរបស់យើងអាចវាយប្រហារយើងនៅពេលដែលយើងមិននឹកស្មាន ឬពេលយើងទន់ខ្សោយ។ គម្ពីរបានផ្ដល់ឲ្យយើងទាំងការព្រមាននិងការលើកទឹកចិត្ត ពេលដែលចែងថា៖ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ»។ (រ៉ូម ១២:២១) បើយើងបន្តប្រយុទ្ធនឹងសេចក្ដីអាក្រក់ យើងអាចឈ្នះបាន! ក៏ប៉ុន្តែ បើយើងមិនប្រុងប្រយ័ត្នជានិច្ច ហើយឈប់ប្រយុទ្ធ នោះសាថាន ពិភពលោករបស់វា និងភាពទន់ខ្សោយរបស់យើងអាចឈ្នះយើង។ ដូច្នេះ កុំឈប់ព្យាយាម ហើយកុំធ្លាក់ទឹកចិត្តនិងស្រយុតដៃឡើយ!—ពេត្រុសទី១ ៥:៩
៥. (ក) ដើម្បីទទួលពរនិងការពេញចិត្តពីព្រះ តើយើងត្រូវចាំអំពីអ្វី? (ខ) តើយើងនឹងពិចារណាអំពីបុគ្គលណាខ្លះក្នុងគម្ពីរ?
៥ ដើម្បីទទួលជោគជ័យ យើងត្រូវចាំអំពីមូលហេតុដែលយើងកំពុងតស៊ូ។ នោះគឺដោយសារយើងចង់ទទួលពរនិងការពេញចិត្តពីព្រះ។ ហេប្រឺ ១១:៦ចែងថា៖ «អ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាមានព្រះ ហើយជឿថាលោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ ការខំស្វែងរកព្រះយេហូវ៉ាអស់ពីចិត្តមានន័យថាយើងត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីទទួលការពេញចិត្តពីលោក។ (សកម្មភាព ១៥:១៧) ក្នុងគម្ពីរមានគំរូល្អជាច្រើនអំពីបុរសនិងស្ត្រីដែលបានធ្វើដូច្នេះ។ យ៉ាកុប រ៉ាជែល យ៉ូសែប និងប៉ូល បានប្រឈមមុខនឹងស្ថានភាពដ៏ពិបាកខាងផ្លូវចិត្តនិងផ្លូវកាយ។ ប៉ុន្តែ ពួកគាត់បានទទួលជោគជ័យ។ គំរូរបស់ពួកគាត់បង្ហាញថាបើយើងខំព្យាយាម យើងក៏អាចទទួលពរពីព្រះយេហូវ៉ាដែរ។ តើតាមរបៀបណា? សូមឲ្យយើងពិចារណាអំពីរឿងនេះ។
អ្នកនឹងទទួលពរបើអ្នកតស៊ូ
៦. តើអ្វីបានជួយយ៉ាកុបឲ្យតស៊ូ ហើយតើគាត់បានទទួលរង្វាន់អ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៦ យ៉ាកុបដែលជាបុរសស្មោះត្រង់បានតស៊ូនិងស៊ូទ្រាំ ពីព្រោះគាត់ស្រឡាញ់ព្រះយេហូវ៉ានិងឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់គាត់ជាមួយនឹងលោក។ គាត់មានទំនុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា លោកនឹងឲ្យពរដល់កូនចៅរបស់គាត់។ (លោកុប្បត្តិ ២៨:៣, ៤) ពេលយ៉ាកុបមានអាយុជិត១០០ឆ្នាំ គាត់ថែមទាំងបានបោកចំបាប់ជាមួយនឹងទេវតាមួយរូបដើម្បីទទួលពរពីព្រះ។ (សូមអាន លោកុប្បត្តិ ៣២:២៤-២៧) តើយ៉ាកុបពិតជាមានសមត្ថភាពបោកចំបាប់ជាមួយនឹងទេវតាដ៏ខ្លាំងក្លានេះឬទេ? ប្រាកដជាមិនមែនទេ! ប៉ុន្តែ គាត់បានតាំងចិត្តយ៉ាងមុតមាំ ហើយគាត់បានបង្ហាញថាគាត់នឹងខំព្យាយាមដើម្បីទទួលពរ! ព្រះយេហូវ៉ាបានឲ្យពរដល់យ៉ាកុបចំពោះការតស៊ូរបស់គាត់ ហើយបានដាក់ឈ្មោះគាត់ថាអ៊ីស្រាអែល ដែលមានន័យថាអ្នកតស៊ូចំពោះព្រះ។ យ៉ាកុបបានទទួលរង្វាន់ ពោលគឺពរនិងការពេញចិត្តពីព្រះយេហូវ៉ា យើងក៏កំពុងស្វែងរករង្វាន់នេះដែរ។
៧. (ក) តើរ៉ាជែលមានស្ថានភាពអ្វីដែលអាចនាំឲ្យធ្លាក់ទឹកចិត្ត? (ខ) តើរ៉ាជែលបានធ្វើអ្វី ហើយតើគាត់បានទទួលពរអ្វី?
៧ រ៉ាជែលដែលជាប្រពន្ធជាទីស្រឡាញ់របស់យ៉ាកុបក៏ចង់ឃើញរបៀបដែលព្រះយេហូវ៉ានឹងរក្សាសេចក្ដីសន្យារបស់លោកចំពោះប្ដីរបស់គាត់។ ប៉ុន្តែ មានបញ្ហាមួយ។ នៅពេលនោះ រ៉ាជែលមិនអាចមានកូនឡើយ។ នៅសម័យគម្ពីរ បញ្ហានេះជាអ្វីមួយដែលធ្វើឲ្យស្ត្រីឈឺចិត្តយ៉ាងខ្លាំង។ កាលដែលរ៉ាជែលមានស្ថានភាពដែលអាចនាំឲ្យធ្លាក់ទឹកចិត្ត តើគាត់បានបន្តតស៊ូយ៉ាងដូចម្ដេច? គាត់មិនដែលអស់សង្ឃឹមឡើយ។ ផ្ទុយទៅវិញ គាត់បានបន្តតស៊ូដោយអធិដ្ឋានទៅព្រះយេហូវ៉ាកាន់តែច្រើនឡើងៗ។ លោកបានស្ដាប់សេចក្ដីអធិដ្ឋានដ៏ស្មោះរបស់រ៉ាជែល ហើយនៅទីបំផុតគាត់បានទទួលពរដោយមានកូន។ នេះគឺជាមូលហេតុដែលគាត់បាននិយាយនៅពេលមួយថា៖ «អញបានប្រណាំង . . . ជាខ្លាំងហើយ ក៏បានឈ្នះផង!»។—លោកុប្បត្តិ ៣០:៨, ២០-២៤
៨. តើយ៉ូសែបមានការពិបាកអ្វីខ្លះ ហើយហេតុអ្វីគាត់គឺជាគំរូល្អសម្រាប់យើង?
៨ គំរូដ៏ស្មោះត្រង់របស់យ៉ាកុបនិងរ៉ាជែលទំនងជាមានឥទ្ធិពលលើយ៉ូសែបដែលជាកូនប្រុសរបស់ពួកគាត់ ហើយបានជួយគាត់ពេលគាត់មានការពិបាកក្នុងជីវិត។ ពេលយ៉ូសែបមានអាយុ១៧ឆ្នាំ ជីវិតរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុង។ បងប្រុសៗរបស់គាត់ដែលច្រណែនគាត់ បានលក់គាត់ឲ្យធ្វើជាទាសករ។ ក្រោយមក គាត់បានជាប់គុកអស់ជាច្រើនឆ្នាំនៅស្រុកអេស៊ីប ទោះជាគាត់គ្មានទោសក៏ដោយ។ (លោកុប្បត្តិ ៣៧:២៣-២៨; ៣៩:៧-៩, ២០, ២១) ប៉ុន្តែ យ៉ូសែបមិនបានខឹងឬធ្លាក់ទឹកចិត្តឡើយ ហើយគាត់មិនបានព្យាយាមសងសឹកទេ។ ហេតុអ្វី? ពីព្រោះយ៉ូសែបបានឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា ហើយគាត់បានផ្ចង់អារម្មណ៍លើចំណងមិត្តភាពនោះ។ (លេវីវិន័យ ១៩:១៨; រ៉ូម ១២:១៧-២១) គំរូរបស់យ៉ូសែបអាចជួយយើង។ ទោះជាយើងបានឆ្លងកាត់កុមារភាពដ៏ពិបាកវេទនា ឬជីវិតរបស់យើងឥឡូវនេះមើលទៅអស់សង្ឃឹមក៏ដោយ យើងត្រូវបន្តតស៊ូ។ ពេលយើងធ្វើដូច្នេះ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរយើង។—សូមអាន លោកុប្បត្តិ ៣៩:២១-២៣
៩. តើតាមរបៀបណាយើងអាចយកតម្រាប់យ៉ាកុប រ៉ាជែល និងយ៉ូសែប?
៩ សព្វថ្ងៃនេះ យើងក៏ប្រហែលជាស៊ូទ្រាំនឹងការពិបាកដែរ។ អ្នកប្រហែលជារងទុក្ខដោយសារអំពើអយុត្ដិធម៌ ការរើសអើង ការចំអកមើលងាយ ឬដោយសារបុគ្គលណាម្នាក់ច្រណែនអ្នក។ ជាជាងធ្លាក់ទឹកចិត្ត សូមចាំអំពីអ្វីដែលបានជួយយ៉ាកុប រ៉ាជែល និងយ៉ូសែបឲ្យបន្តបម្រើព្រះយេហូវ៉ាដោយមានអំណរ។ ព្រះបានពង្រឹងកម្លាំងនិងឲ្យពរពួកគាត់ ដោយសារពួកគាត់ឲ្យតម្លៃយ៉ាងខ្លាំងចំពោះចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងលោក។ ពួកគាត់បានបន្តតស៊ូនិងប្រព្រឹត្តសមស្របតាមសេចក្ដីអធិដ្ឋានរបស់ពួកគាត់។ ដោយសារយើងរស់នៅក្នុងគ្រាចុងក្រោយ គឺសំខាន់ឲ្យយើងរក្សាសេចក្ដីសង្ឃឹមរបស់យើងសម្រាប់ពេលអនាគតឲ្យបានមាំមួន! តើអ្នកសុខចិត្តបោកចំបាប់ ពោលគឺខំព្យាយាមដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ាឬទេ?
ចូរសុខចិត្តបោកចំបាប់ដើម្បីទទួលពរ
១០, ១១. (ក) ហេតុអ្វីយើងប្រហែលជាត្រូវបោកចំបាប់ដើម្បីទទួលពរពីព្រះ? (ខ) តើអ្វីនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ?
១០ ហេតុអ្វីយើងប្រហែលជាត្រូវបោកចំបាប់ដើម្បីទទួលពរពីព្រះ? មូលហេតុមួយ គឺដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះយើងប្រហែលជាខំយកឈ្នះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ បងប្អូនខ្លះពិបាកមានចិត្តគំនិតត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ ហើយបងប្អូនឯទៀតតស៊ូនឹងបញ្ហាសុខភាព ឬអារម្មណ៍ឯកោ។ បងប្អូនខ្លះទៀតពិបាកអភ័យទោសឲ្យបុគ្គលណាម្នាក់ដែលបានធ្វើឲ្យគាត់ឈឺចិត្ត។ ទោះជាយើងបានបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក្ដី យើងទាំងអស់គ្នាត្រូវតយុទ្ធនឹងអ្វីដែលធ្វើឲ្យយើងពិបាកបម្រើព្រះ។ ព្រះយេហូវ៉ាគឺជាព្រះដែលឲ្យរង្វាន់ដល់ពួកអ្នកដែលស្មោះត្រង់។
១១ យើងប្រហែលជាពិបាកធ្វើជាគ្រិស្តសាសនិក ហើយធ្វើការសម្រេចចិត្តត្រឹមត្រូវ ជាពិសេសពេលយើងតយុទ្ធប្រឆាំងនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។ (យេរេមា ១៧:៩) បើអ្នកមានអារម្មណ៍ដូច្នេះ ចូរអធិដ្ឋានទៅព្រះយេហូវ៉ា ហើយសុំសកម្មពលបរិសុទ្ធរបស់លោក។ សេចក្ដីអធិដ្ឋាននិងសកម្មពលបរិសុទ្ធអាចជួយអ្នកឲ្យមានកម្លាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ រួចអ្នកអាចទទួលពរពីព្រះ។ ចូរតាំងចិត្តរស់នៅសមស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នក។ ចូរព្យាយាមអានគម្ពីររាល់ថ្ងៃ ហើយលៃពេលដើម្បីសិក្សាគម្ពីរផ្ទាល់ខ្លួននិងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។—សូមអាន ទំនុកតម្កើង ១១៩:៣២
១២, ១៣. តើអ្វីបានជួយគ្រិស្តសាសនិកពីរនាក់ឲ្យគ្រប់គ្រងលើសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ?
១២ មានគំរូជាច្រើនស្តីអំពីរបៀបដែលបណ្ដាំរបស់ព្រះ សកម្មពលបរិសុទ្ធរបស់លោក និងសៀវភៅផ្សេងៗរបស់យើងបានជួយបងប្អូនរួមជំនឿរបស់យើងឲ្យយកឈ្នះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ ប្អូនយុវវ័យម្នាក់បានអានអត្ថបទមួយដែលមានចំណងជើងថា «តើតាមរបៀបណាអ្នកអាចទប់ទល់នឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ?»ដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៣។ តើគាត់មានប្រតិកម្មយ៉ាងណា? គាត់បាននិយាយថា៖ «ខ្ញុំកំពុងតយុទ្ធដើម្បីគ្រប់គ្រងលើគំនិតមិនត្រឹមត្រូវ។ ពេលខ្ញុំបានអានក្នុងអត្ថបទនោះថា៖ ‹ចំពោះមនុស្សជាច្រើន ការតយុទ្ធដើម្បីយកឈ្នះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវគឺជាអ្វីដ៏ពិបាកណាស់› នេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបងប្អូនរួមជំនឿមានបញ្ហាដូចខ្ញុំ ហើយថាមិនមែនមានតែខ្ញុំម្នាក់ឯងទេ»។ គាត់ក៏បានទទួលប្រយោជន៍ពីអត្ថបទដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៣។ ក្នុងអត្ថបទនេះ គាត់បានកត់សម្គាល់ថាចំពោះអ្នកខ្លះ ការតយុទ្ធនេះគឺមានជានិច្ច ដូចជា«បន្លាមួយក្នុងសាច់ឈាម»។ (កូរិនថូសទី២ ១២:៧) ក៏ប៉ុន្តែ កាលដែលពួកគេបន្តតយុទ្ធដើម្បីរក្សាការប្រព្រឹត្តស្អាតស្អំ ពួកគេមានសេចក្ដីសង្ឃឹមដ៏ល្អសម្រាប់ពេលអនាគត។ គាត់បាននិយាយថា៖ «ដោយសារមូលហេតុនោះ ខ្ញុំគិតថាកាលដែលថ្ងៃនីមួយៗកន្លងផុតទៅ ខ្ញុំអាចរក្សាចិត្តស្មោះត្រង់។ ខ្ញុំដឹងគុណព្រះយេហូវ៉ាខ្លាំងណាស់ដែលលោកកំពុងប្រើអង្គការរបស់លោកដើម្បីជួយយើងរាល់ថ្ងៃឲ្យបន្តស៊ូទ្រាំក្នុងរបៀបរបបពិភពលោកដ៏អាក្រក់នេះ»។
១៣ សូមពិចារណាដែរអំពីបទពិសោធន៍របស់បងស្រីម្នាក់ដែលរស់នៅសហរដ្ឋអាម៉េរិក។ គាត់សរសេរទៅអង្គការយើងថា៖ «ខ្ញុំចង់អរគុណបងប្អូនដែលតែងតែផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារឲ្យយើងតាមអ្វីដែលយើងត្រូវការនិងតាមត្រូវពេល។ ខ្ញុំច្រើនតែមានអារម្មណ៍ថាអត្ថបទទាំងនេះបានត្រូវសរសេរសម្រាប់ខ្ញុំ។ អស់ជាច្រើនឆ្នាំ ខ្ញុំតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដ៏ខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ាស្អប់។ នៅពេលខ្លះ ខ្ញុំចង់ឈប់ព្យាយាមនិងឈប់តយុទ្ធ។ ខ្ញុំដឹងថាព្រះយេហូវ៉ាមានសេចក្ដីមេត្ដាករុណានិងជាព្រះដែលអភ័យទោស ប៉ុន្តែដោយសារនៅក្នុងចិត្តខ្ញុំ ខ្ញុំមិនស្អប់ការប្រព្រឹត្តអាក្រក់នេះ ហើយខ្ញុំចង់ប្រព្រឹត្តអំពើនោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចទទួលជំនួយពីលោកបានឡើយ។ ការប្រយុទ្ធដែលចេះតែបន្តនេះមានឥទ្ធិពលមកលើអ្វីៗទាំងអស់ក្នុងជីវិតរបស់ខ្ញុំ។ . . . ក្រោយពីខ្ញុំអានអត្ថបទដែលមានចំណងជើងថា ‹តើអ្នកមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ាឬទេ?›ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ខ្ញុំពិតជាមានអារម្មណ៍ថាព្រះយេហូវ៉ាចង់ជួយខ្ញុំ»។
១៤. (ក) តើប៉ូលមានអារម្មណ៍យ៉ាងណាចំពោះការតស៊ូរបស់គាត់? (ខ) តើតាមរបៀបណាយើងអាចយកឈ្នះការតយុទ្ធប្រឆាំងនឹងភាពទន់ខ្សោយរបស់យើង?
១៤ សូមអាន រ៉ូម ៧:២១-២៥។ ប៉ូលដឹងថាការតយុទ្ធប្រឆាំងនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវនិងភាពទន់ខ្សោយអាចជាអ្វីដ៏ពិបាកណាស់។ ក៏ប៉ុន្តែ គាត់ជឿជាក់ថាគាត់អាចឈ្នះក្នុងការតយុទ្ធនោះ បើគាត់អធិដ្ឋានទៅព្រះយេហូវ៉ា ពឹងផ្អែកលើលោកឲ្យជួយ និងបង្ហាញជំនឿលើគ្រឿងបូជារបស់លោកយេស៊ូ។ ចុះយ៉ាងណាយើងវិញ? តើយើងអាចឈ្នះការតយុទ្ធប្រឆាំងនឹងភាពទន់ខ្សោយរបស់យើងឬទេ? ប្រាកដជាបាន បើយើងយកតម្រាប់ប៉ូលនិងពឹងផ្អែកលើព្រះយេហូវ៉ាទាំងស្រុង មិនមែនកម្លាំងរបស់ខ្លួន ហើយមានជំនឿលើថ្លៃលោះ។
១៥. តើតាមរបៀបណាព្រះយេហូវ៉ាអាចជួយយើងឲ្យបន្តនៅស្មោះត្រង់និងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក?
១៥ ពេលខ្លះព្រះប្រហែលជាអនុញ្ញាតឲ្យយើងបង្ហាញថាយើងយកចិត្តទុកដាក់ខ្លាំងយ៉ាងណាចំពោះរឿងណាមួយ។ ជាឧទាហរណ៍ បើយើងឬអ្នកណាម្នាក់ក្នុងក្រុមគ្រួសាររបស់យើងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ឬអំពើអយុត្ដិធម៌ណាមួយ តើយើងនឹងមានប្រតិកម្មយ៉ាងណា? បើយើងទុកចិត្តព្រះយេហូវ៉ាទាំងស្រុង យើងនឹងអង្វរសុំលោកឲ្យផ្ដល់កម្លាំងដល់យើងដែលយើងត្រូវការដើម្បីរក្សាភាពស្មោះត្រង់ បន្តមានអំណរ និងមានចំណងមិត្តភាពរឹងមាំជាមួយនឹងលោក។ (ភីលីព ៤:១៣) គំរូរបស់គ្រិស្តសាសនិកជាច្រើននៅសម័យមុននិងសព្វថ្ងៃនេះ បានបង្ហាញថាសេចក្ដីអធិដ្ឋានអាចពង្រឹងកម្លាំងចិត្តយើង និងផ្ដល់ឲ្យយើងនូវចិត្តក្លាហានដែលយើងត្រូវការដើម្បីយើងអាចបន្តស៊ូទ្រាំ។
ចូរបន្តតស៊ូដើម្បីទទួលពរពីព្រះយេហូវ៉ា
១៦, ១៧. តើអ្នកតាំងចិត្តធ្វើអ្វី?
១៦ មេកំណាចចង់ឃើញអ្នកឈប់ព្យាយាម ធ្លាក់ទឹកចិត្ត និងស្រយុតដៃ។ ដូច្នេះ ចូរតាំងចិត្ត«កាន់ខ្ជាប់តាមអ្វីដែលប្រសើរ»។ (ថែស្សាឡូនិចទី១ ៥:២១) អ្នកអាចប្រយុទ្ធឈ្នះសាថាន ពិភពលោកដ៏អាក្រក់របស់វា និងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ! អ្នកអាចឈ្នះបាន បើអ្នកទុកចិត្តទាំងស្រុងថាព្រះនឹងពង្រឹងកម្លាំងចិត្តអ្នក និងជួយអ្នក។—កូរិនថូសទី២ ៤:៧-៩; កាឡាទី ៦:៩
១៧ ដូច្នេះ ចូរបន្តតយុទ្ធ។ ចូរបន្តតស៊ូ។ អ្នកអាចជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ានឹង‹ចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ›។—ម៉ាឡាគី ៣:១០