ជំពូកទីដប់បី
បើអាពាហ៍ពិពាហ៍ជិតបែកបាក់
១, ២. នៅពេលដែលមានការពិបាកក្នុងអាពាហ៍ពិពាហ៍ តើសំនួរអ្វីដែលគួរសួរឡើង?
នៅឆ្នាំ១៩៨៨ ស្ត្រីម្នាក់ជនជាតិអ៊ីតាលីឈ្មោះ លូឈៀរ មានចិត្តក្រៀមក្រំណាស់។a ក្រោយពីបានរៀបការអស់ដប់ឆ្នាំហើយ នោះអាពាហ៍ពិពាហ៍របស់គាត់បានមកដល់ទីបញ្ចប់។ គាត់បានខំប្រឹងផ្សះផ្សាជាមួយស្វាមីរបស់គាត់ជាច្រើនដង តែឥតបានជោគជ័យឡើយ។ ដូច្នេះហើយ ដោយព្រោះគ្មានការចុះសម្រុងគ្នា នោះគាត់ក៏សម្រេចចិត្តរស់នៅដាច់ឡែកពីគ្នា។ ហើយឥឡូវនេះគាត់កំពុងតែចិញ្ចឹមបីបាច់កូនស្រីពីរនាក់តែម្នាក់ឯង។ ពេលគិតអំពីគ្រានោះ លូឈៀរនឹកចាំថា៖ «ខ្ញុំបានប្រាកដក្នុងចិត្តថា គ្មានអ្វីដែលអាចជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់យើងបានឡើយ»។
២ ប្រសិនបើអ្នកមានបញ្ហាក្នុងអាពាហ៍ពិពាហ៍ នោះអ្នកអាចដឹងថាលូឈៀរនឹងមានអារម្មណ៍យ៉ាងណាហើយ។ អ្នកក៏អាចមានបញ្ហាក្នុងអាពាហ៍ពិពាហ៍របស់អ្នកដែរ ហើយអ្នកប្រហែលជាឆ្ងល់ថាតើអាពាហ៍ពិពាហ៍របស់ខ្លួននៅតែអាចមានផ្លូវជួយសង្គ្រោះបានឬក៏យ៉ាងណា? ប្រសិនបើដូច្នេះមែន នោះអ្នកនឹងទទួលប្រយោជន៍ បើអ្នកគិតអំពីសំនួរនេះដែលសួរថា៖ តើខ្ញុំបានធ្វើតាមឱវាទដ៏ល្អដែលព្រះបានប្រទានឲ្យក្នុងព្រះគម្ពីរ ដើម្បីជួយឲ្យអាពាហ៍ពិពាហ៍បានជោគជ័យឬទេ?—ទំនុកដំកើង ១១៩:១០៥
៣. ទោះជាគេនិយមលែងលះគ្នាក៏ដោយ តើមានរបាយការណ៍យ៉ាងណាស្តីអំពីប្រតិកម្មក្នុងចំណោមមនុស្សដែលបានលែងលះគ្នានិងក្រុមគ្រួសាររបស់គេនោះ?
៣ នៅពេលមានការតានតឹងចិត្តខ្លាំងរវាងស្វាមីនិងភរិយា នោះការបញ្ចប់អាពាហ៍ពិពាហ៍ ហាក់ដូចជាស្រួលធ្វើបំផុត។ ក៏ប៉ុន្តែ ទោះជាប្រទេសជាច្រើនបានពិសោធន៍នូវកំណើននៃការបែកបាក់គ្នាក្នុងគ្រួសារក៏ដោយ តែតាមការស្រាវជ្រាវថ្មីៗនេះបង្ហាញថា បុរសនិងស្ត្រីភាគច្រើនបានស្ដាយក្រោយនឹងការបែកបាក់គ្នានេះ។ បុរសនិងស្ត្រីមួយចំនួនរងទុក្ខនឹងបញ្ហាខាងសុខភាព គឺសុខភាពផ្លូវកាយនិងផ្លូវចិត្តច្រើនជាងអស់អ្នកដែលរស់នៅជាប់ជាមួយគូរបស់ខ្លួនទៅទៀត។ ដោយសារតែការលែងលះគ្នានេះ ធ្វើឲ្យកូនៗមានអារម្មណ៍ច្របូកច្របល់និងមិនសប្បាយចិត្តជាយូរ។ ឪពុកម្ដាយនិងមិត្តភក្ដិរបស់គ្រួសារដែលបែកបាក់គ្នានេះ ក៏រងទុក្ខផងដែរ។ ហើយចំពោះព្រះដែលជាអ្នកផ្ដើមអាពាហ៍ពិពាហ៍នោះ តើទ្រង់មានទស្សនៈចំពោះស្ថានភាពនេះយ៉ាងណាដែរ?
៤. តើបញ្ហាទាំងប៉ុន្មានក្នុងអាពាហ៍ពិពាហ៍គួរដោះស្រាយយ៉ាងដូចម្ដេច?
៤ ដូចបានកត់សម្គាល់ក្នុងជំពូកមុនៗនេះ ព្រះមានបំណងឲ្យអាពាហ៍ពិពាហ៍ ជាចំណងមួយដែលត្រូវចងភ្ជាប់ជារៀងរហូត។ (លោកុប្បត្តិ ២:២៤) បើដូច្នេះមែន តើហេតុអ្វីបានជាអាពាហ៍ពិពាហ៍ជាច្រើនបែកបាក់គ្នា? ការបែកបាក់គ្នានេះមិនមែនកើតឡើងភ្លាមៗនោះទេ។ តាមធម្មតាគឺមានសញ្ញាព្រមានប្រាប់ឲ្យដឹងទុកជាមុន។ បញ្ហាតូចតាចក្នុងអាពាហ៍ពិពាហ៍អាចទៅជាធំឡើងៗ រហូតដល់ហាក់ដូចជាមិនអាចដោះស្រាយបានឡើយ។ ក៏ប៉ុន្តែ បើបញ្ហាទាំងនេះបានត្រូវដោះស្រាយជាបន្ទាន់ ដោយប្រើជំនួយពីព្រះគម្ពីរ នោះការបែកបាក់ក្នុងអាពាហ៍ពិពាហ៍ជាច្រើនអាចជៀសវាងបាន។
ចូរឲ្យមានគំនិតសមហេតុផល
៥. តើអាពាហ៍ពិពាហ៍គួរទទួលស្គាល់ចំពោះស្ថានភាពដ៏សមហេតុផលអ្វី?
៥ កត្ដាមួយដែលជួនកាលនាំឲ្យមានបញ្ហា គឺដោយសារការមានសេចក្ដីសង្ឃឹមដ៏ឥតសមហេតុផល ពីបុគ្គលម្នាក់ឬទាំងពីរនាក់ក្នុងអាពាហ៍ពិពាហ៍។ រឿងប្រលោមលោក ទស្សនាវដ្ដីដែលល្បីៗ កម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តអាចនាំឲ្យមានសេចក្ដីសង្ឃឹម និងការស្រមើស្រមៃដែលខុសគ្នាឆ្ងាយណាស់ពីជីវិតមែនទែន។ នៅពេលដែលការស្រមើស្រមៃនេះឥតបានកើតឡើងសោះ បុគ្គលម្នាក់នោះមានអារម្មណ៍ថាគូរបស់ខ្លួនបានបោកប្រាស់ខ្លួនហើយ និងមានអារម្មណ៍ឥតពេញចិត្ត ព្រមទាំងក្ដៅក្រហាយទៀតផង។ ប៉ុន្តែ តើតាមរបៀបណាដែលមនុស្សពីរនាក់ដែលឥតគ្រប់ល័ក្ខណ៍ អាចមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍បាន? ដើម្បីឲ្យមានទំនាក់ទំនងដ៏ល្អ នេះតម្រូវឲ្យមានការខំប្រឹងអស់ពីសមត្ថភាព។
៦. (ក) តើព្រះគម្ពីរផ្ដល់នូវទស្សនៈដែលប្រកបដោយតុល្យភាពយ៉ាងណាអំពីអាពាហ៍ពិពាហ៍? (ខ) តើមានមូលហេតុណាខ្លះចំពោះការខ្វែងគំនិតគ្នាក្នុងអាពាហ៍ពិពាហ៍?
៦ ព្រះគម្ពីរគឺមានប្រយោជន៍។ ព្រះគម្ពីរទទួលស្គាល់នូវអំណរក្នុងអាពាហ៍ពិពាហ៍ តែក៏ព្រមានថាអស់អ្នកដែលរៀបការ«នឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម»ដែរ។ (កូរិនថូសទី១ ៧:២៨) ដូចបានកត់សម្គាល់នៅជំពូកមុនហើយ គេទាំងពីរគឺឥតគ្រប់ល័ក្ខណ៍ និងឆាប់ធ្វើខុស។ សមាសភាពខាងគំនិតនិងចិត្តព្រមទាំងការអប់រំដែលមនុស្សម្នាក់ៗទទួលតាំងពីក្មេងមក ក៏ខុសគ្នាដែរ។ ជួនកាលស្វាមីភរិយាមិនឯកភាពគ្នាអំពីរឿងលុយកាក់ រឿងកូនចៅ និងរឿងសាច់ថ្លៃ។ ការគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការជាមួយគ្នា និងបញ្ហាខាងការរួមដំណេក ក៏អាចជាប្រភពនៃការទាស់ទែងគ្នាដែរ។b គឺត្រូវការពេលវេលាដើម្បីដោះស្រាយរឿងទាំងនេះ តែសូមកុំអស់សង្ឃឹមឡើយ! គូអាពាហ៍ពិពាហ៍ភាគច្រើនអាចប្រឈមមុខនឹងបញ្ហាទាំងនេះ និងពួកគេក៏រកដំណោះស្រាយដែលមានការយល់ព្រមទាំងសងខាង។
សូមពិគ្រោះនូវការខ្វែងគំនិតគ្នា
៧, ៨. បើមានអារម្មណ៍ឈឺចាប់ឬការយល់ច្រឡំរវាងស្វាមីភរិយា តើអ្វីជាវិធីដោះស្រាយចំពោះរឿងទាំងនេះដែលស្របតាមព្រះគម្ពីរ?
៧ មនុស្សជាច្រើនមានការពិបាករក្សាឲ្យមានចិត្តស្ងប់ ពេលដែលគេពិគ្រោះអំពីអារម្មណ៍ដ៏ឈឺចាប់ ការយល់ច្រឡំ ឬគុណវិបត្ដិផ្ទាល់ខ្លួន។ ជាជាងនិយាយយ៉ាងត្រង់ថា៖ «បងមិនយល់ចិត្តអូនទេ!» នោះស្វាមីឬភរិយាអាចរំជួលចិត្តយ៉ាងខ្លាំង និងនិយាយពន្លើសពីបញ្ហានោះ។ ស្វាមីឬភរិយាជាច្រើននឹងនិយាយថា៖ «បងគិតតែពីខ្លួនឯងទេ!»។ ឬក៏ថា៖ «បងមិនស្រឡាញ់អូនទេ!»។ ដោយមិនចង់ឲ្យមានការឈ្លោះប្រកែកគ្នា នោះគូម្នាក់ទៀតប្រហែលជាមិនតបឆ្លើយនោះទេ។
៨ ទង្វើដ៏ល្អដែលអាចធ្វើតាម គឺដោយស្ដាប់តាមឱវាទក្នុងព្រះគម្ពីរដែលថា៖ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ»។ (អេភេសូរ ៤:២៦) ពេលមកដល់ថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី៦០របស់ពួកគេ នោះគូស្វាមីភរិយាមួយគូដែលមានសុភមង្គល បានត្រូវគេសួរអំពីកត្ដាដ៏សំខាន់ដែលនាំឲ្យអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គល។ ស្វាមីនោះមានប្រសាសន៍ថា៖ «យើងបានយល់ដឹងថា ទោះជាមានរឿងតូចតាចអ្វីក៏ដោយ យើងមិនអាចចូលគេងដោយពុំទាន់ដោះស្រាយទំនាស់ដែលមានជាមួយគ្នានោះឡើយ»។
៩. (ក) តើអ្វីដែលបានសម្គាល់ក្នុងព្រះគម្ពីរជាផ្នែកដ៏សំខាន់ ចំពោះការប្រស្រ័យទាក់ទងគ្នា? (ខ) តើគូអាពាហ៍ពិពាហ៍ត្រូវការធ្វើអ្វី ទោះជានេះតម្រូវឲ្យមានចិត្តក្លាហាននិងចិត្តរាបទាបនោះ?
៩ នៅពេលដែលស្វាមីនិងភរិយាឥតឯកភាពគ្នា នោះម្នាក់ៗត្រូវឲ្យ«ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។ (យ៉ាកុប ១:១៩) ក្រោយពីបានស្ដាប់យ៉ាងយកចិត្តទុកដាក់ នោះស្វាមីភរិយាទាំងពីរនាក់ អាចឃើញនូវសេចក្ដីត្រូវការក្នុងការសារភាពកំហុស។ (យ៉ាកុប ៥:១៦) ដោយនិយាយស្មោះអស់ពីចិត្តថា «សុំទោស! ដែលបងធ្វើឲ្យអូនឈឺចិត្ត» គឺតម្រូវឲ្យមានចិត្តរាបទាបនិងចិត្តក្លាហាន។ ប៉ុន្តែការដោះស្រាយការទាស់ទែងគ្នាតាមរបៀបនេះ នឹងមានប្រសិទ្ធិភាពណាស់ក្នុងការជួយគូអាពាហ៍ពិពាហ៍ឲ្យដោះស្រាយបញ្ហារបស់ពួកគេ។ នេះក៏បណ្ដុះបណ្ដាលឲ្យមានភាពកក់ក្ដៅនិងភាពស្និទ្ធស្នាល ដែលធ្វើឲ្យពួកគេមានចិត្តរីករាយយ៉ាងខ្លាំងពេលនៅជាមួយគ្នា។
ការរួមដំណេកក្នុងអាពាហ៍ពិពាហ៍
១០. តើការការពារអ្វីដែលប៉ុលយល់ព្រមឲ្យពួកគ្រីស្ទាននៅក្រុងកូរិនថូសធ្វើ ដែលអាចទាក់ទងពួកគ្រីស្ទាននៅសព្វថ្ងៃនេះដែរ?
១០ នៅពេលសាវ័កប៉ុលបានសរសេរទៅកាន់បងប្អូននៅក្រុងកូរិនថូស គាត់បានយល់ព្រមឲ្យរៀបការ«ដោយព្រោះមានការសហាយស្មន់កើតឡើង»។ (កូរិនថូសទី១ ៧:២) ពិភពលោកសព្វថ្ងៃនេះគឺអាក្រក់ដូចក្រុងកូរិនថូសពីបុរាណដែរ ឬក៏អាក្រក់ជាងនេះទៅទៀត។ រឿងអសីលធម៌គឺជាប្រធានមួយដែលមនុស្សក្នុងលោកីយ៍នេះយកមកពិគ្រោះដោយឥតលាក់លៀម និងរបៀបដ៏ឥតសមរម្យដែលពួកគេស្លៀកពាក់ ថែមទាំងរឿងតម្រេកខាងកាម ដែលមានក្នុងទស្សនាវដ្ដីនិងសៀវភៅ តាមទូរទស្សន៍ ព្រមទាំងតាមខ្សែភាពយន្ត ទាំងអស់នេះហើយដែលធ្វើឲ្យមានចំណង់ខ្លាំងខាងកាមដែលខុសច្បាប់។ សាវ័កប៉ុលបាននិយាយទៅកាន់បងប្អូននៅក្រុងកូរិនថូសដែលរស់នៅក្នុងមជ្ឈដ្ឋានស្រដៀងគ្នានេះថា៖ «ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ»។—កូរិនថូសទី១ ៧:៩
១១, ១២. (ក) តើស្វាមីនិងភរិយាមានកាតព្វកិច្ចអ្វីជាមួយគ្នា ហើយគួរឲ្យមានទឹកចិត្តបែបណា? (ខ) តើគួរដោះស្រាយស្ថានការណ៍នេះយ៉ាងណា បើមិនបានរួមដំណេកជាមួយគ្នាអស់មួយរយៈនោះ?
១១ ដូច្នេះហើយ ព្រះគម្ពីរបញ្ជាពួកគ្រីស្ទានដែលរៀបការហើយថា៖ «ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ»។ (កូរិនថូសទី១ ៧:៣) សូមកត់សម្គាល់ថា នេះគឺបញ្ជាក់លើការឲ្យ មិនមែនលើការទាមទារទេ។ ការរួមដំណេកក្នុងអាពាហ៍ពិពាហ៍គួរជាទីគាប់ចិត្ត បើគូនិមួយៗយកចិត្តទុកដាក់នឹងប្រយោជន៍នៃគូរបស់ខ្លួន។ ជាឧទាហរណ៍ ព្រះគម្ពីរបញ្ជាស្វាមីឲ្យប្រព្រឹត្តនឹងភរិយា«ដោយប្រាជ្ញា»។ (ពេត្រុសទី១ ៣:៧) នេះគឺពិសេស ក្នុងការបំពេញកាមារម្មណ៍គ្នាទៅវិញទៅមកក្នុងអាពាហ៍ពិពាហ៍នោះ។ ប្រសិនបើមិនប្រព្រឹត្តចំពោះប្រពន្ធដោយថ្នាក់ថ្នមទេ នោះនាងប្រហែលជាមានការពិបាកនឹងពេញចិត្តចំពោះរឿងនេះក្នុងអាពាហ៍ពិពាហ៍។
១២ យូរៗម្ដង នោះគូអាពាហ៍ពិពាហ៍ប្រហែលជាមិនបានរួមដំណេកជាមួយគ្នា។ ចំពោះភរិយានេះអាចជាការពិត ក្នុងពេលណាមួយប្រចាំខែ ឬនៅពេលដែលនាងមានអារម្មណ៍ល្វើយខ្លាំង។ (ប្រៀបមើល លេវីវិន័យ ១៨:១៩) ចំពោះស្វាមីនេះក៏ដូច្នេះដែរ ពេលដែលគាត់កំពុងតែដោះស្រាយនឹងបញ្ហាដ៏ធំមួយនៅកន្លែងធ្វើការ ហើយអស់កម្លាំង។ ករណីនៃការផ្អាកការរួមដំណេកក្នុងអាពាហ៍ពិពាហ៍សំរាប់មួយរយៈបែបនេះ អាចដោះស្រាយបានយ៉ាងប្រសើរ បើទាំងពីរនាក់ពិគ្រោះដោយស្មោះអំពីស្ថានការណ៍ទាំងនេះនិងយល់ស្របដោយ«ស្រុះចិត្តគ្នា»នោះ។ (កូរិនថូសទី១ ៧:៥) នេះនឹងបង្ការគូនិមួយៗពីការសន្និដ្ឋានដ៏ខុស។ ក៏ប៉ុន្តែ បើភរិយាម្នាក់បង្អត់ស្វាមីនាងដោយចេតនា ឬប្រសិនបើស្វាមីមិនបានរួមដំណេកជាមួយភរិយាតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ទេ នោះពួកគេទាំងពីរនាក់អាចជាប់ល្បួងបានយ៉ាងស្រួលទៀតផង។ នៅក្នុងស្ថានការណ៍បែបនេះ បញ្ហាអាចកើតឡើងក្នុងអាពាហ៍ពិពាហ៍។
១៣. តើតាមរបៀបណាដែលគ្រីស្ទានខំប្រឹងឲ្យគំនិតរបស់ខ្លួននៅស្អាតស្អំ?
១៣ ដូចជាគ្រីស្ទានគ្រប់រូបដែរ អ្នកបំរើរបស់ព្រះដែលរៀបការហើយ ត្រូវតែជៀសវាងរូបអាសអាភាស ដែលអាចបង្កើតឲ្យមានសេចក្ដីប៉ងប្រាថ្នាដ៏មិនស្អាតស្អំនិងមិនធម្មតា។ (កូល៉ុស ៣:៥) ពួកគេត្រូវតែការពារគំនិតនិងការប្រព្រឹត្តរបស់ខ្លួន នៅពេលដែលទាក់ទងជាមួយនឹងមនុស្សភេទផ្ទុយពីខ្លួន។ ព្រះយេស៊ូបានព្រមានថា៖ «អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»។ (ម៉ាថាយ ៥:២៨) ដោយអនុវត្តតាមឱវាទក្នុងព្រះគម្ពីរស្តីអំពីការរួមភេទ នោះស្វាមីភរិយាអាចជៀសវាងពីការធ្លាក់ក្នុងការលួងលោមនិងការផិតគ្នា។ ពួកគេអាចពេញចិត្តនឹងភាពស្និទ្ធស្នាលយ៉ាងរីករាយក្នុងអាពាហ៍ពិពាហ៍ ដែលក្នុងនោះការរួមដំណេកបានចាត់ទុកជារង្វាន់ពីព្រះយេហូវ៉ាដែលជាអ្នកផ្ដើមអាពាហ៍ពិពាហ៍។—សុភាសិត ៥:១៥-១៩
មូលហេតុក្នុងព្រះគម្ពីរចំពោះការលែងលះគ្នា
១៤. ជួនកាល តើមានស្ថានការណ៍ដ៏គួរឲ្យសោកស្ដាយបែបណា? ហើយតើហេតុអ្វី?
១៤ គួរឲ្យសប្បាយមែន ក្នុងអាពាហ៍ពិពាហ៍គ្រីស្ទានភាគច្រើន នោះបញ្ហាអ្វីដែលកើតឡើងគឺអាចដោះស្រាយបាន។ ប៉ុន្តែ ជួនកាលគឺមិនអាចដោះស្រាយបានទេ។ ដោយព្រោះមនុស្សជាតិឥតគ្រប់ល័ក្ខណ៍ និងរស់នៅក្នុងលោកីយ៍ដែលមានបាបក្រោមការគ្រប់គ្រងរបស់សាតាំង នោះអាពាហ៍ពិពាហ៍ខ្លះជិតបែកបាក់គ្នា។ (យ៉ូហានទី១ ៥:១៩) តើតាមរបៀបណាដែលគ្រីស្ទានគួរដោះស្រាយនឹងស្ថានការណ៍ដ៏ពិបាកបែបនេះ?
១៥. (ក) តើអ្វីជាមូលហេតុតែមួយគត់ស្របតាមបទគម្ពីរចំពោះការលែងលះគ្នា ដែលបើកលទ្ធភាពឲ្យរៀបការម្ដងទៀតនោះ? (ខ) ហេតុអ្វីបានជាអ្នកខ្លះសម្រេចចិត្តមិនលែងលះគូអាពាហ៍ពិពាហ៍ដែលឥតស្មោះត្រង់នោះ?
១៥ ដូចបានរៀបរាប់នៅជំពូកទី២ក្នុងសៀវភៅនេះ អំពើសហាយស្មន់ជាមូលហេតុតែមួយគត់ស្របតាមបទគម្ពីរចំពោះការលែងលះគ្នា ដែលបើកលទ្ធភាពឲ្យរៀបការម្ដងទៀតបាន។c (ម៉ាថាយ ១៩:៩) ប្រសិនបើអ្នកមានភស្តុតាងជាក់ស្តែងថា គូអាពាហ៍ពិពាហ៍របស់អ្នកឥតបានស្មោះត្រង់ នោះអ្នកត្រូវប្រឈមមុខនឹងសេចក្ដីសម្រេចដ៏ពិបាកមួយ។ តើអ្នកនឹងបន្តរស់នៅជាមួយគ្នាឬលែងលះគ្នា? ចំពោះរឿងនេះគឺគ្មានច្បាប់ចំៗទេ។ គ្រីស្ទានខ្លះបានអភ័យទោសទាំងស្រុងឲ្យគូដែលបានប្រែចិត្តដ៏ស្មោះ ហើយគូអាពាហ៍ពិពាហ៍របស់គេក៏បានរួមរស់ជាមួយគ្នាឡើងវិញ។ គ្រីស្ទានឯទៀតបានសម្រេចចិត្តមិនលែងលះគ្នា ដើម្បីជាប្រយោជន៍ដល់កូន។
១៦. (ក) តើមានកត្ដាណាខ្លះដែលបានជំរុញអ្នកខ្លះឲ្យលែងលះគូអាពាហ៍ពិពាហ៍ដែលបានប្រព្រឹត្តខុសនោះ? (ខ) នៅពេលគូដែលគ្មានកំហុសសម្រេចចិត្តលែងលះឬក៏មិនលែង ហេតុអ្វីបានជាគ្មានអ្នកណាគួររិះគន់នឹងសេចក្ដីសម្រេចរបស់គាត់?
១៦ ម្យ៉ាងវិញទៀត ការប្រព្រឹត្តអំពើបាបខាងកាមអាចនាំឲ្យមានផ្ទៃពោះ ឬជំងឺកាមរោគ។ ឬក៏ប្រហែលជាកូនត្រូវការការពារពីឪពុកឬម្ដាយ ដែលចាប់រំលោភកូន។ យ៉ាងប្រាកដណាស់ គឺមានរឿងជាច្រើនដែលត្រូវពិនិត្យមើល មុននឹងធ្វើការសម្រេចចិត្តនោះ។ ប៉ុន្តែ ប្រសិនបើអ្នកដឹងអំពីការក្បត់នៃគូរបស់អ្នក ហើយក្រោយមកចាប់ផ្ដើមរួមភេទជាមួយគូនោះ ដូច្នេះអ្នកបង្ហាញថាអ្នកបានអភ័យទោសឲ្យគាត់ និងចង់បន្តរួមរស់ជាមួយគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍នោះ, មូលហេតុចំពោះការលែងលះគ្នាស្របតាមបទគម្ពីរ ដែលបើកលទ្ធភាពឲ្យរៀបការម្ដងទៀត នោះលែងមានទៀតហើយចំពោះករណីរបស់គាត់។ គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកនឹងរឿងរបស់អ្នក និងខំប្រឹងធ្វើឲ្យមានអានុភាពលើសេចក្ដីសម្រេចចិត្តរបស់អ្នកទេ។ ហើយក៏គ្មានអ្នកណាម្នាក់គួររិះគន់ចំពោះសេចក្ដីសម្រេចចិត្តរបស់អ្នកឡើយ ពេលដែលអ្នកធ្វើការសម្រេចចិត្តយ៉ាងណានោះ។ អ្នកសម្រេចចិត្តធ្វើយ៉ាងណា អ្នកនឹងត្រូវតែរស់នៅទៅតាមលទ្ធផលនោះ។ «ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។—កាឡាទី ៦:៥
មូលហេតុចំពោះការរស់នៅដាច់ឡែកពីគ្នា
១៧. ប្រសិនបើឥតមានអំពើសហាយស្មន់ទេ តើបទគម្ពីរដាក់កំរិតអ្វីលើការរស់នៅដាច់ឡែកពីគ្នា ឬការលែងលះគ្នានោះ?
១៧ ទោះជាគូអាពាហ៍ពិពាហ៍ម្នាក់ឥតប្រព្រឹត្តអំពើសហាយស្មន់ក៏ដោយ តើមានស្ថានការណ៍ដែលអាចបង្ហាញនូវមូលហេតុណាចំពោះការរស់នៅដាច់ឡែកពីគ្នា ឬប្រហែលជាលែងលះគ្នាពីគូរបស់ខ្លួនឬទេ? មានមែន! តែក្នុងករណីបែបនេះ នោះគ្រីស្ទានម្នាក់ឥតមានសិទ្ធិរៀបការម្ដងទៀតបានឡើយ។ (ម៉ាថាយ ៥:៣២) កាលដែលអនុញ្ញាតឲ្យមានការរស់នៅដាច់ឡែកពីគ្នាបែបនេះ ព្រះគម្ពីរចែងដោយមានល័ក្ខខ័ណ្ឌថា បុគ្គលដែលចាកចេញនោះគួរ«នៅជាឥតប្ដីទៅចុះ ឬឲ្យជានឹងប្ដីខ្លួនវិញទៅ»។ (កូរិនថូសទី១ ៧:១១) តើមានស្ថានការណ៍ដ៏ពិបាកណាខ្លះ ដែលធ្វើឲ្យការរស់នៅដាច់ឡែកពីគ្នាហាក់ដូចជាសមគួរនោះ?
១៨, ១៩. តើមានស្ថានការណ៍ដ៏ពិបាកណាខ្លះ ដែលអាចនាំឲ្យគូម្នាក់គិតថ្លឹងថ្លែងអំពីការរស់នៅដាច់ឡែកពីគ្នា ឬការលែងលះគ្នា ទោះជាគ្មានលទ្ធភាពរៀបការម្ដងទៀតក៏ដោយ?
១៨ គ្រួសារនេះអាចទៅជាក្រីក្រទុគ៌ត ដោយព្រោះភាពខ្ជិលច្រអូសនិងទម្លាប់ដ៏អាក្រក់របស់ស្វាមី។d គាត់អាចលេងល្បែងដោយប្រើប្រាក់ចំណូលរបស់គ្រួសារ ឬប្រើប្រាក់នេះដើម្បីយកទៅទិញថ្នាំញៀនឬស្រា។ ព្រះគម្ពីរចែងថា៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យ . . . ពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) បើបុរសបែបនេះបដិសេធមិនព្រមកែប្រែផ្លូវរបស់គាត់ ហើយថែមទាំងប្រហែលចំណាយប្រាក់សំរាប់អំពើអបាយមុខរបស់គាត់ ដោយប្រើប្រាក់កំរៃដែលភរិយារកបាន នោះភរិយានេះអាចសម្រេចរស់នៅដាច់ពីគ្នាតាមច្បាប់ ដើម្បីការពារសុខភាពនាងនិងកូនរបស់នាង។
១៩ ប្រសិនបើគូនោះប្រព្រឹត្តអំពើឃោរឃៅដល់ស្វាមីឬភរិយាខ្លួន ប្រហែលជាដោយវាយបុគ្គលនោះជាញឹកញាប់ រហូតដល់មានគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងជីវិតផង នោះការចាត់វិធានការតាមច្បាប់បែបនេះក៏អាចយកមកគិតផងដែរ។ បន្ថែមទៅទៀត ប្រសិនបើគូម្នាក់ខំប្រឹងដោយឥតឈប់ឈរឲ្យគូអាពាហ៍ពិពាហ៍របស់ខ្លួនបំពានលើបញ្ជារបស់ព្រះតាមរបៀបណាមួយ នោះគូដែលត្រូវគេគំរាមកំហែង ក៏អាចគិតអំពីការរស់នៅដាច់ឡែកពីគ្នាបានដែរ ជាពិសេសប្រសិនបើរឿងនេះកើតឡើងយ៉ាងខ្លាំងដែលមានគ្រោះថ្នាក់ដល់សុខភាពខាងវិញ្ញាណរបស់គាត់។ គូដែលរងនូវគ្រោះថ្នាក់នេះអាចសន្និដ្ឋានថា មានផ្លូវតែមួយគត់គឺ«ស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស» ដោយទទួលយកការរស់នៅដាច់ឡែកពីគ្នាតាមច្បាប់។—កិច្ចការ ៥:២៩
២០. (ក) ក្នុងករណីនៃការបែកបាក់ក្នុងគ្រួសារ តើមិត្តភក្ដិនិងពួកអ្នកចាស់ទុំអាចឲ្យយោបល់អ្វី? ហើយតើពួកគាត់ពុំគួរផ្ដល់ឲ្យយោបល់អ្វី? (ខ) តើអស់អ្នកដែលរៀបការហើយ មិនគួរប្រើឯកសារយោងក្នុងព្រះគម្ពីរ ស្តីអំពីការរស់នៅដាច់ឡែកពីគ្នា និងការលែងលះគ្នាជាការដោះសាដើម្បីធ្វើអ្វី?
២០ ក្នុងគ្រប់ករណីនៃការធ្វើបាបយ៉ាងខ្លាំងដោយគូរបស់ខ្លួន គ្មានអ្នកណាម្នាក់គួរបង្ខំឲ្យបុគ្គលរងគ្រោះនោះទៅរស់នៅដាច់ដោយឡែក ឬនៅជាមួយគូរបស់ខ្លួនបន្តទៅទៀតទេ។ ទោះជាមិត្តដែលមានគំនិតចាស់ទុំនិងពួកអ្នកចាស់ទុំ អាចផ្ដល់នូវជំនួយនិងឱវាទពីព្រះគម្ពីរក៏ដោយ ប៉ុន្តែពួកគេមិនអាចដឹងសព្វគ្រប់នូវរឿងល្អិតល្អន់ ចំពោះអ្វីដែលកើតឡើងរវាងស្វាមីនិងភរិយាឡើយ។ មានតែព្រះយេហូវ៉ាទេដែលជ្រាបអំពីរឿងនោះ។ ប្រាកដហើយ ភរិយាគ្រីស្ទាននឹងមិនលើកកិត្ដិយសដល់របៀបរៀបចំចំពោះអាពាហ៍ពិពាហ៍ទេ ប្រសិនបើនាងប្រើការដោះសាដែលមិនគួរឲ្យជឿ ដើម្បីចាកចេញពីគូរបស់ខ្លួននោះ។ ប៉ុន្តែ ប្រសិនបើនៅតែមានស្ថានភាពដែលមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នោះគ្មានអ្នកណាម្នាក់គួររិះគន់នាង ប្រសិនបើនាងសម្រេចចិត្តរស់នៅដាច់ដោយឡែកពីស្វាមីរបស់ខ្លួន។ នេះក៏អាចជាករណីដូចគ្នាដែរ ចំពោះស្វាមីគ្រីស្ទានដែលចង់រស់នៅដាច់ឡែកពីគ្នានោះ។ ‹យើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ព្រះ›។—រ៉ូម ១៤:១០
របៀបដែលអាចជួយសង្គ្រោះអាពាហ៍ពិពាហ៍ដែលបែកបាក់
២១. តើបទពិសោធន៍អ្វីដែលបង្ហាញថា ឱវាទក្នុងព្រះគម្ពីរស្តីអំពីអាពាហ៍ពិពាហ៍ គឺមានប្រសិទ្ធិភាពនោះ?
២១ នាងលូឈៀរដែលយើងបានរៀបរាប់នៅខាងលើនេះ ក្រោយពីនាងបានរស់នៅដាច់ឡែកពីស្វាមីរបស់នាងអស់បីខែហើយ នោះនាងក៏បានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ហើយស្មបន្ទាល់នោះបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនឹងនាង។ ក្រោយមកនាងពន្យល់ថា៖ «គួរឲ្យភ្ញាក់ផ្អើលមែន ដែលព្រះគម្ពីរបានផ្ដល់នូវដំណោះស្រាយដែលមានប្រយោជន៍ចំពោះបញ្ហារបស់ខ្ញុំ។ គ្រាន់តែក្រោយពីសិក្សាមួយសប្ដាហ៍ ភ្លាមនោះខ្ញុំចង់ផ្សះផ្សានឹងស្វាមីរបស់ខ្ញុំវិញ។ សព្វថ្ងៃនេះ ខ្ញុំអាចនិយាយថាព្រះយេហូវ៉ាជ្រាបនូវរបៀបដែលអាចជួយសង្គ្រោះអាពាហ៍ពិពាហ៍ដែលមានវិបត្ដិ ពីព្រោះការបង្រៀនរបស់ទ្រង់ជួយគូស្វាមីភរិយា ឲ្យរៀនចេះគោរពគ្នាទៅវិញទៅមក។ គឺមិនមែនជាការពិតទេ ដែលអ្នកខ្លះបានអះអាងថា ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើឲ្យបែកបាក់គ្រួសារនោះ។ ក្នុងករណីរបស់ខ្ញុំ គឺពិតជាខុសស្រឡះតែម្ដង»។ លូឈៀរបានរៀនចេះអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់នាង។
២២. តើស្វាមីភរិយាគ្រប់គ្នាគួរមានទំនុកចិត្តទៅលើអ្វី?
២២ រឿងរបស់លូឈៀរមិនមែនប្លែកពីគេទេ។ អាពាហ៍ពិពាហ៍គួរជាពរ មិនមែនជាបន្ទុកនោះឡើយ។ ដើម្បីសម្រេចគោលបំណងនេះ ព្រះយេហូវ៉ាបានប្រទាននូវប្រភពដ៏ល្អបំផុត ស្តីអំពីឱវាទខាងអាពាហ៍ពិពាហ៍ ដែលបានសរសេរមក។ ហើយនោះជាព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់។ ព្រះគម្ពីរអាចធ្វើឲ្យ«មនុស្សខ្លៅល្ងង់មានប្រាជ្ញា»។ (ទំនុកដំកើង ១៩:៧-១១) នេះបានជួយសង្គ្រោះអាពាហ៍ពិពាហ៍ជាច្រើនដែលជិតនឹងបែកបាក់គ្នា ហើយអាចធ្វើឲ្យបានប្រសើរដល់អាពាហ៍ពិពាហ៍ច្រើនទៀត ដែលមានបញ្ហាដ៏ធ្ងន់ធ្ងរ។ សូមឲ្យស្វាមីភរិយាគ្រប់គ្នាមានទំនុកចិត្តទាំងស្រុងលើឱវាទខាងអាពាហ៍ពិពាហ៍ ដែលព្រះយេហូវ៉ាប្រទានមក។ នេះគឺពិតជាមានប្រសិទ្ធិភាពមែន!
a ឈ្មោះនេះបានត្រូវប្ដូរ។
b ចំណុចខ្លះបានពិគ្រោះក្នុងជំពូកមុនៗហើយ។
c ពាក្យក្នុងព្រះគម្ពីរដែលបានបកប្រែថា «សហាយស្មន់» រួមបញ្ចូលសេចក្ដីកំផិត ការរួមសង្វាសនឹងភេទដូចគ្នា ការរួមសង្វាសនឹងសត្វ និងការប្រព្រឹត្តដ៏ខុសច្បាប់ឯទៀតដែលប្រើសរីរាង្គបន្តពូជក្នុងផ្លូវខុស។
d នេះមិនរួមបញ្ចូលស្ថានការណ៍ចំពោះស្វាមីដែលមានចេតនាល្អ តែពុំអាចផ្គត់ផ្គង់ចិញ្ចឹមគ្រួសារគាត់ ដោយព្រោះហួសពីសមត្ថភាពរបស់គាត់ ឬដោយសារគាត់មានជំងឺឬក៏គ្មានការងារធ្វើនោះទេ។