ការស្គាល់សាសនាត្រឹមត្រូវ នឹងមានការទទួលខុសត្រូវ
«មានពរ[សប្បាយ,«ពថ»]ហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។—លូកា ១១:២៨
១. នៅពេលដែលគេសម្គាល់សាសនាត្រឹមត្រូវហើយ តើមនុស្សប្រភេទណាដែលកសាងជីវិតរបស់គេជុំវិញសាសនានោះ?
ជាការមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែសម្គាល់សាសនាត្រឹមត្រូវនោះ។ បើសិនយើងជាអ្នកស្រឡាញ់អ្វីដែលត្រឹមត្រូវនិងពិតនោះ កាលណាយើងរកឃើញសាសនាត្រឹមត្រូវហើយ យើងនឹងកសាងជីវិតរបស់យើងជុំវិញសាសនានោះ។ សាសនាពិតមិនមែនគ្រាន់តែជាទស្សនវិជ្ជាខាងគំនិតប្រាជ្ញាប៉ុណ្ណោះទេ តែជាជីវភាពរស់នៅវិញ។—ទំនុកដំកើង ១១៩:១០៥; អេសាយ ២:៣; ប្រៀបធៀប កិច្ចការ ៩:២
២, ៣. (ក) តើព្រះយេស៊ូវបានបញ្ជាក់ពីការសំខាន់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះយ៉ាងដូចម្ដេច? (ខ) តើការទទួលខុសត្រូវ
២ ព្រះយេស៊ូវគ្រីស្ទបានបញ្ជាក់ពីការសំខាន់ក្នុងការធ្វើអ្វីដែលព្រះបានបង្ហាញជាព្រះហឫទ័យរបស់ទ្រង់។ ក្នុងការបញ្ចប់សេចក្ដីថ្លែងដែលបានល្បីជាធម្មទាននៅលើភ្នំដើមអូលីវនោះ ព្រះយេស៊ូវបានសម្ដែងប្រាប់ឲ្យដឹងថា មិនមែនអស់អ្នកដែលបានហៅទ្រង់ ជាព្រះអម្ចាស់ (ដូច្នេះអះអាងជាជនគ្រីស្ទាន) នឹងអាចចូលទៅក្នុងព្រះរាជអាណាចក្របានឡើយ តែអស់អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់វិញ ទើបអាចចូលទៅបាន។ ចំពោះអ្នកឯទៀត ទ្រង់មានបន្ទូលថានឹងបដិសេធចោលជា«ពួកទទឹងច្បាប់»វិញ។ ហេតុអ្វីបានចាត់ទុកជាការទទឹងច្បាប់ដូច្នេះ? ពីព្រោះដូចជាព្រះគម្ពីរចែងមក ការខកខានមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាអំពើបាប ហើយអំពើបាបទាំងអស់ជាការទទឹងច្បាប់ ឬការរំលងក្រិត្យវិន័យ។ (ម៉ាថាយ ៧:២១-២៣; យ៉ូហានទី១ ៣:៤; ប្រៀបធៀប រ៉ូម ១០:២, ៣) បុគ្គលម្នាក់ប្រហែលជាស្គាល់សាសនាត្រឹមត្រូវ គាត់ប្រហែលជាសរសើរអស់អ្នកដែលបង្រៀនសាសនានោះ ហើយគាត់ប្រហែលជានិយាយសរសើរអ្នកដែលកាន់សាសនានោះដែរ ប៉ុន្តែគាត់ក៏មានការទទួលខុសត្រូវដើម្បីអនុវត្តន៍ក្នុងជីវិតរបស់គាត់ដែរ។ (យ៉ាកុប ៤:១៧) បើគាត់សុខចិត្តយកការទទួលខុសត្រូវនោះ គាត់នឹងឃើញថាជីវិតរបស់គាត់នឹងមានខ្លឹមសារឡើង ហើយគាត់នឹងពិសោធសេចក្ដីអំណរដែលមិនអាចមានមកតាមផ្លូវឯណាទៀតឡើយ។
៣ ក្នុងអត្ថបទដែលនៅពីលើកមុននេះ យើងបានពិចារណាមើលសញ្ញាសម្គាល់ប្រាំមួយយ៉ាងនៃសាសនាពិត។ សញ្ញាសម្គាល់និមួយៗទាំងនោះមិនគ្រាន់តែជួយយើងឲ្យសម្គាល់សាសនាត្រឹមត្រូវបានប៉ុណ្ណោះទេ តែក៏ធ្វើឲ្យយើងខំប្រឹងដោះស្រាយនឹងភាពពិបាកជាច្រើន ព្រមទាំងផ្ដល់ឲ្យឱកាសជាច្រើនទៀតផង។ តើតាមរបៀបណា?
តើអ្នកតបឆ្លើយនឹងបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
៤. (ក) កាលដែលអ្នកថ្មីចាប់ផ្ដើមចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេនឹងសង្កេតឃើញអ្វី ចំពោះការប្រើព្រះគម្ពីររបស់ស្មរបន្ទាល់? (ខ) តើការបំប៉នខាងវិញ្ញាណយ៉ាងបរិបូរមានអានុភាពលើអ្នកបំរើរបស់ព្រះយេហូវ៉ាយ៉ាងណា?
៤ កាលដែលស្មរបន្ទាល់ព្រះយេហូវ៉ាសិក្សាព្រះគម្ពីរជាមួយអ្នកដែលចាប់អារម្មណ៍ថ្មី អ្នកទាំងនោះជាច្រើននឹងយល់ដឹងយ៉ាងរហ័សថា អ្វីៗដែលគេបានសិក្សា គឺមកពីព្រះគម្ពីរមែន។ ក្នុងការឆ្លើយចំពោះសំនួររបស់ពួកគេ គេមិនសំដៅទៅគោលជំនឿសាសនា ប្រពៃណីរបស់មនុស្ស ឬក៏ទៅតាមមតិនៃមនុស្សធំដុំឡើយ។ ពាក្យបន្ទូលរបស់ព្រះផ្ទាល់ជាប្រភព។ នៅពេលដែលពួកគេទៅឯសាលព្រះរាជាណាចក្រ គេក៏សង្កេតឃើញថា ព្រះគម្ពីរជាសៀវភៅសិក្សាដ៏សំខាន់បំផុត ដែលបានប្រើនៅទីនោះ។ មិនជាយូរប៉ុន្មាន ពួកអ្នកស្វែងរកសេចក្ដីពិតដោយចិត្តស្មោះ នឹងដឹងថា កត្ដាដ៏ធំចំពោះសេចក្ដីអំណរដែលគេឃើញក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ានោះ គឺបានមកដោយសារតែការបំប៉នខាងវិញ្ញាណយ៉ាងបរិបូរពីបន្ទូលរបស់ព្រះ។—អេសាយ ៦៥:១៣, ១៤
៥. (ក) តើមានការខំប្រឹងដោះស្រាយនឹងភាពពិបាកអ្វី ដែលផ្ដល់ទៅឲ្យពួកអ្នកដែលសង្កេតមើលស្មរបន្ទាល់ព្រះយេហូវ៉ានោះ? (ខ) តើពួកគេអាចចូលរួមនឹងសេចក្ដីអំណររបស់ស្មរបន្ទាល់បានយ៉ាងដូចម្ដេច?
៥ បើសិនជាអ្នកទទួលស្គាល់ការណ៍ពិតនេះ តើអ្នកនឹងប្រព្រឹត្តយ៉ាងណា? បើសិនជាអ្នកយល់អត្ថន័យអំពីការណ៍ពិតនេះ អ្នកមិនអាចគ្រាន់តែធ្វើជាអ្នកសង្កេតមើលដោយអសកម្មប៉ុណ្ណោះទេ ហើយអ្នកក៏មិនត្រូវប្រាថ្នាចង់ធ្វើជាមនុស្សបែបនោះដែរ។ ព្រះគម្ពីរបង្ហាញថា ចំពោះអស់អ្នកដែល«គ្រាន់តែស្ដាប់»ប៉ុន្តែមិនមែនជាអ្នក«ប្រព្រឹត្តតាមព្រះបន្ទូល»នោះគឺ‹កំពុងបញ្ឆោតខ្លួនគេនឹងការវែកញែកខុស›។ (យ៉ាកុប ១:២២) គេបញ្ឆោតខ្លួនគេ ពីព្រោះគេមិនបានទទួលស្គាល់ថា ទោះបីគេមានប្រសាសន៍យ៉ាងណាក្ដី ហេតុដែលគេមិនគោរពតាមព្រះ បង្ហាញឲ្យឃើញថាគេពិតជាមិនស្រឡាញ់ទ្រង់ទេ។ ការអះអាងថាមានជំនឿដែលគ្មានការគាំទ្រដោយការប្រព្រឹត្តតាម នោះគឺជាជំនឿស្លាប់វិញហើយ។ (យ៉ាកុប ២:១៨-២៦; យ៉ូហានទី១ ៥:៣) តែផ្ទុយទៅវិញ អស់អ្នកដែលមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ហើយធ្វើជា«អ្នកប្រព្រឹត្តតាម»នោះនឹង«មានពរ[សប្បាយ,ពថ]ក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន»។ ត្រូវហើយ ដូចជាព្រះយេស៊ូវគ្រីស្ទបានពន្យល់មក «មានពរ[សប្បាយ,ពថ]ហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»!—យ៉ាកុប ១:២៥; លូកា ១១:២៨; យ៉ូហាន ១៣:១៧
៦. បើយើងពិតជាមានចិត្តអបអរនឹងបន្ទូលរបស់ព្រះ តើយើងនឹងខំខ្នះខ្នែងឆ្លៀតឱកាសធ្វើអ្វីខ្លះ?
៦ សេចក្ដីអំណរនោះនឹងបានជ្រាលជ្រៅឡើង កាលដែលអ្នកដុះលូតលាស់មានចំណេះវិជ្ជាដឹងអំពីព្រះហឫទ័យរបស់ព្រះ ហើយអនុវត្តន៍តាមអ្វីៗថែមទៀតដែលអ្នកបានរៀនមក។ តើអ្នកនឹងខិតខំសិក្សាបន្ទូលរបស់ព្រះ ដល់កម្រិតណា? បុគ្គលរាប់សែននាក់ ដែលមិនចេះអក្សរបានខំប្រឹងយ៉ាងខ្លាំងដើម្បីរៀនឲ្យចេះអាន ជាពិសេសធ្វើដូច្នេះ ដើម្បីឲ្យគេអាចអានព្រះគម្ពីរបាន ហើយបង្រៀនព្រះគម្ពីរដល់មនុស្សដទៃ។ អ្នកផ្សេងទៀតក្រោកឡើងពីព្រលឹម ជារៀងរាល់ព្រឹក ដើម្បីគេអាចចំណាយពេលខ្លះៗក្នុងការអានព្រះគម្ពីរ និងសៀវភៅផ្សេងៗទៀតដែលជួយក្នុងការសិក្សាព្រះគម្ពីរ ដូចជាទស្សនាវដ្ដីប៉មយាមជាដើម។ កាលដែលអ្នកអានព្រះគម្ពីរដោយខ្លួនឯងជាលំដាប់តមក ឬក៏ឆែកមើលបទគម្ពីរដែលកត់ក្នុងអត្ថបទសិក្សាឯទៀត សូមយកចិត្តទុកដាក់ឲ្យបានដិតដល់នឹងច្បាប់ ហើយក្រិត្យវិន័យជាច្រើនរបស់ព្រះយេហូវ៉ា។ ហើយសូមខំគិតពិចារណានូវគោលការណ៍ជាច្រើន ដែលចុះសំរាប់ជាការណែនាំយើងនោះ។ សូមសញ្ជឹងគិតអំពីផ្នែកនិមួយៗដែលសម្ដែងប្រាប់យើងអំពីព្រះ គោលបំណងរបស់ទ្រង់ និងការប្រព្រឹត្តរបស់ទ្រង់ជាមួយមនុស្សលោក។ សូមធ្វើឲ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យការនេះកែតម្រង់ចិត្តរបស់អ្នក។ សូមពិចារណានូវផ្លូវផ្សេងៗ ដែលអ្នកអាចអនុវត្តន៍ឱវាទព្រះគម្ពីរឲ្យបានពេញលេញក្នុងជីវិតរបស់អ្នកផ្ទាល់។—ទំនុកដំកើង ១:១, ២; ១៩:៧-១១; ថែស្សាឡូនីចទី១ ៤:១
តើភក្ដីភាពរបស់អ្នកចំពោះព្រះយេហូវ៉ាពេញលេញទេ?
៧. (ក) តើលទ្ធិត្រីឯកភាពមានអានុភាពលើការខំប្រឹងប្រែងរបស់មនុស្សក្នុងការថ្វាយបង្គំព្រះយ៉ាងណា? (ខ) តើអ្វីអាចកើតឡើង នៅពេលដែលបុគ្គលម្នាក់រៀនដឹងសេចក្ដីពិតអំពីព្រះយេហូវ៉ានោះ?
៧ ចំពោះមនុស្សរាប់លាននាក់ គេបានធូរស្បើយចិត្តណាស់ដោយបានរៀនដឹងថា ព្រះដ៏ពិត ទ្រង់មិនមែនជាត្រីឯកភាពនោះ។ សេចក្ដីពន្យល់អំពីលទ្ធិនោះ«ជារឿងអាថ៌កំបាំង»មិនដែលបានធ្វើឲ្យពួកគេស្កប់ចិត្តឡើយ។ តើគេអាចចូលមកជិតព្រះដែលគេមិនយល់សោះនោះយ៉ាងណាបាន? ជាលទ្ធផលនៃសេចក្ដីបង្រៀននោះ ពួកគេក៏ទោរទន់លែងអើពើពីព្រះវរបិតា(ដែលគេមិនដែលឮព្រះនាមទ្រង់ប្រើក្នុងព្រះវិហារ) ហើយក៏មកថ្វាយបង្គំព្រះយេស៊ូវជាព្រះ ឬក៏ថ្វាយបង្គំនាងម៉ារាទៅវិញ(ដែលគេបានបង្រៀនថា នាងជា«ម្ដាយនៃព្រះនោះ»)។ ប៉ុន្តែ ចិត្តរបស់គេបានតបមកវិញដោយសេចក្ដីរីករាយ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បើកព្រះគម្ពីរ ហើយបង្ហាញពួកគេអំពីព្រះនាមរបស់ព្រះផ្ទាល់ ជាព្រះយេហូវ៉ា។ (ទំនុកដំកើង ៨៣:១៨) នៅពេលដែលគេបង្ហាញស្ត្រីជនជាតិវ៉ានីស្វាឡាម្នាក់ អំពីព្រះនាមនៃព្រះអាទិទេព នាងមានសេចក្ដីរីករាយដ៏ម្ល៉េះ ដែលនាងបានឱបក្មេងស្រីស្មរបន្ទាល់ម្នាក់ដែលបានបង្ហាញសេចក្ដីពិតដ៏មានតម្លៃនេះមកនាង ហើយនាងក៏យល់ព្រមសិក្សាព្រះគម្ពីរនៅឯផ្ទះ។ នៅពេលមនុស្សបែបនេះរៀនដឹងថា ព្រះយេស៊ូវបានមានបន្ទូលអំពីព្រះវរបិតាទ្រង់ជា «ព្រះនៃខ្ញុំហើយជាព្រះនៃអ្នករាល់គ្នាដែរ» ហើយថាព្រះយេស៊ូវមានបន្ទូលហៅព្រះវរបិតាទ្រង់ជា«ព្រះពិតតែ១» គេក៏ដឹងថាអ្វីៗដែលព្រះគម្ពីរបង្រៀនអំពីព្រះ គឺមិនមែនជាការពិបាកយល់ឡើយ។ (យ៉ូហាន ១៧:៣; ២០:១៧) កាលដែលគេចាប់ផ្ដើមស្គាល់អំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាហើយ គេនឹងចូលមកជិតទ្រង់ ចាប់ផ្ដើមអធិស្ឋានទៅទ្រង់ ហើយចង់ធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។ តើមានទទួលលទ្ធផលជាយ៉ាងណា?
៨. (ក) ពីព្រោះតែសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេហូវ៉ា និងសេចក្ដីប្រាថ្នាចង់គាប់ព្រះហឫទ័យទ្រង់នោះ តើមនុស្សរាប់លាននាក់បានធ្វើអ្វី? (ខ) ហេតុអ្វីក៏បុណ្យជ្រមុជទឹកនៃជនគ្រីស្ទានជាការសំខាន់ដ៏ជីវិតសម្ព័ន្ធ?
៨ ក្នុងកំឡុងដប់ឆ្នាំកន្លងទៅនេះ មានមនុស្ស២.៥២៨.៥២៤នាក់នៅប្រាំមួយទ្វីប ហើយនៅឯកោះជាច្រើនទៀតដែរ បានឧទ្ទិសថ្វាយជីវិតរបស់គេទៅព្រះយេហូវ៉ា ហើយបន្ទាប់មក ពួកគេធ្វើបុណ្យជ្រមុជទឹក ដែលជានិមិត្តរូបការឧទ្ទិសថ្វាយខ្លួននេះ។ តើអ្នកជាបុគ្គលម្នាក់ក្នុងចំណោមពួកគេឬ? ឬក៏អ្នកកំពុងតែរៀបចំខ្លួនឥឡូវនេះ ដើម្បីនឹងធ្វើបុណ្យជ្រមុជទឹក? បុណ្យជ្រមុជទឹកជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ ក្នុងជីវិតនៃជនគ្រីស្ទានពិតម្នាក់ៗ។ ព្រះយេស៊ូវបានចាត់ពួកអ្នកកាន់តាមទ្រង់ឲ្យទៅធ្វើឲ្យមានសិស្សពីមនុស្សគ្រប់សាសន៍ហើយឲ្យធ្វើបុណ្យជ្រមុជទឹកដល់គេ។ (ម៉ាថាយ ២៨:១៩, ២០) ជាការគួរកត់សំគាល់ដែរ ពីព្រោះក្រោយពីព្រះយេស៊ូវបានធ្វើបុណ្យជ្រមុជទឹកហើយភ្លាម ព្រះយេហូវ៉ាបានមានបន្ទូលពីស្ថានសួគ៌ថា៖ «ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់»។—លូកា ៣:២១, ២២
៩. ដើម្បីរក្សាឲ្យមានទំនាក់ទំនងជាមួយព្រះយេហូវ៉ាដែលទ្រង់យល់ព្រម តើមានសេចក្ដីតម្រូវអ្វីពីយើង?
៩ ការមានទំនាក់ទំនងនឹងព្រះយេហូវ៉ាដែលទ្រង់យល់ព្រមនោះ ជាអ្វីមួយដែលគួរអបអរបំផុត។ បើសិនជាអ្នកបានចូលក្នុងទំនាក់ទំនងបែបនេះ ដោយឧទ្ទិសថ្វាយខ្លួននិងធ្វើបុណ្យជ្រមុជទឹកហើយ សូមជៀសវាងពីអ្វីៗដែលអាចធ្វើឲ្យសៅហ្មងនឹងទំនាក់ទំនងនោះចុះ។ សូមកុំបណ្ដោយឲ្យការថប់បារម្ភនៃជីវិតនិងកង្វល់ខាងវត្ថុទ្រព្យ ធ្វើឲ្យទំនាក់ទំនងទៅជាការមិនសំខាន់ឡើយ។ (ធីម៉ូថេទី១ ៦:៨-១២) ជាការពិតណាស់ សូមរស់នៅឲ្យស្របតាមឱវាទនៃសុភាសិត ៣:៦ដែលចែងថា៖ «ត្រូវឲ្យទទួលស្គាល់ទ្រង់[ព្រះយេហូវ៉ា]នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។
តើសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទមានអានុភាពទៅលើអ្នកដល់កម្រិតណា?
១០. ហេតុអ្វីក៏ការថ្វាយបង្គំព្រះយេហូវ៉ារបស់យើង មិនបណ្ដាលឲ្យយើងឈប់អើពើនឹងព្រះយេស៊ូវនោះ?
១០ ពិតហើយ ការអបអរត្រឹមត្រូវចំពោះព្រះយេហូវ៉ាជាព្រះពិតតែមួយអង្គនោះ មិនបណ្ដាលបុគ្គលម្នាក់ឲ្យឈប់អើពើនឹងព្រះយេស៊ូវគ្រីស្ទឡើយ។ តែផ្ទុយទៅវិញ វិវរណៈ ១៩:១០ចែងថា៖ «ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ . . . នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ»។ ទំនាយទាំងឡាយដែលព្រះបានបណ្ដាលមក ដែលមានក្នុងសៀវភៅលោកុប្បត្តិរហូតដល់សៀវភៅវិវរណៈនោះ ផ្ដល់ការរៀបរាប់យ៉ាងល្អិតល្អន់អំពីមុខនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។ កាលដែលបុគ្គលម្នាក់បានដឹងសេចក្ដីរៀបរាប់ដ៏ល្អិតល្អន់ទាំងនោះហើយ រូបភាពដ៏ច្បាស់អស្ចារ្យលេចចេញមក ដែលគ្មានខុសពីភាពដើម ហើយគ្មានការភាន់ច្រឡំ ដែលជាលទ្ធផលពីសេចក្ដីបង្រៀនមិនពិតនៃពិភពគ្រីស្ទសាសនាឡើយ។
១១. តើការរៀនដឹងអ្វីដែលព្រះគម្ពីរបង្រៀនអំពីបុត្ររបស់ព្រះ មានអានុភាពលើស្ត្រីម្នាក់ពីប្រទេសប៉ូឡូញយ៉ាងណាខ្លះ?
១១ ការយល់សេចក្ដីពិតអំពីបុត្ររបស់ព្រះអាចមានអានុភាពដ៏ជ្រាលជ្រៅលើបុគ្គលម្នាក់។ រឿងនេះបានកើតឡើងដល់ស្ត្រីម្នាក់ពីប្រទេសប៉ូឡូញឈ្មោះ ដានូត្ដា។ នាងបានរក្សាការទាក់ទងជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ាអស់រយៈប្រាំបីឆ្នាំមកហើយៗ នាងបានចូលចិត្តអ្វីៗដែលគេបង្រៀននាង ប៉ុន្តែមិនបានធ្វើឲ្យការថ្វាយបង្គំពិតជាជីវភាពរស់នៅរបស់នាងទេ។ បន្ទាប់មក នាងបានទទួលសៀវភៅមួយដែលមានចំណងជើងថា បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ ដែលសម្ដែងប្រាប់អំពីព្រះជន្មរបស់ព្រះគ្រីស្ទតាមរបៀបដែលស្រួលយល់។a នៅរាត្រីនោះ នាងបានបើកមើលសៀវភៅនោះ ដោយប្រាថ្នាចង់អានតែមួយជំពូកប៉ុណ្ណោះ។ ប៉ុន្តែ នាងបានអានសៀវភៅនោះរហូតដល់ព្រលឹម ទើបបានចប់ ហើយនាងក៏ដាក់សៀវភៅចុះទៅ។ នាងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែក ហើយទូលអង្វរថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់អភ័យទោសឲ្យខ្ញុំផង»។ ជាលទ្ធផលពីអ្វីៗដែលនាងបានអាន នាងក៏ឃើញរឹតតែច្បាស់ឡើងជាងពីមុនទៅទៀត នូវសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងបុត្ររបស់ទ្រង់បានសម្ដែងមក។ នាងបានដឹងថា ក្នុងរវាងប្រាំបីឆ្នាំកន្លងមកនេះ នាងបានសម្ដែងចិត្តឥតដឹងគុណ ដោយមិនទទួលយកជំនួយដែលព្រះបានផ្ដល់ឲ្យនាងដោយអត់ធ្មត់នោះ។ ក្នុងឆ្នាំ១៩៩៣ នាងបានធ្វើបុណ្យជ្រមុជទឹក ដើម្បីជានិមិត្តរូបនៃការឧទ្ទិសថ្វាយខ្លួននាងទៅព្រះយេហូវ៉ា ដោយសំអាងលើជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ។
១២. តើតម្រិះវិជ្ជាដ៏ពិតអំពីព្រះយេស៊ូវគ្រីស្ទ មានអានុភាពអ្វីលើជីវិតរបស់យើង?
១២ «ដំណើរស្គាល់[តម្រិះវិជ្ជាដ៏ពិតអំពី,ពថ]ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» គឺជាប់ទាក់ទងនឹងជនគ្រីស្ទានដែលសកម្មហើយបង្កើតផលបានច្រើន។ (ពេត្រុសទី២ ១:៨) តើដល់កម្រិតណា ដែលអ្នកនឹងចូលរួមក្នុងសកម្មភាពបែបនេះ ដើម្បីចែកប្រាប់សារនៃព្រះរាជាណាចក្រដល់អ្នកដទៃនោះ? ចំនួនដែលបុគ្គលនិមួយៗអាចធ្វើទៅបាននោះ គឺស្រេចទៅលើកាលៈទេសៈជាច្រើន។ (ម៉ាថាយ ១៣:១៨-២៣) កាលៈទេសៈខ្លះ យើងមិនអាចប្រែប្រួលបានទេ តែខ្លះទៀតយើងអាចធ្វើទៅបាន។ តើអ្វីទៅនឹងបណ្ដាលឲ្យយើងសម្គាល់ហើយធ្វើការប្រែប្រួលបាននោះ? សាវកប៉ុលបានសរសេរថា៖ «ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ» បើនិយាយឲ្យចំទៅ សេចក្ដីស្រឡាញ់ដែលទ្រង់បានបង្ហាញដោយទទួលមរណភាពជំនួសយើង ជាការប្រសើរដល់ម្ល៉េះ ដែលកាលណាសេចក្ដីអបអររបស់យើងលូតលាស់ឡើង យើងនឹងមានចិត្តរំភើបយ៉ាងជ្រាលជ្រៅ។ ជាលទ្ធផល យើងដឹងថាជាការមិនសមហេតុផលចំពោះយើង ក្នុងការខំស្វែងរកគោលបំណងដោយអញនិយម ហើយប្រកបការរស់នៅដើម្បីតែជាទីគាប់ចិត្តនឹងខ្លួននោះ។ ផ្ទុយទៅវិញ យើងប្រែប្រួលកិច្ចការរបស់យើង ដើម្បីយកកិច្ចការដែលព្រះគ្រីស្ទបានបង្រៀនសិស្សរបស់ទ្រង់ឲ្យធ្វើនោះ ទុកជាមុនសិន។—កូរិនថូសទី២ ៥:១៤, ១៥
ការញែកចេញពីលោកីយ៍—ដល់ត្រឹមណា?
១៣. ហេតុអ្វីក៏យើងមិនចង់ទៅជាផ្នែកនៃសាសនាមួយ ដែលបានធ្វើខ្លួនឯងជាផ្នែករបស់លោកីយ៍នេះ?
១៣ មិនជាការពិបាកសោះក្នុងការមើលឃើញ នូវប្រវត្ដិពិភពគ្រីស្ទសាសនាហើយសាសនាឯទៀតបានធ្វើឡើង ដោយសារតែពួកគេចង់ទៅជាផ្នែកនៃលោកីយ៍នេះ។ បេឡារបស់សាសនាបានប្រើដើម្បីនឹងផ្ដល់ប្រាក់ទៅសកម្មភាពបដិវត្ត។ ពួកសង្ឃបានក្លាយទៅជាទ័ពឈ្លប។ ជារៀងរាល់ថ្ងៃ សារពត៌មានរាយការណ៍អំពីបក្សសាសនាជាច្រើនវាយប្រយុទ្ធគ្នាទៅវិញទៅមក នៅកន្លែងផ្សេងៗលើផែនដី។ ដៃគេរាល់គ្នាកំពុងតែសម្រក់ឈាមជាច្រើនមែន។ (អេសាយ ១:១៥) ហើយនៅពេញពិភពលោក គណៈបព្វជិតខំប្រឹងប្រែងក្នុងការកាន់កាប់សៃវៀនខាងនយោបាយ។ ពួកអ្នកដែលថ្វាយបង្គំពិត មិនមានផ្នែកក្នុងរឿងនេះឡើយ។—យ៉ាកុប ៤:១-៤
១៤. (ក) តើយើងផ្ទាល់ខ្លួនត្រូវតែជៀសវាងអ្វី បើយើងរក្សាការញែកចេញពីលោកីយ៍នោះ? (ខ) តើអ្វីដែលអាចជួយយើង ដើម្បីជៀសវាងពីការជាប់ល្បួងដោយអាកប្បកិរិយានិងការប្រព្រឹត្តខាងលោកីយ៍នេះ?
១៤ ប៉ុន្តែ ការញែកចេញពីលោកីយ៍ គឺមានទាក់ទងច្រើនជាងនោះទៅទៀត។ លក្ខណៈនៃលោកីយ៍នេះគឺមានដោយសេចក្ដីស្រឡាញ់ប្រាក់ ហើយចំពោះអ្វីៗដែលប្រាក់អាចទិញបាន សេចក្ដីប្រាថ្នាចង់បានធំដុំផ្ទាល់ខ្លួន ការស្វែងរកសេចក្ដីសប្បាយដោយឥតឈប់ឈរ ព្រមទាំងគ្មានការខ្វល់ដល់អ្នកដទៃដោយពិត ភូតភរនិងការនិយាយប្រមាថ ការបះបោរប្រឆាំងអាជ្ញាធរ ហើយគ្មានការកាន់ទប់ចិត្ត។ (ធីម៉ូថេទី២ ៣:២-៥; យ៉ូហានទី១ ២:១៥, ១៦) ដោយសារតែភាពមិនល្អឥតខ្ចោះរបស់យើង នៅពេលខ្លះយើងប្រហែលជាបង្ហាញឲ្យឃើញនូវលក្ខណៈទាំងនោះ។ តើអ្វីដែលអាចជួយយើង ក្នុងការខំប្រឹងពុះពារដើម្បីជៀសវាងឧបសគ្គបែបនេះ? យើងត្រូវតែរឭកខ្លួនយើង ពីបុគ្គលដែលទទួលខុសត្រូវចំពោះលក្ខណៈក្នុងលោកីយ៍នេះ។ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) ទោះបីជាផ្លូវខ្លះធ្វើឲ្យទាក់ចិត្តយ៉ាងណាក្ដី ឬមនុស្សជាច្រើនប៉ុន្មាននាក់រស់នៅតាមរបៀបនោះក៏ដោយ នៅពេលណាដែលយើងឃើញមេសត្រូវរបស់ព្រះយេហូវ៉ា អារក្សសាតាំងគាំទ្ររបស់ទាំងនេះ នោះយើងដឹងថា ជាការដ៏អាក្រក់មើលណាស់។—ទំនុកដំកើង ៩៧:១០
តើសេចក្ដីស្រឡាញ់របស់អ្នកមានដល់កម្រិតណា?
១៥. តើសេចក្ដីស្រឡាញ់ដែលអអញនិយម ដែលអ្នកបានសង្កេតឃើញជួយអ្នកយ៉ាងណា ដើម្បីសម្គាល់សាសនាត្រឹមត្រូវនោះ?
១៥ នៅពេលដំបូងដែលអ្នកចាប់ផ្ដើមចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ដែលសម្ដែងក្នុងចំណោមគេ ច្បាស់ជាធ្វើឲ្យអ្នកចូលចិត្ត ពីព្រោះសេចក្ដីស្រឡាញ់នេះ មានភាពខុសគ្នានឹងគតិខាងលោកីយ៍។ ការបញ្ជាក់ទៅលើសេចក្ដីស្រឡាញ់ដែលអអញនិយមនោះ បានធ្វើឲ្យការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ាមានការផ្លែកពីការថ្វាយបង្គំផ្សេងៗទៀត។ ប្រហែលជាការនេះហើយ ដែលបានធ្វើឲ្យអ្នកជឿថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាពួកអ្នកដែលកាន់សាសនាត្រឹមត្រូវ។ ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៥
១៦. តើមានឱកាសអ្វីខ្លះសំរាប់យើងម្នាក់ៗ ក្នុងការពង្រីកសេចក្ដីស្រឡាញ់របស់យើងនោះ?
១៦ តើគុណសម្បត្ដិនោះ សម្គាល់អ្នកជាសិស្សម្នាក់របស់ព្រះគ្រីស្ទទេ? តើមានផ្លូវណាដែលអ្នកអាចពង្រីក ក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកបាន? ជាច្បាស់ណាស់ យើងគ្រប់ៗគ្នាអាចធ្វើដូច្នេះបាន។ សេចក្ដីស្រឡាញ់មិនគ្រាន់តែមានភាពរាក់ទាក់ដល់អ្នកដទៃនៅឯសាលព្រះរាជាណាចក្រប៉ុណ្ណោះទេ គឺមានការជាប់ទាក់ទងច្រើនជាងនោះទៅទៀត។ បើសិនជាយើងគ្រាន់តែសម្ដែងសេចក្ដីស្រឡាញ់ដល់បុគ្គលជាទីស្រឡាញ់របស់យើងប៉ុណ្ណោះ តើយើងមានភាពផ្លែកខុសពីលោកីយ៍យ៉ាងណាដែរ? ព្រះគម្ពីរដាស់តឿនថា៖ «តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់»។ (ពេត្រុសទី១ ៤:៨) តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកណាជាងគេ? តើត្រូវសម្ដែងដល់បងប្អូនប្រុសឬស្រីដែលមានប្រវត្ដិផ្សេងពីយើង ដែលរបៀបគេធ្វើតែងតែបណ្ដាលឲ្យយើងខឹងឬ? តើត្រូវសម្ដែងសេចក្ដីស្រឡាញ់ដល់អ្នកណាម្នាក់ដែលមិនបានមកកិច្ចប្រជុំជាទៀងទាត់ ដោយសារតែមានជម្ងឺឬចាស់ជរានោះឬ? តើត្រូវសម្ដែងសេចក្ដីស្រឡាញ់ដល់គូស្វាមីភរិយារបស់យើងឬ? ឬក៏ប្រហែលជាដល់មាតាបិតារបស់យើង? ក្នុងការសម្ដែងផលផ្លែនៃវិញ្ញាណ រួមទាំងសេចក្ដីស្រឡាញ់នោះ បុគ្គលខ្លះបានធ្វើទៅបានយ៉ាងប្រសើរ។ ប៉ុន្តែ បន្ទាប់មកពួកគេបានជួបប្រទះនឹងស្ថានការណ៍ដ៏ពិបាក ដែលអាចកើតឡើងក្នុងការថែទាំសមាជិកណាម្នាក់ដែលបានពិការដ៏ធ្ងន់ធ្ងរ។ ដូច្នេះហើយ ពួកគេមានអារម្មណ៍ថា គេកំពុងតែរៀនផលផ្លែនៃវិញ្ញាណសាឡើងវិញម្ដងទៀត។ ពិតប្រាកដហើយ សូម្បីនៅពេលបានជួបប្រទះនឹងកាលៈទេសៈទាំងនេះក្ដី យើងមិនគ្រាន់តែសម្ដែងសេចក្ដីស្រឡាញ់ក្នុងគ្រួសាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្ដែងដល់អ្នកដទៃដែរ។
ការផ្សាយព្រះរាជាណាចក្រ—តើជាការសំខាន់យ៉ាងណាចំពោះអ្នក?
១៧. បើសិនជាយើងនឹងទទួលផលប្រយោជន៍ពីស្មរបន្ទាល់ព្រះយេហូវ៉ា តើយើងត្រូវមានអារម្មណ៍បណ្ដាលឲ្យធ្វើអ្វី ឥឡូវនេះ?
១៧ វិធីដ៏សំខាន់មួយ ដែលយើងបង្ហាញសេចក្ដីស្រឡាញ់សំរាប់មនុស្សគ្នីគ្នានោះ គឺដោយការផ្សាយប្រាប់ទៅមនុស្សអំពីព្រះរាជាណាចក្ររបស់ព្រះ។ មានមនុស្សតែមួយក្រុមប៉ុណ្ណោះទេ ដែលកំពុងតែធ្វើកិច្ចការដែលព្រះយេស៊ូវបានទាយទុកជាមុននោះ។ (ម៉ាកុស ១៣:១០) ពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។ យើងម្នាក់ៗបានទទួលផលប្រយោជន៍ដោយសារការដើរផ្សាយនោះ។ ឥឡូវនេះ ជាសិទ្ធិរបស់យើងដើម្បីជួយអ្នកដទៃទៀតដែរ។ បើសិនជាយើងមានទស្សនៈដូចព្រះអំពីរឿងនេះ កិច្ចការផ្សាយនៃព្រះរាជាណាចក្រ នឹងទៅជាការដ៏សំខាន់មួយក្នុងជីវិតរបស់យើង។
១៨. តើការអានសៀវភៅ ស្មរបន្ទាល់ព្រះយេហូវ៉ា—អ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ មានអានុភាពលើយើងយ៉ាងណា ឲ្យចូលរួមក្នុងការផ្សាយអំពីព្រះរាជាណាចក្រ?
១៨ ក្នុងសៀវភៅដែលមានចំណងជើង ស្មរបន្ទាល់ព្រះយេហូវ៉ា—អ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ បានចែងប្រាប់នូវដំណើររឿងដ៏រំភើប អំពីរបៀបដែលសារព្រះរាជាណាចក្របានផ្សាយទៅដល់កន្លែងដ៏ដាច់ស្រយាលនៅលើផែនដី ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ។ បើសិនជាអ្នកចេះភាសាអង់គ្លេសនោះ សូមអានសៀវភៅនេះ កុំបីខានឡើយ។ ហើយកាលដែលអ្នកអាន សូមកត់សំគាល់ជាពិសេស នូវរបៀបដែលបុគ្គលផ្សេងៗបានចូលរួមក្នុងការផ្សាយអំពីព្រះរាជាណាចក្រ។ តើមានបុគ្គលណាខ្លះដែលអ្នកអាចធ្វើតាមគំរូរបស់គេទេ? គឺមានឱកាសជាច្រើនដែលបើកចំហដល់យើងគ្រប់ៗគ្នា។ សូមឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ជំរុញយើងឲ្យប្រើសៀវភៅនេះឲ្យបានប្រសើរចុះ។
១៩. តើយើងបានទទួលប្រយោជន៍យ៉ាងណា នៅពេលដែលយើងទទួលការខុសត្រូវ ពីការស្គាល់សាសនាត្រឹមត្រូវនោះ?
១៩ ដូច្នេះ នៅពេលដែលយើងយកចិត្តទុកដាក់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះនោះ យើងរកឃើញចម្លើយចំពោះសំនួរ តើគោលបំណងនៃជីវិតជាអ្វី? (វិវរណៈ ៤:១១) យើងលែងរាវរក ដោយមានអារម្មណ៍ដ៏ឥតប្រយោជន៍ទៀតឡើយ។ គឺគ្មានអាជីពណា ដែលអ្នកអាចបូជាខ្លួនរបស់អ្នកហើយនាំឲ្យមានការពេញចិត្ត ជាងការបំរើព្រះយេហូវ៉ាឲ្យអស់ពីចិត្តនោះឡើយ។ ហើយ តើមានអនាគតដ៏ល្អអស្ចារ្យម្ល៉េះហ្ន៎! ជីវិតជាអនន្តភាពដ៏ស្កប់ស្កល់ក្នុងពិភពលោកថ្មីរបស់ទ្រង់ ដែលយើងអាចប្រើញាណសតិរបស់យើងឲ្យបានពេញលេញ ស្របតាមគោលបំណងជាទីស្រឡាញ់ ដែលព្រះបានបង្កើតមនុស្សលោកមក។
[កំណត់សម្គាល់]
a បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីជាសំខាន់ដ៏ជីវិតសម្ព័ន្ធ ដែលសាសនាមួយទទួលយកព្រះគម្ពីរជាបន្ទូលរបស់ព្រះ ហើយឲ្យកិត្ដិយសព្រះយេហូវ៉ាជាព្រះពិតតែមួយអង្គនោះ?
◻ តើសាសនាពិតបង្រៀនយ៉ាងណា ចំពោះមុខនាទីរបស់ព្រះយេស៊ូវជាអ្នកលោះបាបនោះ?
◻ ហេតុអ្វីដែលជនគ្រីស្ទានត្រូវតែរក្សាការញែកខ្លួនចេញពីលោកីយ៍ ហើយប្រព្រឹត្តសេចក្ដីស្រឡាញ់ដែលអអញនិយមនោះ?
◻ តើការផ្សាយនៃព្រះរាជាណាចក្រមានមុខនាទីអ្វីក្នុងសាសនាត្រឹមត្រូវនោះ?
អ្វី ដែលមានលើពួកអ្នកដែលស្គាល់សាសនាត្រឹមត្រូវ?
[រូបភាពនៅទំព័រ១៦]
បុណ្យជ្រមុជទឹកជាជំហានដ៏ជីវិតសម្ព័ន្ធក្នុងការទទួលខុសត្រូវនៃការថ្វាយបង្គំពិត។ រៀងរាល់ខែ មានមនុស្សប្រមាណ២៥,០០០ក្នុងពិភពលោកយកជំហាននោះ។
រុស្ស៊ី
សេណេហ្គ័ល
ប៉ាពួរញូវហ្គីនី
ស.រ.អា.
[រូបភាពនៅទំព័រ១៧]
ការចូលរួមផ្សាយសេចក្ដីពិតនឹងអ្នកដទៃជាផ្នែកមួយនៃការថ្វាយបង្គំពិត
ស.រ.អា.
ស.រ.អា.
ប្រេហ្ស៊ីល
ហុងកុង