ជំពូកទី៣០
ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
១-៣. នៅពេលយើងត្រាប់តាមគំរូរបស់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់នោះ តើមានលទ្ធផលយ៉ាងណា?
«ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) បន្ទូលទាំងនេះរបស់ព្រះយេស៊ូគូសបញ្ជាក់នូវសេចក្ដីពិតដ៏សំខាន់មួយ គឺសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនក៏នាំឲ្យអ្នកដែលបង្ហាញសេចក្ដីស្រឡាញ់នោះទទួលផលប្រយោជន៍ដែរ។ ទោះជាការទទួលសេចក្ដីស្រឡាញ់នាំឲ្យមានសុភមង្គលក៏ពិតមែន តែការឲ្យឬការបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃនាំឲ្យមានសុភមង្គលលើសជាងនោះទៅទៀត។
២ គ្មានអ្នកណាយល់ចំណុចនេះច្បាស់ជាងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ទេ។ ដូចយើងបានរៀននៅជំពូកមុនៗក្នុងផ្នែកនេះ ព្រះយេហូវ៉ាជាគំរូប្រសើរឯកស្តីអំពីសេចក្ដីស្រឡាញ់។ គ្មានអ្នកណាដែលបានបង្ហាញសេចក្ដីស្រឡាញ់ធំជាងឬក៏បង្ហាញយូរជាងទ្រង់នោះទេ។ ដូច្នេះ គ្មានអ្វីប្លែកទេដែលព្រះយេហូវ៉ាត្រូវហៅថា«ព្រះដែលមានព្រះទ័យសប្បាយ»។—ធីម៉ូថេទី១ ១:១១, ព.ថ.
៣ ព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ចង់ឲ្យយើងព្យាយាមត្រាប់តាមទ្រង់ ជាពិសេសក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ អេភេសូរ ៥:១, ២ ប្រាប់យើងថា៖«ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់»។ នៅពេលយើងត្រាប់តាមគំរូរបស់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់ នោះយើងមានសុភមង្គលដ៏លើសលប់ដែលមកពីការឲ្យ។ យើងក៏មានការពេញចិត្តដោយដឹងថា យើងកំពុងតែផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដ្បិតព្រះបន្ទូលរបស់ទ្រង់ជំរុញឲ្យយើង«ស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (រ៉ូម ១៣:៨) ប៉ុន្តែ មានហេតុផ្សេងទៀតដែលយើងគួរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ចដែរ។
ហេតុដែលសេចក្ដីស្រឡាញ់គឺត្រូវការជាចាំបាច់
៤, ៥. ហេតុអ្វីជាការសំខាន់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីអ្នកជឿគ្នីគ្នា?
៤ ហេតុអ្វីជាការសំខាន់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជឿគ្នីគ្នានោះ? បើនិយាយឲ្យចំទៅ សេចក្ដីស្រឡាញ់ជាលក្ខណៈចំបងនៃជំនឿគ្រីស្ទានពិត។ បើយើងគ្មានសេចក្ដីស្រឡាញ់យើងមិនអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយគ្រីស្ទានគ្នីគ្នាទេ ហើយសំខាន់ជាងនោះទៅទៀត ចំពោះព្រះយេហូវ៉ាយើងគ្មានតម្លៃសោះឡើយ។ សូមពិចារណានូវរបៀបព្រះបន្ទូលរបស់ព្រះបញ្ជាក់សេចក្ដីពិតទាំងនេះ។
៥ នៅរាត្រីចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូនៅលើផែនដី ទ្រង់មានបន្ទូលប្រាប់សិស្សទ្រង់ថា៖«ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) ពិតណាស់ ពាក្យថា«ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នា»បានន័យថា យើងត្រូវបង្គាប់ឲ្យបង្ហាញសេចក្ដីស្រឡាញ់តាមគំរូរបស់ព្រះយេស៊ូ។ ក្នុងជំពូកទី២៩ យើងបានកត់សម្គាល់ថា ព្រះយេស៊ូជាគំរូដ៏ឧត្តមក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដោយឲ្យសេចក្ដីត្រូវការនិងប្រយោជន៍អ្នកឯទៀតមានអាទិភាព។ យើងក៏ត្រូវបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនដែរ ហើយសេចក្ដីស្រឡាញ់របស់យើងត្រូវជាក់ស្តែងដល់ម្ល៉េះដែលមនុស្សខាងក្រៅក្រុមជំនុំគ្រីស្ទានក៏អាចឃើញដែរ។ គឺពិតមែនដែលថាការស្រឡាញ់គ្នាដូចបងប្អូនដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន គឺជាលក្ខណៈដែលសម្គាល់យើងជាអ្នកកាន់តាមដ៏ពិតរបស់ព្រះគ្រីស្ទ។
៦, ៧. (ក) តើយើងដឹងថាព្រះបន្ទូលរបស់ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើការបង្ហាញសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច? (ខ) តើពាក្យរបស់ប៉ុលនៅកូរិនថូសទី១ ១៣:៤-៨ សង្កត់ធ្ងន់ទៅលើសេចក្ដីស្រឡាញ់បែបណា?
៦ ចុះបើយើងខ្វះសេចក្ដីស្រឡាញ់បែបនេះ? សាវ័កប៉ុលបាននិយាយថា៖«បើខ្ញុំ . . . គ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈិងដែលឮទ្រហឹងប៉ុណ្ណោះ»។ (កូរិនថូសទី១ ១៣:១) ឈិងដែលឮទ្រហឹងមានសូរនាំឲ្យសង្កៀរត្រចៀក។ ចុះលង្ហិនដែលឮខ្ទរវិញ? សេចក្ដីបកប្រែឯទៀតចែងថា«សំឡេងគងដែលលាន់ឮឡើង» ឬ«សំឡេងគងដែលលាន់ខ្ទរខ្ទារ»។ ការប្រៀបធៀបនេះគឺសមរម្យណាស់! មនុស្សម្នាក់ដែលគ្មានសេចក្ដីស្រឡាញ់គឺដូចជាគ្រឿងភ្លេងដែលមានសូរទ្រហឹងនាំឲ្យហ៊ឹងត្រចៀក ដែលធ្វើឲ្យមនុស្សចង់ចៀសឆ្ងាយមិនចង់ចូលមកជិត។ តើមនុស្សម្នាក់បែបនេះអាចមានមិត្តភាពជិតស្និទ្ធជាមួយអ្នកដទៃយ៉ាងដូចម្ដេចបាន? ប៉ុលក៏បាននិយាយថា៖«បើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ»។ (កូរិនថូសទី១ ១៣:២) សូមគិតទៅមើល មនុស្សម្នាក់ដែលគ្មានសេចក្ដីស្រឡាញ់«ឥតបានការអ្វីទាំងអស់» ទោះជាគាត់ប្រព្រឹត្តការល្អយ៉ាងណាក៏ដោយ! (ព្រះគម្ពីរភាសាខ្មែរសម្រាយ) គឺច្បាស់ណាស់ដែលថាព្រះបន្ទូលរបស់ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើការបង្ហាញសេចក្ដីស្រឡាញ់ មែនទេ?
៧ ប៉ុន្តែ តើយើងអាចបង្ហាញគុណសម្បត្ដិនេះយ៉ាងដូចម្ដេចក្នុងការប្រព្រឹត្តទៅលើអ្នកឯទៀត? ដើម្បីឆ្លើយសំនួរនេះ សូមយើងពិចារណាពាក្យរបស់ប៉ុលនៅកូរិនថូសទី១ ១៣:៤-៨។ ខទាំងនេះមិនលើកបញ្ជាក់សេចក្ដីស្រឡាញ់របស់ព្រះឬសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនោះទេ។ ផ្ទុយទៅវិញ ប៉ុលផ្ចង់អារម្មណ៍ទៅលើរបៀបយើងគួរបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ គាត់រៀបរាប់អំពីអ្វីដែលសេចក្ដីស្រឡាញ់រួមបញ្ចូលនិងមិនរួមបញ្ចូល។
អ្វីដែលសេចក្ដីស្រឡាញ់រួមបញ្ចូល
៨. ក្នុងទំនាក់ទំនងជាមួយអ្នកឯទៀត តើការអត់ធន់ជួយយើងយ៉ាងដូចម្ដេច?
៨ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់[ឬ«អត់ធន់», ព.ថ.]»។ ការអត់ធន់មានន័យថាចេះទ្រាំទ្រនឹងអ្នកឯទៀតដោយអត់ធ្មត់។ (កូល៉ុស ៣:១៣) យើងពិតជាត្រូវមានចិត្តអត់ធ្មត់បែបនេះ មែនទេ? ដោយព្រោះយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ដែលកំពុងតែប្រកៀកស្មាគ្នាបំរើព្រះ នោះគឺជាការធម្មតាទេដែលម្ដងម្កាលបងប្អូនគ្រីស្ទានរបស់យើងប្រហែលជានឹងធ្វើឲ្យយើងរង្កៀសចិត្ត ហើយយើងប្រហែលជានឹងធ្វើឲ្យគេរង្កៀសចិត្តដែរ។ ប៉ុន្តែ ការអត់ធ្មត់និងការទ្រាំទ្រអាចជួយយើងស៊ូទ្រាំនៅពេលមានការថ្នាំងថ្នាក់បន្ដិចបន្តួចជាមួយអ្នកឯទៀតដោយមិនធ្វើឲ្យបែកបាក់ដល់មេត្រីភាពដែលមានក្នុងក្រុមជំនុំឡើយ។
៩. តើយើងអាចបង្ហាញចិត្តសប្បុរសតាមវិធីណាខ្លះ?
៩ «សេចក្ដីស្រឡាញ់ . . . ក៏សប្បុរស»។ ចិត្តសប្បុរសគឺសឲ្យឃើញដោយការប្រព្រឹត្តដែលជួយផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត និងការនិយាយដោយគិតដល់អារម្មណ៍របស់ពួកគេ។ សេចក្ដីស្រឡាញ់ជំរុញយើងឲ្យរកវិធីបង្ហាញចិត្តសប្បុរសជាពិសេសចំពោះអ្នកដែលមានសេចក្ដីត្រូវការបំផុត។ ជាឧទាហរណ៍ អ្នកជឿម្នាក់ដែលមានអាយុចាស់ហើយ ប្រហែលជាមានអារម្មណ៍កណ្ដោចកណ្ដែងនិងត្រូវការអ្នកណាមកសួរសុខទុក្ខលើកទឹកចិត្តគាត់។ ម្ដាយដែលគ្មានគូឬបងស្រីម្នាក់ដែលមានប្ដីមិនជឿប្រហែលជាត្រូវការជំនួយ។ បងប្អូនដែលឈឺឬកំពុងតែជួបការលំបាកអ្វីមួយប្រហែលជាចង់ឮសំដីសប្បុរសពីមិត្តភក្ដី។ (សុភាសិត ១២:២៥; ១៧:១៧) នៅពេលយើងផ្ដើមបង្ហាញចិត្តសប្បុរសតាមវិធីនេះ យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺស្មោះពិតមែន។—កូរិនថូសទី២ ៨:៨
១០. តើសេចក្ដីស្រឡាញ់ជួយយើងគាំទ្រនិងនិយាយសេចក្ដីពិតយ៉ាងដូចម្ដេច សូម្បីតែនៅពេលពិបាកធ្វើក៏ដោយ?
១០ «សេចក្ដីស្រឡាញ់ . . . អរសប្បាយតែនឹងសេចក្ដីស្មោះត្រង់[ឬ «សេចក្ដីពិត», ព.ថ.]»។ កំណែព្រះគម្ពីរមួយទៀតចែងថា៖«សេចក្ដីស្រឡាញ់ . . . គាំទ្រសេចក្ដីពិតដោយចិត្តរីករាយ»។ សេចក្ដីស្រឡាញ់ជំរុញឲ្យយើងគាំទ្រសេចក្ដីពិតនិង«និយាយការពិតចំពោះគ្នាទៅវិញទៅមក»។ (សាការី ៨:១៦, ខ.ស.) ជាឧទាហរណ៍ បើមនុស្សជាទីស្រឡាញ់ធ្វើអំពើបាបធ្ងន់ធ្ងរ នោះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះអ្នកដែលធ្វើខុសនឹងជួយយើងកាន់ខ្ជាប់តាមខ្នាតតម្រារបស់ព្រះ ជាជាងខិតខំលាក់បាំង រកលេសដោះសា ឬរហូតដល់កុហកអំពីអំពើបាបរបស់គាត់។ យើងប្រហែលជាពិបាកទទួលស្គាល់ការពិតក្នុងកាលៈទេសៈនេះពិតមែន។ ប៉ុន្តែ បើយើងគិតអំពីប្រយោជន៍ល្អបំផុតរបស់មនុស្សជាទីស្រឡាញ់របស់យើង នោះយើងចង់ឲ្យគាត់ទទួលនិងប្រព្រឹត្តតាមការប្រដៅពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ (សុភាសិត ៣:១១, ១២) ក្នុងនាមជាគ្រីស្ទានដែលប្រកបដោយសេចក្ដីស្រឡាញ់ យើងក៏ចង់«ប្រព្រឹត្តល្អ[ឬ«ទៀងត្រង់», ព.ថ.] ក្នុងគ្រប់ការទាំងអស់»ដែរ។—ហេព្រើរ ១៣:១៨
១១. ដោយសារសេចក្ដីស្រឡាញ់«គ្របបាំងទាំងអស់» តើយើងគួរព្យាយាមធ្វើយ៉ាងណាស្តីអំពីកំហុសរបស់អ្នកជឿគ្នីគ្នានោះ?
១១ «សេចក្ដីស្រឡាញ់ . . . ក៏គ្របបាំងទាំងអស់»។ ពេត្រុសទី១ ៤:៨ ចែងថា៖ «សេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត»។ ពិតណាស់ គ្រីស្ទានម្នាក់ដែលមានសេចក្ដីស្រឡាញ់នាំមុខនោះ គឺមិននិយាយបរិហារពីកំហុសបងប្អូនគ្រីស្ទានឯទៀតទេ។ ក្នុងករណីជាច្រើន កំហុសរបស់អ្នកជឿគ្នីគ្នាគឺតូចតាចនិងអាចត្រូវគ្របបាំងដោយសេចក្ដីស្រឡាញ់បាន។—សុភាសិត ១០:១២; ១៧:៩
១២. តើសាវ័កប៉ុលបង្ហាញថាគាត់ជឿអ្វីដ៏ល្អបំផុតអំពីភីលេម៉ូនយ៉ាងដូចម្ដេច? ហើយតើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ប៉ុល?
១២ «សេចក្ដីស្រឡាញ់ . . . ជឿទាំងអស់»។ សេចក្ដីបកប្រែព្រះគម្ពីរម៉ូហ្វាតចែងថា សេចក្ដីស្រឡាញ់«រមែងជឿអ្វីដ៏ល្អបំផុតអំពីអ្នកឯទៀត»។ យើងមិនសង្ស័យហួសហេតុទៅលើអ្នកជឿគ្នីគ្នានោះទេ ដោយសង្ស័យរាល់ដងទៅលើបំណងចិត្តពួកគេពេលដែលគេធ្វើអ្វីមួយ។ សេចក្ដីស្រឡាញ់ជួយយើង«ជឿអ្វីដ៏ល្អបំផុតអំពីអ្នកឯទៀត»គឺអំពីបងប្អូនរបស់យើងនិងទុកចិត្តពួកគេ។a សូមកត់សម្គាល់នូវឧទាហរណ៍មួយក្នុងសំបុត្ររបស់ប៉ុលទៅកាន់ភីលេម៉ូន។ ប៉ុលបានសរសេរសំបុត្រមួយដើម្បីលើកទឹកចិត្តភីលេម៉ូនឲ្យទទួលស្វាគមន៍អូនេស៊ីមមកវិញដោយសប្បុរសដែលគាត់ជាអ្នកបំរើដែលបានរត់ចោលម្ចាស់ខ្លួនគឺភីលេម៉ូន តែក្រោយមកក្លាយជាគ្រីស្ទានម្នាក់។ ជាជាងព្យាយាមបង្ខំភីលេម៉ូន នោះប៉ុលបានលើកទឹកចិត្តដោយផ្អែកលើសេចក្ដីស្រឡាញ់។ គាត់បញ្ជាក់ទំនុកចិត្តរបស់គាត់ថា ភីលេម៉ូននឹងធ្វើអ្វីដែលត្រឹមត្រូវវិញ។ គាត់សរសេរថា៖«ដោយមានចិត្តជឿថា អ្នកនឹងស្ដាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្ដីដែលខ្ញុំសូមនេះទៅទៀត»។ (ខ២១) នៅពេលសេចក្ដីស្រឡាញ់ជំរុញឲ្យយើងបង្ហាញទំនុកចិត្តទៅលើបងប្អូនរបស់យើង នោះយើងធ្វើឲ្យពួកគេបង្ហាញលក្ខណៈល្អបំផុត។
១៣. តើយើងអាចបង្ហាញថាយើងសង្ឃឹមចំពោះបងប្អូនរបស់យើងនឹងទទួលប្រយោជន៍ល្អបំផុតយ៉ាងដូចម្ដេច?
១៣ «សេចក្ដីស្រឡាញ់ . . . សង្ឃឹមទាំងអស់»។ សេចក្ដីស្រឡាញ់តែងតែទុកចិត្ត និងក៏តែងតែសង្ឃឹមដែរ។ សេចក្ដីស្រឡាញ់ជំរុញឲ្យយើងសង្ឃឹមថា បងប្អូនយើងនឹងទទួលផលប្រយោជន៍ល្អបំផុត។ ជាឧទាហរណ៍ បើបងប្អូនម្នាក់«ធ្វើខុសអ្វីដោយមិនដឹងខ្លួន» នោះយើងសង្ឃឹមថាគាត់នឹងស្ដាប់តាមនៅពេលមានការព្យាយាមកែតម្រង់គាត់ដោយសេចក្ដីស្រឡាញ់។ (កាឡាទី ៦:១, ព.ថ.) យើងក៏សង្ឃឹមថាអ្នកដែលខ្សោយខាងជំនឿនឹងមានសុខភាពល្អខាងវិញ្ញាណឡើងវិញ។ យើងអត់ធ្មត់នឹងអ្នកទាំងនេះ ដោយខំធ្វើអស់ពីសមត្ថភាពដើម្បីជួយពួកគេពង្រឹងជំនឿឲ្យបានរឹងមាំ។ (រ៉ូម ១៥:១; ថែស្សាឡូនីចទី១ ៥:១៤) ទោះបើមនុស្សជាទីស្រឡាញ់វង្វេងចេញពីសេចក្ដីពិតក៏ដោយ ក៏យើងនៅតែសង្ឃឹមជានិច្ចថា នៅថ្ងៃមួយគាត់នឹងភ្ញាក់រឭកហើយត្រឡប់មកឯព្រះយេហូវ៉ាវិញ ដូចជាកូនបង្ហិនទ្រព្យក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនោះ។—លូកា ១៥:១៧, ១៨
១៤. តើការស៊ូទ្រាំរបស់យើងអាចត្រូវសាកល្បងនៅក្នុងក្រុមជំនុំយ៉ាងដូចម្ដេចខ្លះ? ហើយតើសេចក្ដីស្រឡាញ់ជួយយើងប្រព្រឹត្តតបទៅវិញយ៉ាងដូចម្ដេច?
១៤ «សេចក្ដីស្រឡាញ់ . . . ទ្រាំទ្រទាំងអស់»។ ការស៊ូទ្រាំជួយយើងកាន់ជំហរមាំមួននៅពេលយើងខកចិត្តឬជួបនឹងការលំបាក។ ការល្បងលនូវការស៊ូទ្រាំរបស់យើងមិនមកពីខាងក្រៅក្រុមជំនុំតែប៉ុណ្ណោះទេ។ ជួនកាលយើងប្រហែលជាត្រូវល្បងលពីក្នុងក្រុមជំនុំវិញ។ ដោយសារភាពឥតគ្រប់ល័ក្ខណ៍នោះ បងប្អូនយើងប្រហែលជាធ្វើឲ្យយើងខកចិត្តម្ដងម្កាល។ ប្រហែលអ្នកណាម្នាក់និយាយអ្វីដោយមិនគិតធ្វើឲ្យយើងឈឺចិត្ត។ (សុភាសិត ១២:១៨) ជួនកាលមានរឿងមួយក្នុងក្រុមជំនុំមិនបានត្រូវដោះស្រាយដូចជាយើងគិតថាត្រឹមត្រូវនោះទេ។ ប្រហែលជាការប្រព្រឹត្តរបស់បងប្រុសម្នាក់ដែលមានគេគោរព ធ្វើឲ្យយើងរង្កៀសចិត្តនិងយើងឆ្ងល់ថា‹តើគ្រីស្ទានម្នាក់អាចប្រព្រឹត្តដូច្នេះបានយ៉ាងដូចម្ដេច?›។ នៅចំពោះមុខកាលៈទេសៈបែបនេះ តើយើងនឹងចាកចេញពីក្រុមជំនុំនិងឈប់បំរើព្រះយេហូវ៉ាឬ? បើយើងមានសេចក្ដីស្រឡាញ់ យើងមិនធ្វើដូច្នេះនោះទេ! ពិតណាស់ សេចក្ដីស្រឡាញ់មិនឲ្យកំហុសរបស់បងប្អូនបាំងភ្នែកយើងមិនឲ្យឃើញលក្ខណៈល្អរបស់គាត់ឬរបស់ក្រុមជំនុំទាំងមូលនោះទេ។ សេចក្ដីស្រឡាញ់ផ្ដល់សមត្ថភាពឲ្យយើងរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍នឹងព្រះថែមទាំងគាំទ្រក្រុមជំនុំមិនថាមនុស្សឥតគ្រប់ល័ក្ខណ៍ណាម្នាក់ធ្វើឬនិយាយអ្វីក៏ដោយ។—ទំនុកដំកើង ១១៩:១៦៥
អ្វីដែលសេចក្ដីស្រឡាញ់មិនរួមបញ្ចូល
១៥. តើការឈ្នានីសជាអ្វីទៅ? ហើយតើសេចក្ដីស្រឡាញ់ជួយយើងទប់ចិត្តនឹងអារម្មណ៍ដែលនាំឲ្យអន្តរាយខ្លួននោះយ៉ាងដូចម្ដេច?
១៥ «សេចក្ដីស្រឡាញ់មិនចេះឈ្នានីស»។ ការឈ្នានីសនាំឲ្យយើងច្រណែនអ្នកឯទៀតដោយសារទ្រព្យសម្បត្ដិ ឯកសិទ្ធិ ឬក៏សមត្ថភាពដែលពួកគេមាន។ ការឈ្នានីសជាអារម្មណ៍មួយដែលប្រកបដោយអត្តទត្ថភាពថែមទាំងនាំឲ្យអន្តរាយខ្លួន ហើយបើយើងមិនទប់ចិត្តនោះទេ វាអាចធ្វើឲ្យបែកបាក់ដល់មេត្រីភាពក្នុងក្រុមជំនុំបាន។ តើអ្វីនឹងជួយយើងទប់ចិត្តមិនឲ្យមានចិត្តឈ្នានីសនោះ? គឺពាក្យមួយម៉ាត់ថា សេចក្ដីស្រឡាញ់។ គុណសម្បត្ដិដ៏ប្រសើរថ្លៃថ្លានេះធ្វើឲ្យយើងចេះអបអរចំពោះបងប្អូនរបស់យើងដែលមើលទៅហាក់បីដូចជាពួកគេមានអ្វីដែលយើងមិនមាននោះ។ (រ៉ូម ១២:១៥) សេចក្ដីស្រឡាញ់ជួយយើងមិនតូចចិត្តពេលដែលអ្នកណាម្នាក់ទទួលសេចក្ដីសរសើរដោយសារគាត់មានសមត្ថភាពច្រើនឬក៏បានសម្រេចការអ្វីមួយយ៉ាងប្រសើរនោះ។
១៦. បើយើងពិតជាស្រឡាញ់បងប្អូនរបស់យើង ហេតុអ្វីយើងត្រូវចៀសវាងការអួតពីអ្វីដែលយើងកំពុងតែធ្វើក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា?
១៦ «សេចក្ដីស្រឡាញ់ . . . មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំ»។ សេចក្ដីស្រឡាញ់ទប់មិនឲ្យយើងសំញែងប្រាប់ពីសមិទ្ធផលឬសមត្ថភាពរបស់យើង។ បើយើងពិតជាស្រឡាញ់បងប្អូនរបស់យើង តើយើងអាចអួតពីជោគជ័យរបស់យើងក្នុងកិច្ចផ្សព្វផ្សាយឬឯកសិទ្ធិដែលយើងមានក្នុងក្រុមជំនុំបានទេ? ការអួតដូច្នេះអាចធ្វើឲ្យអ្នកឯទៀតធ្លាក់ទឹកចិត្ត និងគិតថាខ្លួនគេមានតម្លៃតិចជាង។ សេចក្ដីស្រឡាញ់មិនឲ្យយើងអួតពីអ្វីដែលព្រះអនុញ្ញាតឲ្យយើងធ្វើក្នុងកិច្ចបំរើរបស់ទ្រង់ឡើយ។ (កូរិនថូសទី១ ៣:៥-៩) យ៉ាងណាមិញ សេចក្ដីស្រឡាញ់«មិនដែលមានចិត្តធំ» ឬដូចកំណែព្រះគម្ពីរមួយទៀតចែងថា សេចក្ដីស្រឡាញ់«មិនចូលចិត្តរាប់ខ្លួនជាអ្នកសំខាន់ហួសប្រមាណ»។ សេចក្ដីស្រឡាញ់ទប់មិនឲ្យយើងក្រអឺតក្រទមឡើយ។—រ៉ូម ១២:៣
១៧. តើសេចក្ដីស្រឡាញ់ជំរុញយើងឲ្យគិតដល់អ្នកឯទៀតយ៉ាងដូចម្ដេច? ហើយតើការប្រព្រឹត្តបែបណាដែលយើងត្រូវចៀសវាង?
១៧ «សេចក្ដីស្រឡាញ់ . . . មិនដែលប្រព្រឹត្តបែបមិនគួរសម»។ មនុស្សម្នាក់ដែលប្រព្រឹត្តមិនគួរសមធ្វើអ្វីដែលឈ្លើយឬក៏ទ្រគោះ។ ការប្រព្រឹត្តដូច្នេះមិនបង្ហាញសេចក្ដីស្រឡាញ់ទេ ដ្បិតនេះបង្ហាញពីការប្រព្រឹត្តដែលមិនគិតដល់អារម្មណ៍ឬប្រយោជន៍អ្នកឯទៀតទេ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ប្រកបដោយសុជីវធម៌ជំរុញឲ្យគិតដល់អ្នកឯទៀត។ សេចក្ដីស្រឡាញ់បណ្ដាលឲ្យមានសុភាវធម៌ ប្រព្រឹត្តអ្វីដែលពេញព្រះហឫទ័យព្រះ និងគោរពអ្នកជឿគ្នីគ្នា។ ដូច្នេះ សេចក្ដីស្រឡាញ់មិនឲ្យយើងធ្វើអ្វីដែល«គួរខ្មាស» ឬអ្វីក៏ដោយដែលទ្រគោះឬក៏ធ្វើឲ្យបងប្អូនគ្រីស្ទានរបស់យើងប្រកាន់។—អេភេសូរ ៥:៣, ៤
១៨. ហេតុអ្វីមនុស្សដែលមានសេចក្ដីស្រឡាញ់មិនទាមទារឲ្យធ្វើអ្វីៗតាមតែចិត្តគាត់?
១៨ «សេចក្ដីស្រឡាញ់ . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។ កំណែព្រះគម្ពីរមួយទៀតចែងថា៖«សេចក្ដីស្រឡាញ់មិនទាមទារឲ្យធ្វើតាមតែចិត្តខ្លួន»។ មនុស្សដែលមានសេចក្ដីស្រឡាញ់មិនទាមទារឲ្យធ្វើអ្វីទាំងអស់តាមតែចិត្តគាត់ ហាក់ដូចជាមតិគាត់ត្រឹមត្រូវរហូតនោះទេ។ គាត់ក៏មិនខំបញ្ចុះបញ្ចូលអ្នកដែលមានទស្សនៈផ្សេងទាល់តែគេប្រែទស្សនៈឲ្យគិតដូចគាត់នោះទេ។ ភាពរឹងចចេសបែបនេះបង្ហាញថាខ្លួនមានអំនួត ហើយព្រះគម្ពីរចែងថា«អំនួតរមែងនាំអោយអន្តរាយ»។ (សុភាសិត ១៦:១៨, ខ.ស.) បើយើងពិតជាស្រឡាញ់បងប្អូនរបស់យើង នោះយើងនឹងគោរពទស្សនៈរបស់ពួកគេ ហើយនឹងសុខចិត្តព្រមតាមទៀតពេលដែលអាចធ្វើទៅបាន។ ការសុខចិត្តព្រមតាមគឺសមស្របតាមពាក្យរបស់ប៉ុលដែលថា៖«កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។—កូរិនថូសទី១ ១០:២៤
១៩. តើសេចក្ដីស្រឡាញ់ជួយយើងប្រព្រឹត្តតបយ៉ាងណាពេលអ្នកឯទៀតបញ្ឈឺចិត្តយើង?
១៩ «សេចក្ដីស្រឡាញ់ . . . មិនរហ័សខឹង មិនប្រកាន់ទោស»។ សេចក្ដីស្រឡាញ់គឺមិនងាយខឹងដោយសារអ្វីដែលអ្នកឯទៀតនិយាយឬក៏ធ្វើនោះទេ។ ពិតណាស់ ជាការធម្មតាទេដែលយើងមិនសប្បាយចិត្តពេលមនុស្សបញ្ឈឺចិត្តយើង។ ប៉ុន្តែ ទោះបីយើងមានហេតុត្រឹមត្រូវឲ្យខឹងក៏ដោយ សេចក្ដីស្រឡាញ់មិនឲ្យយើងខឹងងំ។ (អេភេសូរ ៤:២៦, ២៧) យើងមិនចងចាំការប្រព្រឹត្តឬពាក្យសំដីដែលបានធ្វើឲ្យយើងឈឺចិត្តនោះ ហាក់ដូចជាកត់បញ្ជីមួយដើម្បីកុំឲ្យភ្លេច។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ជំរុញឲ្យយើងយកតម្រាប់តាមព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។ ដូចយើងបានរៀននៅជំពូកទី២៦ ព្រះយេហូវ៉ាអត់ទោសយើងនៅពេលមានហេតុត្រឹមត្រូវ។ នៅពេលទ្រង់អត់ទោសឲ្យយើង ទ្រង់ក៏បំភ្លេចចោល បានន័យថាទ្រង់មិនប្រកាន់ទោសយើងនៅថ្ងៃក្រោយទៀតនោះទេ។ យើងពិតជាសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាមិនប្រកាន់ទោសយើង មែនទេ?
២០. តើយើងគួរមានអារម្មណ៍យ៉ាងណាបើអ្នកជឿគ្នីគ្នាបានភ្លាត់ធ្វើខុសនិងទទួលផលវិបាក?
២០ «សេចក្ដីស្រឡាញ់ . . . មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ»។ កំណែព្រះគម្ពីរមួយទៀតចែងថា៖ «សេចក្ដីស្រឡាញ់ . . . មិនពេញចិត្តនៅពេលអ្នកឯទៀតធ្វើបាប»។ សេចក្ដីបកប្រែមួយផ្សេងទៀតចែងថា៖«សេចក្ដីស្រឡាញ់មិនដែលសប្បាយពេលអ្នកឯទៀតធ្វើខុស»។ សេចក្ដីស្រឡាញ់មិនពេញចិត្តនឹងសេចក្ដីទុច្ចរិតសោះឡើយ ដូច្នេះយើងមិនបិទភ្នែកនឹងអំពើអសីលធម៌នោះទេ។ តើយើងប្រព្រឹត្តយ៉ាងណាបើអ្នកជឿគ្នីគ្នាធ្វើអំពើបាបនិងទទួលផលវិបាកនោះ? សេចក្ដីស្រឡាញ់មិនឲ្យយើងអរសប្បាយ ហាក់ដូចជាចង់និយាយថា‹ល្អណាស់! គាត់សមនឹងទទួលមែន!›។ (សុភាសិត ១៧:៥) ប៉ុន្តែ យើងអរសប្បាយពិតមែនពេលបងប្អូនដែលធ្វើខុសព្យាយាមកែខ្លួនឲ្យមានភាពរឹងមាំខាងវិញ្ញាណឡើងវិញ។
«ផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»
២១-២៣. (ក) តើប៉ុលមានន័យអ្វីពេលគាត់និយាយថា «សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»? (ខ) ក្នុងជំពូកចុងក្រោយតើយើងនឹងពិចារណាអ្វី?
២១ «សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ តើពាក្យនេះរបស់ប៉ុលមានន័យដូចម្ដេច? បើមើលបរិបទយើងឃើញថា គាត់កំពុងតែរៀបរាប់អំពីអំណោយទាននៃវិញ្ញាណបរិសុទ្ធដែលមានក្នុងចំណោមជនគ្រីស្ទានសម័យដើម។ អំណោយទាំងនោះជាទីសម្គាល់ថា ក្រុមជំនុំថ្មីនោះកំពុងតែទទួលព្រះគុណពីព្រះ។ ប៉ុន្តែ មិនមែនគ្រីស្ទានគ្រប់រូបអាចប្រោសឲ្យជា ទាយ ឬនិយាយជាភាសាផ្សេងៗនោះទេ។ ក៏ប៉ុន្តែ នោះមិនសំខាន់ទេ ពីព្រោះនៅទីបំផុតអំណោយទានដែលឲ្យធ្វើអព្ភូតហេតុនោះនឹងលែងមានតទៅទៀត។ ប៉ុន្តែ មានអ្វីមួយទៀតដែលនឹងមានជារៀងរហូត ជាអ្វីមួយដែលគ្រីស្ទានគ្រប់គ្នាអាចបណ្ដុះឲ្យមាន។ នោះគឺប្រសើរជាង ហើយស្ថិតស្ថេរយូរជាងអំណោយទានឯទៀត។ ការពិតប៉ុលបានហៅនោះជា«ផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»។ (កូរិនថូសទី១ ១២:៣១) តើ«ផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»នេះជាអ្វី? គឺជាសេចក្ដីស្រឡាញ់។
រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវសម្គាល់ដោយសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក
២២ ពិតណាស់ សេចក្ដីស្រឡាញ់របស់គ្រីស្ទានពិតដែលប៉ុលបានរៀបរាប់នោះ«មិនដែលផុតឡើយ» ឬថាមិនដែលសាបសូន្យនោះទេ។ រហូតដល់សព្វថ្ងៃនេះ សេចក្ដីស្រឡាញ់ជាបងប្អូនដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន ជាទីសម្គាល់អ្នកកាន់តាមដ៏ពិតរបស់ព្រះយេស៊ូ។ យើងពិតជាឃើញភស្តុតាងដែលបញ្ជាក់ថា មានសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំរបស់អ្នកថ្វាយបង្គំព្រះយេហូវ៉ាទូទាំងពិភពលោក មែនទេ? សេចក្ដីស្រឡាញ់បែបនេះនឹងមានជារៀងរហូត ដ្បិតព្រះយេហូវ៉ាសន្យាថាអ្នកបំរើស្មោះភក្ដីរបស់ទ្រង់នឹងបានជីវិតជារៀងរហូត។ (ទំនុកដំកើង ៣៧:៩-១១, ២៩) ចូរយើងបន្តព្យាយាមអស់ពីសមត្ថភាពដើម្បី«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច។ បើយើងធ្វើដូច្នេះ យើងអាចមានសុភមង្គលលើសលប់ដែលមកពីការឲ្យ។ សំខាន់ជាងនោះទៅទៀត យើងអាចរស់ជានិច្ច ហើយបង្ហាញសេចក្ដីស្រឡាញ់ជានិច្ច ដូចព្រះយេហូវ៉ាជាព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់។
២៣ ក្នុងជំពូកនេះដែលបញ្ចប់ផ្នែកអំពីសេចក្ដីស្រឡាញ់ យើងបានពិចារណាមើលរបៀបយើងអាចបង្ហាញសេចក្ដីស្រឡាញ់ទៅវិញទៅមក។ ប៉ុន្តែ ដោយគិតពីផលប្រយោជន៍ជាច្រើនដែលយើងទទួលពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ព្រមទាំងតេជានុភាព យុត្ដិធម៌ និងប្រាជ្ញារបស់ទ្រង់ យើងគួរគប្បីសួរខ្លួនថា ‹តើខ្ញុំអាចបង្ហាញព្រះយេហូវ៉ាថាខ្ញុំពិតជាស្រឡាញ់ទ្រង់យ៉ាងដូចម្ដេច?›។ សំនួរនេះនឹងត្រូវពិចារណាក្នុងជំពូកចុងក្រោយ។
a ប៉ុន្តែ សេចក្ដីស្រឡាញ់តាមគំរូព្រះគ្រីស្ទគឺមិនមែននាំឲ្យឆោតនោះទេ។ ព្រះគម្ពីរដាស់តឿនថា៖ «ចំណាំមើលអស់អ្នកដែលបណ្ដាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្ដីរវាតចិត្ត . . . [រួច]បែរចេញពីអ្នកទាំងនោះ»។—រ៉ូម ១៦:១៧