តើអ្វីដែលជម្រុញទឹកចិត្តអ្នកឲ្យបំរើព្រះនោះ?
«ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់[ព្រះយេហូវ៉ា, ព.ថ.]ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង»។—ម៉ាកុស ១២:៣០
១, ២. តើអ្វីដែលកំពុងតែបានសម្រេចដ៏រំភើបដែលជាប់ទាក់ទងនឹងកិច្ចការផ្សាយ?
តម្លៃពិតនៃរថយន្តមួយ មិនមែនសម្រេចទៅលើតួឡានខាងក្រៅទាំងស្រុងនោះឡើយ។ ស្រទាប់ថ្នាំថ្មីប្រហែលជាធ្វើឲ្យខាងក្រៅបានល្អឡើង ហើយរូបរាងឡានដ៏រលោងក៏អាចទាក់ទាញចិត្តអ្នកទិញណាម្នាក់ដែរ ប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតដែលមើលមិនសូវឃើញនោះ—គឺគ្រឿងយន្តដែលធ្វើឲ្យរថយន្តបើកទៅមុខ ព្រមទាំងគ្រឿងផ្សេងៗទៀតដែលធ្វើឲ្យដើរនោះ។
២ នេះក៏ស្រដៀងគ្នានឹងកិច្ចបំរើរបស់ជនគ្រីស្ទានចំពោះព្រះដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាមានកិច្ចការជាច្រើនក្នុងការបំរើព្រះ។ ជារៀងរាល់ឆ្នាំពួកគេបានចំណាយពេលជាងមួយពាន់លានម៉ោង ក្នុងការផ្សាយដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ។ ម្យ៉ាងវិញទៀត ពួកគេកំពុងតែបង្រៀនមនុស្សរាប់លាននាក់អំពីព្រះគម្ពីរ ហើយមនុស្សរាប់រយពាន់នាក់កំពុងតែធ្វើបុណ្យជ្រមុជទឹកដែរ។ បើសិនអ្នកជាបុគ្គលប្រកាសនៃដំណឹងល្អម្នាក់ នោះអ្នកក៏បានចូលរួមក្នុងការផ្សាយនេះដែរ—សូម្បីតែដូចជាតិចតួចក្ដី—នៅក្នុងស្ថិតិលេខដ៏រំភើបទាំងនេះ។ ហើយអ្នកអាចទុកចិត្តបានថា «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»នោះឡើយ។—ហេព្រើរ ៦:១០
៣. តើអ្វីក្រៅពីកិច្ចការដែលជនគ្រីស្ទានត្រូវតែខ្វល់ខ្វាយជាសំខាន់ ហើយហេតុអ្វី?
៣ ប៉ុន្តែ តម្លៃពិតនៃកិច្ចបំរើរបស់យើង—ជាក្រុមឬក៏ជាបុគ្គលម្នាក់ៗក្ដី—គឺមិនវាស់ដោយចំនួនប៉ុណ្ណោះទេ។ សាំយូអែលត្រូវបានប្រាប់ថា៖ «ឯមនុស្សលោកតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៧) ត្រូវហើយ អ្វីដែលសំខាន់ចំពោះព្រះនោះ គឺយើងជាមនុស្សប្រភេទណានៅក្នុងចិត្តរបស់យើង។ ពិតមែន កិច្ចការគឺចាំបាច់ណាស់។ អំពើប្រព្រឹត្តនៃការគោរពប្រតិបត្ដិដល់ព្រះលំអការបង្រៀនរបស់ព្រះយេហូវ៉ា ហើយអាចទាញចិត្តពួកសិស្សដែលមាននៅអនាគត។ (ម៉ាថាយ ៥:១៤-១៦; ទីតុស ២:១០; ពេត្រុសទី២ ៣:១១) ប៉ុន្តែ កិច្ចការរបស់យើងមិនសម្ដែងឲ្យឃើញរឿងទាំងអស់នោះបានទេ។ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញបានបណ្ដាលឲ្យមានការខ្វល់ខ្វាយ ចំពោះក្រុមជំនុំនៅឯក្រុងអេភេសូរ ថ្វីបើពួកគេមានប្រវត្ដិធ្វើការដ៏ល្អក្ដី។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា៖ «អញស្គាល់អស់ទាំងការដែលឯងធ្វើ . . . តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថាឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ»។—វិវរណៈ ២:១-៤
៤. (ក) តើតាមរបៀបណាដែលកិច្ចបំរើរបស់យើងជូនព្រះអាចក្លាយទៅជាភារកិច្ចជាទម្លាប់នោះ? (ខ) ហេតុអ្វីក៏ត្រូវការជាចាំបាច់ក្នុងការពិនិត្យមើលខ្លួនយើង?
៤ មានគ្រោះថ្នាក់ម្យ៉ាងដែលអាចកើតមានឡើង។ ក្នុងកំឡុងពេលជាយូរទៅ កិច្ចបំរើរបស់យើងចំពោះព្រះអាចគ្រាន់តែទៅជាភារកិច្ចជាទម្លាប់បាន។ ស្ត្រីជនគ្រីស្ទានម្នាក់បានរៀបរាប់ស្ថានភាពរបស់នាងតាមរបៀបនេះថា៖ «ខ្ញុំតែងតែទៅផ្សាយ ទៅឯកិច្ចប្រជុំ សិក្សា អធិស្ឋាន—ប៉ុន្តែខ្ញុំធ្វើដោយស្វ័យប្រវត្ត មិនមានមនោសញ្ចេតនាសោះឡើយ»។ ប្រាកដមែន អ្នកបំរើរបស់ព្រះត្រូវបានសរសើរនៅពេលដែលគេខំខ្នះខ្នែង ថ្វីបើគេមានអារម្មណ៍«វាយដួលស្តូក»ឬ«ត្រូវបន្ទាប»ក្ដី។ (កូរិនថូសទី២ ៤:៩; ៧:៦) យ៉ាងណាក្ដី នៅពេលដែលទម្រុងការគ្រីស្ទានរបស់យើងមិនជឿនទៅមុខ យើងត្រូវការខំសម្លឹងមើលទៅខាងក្នុងគ្រឿងយន្ត បើនិយាយជាអត្ថបដិរូបនោះ។ សូម្បីតែរថយន្តដ៏ល្អប្រសើរក៏ត្រូវការថែទាំជាចាំបាច់ដែរ។ ក្នុងភាពស្រដៀងគ្នានេះ ជនគ្រីស្ទានគ្រប់ៗគ្នាក៏ត្រូវការពិនិត្យមើលខ្លួនឲ្យបានទៀតទាត់ដែរ។ (កូរិនថូសទី២ ១៣:៥) អ្នកឯទៀតអាចមើលឃើញកិច្ចការរបស់យើង ប៉ុន្តែពួកគេមិនអាចយល់នូវអ្វីដែលជំរុញទឹកចិត្តសំរាប់ការប្រព្រឹត្តរបស់យើងទេ។ ដូច្នេះ យើងគ្រប់ៗគ្នាត្រូវតែយកចិត្តទុកដាក់នឹងសំនួរដែលថា៖ ‹តើអ្វីដែលជំរុញទឹកចិត្តខ្ញុំឲ្យបំរើព្រះនោះ›?
ឧបសគ្គនៃការជំរុញទឹកចិត្តត្រឹមត្រូវ
៥. តើបទបញ្ជាមួយណាដែលព្រះយេស៊ូមានបន្ទូលថាសំខាន់ជាងគេបំផុតនោះ?
៥ នៅពេលដែលគេបានសួរថាតើច្បាប់មួយណាដែលផ្ដល់ទៅឲ្យអ៊ីស្រាអែល ដែលសំខាន់ជាងគេបំផុតនោះ ព្រះយេស៊ូបានដកស្រង់នូវបញ្ជាដែលបញ្ជាក់អំពីបំណងចិត្ត មិនមែនអាការខាងក្រៅទេ៖ «ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង»។ (ម៉ាកុស ១២:២៨-៣០) ដូច្នេះព្រះយេស៊ូបានសម្គាល់នូវអ្វីដែលត្រូវជាកម្លាំងជំរុញឲ្យយើងបំរើព្រះ—គឺសេចក្ដីស្រឡាញ់។
៦, ៧. (ក) តើតាមរបៀបណាដែលសាតាំងបានប្រើស្នៀតបញ្ឆោតប្រយុទ្ធទៅលើក្រុមគ្រួសារ ហើយហេតុអ្វី? (កូរិនថូសទី២ ២:១១) (ខ) តើការអប់រំរបស់បុគ្គលម្នាក់អាចមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់ខ្លួន ចំពោះអំណាចរបស់ព្រះយ៉ាងណា?
៦ សាតាំងចង់បង្ខាំងសមត្ថភាពរបស់យើងពីការបណ្ដុះឲ្យមានគុណសម្បត្ដិនៃសេចក្ដីស្រឡាញ់។ ដើម្បីនឹងសម្រេចការនេះ វិធីមួយដែលវាបានប្រើនោះ គឺការវាយលុកក្នុងក្រុមគ្រួសារ។ ហេតុអ្វី? ពីព្រោះនេះជាកន្លែងដែលសេចក្ដីស្រឡាញ់របស់យើងបានស្ថាបនាឡើងហើយបានជាស្ថាពរផង។ សាតាំងដឹងយ៉ាងច្បាស់ថា គោលការណ៍ខាងព្រះគម្ពីរដែលបានរៀននៅពេលជាភាពកុមារនោះ អាចមានតម្លៃណាស់នៅពេលធំពេញវ័យឡើង។ (សុភាសិត ២២:៦) យ៉ាងស្នៀតបញ្ឆោត វាបានប៉ុនប៉ងចង់បង្ខូចនូវគំនិតរបស់យើងអំពីសេចក្ដីស្រឡាញ់តាំងពីក្មេង។ ជា«ព្រះរបស់លោកីយនេះ» សាតាំងឃើញថាគោលបំណងរបស់វាបានសំរេចហើយ នៅពេលណាដែលមនុស្សជាច្រើនបានលូតលាស់ឡើងក្នុងគ្រួសារដែលគ្មានបរិយាការដ៏សន្ដិសុខនិងសេចក្ដីស្រឡាញ់ ប៉ុន្តែជាបរិយាការដែលមានការវាយតប់គ្នាដ៏ជូរចត់ កំហឹង ហើយនិងការជេរប្រមាថគ្នា។—កូរិនថូសទី២ ៤:៤; អេភេសូរ ៤:៣១, ៣២; ៦:៤; កូល៉ុស ៣:២១
៧ សៀវភៅដែលមានចំណងជើង ការធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកមានសុភមង្គលបានសង្កេតឃើញថា របៀបដែលឪពុកកាន់កាប់តួនាទីខាងមាតាបិតានោះ «អាចមានឥទ្ធិពលជាស្ថាពរទៅលើកូនចៅរបស់គាត់ ចំពោះអំណាចរបស់មនុស្សនិងព្រះ»។a បុរសគ្រីស្ទានម្នាក់ ដែលបានមានវ័យធំឡើងនៅក្រោមអំណាចឪពុកដ៏ឃោរឃៅម្នាក់បានសារភាពថា៖ «ចំពោះខ្ញុំ ការគោរពស្ដាប់បង្គាប់ព្រះយេហូវ៉ាគឺស្រួលធ្វើទេ តែការស្រឡាញ់ទ្រង់វិញគឺពិបាកនឹងធ្វើណាស់»។ ប្រាកដហើយ ការគោរពស្ដាប់បង្គាប់គឺសំខាន់ណាស់ ពីព្រោះក្នុងព្រះនេត្ររបស់ព្រះ «ដែលស្ដាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា»។ (សាំយូអែលទី១ ១៥:២២) ប៉ុន្តែតើមានអ្វីដែលអាចជួយយើងឲ្យធ្វើលើសពីការគោរពស្ដាប់បង្គាប់នេះទៅទៀត ហើយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ជាកម្លាំងជំរុញយើងឲ្យថ្វាយបង្គំនោះ?
«សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ»
៨, ៩. តើយញ្ញបូជាលោះរបស់ព្រះយេស៊ូត្រូវជំរុញឲ្យយើងមានសេចក្ដីស្រឡាញ់ដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន?
៨ អ្វីដែលជំរុញយើងដ៏ធំមួយដើម្បីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់សំរាប់ព្រះយេហូវ៉ានោះ គឺការអបអរចំពោះយញ្ញបូជាលោះនៃព្រះយេស៊ូគ្រីស្ទ។ «សេចក្ដីស្រឡាញ់របស់ព្រះបានសម្ដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់»។ (យ៉ូហានទី១ ៤:៩) ក្រោយពីយើងបានយល់ហើយអបអរអំពីរឿងនេះ ការប្រព្រឹត្តនៃសេចក្ដីស្រឡាញ់នេះធ្វើឲ្យមានការប្រតិកម្មនៃសេចក្ដីស្រឡាញ់វិញដែរ។ «យើងស្រឡាញ់ទ្រង់[ព្រះយេហូវ៉ា, ព.ថ.] ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន»។—យ៉ូហានទី១ ៤:១៩
៩ ព្រះយេស៊ូបានព្រមទទួលកិច្ចបំរើរបស់ទ្រង់ដោយស្ម័គ្រចិត្ត ដើម្បីនឹងបំរើជាអ្នកសង្គ្រោះមនុស្ស។ «ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្ដូរព្រះជន្មទ្រង់ជំនួសយើង»។ (យ៉ូហានទី១ ៣:១៦; យ៉ូហាន ១៥:១៣) សេចក្ដីស្រឡាញ់ដ៏បូជារបស់ព្រះយេស៊ូ គួរតែធ្វើឲ្យយើងប្រព្រឹត្តតបដោយអំណរដែរ។ ដើម្បីនឹងពន្យល់៖ ឧបមាថាអ្នកត្រូវបានគេសង្គ្រោះពីការលង់ទឹក។ តើអ្នកអាចទៅផ្ទះ ជូតខ្លួន ហើយបំភ្លេចចោលអំពីការនេះបានទេ? គឺមិនបានទេ! អ្នកនឹងមានអារម្មណ៍ជំពាក់គុណដល់បុគ្គលដែលបានសង្គ្រោះអ្នក។ ពីព្រោះបើយើងពិចារណាមើលទៅ អ្នកគឺជំពាក់គុណដល់បុគ្គលនោះចំពោះជីវិតរបស់អ្នក។ ចុះចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូវិញនោះ តើយើងមិនជំពាក់គុណដែរទេឬ? បើគ្មានតម្លៃលោះ យើងម្នាក់ៗនឹងលង់ទឹកបាត់អស់ទៅហើយ ក្នុងអំពើបាបនិងសេចក្ដីស្លាប់។ ផ្ទុយទៅវិញ ដោយសារតែការប្រព្រឹត្តនៃសេចក្ដីស្រឡាញ់នេះ យើងមានសង្ឃឹមរស់នៅជានិរន្តរ៍នៅលើផែនដីមនោរម្យ។—រ៉ូម ៥:១២, ១៨; ពេត្រុសទី១ ២:២៤
១០. (ក) តើតាមរបៀបណាដែលយើងអាចប្រព្រឹត្តឲ្យការលោះជាអ្វីមួយសំរាប់យើងផ្ទាល់ខ្លួននោះ? (ខ) តើសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបានជំរុញយើងយ៉ាងដូចម្ដេច?
១០ ចូររំពឹងគិតទៅលើតម្លៃលោះចុះ។ ចូរប្រព្រឹត្តឲ្យការលោះជាអ្វីមួយសំរាប់យើងផ្ទាល់ខ្លួនដូចប៉ុលដែរចុះ៖ «ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ (កាឡាទី ២:២០) ការរំពឹងគិតបែបនេះ នឹងធ្វើឲ្យមានការជំរុញទឹកចិត្ត ពីព្រោះប៉ុលបានសរសេរទៅពួកកូរិនថូសថា៖ «ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា . . . ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) ព្រះគម្ពីរយេរូសាឡិមចែងថាសេចក្ដីស្រឡាញ់ព្រះគ្រីស្ទ«ធ្វើឲ្យយើងរំភើបយ៉ាងខ្លាំង»។ នៅពេលដែលយើងខំជញ្ជឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ យើងត្រូវបានជំរុញយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យរំភើបចិត្តយ៉ាងខ្លាំងផង។ នេះប៉ះដល់ចិត្តរបស់យើងហើយជំរុញយើងឲ្យប្រព្រឹត្តអ្វីមួយ។ ដូចសេចក្ដីបកប្រែរបស់លោកហ្វីលិពបានបកស្រាយពង្រីកថា៖ «ការកើតមានឡើងនៃសកម្មភាពរបស់យើង គឺដោយសារសេចក្ដីស្រឡាញ់នៃព្រះគ្រីស្ទ»។ ការជំរុញទឹកចិត្តផ្សេងៗទៀត មិនអាចផលិតផលផ្លែជាស្ថាពរក្នុងយើងឡើយ ដូចជាបានបង្ហាញមកដោយគំរូរបស់ពួកផារីស៊ី។
«ប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារីស៊ី»
១១. ចូរពិពណ៌នាអំពីអាកប្បកិរិយារបស់ពួកផារីស៊ីចំពោះកិច្ចការខាងសាសនា។
១១ ពួកផារីស៊ីបានធ្វើឲ្យការថ្វាយបង្គំព្រះទៅជាមោឃៈ។ ជាជាងបញ្ជាក់ពីសេចក្ដីស្រឡាញ់ចំពោះព្រះនោះ ពួកគេបានបញ្ជាក់អំពីកិច្ចការជាគ្រឿងវាស់ចំពោះភាពវិញ្ញាណ។ ពួកគេរវល់ជាប់តែនឹងច្បាប់ដ៏កំប៊ិកកំប៉ុក ដែលធ្វើឲ្យពួកគេជាមនុស្សសុចរិតនៅខាងក្រៅ ប៉ុន្តែនៅខាងក្នុងពួកគេ«មានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ»។—ម៉ាថាយ ២៣:២៧
១២. ក្រោយពីព្រះយេស៊ូបានប្រោសបុរសម្នាក់ឲ្យជា តើតាមរបៀបណាដែលពួកផារីស៊ីបង្ហាញថាពួកគេមានចិត្តមិនត្រឹមត្រូវនោះ?
១២ នៅគ្រាមួយ ព្រះយេស៊ូដោយអាណិតអាសូរបានប្រោសដៃបុគ្គលម្នាក់ដែលបានស្វិត។ បុរសម្នាក់នេះច្បាស់ជាសប្បាយចិត្តណាស់ ដែលបានពិសោធការប្រោសឲ្យជាភ្លាមនោះ ពីការឈឺចាប់ខាងរូបកាយនិងខាងចិត្ត! ប៉ុន្តែ ពួកផារីស៊ីមិនបានសប្បាយចិត្តជាមួយនឹងទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេបានទិតៀនទៅលើចំណុចដ៏កំប៊ិកកំប៉ុក—ដែលថាព្រះយេស៊ូបានផ្ដល់ជំនួយនៅថ្ងៃឈប់សំរាក។ ដោយជាប់រវល់តែនឹងការបកស្រាយនៃច្បាប់ដ៏កំប៊ិកកំប៉ុកនោះ ពួកផារីស៊ីមិនបានយល់ប្រាកដពីច្បាប់នោះទេ។ ដូច្នេះហើយបានជាព្រះយេស៊ូបាន«មានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស»! (ម៉ាកុស ៣:១-៥) ម្យ៉ាងវិញទៀត ទ្រង់បានព្រមានពួកសិស្សរបស់ទ្រង់ថា៖ «ចូរឲ្យពិចារណា ហើយប្រុងប្រយ័តចំពោះដំបែរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីឲ្យមែនទែន»។ (ម៉ាថាយ ១៦:៦) សកម្មភាពនិងអាកប្បកិរិយារបស់គេត្រូវបានបញ្ចេញឲ្យឃើញនៅក្នុងព្រះគម្ពីរសំរាប់ជាផលប្រយោជន៍ដល់យើង។
១៣. នៅក្នុងឧទាហរណ៍នៃពួកផារីស៊ី តើមានមេរៀនអ្វីខ្លះដែលយើងអាចរៀនបាន?
១៣ គំរូរបស់ពួកផារីស៊ីបង្រៀនយើងថា យើងត្រូវតែមានទស្សនៈឲ្យបានសមហេតុផលចំពោះកិច្ចការ។ ប្រាកដហើយ កិច្ចការគឺសំខាន់ណាស់ ពីព្រោះ«សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ»។ (យ៉ាកុប ២:២៦) ប៉ុន្តែ មនុស្សមិនល្អឥតខ្ចោះតែងតែមានការទោរទន់ក្នុងការវិនិច្ឆ័យអ្នកដទៃនូវអ្វីដែលគេធ្វើ ជាជាងថាគេជាបុគ្គលប្រភេទណាទៅវិញ។ នៅពេលខ្លះ យើងក៏ប្រហែលជាបានវិនិច្ឆ័យខ្លួនយើងតាមរបៀបនេះដែរ។ យើងប្រហែលបានគិតតែអំពីកិច្ចការតែប៉ុណ្ណោះ ហាក់បីដូចនេះជាលក្ខណវិនិច្ឆ័យនៃភាពវិញ្ញាណរបស់យើងទាំងស្រុង។ យើងអាចភ្លេចនូវសារៈសំខាន់នៃការពិចារណាគោលបំណងរបស់យើង។ (ប្រៀបធៀបកូរិនថូសទី២ ៥:១២) យើងអាចប្រហែលទៅជាមនុស្សដែលកាន់ច្បាប់ដ៏តឹងរ៉ឹងដែល«ត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ» ដោយគោរពស្ដាប់បង្គាប់តាមច្បាប់ តែបំពានលើបំណងនៃច្បាប់នោះវិញ។—ម៉ាថាយ ២៣:២៤
១៤. តើតាមរបៀបណាដែលពួកផារីស៊ីដូចជាចានឬថាសដ៏ប្រឡាក់មួយនោះ?
១៤ អ្វីដែលពួកផារីស៊ីមិនយល់នោះគឺថា បើសិនជាបុគ្គលណាម្នាក់ពិតជាស្រឡាញ់ព្រះយេហូវ៉ាមែន ការគោរពប្រតិបត្ដិដល់ព្រះនឹងមានឡើងជាផលដោយឯកឯង។ ភាពវិញ្ញាណគឺហូរចេញពីខាងក្នុងទៅខាងក្រៅ។ ព្រះយេស៊ូបានប្រកាសមិនយល់ព្រមយ៉ាងឧឡារឹកនឹងពួកផារីស៊ីចំពោះគំនិតដ៏ខុសរបស់ពួកគេចំពោះរឿងនេះ ដោយមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ»។—ម៉ាថាយ ២៣:២៥, ២៦
១៥. ចូរដកស្រង់នូវឧទាហរណ៍ដែលបង្ហាញថា ព្រះយេស៊ូទតមើលហួសលើសពីអាការក្រៅ។
១៥ អាការក្រៅនៃចានឬថាសមួយ ឬព្រមទាំងអាគារណាមួយក្ដី ក៏ពុំអាចបង្ហាញឲ្យឃើញនូវអ្វីៗទាំងអស់បានឡើយ។ សូម្បីតែពួកសិស្សរបស់ព្រះយេស៊ូក៏បានពោរពេញទៅដោយសេចក្ដីស្ងើចដែរ ដោយឃើញសោភ័ណភាពនៃព្រះវិហារក្នុងក្រុងយេរូសាឡិម តែព្រះយេស៊ូបានហៅវិហារនោះ«ជារោងចោរ»ពីព្រោះនូវអ្វីដែលកំពុងតែកើតឡើងនៅខាងក្នុងនោះ។ (ម៉ាកុស ១១:១៧; ១៣:១) អ្វីដែលមានការជាក់ស្តែងចំពោះព្រះវិហារនោះ ក៏មានការជាក់ស្តែងចំពោះពួកអ្នកដែលអះអាងជាជនគ្រីស្ទានរាប់លាននាក់ដែរ ដូចជាបានបង្ហាញឲ្យឃើញក្នុងប្រវត្ដិនៃពិភពគ្រីស្ទសាសនា។ ព្រះយេស៊ូបានមានបន្ទូលថា ទ្រង់នឹងវិនិច្ឆ័យពួកអ្នកខ្លះដែលបានប្រព្រឹត្ត«ឫទ្ធិបារមីជាច្រើន»ក្នុងព្រះនាមទ្រង់ ថាជាពួក«ទទឹងច្បាប់»។ (ម៉ាថាយ ៧:២២, ២៣) ប៉ុន្តែផ្ទុយគ្នាទាំងស្រុងទៅវិញ ទ្រង់បានមានបន្ទូលអំពីស្ត្រីមេម៉ាយម្នាក់ដែលបានផ្ដល់ចំនួនប្រាក់ដ៏ស្តួចស្តើងនៅព្រះវិហារថា៖ «ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង . . . ស្ត្រីនេះបានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង»។ (ម៉ាកុស ១២:៤១-៤៤) តើទ្រង់បានកាត់ទោសម្ដងដូច្នេះម្ដងដូច្នោះឬ? គឺមិនមែនទេ។ ក្នុងស្ថានការណ៍ទាំងពីរ ព្រះយេស៊ូបានសម្ដែងឲ្យឃើញនូវទស្សនៈរបស់ព្រះយេហូវ៉ា។ (យ៉ូហាន ៨:១៦) ទ្រង់បានទតឃើញបំណងចិត្តនៃកិច្ចការនោះ ហើយក៏បានកាត់ទោសយោងទៅតាមនោះទៅ។
«គ្រប់គ្នាតាមដំរិះគេរៀងខ្លួន»
១៦. ហេតុអ្វីក៏យើងមិនត្រូវតែងតែប្រៀបធៀបសកម្មភាពរបស់យើងជាមួយនឹងជនគ្រីស្ទានម្នាក់ទៀតនោះ?
១៦ បើសិនជាយើងមានបំណងចិត្តត្រឹមត្រូវនោះ គឺមិនចាំបាច់ប្រៀបធៀបជាមួយនឹងអ្នកណាម្នាក់ទេ។ ជាឧទាហរណ៍ គឺមិនបានសម្រេចអ្វីឡើយដោយការខំខ្នះខ្នែងយ៉ាងប្រកួតប្រជែង ដើម្បីនឹងចំណាយពេលផ្សាយឲ្យបានស្មើនឹងជនគ្រីស្ទានម្នាក់ទៀត ឬប្រកួតនឹងការសម្រេចរបស់បុគ្គលណាម្នាក់ក្នុងការដើរផ្សាយនោះ។ ព្រះយេស៊ូបានមានបន្ទូលថា ឲ្យស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត ពីគំនិត ពីព្រលឹង ហើយពីកម្លាំងរបស់អ្នក—មិនមែនឲ្យអស់ពីអ្នកផ្សេងទៀតឡើយ។ សមត្ថភាពរបស់បុគ្គលម្នាក់ៗ ការធន់ និងកាលៈទេសៈគឺខុសពីគ្នា។ បើសិនជាអ្នកមានស្ថានការណ៍ល្អ សេចក្ដីស្រឡាញ់នឹងជំរុញទឹកចិត្តអ្នកឲ្យចំណាយពេលក្នុងកិច្ចបំរើ—ប្រហែលជាបំរើជាអ្នកត្រួសត្រាយពេញពេលផងក៏បាន។ ប៉ុន្តែ បើសិនជាអ្នកមានការឈឺ ពេលវេលាដែលអ្នកចំណាយក្នុងកិច្ចបំរើប្រហែលជាបានតិចជាងអ្នកប្រាថ្នា។ សូមកុំធ្លាក់ទឹកចិត្តឡើយ។ សេចក្ដីស្មោះត្រង់ចំពោះព្រះមិនមែនវាស់ក្នុងចំនួនម៉ោងនោះទេ។ ដោយមានបំណងចិត្តបរិសុទ្ធ អ្នកនឹងមានមូលហេតុក្នុងការមានអំណរ។ ប៉ុលបានសរសេរថា៖ «ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ»។—កាឡាទី ៦:៤
១៧. តាមពាក្យរបស់អ្នក ចូររៀបរាប់យ៉ាងសង្ខេបនូវរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិន។
១៧ ចូរពិចារណាអំពីរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិន ដូចបានកត់ទុកមកនៅឯម៉ាថាយ ២៥:១៤-៣០។ បុរសម្នាក់ដែលរៀបនឹងធ្វើដំណើរទៅប្រទេសក្រៅបានហៅពួកបាវបំរើរបស់គាត់មកប្រជុំ ហើយបានផ្ដល់ទ្រព្យរបស់គាត់ទាំងអស់ទៅឲ្យពួកគេ។ «បានឲ្យប្រាក់ទៅម្នាក់៥ពាន់[ថាល្លិន, ព.ថ.]ម្នាក់ទៀត២ពាន់[ថាល្លិន] ហើយអ្នកទីបី១ពាន់[ថាល្លិន] គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន»។ នៅពេលដែលចៅហ្វាយបានត្រឡប់មកវិញដើម្បីនឹងចែកបញ្ជីប្រាក់ចេញចូលជាមួយពួកអ្នកបំរើរបស់គាត់ តើគាត់បានឃើញយ៉ាងណាដែរ? បាវបំរើដែលបានផ្ដល់ឲ្យប្រាក់ថាល្លិនប្រាំនោះ បានចំណេញប្រាក់ថាល្លិនប្រាំទៀត។ យ៉ាងដូច្នោះដែរ បាវបំរើដែលបានផ្ដល់ប្រាក់ថាល្លិនពីរ ក៏បានចំណេញប្រាក់ថាល្លិនពីរទៀតដែរ។ បាវបំរើដែលបានផ្ដល់ឲ្យប្រាក់ថាល្លិនមួយនោះ បានយកទៅកប់នៅក្នុងដី ហើយមិនបានធ្វើអ្វីឲ្យបានចំណេញទ្រព្យរបស់ចៅហ្វាយគាត់ឡើយ។ តើអ្វីទៅជាការស្ទង់ប៉ាន់នៃស្ថានការណ៍របស់ចៅហ្វាយនេះ?
១៨, ១៩. (ក) ហេតុអ្វីក៏ចៅហ្វាយមិនប្រៀបធៀបបាវបំរើដែលបានផ្ដល់ឲ្យប្រាក់ថាល្លិនពីរជាមួយនឹងបាវបំរើដែលបានផ្ដល់ឲ្យប្រាក់ថាល្លិនប្រាំនោះ? (ខ) តើរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិនប្រាប់យើងយ៉ាងណាអំពីការសរសើរនិងការប្រៀបធៀប? (គ) ហេតុអ្វីក៏បាវបំរើទីបីបានទទួលការកាត់ទោសដ៏អាក្រក់ម្ល៉េះ?
១៨ ជាដំបូង ចូរឲ្យយើងពិចារណាពីពួកបាវបំរើដែលបានផ្ដល់ឲ្យប្រាក់ថាល្លិនប្រាំនិងប្រាក់ថាល្លិនពីរ។ ចំពោះបាវបំរើទាំងពីរនេះ ចៅហ្វាយបានមានប្រសាសន៍ថា៖ «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ»! តើគាត់នឹងនិយាយបែបនេះទេ បើសិនជាបាវបំរើដែលមានប្រាក់ថាល្លិនប្រាំ បានចំណេញតែប្រាក់ថាល្លិនពីរវិញនោះ? ប្រហែលជាមិនទេ! ម្យ៉ាងវិញទៀត គាត់មិនបាននិយាយទៅបាវបំរើដែលមានប្រាក់ថាល្លិនពីរ៖ ‹ហេតុអ្វីក៏ឯងមិនបានចំណេញប្រាំវិញដូច្នេះទេ? ចូរមើលពួកបាវបំរើគ្នីគ្នារបស់ឯងចុះ គេឃើញបានចំណេញជាច្រើនសំរាប់អញមែន›! គឺមិនទេ ចៅហ្វាយដែលមានចិត្តអាណិតអាសូរ ដែលតំណាងព្រះយេស៊ូនោះ មិនបានធ្វើការប្រៀបធៀបអញ្ចឹងទេ។ ទ្រង់បានប្រគល់ឲ្យប្រាក់ថាល្លិន‹អ្នកបំរើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន› ហើយមិនសង្ឃឹមចង់បានអ្វីមកវិញជាងអ្វីៗដែលបុគ្គលនោះអាចធ្វើទៅបានឡើយ។ បាវបំរើទាំងពីរបានទទួលការសរសើរស្មើគ្នា ពីព្រោះទាំងពីរនាក់បានខំប្រឹងធ្វើការឲ្យចៅហ្វាយរបស់គេយ៉ាងអស់ពីចិត្ត។ យើងគ្រប់ៗគ្នាក៏អាចរៀនពីរឿងនេះដែរ។
១៩ ប្រាកដហើយ បាវបំរើទីបីមិនបានទទួលការសរសើរបែបនេះទេ។ តាមការពិត គាត់ត្រូវបានបោះចោលទៅកន្លែងងងឹតខាងក្រៅវិញ។ ដោយបានទទួលប្រាក់ថាល្លិនតែមួយនោះ ចៅហ្វាយមិនសង្ឃឹមថាគាត់នឹងបានចំណេញដូចបាវបំរើដែលមានប្រាក់ថាល្លិនប្រាំនោះឡើយ។ ប៉ុន្តែ គាត់មិនទាំងខំប្រឹងធ្វើការនេះផង! គាត់បានទទួលការកាត់ទោសមិនល្អនោះ គឺពីព្រោះគាត់មានចិត្តជា«បាវអាក្រក់ ហើយខ្ជិលច្រអូស» ដែលគ្មានសេចក្ដីស្រឡាញ់សំរាប់ចៅហ្វាយរបស់គាត់។
២០. តើព្រះយេហូវ៉ាទតមើលការខ្វះខាតរបស់យើងដោយយ៉ាងដូចម្ដេច?
២០ ព្រះយេហូវ៉ាចង់ឲ្យយើងម្នាក់ៗស្រឡាញ់ទ្រង់ឲ្យអស់ពីកម្លាំងរបស់យើង នេះជាការគួរឲ្យកក់ក្ដៅចិត្តណាស់ ដែល«ទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»! (ទំនុកដំកើង ១០៣:១៤) សុភាសិត ២១:២ចែងថា៖ «ព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ»—មិនមែនស្ថិតិលេខនោះឡើយ។ ទ្រង់ទតយល់នូវការខ្វះខាតដែលយើងមិនអាចទប់បាន មិនថានេះជាប្រាក់កាស រូបរាងកាយ ខាងផ្លូវចិត្ត ឬអ្វីផ្សេងៗទៀតនោះឡើយ។ (អេសាយ ៦៣:៩) នៅពេលដដែលនេះ ទ្រង់ចង់ឲ្យយើងប្រើប្រាក់ដែលយើងប្រហែលជាមានឲ្យអស់ពីសមត្ថភាព។ ព្រះយេហូវ៉ាជាបុគ្គលដ៏ល្អគ្រប់ល័ក្ខណ៍ ប៉ុន្តែនៅពេលដែលទាក់ទងជាមួយនឹងពួកអ្នកថ្វាយបង្គំដ៏មិនល្អឥតខ្ចោះរបស់ទ្រង់ ទ្រង់មិនមែនតម្រូវការល្អឥតខ្ចោះពីពួកអ្នកបំរើរបស់ទ្រង់នោះឡើយ។ ហើយក្នុងការប្រព្រឹត្តរបស់ទ្រង់ ទ្រង់ក៏មិនមែនឥតសមហេតុផល ហើយចង់បានរបស់ដែលមិនអាចសម្រេចបាននោះទេ។
២១. បើយើងមានសេចក្ដីស្រឡាញ់ក្នុងកិច្ចបំរើរបស់យើង តើនឹងមានផលល្អយ៉ាងណាជាបន្ទាប់នោះ?
២១ ការស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត ព្រលឹង គំនិត និងកម្លាំងនោះ«វិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។ (ម៉ាកុស ១២:៣៣) បើសិនជាសេចក្ដីស្រឡាញ់ជំរុញចិត្តយើង នោះយើងនឹងខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងកិច្ចបំរើព្រះ។ ពេត្រុសបានសរសេរថាបើសិនជាគុណសម្បត្ដិរបស់ព្រះ រួមទាំងសេចក្ដីស្រឡាញ់«មានសេចក្ដីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ»។—ពេត្រុសទី២ ១:៨
[កំណត់សម្គាល់]
a បានបោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
ក្នុងការពិភាក្សាសាឡើងវិញ
◻ តើអ្វីដែលត្រូវតែជាកម្លាំងជំរុញយើងក្នុងកិច្ចបំរើព្រះនោះ?
◻ តើតាមរបៀបណាដែលសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញយើងឲ្យបំរើព្រះយេហូវ៉ា?
◻ តើអំពល់អ្វីនៃពួកផារីស៊ីដែលយើងត្រូវតែចៀសវាងនោះ?
◻ ហេតុអ្វីក៏មិនមានប្រាជ្ញាក្នុងការខំប្រៀបធៀបកិច្ចបំរើរបស់យើងជាមួយនឹងជនគ្រីស្ទានម្នាក់ទៀតនោះ?
[រូបភាពនៅទំព័រ២០]
សមត្ថភាព ការធន់ និងកាលៈទេសៈនៃបុគ្គលម្នាក់ៗគឺមានខុសៗគ្នា