ពរដ៏ប្រសើរជាងតាមរយៈកិច្ចព្រមព្រៀងថ្មី
«ព្រះយេស៊ូជាអ្នកកណ្ដាលរបស់កិច្ចព្រមព្រៀងដ៏ប្រសើរជាង»។—ហេព្រើរ ៨:៦, ព.ថ.
១. តើ‹ពូជរបស់ស្ត្រី›ដែលបានសន្យាមកក្នុងអេដែន បានសឲ្យឃើញជាអ្នកណា ហើយតើទ្រង់‹បានត្រូវពស់ចឹកកែងជើង›យ៉ាងដូចម្ដេច?
ក្រោយពីអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាប នោះព្រះយេហូវ៉ាបានប្រកាសការជំនុំជំរះលើសាតាំង ដែលបានល្បួងអេវ៉ា ដោយមានបន្ទូលថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) នៅពេលដែលព្រះយេស៊ូបានធ្វើបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់ក្នុងឆ្នាំ២៩ ស.យ. នោះពូជដែលបានសន្យាក្នុងសួនអេដែនបានលេចខ្លួនឲ្យឃើញនៅទីបំផុត។ ពេលទ្រង់សោយទិវង្គតលើបង្គោលឈើទារុណកម្មក្នុងឆ្នាំ៣៣ ស.យ. នោះមួយផ្នែកនៃទំនាយពីដើមនេះគឺបានត្រូវសម្រេច។ សាតាំងបាន‹ចឹកកែងជើង›នៃពូជនេះមែន។
២. ស្របទៅតាមបន្ទូលរបស់ព្រះយេស៊ូផ្ទាល់ តើការសោយទិវង្គតរបស់ទ្រង់មានផលប្រយោជន៍ដល់មនុស្សលោកយ៉ាងដូចម្ដេច?
២ គួរឲ្យសប្បាយណាស់ ដែលរបួសនោះគឺមិនមែនជាអចិន្ត្រៃយ៍ទេ ទោះជាឈឺចាប់យ៉ាងខ្លាំងយ៉ាងណាក៏ដោយ។ ព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងពីស្លាប់ជាវិញ្ញាណអមតៈវិញ ហើយបានយាងឡើងទៅឯព្រះវរបិតានៅស្ថានសួគ៌ ជាកន្លែងដែលទ្រង់ថ្វាយតម្លៃនៃឈាមរបស់ទ្រង់ «ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ ដូច្នេះ បន្ទូលរបស់ទ្រង់ផ្ទាល់ក៏បានសម្រេចពិត៖ «កូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៤-១៦; ហេព្រើរ ៩:១២-១៤) កិច្ចព្រមព្រៀងថ្មីមានមុខនាទីដ៏សំខាន់ក្នុងការសម្រេចទំនាយរបស់ព្រះយេស៊ូ។
កិច្ចព្រមព្រៀងថ្មី
៣. តើនៅពេលណាដែលកិច្ចព្រមព្រៀងថ្មីបានចាប់ប្រតិបត្ដិការនៅលើកទីមួយ?
៣ មុននឹងការសោយទិវង្គតរបស់ទ្រង់បន្ដិច ព្រះយេស៊ូមានបន្ទូលប្រាប់ពួកកាន់តាមទ្រង់ថា ឈាមដែលទ្រង់បានបង្ហូរនោះ ជា«ឈាមនៃកិច្ចព្រមព្រៀងថ្មី»។ (ម៉ាថាយ ២៦:២៨, ព.ថ.; លូកា ២២:២០) ដប់ថ្ងៃក្រោយពីទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ កិច្ចព្រមព្រៀងថ្មីបានចាប់ប្រតិបត្ដិការ ពេលដែលវិញ្ញាណបរិសុទ្ធបានចាក់មកលើពួកសិស្សប្រមាណ១២០នាក់ ដែលបានមកជុំគ្នានៅបន្ទប់ខាងលើនៅទីក្រុងយេរូសាឡិម។ (កិច្ចការ ១:១៥; ២:១-៤) ការនាំពួកសិស្ស១២០នាក់ទាំងនេះ ឲ្យចូលក្នុងកិច្ចព្រមព្រៀងថ្មី បានបង្ហាញថា កិច្ចព្រមព្រៀង«មុន» គឺកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ឥឡូវនេះគឺលែងប្រើហើយ។—ហេព្រើរ ៨:១៣
៤. តើកិច្ចព្រមព្រៀងចាស់មានបរាជ័យឬ? សូមពន្យល់។
៤ តើកិច្ចព្រមព្រៀងចាស់មានបរាជ័យឬ? គឺអត់ទេ។ ពិតហើយ តាំងពីកិច្ចព្រមព្រៀងចាស់បានត្រូវដកចេញ នោះពួកអ៊ីស្រាអែលខាងសាច់ឈាម គឺលែងជារាស្ត្រដ៏ពិសេសរបស់ព្រះទៀតហើយ។ (ម៉ាថាយ ២៣:៣៨) ប៉ុន្តែ នេះគឺដោយសារការមិនគោរពតាមរបស់អ៊ីស្រាអែល និងការបដិសេធចោលនៃអ្នកចាក់ប្រេងតាំងមួយអង្គរបស់ព្រះយេហូវ៉ា។ (និក្ខមនំ ១៩:៥; កិច្ចការ ២:២២, ២៣) យ៉ាងណាក៏ដោយ មុននឹងក្រិត្យវិន័យបានត្រូវដកចេញ គឺបានសម្រេចច្រើនណាស់។ ជាច្រើនសតវត្សមកហើយ ក្រិត្យវិន័យនេះបានផ្ដល់ផ្លូវនៃការទាក់ទងនឹងព្រះ និងការការពារពីសាសនាមិនពិត។ ក្រិត្យវិន័យនេះមានលក្ខណៈដែលបង្ហាញទុកជាមុនអំពីកិច្ចព្រមព្រៀងថ្មី ហើយដោយធ្វើយញ្ញបូជាម្ដងហើយម្ដងទៀត នោះបង្ហាញថាមនុស្សត្រូវការការរំដោះពីបាបនិងសេចក្ដីស្លាប់ជាបន្ទាន់។ ប្រាកដហើយ ក្រិត្យវិន័យនោះបាន«ធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ»។ (កាឡាទី ៣:១៩, ២៤; រ៉ូម ៣:២០; ៤:១៥; ៥:១២; ហេព្រើរ ១០:១, ២) ប៉ុន្តែ គឺតាមរយៈកិច្ចព្រមព្រៀងថ្មី ដែលពរដែលបានសន្យាដល់អ័ប្រាហាំនឹងបានសម្រេចយ៉ាងពេញលេញ។
សាសន៍ទាំងឡាយទទួលពរដោយសារពូជរបស់អ័ប្រាហាំ
៥, ៦. ក្នុងការសម្រេចដំបូងនៃកិច្ចព្រមព្រៀងអ័ប្រាហាំ តើអ្នកណាជាពូជរបស់អ័ប្រាហាំ ហើយតើសាសន៍ណាមួយដែលបានទទួលពរដោយសារទ្រង់មុនគេ?
៥ ព្រះយេហូវ៉ាបានសន្យាដល់អ័ប្រាហាំថា៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង»។ (លោកុប្បត្តិ ២២:១៨) ក្រោមកិច្ចព្រមព្រៀងចាស់ ពួកបរទេសដែលមានចិត្តរាបទាបជាច្រើនបានទទួលពរ ដោយសារគេចូលរួមជាមួយអ៊ីស្រាអែល ជាពូជពីសាសន៍អ័ប្រាហាំ។ ប៉ុន្តែ ក្នុងការសម្រេចដំបូងខាងវិញ្ញាណ ពូជរបស់អ័ប្រាហាំ គឺជាបុរសដ៏គ្រប់ល័ក្ខណ៍ម្នាក់។ ប៉ុលបានពន្យល់អំពីរឿងនេះ ពេលដែលលោកមានប្រសាសន៍ថា៖ «រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា៖ ‹នឹងពូជទាំងប៉ុន្មាន› ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា៖ ‹នឹងពូជលោក១នោះឯង› គឺជាព្រះគ្រីស្ទ»។—កាឡាទី ៣:១៦
៦ ត្រូវហើយ ព្រះយេស៊ូជាពូជរបស់អ័ប្រាហាំ ហើយដោយសារទ្រង់ ដែលសាសន៍ទាំងឡាយទទួលពរដ៏ប្រសើរជាងអ្វីៗដែលអាចធ្វើបាន សំរាប់អ៊ីស្រាអែលខាងសាច់ឈាម។ ពិតមែន សាសន៍ទីមួយដែលនឹងទទួលពរនេះ គឺអ៊ីស្រាអែលនោះឯង។ មិនយូរប៉ុន្មានក្រោយពីបុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ. សាវ័កពេត្រុសមានប្រសាសន៍ដល់ពួកយូដាមួយក្រុមថា៖ «អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា ‹អស់ទាំងគ្រួសារនៅផែនដីនឹងបានពរ ដោយសារពូជឯង›។ រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្ដីអាក្រក់របស់ខ្លួនចេញ»។—កិច្ចការ ៣:២៥, ២៦
៧. តើសាសន៍ទាំងឡាយណាដែលទទួលពរដោយសារព្រះយេស៊ូ ជាពូជរបស់អ័ប្រាហាំ?
៧ មិនយូរប៉ុន្មាន ពរក៏បានប្រទានទៅពួកជាតិសាម៉ារី ហើយក្រោយមកប្រទានពរដល់ពួកសាសន៍ដទៃ។ (កិច្ចការ ៨:១៤-១៧; ១០:៣៤-៤៨) ក្នុងរវាងឆ្នាំ៥០និង៥២ ស.យ. ប៉ុលបានសរសេរសំបុត្រទៅពួកគ្រីស្ទានក្នុងស្រុកកាឡាទី ក្នុងភូមិភាគអាស៊ីមីនើរ៖ «ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា ‹អស់ទាំងសាសន៍នឹងបានពរដោយសារឯង›។ ដូច្នេះ អស់អ្នកដែលមានសេចក្ដីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ»។ (កាឡាទី ៣:៨, ៩; លោកុប្បត្តិ ១២:៣) ថ្វីបើពួកគ្រីស្ទានជាច្រើនក្នុងស្រុកកាឡាទី ជា«ពួកសាសន៍ដទៃ»ក៏ដោយ គេបានទទួលពរដោយសារព្រះយេស៊ូ ពីព្រោះគេមានជំនឿ។ តើក្នុងរបៀបណាទៅ?
៨. ចំពោះពួកគ្រីស្ទាននៅសម័យប៉ុល ការទទួលពរដោយសារពូជរបស់អ័ប្រាហាំរួមបញ្ចូលអ្វី ហើយនៅទីបំផុត តើមានប៉ុន្មាននាក់ដែលទទួលពរបែបនេះ?
៨ ទោះជាមានប្រវត្ដិរូបយ៉ាងណាក៏ដោយ ប៉ុលបានប្រាប់ពួកគ្រីស្ទានក្នុងស្រុកកាឡាទីថា៖ «ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង»។ (កាឡាទី ៣:២៩) ចំពោះពួកគ្រីស្ទានទាំងនោះក្នុងស្រុកកាឡាទី ពរដែលគេទទួលដោយសារពូជរបស់អ័ប្រាហាំ គឺការចូលរួមក្នុងកិច្ចព្រមព្រៀងថ្មី ហើយក៏ជាអ្នកគ្រប់គ្រងជាមួយព្រះគ្រីស្ទ ដែលចូលរួមជាមួយព្រះយេស៊ូក្នុងពូជរបស់អ័ប្រាហាំ។ យើងឥតដឹងចំនួនប្រជាជននៃអ៊ីស្រាអែលពីសម័យបុរាណទេ។ យើងគ្រាន់តែដឹងថា សាសន៍នេះបានក្លាយទៅជា«មានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ»។ (ពង្សាវតារក្សត្រទី១ ៤:២០) ប៉ុន្តែ យើងដឹងចំនួននៅចុងបំផុតនៃពួកចូលរួមជាមួយព្រះយេស៊ូ ក្នុងពូជខាងវិញ្ញាណ—១៤៤.០០០នាក់។ (វិវរណៈ ៧:៤; ១៤:១) ពួក១៤៤.០០០នាក់នោះ គឺចេញពី«គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍» ហើយចូលរួមក្នុងការផ្ដល់ពរនៃកិច្ចព្រមព្រៀងអ័ប្រាហាំ ដល់មនុស្សដទៃទៀត។—វិវរណៈ ៥:៩
ទំនាយមួយបានសម្រេច
៩. តើតាមរបៀបណាដែលពួកអ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី មានក្រិត្យវិន័យរបស់ព្រះយេហូវ៉ានៅក្នុងចិត្តគេ?
៩ នៅពេលទាយប្រាប់អំពីកិច្ចព្រមព្រៀងថ្មី យេរេមាបានសរសេរថា៖ «គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹[កិច្ចព្រមព្រៀង]ដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ› »។ (យេរេមា ៣១:៣៣) នេះជាលក្ខណៈនៃអស់អ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី ដែលគេបំរើព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់។ (យ៉ូហាន ១៣:៣៥; ហេព្រើរ ១:៩) ក្រិត្យវិន័យរបស់ព្រះយេហូវ៉ាបានសរសេរក្នុងចិត្តរបស់គេ ហើយគេមានចិត្តដ៏ខ្នះខ្នែងក្នុងការធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ពិតមែន ក្នុងអ៊ីស្រាអែលពីសម័យបុរាណ ពួកស្មោះត្រង់ខ្លះបានស្រឡាញ់ក្រិត្យវិន័យរបស់ព្រះយេហូវ៉ាយ៉ាងខ្លាំង។ (ទំនុកដំកើង ១១៩:៩៧) ប៉ុន្តែ មនុស្សជាច្រើនឥតស្រឡាញ់ក្រិត្យវិន័យទ្រង់ទេ។ យ៉ាងណាក៏ដោយ ពួកគេមានចំណែកក្នុងសាសន៍នោះ។ ប្រសិនបើក្រិត្យវិន័យរបស់ព្រះឥតមានសរសេរក្នុងចិត្តរបស់គេ គឺគ្មានណាមួយដែលអាចនៅក្នុងកិច្ចព្រមព្រៀងថ្មីបានឡើយ។
១០, ១១. ចំពោះអស់អ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី តើតាមរបៀបណាដែលព្រះយេហូវ៉ា‹បានក្លាយទៅជាព្រះរបស់គេ› ហើយតើគេទាំងអស់គ្នានឹងស្គាល់ទ្រង់យ៉ាងដូចម្ដេច?
១០ ព្រះយេហូវ៉ាមានបន្ទូលថែមទៀតស្តីអំពីពួកអ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី៖ «អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ»។ (យេរេមា ៣១:៣៣) ក្នុងអ៊ីស្រាអែលពីសម័យបុរាណ មនុស្សជាច្រើនបានថ្វាយបង្គំព្រះនៃសាសន៍ទាំងឡាយ ប៉ុន្តែគេនៅជាជាតិអ៊ីស្រាអែល។ លើមូលដ្ឋាននៃកិច្ចព្រមព្រៀងថ្មី ព្រះយេហូវ៉ាបានបង្កើតសាសន៍ខាងវិញ្ញាណ «អ៊ីស្រាអែលនៃព្រះ» ដើម្បីយកមកជំនួសអ៊ីស្រាអែលខាងសាច់ឈាម។ (កាឡាទី ៦:១៦; ម៉ាថាយ ២១:៤៣; រ៉ូម ៩:៦-៨) ប៉ុន្តែ គ្មានអ្នកណាមួយនឹងមានចំណែកនៃសាសន៍ខាងវិញ្ញាណថ្មីនេះទេ ប្រសិនបើគាត់ឈប់បំរើព្រះយេហូវ៉ា តែមួយព្រះអង្គប៉ុណ្ណោះ។
១១ ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ «គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ»។ (យេរេមា ៣១:៣៤) ក្នុងអ៊ីស្រាអែល មនុស្សជាច្រើនមិនបានអើពើនឹងព្រះយេហូវ៉ាទេ ជាលទ្ធផលគឺនិយាយថា៖ «ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង»។ (សេផានា ១:១២) គ្មានអ្នកណាមួយអាចនៅមានចំណែកក្នុងអ៊ីស្រាអែលនៃព្រះបានទេ ប្រសិនបើគាត់ឥតអើពើដល់ព្រះយេហូវ៉ា ឬធ្វើឲ្យកខ្វក់ដល់ការថ្វាយបង្គំបរិសុទ្ធ។ (ម៉ាថាយ ៦:២៤; កូល៉ុស ៣:៥) ពួកអ៊ីស្រាអែលខាងវិញ្ញាណ គឺ«ពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន»។ (ដានីយ៉ែល ១១:៣២) គេមានចិត្តរីករាយក្នុងការ‹យកចំណេះនៃព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ›។ (យ៉ូហាន ១៧:៣) ការស្គាល់ព្រះយេស៊ូគឺធ្វើឲ្យចំណេះរបស់គេចំពោះព្រះបានជ្រៅឡើងដែរ ពីព្រោះ ក្នុងរបៀបដ៏អស្ចារ្យ ព្រះយេស៊ូ«បានសម្ដែងឲ្យស្គាល់ព្រះអង្គ»។—យ៉ូហាន ១:១៨; ១៤:៩-១១
១២, ១៣. (ក) តើលើមូលដ្ឋានអ្វីដែលព្រះយេហូវ៉ាអត់ទោសបាបឲ្យពួកអ្នកក្នុងកិច្ចព្រមព្រៀងថ្មី? (ខ) ចំពោះការអត់ទោសនៃបាប តើតាមរបៀបណាដែលកិច្ចព្រមព្រៀងថ្មីប្រសើរជាងកិច្ចព្រមព្រៀងចាស់?
១២ នៅទីបំផុត ព្រះយេហូវ៉ាសន្យាថា៖ «អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»។ (យេរេមា ៣១:៣៤ខ) ក្រិត្យវិន័យម៉ូសេរួមបញ្ចូលក្រមសរសេររាប់រយ ដែលបានតម្រូវឲ្យពួកអ៊ីស្រាអែលគោរពតាម។ (ចោទិយកថា ២៨:១, ២, ១៥) មនុស្សដែលបានប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យ ត្រូវថ្វាយយញ្ញបូជាដើម្បីគ្របបាំងបាបរបស់គេ។ (លេវីវិន័យ ៤:១-៧; ១៦:១-៣១) ពួកយូដាជាច្រើនបានជឿថា គេអាចក្លាយទៅជាសុចរិតបាន ដោយសារកិច្ចការរបស់គេដែលស្របតាមក្រិត្យវិន័យ។ ប៉ុន្តែ ពួកគ្រីស្ទានដឹងថា គេមិនដែលអាចបានសេចក្ដីសុចរិតដោយសារកិច្ចការរបស់គេឡើយ។ គេមិនអាចជៀសវាងពីការប្រព្រឹត្តបាបទេ។ (រ៉ូម ៥:១២) នៅក្រោមកិច្ចព្រមព្រៀងថ្មី គឺអាចមានឋានៈសុចរិតនៅពីមុខព្រះ លើមូលដ្ឋាននៃយញ្ញបូជារបស់ព្រះយេស៊ូ។ ប៉ុន្តែ ឋានៈបែបនេះគឺជាអំណោយទាន ជាព្រះគុណដែលគ្មានសិទ្ធិទទួលពីព្រះ។ (រ៉ូម ៣:២០, ២៣, ២៤) ព្រះយេហូវ៉ានៅតែតម្រូវការគោរពពីពួកអ្នកបំរើរបស់ទ្រង់។ ប៉ុលមានប្រសាសន៍ថា ពួកអ្នកដែលនៅក្នុងកិច្ចព្រមព្រៀងថ្មី គឺ«ក្នុងក្រិត្យវិន័យព្រះគ្រីស្ទ»។—កូរិនថូសទី១ ៩:២១
១៣ ដូច្នេះ ចំពោះគ្រីស្ទាន ក៏មានយញ្ញបូជាសំរាប់បាបដែរ ប៉ុន្តែ ជាអ្វីមួយដែលមានតម្លៃប្រសើរជាងយញ្ញបូជានៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ ប៉ុលបានសរសេរថា៖ «ឯអស់ទាំងសង្ឃ[នៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ]ក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញយ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់[ព្រះយេស៊ូ]បានថ្វាយយញ្ញបូជាតែ១ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្ដាំព្រះនៅជារៀងរាបដរាបទៅ»។ (ហេព្រើរ ១០:១១, ១២) ដោយសារពួកគ្រីស្ទាននៅក្នុងកិច្ចព្រមព្រៀងថ្មី អនុវត្តជំនឿលើយញ្ញបូជារបស់គ្រីស្ទ នោះព្រះយេហូវ៉ាចាត់ទុកគេជាសុចរិត ដោយឥតមានបាប ហើយដូច្នេះគឺមានឋានៈដើម្បីចាក់ប្រេងតាំងជាបុត្រវិញ្ញាណរបស់ទ្រង់។ (រ៉ូម ៥:១; ៨:៣៣, ៣៤; ហេព្រើរ ១០:១៤-១៨) ពេលដែលគេប្រព្រឹត្តបាប ដោយសារភាពមិនគ្រប់ល័ក្ខណ៍ គេអាចសុំការអត់ទោសរបស់ព្រះយេហូវ៉ា ហើយលើមូលដ្ឋាននៃយញ្ញបូជារបស់ព្រះយេស៊ូ នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យគេ។ (យ៉ូហានទី១ ២:១, ២) ប៉ុន្តែ ប្រសិនបើគេរើសយកការប្រព្រឹត្តបាបដ៏ចេតនា នោះគេនឹងបាត់បង់ឋានៈសុចរិត ហើយឯកសិទ្ធនៃការចូលរួមក្នុងកិច្ចព្រមព្រៀងថ្មី។—ហេព្រើរ ២:២, ៣; ៦:៤-៨; ១០:២៦-៣១
កិច្ចព្រមព្រៀងចាស់និងថ្មី
១៤. តើការកាត់ស្បែកអ្វីដែលបានតម្រូវក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ? នៅក្រោមកិច្ចព្រមព្រៀងថ្មី?
១៤ ក្នុងកិច្ចព្រមព្រៀងចាស់ មនុស្សប្រុសបានត្រូវកាត់ស្បែក ជាសញ្ញាថាគេនៅក្រោមក្រិត្យវិន័យ។ (លេវីវិន័យ ១២:២, ៣; កាឡាទី ៥:៣) ក្រោយពីក្រុមជំនុំគ្រីស្ទានបានចាប់ផ្ដើម មនុស្សខ្លះមានអារម្មណ៍ថា ពួកគ្រីស្ទានដែលមិនជាសាសន៍យូដា ក៏ត្រូវកាត់ស្បែកដែរ។ ប៉ុន្តែពួកសាវ័កនិងពួកអ្នកចាស់ទុំក្នុងក្រុងយេរូសាឡិម ដែលបានដឹកនាំដោយបន្ទូលរបស់ព្រះ និងដោយវិញ្ញាណបរិសុទ្ធ បានយល់ថា គឺឥតចាំបាច់ធ្វើបែបនេះទេ។ (កិច្ចការ ១៥:១, ៥, ២៨, ២៩) បីបួនឆ្នាំក្រោយមក ប៉ុលមានប្រសាសន៍ថា៖ «ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសម្គាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ»។ (រ៉ូម ២:២៨, ២៩) ការកាត់ស្បែកមែនទែន សូម្បីសំរាប់ពួកយូដាខាងសាច់ឈាម ក៏លែងមានប្រយោជន៍ខាងវិញ្ញាណចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ាទៀតហើយ។ ចំពោះអស់អ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី គឺចិត្ត មិនមែនសាច់នោះទេ ដែលត្រូវកាត់ស្បែកនោះ។ អ្វីៗទាំងអស់ក្នុងគំនិត សេចក្ដីប្រាថ្នា និងការជំរុញចិត្តរបស់គេ ដែលមិនសព្វព្រះហឫទ័យឬឥតបរិសុទ្ធចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ត្រូវតែកាត់ចេញ។a មនុស្សជាច្រើនសព្វថ្ងៃនេះ គឺរស់នៅជាសាក្សីដល់ព្រះចេស្ដានៃអំណាចនៃវិញ្ញាណបរិសុទ្ធ ដើម្បីកែប្រែគំនិតរបស់គេតាមផ្លូវនេះ។—កូរិនថូសទី១ ៦:៩-១១; កាឡាទី ៥:២២-២៤; អេភេសូរ ៤:២២-២៤
១៥. តើអាចប្រៀបធៀបយ៉ាងណាបាន អំពីការគ្រប់គ្រងជាស្តេចរវាងអ៊ីស្រាអែលខាងសាច់ឈាម និងអ៊ីស្រាអែលនៃព្រះ?
១៥ ក្នុងរបៀបរៀបចំនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយក្រោយមក ទ្រង់ប្រើអធិបតេយ្យភាពរបស់ទ្រង់ តាមរយៈស្តេចទាំងឡាយជាមនុស្សលោកក្នុងក្រុងយេរូសាឡិម។ (អេសាយ ៣៣:២២) ព្រះយេហូវ៉ាក៏ជាព្រះមហាក្សត្រនៃអ៊ីស្រាអែលរបស់ព្រះដែរ អ៊ីស្រាអែលខាងវិញ្ញាណ ហើយតាំងពីឆ្នាំ៣៣ ស.យ. ទ្រង់បានសោយរាជ្យតាមរយៈព្រះយេស៊ូគ្រីស្ទ ដែលបានទទួល«គ្រប់ទាំងអំណាច . . . នៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨; អេភេសូរ ១:១៩-២៣; កូល៉ុស ១:១៣, ១៤) សព្វថ្ងៃនេះ អ៊ីស្រាអែលនៃព្រះទទួលស្គាល់ព្រះយេស៊ូជាស្តេចនៃព្រះរាជាណាចក្រនៅស្ថានសួគ៌ ដែលបានស្ថាបនាឡើងក្នុងឆ្នាំ១៩១៤។ ព្រះយេស៊ូគឺជាស្តេចដ៏ល្អប្រសើរជាងស្តេចហេសេគា យ៉ូសៀស និងស្តេចដ៏ស្មោះត្រង់ទាំងឡាយឯទៀតនៃអ៊ីស្រាអែលពីសម័យបុរាណ។—ហេព្រើរ ១:៨, ៩; វិវរណៈ ១១:១៥
១៦. តើអ៊ីស្រាអែលនៃព្រះមានសង្ឃប្រភេទណា?
១៦ អ៊ីស្រាអែលមិនគ្រាន់តែជាព្រះរាជាណាចក្រប៉ុណ្ណោះ តែមានសង្ឃដែលបានចាក់ប្រេងតាំង។ ក្នុងឆ្នាំ៣៣ ស.យ. អ៊ីស្រាអែលនៃព្រះបានផ្លាស់ជំនួសអ៊ីស្រាអែលខាងសាច់ឈាម ហើយក៏បានក្លាយទៅជា«អ្នកបំរើ»របស់ព្រះយេហូវ៉ា ជា«ស្មរបន្ទាល់»របស់ទ្រង់។ (អេសាយ ៤៣:១០) បន្ទូលរបស់ព្រះយេហូវ៉ាទៅអ៊ីស្រាអែល បានកត់ទុកក្នុងអេសាយ ៤៣:២១ និងនិក្ខមនំ ១៩:៥, ៦ តាំងពីនោះមកគឺទាក់ទងអ៊ីស្រាអែលខាងវិញ្ញាណនៃព្រះ។ សាសន៍វិញ្ញាណថ្មីរបស់ព្រះ ឥឡូវនេះជា«ពូជជ្រើសរើសជាពួកសង្ឃហ្លួងជាសាសន៍បរិសុទ្ធជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ» ដែលមានមុខងារដើម្បី‹ប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា›។ (ពេត្រុសទី១ ២:៩) គ្រប់គ្នាដែលនៅក្នុងអ៊ីស្រាអែលនៃព្រះ បុរសនិងស្ត្រី រួមធ្វើជាសង្ឃមួយក្រុម។ (កាឡាទី ៣:២៨, ២៩) ជាផ្នែកទីពីរនៃពូជរបស់អ័ប្រាហាំ ឥឡូវនេះគេនិយាយថា៖ ‹ឱអស់ទាំងសាសន៍អើយ ចូរសប្បាយនឹងរាស្ត្រទ្រង់›។ (ចោទិយកថា ៣២:៤៣) ពួកអ្នកនៃអ៊ីស្រាអែលខាងវិញ្ញាណ ដែលនៅលើផែនដីនៅឡើយ គឺជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) ការថ្វាយកិច្ចបំរើបរិសុទ្ធអាចផ្ដល់ទៅព្រះបាន ដរាបណាចូលរួមជាមួយគេប៉ុណ្ណោះ។
ព្រះរាជាណាចក្រនៃព្រះ—ការសម្រេចនៅទីបំផុត
១៧. តើកំណើតអ្វីដែលពួកអ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មីមាន?
១៧ ពួកអ៊ីស្រាអែលដែលកើតក្រោយពីឆ្នាំ១៥១៣ ម.ស.យ. បានចូលក្នុងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យពីកំណើត។ អស់អ្នកដែលព្រះយេហូវ៉ាយកចូលក្នុងកិច្ចព្រមព្រៀងថ្មី ក៏ពិសោធការកើតមួយដែរ—ក្នុងករណីរបស់គេ ការកើតខាងវិញ្ញាណ។ ព្រះយេស៊ូបានរៀបរាប់រឿងនេះដល់នីកូដេម ជាផារីស៊ីម្នាក់ ពេលដែលទ្រង់មានបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ»។ (យ៉ូហាន ៣:៣) ពួកសិស្ស១២០នាក់នៅបុណ្យភិន្ដាកុស នៅឆ្នាំ៣៣ ស.យ. គឺជាពួកមនុស្សឥតគ្រប់ល័ក្ខណ៍ដំបូងដែលពិសោធនឹងការកើតថ្មីនេះ។ ដោយរាប់ថាសុចរិតនៅក្រោមកិច្ចព្រមព្រៀងថ្មី នោះគេបានទទួលវិញ្ញាណបរិសុទ្ធជា«ទីបញ្ចាំចិត្ត»នៃមរតកខាងការសោយរាជ្យរបស់គេ។ (អេភេសូរ ១:១៤) គេបាន«កើតពីព្រះវិញ្ញាណ» ដើម្បីក្លាយទៅជាបុត្ររបស់ព្រះដែលទ្រង់យកចិញ្ចឹម ដែលធ្វើឲ្យគេជាបងប្អូនរបស់ព្រះយេស៊ូ ហើយដូច្នេះក៏«គ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង»។ (យ៉ូហាន ៣:៦; រ៉ូម ៨:១៦, ១៧) ដែលគេ«កើតជាថ្មី» បានបើកផ្លូវសំរាប់អនាគតដ៏អស្ចារ្យ។
១៨. ការកើតជាថ្មីផ្ដល់ឱកាសអ្វីសំរាប់អនាគតដ៏អស្ចារ្យ សំរាប់ពួកអ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី?
១៨ នៅពេលធ្វើជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី ព្រះយេស៊ូបានធ្វើកិច្ចព្រមព្រៀងមួយទៀតជាមួយពួកសិស្សទ្រង់ ដោយមានបន្ទូលថា៖ «ខ្ញុំក៏ដំរូវនគរមួយឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ»។ (លូកា ២២:២៩) កិច្ចព្រមព្រៀងព្រះរាជាណាចក្រនេះរៀបចំផ្លូវ សំរាប់ការសម្រេចនៃចក្ខុនិមិត្តដ៏អស្ចារ្យមួយ ដែលបានកត់ទុកនៅដានីយ៉ែល ៧:១៣, ១៤, ២២, ២៧។ ដានីយ៉ែលបានឃើញ‹មួយអង្គដូចជាមនុស្សជាតិ› ដែលកំពុងតែទទួលអំណាចសោយរាជ្យដោយ«ព្រះដ៏មានព្រះជន្មពីបុរាណ» គឺព្រះយេហូវ៉ា។ រួចមក ដានីយ៉ែលបានឃើញថា«ពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន»។ ព្រះយេស៊ូគឺជា‹មួយអង្គដូចជាមនុស្សជាតិ› ដែលនៅឆ្នាំ១៩១៤ បានទទួលព្រះរាជាណាចក្រនៅស្ថានសួគ៌ពីព្រះយេហូវ៉ា។ ពួកសិស្សរបស់ទ្រង់ដែលបានចាក់ប្រេងតាំងដោយវិញ្ញាណគឺជា«ពួកបរិសុទ្ធ» ដែលគ្រប់គ្រងជាមួយទ្រង់ក្នុងព្រះរាជាណាចក្រនោះ។ (ថែស្សាឡូនីចទី១ ២:១២) តើតាមរបៀបណា?
១៩, ២០. (ក) ចំពោះអស់អ្នកនៅក្នុងកិច្ចព្រមព្រៀងថ្មី តើការសម្រេចចុងបំផុតដ៏រុងរឿងអ្វី ដែលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាទៅអ័ប្រាហាំមាន? (ខ) តើមានសំនួរណាទៀតដែលនឹងត្រូវពិនិត្យមើល?
១៩ ក្រោយពីមរណភាពរបស់គេ ពួកចាក់ប្រេងតាំងទាំងនេះ ដូចព្រះយេស៊ូ បានប្រោសឲ្យរស់ឡើងវិញឲ្យក្លាយទៅជាសត្តនិករវិញ្ញាណអមតៈ ដើម្បីបំរើជាមួយទ្រង់ជាស្តេចនិងសង្ឃនៅលើស្ថានសួគ៌។ (កូរិនថូសទី១ ១៥:៥០-៥៣; វិវរណៈ ២០:៤, ៦) នេះជាសេចក្ដីសង្ឃឹមដ៏រុងរឿងមែន! ‹គេនឹងសោយរាជ្យទៅលើផែនដី› មិនមែនគ្រាន់តែស្រុកកាណានឡើយ។ (វិវរណៈ ៥:១០) តើគេនឹងបាន‹គ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវរបស់គេទេ›? (លោកុប្បត្តិ ២២:១៧) ត្រូវហើយ និងក្នុងផ្លូវដ៏ជាក់លាក់ទៀតផង ពេលដែលគេឃើញការហិនវិនាសនៃស្ត្រីពេស្យាខាងសាសនាដ៏ជាសត្រូវ បាប៊ីឡូនដ៏ធំ ហើយនៅពេលដែលពួកចាក់ប្រេងតាំងបានប្រោសឲ្យរស់ឡើងវិញ ចូលរួមជាមួយព្រះយេស៊ូក្នុងការឃ្វាលសាសន៍«ដោយដំបងដែក» ហើយក្នុងការកិនក្បាលសាតាំង។ ដូច្នេះហើយគេនឹងមានផ្នែកនៃការសម្រេចនៅទីបំផុតនៃទំនាយនៅលោកុប្បត្តិ ៣:១៥។—វិវរណៈ ២:២៦, ២៧; ១៧:១៤; ១៨:២០, ២១; រ៉ូម ១៦:២០
២០ ប៉ុន្តែ យើងប្រហែលជាសួរថា តើកិច្ចព្រមព្រៀងអ័ប្រាហាំនិងកិច្ចព្រមព្រៀងថ្មីដែលទាក់ទងតែនឹងពួកស្មោះត្រង់នៃ១៤៤.០០០នាក់ប៉ុណ្ណោះឬ? គឺអត់ទេ ពួកអ្នកដទៃទៀតដែលមិនជាប់ក្នុងកិច្ចព្រមព្រៀងយ៉ាងចំៗនោះទេ ក៏នឹងទទួលបានពរដោយសារពួកគេដែរ ដូចជាយើងនឹងឃើញក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a សូមមើល Insight on the Scriptures, ក្បាលទី១ ទំព័រ ៤៧០ បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកនៅចាំទេ?
◻ តើនៅពេលណាដែលកិច្ចព្រមព្រៀងថ្មីបានចាប់ប្រតិបត្ដិការជាលើកទីមួយ?
◻ តើអ្វីដែលបានសម្រេចដោយសារកិច្ចព្រមព្រៀងចាស់?
◻ តើអ្នកណាជាពូជរបស់អ័ប្រាហាំដំបូង ហើយមានជាលំដាប់យ៉ាងណា ដែលសាសន៍ទាំងឡាយទទួលពរដោយសារពូជនោះ?
◻ ចំពោះពួក១៤៤.០០០នាក់ តើអ្វីជាការសម្រេចចុងក្រោយបំផុតនៃសេចក្ដីសន្យា ក្នុងកិច្ចព្រមព្រៀងអ័ប្រាហាំនិងកិច្ចព្រមព្រៀងថ្មី?
[រូបភាពនៅទំព័រ១៥]
ការអត់ទោសនៃបាប គឺមានប្រសិទ្ធភាពសំរាប់ពួកអ្នកនៅក្រោមកិច្ចព្រមព្រៀងថ្មី ជាងពួកនៅក្រោមកិច្ចព្រមព្រៀងចាស់