ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
«ចូរស្ដាប់ចុះ អញនឹងនិយាយ»។—យ៉ូប ៤២:៤
១-៣. (ក) ហេតុអ្វីគំនិតនិងភាសារបស់ព្រះគឺខ្ពង់ខ្ពស់ជាងគំនិតនិងភាសារបស់មនុស្ស? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងរៀនអ្វីខ្លះ?
ព្រះយេហូវ៉ាចង់ឲ្យអ្នកឯទៀតមានជីវិតនិងសុភមង្គល ហេតុនេះលោកបានបង្កើតទេវតាទាំងឡាយ ហើយក្រោយមកលោកបានបង្កើតមនុស្ស។ (ទំនុកតម្កើង ៣៦:៩; ធីម៉ូថេទី១ ១:១១) មុនដំបូង ព្រះយេហូវ៉ាបានបង្កើតបុគ្គលមួយរូបដែលសាវ័កយ៉ូហានហៅថា«បណ្ដាំ»។ (យ៉ូហាន ១:១; ការបើកបង្ហាញ ៣:១៤) ព្រះយេហូវ៉ាបានប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលនោះ ពោលគឺលោកយេស៊ូ ហើយបានប្រាប់អំពីគំនិតនិងអារម្មណ៍របស់លោក។ (យ៉ូហាន ១:១៤, ១៧; កូឡុស ១:១៥) សាវ័កប៉ូលនិយាយថាបណ្ដាទេវតាក៏ប្រាស្រ័យទាក់ទងគ្នាដែរ ហើយពួកគេមានភាសាមួយដែលខុសគ្នាឆ្ងាយពីភាសាមនុស្ស។—កូរិនថូសទី១ ១៣:១
២ ព្រះយេហូវ៉ាជ្រាបអ្វីៗទាំងអស់អំពីទេវតានិងមនុស្សរាប់ពាន់លាននាក់ដែលលោកបានបង្កើត។ លោកអាចស្ដាប់សេចក្ដីអធិដ្ឋានរបស់មនុស្សរាប់លាននាក់នៅពេលដំណាលគ្នា ហើយលោកយល់សេចក្ដីអធិដ្ឋានរបស់ពួកគេ ទោះជាពួកគេអធិដ្ឋានជាភាសាណាក៏ដោយ។ កាលដែលព្រះយេហូវ៉ាកំពុងស្ដាប់សេចក្ដីអធិដ្ឋានទាំងអស់នោះ លោកក៏កំពុងប្រាស្រ័យទាក់ទងជាមួយនឹងបណ្ដាទេវតា ហើយណែនាំពួកគេដែរ។ ដើម្បីធ្វើអ្វីៗទាំងអស់នោះ គំនិតនិងភាសារបស់ព្រះយេហូវ៉ាច្បាស់ជាខ្ពង់ខ្ពស់ជាងគំនិតនិងភាសារបស់មនុស្ស។ (សូមអាន អេសាយ ៥៥:៨, ៩) ហេតុនេះ ពេលលោកប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស លោកធ្វើឲ្យបណ្ដាំរបស់លោកស្រួលយល់ជាងដើម្បីឲ្យយើងអាចយល់បាន។
៣ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលព្រះយេហូវ៉ាប្រាស្រ័យទាក់ទងយ៉ាងច្បាស់ជាមួយនឹងមនុស្ស។ យើងក៏នឹងរៀនដែរអំពីរបៀបដែលលោកផ្លាស់ប្ដូរវិធីប្រាស្រ័យទាក់ទងស្របតាមកាលៈទេសៈ។
ព្រះប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស
៤. (ក) តើព្រះយេហូវ៉ាបានប្រើភាសាណាដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងម៉ូសេ សាំយូអែលនិងដាវីឌ? (ខ) តើគម្ពីរចែងអំពីអ្វីខ្លះ?
៤ នៅសួនអេដែន ពេលព្រះយេហូវ៉ាប្រាស្រ័យទាក់ទងជាមួយនឹងអាដាមដែលជាមនុស្សដំបូង លោកទំនងជាបានប្រើភាសាហេប្រឺបុរាណ។ ក្រោយមក ព្រះយេហូវ៉ាបានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផ្សេងៗដូចជាម៉ូសេ សាំយូអែលនិងដាវីឌជាដើម។ ទោះជាពួកគេបានសរសេរកត់ដោយប្រើពាក្យរបស់ពួកគេផ្ទាល់ជាភាសាហេប្រឺ ហើយបានប្រើរបៀបសរសេរផ្ទាល់ខ្លួនក៏ដោយ តាមការពិតពួកគេបានសរសេរគំនិតរបស់ព្រះ។ ពួកគេបានសរសេរពាក្យដែលព្រះយេហូវ៉ាបានមានប្រសាសន៍ដោយផ្ទាល់ ហើយក៏បានសរសេរអំពីប្រវត្ដិនៃទំនាក់ទំនងរវាងព្រះនិងរាស្ត្ររបស់លោកផងដែរ។ ជាឧទាហរណ៍ គម្ពីរចែងអំពីជំនឿរបស់ពួកគេនិងសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះព្រះ ហើយក៏ចែងអំពីកំហុសនិងភាពមិនស្មោះត្រង់របស់ពួកគេដែរ។ ព័ត៌មានទាំងអស់នេះបានត្រូវសរសេរដើម្បីជាប្រយោជន៍ដល់យើង។—រ៉ូម ១៥:៤
អ្នកសរសេរគម្ពីរបានសរសេរពាក្យដែលព្រះយេហូវ៉ាបានមានប្រសាសន៍ដោយផ្ទាល់ ហើយបានសរសេរអំពីប្រវត្ដិនៃទំនាក់ទំនងរវាងព្រះនិងរាស្ត្ររបស់លោក
៥. តើភាសាហេប្រឺគឺជាភាសាតែមួយគត់ដែលព្រះបានប្រើដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សឬ? សូមពន្យល់។
៥ ព្រះយេហូវ៉ាមិនតែងតែបានប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជាភាសាហេប្រឺឡើយ។ ពេលដែលជនជាតិអ៊ីស្រាអែលបានត្រូវរំដោះពីស្រុកបាប៊ីឡូន ពួកគេខ្លះនិយាយភាសាអារ៉ាមក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេរួចហើយ។ នេះប្រហែលជាមូលហេតុដែលដានីយ៉ែល យេរេមានិងអែសរ៉ាបានសរសេរផ្នែកខ្លះនៃគម្ពីរជាភាសាអារ៉ាមa (សូមមើលកំណត់សម្គាល់)។
៦. ហេតុអ្វីបទគម្ពីរភាសាហេប្រឺបានត្រូវបកប្រែជាភាសាក្រិច?
៦ ក្រោយមក អាឡិចសេនដឺដ៏ខ្លាំងក្លាបានវាយឈ្នះប្រទេសភាគច្រើនក្នុងពិភពលោក ហើយភាសាក្រិចសាមញ្ញ ឬខូអ៊ីណេបានទៅជាភាសាសំខាន់ចម្បងនៅប្រទេសជាច្រើន។ ជនជាតិយូដាជាច្រើននាក់បានចាប់ផ្ដើមនិយាយភាសាក្រិច ហើយនៅទីបំផុត បទគម្ពីរភាសាហេប្រឺបានត្រូវបកប្រែជាភាសាក្រិច។ សេចក្ដីបកប្រែនេះបានត្រូវហៅថាសេបធួជីន (Septuagint)។ នេះគឺជាសេចក្ដីបកប្រែទី១នៃគម្ពីរ និងជាសេចក្ដីបកប្រែសំខាន់មួយក្នុងចំណោមសេចក្ដីបកប្រែសំខាន់បំផុត។ អ្នកជំនាញខាងគម្ពីរជឿថាសេបធួជីនបានត្រូវរៀបចំឡើងដោយអ្នកបកប្រែ៧២នាក់។b (សូមមើលកំណត់សម្គាល់) អ្នកបកប្រែខ្លះបានបកប្រែពាក្យនីមួយៗពីបទគម្ពីរភាសាហេប្រឺជាជាងបកប្រែអត្ថន័យ រីឯអ្នកបកប្រែខ្លះទៀតមិនបានបកប្រែតាមរបៀបនេះទេ។ ទោះជាយ៉ាងនោះក្ដី ជនជាតិយូដាដែលនិយាយភាសាក្រិចនិងគ្រិស្តសាសនិកបានជឿថាសេចក្ដីបកប្រែសេបធួជីនគឺជាបណ្ដាំរបស់ព្រះ។
៧. តើលោកយេស៊ូបានប្រើភាសាណាដើម្បីបង្រៀនពួកអ្នកកាន់តាមលោក?
៧ ពេលលោកយេស៊ូនៅផែនដី លោកទំនងជាបាននិយាយភាសាហេប្រឺ។ (យ៉ូហាន ១៩:២០; ២០:១៦; សកម្មភាព ២៦:១៤) លោកក៏ប្រហែលជាបានប្រើពាក្យភាសាអារ៉ាមខ្លះដែលគេប្រើជាទូទៅនៅសម័យនោះ។ ប៉ុន្តែ លោកក៏ចេះភាសាហេប្រឺបុរាណដែរ ជាភាសាដែលម៉ូសេនិងពួកអ្នកប្រកាសទំនាយបាននិយាយនិងបានប្រើក្នុងសំណេររបស់ពួកគាត់ដែលបានត្រូវអាននៅសាលាប្រជុំរាល់សប្ដាហ៍។ (លូកា ៤:១៧-១៩; ២៤:៤៤, ៤៥; សកម្មភាព ១៥:២១) ម្យ៉ាងទៀត ទោះជានៅសម័យលោកយេស៊ូមនុស្សបាននិយាយភាសាក្រិចនិងភាសាឡាតាំងក៏ដោយ គម្ពីរមិនបានចែងថាលោកយេស៊ូនិយាយ ឬមិននិយាយភាសាទាំងនោះឡើយ។
៨, ៩. ហេតុអ្វីគ្រិស្តសាសនិកជាច្រើននាក់បាននិយាយភាសាក្រិច ហើយតើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ា?
៨ ពួកអ្នកកាន់តាមដំបូងរបស់លោកយេស៊ូបាននិយាយភាសាហេប្រឺ ប៉ុន្តែក្រោយពីលោកបានស្លាប់ ពួកអ្នកកាន់តាមលោកបាននិយាយភាសាផ្សេងៗទៀត។ (សូមអាន សកម្មភាព ៦:១) កាលដែលដំណឹងល្អបានឮសុសសាយ គ្រិស្តសាសនិកជាច្រើននាក់បាននិយាយភាសាក្រិចជាជាងភាសាហេប្រឺ។ ដោយសារភាសាក្រិចជាភាសាដែលគេប្រើជាទូទៅ នោះសៀវភៅម៉ាថាយ ម៉ាកុស លូកានិងយ៉ូហានបានត្រូវរៀបចំជាភាសាក្រិច។c (សូមមើលកំណត់សម្គាល់) ម្យ៉ាងវិញទៀត សំបុត្ររបស់សាវ័កប៉ូលនិងសៀវភៅឯទៀតនៃគម្ពីរបានត្រូវសរសេរជាភាសាក្រិច។
៩ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ពេលដែលអ្នកសរសេរបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចបានដកស្រង់ពីបទគម្ពីរភាសាហេប្រឺ នោះពួកគេច្រើនតែបានប្រើសេបធួជីន។ ជួនកាល ពាក្យដែលបានត្រូវដកស្រង់ គឺខុសគ្នាបន្ដិចបន្តួចពីពាក្យដើមជាភាសាហេប្រឺ។ ហេតុនេះ ការបកប្រែរបស់ពួកអ្នកបកប្រែដែលមិនល្អឥតខ្ចោះបានបញ្ចូលក្នុងសៀវភៅគម្ពីរដែលយើងមានសព្វថ្ងៃនេះ។ នេះបង្រៀនយើងថាព្រះយេហូវ៉ាមិនចាត់ទុកភាសា ឬវប្បធម៌មួយថាប្រសើរជាងភាសាឬវប្បធម៌មួយទៀតឡើយ។—សូមអាន សកម្មភាព ១០:៣៤
ព្រះមិនតម្រូវឲ្យយើងនិយាយភាសាណាមួយ ដើម្បីស្គាល់លោកឬគោលបំណងរបស់លោកឡើយ
១០. តើយើងបានរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស?
១០ យើងបានរៀនថាព្រះយេហូវ៉ាប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សស្របតាមកាលៈទេសៈ។ លោកមិនតម្រូវឲ្យយើងនិយាយភាសាណាមួយដើម្បីស្គាល់លោក ឬគោលបំណងរបស់លោកឡើយ។ (សូមអាន សាការី ៨:២៣; ការបើកបង្ហាញ ៧:៩, ១០) យើងក៏បានរៀនដែរថាព្រះយេហូវ៉ាបានដឹកនាំពួកអ្នកសរសេរគម្ពីរ ប៉ុន្តែលោកបានអនុញ្ញាតឲ្យពួកគេសរសេរគំនិតរបស់លោកដោយប្រើពាក្យរបស់ពួកគេផ្ទាល់។
ព្រះរក្សាការពារបណ្ដាំរបស់លោក
១១. ទោះជាមនុស្សប្រើភាសាជាច្រើនផ្សេងៗពីគ្នាក្ដី ហេតុអ្វីនេះមិនមែនជាបញ្ហាចំពោះព្រះយេហូវ៉ា?
១១ មនុស្សប្រើភាសាផ្សេងៗជាច្រើន ប៉ុន្តែនេះមិនមែនជាបញ្ហាចំពោះព្រះយេហូវ៉ាឡើយ។ ហេតុអ្វីយើងដឹង? គម្ពីរមានតែពាក្យរបស់លោកយេស៊ូខ្លះប៉ុណ្ណោះជាភាសាដើមដែលលោកបានប្រើ។ (ម៉ាថាយ ២៧:៤៦; ម៉ាកុស ៥:៤១; ៧:៣៤; ១៤:៣៦) ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាសេចក្ដីបង្រៀនរបស់លោកយេស៊ូបានត្រូវសរសេរនិងបកប្រែជាភាសាក្រិច ហើយក្រោយមកជាភាសាឯទៀត។ ម្យ៉ាងទៀត ដោយសារបណ្ដាំរបស់ព្រះបានត្រូវចម្លងជាច្រើនដងដោយជនជាតិយូដានិងគ្រិស្តសាសនិក បណ្ដាំនោះបានត្រូវរក្សាការពារ។ ក្រោយមក ឯកសារចម្លងទាំងនេះបានត្រូវបកប្រែជាច្រើនភាសាថែមទៀត។ ប្រហែលជា៤០០ឆ្នាំក្រោយកំណើតលោកយេស៊ូគ្រិស្ត ចន គ្រីសូស្ថមបាននិយាយថាសេចក្ដីបង្រៀនរបស់លោកយេស៊ូបានត្រូវបកប្រែជាភាសារបស់ជនជាតិស៊ីរី អេស៊ីប ឥណ្ឌា ពើស៊ី អេត្យូពីនិងភាសារបស់ជនជាតិឯទៀតជាច្រើន។
១២. តើគម្ពីរបានត្រូវវាយប្រហារយ៉ាងដូចម្ដេច?
១២ តាំងពីសម័យបុរាណមក មានការវាយប្រហារជាច្រើនប្រឆាំងគម្ពីរនិងពួកអ្នកដែលបកប្រែនិងចែកចាយគម្ពីរ។ ប្រហែលជា៣០០ឆ្នាំក្រោយពីលោកយេស៊ូបានកើត ដែអូគ្លីសៀនដែលជាអធិរាជរ៉ូមបានបង្គាប់ឲ្យបំផ្លាញគម្ពីរទាំងអស់ចោល។ ប្រហែលជា១.២០០ឆ្នាំក្រោយមក វីល្លាម ធីនដេលបានចាប់ផ្ដើមបកប្រែគម្ពីរជាភាសាអង់គ្លេស។ គាត់បាននិយាយថា បើព្រះឲ្យគាត់រស់នៅយូរល្មម គាត់នឹងធ្វើឲ្យប្រាកដថា សូម្បីតែក្មេងធ្វើស្រែនឹងស្គាល់គម្ពីរច្រើនជាងសង្ឃទៅទៀត។ ដោយសារមានការបៀតបៀន ធីនដេលបានត្រូវរត់ចេញពីប្រទេសអង់គ្លេសដើម្បីបកប្រែនិងបោះពុម្ពគម្ពីរ។ ទោះជាពួកបព្វជិតបានព្យាយាមដុតចោលគម្ពីរទាំងអស់ដែលពួកគេអាចរកឃើញក៏ដោយ សេចក្ដីបកប្រែរបស់ធីនដេលបានត្រូវចែកចាយដល់មនុស្សជាច្រើន។ នៅទីបំផុត ធីនដេលបានត្រូវគេសម្លាប់ដោយរឹតក រួចដុតនៅលើបង្គោលឈើ។ ប៉ុន្តែ សេចក្ដីបកប្រែរបស់គាត់បាននៅគង់វង្ស ទោះជាមានការវាយប្រហារពីសំណាក់ពួកបព្វជិតក្ដី ហើយសេចក្ដីបកប្រែនោះបានត្រូវប្រើដើម្បីបកប្រែគម្ពីរដែលគេហៅថាសេចក្ដីបកប្រែគម្ពីរឃីងជេម្ស (King James Version)។—សូមអាន ធីម៉ូថេទី២ ២:៩
១៣. តើការសិក្សាស្រាវជ្រាវឯកសារចាស់បុរាណនៃគម្ពីរបានបង្ហាញយ៉ាងណា?
១៣ ពិតមែន គម្ពីរចាស់បុរាណខ្លះមានកំហុសបន្ដិចបន្តួច ហើយមានភាពខុសគ្នានៅកន្លែងខ្លះ។ ប៉ុន្តែក្រោយពីអ្នកជំនាញខាងគម្ពីរបានសិក្សាស្រាវជ្រាវរាប់ពាន់ឯកសារដើម បំណែកឯកសារដើម និងសេចក្ដីបកប្រែចាស់បុរាណនៃគម្ពីរ ហើយបានប្រៀបធៀបគ្នា ពួកគេបានឃើញថាមានតែខគម្ពីរខ្លះប៉ុណ្ណោះដែលមានភាពខុសគ្នា ហើយភាពខុសគ្នានោះគឺមានតែបន្ដិចបន្តួច។ ប៉ុន្តែ សេចក្ដីពិតពីគម្ពីរមិនបានផ្លាស់ប្ដូរទេ។ ការសិក្សាស្រាវជ្រាវដូចនេះធ្វើឲ្យពួកអ្នកសិក្សាគម្ពីរដោយចិត្តស្មោះ ជឿជាក់ថាអ្វីដែលពួកគេមានសព្វថ្ងៃនេះគឺជាបណ្ដាំរបស់ព្រះយេហូវ៉ាដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោកd (សូមមើលកំណត់សម្គាល់)។—អេសាយ ៤០:៨
១៤. នៅសព្វថ្ងៃនេះ តើគម្ពីរបានត្រូវចែកចាយដល់កម្រិតណា?
១៤ ទោះបីជាមានការវាយប្រហារជាច្រើនប្រឆាំងគម្ពីរក្ដី គម្ពីរបានត្រូវបកប្រែជាង២.៨០០ភាសា នោះគឺច្រើនជាងសៀវភៅឯទៀតទាំងអស់ដែលមាននៅសព្វថ្ងៃនេះ។ ទោះជាមនុស្សជាច្រើនមិនមានជំនឿលើព្រះក៏ដោយ បណ្ដាំរបស់លោកនៅតែជាសៀវភៅដែលបានត្រូវចែកចាយយ៉ាងទូលំទូលាយបំផុតក្នុងប្រវត្ដិសាស្ត្រ។ ទោះបីសេចក្ដីបកប្រែខ្លះនៃគម្ពីរគឺមិនសូវត្រឹមត្រូវ ឬមិនសូវស្រួលអានក៏ដោយ ស្ទើរតែគ្រប់សេចក្ដីបកប្រែទាំងនោះមានព័ត៌មានដែលផ្ដល់សេចក្ដីសង្ឃឹមនិងជីវិតដែលគ្មានទីបញ្ចប់។
សេចក្ដីបកប្រែគម្ពីរថ្មីមួយ គឺចាំបាច់
១៥. (ក) តើសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរបានផ្លាស់ប្ដូរយ៉ាងណាតាំងពីឆ្នាំ១៩១៩? (ខ) ហេតុអ្វីសៀវភៅរបស់យើងបានត្រូវសរសេរដំបូងជាភាសាអង់គ្លេស?
១៥ នៅឆ្នាំ១៩១៩ អ្នកសិក្សាគម្ពីរមួយក្រុមតូចបានត្រូវតែងតាំងជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ នៅពេលនោះ ខ្ញុំបម្រើដ៏ស្មោះត្រង់ច្រើនតែប្រាស្រ័យទាក់ទងជាមួយនឹងរាស្ត្ររបស់ព្រះជាភាសាអង់គ្លេស។ (ម៉ាថាយ ២៤:៤៥) ប៉ុន្តែសព្វថ្ងៃនេះ សៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរមានជាង៧០០ភាសា។ ដូចភាសាក្រិចនៅសម័យមុន ឥឡូវនេះភាសាអង់គ្លេសគឺជាភាសាដែលគេប្រើជាធម្មតាក្នុងពាណិជ្ជកម្មនិងការអប់រំ ហើយជាភាសាដែលគេស្គាល់ជាទូទៅ។ ដូច្នេះ សៀវភៅរបស់យើងបានត្រូវសរសេរដំបូងជាភាសាអង់គ្លេស ហើយក្រោយមកបានត្រូវបកប្រែជាភាសាឯទៀត។
១៦, ១៧. (ក) តើរាស្ត្ររបស់ព្រះត្រូវការអ្វី? (ខ) តើសេចក្ដីត្រូវការនោះបានត្រូវបំពេញយ៉ាងដូចម្ដេច? (គ) តើបងន័រមានបំណងប្រាថ្នាយ៉ាងណា?
១៦ សៀវភៅទាំងអស់របស់យើងមានមូលដ្ឋានលើគម្ពីរ។ ដំបូង រាស្ត្ររបស់ព្រះបានប្រើសេចក្ដីបកប្រែគម្ពីរឃីងជេម្ស ដែលបានត្រូវបកប្រែចប់នៅឆ្នាំ១៦១១។ ប៉ុន្តែ សេចក្ដីបកប្រែនោះប្រើភាសាចាស់ហួសសម័យ ហើយពិបាកយល់។ សេចក្ដីបកប្រែនោះបានប្រើនាមរបស់ព្រះតែប៉ុន្មានដងប៉ុណ្ណោះ ទោះជាឯកសារចាស់ៗបានប្រើនាមនោះរាប់ពាន់ដងក៏ដោយ។ សេចក្ដីបកប្រែនោះក៏មានកំហុសក្នុងការបកប្រែដែរ ហើយមានខគម្ពីរបន្ថែមដែលឯកសារចាស់ៗបំផុតមិនមាន។ សេចក្ដីបកប្រែឯទៀតនៃគម្ពីរជាភាសាអង់គ្លេសក៏មានបញ្ហាស្រដៀងនឹងនេះដែរ។
១៧ យើងឃើញច្បាស់ថារាស្ត្ររបស់ព្រះបានត្រូវការសេចក្ដីបកប្រែគម្ពីរមួយដែលត្រឹមត្រូវ ហើយស្រួលយល់។ ដូច្នេះ គណៈកម្មាធិការគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីបានត្រូវបង្កើតឡើង ហើយចាប់ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៦០ គណៈកម្មាធិការនេះបានចេញផ្នែកផ្សេងៗនៃគម្ពីរ។ សៀវភៅ៦ក្បាលដំបូងបានចេញនៅមហាសន្និបាតមួយនាថ្ងៃទី២ ខែសីហា ឆ្នាំ១៩៥០។ នៅមហាសន្និបាតនោះ បងប្រុសន័របាននិយាយថារាស្ត្ររបស់ព្រះត្រូវការសេចក្ដីបកប្រែគម្ពីរមួយទាន់សម័យ ដែលត្រឹមត្រូវនិងស្រួលយល់ ហើយដែលនឹងជួយពួកគេរៀនសេចក្ដីពិតឲ្យបានច្បាស់ជាង។ ពួកគេត្រូវការសេចក្ដីបកប្រែមួយដែលស្រួលអាននិងស្រួលយល់ ដូចសំណេរដើមរបស់ពួកអ្នកកាន់តាមគ្រិស្ត។ បងន័រមានបំណងប្រាថ្នាចង់ឲ្យសេចក្ដីបកប្រែពិភពលោកថ្មីជួយមនុស្សរាប់លាននាក់ស្គាល់ព្រះយេហូវ៉ា។
១៨. តើអ្វីបានជួយការបកប្រែគម្ពីរ?
១៨ មកដល់ឆ្នាំ១៩៦៣ បំណងប្រាថ្នារបស់បងន័របានក្លាយទៅជាការពិត។ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចមានជាភាសាហូឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់និងអេស្ប៉ាញ។ នៅឆ្នាំ១៩៨៩ គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាបានបង្កើតផ្នែកថ្មីមួយនៅមន្ទីរចាត់ការពិភពលោក ដើម្បីជួយអ្នកបកប្រែគម្ពីរ។ ក្រោយមក នៅឆ្នាំ២០០៥ មានការអនុញ្ញាតឲ្យបកប្រែគម្ពីរជាភាសាណាដែលទស្សនាវដ្ដីប៉មយាមបានត្រូវបកប្រែរួចហើយ។ ជាលទ្ធផល ឥឡូវនេះសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលឬផ្នែកខ្លះមានជាង១៣០ភាសា។
១៩. តើព្រឹត្ដិការណ៍ដ៏សំខាន់អ្វីបានកើតឡើងនៅឆ្នាំ២០១៣ ហើយតើយើងនឹងរៀនអ្វីនៅអត្ថបទបន្ទាប់?
១៩ ចាប់តាំងពីសេចក្ដីបកប្រែពិភពលោកថ្មីបានចេញជាលើកដំបូង ភាសាអង់គ្លេសបានផ្លាស់ប្ដូរ ដូច្នេះគឺជាការចាំបាច់ដែលសេចក្ដីបកប្រែនោះប្រើពាក្យថ្មីៗទាន់សម័យ។ នៅកិច្ចប្រជុំប្រចាំឆ្នាំទី១២៩របស់សមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី នាថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺថ្ងៃទី៥និងទី៦ ខែតុលា ឆ្នាំ២០១៣ មានអ្នកស្ដាប់១.៤១៣.៦៧៦នាក់នៅ៣១ប្រទេសដែលបានមើលវីដេអូដែលបានត្រូវផ្សាយបន្តផ្ទាល់ពីកិច្ចប្រជុំនោះ ឬបានចូលរួមដោយផ្ទាល់។ សមាជិកម្នាក់នៃគណៈអភិបាលបានប្រកាសចេញសេចក្ដីបកប្រែពិភពលោកថ្មីកំណែថ្មីជាភាសាអង់គ្លេស។ អ្នកស្ដាប់មានចិត្តរំភើបជាខ្លាំង ហើយបងប្អូនជាច្រើននាក់បានយំពេលពួកគាត់ម្នាក់ៗបានទទួលសេចក្ដីបកប្រែថ្មីនេះ។ កាលដែលអ្នកថ្លែងបានអានខគម្ពីរផ្សេងៗពីកំណែថ្មីនេះ បងប្អូនទាំងអស់គ្នាបានឃើញច្បាស់ថាសេចក្ដីបកប្រែកំណែថ្មី គឺស្រួលអាននិងស្រួលយល់ជាង។ នៅអត្ថបទបន្ទាប់ យើងនឹងរៀនថែមទៀតអំពីកំណែថ្មីនេះ ព្រមទាំងរៀនអំពីរបៀបដែលកំណែថ្មីនេះបានត្រូវបកប្រែជាភាសាផ្សេងៗទៀត។
a អែសរ៉ា ៤:៨; ៧:១២; យេរេមា ១០:១១; និងដានីយ៉ែល ២:៤ បានត្រូវសរសេរជាលើកដំបូងជាភាសាអារ៉ាម។
b សេបធួជីនមានន័យថា«ចិតសិប»។ តាមមើលទៅ ការបកប្រែនោះបានចាប់ផ្ដើមប្រហែលជា៣០០ឆ្នាំ មុនគ.ស. ហើយបានចប់១៥០ឆ្នាំមុនគ.ស.។ សព្វថ្ងៃនេះ សេចក្ដីបកប្រែនេះនៅតែសំខាន់ ពីព្រោះសេចក្ដីបកប្រែនេះជួយអ្នកជំនាញខាងគម្ពីរឲ្យយល់ពាក្យ ឬខគម្ពីរទាំងមូលជាភាសាហេប្រឺដែលពិបាកៗ។
c អ្នកខ្លះគិតថាម៉ាថាយសរសេរសៀវភៅរបស់គាត់ជាភាសាហេប្រឺ ហើយថាក្រោយមកសៀវភៅនោះបានត្រូវបកប្រែជាភាសាក្រិច។ ប្រហែលជាម៉ាថាយជាអ្នកបកប្រែសៀវភៅនោះ។