អត្ថបទសិក្សា ៣៤
អ្នកជាបុគ្គលដែលមានតម្លៃក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា!
«រូបកាយគឺតែមួយ តែមានអវយវៈជាច្រើន ហើយអវយវៈនៃរូបកាយនោះ រួមគ្នាជារូបកាយតែមួយ ទោះជាមានអវយវៈជាច្រើនក៏ដោយ។ គ្រិស្តក៏ដូច្នេះដែរ»។—១កូ. ១២:១២
ចម្រៀងលេខ១០១ ចូរបម្រើដោយសាមគ្គីភាព
សេចក្ដីសង្ខេបa
១. តើយើងមានឯកសិទ្ធិអ្វី?
គឺជាឯកសិទ្ធិដែលយើងនៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា! យើងមានសេចក្ដីសុខសាន្តនិងសុភមង្គលយ៉ាងខ្លាំង កាលដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយបងប្អូនក្នុងក្រុមជំនុំ។ តើអ្នកមានតួនាទីអ្វីក្នុងក្រុមជំនុំ?
២. តើសាវ័កប៉ូលបានប្រើឧទាហរណ៍អ្វីក្នុងសំបុត្រមួយចំនួនរបស់គាត់?
២ យើងអាចរៀនច្រើនអំពីតួនាទីរបស់យើងក្នុងក្រុមជំនុំ ពីឧទាហរណ៍ដែលសាវ័កប៉ូលបានប្រើក្នុងសំបុត្រមួយចំនួនដែលគាត់បានសរសេរក្រោមការដឹកនាំរបស់ព្រះ។ ក្នុងសំបុត្រទាំងនេះ ប៉ូលបានប្រដូចក្រុមជំនុំទៅនឹងរូបកាយរបស់មនុស្ស។ គាត់ក៏បានប្រដូចបុគ្គលម្នាក់ៗក្នុងក្រុមជំនុំទៅនឹងអវយវៈនៃរូបកាយ។—រ៉ូម ១២:៤-៨; ១កូ. ១២:១២-២៧; អេភ. ៤:១៦
៣. តើយើងនឹងពិចារណាមេរៀនបីយ៉ាងអ្វីក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាមេរៀនសំខាន់បីដែលយើងអាចរៀនពីឧទាហរណ៍របស់ប៉ូល។ ទី១ យើងនឹងរៀនថា យើងម្នាក់ៗមានតួនាទីbក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា។ ទី២ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើ បើយើងពិបាកដឹងថាយើងមានតួនាទីអ្វីក្នុងក្រុមជំនុំ។ ទី៣ យើងនឹងពិចារណាអំពីមូលហេតុដែលយើងត្រូវជាប់រវល់ក្នុងការបំពេញតួនាទីរបស់យើងផ្ទាល់ក្នុងក្រុមជំនុំរបស់ព្រះ។
យើងម្នាក់ៗមានតួនាទីក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា
៤. តើយើងរៀនអ្វីពីរ៉ូម ១២:៤, ៥?
៤ មេរៀនទី១ដែលយើងអាចរៀនពីឧទាហរណ៍របស់ប៉ូល គឺថាយើងម្នាក់ៗមានតួនាទីសំខាន់ក្នុងក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ ប៉ូលចាប់ផ្ដើមឧទាហរណ៍របស់គាត់ ដោយនិយាយថា៖ «ដូចយើងមានរូបកាយមួយដែលមានអវយវៈជាច្រើន តែអវយវៈនីមួយៗមានមុខងារខុសៗគ្នា នោះយើងក៏ជារូបកាយតែមួយរួមជាមួយនឹងគ្រិស្ត ទោះជាយើងមានគ្នាច្រើនក៏ដោយ តែជាអវយវៈដែលត្រូវការគ្នាទៅវិញទៅមក»។ (រ៉ូម ១២:៤, ៥) តើប៉ូលចង់បញ្ជាក់ចំណុចអ្វី? យើងមានតួនាទីផ្សេងៗពីគ្នាក្នុងក្រុមជំនុំ ប៉ុន្តែយើងម្នាក់ៗមានតម្លៃ។
៥. តើព្រះយេហូវ៉ាបានឲ្យ«អំណោយ»អ្វីដល់ក្រុមជំនុំ?
៥ ពេលអ្នកគិតអំពីពួកអ្នកដែលមានតួនាទីក្នុងក្រុមជំនុំ អ្នកប្រហែលជាគិតភ្លាមៗអំពីពួកអ្នកដែលនាំមុខ។ (១ថែ. ៥:១២; ហេ. ១៣:១៧) នេះគឺមិនខុសទេ ពីព្រោះតាមរយៈលោកយេស៊ូគ្រិស្ត ព្រះយេហូវ៉ាបានឲ្យ«អំណោយជាមនុស្ស»ដល់ក្រុមជំនុំរបស់លោក។ (អេភ. ៤:៨) «អំណោយជាមនុស្ស»ទាំងនេះរួមបញ្ចូលសមាជិកគណៈអភិបាល ជំនួយការនៃគណៈអភិបាល សមាជិកគណៈកម្មាធិការការិយាល័យសាខា អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកបង្រៀនសាលាគម្ពីរ អ្នកចាស់ទុំក្នុងក្រុមជំនុំ និងជំនួយការខាងកិច្ចបម្រើ។ បងប្រុសៗទាំងអស់នេះបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ដើម្បីមើលថែចៀមដ៏មានតម្លៃរបស់ព្រះយេហូវ៉ា ហើយពង្រឹងក្រុមជំនុំ។—១ពេ. ៥:២, ៣
៦. យោងទៅតាមថែស្សាឡូនិចទី១ ២:៦-៨ តើបងប្អូនប្រុសដែលបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធព្យាយាមធ្វើអ្វី?
៦ បងប្អូនប្រុសបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធដើម្បីបំពេញភារកិច្ចផ្សេងៗ។ អវយវៈផ្សេងៗនៃរូបកាយដូចជាដៃនិងជើងជាដើម ដំណើរការដើម្បីជាប្រយោជន៍ដល់រូបកាយទាំងមូល។ ដូចគ្នាដែរ បងប្អូនប្រុសដែលបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ខំព្យាយាមដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំទាំងមូល។ ពួកគេមិនព្យាយាមរកការសរសើរពីអ្នកឯទៀតទេ។ ផ្ទុយទៅវិញ ពួកគេព្យាយាមលើកទឹកចិត្តនិងពង្រឹងកម្លាំងបងប្អូន។ (សូមអាន ថែស្សាឡូនិចទី១ ២:៦-៨) យើងអរគុណព្រះយេហូវ៉ាចំពោះបងប្អូនទាំងនេះដែលលះបង់ប្រយោជន៍ខ្លួនដើម្បីបងប្អូនឯទៀត!
៧. តើបងប្អូនជាច្រើននាក់ដែលបម្រើពេញពេលទទួលពរអ្វីខ្លះ?
៧ បងប្អូនខ្លះក្នុងក្រុមជំនុំប្រហែលជាបានត្រូវតែងតាំងឲ្យបម្រើជាសាសនទូត អ្នកត្រួសត្រាយពិសេស ឬអ្នកត្រួសត្រាយពេញពេល។ បងប្អូនជាច្រើននាក់នៅទូទាំងពិភពលោកបានសម្រេចចិត្តបម្រើពេញពេលក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ដោយព្រោះការសម្រេចចិត្តនោះ ពួកគេបានជួយមនុស្សជាច្រើនឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ ទោះជាតាមធម្មតាបងប្អូនដែលផ្សព្វផ្សាយពេញពេលបែបនេះមិនសូវមានទ្រព្យសម្បត្តិក្ដី ព្រះយេហូវ៉ាបានផ្ដល់ពរជាច្រើនដល់ពួកគេ។ (ម៉ាក. ១០:២៩, ៣០) បងប្អូនជាទីស្រឡាញ់ទាំងនេះមានតម្លៃចំពោះយើង ហើយយើងសប្បាយចិត្តដែលពួកគេនៅក្រុមជំនុំជាមួយយើង!
៨. ហេតុអ្វីអ្នកផ្សព្វផ្សាយដំណឹងល្អម្នាក់ៗមានតម្លៃចំពោះព្រះយេហូវ៉ា?
៨ តើមានតែបងប្រុសៗដែលបានត្រូវតែងតាំងនិងពួកអ្នកដែលបម្រើពេញពេលប៉ុណ្ណោះ ដែលមានតួនាទីក្នុងក្រុមជំនុំឬ? មិនមែនទេ! អ្នកផ្សព្វផ្សាយដំណឹងល្អម្នាក់ៗគឺជាបុគ្គលសំខាន់ចំពោះព្រះនិងក្រុមជំនុំ។ (រ៉ូម ១០:១៥; ១កូ. ៣:៦-៩) តាមការពិត គោលដៅដ៏សំខាន់បំផុតមួយរបស់ក្រុមជំនុំគឺការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្តដែលជាលោកម្ចាស់របស់យើង។ (ម៉ាថ. ២៨:១៩, ២០; ១ធី. ២:៤) អស់អ្នកដែលជាអ្នកផ្សព្វផ្សាយ ទាំងអ្នកដែលទទួលការជ្រមុជទឹក ទាំងអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ព្យាយាមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។—ម៉ាថ. ២៤:១៤
៩. ហេតុអ្វីយើងឲ្យតម្លៃចំពោះបងប្អូនស្រីដែលជាគ្រិស្តសាសនិក?
៩ ព្រះយេហូវ៉ាផ្ដល់កិត្តិយសដល់បងប្អូនស្រី ដោយឲ្យពួកគេធ្វើកិច្ចការដ៏សំខាន់ក្នុងក្រុមជំនុំ។ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះបងប្អូនស្រីទាំងនេះ ដែលក្រមុំ ជាប្រពន្ធ ម្ដាយ និងមេម៉ាយ ដែលបម្រើលោកយ៉ាងស្មោះត្រង់។ គម្ពីរច្រើនតែរៀបរាប់អំពីស្ត្រីដ៏ល្អដែលធ្វើឲ្យព្រះពេញចិត្ត។ ពួកគេបានត្រូវលើកឡើងជាគំរូដ៏ល្អស្ដីអំពីប្រាជ្ញា ជំនឿ ចិត្តខ្នះខ្នែង ចិត្តក្លាហាន ចិត្តទូលាយ និងជាអ្នកធ្វើកិច្ចការយ៉ាងល្អ។ (លូក. ៨:២, ៣; សកម្ម. ១៦:១៤, ១៥; រ៉ូម ១៦:៣, ៦; ភី. ៤:៣; ហេ. ១១:១១, ៣១, ៣៥) យើងអរគុណព្រះយេហូវ៉ាច្រើនណាស់ ដែលយើងក៏មានបងប្អូនស្រីជាគ្រិស្តសាសនិកក្នុងក្រុមជំនុំរបស់យើង ដែលមានគុណសម្បត្តិដ៏គួរឲ្យសរសើរទាំងនេះដែរ!
១០. ហេតុអ្វីយើងឲ្យតម្លៃចំពោះបងប្រុសស្រីវ័យចាស់?
១០ យើងក៏សប្បាយចិត្តដែរ ដែលយើងមានបងប្រុសស្រីវ័យចាស់ជាច្រើនក្នុងក្រុមជំនុំ។ ក្រុមជំនុំខ្លះមានបងប្អូនវ័យចាស់ដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់តាំងពីតូចមក។ បងប្អូនវ័យចាស់ឯទៀតប្រហែលជាបានរៀនសេចក្ដីពិតថ្មីៗនេះ។ បងប្អូនវ័យចាស់ទាំងនេះប្រហែលជាមានបញ្ហាសុខភាព ដោយសារពួកគេកាន់តែចាស់ទៅៗ។ ហេតុនេះហើយ ពួកគេមិនអាចធ្វើច្រើនក្នុងក្រុមជំនុំនិងក្នុងកិច្ចបម្រើផ្សាយទេ។ ប៉ុន្តែ បងប្អូនវ័យចាស់ទាំងនេះខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ ហើយខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តនិងបង្ហាត់បង្រៀនអ្នកឯទៀត។ យើងទទួលប្រយោជន៍ពីបទពិសោធន៍របស់ពួកគេ។ ពួកគេពិតជាមានតម្លៃចំពោះព្រះយេហូវ៉ានិងចំពោះយើង។—សុភ. ១៦:៣១
១១-១២. តើអ្នកបានទទួលការលើកទឹកចិត្តយ៉ាងណាពីប្អូនៗវ័យក្មេងក្នុងក្រុមជំនុំ?
១១ សូមគិតដែរអំពីប្អូនៗវ័យក្មេង។ ពួកគេជួបប្រទះការពិបាកជាច្រើន កាលដែលពួកគេធំឡើងក្នុងពិភពលោកនេះដែលគ្រប់គ្រងដោយមេកំណាចសាថាននិងដែលទទួលឥទ្ធិពលពីគំនិតដ៏អាក្រក់របស់វា។ (១យ៉ូន. ៥:១៩) ប៉ុន្តែ យើងទាំងអស់គ្នាទទួលការលើកទឹកចិត្ត ពេលយើងឃើញប្អូនៗវ័យក្មេងលើកដៃឆ្លើយនៅកិច្ចប្រជុំ ចូលរួមក្នុងកិច្ចបម្រើផ្សាយ និងនិយាយការពារជំនឿរបស់ពួកគេដោយចិត្តក្លាហាន។ ពិតមែនហើយ ប្អូនៗវ័យក្មេងមានតួនាទីសំខាន់ក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ា។—ទំនុក. ៨:២
១២ ប៉ុន្តែ បងប្អូនខ្លះពិបាកជឿថាពួកគេមានតម្លៃក្នុងក្រុមជំនុំ។ តើអ្វីអាចជួយយើងម្នាក់ៗឲ្យមានអារម្មណ៍ថាយើងមានតួនាទីក្នុងក្រុមជំនុំ? សូមយើងរកមើលចម្លើយ។
ចូរទទួលស្គាល់តួនាទីរបស់អ្នកក្នុងក្រុមជំនុំ
១៣-១៤. ហេតុអ្វីអ្នកខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេមិនមានតម្លៃក្នុងក្រុមជំនុំ?
១៣ សូមគិតអំពីមេរៀនទី២ដែលយើងអាចរៀនពីឧទាហរណ៍របស់ប៉ូល។ គាត់លើកឡើងអំពីបញ្ហាដែលបុគ្គលជាច្រើនមាននៅសព្វថ្ងៃនេះ ពួកគេពិបាកជឿថាពួកគេមានតម្លៃក្នុងក្រុមជំនុំ។ ប៉ូលសរសេរថា៖ «ប្រសិនបើជើងនិយាយថា៖ ‹ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ› នេះមិនមានន័យថាជើងមិនមែនជាផ្នែកនៃរូបកាយទេ។ ហើយប្រសិនបើត្រចៀកនិយាយថា៖ ‹ខ្ញុំមិនមែនជាផ្នែកនៃរូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក› នេះមិនមានន័យថាត្រចៀកមិនមែនជាផ្នែកនៃរូបកាយទេ»។ (១កូ. ១២:១៥, ១៦) តើប៉ូលចង់បង្រៀនយើងអំពីអ្វី?
១៤ បើអ្នកប្រៀបធៀបខ្លួននឹងអ្នកឯទៀតក្នុងក្រុមជំនុំ អ្នកប្រហែលជាចាប់ផ្ដើមគិតថាអ្នកមិនមានតម្លៃក្នុងក្រុមជំនុំទេ។ បងប្អូនខ្លះក្នុងក្រុមជំនុំប្រហែលជាបង្រៀនអ្នកឯទៀតយ៉ាងប៉ិនប្រសប់ ពូកែចាត់ចែង ឬចេះសម្រាលទុក្ខនិងលើកទឹកចិត្តអ្នកឯទៀតយ៉ាងល្អ។ ប្រហែលជាអ្នកមានអារម្មណ៍ថាអ្នកមិនមានសមត្ថភាពដូចបុគ្គលទាំងនោះទេ។ បើអ្នកមានអារម្មណ៍បែបនេះ នោះបង្ហាញថាអ្នកមានចិត្តរាបទាប។ (ភី. ២:៣) ប៉ុន្តែសូមប្រយ័ត្ន។ បើអ្នកតែងតែប្រៀបធៀបខ្លួននឹងបុគ្គលដែលមានសមត្ថភាពពិសេសៗ អ្នកនឹងខកចិត្តចំពោះខ្លួនឯង។ អ្នកប្រហែលជាថែមទាំងមានអារម្មណ៍ដូចដែលប៉ូលបានរៀបរាប់ គឺថាអ្នកគ្មានតួនាទីក្នុងក្រុមជំនុំទាល់តែសោះ។ តើអ្វីអាចជួយអ្នកឲ្យយកឈ្នះអារម្មណ៍បែបនេះ?
១៥. ដូចបានបង្ហាញនៅកូរិនថូសទី១ ១២:៤-១១ តើយើងត្រូវទទួលស្គាល់អ្វីអំពីអំណោយឬសមត្ថភាពដែលយើងមាន?
១៥ សូមគិតអំពីចំណុចនេះ។ នៅសតវត្សរ៍ទី១ ព្រះយេហូវ៉ាបានឲ្យអំណោយពិសេសនៃសកម្មពលបរិសុទ្ធដល់គ្រិស្តសាសនិកមួយចំនួន ប៉ុន្តែមិនមែនគ្រិស្តសាសនិកទាំងអស់បានទទួលអំណោយដូចគ្នាទេ។ (សូមអាន កូរិនថូសទី១ ១២:៤-១១) ព្រះយេហូវ៉ាបានឲ្យពួកគេអំណោយឬសមត្ថភាពផ្សេងៗ ប៉ុន្តែគ្រិស្តសាសនិកទាំងអស់មានតម្លៃ។ នៅសព្វថ្ងៃនេះ យើងមិនមានអំណោយពិសេសពីសកម្មពលបរិសុទ្ធទេ។ ទោះជាយើងមិនមានសមត្ថភាពដូចគ្នាក៏ដោយ យើងទាំងអស់គ្នាមានតម្លៃចំពោះព្រះយេហូវ៉ា។
១៦. តើយើងត្រូវធ្វើតាមយោបល់អ្វីពីសាវ័កប៉ូល?
១៦ ជាជាងប្រៀបធៀបខ្លួនទៅនឹងគ្រិស្តសាសនិកឯទៀត យើងត្រូវធ្វើតាមយោបល់របស់សាវ័កប៉ូលដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ដែលថា៖ «ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡ. ៦:៤
១៧. តើយើងនឹងទទួលប្រយោជន៍យ៉ាងណា បើយើងធ្វើតាមយោបល់របស់ប៉ូល?
១៧ បើយើងធ្វើតាមយោបល់របស់ប៉ូលដោយពិចារណាអំពីការប្រព្រឹត្តរបស់ខ្លួន យើងប្រហែលជានឹងចាប់ផ្ដើមឃើញថាយើងមានសមត្ថភាពដែលបងប្អូនឯទៀតមិនមាន។ ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់ប្រហែលជាមិនសូវពូកែបង្រៀនពីវេទិកាទេ ប៉ុន្តែគាត់ប្រហែលជាពូកែបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ឬគាត់ប្រហែលជាមិនសូវមានរបៀបរៀបរយដូចអ្នកចាស់ទុំឯទៀតក្នុងក្រុមជំនុំ។ តែគាត់ប្រហែលជាមានកេរ្ដិ៍ឈ្មោះជាគង្វាលដែលស្រឡាញ់អ្នកឯទៀត ហើយអ្នកផ្សាយមានអារម្មណ៍ស្រួលសុំយោបល់គាត់ពីគម្ពីរ។ ឬគាត់ប្រហែលជាមានកេរ្តិ៍ឈ្មោះល្អជាបុគ្គលដែលទទួលអ្នកឯទៀតដោយរាក់ទាក់។ (ហេ. ១៣:២, ១៦) ពេលយើងឃើញសមត្ថភាពឬអំណោយរបស់យើងច្បាស់ យើងនឹងមានហេតុសប្បាយចិត្តអំពីអ្វីដែលយើងអាចធ្វើចំពោះអ្នកឯទៀតក្នុងក្រុមជំនុំ។ យើងក៏ទំនងជានឹងមិនច្រណែនបងប្អូនដែលមានសមត្ថភាពខុសពីយើងដែរ។
១៨. តើយើងអាចបង្កើនសមត្ថភាពរបស់យើងយ៉ាងដូចម្ដេច?
១៨ មិនថាយើងមានតួនាទីអ្វីក្នុងក្រុមជំនុំក្ដី យើងទាំងអស់គ្នាគួរមានបំណងចង់រីកចម្រើនក្នុងកិច្ចបម្រើរបស់យើង និងបង្កើនសមត្ថភាពរបស់ខ្លួន។ ដើម្បីជួយយើងឲ្យរីកចម្រើន ព្រះយេហូវ៉ាផ្ដល់ការបង្ហាត់បង្រៀនដ៏ល្អប្រសើរតាមរយៈអង្គការរបស់លោក។ ជាឧទាហរណ៍ នៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក យើងទទួលការណែនាំអំពីរបៀបបង្កើនសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ។ តើអ្នកព្យាយាមធ្វើតាមការបង្ហាត់បង្រៀនដែលអ្នកទទួលនៅកិច្ចប្រជុំនោះឬទេ?
១៩. តើយើងអាចធ្វើអ្វីដើម្បីសម្រេចគោលដៅចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ?
១៩ កម្មវិធីដ៏ល្អមួយទៀតសម្រាប់ការបង្ហាត់បង្រៀន គឺសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ បងប្អូនប្រុសស្រីដែលបម្រើពេញពេលនិងមានអាយុពី២៣ឆ្នាំដល់៦៥ឆ្នាំអាចចូលសាលានេះ។ អ្នកប្រហែលជាគិតថាអ្នកមិនអាចចូលសាលានោះបានទេ។ ប៉ុន្តែ ជាជាងគិតអំពីមូលហេតុដែលអ្នកមិនអាចចូលរួមសាលានោះ សូមធ្វើបញ្ជីអំពីមូលហេតុដែលអ្នកចង់ចូលរួម។ បន្ទាប់មក សូមធ្វើគម្រោងដែលនឹងជួយអ្នកឲ្យធ្វើអ្វីដែលសំខាន់ចាំបាច់ដើម្បីដាក់ពាក្យសុំចូលសាលានោះ។ ដោយមានជំនួយពីព្រះយេហូវ៉ា និងការខំប្រឹងព្យាយាមរបស់អ្នក អ្នកអាចសម្រេចអ្វីដែលប្រហែលជាមើលទៅអ្នកមិនអាចធ្វើបាន។
ចូរប្រើអំណោយរបស់អ្នកដើម្បីពង្រឹងក្រុមជំនុំ
២០. តើយើងអាចរៀនអ្វីពីរ៉ូម ១២:៦-៨?
២០ មេរៀនទី៣ដែលយើងអាចរៀនពីឧទាហរណ៍របស់ប៉ូល គឺនៅរ៉ូម ១២:៦-៨។ (សូមអាន) នៅទីនេះ ប៉ូលក៏បង្ហាញដែរថាបងប្អូនក្នុងក្រុមជំនុំមានអំណោយផ្សេងៗពីគ្នា។ ប៉ុន្តែ នៅក្នុងខនេះគាត់លើកបញ្ជាក់ថាយើងគួរប្រើអំណោយឬសមត្ថភាពណាក៏ដោយដែលយើងមាន ដើម្បីពង្រឹងនិងលើកទឹកចិត្តក្រុមជំនុំ។
២១-២២. តើយើងអាចរៀនមេរៀនអ្វីពីបងរ៉ូបឺតនិងបងហ្វេលលីស?
២១ សូមគិតអំពីគំរូរបស់បងប្រុសម្នាក់ឈ្មោះរ៉ូបឺត។c ក្រោយពីគាត់បម្រើនៅក្រៅប្រទេស គាត់បានទទួលភារកិច្ចបម្រើនៅបេតអែល នាស្រុកកំណើតរបស់គាត់។ ទោះជាបងប្រុសៗព្យាយាមពង្រឹងទំនុកចិត្តគាត់ថាគាត់មិនបានធ្វើអ្វីខុសក៏ដោយ គាត់និយាយថា៖ «ខ្ញុំមិនសប្បាយចិត្តអស់ជាច្រើនខែ ពីព្រោះខ្ញុំគិតថាខ្ញុំមិនបានបំពេញភារកិច្ចពីមុនរបស់ខ្ញុំយ៉ាងល្អទេ។ ច្រើនដង ខ្ញុំចង់ឈប់បម្រើនៅបេតអែល»។ តើគាត់ទទួលអំណរឡើងវិញយ៉ាងដូចម្ដេច? អ្នកចាស់ទុំម្នាក់ទៀតរំលឹកគាត់ថា ក្នុងភារកិច្ចពីមុនៗ ព្រះយេហូវ៉ាបានបង្ហាត់បង្រៀនយើង ដើម្បីឲ្យយើងអាចបំពេញភារកិច្ចដែលយើងមាននៅឥឡូវនេះ។ បងរ៉ូបឺតយល់ថាគាត់ត្រូវឈប់គិតអំពីអតីតកាល ហើយចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់អាចធ្វើនៅឥឡូវនេះ។
២២ បងប្រុសហ្វេលលីស ភេស្កូប៉ូមានបញ្ហាស្រដៀងនឹងនេះ។ គាត់និងប្រពន្ធគាត់បានរៀនចប់សាលាគីលាតនៅឆ្នាំ១៩៥៦ ហើយបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅប្រទេសបូលីវី។ នៅឆ្នាំ១៩៦៤ ពួកគាត់មានកូន។ បងហ្វេលលីសនិយាយថា៖ «យើងពិបាកបោះបង់ភារកិច្ចដែលយើងស្រឡាញ់។ ខ្ញុំត្រូវសារភាពថាខ្ញុំធ្លាក់ទឹកចិត្តអស់មួយឆ្នាំ។ ប៉ុន្តែដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំកែប្រែចិត្តគំនិតរបស់ខ្ញុំ ហើយផ្ដោតអារម្មណ៍ទៅលើភារកិច្ចថ្មីរបស់ខ្ញុំជាឪពុក»។ តើអ្នកអាចយល់អារម្មណ៍របស់បងរ៉ូបឺត ឬបងហ្វេលលីសឬទេ? តើអ្នកធ្លាក់ទឹកចិត្តដោយសារអ្នកមិនមានភារកិច្ចដូចដែលអ្នកធ្លាប់មានក្នុងកិច្ចបម្រើឬទេ? បើដូច្នេះ អ្នកនឹងសប្បាយជាង បើអ្នកផ្លាស់ប្ដូរគំនិតរបស់អ្នក ហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ ដើម្បីបម្រើព្រះយេហូវ៉ានិងបងប្អូន។ សូមជាប់រវល់ ដោយប្រើសមត្ថភាពដែលអ្នកមានដើម្បីជួយអ្នកឯទៀត ហើយអ្នកនឹងមានអំណរក្នុងការពង្រឹងកម្លាំងក្រុមជំនុំ។
២៣. តើយើងគួរទុកពេលធ្វើអ្វី ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
២៣ យើងម្នាក់ៗមានតម្លៃចំពោះព្រះយេហូវ៉ា។ លោកចង់ឲ្យយើងមានអារម្មណ៍ថាយើងជាសមាជិកក្រុមគ្រួសាររបស់លោក។ បើយើងទុកពេលគិតអំពីអ្វីដែលយើងអាចធ្វើដើម្បីពង្រឹងកម្លាំងបងប្អូន ហើយក្រោយមកខំព្យាយាមធ្វើដូច្នេះ យើងនឹងមិនសូវមានអារម្មណ៍ថាយើងគ្មានតួនាទីក្នុងក្រុមជំនុំឡើយ។ ប៉ុន្តែ ចុះយ៉ាងណាអំពីទស្សនៈរបស់យើងចំពោះបងប្អូនក្នុងក្រុមជំនុំ? តើយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះពួកគេតាមរបៀបណា? ក្នុងអត្ថបទបន្ទាប់ យើងនឹងគិតអំពីចំណុចដ៏សំខាន់នេះ។
ចម្រៀងលេខ២៤ ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
a យើងទាំងអស់គ្នាចង់មានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់យើង។ ប៉ុន្តែជួនកាលយើងប្រហែលជាឆ្ងល់ថាតើយើងមានតម្លៃចំពោះលោកឬយ៉ាងណា។ អត្ថបទនេះនឹងជួយយើងឲ្យឃើញថា យើងម្នាក់ៗមានតួនាទីដ៏សំខាន់ក្នុងក្រុមជំនុំ។
b ការពន្យល់ពាក្យ: តួនាទីរបស់យើងក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាសំដៅទៅលើកិច្ចការដែលយើងមាន ដើម្បីពង្រឹងនិងលើកទឹកចិត្តក្រុមជំនុំ។ នេះមិនអាស្រ័យលើពូជសាសន៍ កុលសម្ព័ន្ធ លុយ ឋានៈក្នុងសង្គម វប្បធម៌ ឬការអប់រំរបស់យើងទេ។
c ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
d ការពណ៌នាអំពីរូបភាព: រូបភាពបីបង្ហាញអំពីអ្វីដែលកើតឡើងមុន ក្នុងអំឡុង និងក្រោយពីកិច្ចប្រជុំក្រុមជំនុំ។ រូបភាពទី១: អ្នកចាស់ទុំម្នាក់ទទួលស្វាគមន៍អ្នកថ្មីយ៉ាងកក់ក្ដៅ ប្អូនប្រុសវ័យក្មេងរៀបចំប្រព័ន្ធសំឡេង និងបងស្រីម្នាក់និយាយជាមួយបងស្រីវ័យចាស់ម្នាក់។ រូបភាពទី២: ទាំងក្មេងទាំងចាស់លើកដៃឆ្លើយក្នុងអំឡុងការសិក្សាទស្សនាវដ្ដីប៉មយាម។ រូបភាពទី៣: ប្ដីប្រពន្ធមួយគូជួយសម្អាតសាលប្រជុំ។ ម្ដាយម្នាក់ជួយកូនដាក់លុយក្នុងប្រអប់វិភាគទាន។ ប្អូនប្រុសវ័យក្មេងម្នាក់រៀបចំសៀវភៅ និងបងប្រុសម្នាក់លើកទឹកចិត្តបងស្រីវ័យចាស់។