ក្នុងលោកីយ៍ប៉ុន្តែមិនមែនជារបស់ផងលោកីយ៍
«អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ»។—យ៉ូហាន ១៥:១៩
១. តើអ្វីជាទំនាក់ទំនងដែលពួកគ្រីស្ទានមានជាមួយនឹងលោកីយ៍នេះ ប៉ុន្តែ តើលោកីយ៍នេះមានទស្សនៈយ៉ាងណាលើគេ?
នៅរាត្រីចុងក្រោយជាមួយពួកសិស្សទ្រង់ ព្រះយេស៊ូមានបន្ទូលប្រាប់គេថា៖ «អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍»។ តើទ្រង់មានបន្ទូលអំពីអ្វី? តើទ្រង់មិនបានមានបន្ទូលមុននេះហើយឬទេ ថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក[លោកីយ៍] ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»? (យ៉ូហាន ៣:១៦) ពួកសិស្សគឺច្បាស់ជាផ្នែកនៃមនុស្សលោកនោះ ពីព្រោះគេជាពួកដំបូងដែលអនុវត្តជំនឿលើព្រះយេស៊ូសំរាប់ជីវិតអស់កល្បជានិច្ច។ ដូច្នេះ ហេតុអ្វីក៏ព្រះយេស៊ូឥឡូវមានបន្ទូលថា ពួកសិស្សទ្រង់បានញែកចេញពីលោកីយ៍? ហើយហេតុអ្វីក៏ទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ»?—យ៉ូហាន ១៥:១៩
២, ៣. (ក) អំពី«លោកីយ៍»មួយណា ដែលពួកគ្រីស្ទានមិនត្រូវមានចំណែក? (ខ) តើព្រះគម្ពីរចែងយ៉ាងណាអំពី«លោកីយ៍» ដែលគ្រីស្ទានមិនមានចំណែកនោះ?
២ ចម្លើយគឺថា ព្រះគម្ពីរប្រើពាក្យ «លោកីយ៍» (ភាសាក្រិក ឃូម៉ូស) តាមរបៀបផ្សេងៗ។ ដូចបានពន្យល់មកក្នុងអត្ថបទមុន ជួនកាលក្នុងព្រះគម្ពីរ «លោកីយ៍» សំដៅទៅមនុស្សលោកទូទៅ។ នេះជាលោកីយ៍ដែលព្រះបានស្រឡាញ់ ហើយជាលោកីយ៍ដែលព្រះយេស៊ូបានសោយទិវង្គត។ ប៉ុន្តែ ប្រវត្ដិសាស្ត្រនៃសាសនាគ្រីស្ទានពីអុកហ្វត ចែងថា៖ «‹លោកីយ៍› ក៏ជាពាក្យដែលគ្រីស្ទានប្រើ សំរាប់អ្វីដែលឃ្លាតចេញពីព្រះ ហើយដែលស្អប់ទ្រង់នោះ»។ តើនេះជាការណ៍ពិតយ៉ាងដូចម្ដេច? អ្នកនិពន្ធ រ៉ូឡង់ ម៉ីនឺរាត់ ដែលកាន់សាសនាកាតូលិក ក្នុងសៀវភៅរបស់គាត់ លឺ គ្រីស្ទាន អេ លឺ ម៉ុន (ពួកគ្រីស្ទាននិងលោកីយ៍) ពន្យល់ថា៖ «បើសំដៅទៅតាមន័យដ៏អវិជ្ជមាន លោកីយ៍ គឺបានឃើញដូចជា . . . វិស័យដែលរដ្ឋាភិបាលស្អប់ប្រឆាំងព្រះ ប្រព្រឹត្តសកម្មភាពរបស់គេ ហើយនេះនាំឲ្យមានការប្រឆាំងដល់ការគ្រប់គ្រងដ៏ជោគជ័យរបស់ព្រះគ្រីស្ទ ដូច្នេះ ក៏បង្កើតចក្រភពសត្រូវក្រោមការកាន់កាប់របស់សាតាំង»។ «លោកីយ៍»នេះ គឺជាមនុស្សជាតិទូទៅ ដែលបានឃ្លាតចេញពីព្រះ។ ពួកគ្រីស្ទានពិត គឺឥតមានផ្នែកនៃលោកីយ៍នេះទេ ហើយលោកីយ៍នេះក៏ស្អប់គេ។
៣ មកដល់ចុងបញ្ចប់នៃសតវត្សទីមួយ យ៉ូហានបានចង់និយាយអំពីលោកីយ៍នេះ ពេលដែលគាត់បានសរសេរថា៖ «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ»។ (យ៉ូហានទី១ ២:១៥, ១៦) គាត់ក៏បានសរសេរទៀតថា៖ «យើងដឹងថាយើងមកពីព្រះពិត តែលោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) ព្រះយេស៊ូក៏បានហៅសាតាំងជា«ចៅហ្វាយរបស់លោកីយ៍នេះ»។—យ៉ូហាន ១២:៣១; ១៦:១១
ការចំរើនលូតលាស់នៃមហាអំណាចលោកីយ៍
៤. តើតាមរបៀបណាដែលមហាអំណាចមានវិជ្ជមាន?
៤ លោកីយ៍មនុស្សលោកដែលមាននៅឥឡូវនេះ ដែលបានឃ្លាតចេញពីព្រះ នោះបានចាប់ផ្ដើមឡើង មិនយូរប៉ុន្មានក្រោយពីទឹកជំនន់នៃសម័យលោកណូអេ ពេលកូនចៅរបស់លោកណូអេជាច្រើនបានឈប់បំរើព្រះយេហូវ៉ា។ បុគ្គលដ៏ធំដុំម្នាក់ ដែលនៅមុនគេ នោះគឺនីមរ៉ុឌ ជាអ្នកដែលសង់ទីក្រុង ហើយ«ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ (លោកុប្បត្តិ ១០:៨-១២) ក្នុងឆ្នាំទាំងនោះ លោកីយ៍នេះជាច្រើនបានរៀបចំឲ្យចូលជារាជាណាចក្រក្រុងដ៏តូច ដែលពីពេលមួយទៅពេលមួយ បានបង្កើតសហពលកម្ម ហើយធ្វើសង្គ្រាមច្បាំងគ្នា។ (លោកុប្បត្តិ ១៤:១-៩) រាជាណាចក្រក្រុងខ្លះ បានឈ្នះលើពួកផ្សេងទៀត ហើយក៏ទៅជាអំណាចតាមតំបន់។ ពួកអំណាចតាមតំបន់ខ្លះ ជាយូរទៅ ក៏បានក្លាយទៅជាមហាអំណាច។
៥, ៦. (ក) តើមហាអំណាចទាំងប្រាំពីរនៃប្រវត្ដិសាស្ត្រព្រះគម្ពីរមានយ៉ាងណាខ្លះ? (ខ) តើមហាអំណាចទាំងនេះបានត្រូវតំណាងដោយយ៉ាងណា ហើយតើគេមានអំណាចមកពីណា?
៥ ដោយកាន់តាមគំរូនៃនីមរ៉ុឌ ពួកអ្នកគ្រប់គ្រងនៃលោកីយ៍នេះ មិនថ្វាយបង្គំព្រះយេហូវ៉ាទេ ដែលសឲ្យឃើញដោយអំពើដ៏ឃោរឃៅរបស់គេ។ មហាអំណាចពិភពលោកទាំងនេះ ក្នុងព្រះគម្ពីរគឺបានតំណាងដោយសត្វសាហាវ ហើយជាច្រើនសតវត្សមក ព្រះគម្ពីរបានសម្គាល់ប្រាប់ប្រាំមួយមហាអំណាច ដែលមានឥទ្ធិពលដ៏ខ្លាំងលើរាស្ត្ររបស់ព្រះយេហូវ៉ា។ នេះគឺ អេស៊ីប អាសស៊ើរ បាប៊ីឡូន មេឌី-ពើស៊ី ក្រិក និងរ៉ូម។ ក្រោយពីរ៉ូម មហាអំណាចទីប្រាំពីរបានទាយថា នឹងមានឡើង។ (ដានីយ៉ែល ៧:៣-៧; ៨:៣-៧, ២០, ២១; វិវរណៈ ១៧:៩, ១០) នេះបានសឲ្យឃើញជា មហាអំណាចអង់គ្លេស-អាមេរិកាំង ដែលរួមចក្រភពប្រទេសអង់គ្លេស ជាមួយនឹងសម្ព័ន្ធមិត្ត គឺសហរដ្ឋអាមេរិក ដែលនៅក្រោយមក បានលុបលើប្រទេសអង់គ្លេស ក្លាយទៅជាមហាអំណាច។ ចក្រភពប្រទេសអង់គ្លេសបានចាប់ផ្ដើមដុះក្រោយពីចក្រភពរ៉ូម ដែលបានសាបសូន្យអស់ទៅ។a
៦ មហាអំណាចទីប្រាំពីរដែលមានជាបន្ត ក្នុងសៀវភៅវិវរណៈ គឺបានតំណាងដោយក្បាលនៃសត្វសាហាវដែលមានក្បាលប្រាំពីរ ដែលងើបចេញពីសមុទ្រនៃមនុស្សដែលរសាប់រសល់។ (អេសាយ ១៧:១២, ១៣; ៥៧:២០, ២១; វិវរណៈ ១៣:១) តើអ្នកណាដែលឲ្យសត្វនេះមានអំណាចគ្រប់គ្រង? ព្រះគម្ពីរឆ្លើយថា៖ «នាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ»។ (វិវរណៈ ១៣:២) នាគនោះគឺអារក្សសាតាំង។—លូកា ៤:៥, ៦; វិវរណៈ ១២:៩
ការគ្រប់គ្រងនៃព្រះរាជាណាចក្រដែលនឹងមកដល់
៧. តើពួកគ្រីស្ទានសង្ឃឹមអំពីអ្វី ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើទំនាក់ទំនងរបស់គេដល់ពួករដ្ឋាភិបាលនៃលោកីយ៍នេះ?
៧ ជិត២.០០០ឆ្នាំមកហើយ ដែលពួកគ្រីស្ទានបានអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា មានតែព្រះរាជាណាចក្រនៃព្រះទេ ដែលអាចនាំឲ្យមានសន្ដិភាពពិតលើផែនដីនេះ។ ជាអ្នកដែលពិនិត្យមើលនៃទំនាយព្រះគម្ពីរ គេដឹងច្បាស់ថា សេចក្ដីអធិស្ឋាននេះនឹងបានត្រូវឆ្លើយ ហើយថា ព្រះរាជាណាចក្រ បន្ដិចទៀត នឹងមើលកាន់កាប់លើកិច្ចការនៃផែនដី។ (ដានីយ៉ែល ២:៤៤) ការកាន់ជាប់នឹងព្រះរាជាណាចក្រនេះ ធ្វើឲ្យគេនៅអព្យាក្រឹតក្នុងរឿងនៃលោកីយ៍នេះ។
៨. តើពួករដ្ឋាភិបាលប្រតិកម្មយ៉ាងណាលើការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៃព្រះ ដូចបានទាយមកក្នុងទំនុកដំកើង ២?
៨ ប្រទេសខ្លះអះអាងថា គេធ្វើតាមគោលការណ៍ខាងសាសនា។ ប៉ុន្តែ ក្នុងការប្រព្រឹត្តបែបនេះ គេមិនអើពើហេតុការណ៍ពិត ដែលថាព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោកទេ ហើយថាទ្រង់បានថ្វាយរាជសម្បត្ដិដល់ព្រះយេស៊ូជាស្តេចនៅស្ថានសួគ៌ ដែលមានអំណាចទៅលើផែនដី។ (ដានីយ៉ែល ៤:១៧; វិវរណៈ ១១:១៥) ទំនុកដំកើងបានថ្លែងថា៖ «ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ[ព្រះយេស៊ូ] ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា ‹ចូរយើងផ្ដាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ› »! (ទំនុកដំកើង ២:២, ៣) ពួករដ្ឋាភិបាលមិនទទួល«ចំណង» ឬ «ខ្សែចង»របស់ព្រះ ដែលធ្វើឲ្យគេមានកំរិតក្នុងអនុវត្តអធិបតេយ្យភាពជាតិរបស់គេ។ ដូច្នេះ ព្រះយេហូវ៉ាមានបន្ទូលទៅព្រះយេស៊ូ ជាស្តេចដែលទ្រង់បានរើសតាំងថា៖ «ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្ដិ៍អាកររបស់ឯង ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន»។ (ទំនុកដំកើង ២:៨, ៩) ប៉ុន្តែ មនុស្សនៃលោកីយ៍នេះ ដែលព្រះយេស៊ូបានសោយទិវង្គតឲ្យនោះ នឹងមិន‹បាក់បែក›ទាំងអស់នោះឡើយ។—យ៉ូហាន ៣:១៧
ជៀសវាង«ទីសម្គាល់»នៃ«សត្វសាហាវ»
៩, ១០. (ក) អំពីអ្វីដែលបានត្រូវព្រមានប្រាប់យើងក្នុងសៀវភៅវិវរណៈ? (ខ) តើអ្វីដែលបានតំណាងដោយពាក់‹សញ្ញានៃសត្វ›? (គ) តើសញ្ញាអ្វីដែលពួកអ្នកបំរើព្រះទទួលយក?
៩ វិវរណៈដែលសាវ័កយ៉ូហានបានទទួល បានព្រមានថា លោកីយ៍នៃមនុស្សលោកដែលឃ្លាតចេញពីព្រះ នឹងមានការទាមទារកាន់តែច្រើនឡើងមុនដល់ទីបញ្ចប់របស់វា ដោយ«បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្ដាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ»។ (វិវរណៈ ១៣:១៦, ១៧) តើនេះមានន័យយ៉ាងណា? ទីសម្គាល់នៅខាងដៃស្ដាំ គឺជាសញ្ញាសមហេតុផលនៃការគាំទ្រដ៏សកម្ម។ ចុះយ៉ាងណាវិញ ចំពោះមានទីសម្គាល់នៅថ្ងាស? អ្នកអធិប្បាយគម្ពីរភាសាក្រិក ថ្លែងថា៖ «ការនិយាយបញ្ឆៀងដ៏អត្ថបដិរូបនេះ គឺសំដៅទៅលើទម្លាប់នៃសម្គាល់ពួកទាហាននិងបាវដោយរូបភាពដែលសក្ដិ . . . ឬថែមទៀតនោះ គឺជាទំនៀមទំលាប់សាសនានៃការពាក់ព្រះនាមនៃព្រះមួយអង្គ ជាវត្ថុស័ក្ដិសិទ្ធិ»។ ដោយសកម្មភាពនិងពាក្យរបស់គេ មនុស្សជាច្រើន គឺពាក់«ទីសម្គាល់»នេះ ជានិមិត្តរូប ដែលសម្គាល់ខ្លួនគេជា«អ្នកបំរើ» ឬ «ទាហាន» នៃ«សត្វសាហាវ»។ (វិវរណៈ ១៣:៣, ៤) ចំពោះអនាគតរបស់គេ វចនានុក្រមសាសនវិទ្យានៃគម្ពីរសញ្ញាថ្មី ចែងថា៖ «ពួកសត្រូវនៃព្រះអនុញ្ញាតឲ្យ[ទីសម្គាល់] នៃសត្វសាហាវ ជាលេខអាថ៌កំបាំង ដែលមានឈ្មោះវា ដើម្បីដាក់លើថ្ងាសនិងដៃរបស់គេ។ នេះផ្ដល់ឲ្យគេនូវឱកាសនៃការលូតលាស់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប៉ុន្តែនាំគេនៅក្រោមកំហឹងនៃព្រះ និងកំចាត់គេចេញពីព្រះរាជាណាចក្រនៃមួយពាន់ឆ្នាំ វិវរណៈ ១៣:១៦; ១៤:៩; ២០:៤»។
១០ គឺត្រូវការសេចក្ដីក្លាហានជាខ្លាំងនិងការស៊ូទ្រាំ ដើម្បីនឹងទប់ទល់ពីការទទួលយក«ទីសម្គាល់»។ (វិវរណៈ ១៤:៩-១២) ប៉ុន្តែ ពួកអ្នកបំរើរបស់ព្រះមានកម្លាំងបែបនេះ ហើយដោយសារហេតុនេះ មនុស្សតែងតែស្អប់ហើយនិយាយអាក្រក់ៗអំពីគេ។ (យ៉ូហាន ១៥:១៨-២០; ១៧:១៤, ១៥) ជាជាងមានទីសម្គាល់នៃសត្វសាហាវ អេសាយមានប្រសាសន៍ថា គេនឹងសរសេរជានិមិត្តរូបលើដៃរបស់គេ «ជារបស់ផងព្រះយេហូវ៉ា»។ (អេសាយ ៤៤:៥) ម្យ៉ាងវិញទៀត ដោយសារគេ‹ថ្ងូរហើយស្អប់›លើរបស់ដ៏ស្អប់ខ្ពើមទាំងនេះ នៃពួកសាសនាដែលក្បត់ជំនឿ នោះគេទទួលទីសម្គាល់ជានិមិត្តរូបលើថ្ងាសគេ ថាគេសមនឹងបានសង្គ្រោះ ពេលដែលសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាបានកើតឡើង។—អេសេគាល ៩:១-៧
១១. តើអ្នកណាដែលអនុញ្ញាតឲ្យរដ្ឋាភិបាលមនុស្សគ្រប់គ្រង រហូតដល់ព្រះរាជាណាចក្រនៃព្រះមកដល់ ដើម្បីយកការគ្រប់គ្រងនៃផែនដី?
១១ ព្រះអនុញ្ញាតឲ្យរដ្ឋាភិបាលមនុស្សគ្រប់គ្រង រហូតដល់គ្រាដែលព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ព្រះគ្រីស្ទ នឹងចាប់យកការគ្រប់គ្រងទាំងស្រុងលើផែនដីនេះ។ ការបណ្ដោយឲ្យមាននៃសភាពខាងនយោបាយពីព្រះ គឺបានសំដៅទៅដោយសាស្ដ្រាចារ្យ លោក អូស្កា ខាល់ម៉ាន់ ក្នុងសៀវភៅរបស់លោក សភាពក្នុងសញ្ញាថ្មី។ លោកបានសរសេរថា៖ «គំនិតដ៏ស្មុគស្មាញនៃសភាពនយោបាយដ៏បណ្ដោះអាសន្ន គឺជាមូលហេតុដែលអាកប្បកិរិយាគ្រីស្ទានដំបូង គឺមិនមានដូចគ្នា ប៉ុន្តែ ផ្ទុយទៅវិញ មានសភាពដូចជាប្រឆាំងគ្នាទៅវិញ។ ខ្ញុំបញ្ជាក់ថា វាមានសភាពដូចជាបែបនេះមែន។ យើងគ្រាន់តែរៀបរាប់អំពីរ៉ូម ១៣:១៖ ‹ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ . . . › ជាមួយនឹងវិវរណៈ ១៣ សភាពជាសត្វសាហាវចេញពីជង្ហុកធំ»។
«សត្វសាហាវ» និង «សេសារ»
១២. តើទស្សនៈដ៏ថ្លឹងថ្លែងយ៉ាងណាដែលស្មរបន្ទាល់ព្រះយេហូវ៉ាមានលើរដ្ឋាភិបាលរបស់មនុស្ស?
១២ គឺមិនជាត្រឹមត្រូវទេ ក្នុងការសន្និដ្ឋានថា មនុស្សទាំងអស់ក្នុងរាជការជាគ្រឿងមធ្យោបាយរបស់សាតាំង។ ពួកគេជាច្រើនបានសឲ្យឃើញថាគេជាមនុស្សដែលមានគោលការណ៍ ដូចជាអភិបាល ស៊ើគាស-ប៉ូល៉ូស ដែលបានរៀបរាប់ក្នុងព្រះគម្ពីរជា «ជាអ្នកឆ្លៀវឆ្លាត»។ (កិច្ចការ ១៣:៧) អ្នកគ្រប់គ្រងខ្លះបានការពារដ៏ក្លាហានដល់សិទ្ធិនៃជនភាគតិច ដែលដឹកនាំដោយមនសិការដែលព្រះប្រទានឲ្យ ទោះជាគេឥតស្គាល់ព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ក៏ដោយ។ (រ៉ូម ២:១៤, ១៥) សូមចាំថា ព្រះគម្ពីរប្រើពាក្យ «លោកីយ៍» តាមផ្លូវផ្ទុយពីរ៖ លោកីយ៍នៃមនុស្សលោក ដែលព្រះស្រឡាញ់ ហើយដែលយើងត្រូវស្រឡាញ់ដែរ និងលោកីយ៍នៃមនុស្សលោក ដែលឃ្លាតចេញពីព្រះយេហូវ៉ា ដែលសាតាំងជាព្រះ ហើយដែលយើងត្រូវតែឈរចេញពីនោះ។ (យ៉ូហាន ១:៩, ១០; ១៧:១៤; កូរិនថូសទី២ ៤:៤; យ៉ាកុប ៤:៤) ដូច្នេះ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានអាកប្បកិរិយាដ៏ថ្លឹងថ្លែង ដល់ការគ្រប់គ្រងរបស់មនុស្សលោក។ យើងមានអព្យាក្រឹតក្នុងកិច្ចការខាងនយោបាយ ពីព្រោះយើងបំរើជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្ររបស់ព្រះ ហើយជីវិតរបស់យើងក៏បានថ្វាយខ្លួនដល់ព្រះ។ (កូរិនថូសទី២ ៥:២០) ម្យ៉ាងវិញទៀត យើងជាអនុរាស្ត្រដ៏យកចិត្តទុកដាក់ ចំពោះពួកដែលមានអំណាច។
១៣. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាលើរដ្ឋាភិបាលមនុស្ស? (ខ) តើការចុះចូលនៃគ្រីស្ទានដល់រដ្ឋាភិបាលរបស់មនុស្ស មានដល់កំរិតណា?
១៣ អាកប្បកិរិយាដ៏ថ្លឹងថ្លែងបែបនេះ ក៏បង្ហាញនូវទស្សនៈផ្ទាល់របស់ព្រះយេហូវ៉ាដែរ។ នៅពេលដែលមហាអំណាច ឬក៏ប្រទេសដ៏តូចៗ រំលោភលើអំណាចរបស់គេ ជិះជាន់រាស្ត្ររបស់គេ ឬបៀតបៀនអស់អ្នកដែលថ្វាយបង្គំព្រះ នោះពួកគេប្រាកដជាសមទទួលការពិពណ៌នាខាងទំនាយ ជាសត្វដ៏សាហាវ។ (ដានីយ៉ែល ៧:១៩-២១; វិវរណៈ ១១:៧) ប៉ុន្តែ ពេលដែលរដ្ឋាភិបាលបំរើជាបំណងរបស់ព្រះ ក្នុងការការពារច្បាប់និងសណ្ដាប់ធ្នាប់ដោយយុត្ដិធម៌ ទ្រង់បានចាត់ទុកគេជា«ភ្នាក់ងារ»របស់ទ្រង់។ (រ៉ូម ១៣:៦) ព្រះយេហូវ៉ាតម្រូវឲ្យរាស្ត្ររបស់ទ្រង់គោរពដល់រដ្ឋាភិបាលមនុស្ស ហើយចុះចូលដល់គេ ប៉ុន្តែការចុះចូលរបស់គេ គឺមានព្រំដែន។ ពេលដែលមនុស្សតម្រូវឲ្យពួកអ្នកបំរើរបស់ព្រះ នូវអ្វីដែលបានហាមដោយច្បាប់របស់ព្រះ ឬ ពេលដែលគេហាមនូវអ្វីដែលព្រះតម្រូវពីពួកអ្នកបំរើរបស់ទ្រង់ នោះពួកអ្នកបំរើធ្វើតាមជំហរនៃពួកសាវ័ក គឺថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩
១៤. តើតាមរបៀបណាដែលការចុះចូលនៃគ្រីស្ទានដល់រដ្ឋាភិបាលរបស់មនុស្ស ត្រូវបានពន្យល់ដោយព្រះយេស៊ូនិងដោយប៉ុល?
១៤ ព្រះយេស៊ូមានបន្ទូលថាពួកអ្នកកាន់តាមរបស់ទ្រង់ មានកាតព្វកិច្ចដល់រដ្ឋាភិបាលនិងដល់ព្រះ ពេលដែលទ្រង់បានប្រកាសថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ (ម៉ាថាយ ២២:២១) ព្រះបានបណ្ដាលសាវ័កប៉ុលឲ្យសរសេរថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ . . . ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ នោះត្រូវខ្លាចវិញ ដ្បិតលោកមិនមែនស្ពាយដាវជាឥតអំពើទេ ពីព្រោះជាអ្នកបំរើរបស់ព្រះ គឺជាអ្នកសំរាប់សងសឹក ដើម្បីនឹងនាំសេចក្ដីក្រោធរបស់ព្រះ មកលើអ្នកណាដែលប្រព្រឹត្តអាក្រក់ ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ»។ (រ៉ូម ១៣:១, ៤-៦) តាំងពីសតវត្សទីមួយ មកដល់សព្វថ្ងៃនេះ ពួកគ្រីស្ទានត្រូវតែពិចារណានូវសេចក្ដីតម្រូវដោយពួករាជការ។ ពួកគេត្រូវតែវិនិច្ឆ័យថាតើការធ្វើតាមសេចក្ដីតម្រូវនោះ នឹងធ្វើឲ្យខូចដល់ការថ្វាយបង្គំរបស់គេ ឬក៏ថាតើសេចក្ដីតម្រូវបែបនេះគឺត្រឹមត្រូវតាមច្បាប់ ហើយត្រូវបំពេញដោយយកចិត្តទុកដាក់។
ពលរដ្ឋដ៏យកចិត្តទុកដាក់
១៥. តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ា យកចិត្តទុកដាក់បង់នូវអ្វីដែលគេជំពាក់សេសារ?
១៥ «រាជការ»ខាងនយោបាយ គឺជា«ភ្នាក់ងារ»របស់ព្រះ ពេលដែលគេបំពេញមុខនាទីដែលព្រះសព្វព្រះហឫទ័យ ដែលរួមបញ្ចូលអំណាច«សំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ហើយនឹងសរសើរដល់ពួកអ្នកដែលប្រព្រឹត្តល្អវិញ»។ (ពេត្រុសទី១ ២:១៣, ១៤) ដោយយកចិត្តទុកដាក់ ពួកអ្នកបំរើព្រះយេហូវ៉ាបង់អ្វីដែលជារបស់ផងពួកសេសារ នូវអ្វីដែលគេទាមទារ ដូចជាពន្ធដែលត្រឹមត្រូវតាមច្បាប់ ហើយគេនឹងធ្វើរហូតដល់កំរិតនៃមនសិការ ដែលបានអប់រំពីព្រះគម្ពីរអនុញ្ញាតឲ្យធ្វើ ក្នុងការ«ចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួក មានអំណាចទាំងអស់ . . . ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»។ (ទីតុស ៣:១) «ការល្អ» រួមបញ្ចូលជួយអ្នកដទៃ ដូចនៅពេលមានមហន្តរាយកើតឡើង។ មនុស្សជាច្រើនបានផ្ដល់ទីសំអាងនូវសេចក្ដីសប្បុរស ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបង្ហាញដល់មនុស្សក្នុងស្ថានការណ៍ទាំងនេះ។—កាឡាទី ៦:១០
១៦. តើអ្វីជាកិច្ចការល្អដែលស្មរបន្ទាល់ព្រះយេហូវ៉ា ធ្វើអស់ពីសម្បជញ្ញៈសំរាប់រដ្ឋាភិបាលនិងមនុស្ស?
១៦ ស្មរបន្ទាល់ព្រះយេហូវ៉ាស្រឡាញ់មនុស្សគ្នីគ្នារបស់គេ ហើយគិតថា កិច្ចការដ៏ល្អជាងគេ ដែលគេអាចធ្វើឲ្យ នោះគឺជួយមនុស្សឲ្យមានចំណេះត្រឹមត្រូវអំពីគោលបំណងរបស់ព្រះ ដើម្បីនាំឲ្យមាន«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»ដ៏សុចរិត។ (ពេត្រុសទី២ ៣:១៣) ដោយបង្រៀននិងប្រព្រឹត្តតាមគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់នៃព្រះគម្ពីរ ពួកគេជាអត្ថប្រយោជន៍ដល់សង្គមមនុស្សលោក ដោយសង្គ្រោះមនុស្សជាច្រើនពីបទល្មើស។ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាគឺជាអ្នកធ្វើតាមច្បាប់ ហើយគោរពដល់ពួករដ្ឋមន្ត្រី មន្ត្រីរាជការ ពួកចៅក្រម និងពួកអាជ្ញាធរក្រុង ដោយផ្ដល់កិត្ដិយសដល់‹ពួកអ្នកដែលសមគួរទទួលកិត្ដិយស›។ (រ៉ូម ១៣:៧) ឪពុកម្ដាយដែលជាស្មរបន្ទាល់ រួមកម្លាំងដ៏រីករាយជាមួយគ្រូនៃកូនគេ ហើយជួយកូនចៅរបស់គេឲ្យសិក្សាបានល្អ ដើម្បីក្រោយមក គេនឹងអាចរកស៊ីចិញ្ចឹមជីវិត ហើយមិនមែនជាបន្ទុកដល់សង្គម។ (ថែស្សាឡូនីចទី១ ៤:១១, ១២) ក្នុងក្រុមជំនុំរបស់គេ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនចូលចិត្តការប្រកាន់ពូជសាសន៍និងវណ្ណៈ ហើយគេចាត់ទុកដ៏សំខាន់ដល់ការពង្រឹងជីវភាពគ្រួសារ។ (កិច្ចការ ១០:៣៤, ៣៥; កូល៉ុស ៣:១៨-២១) ដូច្នេះ ដោយសកម្មភាពរបស់គេ គេបង្ហាញថា សេចក្ដីចោទប្រកាន់មកលើគេ ថាគេជំទាស់គ្រួសារ ឬមិនមានជំនួយដល់សង្គម គឺជាការខុសទៅវិញ។ ដូច្នេះ ពាក្យរបស់សាវ័កពេត្រុសសឲ្យឃើញពិតថា៖ «ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យឲ្យបំបាត់ ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញដោយសារកិរិយាល្អ»។—ពេត្រុសទី១ ២:១៥
១៧. តើតាមរបៀបណាដែលពួកគ្រីស្ទាន បន្ត‹ដើរចំពោះពួកអ្នកខាងក្រៅដោយប្រាជ្ញា›?
១៧ ដូច្នេះ ទោះជាពួកអ្នកកាន់តាមព្រះគ្រីស្ទ គឺ«មិនមែនជារបស់ផងលោកីយ៍» តែពួកគេក៏នៅក្នុងលោកីយ៍នៃសង្គមមនុស្សលោក ហើយត្រូវតែ«ប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា»។ (យ៉ូហាន ១៧:១៦; កូល៉ុស ៤:៥) ដរាបណាព្រះយេហូវ៉ាអនុញ្ញាតឲ្យពួករាជការបំរើជាភ្នាក់ងាររបស់ទ្រង់ យើងនឹងបង្ហាញការគោរពត្រឹមត្រូវដល់គេ។ (រ៉ូម ១៣:១-៤) កាលដែលរក្សានៅអព្យាក្រឹតចំពោះខាងនយោបាយ យើងអធិស្ឋាន«ឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង» ជាពិសេស ពេលដែលពួកទាំងនេះត្រូវតែសម្រេចចិត្ត ដែលអាចមានឥទ្ធិពលលើសេរីភាពនៃការថ្វាយបង្គំ។ យើងនឹងបន្តធ្វើការនេះ «ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក» ដើម្បីឲ្យ‹មនុស្សទាំងអស់បានសង្គ្រោះ›។—ធីម៉ូថេទី១ ២:១-៤
[កំណត់សម្គាល់]
a សូមមើលសៀវភៅ Revelation—Its Grand Climax At Hand!, ជំពូក ៣៥ បានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃញូវយ៉ក។
សំនួរសើរើឡើងវិញ
◻ តើ«លោកីយ៍»មួយណាដែលពួកគ្រីស្ទានមានចំណែក ប៉ុន្តែតើ«លោកីយ៍»មួយណា ដែលពួកគេមិនអាចមានចំណែកជាមួយនោះ?
◻ តើអ្វីដែលបានតំណាងដោយ«ទីសម្គាល់» នៃសត្វលើដៃនិងថ្ងាសមនុស្ស ហើយតើពួកអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាមានទីសម្គាល់អ្វី?
◻ តើអ្វីជាទស្សនៈដ៏ថ្លឹងថ្លែងដែលពួកគ្រីស្ទានពិតមានចំពោះរដ្ឋាភិបាលរបស់មនុស្ស?
◻ តើមានផ្លូវណាខ្លះដែលស្មរបន្ទាល់ព្រះយេហូវ៉ា ថ្វាយជូនដល់សុខុមាលភាពនៃសង្គមមនុស្សលោក?
[រូបភាពនៅទំព័រ១៥]
ព្រះគម្ពីរសម្គាល់រដ្ឋាភិបាលមនុស្សជាភ្នាក់ងាររបស់ព្រះ និងជាសត្វសាហាវ
[រូបភាពនៅទំព័រ១៦]
ដោយបង្ហាញការខ្វល់ខ្វាយដ៏ស្រឡាញ់ដល់ពួកអ្នកដទៃ ស្មរបន្ទាល់ព្រះយេហូវ៉ាជាអត្ថប្រយោជន៍ដល់សង្គមរបស់គេ