អ្នកគឺជា‹អ្វីដែលសំរាប់មើលលេង›
១ សាវ័កប៉ុលបានសរសេរថា៖ «យើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង»។ (កូរិនថូសទី១ ៤:៩) តើមានន័យអ្វី? ហើយសព្វថ្ងៃនេះ តើនេះគួរមានអានុភាពអ្វីមកលើយើងក្នុងកិច្ចបំរើ?
២ ចំពោះអ្នកនៅទីក្រុងកូរិនថូស ពាក្យថា«ទីសំរាប់មើលលេង»ទំនងជាបាននាំឲ្យគេគិតអំពីកីឡានៅទីក្រុងរ៉ូមពីបុរាណ ជាការប្រកួតប្រជែងដោយប្រយុទ្ធគ្នា ដែលក្នុងនោះមានមនុស្សជាប់ទោសដល់ស្លាប់ត្រូវបណ្ដើរហែមុខគេឲ្យមនុស្សរាប់ពាន់នាក់ឃើញមុនដែលគេត្រូវសម្លាប់យ៉ាងព្រៃផ្សៃ។ ស្រដៀងគ្នាដែរ ទាំងមនុស្សទាំងទេវតាបានសង្កេតឃើញសេចក្ដីទុក្ខវេទនារបស់គ្រីស្ទានទាំងប៉ុន្មាននៅសតវត្សទី១ ដែលបានរងទុក្ខដោយព្រោះការធ្វើបន្ទាល់ពីសេចក្ដីពិត។ (ហេព្រើរ ១០:៣២, ៣៣) គេបានមានឥទ្ធិពលទៅលើមនុស្សជាច្រើនដោយរក្សាភាពស្មោះត្រង់របស់គេ ដូចជាការស៊ូទ្រាំរបស់យើងមានឥទ្ធិពលដែរក្នុងគ្រាបច្ចុប្បន្ន។ តើអ្នកណាកំពុងតែមើលយើង?
៣ លោកីយ៍និងមនុស្ស: ជួនកាល ប្រព័ន្ធពត៌មានបោះពុម្ពផ្សាយរឿងអំពីសកម្មភាពស្មរបន្ទាល់ព្រះយេហូវ៉ា។យើងសប្បាយចិត្តពេលមានគេនិយាយល្អពីយើងនិងបញ្ជាក់ការពិតអំពីកិច្ចការរបស់យើងដោយមិនលំអៀងទេ តែយើងក៏ដឹងទុកជាមុនថា ជួនកាលក៏នឹងមានគេនិយាយអាក្រក់អំពីយើងដែរ។ យ៉ាងក៏ដោយ យើងបន្តចាត់ទុកខ្លួនឯងជាអ្នកបំរើរបស់ព្រះ ទោះ«គេនិយាយអាក្រក់ ឬល្អក្ដី»។ (កូរិនថូសទី២ ៦:៤, ៨) អ្នកដែលកំពុងតែមើលយើងទាំងមានចិត្តស្មោះនិងយល់ឃើញច្បាស់ ថាយើងគឺជាសិស្សពិតរបស់ព្រះយេស៊ូគ្រីស្ទ។
៤ ទេវតា: សត្តនិករវិញ្ញាណក៏ទតឃើញយើងដែរ។ អារក្សនិងពួកបិសាចរបស់វាកំពុងតែមើល តែដោយ«មានសេចក្ដីឃោរឃៅជាខ្លាំង» និងចង់បញ្ឈប់‹ការធ្វើបន្ទាល់ពីព្រះយេស៊ូ›។ (វិវរណៈ ១២:៩, ១២, ១៧) ទេវតាស្មោះត្រង់របស់ព្រះក៏ទតមើលហើយអរសប្បាយពេលអ្នកដែលធ្វើបាបប្រែចិត្តវិញ។ (លូកា ១៥:១០) យើងគួរបានកម្លាំងឡើងវិញដោយដឹងថា ទេវតាចាត់ទុកកិច្ចបំរើរបស់យើងជាកិច្ចការដ៏សំខាន់បំផុត និងដែលមានប្រយោជន៍ច្រើនបំផុតលើផែនដីនៅសព្វថ្ងៃនេះ!—វិវរណៈ ១៤:៦, ៧
៥ ពេលអ្នកប្រឈមការប្រឆាំងឬក៏គិតថាកិច្ចបំរើរបស់អ្នកមិនបង្កើតផល សូមនឹកចាំថា បុគ្គលទូទាំងសកលលោកកំពុងតែមើលអ្នក។ ការស៊ូទ្រាំយ៉ាងស្មោះត្រង់របស់អ្នក បញ្ជាក់យ៉ាងល្អិតល្អន់អំពីលក្ខណៈរបស់អ្នក។ នៅទីបំផុត ‹ការតយ៉ាងល្អដើម្បីជំនឿ›ដែលអ្នកប្រឹងធ្វើទៅនោះ នឹងជួយអ្នកមានសមត្ថភាព‹តោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់›។—ធីម៉ូថេទី១ ៦:១២