ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង!
«ទូលបង្គំបានយកព្រះអម្ចាស់[ឬ«ម្ចាស់ដ៏ឧត្តមបំផុត»]យេហូវ៉ាទុកជាទីពឹង»។—ទំនុក. ៧៣:២៨; ព.ថ.
១. ដូចនៅកូរិនថូសទី១ ៧:៣១ តាមមើលទៅ តើប៉ូលចង់សំដៅទៅលើអ្វី?
សាវ័កប៉ូលបានស្រដីថា៖ «ស្ថានភាពពិភពលោកកំពុងប្រែប្រួល»។ (១កូ. ៧:៣១) ក្នុងភាសាដើម តាមមើលទៅ គាត់បានប្រៀបធៀបពិភពលោកទៅនឹងឆាកល្ខោនមួយ ដែលតួអង្គផ្សេងៗសម្ដែងជាតួល្អឬតួអាក្រក់រហូតដល់មានការផ្លាស់ប្ដូរឈុត។
២, ៣. (ក) តើការប្រឆាំងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាអាចប្រៀបទៅនឹងអ្វី? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
២ សព្វថ្ងៃនេះ មានស្ថានភាពមួយដែលកំពុងកើតឡើងដែលប្រៀបដូចជារឿងល្ខោនមួយ ដែលជាប់ទាក់ទងនឹងរូបអ្នក! ជាពិសេសស្ថានភាពនេះទាក់ទងនឹងការបញ្ជាក់ថា ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ រឿងល្ខោននេះអាចបង្ហាញពីស្ថានភាពជាក់ស្តែងដែលអាចមានក្នុងប្រទេសណាមួយ។ នៅប្រទេសនោះ ប្រហែលជាមានរដ្ឋាភិបាលស្របច្បាប់ដែលរក្សាសណ្ដាប់ធ្នាប់។ ប៉ុន្តែ ក៏ប្រហែលមានអង្គការជនឧក្រិដ្ឋដែលបោកប្រាស់គេ ធ្វើអំពើហិង្សា និងធ្វើឃាតកម្មដែរ។ អង្គការខុសច្បាប់នេះប្រឆាំងការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយសាកល្បងភក្ដីភាពរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលនោះ។
៣ ស្ថានការណ៍ស្រដៀងគ្នាក៏កើតឡើងនៅទូទាំងសកលលោកដែរ ពីព្រោះមានរដ្ឋាភិបាលរបស់«ព្រះអម្ចាស់[ឬ«ម្ចាស់ដ៏ឧត្តមបំផុត»]យេហូវ៉ា» ដែលស្របច្បាប់។ (ទំនុក. ៧១:៥; ព.ថ.)។ តែក៏មានអង្គការជនឧក្រិដ្ឋមួយដែលដឹកនាំដោយ«មេកំណាច» ដែលកំពុងគំរាមកំហែងមនុស្សជាតិ។ (១យ៉ូន. ៥:១៩) អង្គការនេះប្រឆាំងរដ្ឋាភិបាលរបស់ព្រះដែលស្របច្បាប់ ហើយសាកល្បងភក្ដីភាពរបស់មនុស្សទាំងអស់ចំពោះការគ្រប់គ្រងរបស់លោក។ តើអ្វីជាដើមហេតុនៃរឿងនេះ? ហេតុអ្វីព្រះអនុញ្ញាតឲ្យរឿងនេះកើតឡើង? តើយើងម្នាក់ៗអាចធ្វើអ្វីចំពោះរឿងនេះ?
រឿងល្ខោន
៤. តើស្ថានភាពដែលប្រៀបដូចជារឿងល្ខោន ដែលកំពុងបើកបង្ហាញបន្ដិចម្ដងៗ រួមបញ្ចូលរឿងពីរណាខ្លះដែលជាប់ពាក់ព័ន្ធគ្នា?
៤ ស្ថានភាពនេះដែលប្រៀបដូចជារឿងល្ខោន ដែលកំពុងបើកបង្ហាញបន្ដិចម្ដងៗ រួមបញ្ចូលរឿងពីរដែលជាប់ពាក់ព័ន្ធគ្នា ពោលគឺសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងចិត្តស្មោះគ្រប់លក្ខណៈរបស់មនុស្ស។ ជាញឹកញយ បទគម្ពីរហៅព្រះយេហូវ៉ាថា«ម្ចាស់ដ៏ឧត្តមបំផុត»។ ជាឧទាហរណ៍ ដោយមានទំនុកចិត្តលើលោកទាំងស្រុង អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ទូលបង្គំបានយកព្រះអម្ចាស់[ឬ«ម្ចាស់ដ៏ឧត្តមបំផុត»]យេហូវ៉ាទុកជាទីពឹង»។ (ទំនុក. ៧៣:២៨; ព.ថ.) «សិទ្ធិគ្រប់គ្រង»សំដៅទៅលើអំណាចឬការគ្រប់គ្រងដែលធំបំផុត។ ដូច្នេះ អ្នកគ្រប់គ្រងមានអំណាចធំបំផុត។ ហេតុនេះ យើងមានមូលហេតុត្រឹមត្រូវឲ្យចាត់ទុកព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត។—ដាន. ៧:២២
៥. ហេតុអ្វីយើងបានត្រូវជំរុញទឹកចិត្តឲ្យគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៥ ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើត លោកជាអ្នកគ្រប់គ្រងលើផែនដីនិងលើសកលលោកទាំងមូល។ (សូមអាន ការបើកបង្ហាញ ៤:១១) ព្រះយេហូវ៉ាក៏ជាចៅក្រម ជាអ្នកតែងច្បាប់ និងជាស្តេចរបស់យើងដែរ។ (អេ. ៣៣:២២) ដោយសារព្រះផ្ដល់ជីវិតឲ្យយើង ហើយយើងពឹងពាក់លើលោក នោះយើងគួរចាត់ទុកលោកជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង។ បើយើងចាំជានិច្ចថា«ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់» នេះនឹងជំរុញទឹកចិត្តយើងឲ្យគាំទ្រឋានៈដ៏ខ្ពង់ខ្ពស់របស់លោក។—ទំនុក. ១០៣:១៩; សកម្ម. ៤:២៤
៦. តើចិត្តស្មោះគ្រប់លក្ខណៈគឺជាអ្វី?
៦ យើងត្រូវរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងចំពោះលោក ទើបអាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ «ចិត្តស្មោះគ្រប់លក្ខណៈ»ជាភាពគ្រប់លក្ខណៈខាងសីលធម៌។ អ្នកដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈជាអ្នកដែលគ្មានកន្លែងបន្ទោស និងទៀងត្រង់។ យ៉ូបដែលជាបុព្វបុរសម្នាក់ជាមនុស្សបែបនោះ។—យ៉ូប ១:១
តើល្ខោននេះបានចាប់ផ្ដើមសម្ដែងយ៉ាងដូចម្ដេច?
៧, ៨. តើសាថានបានធ្វើឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ ជាង៦.០០០ឆ្នាំមុន បុគ្គលវិញ្ញាណមួយរូបបានធ្វើឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់វាផុសចេញពីការគិតតែប្រយោជន៍ខ្លួនវា និងការចង់ឲ្យអ្នកឯទៀតគោរពបូជាវា។ វានាំអាដាមនិងអេវ៉ាដែលជាគូស្វាមីភរិយាដំបូង ឲ្យលែងស្មោះត្រង់ចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយវាក៏បានព្យាយាមធ្វើឲ្យខូចឈ្មោះរបស់ព្រះយេហូវ៉ាដែរ ដោយអះអាងថាលោកបានកុហកពួកគេ។ (សូមអាន លោកុប្បត្តិ ៣:១-៥) អ្នកបះបោរនេះបានក្លាយទៅជាសត្រូវធំ ជាសាថាន(អ្នកប្រឆាំង) ជាមេកំណាច(អ្នកបង្កាច់បង្ខូច) ជាពស់(អ្នកបំភាន់) និងជានាគ(អ្នកលេបត្របាក់)។—បប. ១២:៩
៨ សាថានបានតាំងខ្លួនជាអ្នកគ្រប់គ្រងដែលប្រកួតប្រជែងជាមួយព្រះ។ ដោយមានការប្រឆាំងបែបនេះ តើព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្តមបំផុតនឹងធ្វើយ៉ាងណា? ចំពោះអ្នកបះបោរទាំងបីនាក់នោះ ដែលជាសាថាន អាដាម និងអេវ៉ា តើលោកនឹងបំផ្លាញពួកគេចោលភ្លាមៗឬទេ? លោកប្រាកដជាមានអំណាចធ្វើដូច្នេះមែន ហើយការប្រព្រឹត្តបែបនោះនឹងបង្ហាញថាលោកមានអំណាចធំបំផុត។ ម្យ៉ាងទៀត ការធ្វើដូច្នេះ ក៏នឹងបង្ហាញដែរថាព្រះយេហូវ៉ាមិនបានកុហកទេស្តីអំពីទណ្ឌកម្មដែលមកពីការបំពានច្បាប់របស់លោក។ ប៉ុន្តែ ហេតុអ្វីព្រះមិនបានបំផ្លាញពួកគេចោលភ្លាមៗ?
៩. តើសាថានបានចោទប្រកាន់អ្វីខ្លះ?
៩ ដោយកុហក ហើយបំបែរអាដាមនិងអេវ៉ាចេញពីព្រះ សាថានបានចោទប្រកាន់ថាលោកគ្មានសិទ្ធិតម្រូវឲ្យមនុស្សស្ដាប់បង្គាប់លោកឡើយ។ ម្យ៉ាងទៀត ដោយនាំគូស្វាមីភរិយាដំបូងមិនឲ្យស្ដាប់បង្គាប់ព្រះ សាថានក៏បានចោទប្រកាន់ដែរថាមនុស្សនិងទេវតាទាំងឡាយមិនមានភក្ដីភាពចំពោះព្រះទេ។ ដូចបានឃើញក្នុងករណីរបស់យ៉ូប ដែលរក្សាភក្ដីភាពចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា សាថានបានអះអាងថា វាអាចអូសទាញមនុស្សទាំងអស់ឲ្យចេញពីព្រះបាន។—យ៉ូប ២:១-៥
១០. ដោយពន្យារពេលដែលលោកនឹងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង តើព្រះបានអនុញ្ញាតឲ្យសាថាននិងមនុស្សធ្វើអ្វី?
១០ ដោយពន្យារពេលដែលលោកនឹងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង ហើយដោយពន្យារពេលបំផ្លាញចោលសាថាន នោះព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាថានមានពេលដើម្បីរកទីសំអាង។ ព្រះក៏បានផ្ដល់ឱកាសឲ្យមនុស្សជាតិបង្ហាញភក្ដីភាពចំពោះសិទ្ធិគ្រប់គ្រងរបស់លោកដែរ។ តើច្រើនសតវត្សរ៍កន្លងមកនេះបង្ហាញឲ្យឃើញអ្វី? សាថានបានបង្កើតអង្គការជនឧក្រិដ្ឋមួយដែលមានឥទ្ធិពលខ្លាំងក្លា។ នៅទីបំផុត ព្រះយេហូវ៉ានឹងបំផ្លាញចោលអង្គការនោះ និងមេកំណាច ហើយនេះនឹងបង្ហាញភ័ស្តុតាងជាក់ស្តែងថាព្រះមានសិទ្ធិគ្រប់គ្រង។ ពេលមានការបះបោរនៅសួនអេដែន ព្រះយេហូវ៉ាជឿជាក់យ៉ាងខ្លាំងថានឹងមានលទ្ធផលល្អ ហេតុនេះហើយបានជាលោកបានទាយអំពីរឿងនេះ។—លោ. ៣:១៥
១១. ស្តីអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា តើមនុស្សជាច្រើនបានប្រព្រឹត្តយ៉ាងណា?
១១ មនុស្សជាច្រើនបានបង្ហាញជំនឿ ហើយរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ពួកគេចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងចំពោះការធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ ក្នុងចំណោមមនុស្សទាំងនោះគឺអេបិល អេណុក ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ នាងរូថ ដាវីឌ លោកយេស៊ូ ពួកអ្នកកាន់តាមគ្រិស្តនៅសម័យដើម និងមនុស្សរាប់លាននាក់សព្វថ្ងៃនេះដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ មនុស្សបែបនោះដែលគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះរួមចំណែកក្នុងការសឲ្យឃើញថាសាថានជាអ្នកភូតភរ ហើយក្នុងការធ្វើឲ្យឈ្មោះរបស់ព្រះយេហូវ៉ាបានបរិសុទ្ធពីការតិះដៀលរបស់មេកំណាច ដែលវាបានអួតថាវាអាចអូសទាញមនុស្សទាំងឡាយឲ្យចេញពីព្រះ។—សុភ. ២៧:១១
យើងដឹងថាល្ខោននឹងចប់យ៉ាងដូចម្ដេច
១២. តើតាមរបៀបណាដែលយើងអាចប្រាកដថាព្រះមិនត្រាប្រណីជារៀងរហូតឲ្យអំពើទុច្ចរិត?
១២ យើងអាចប្រាកដថាមិនយូរទៀត ព្រះយេហូវ៉ានឹងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង។ លោកមិនត្រាប្រណីជារៀងរហូតឲ្យអំពើទុច្ចរិតឡើយ ហើយយើងក៏ដឹងដែរថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ ព្រះយេហូវ៉ាបានកម្ទេចចោលមនុស្សទុច្ចរិតក្នុងអំឡុងទឹកជំនន់។ លោកបានបំផ្លាញចោលក្រុងសូដុមនិងកូម៉ូរ៉ា ព្រមទាំងផារ៉ូនិងកងទ័ពរបស់គាត់។ ស៊ីសេរ៉ានិងកងទ័ពរបស់គាត់ ថែមទាំងស្តេចសានហេរីបនិងពលទ័ពជនជាតិអាសស៊ើររបស់គាត់ក៏បរាជ័យនៅចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុតដែរ។ (លោ. ៧:១, ២៣; ១៩:២៤, ២៥; និក្ខ. ១៤:៣០, ៣១; ចៅ. ៤:១៥, ១៦; ២ព. ១៩:៣៥, ៣៦) ដូច្នេះ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាមិនអធ្យាស្រ័យជារៀងរហូតឲ្យពួកអ្នកដែលមិនគោរពឈ្មោះរបស់លោក និងដែលបៀតបៀនសាក្សីរបស់លោកឡើយ។ បន្ថែមទៅទៀត ឥឡូវយើងឃើញទីសំអាងអំពីសញ្ញាសម្គាល់នៃវត្តមានរបស់លោកយេស៊ូនិងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះ។—ម៉ាថ. ២៤:៣
១៣. តើយើងអាចធ្វើយ៉ាងណាដើម្បីមិនត្រូវបំផ្លាញចោលជាមួយសត្រូវរបស់ព្រះ?
១៣ យើងត្រូវបង្ហាញឲ្យឃើញថាយើងមានភក្ដីភាពចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ទើបយើងមិនត្រូវបំផ្លាញចោលជាមួយសត្រូវរបស់ព្រះ។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច? គឺដោយមិនរួមចំណែកក្នុងការគ្រប់គ្រងរបស់សាថាន ហើយមិនព្រមចុះចាញ់ពួកអ្នកដែលគាំទ្រវា។ (អេ. ៥២:១១; យ៉ូន. ១៧:១៦; សកម្ម. ៥:២៩) បើយើងនៅដាច់ឆ្ងាយពីការគ្រប់គ្រងរបស់សាថាន យើងអាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់បិតាយើងនៅស្ថានសួគ៌ ហើយមានសេចក្ដីសង្ឃឹមរួចជីវិត ពេលដែលព្រះយេហូវ៉ាធ្វើឲ្យឈ្មោះរបស់លោកបានបរិសុទ្ធពីការតិះដៀល ហើយពេលលោកបង្ហាញថា លោកជាមហាក្សត្រសកលលោក។
១៤. តើផ្នែកផ្សេងៗនៃគម្ពីរបង្ហាញឲ្យឃើញអ្វីខ្លះ?
១៤ គម្ពីរទាំងមូលពន្យល់អំពីរឿងល្អិតល្អន់ដែលទាក់ទងនឹងមនុស្សជាតិនិងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ជំពូកបីដំបូងនៃគម្ពីរ ប្រាប់យើងអំពីការបង្កើតអ្វីៗទាំងអស់និងការដែលមនុស្សប្រព្រឹត្តអំពើខុសឆ្គង រីឯជំពូកបីចុងក្រោយរៀបរាប់អំពីការដែលមនុស្សជាតិបានរួចផុតពីភាពខុសឆ្គង។ នៅចន្លោះជំពូកបីដំបូងនិងជំពូកបីចុងក្រោយ មានព័ត៌មានពិស្ដារស្តីអំពីវិធានការដែលព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតបានចាត់ ដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិ ផែនដីនិងសកលលោក។ សៀវភៅលោកុប្បត្តិបង្ហាញពីរបៀបដែលសាថាននិងអំពើទុច្ចរិតបានចូលក្នុងពិភពលោក ឯផ្នែកចុងក្រោយនៃសៀវភៅការបើកបង្ហាញសឲ្យឃើញថា ការអាក្រក់និងមេកំណាចនឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច ហើយបង្ហាញថាបំណងប្រាថ្នារបស់ព្រះនឹងត្រូវធ្វើឲ្យសម្រេចនៅផែនដីក៏ដូចនៅស្ថានសួគ៌ដែរ។ ពិតមែន គម្ពីរបង្ហាញអំពីដើមហេតុនៃអំពើខុសឆ្គងនិងសេចក្ដីស្លាប់ ហើយបង្ហាញថាអំពើខុសឆ្គងនិងសេចក្ដីស្លាប់នឹងត្រូវបំបាត់ចោលឲ្យសូន្យពីផែនដី ហើយមនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈនឹងមានអំណរក្រៃលែង ព្រមទាំងមានជីវិតដែលគ្មានទីបញ្ចប់។
១៥. ដើម្បីទទួលប្រយោជន៍ដោយផ្ទាល់ កាលណាឈុតល្ខោនដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ មកដល់ទីបញ្ចប់ តើយើងត្រូវធ្វើអ្វី?
១៥ មិនយូរទៀត ស្ថានភាពនៃពិភពលោកនេះនឹងប្រែប្រួលទាំងស្រុង។ ល្ខោននេះដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ នឹងមកដល់ទីបញ្ចប់។ សាថាននឹងត្រូវដកចេញពីឆាក នេះមានន័យថាវានឹងលែងគ្រប់គ្រងទៀត ហើយនៅទីបំផុតនឹងត្រូវបំផ្លាញចោល រួចបំណងប្រាថ្នារបស់ព្រះនឹងប្រាកដជាបានជោគជ័យ។ ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ពីអ្វីនេះ ហើយទទួលពរជាច្រើនដែលគម្ពីរបានទាយទុក យើងត្រូវគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះតាំងពីឥឡូវនេះ។ យើងមិនអាចនៅអព្យាក្រឹតឬនៅស្ទាក់ស្ទើរឡើយ ព្រោះខ្លួនមួយមិនអាចជិះទូកពីរបានទេ។ យើងត្រូវនៅខាងព្រះយេហូវ៉ា ទើបអាចពោលថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ»។—ទំនុក. ១១៨:៦, ៧
យើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងឲ្យគង់វង្ស!
១៦. ហេតុអ្វីយើងប្រាកដថាមនុស្សអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះ?
១៦ យើងអាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយរក្សាចិត្តស្មោះគ្រប់លក្ខណៈ ពីព្រោះសាវ័កប៉ូលបានសរសេរថា៖ «គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ។ ប៉ុន្តែព្រះគឺស្មោះត្រង់ ហើយលោកនឹងមិនឲ្យអ្នករាល់គ្នារងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់អ្នករាល់គ្នាឡើយ តែលោកក៏នឹងរៀបចំផ្លូវចេញ ដើម្បីឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំនៅពេលជួបប្រទះសេចក្ដីល្បួងនោះ»។ (១កូ. ១០:១៣) តើអ្វីជាដើមហេតុនៃការល្បួងដែលប៉ូលបានរៀបរាប់? ហើយតើព្រះនឹងរៀបចំផ្លូវចេញសម្រាប់យើងយ៉ាងដូចម្ដេច?
១៧-១៩. (ក) នៅតំបន់ស្ងាត់ជ្រងំ តើជនជាតិអ៊ីស្រាអែលចុះចាញ់ការល្បួងណាខ្លះ? (ខ) ហេតុអ្វីយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ាបាន?
១៧ ដូចបានបង្ហាញក្នុងឧទាហរណ៍អំពីអ្វីដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់នៅតំបន់ស្ងាត់ជ្រងំ «សេចក្ដីល្បួង»កើតឡើងដោយសារស្ថានភាពដែលអាចនាំយើងឲ្យបំពានច្បាប់របស់ព្រះ។ (សូមអាន កូរិនថូសទី១ ១០:៦-១០) ជនជាតិអ៊ីស្រាអែលអាចទប់ទល់នឹងការល្បួងបាន តែពួកគេប្រាថ្នាចង់បាន«អ្វីៗដ៏អាក្រក់» ពេលដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់សត្វក្រួចឲ្យពួកគេអស់រយៈពេលមួយខែដោយធ្វើការអស្ចារ្យ។ ទោះជាបណ្ដាជនគ្មានសាច់បរិភោគមួយរយៈពេលក៏ដោយ ព្រះបានឲ្យនំម៉ាណាគ្រប់គ្រាន់ដល់ពួកគេបរិភោគ។ ក៏ប៉ុន្តែ ពួកគេបានបណ្ដោយខ្លួនទៅតាមចិត្តលោភលន់ ពេលប្រមូលសត្វក្រួច។—ជន. ១១:១៩, ២០, ៣១-៣៥
១៨ មុននេះ កាលដែលម៉ូសេបានទទួលច្បាប់នៅភ្នំស៊ីណាយ ជនជាតិអ៊ីស្រាអែលបានក្លាយទៅជាអ្នកគោរពបូជារូបព្រះដោយគោរពបូជារូបកូនគោ និងចម្អែតតណ្ហារបស់ខ្លួន។ ដោយសារម៉ូសេមិនបាននៅជាមួយ ពួកគេចុះចាញ់ការល្បួង។ (និក្ខ. ៣២:១, ៦) មុនជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុកសន្យា ស្ត្រីជនជាតិម៉ូអាប់បានប្រលោមលួងលោមពួកគេរាប់ពាន់នាក់ឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់បានស្លាប់ដោយសារអំពើខុសឆ្គង។ (ជន. ២៥:១, ៩) ជួនកាល បណ្ដាជនអ៊ីស្រាអែលបានចុះចាញ់ការល្បួងដោយរអ៊ូរទាំ ហើយនៅពេលមួយ ពួកគេនិយាយប្រឆាំងម៉ូសេ ព្រមទាំងប្រឆាំងព្រះ! (ជន. ២១:៥) បណ្ដាជនអ៊ីស្រាអែលថែមទាំងបានរអ៊ូរទាំដែរ ក្រោយពីព្រះបានសម្លាប់កូរ៉ា ដាថាន អ័ប៊ីរ៉ាមនិងគូកនពួកគេ ដោយគិតខុសថាការសម្លាប់ពួកអ្នកបះបោរទាំងនោះគឺជាអំពើអយុត្ដិធម៌។ ជាលទ្ធផល ព្រះយេហូវ៉ាបានសម្លាប់ជនជាតិអ៊ីស្រាអែលអស់១៤.៧០០នាក់។—ជន. ១៦:៤១, ៤៩
១៩ ជនជាតិអ៊ីស្រាអែលអាចទប់ទល់នឹងការល្បួងទាំងអស់ដែលបានត្រូវរៀបរាប់ខាងលើនេះ។ បណ្ដាជនបានចុះចាញ់ការល្បួង ពីព្រោះពួកគេបាត់បង់ជំនឿ ហើយភ្លេចព្រះយេហូវ៉ា ភ្លេចអំពីការយកចិត្តទុកដាក់របស់លោកចំពោះពួកគេ និងភ្លេចអំពីភាពត្រឹមត្រូវនៃការប្រព្រឹត្តរបស់លោក។ ដូចក្នុងករណីជនជាតិអ៊ីស្រាអែល ការល្បួងដែលយើងជួបប្រទះគឺជាការល្បួងដែលមនុស្សធ្លាប់ឆ្លងកាត់។ បើយើងខំប្រឹងទប់ទល់នឹងវា ហើយទុកចិត្តលើព្រះថាលោកនឹងទ្រទ្រង់យើង នោះយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈបាន។ យើងអាចមានទំនុកចិត្តលើអ្វីនេះ ពីព្រោះ«ព្រះគឺស្មោះត្រង់» ហើយលោកមិនឲ្យយើង«រងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់[យើង]ឡើយ»។ ព្រះយេហូវ៉ាមិនដែលលះបង់ចោលយើងទេ ហើយលោកមិនឲ្យយើងស្ថិតក្នុងស្ថានភាពមួយដែលហួសវិស័យរបស់មនុស្ស ដែលយើងមិនអាចធ្វើតាមបំណងប្រាថ្នារបស់លោកបានឡើយ។—ទំនុក. ៩៤:១៤
២០, ២១. ពេលណាយើងទទួលការល្បួង តើព្រះរៀបចំ«ផ្លូវចេញ»យ៉ាងដូចម្ដេច?
២០ ព្រះយេហូវ៉ារៀបចំ«ផ្លូវចេញ»ដោយពង្រឹងកម្លាំងយើងឲ្យទប់ទល់នឹងការល្បួង។ ជាឧទាហរណ៍ អ្នកបៀតបៀនអាចធ្វើបាបយើងខាងផ្លូវកាយ ក្នុងបំណងឲ្យយើងបោះបង់ចោលជំនឿ។ ការធ្វើបាបបែបនេះអាចល្បួងយើងឲ្យព្រមធ្វើតាមគេដើម្បីកុំឲ្យគេវាយ ធ្វើទារុណកម្មថែមទៀតឬសម្លាប់យើង។ ក៏ប៉ុន្តែ ដោយផ្អែកលើការធានារបស់ប៉ូលដែលបានត្រូវកត់ទុកនៅកូរិនថូសទី១ ១០:១៣ យើងដឹងថាស្ថានភាពដែលបណ្ដាលឲ្យមានការល្បួងនោះ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យការល្បួងនោះមានកាន់តែខ្លាំងរហូតដល់កម្រិតដែលយើងមិនអាចរក្សាចិត្តស្មោះត្រង់ចំពោះលោកឡើយ។ ព្រះអាចពង្រឹងជំនឿយើង ហើយផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីរក្សាចិត្តស្មោះគ្រប់លក្ខណៈ។
២១ ព្រះយេហូវ៉ាទ្រទ្រង់យើងតាមរយៈសកម្មពលបរិសុទ្ធរបស់លោក។ សកម្មពលនោះក៏ជួយយើងឲ្យនឹកឃើញអ្វីៗដែលយើងបានរៀនពីគម្ពីរ ដែលយើងត្រូវការដើម្បីទប់ទល់នឹងការល្បួង។ (យ៉ូន. ១៤:២៦) ជាលទ្ធផល គេមិនអាចបញ្ឆោតយើងឲ្យដើរតាមផ្លូវខុសទេ។ ជាឧទាហរណ៍ យើងយល់ថាសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាប់ពាក់ព័ន្ធនឹងចិត្តស្មោះគ្រប់លក្ខណៈរបស់មនុស្ស។ ដោយមានការយល់ដឹងបែបនេះ អ្នកបម្រើព្រះជាច្រើននាក់បានរក្សាចិត្តស្មោះរហូតដល់ស្លាប់ ដោយសារព្រះបានទ្រទ្រង់ពួកគេ។ ទោះជាពួកគេបានស្លាប់ក៏ដោយ តែនេះមិនមែនជា«ផ្លូវចេញ»ដែលព្រះយេហូវ៉ារៀបចំឲ្យពួកគេទេ។ ប៉ុន្តែព្រះយេហូវ៉ាបានជួយពួកគេឲ្យស៊ូទ្រាំរហូតដល់ទីបញ្ចប់ដោយឥតចុះចាញ់ការល្បួង។ លោកក៏អាចជួយយើងបែបនេះដែរ។ តាមពិត លោកក៏បានជួយយើងដែរដោយប្រើបណ្ដាទេវតាស្មោះត្រង់ដែលបំពេញកិច្ចបម្រើសាធារណៈ ដែលបានត្រូវ«ចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក»។ (ហេ. ១:១៤) ដូចអត្ថបទបន្ទាប់បង្ហាញ មានតែពួកអ្នកដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈប៉ុណ្ណោះដែលអាចសង្ឃឹមមានឯកសិទ្ធិគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាជារៀងរហូត។ យើងអាចនៅក្នុងចំណោមពួកគេ បើយើងនៅជាប់នឹងព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីយើងត្រូវទទួលស្គាល់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតរបស់យើង?
• តើការរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើងចំពោះព្រះយេហូវ៉ាមានន័យយ៉ាងណា?
• តើតាមរបៀបណាដែលយើងដឹងថា បន្ដិចទៀតព្រះយេហូវ៉ានឹងបង្ហាញថាលោកមានសិទ្ធិគ្រប់គ្រង?
• យោងទៅតាមកូរិនថូសទី១ ១០:១៣ ហេតុអ្វីយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើង?
[រូបភាពនៅទំព័រ២៤]
សាថានបានបញ្ចុះបញ្ចូលអាដាមនិងអេវ៉ាកុំឲ្យស្មោះត្រង់នឹងព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៦]
ចូរតាំងចិត្តគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា