ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?
តើមានមនុស្សណាទេដែលគ្មានអំណរគុណ ពេលដែលប៉ូលិសមានអំណាចចាប់ពួកឧក្រិដ្ឋជនដែលលួចទ្រព្យសម្បត្ដិរបស់យើង ឬក៏គំរាមកំហែងក្រុមគ្រួសាររបស់យើងនោះ? ហើយយើងក៏មានអំណរគុណ ដែលតុលាការមានអំណាចកាត់ទោសពួកឧក្រិដ្ឋជន ដើម្បីការពារសហគមន៍ មែនទេ?
យើងប្រហែលជានឹកចាំពីសេវាសាធារណៈផ្សេងៗទៀតដ៏មានប្រយោជន៍ ដូចជាខាងការថែទាំផ្លូវថ្នល់ ខាងអនាម័យ និងខាងការអប់រំ ដែលធម្មតាទទួលថវិកាពីប្រាក់ពន្ធដែលត្រូវហូតដោយរដ្ឋអំណាច។ គ្រីស្ទានពិតទទួលស្គាល់មុនគេបង្អស់ថា ការគោរពអំណាចដែលបានត្រូវចាត់តាំងគឺជាការចាំបាច់។ តើការគោរពនេះគួរប្រព្រឹត្តទៅដល់កំរិតណា? ហើយ តើមានរឿងអ្វីខ្លះក្នុងជីវិតដែលតម្រូវនូវការគោរពអំណាចគ្រប់គ្រងនោះ?
អំណាចគ្រប់គ្រងក្នុងសហគមន៍
ព្រះគម្ពីរប្រាប់ទាំងអ្នកជឿនិងអ្នកដែលមិនជឿក៏ដោយ ថាឲ្យគោរពអំណាចរដ្ឋ ហើយដោយធ្វើអ៊ីចឹង នោះមានប្រយោជន៍ដល់សហគមន៍។ សាវ័កគ្រីស្ទានម្នាក់ឈ្មោះប៉ុល បានសរសេរទៅកាន់អ្នកជឿគ្នីគ្នានៅទីក្រុងរ៉ូមអំពីរឿងនេះ ហើយការពិចារណានូវអ្វីដែលគាត់បាននិយាយនៅរ៉ូម ១៣:១-៧, ព.ថ. គឺមានប្រយោជន៍។
ប៉ុលជាពលរដ្ឋរ៉ូម៉ាំង ហើយរ៉ូមធ្លាប់ជាមហាអំណាចនៅសម័យនោះ។ សំបុត្ររបស់ប៉ុលបានត្រូវសរសេរប្រមាណឆ្នាំ៥៦ ស.យ. និងបានទូន្មានគ្រីស្ទានឲ្យធ្វើជាពលរដ្ឋដែលជាគំរូល្អ។ គាត់បានសរសេរថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងអាជ្ញាធរជាន់ខ្ពស់ ដ្បិតគ្មានអំណាចគ្រប់គ្រងណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកអាជ្ញាធរទាំងនោះឲ្យមានអំណាច»។
នោះប៉ុលពន្យល់ថា មនុស្សនឹងគ្មានអំណាចគ្រប់គ្រងទេ បើសិនជាគ្មានការអនុញ្ញាតពីព្រះនោះ។ នេះមានន័យថា អាជ្ញាធរជាន់ខ្ពស់មានឋានៈដែលទាក់ទងនឹងគម្រោងបំណងរបស់ព្រះ។ ហេតុនេះហើយ ខនោះចែងបន្តថា៖ «អ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចគ្រប់គ្រងនោះ ក៏ទាស់ទទឹងនឹងរបៀបរៀបចំនៃព្រះដែរ»។
ពលរដ្ឋដែលធ្វើអំពើល្អទទួលនូវសេចក្ដីសរសើរពីអាជ្ញាធរជាន់ខ្ពស់ អាជ្ញាធរនោះក៏មានសមត្ថកិច្ចកាត់ទោសអ្នកដែលធ្វើខុសដែរ។ អស់អ្នកដែលធ្វើអាក្រក់មានហេតុល្អដើម្បីខ្លាចស្ញប់ស្ញែងនឹងសិទ្ធិរបស់អាជ្ញាធរ នេះដើម្បីធ្វើជា«អ្នកសងសឹក» ដោយព្រោះរដ្ឋាភិបាលធ្វើអ៊ីចឹងជា«អ្នកបំរើរបស់ព្រះ»។
ប៉ុលបញ្ចប់ការវែកញែករបស់គាត់ដោយនិយាយថា៖ «ដូច្នេះត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច»។
ភារកិច្ចចំពោះការចាត់ចែងប្រាក់ពន្ធអាស្រ័យនឹងរដ្ឋាភិបាល មិនមែនអាស្រ័យនឹងអ្នកដែលបង់ពន្ធទេ។ ជាពលរដ្ឋដ៏ល្អ នោះគ្រីស្ទានម្នាក់ដឹងថា ដោយចុះចូលនឹងអាជ្ញាធរជាន់ខ្ពស់និងបង់ពន្ធដែលតម្រូវ នោះគាត់មិនគ្រាន់តែជួយរក្សាកំរិតគុណភាពនៃសហគមន៍ដែលគាត់រស់នៅទេ ក៏ប៉ុន្តែក៏រស់នៅសមស្របនឹងសេចក្ដីតម្រូវពីព្រះដែរ។
ក្រុមគ្រួសារនិងអំណាចគ្រប់គ្រង
ចុះយ៉ាងណាវិញចំពោះអំណាចគ្រប់គ្រងក្នុងក្រុមគ្រួសារ? ពេលដែលកូនង៉ាមួយនៅក្មេងខ្ចី នោះគេនឹងទាមទារការយកចិត្តទុកដាក់បង្ហាញដោយការយំ ឬក៏រហូតដល់ស្រែកទៀតផង។ ក៏ប៉ុន្តែ មាតាឬបិតាម្នាក់ដែលមានប្រាជ្ញា នឹងវិនិច្ឆ័យយល់ដឹងថា សេចក្ដីត្រូវការរបស់កូនង៉ានោះគឺជាអ្វីទៅ ហើយមិនឲ្យការស្រែកខឹងរបស់កូនង៉ានោះស្រេចនឹងចិត្តគាត់នោះទេ។ ក្មេងៗខ្លះ កាលដែលពួកគេបានធំឡើង នោះបានត្រូវអនុញ្ញាតឲ្យប្រព្រឹត្តតាមតែចិត្ត និងបង្កើតបមាណីយរបស់ខ្លួន។ ដោយខ្វះខាតនូវបទពិសោធន៍ នោះគេប្រហែលជាធ្លាក់ចូលក្នុងឧក្រិដ្ឋកម្ម ឬអំពើខុសឆ្គងឯទៀត ទាំងរំខានដល់ក្រុមគ្រួសារនិងសហគមន៍ទាំងមូល ដូចជាអាជ្ញាធរតាមតំបន់ជ្រាបដឹងយ៉ាងច្បាស់នោះ។
លោកស្រី រ៉សាលិន ម៉ែល ជាអ្នកនិពន្ធនៃសៀវភៅ កូនក្មេងដែលយើងសមនឹងមាន បាននិយាយថា៖ «មាតាបិតាចាប់ផ្ដើមទូន្មានប្រដៅកូនរបស់គេ ពេលដែលខកពេលហើយ។ គាត់គួរចាប់ផ្ដើមភ្លាមៗពេលកូននោះកើតមក»។ បើសិនជាពីដើមដំបូង មាតាបិតានិយាយដោយប្រើសម្លេងដែលបង្ហាញអំណាចដ៏ស្លូតបូតនិងយកចិត្តទុកដាក់ ហើយក៏កាន់តាមការប្រព្រឹត្តយ៉ាងទៀងទាត់ នោះកូនរបស់គេនឹងរៀនយ៉ាងលឿនឲ្យចេះទទួលស្គាល់អំណាច និងសេចក្ដីទូន្មានប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលមកពីនោះ។
ព្រះគម្ពីរមានពត៌មានយ៉ាងសន្ធឹកអំពីអំណាចគ្រប់គ្រងក្នុងក្រុមគ្រួសារ។ ក្នុងសៀវភៅសុភាសិត សាឡូម៉ូនជាបុរសដ៏មានប្រាជ្ញា បានបញ្ជាក់ពីសាមគ្គីភាពដែលមាតាបិតាដែលកោតខ្លាចព្រះបង្ហាញខាងមុខកូនរបស់គាត់ ដោយនិយាយថា៖ «នែកូនអើយ! ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុភាសិត ១:៨) ពេលមាតាបិតារក្សាឲ្យមានជំហរដ៏មុតមាំនឹងកូនរបស់គាត់ នោះកូនៗរបស់គាត់នឹងដឹងពីទស្សនៈរបស់មាតាបិតា។ កូនប្រហែលជានឹងខិតខំទាញអារម្មណ៍មាតាឬក៏បិតាឲ្យធ្វើតាមចិត្តរបស់គេ ក៏ប៉ុន្តែ បើសិនជាអំណាចគ្រប់គ្រងជាមាតាបិតាដែលមានសាមគ្គីភាព គឺជាគ្រឿងការពារមួយដល់យុវជន។
ព្រះគម្ពីរពន្យល់ថា ស្វាមីមានភារកិច្ចចំបងចំពោះសុខុមាលភាពខាងវិញ្ញាណរបស់កូននិងភរិយារបស់គាត់។ នេះត្រូវពណ៌នាជាប្រមុខភាព។ តើប្រមុខភាពនេះត្រូវអនុវត្តតាមរបៀបណា? ប៉ុលបញ្ជាក់ថា ដូចជាព្រះគ្រីស្ទជាសិរសានៃក្រុមជំនុំ គឺបុរសជាក្បាលនៃប្រពន្ធដូចគ្នាដែរ។ ប៉ុលបាននិយាយតទៅទៀតថា៖ «បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៥) ពេលដែលបុរសម្នាក់ធ្វើតាមគំរូរបស់ព្រះយេស៊ូនិងអនុវត្តនូវប្រមុខភាព តាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ នោះគាត់នឹងទទួលនូវការ‹គោរពយ៉ាងជ្រាលជ្រៅ›ពីប្រពន្ធ។ (អេភេសូរ ៥:៣៣) កូនដែលនៅក្នុងគ្រួសារបែបនេះនឹងឃើញប្រយោជន៍ពីអំណាចគ្រប់គ្រងដែលត្រូវប្រគល់ពីព្រះ ហើយនិងត្រូវលើកទឹកចិត្តឲ្យទទួលស្គាល់។—អេភេសូរ ៦:១-៣
តើមាតាឬបិតាដែលគ្មានគូ រួមបញ្ចូលអ្នកដែលបានបាត់បង់គូរបស់គាត់ដោយសេចក្ដីស្លាប់ នឹងលៃលកដោះស្រាយរឿងនេះយ៉ាងដូចម្ដេចបាន? មិនថាជាបិតាឬមាតាក៏ដោយ គាត់អាចអំពាវនាវយ៉ាងត្រង់ៗរកអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ ព្រះយេស៊ូបានមានបន្ទូលដោយអំណាចរបស់ព្រះវរបិតារបស់ទ្រង់ នឹងបទគម្ពីរដែលបានត្រូវបណ្ដាលឲ្យសរសេរ។—ម៉ាថាយ ៤:១-១០; ម៉ាថាយ ៧:២៩; យ៉ូហាន ៥:១៩, ៣០; ៨:២៨
ព្រះគម្ពីរផ្ដល់ឲ្យគោលការណ៍ជាច្រើនដែលទាក់ទងនឹងបញ្ហាដែលប្រឈមមុខនឹងក្មេងៗ។ ដោយការរកឃើញនូវគោលការណ៍ទាំងនេះ នោះមាតាបិតាម្នាក់នឹងអាចផ្ដល់ឲ្យឱវាទដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រមទាំងមានប្រយោជន៍សំរាប់កូនៗរបស់គាត់។ (លោកុប្បត្តិ ៦:២២; សុភាសិត ១៣:២០; ម៉ាថាយ ៦:៣៣; កូរិនថូសទី១ ១៥:៣៣; ភីលីព ៤:៨, ៩) មាតាបិតាក៏អាចរកពត៌មានដែលមានមូលដ្ឋានទៅលើព្រះគម្ពីរ ដែលបានត្រូវរៀបចំជាពិសេសដើម្បីជួយគាត់ឲ្យបង្រៀនកូនរបស់គាត់ ឲ្យចេះអបអរនឹងប្រយោជន៍ដែលមកពីការគោរពអំណាចនៃបទគម្ពីរ។a
ក្រុមជំនុំគ្រីស្ទាននិងអំណាចគ្រប់គ្រង
«នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ»។ (ម៉ាថាយ ១៧:៥) បន្ទូលនេះដែលព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់បានមានបន្ទូល បានគាំទ្រព្រះយេស៊ូថាជាអ្នកដែលមានបន្ទូលដោយអំណាចពីព្រះ។ អ្វីដែលទ្រង់បានមានបន្ទូលមកបានកត់ក្នុងសៀវភៅដំណឹងល្អទាំងបួន ដែលយើងអាចបើកមើលយ៉ាងស្រួល។
ភ្លាមៗមុនដែលទ្រង់បានយាងឡើងទៅស្ថានសួគ៌ ព្រះយេស៊ូបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨) ជាសិរសានៃក្រុមជំនុំ ព្រះយេស៊ូមិនគ្រាន់តែបានមើលថែរក្សាអ្នកចាក់ប្រេងតាំងដែលជាអ្នកកាន់តាមទ្រង់នៅផែនដីនោះទេ ប៉ុន្តែទ្រង់ប្រើពួកគេជាខ្សែរយៈដើម្បីផ្សាយសេចក្ដីពិត ជា«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»តាំងពីបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ.មកម្ល៉េះ។ (ម៉ាថាយ ២៤:៤៥-៤៧, ព.ថ.; កិច្ចការ ២:១-៣៦) តើទ្រង់បានធ្វើអ្វីដើម្បីសម្រេចកិច្ចការនេះនិងដើម្បីពង្រឹងក្រុមជំនុំគ្រីស្ទាន? «ដែលបានយាងឡើងទៅស្ថានខ្ពស់ . . . នោះទ្រង់បាន . . . ប្រទានអំណោយទាន[ជា]មនុស្ស»។ (អេភេសូរ ៤:៨) «អំណោយទានជាមនុស្ស»ទាំងនេះ គឺជាអ្នកចាស់ទុំគ្រីស្ទានដែលបានត្រូវចាត់តាំងដោយព្រះវិញ្ញាណបរិសុទ្ធ និងទទួលនូវអំណាចដើម្បីថែរក្សាប្រយោជន៍ខាងវិញ្ញាណរបស់អ្នកជឿគ្នីគ្នា។—កិច្ចការ ២០:២៨
ហេតុនេះហើយ ប៉ុលបានជូនឱវាទថា៖ «ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង»។ ដោយព្រោះបុរសដ៏ស្មោះត្រង់ទាំងនេះដើរតាមគំរូរបស់ព្រះយេស៊ូយ៉ាងផ្ចិតផ្ចង់ នោះគឺជាការសម្ដែងនូវប្រាជ្ញា ដែលយើងធ្វើតម្រាប់តាមជំនឿរបស់គេ។ ប៉ុលបាននិយាយបន្ថែមថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ[‹ទាំងទទួលស្គាល់អំណាចរបស់គាត់លើអ្នក› ព្រះគម្ពីរ អាមភ្លីហ្វែដ] ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរនោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»។—ហេព្រើរ ១៣:៧, ១៧
តើអ្វីកើតឡើងពេលដែលការណែនាំត្រូវបដិសេធ? សមាជិកខ្លះពីក្រុមជំនុំគ្រីស្ទាននៅសម័យដើមបានធ្វើអ៊ីចឹង ហើយបានទៅជាអ្នកក្បត់ជំនឿ។ លោកហ៊ីមេនាសនិងលោកភីលេត ត្រូវរៀបរាប់ជាបុរសដែលបានបំផ្លាញនូវជំនឿរបស់អ្នកខ្លះ ហើយសំដីដ៏ឥតខ្លឹមសាររបស់គេបាន‹រំលោភទៅលើអ្វីដ៏បរិសុទ្ធ›។ ទស្សនៈមួយរបស់គេគឺថា ដំណើររស់ឡើងវិញបានកើតឡើងហើយ ទាំងខាងវិញ្ញាណនិងជាអត្ថបដិរូប និងហេតុនេះហើយគ្មានដំណើររស់ឡើងវិញនៅអនាគតក្រោមព្រះរាជាណាចក្ររបស់ព្រះនោះទេ។—ធីម៉ូថេទី២ ២:១៦-១៨
អំណាចគ្រប់គ្រងចាត់តាំងបានមកសង្គ្រោះ។ ពួកអ្នកចាស់ទុំគ្រីស្ទានបានមានសមត្ថភាពឆ្លើយបដិសេធការនិយាយបែបនេះ ដោយព្រោះជាអ្នកតំណាងព្រះយេស៊ូគ្រីស្ទ នោះពួកគេបានប្រើអំណាចរបស់បទគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) សព្វថ្ងៃនេះ គឺដូចគ្នាដែរក្នុងក្រុមជំនុំគ្រីស្ទាន ដែលត្រូវពណ៌នាជា«សសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) សេចក្ដីបង្រៀនមិនពិតនឹងមិនដែលបំផ្លាញ«អស់ទាំងពាក្យត្រឹមត្រូវ»ដែលត្រូវផ្ញើទុកក្នុងព្រះគម្ពីរឡើយ។—ធីម៉ូថេទី២ ១:១៣, ១៤
ទោះបីការគោរពអំណាចគ្រប់គ្រងគឺកំពុងតែបាត់ទៅក្នុងលោកីយ៍នេះក៏ដោយ ជាពួកជនគ្រីស្ទាន យើងទទួលស្គាល់អំណាចគ្រប់គ្រងត្រឹមត្រូវក្នុងសហគមន៍ ក្នុងក្រុមគ្រួសារ និងក្នុងក្រុមជំនុំគ្រីស្ទាន ដែលបានត្រូវតាំងឡើងជាប្រយោជន៍ដល់យើង។ ការគោរពអំណាចគ្រប់គ្រងគឺចាំបាច់សំរាប់សុខុមាលភាពរបស់យើង ខាងរាងកាយ ខាងផ្លូវចិត្ត និងខាងវិញ្ញាណ។ ដោយទទួលស្គាល់និងគោរពអំណាចគ្រប់គ្រងដែលព្រះបានប្រទាន នោះយើងនឹងត្រូវការពារដោយអំណាចខ្ពស់បំផុត គឺជាព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ ជាប្រយោជន៍ដ៏ជានិរន្តរ៍របស់យើង។—ទំនុកដំកើង ១១៩:១៦៥; ហេព្រើរ ១២:៩
[កំណត់សម្គាល់]
a សូមមើលសៀវភៅ សំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធិភាព និង សៀវភៅមាគ៌ាដែលឆ្ពោះទៅរកសុភមង្គលគ្រួសារ សៀវភៅទាំងពីរត្រូវបោះពុម្ពដោយសមាគមប៉មយាម ខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៤]
Photo by Josh Mathes, Collection of the Supreme Court of the United States
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះគម្ពីរមានពត៌មានយ៉ាងសន្ធឹកអំពីអំណាចគ្រប់គ្រងក្នុងក្រុមគ្រួសារ
[រូបភាពនៅទំព័រ៦]
មាតាឬបិតាដែលគ្មានគូអាចអំពាវនាវយ៉ាងត្រង់ៗរកអំណាចគ្រប់គ្រងនៃព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ
[រូបភាពនៅទំព័រ៧]
ពួកជនគ្រីស្ទានទទួលស្គាល់ថា អំណាចគ្រប់គ្រងត្រឹមត្រូវក្នុងក្រុមគ្រួសារ ក្នុងក្រុមជំនុំគ្រីស្ទាន និងក្នុងសហគមន៍បានត្រូវតាំងឡើងដើម្បីជាប្រយោជន៍ដល់ពួកគេ