ការរួមធ្វើការជាមួយនឹងព្រះ គឺជាហេតុដែលនាំឲ្យអរសប្បាយ
«ដោយរួមធ្វើការជាមួយនឹងលោក យើងក៏អង្វរអ្នករាល់គ្នាថា កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍»។—កូរិនថូសទី២ ៦:១
១. ទោះជាព្រះយេហូវ៉ាគឺជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក៏ដោយ តើលោកបានអញ្ជើញអ្នកឯទៀតឲ្យធ្វើអ្វី?
ព្រះយេហូវ៉ាគឺជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ លោកបានបង្កើតអ្វីៗទាំងអស់ ហើយលោកមានប្រាជ្ញានិងឫទ្ធានុភាពដែលគ្មានកម្រិត។ បន្ទាប់ពីលោកបានជួយយ៉ូបយល់ដូច្នេះ យ៉ូបបាននិយាយទៅកាន់លោកថា៖ «ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថានឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន»។ (យ៉ូប ៤២:២) ព្រះយេហូវ៉ាអាចធ្វើអ្វីក៏ដោយដែលលោកចង់ធ្វើ ដោយមិនត្រូវការជំនួយពីអ្នកណាផ្សេងទៀត។ ប៉ុន្តែលោកបង្ហាញសេចក្ដីស្រឡាញ់ដោយអញ្ជើញអ្នកឯទៀតឲ្យរួមធ្វើការជាមួយនឹងលោកដើម្បីសម្រេចគោលបំណងរបស់លោក។
២. តើព្រះយេហូវ៉ាបានអញ្ជើញលោកយេស៊ូធ្វើកិច្ចការដ៏សំខាន់អ្វី?
២ ព្រះបានបង្កើតលោកយេស៊ូដែលជាបុត្ររបស់លោក មុនលោកបានបង្កើតបុគ្គលឯទៀតនិងអ្វីៗផ្សេងទៀត។ ក្រោយមក ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្ររបស់លោកជួយលោកបង្កើតអ្វីៗឯទៀតទាំងអស់។ (យ៉ូហាន ១:១-៣, ១៨) សាវ័កប៉ូលបានសរសេរអំពីលោកយេស៊ូថា៖ «អ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដីបានត្រូវបង្កើតមកតាមរយៈលោក គឺអ្វីដែលមនុស្សមើលឃើញនិងអ្វីដែលមនុស្សមើលមិនឃើញ ទោះជាបល្ល័ង្ក ការគ្រប់គ្រង រដ្ឋាភិបាល ឬអាជ្ញាធរក្ដី។ អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតតាមរយៈលោក និងសម្រាប់លោក»។ (កូឡុស ១:១៥-១៧) ដូច្នេះ ព្រះយេហូវ៉ាមិនគ្រាន់តែបានឲ្យបុត្រលោកនូវកិច្ចការដ៏សំខាន់ប៉ុណ្ណោះទេ តែលោកបានប្រាប់អ្នកឯទៀតអំពីកិច្ចការនោះដែរ។ នោះច្បាស់ជាកិត្ដិយសមួយ!
៣. តើព្រះយេហូវ៉ាបានអញ្ជើញអាដាមឲ្យធ្វើអ្វី ហើយហេតុអ្វី?
៣ ព្រះយេហូវ៉ាក៏បានអញ្ជើញមនុស្សឲ្យរួមធ្វើការជាមួយនឹងលោកដែរ។ ជាឧទាហរណ៍ លោកបានអនុញ្ញាតឲ្យអាដាមដាក់ឈ្មោះឲ្យសត្វផ្សេងៗ។ (លោកុប្បត្តិ ២:១៩, ២០) សូមស្រមៃគិតអំពីអំណរដែលអាដាមមានពេលគាត់ធ្វើកិច្ចការនោះ! គាត់បានពិនិត្យពិចារណាយ៉ាងដិតដល់អំពីរូបរាងរបស់សត្វនិងសកម្មភាពរបស់វា ហើយបន្ទាប់មកបានជ្រើសរើសឈ្មោះឲ្យវា។ ព្រះយេហូវ៉ាបានបង្កើតសត្វទាំងឡាយ ដូច្នេះលោកអាចដាក់ឈ្មោះឲ្យពួកវាបាន។ ប៉ុន្តែលោកបានបង្ហាញអាដាមថាលោកស្រឡាញ់គាត់យ៉ាងខ្លាំង ដោយអនុញ្ញាតឲ្យគាត់ដាក់ឈ្មោះឲ្យសត្វ។ ព្រះក៏បានឲ្យអាដាមនូវភារកិច្ចធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនឧទ្យានដែរ។ (លោកុប្បត្តិ ១:២៧, ២៨) ប៉ុន្តែនៅទីបំផុត អាដាមបានសម្រេចចិត្តឈប់ធ្វើការជាមួយនឹងព្រះ ហើយនេះនាំឲ្យគាត់និងកូនចៅទាំងអស់របស់គាត់រងទុក្ខវេទនា។—លោកុប្បត្តិ ៣:១៧-១៩, ២៣
៤. តើអ្នកឯទៀតដែលបានធ្វើការជាមួយនឹងព្រះបានធ្វើអ្វីខ្លះដើម្បីសម្រេចបំណងប្រាថ្នារបស់លោក?
៤ ក្រោយមក ព្រះបានអញ្ជើញមនុស្សផ្សេងទៀតឲ្យធ្វើការជាមួយនឹងលោក។ ណូអេបានសង់ទូកធំដើម្បីគាត់និងក្រុមគ្រួសាររបស់គាត់បានរួចជីវិតក្នុងអំឡុងពេលមានទឹកជំនន់។ ម៉ូសេបានរំដោះប្រជាជាតិអ៊ីស្រាអែលពីស្រុកអេស៊ីប។ យ៉ូស្វេបានដឹកនាំជនជាតិអ៊ីស្រាអែលឲ្យចូលស្រុកដែលព្រះបានសន្យា។ សាឡូម៉ូនបានសង់វិហារនៅក្រុងយេរូសាឡិម។ ម៉ារៀបានទៅជាម្ដាយរបស់លោកយេស៊ូ។ ពួកអ្នកស្មោះត្រង់ទាំងនេះ និងអ្នកស្មោះត្រង់ជាច្រើននាក់ទៀតបានធ្វើការជាមួយនឹងព្រះយេហូវ៉ាដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។
៥. តើយើងអាចចូលរួមក្នុងកិច្ចការអ្វី ហើយតើព្រះយេហូវ៉ាត្រូវការយើងដើម្បីធ្វើកិច្ចការនេះឬទេ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ សព្វថ្ងៃនេះ ព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីគាំទ្ររាជាណាចក្ររបស់លោក។ យើងអាចបម្រើព្រះតាមរបៀបផ្សេងៗជាច្រើន។ ម្យ៉ាងទៀត មិនមែនយើងទាំងអស់គ្នាអាចបម្រើព្រះតាមរបៀបដូចគ្នាទេ ទោះជាយ៉ាងនេះក្ដីយើងទាំងអស់គ្នាអាចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។ ព្រះយេហូវ៉ាអាចធ្វើកិច្ចការនេះដោយខ្លួនលោកបាន។ លោកអាចមានប្រសាសន៍ដោយផ្ទាល់ពីស្ថានសួគ៌ទៅមនុស្សនៅលើផែនដី។ លោកយេស៊ូបានមានប្រសាសន៍ថាព្រះយេហូវ៉ាថែមទាំងអាចធ្វើឲ្យដុំថ្មប្រាប់មនុស្សឯទៀតអំពីស្តេចនៃរាជាណាចក្ររបស់លោក។ (លូកា ១៩:៣៧-៤០) ប៉ុន្តែ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងធ្វើជា‹អ្នករួមការងារជាមួយនឹងលោក›។ (កូរិនថូសទី១ ៣:៩) សាវ័កប៉ូលបានសរសេរថា៖ «ដោយរួមធ្វើការជាមួយនឹងលោក យើងក៏អង្វរអ្នករាល់គ្នាថា កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍»។ (កូរិនថូសទី២ ៦:១) គឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយចំពោះយើងដែលព្រះបានអញ្ជើញយើងឲ្យធ្វើការជាមួយនឹងលោក។ សូមឲ្យយើងពិចារណាអំពីមូលហេតុខ្លះដែលនេះនាំឲ្យយើងមានអំណរក្រៃលែង។
ធ្វើការជាមួយនឹងព្រះនាំឲ្យយើងសប្បាយរីករាយ
៦. តើបុត្រច្បងរបស់ព្រះបានរៀបរាប់យ៉ាងណាអំពីអារម្មណ៍របស់លោកពេលលោកធ្វើការជាមួយនឹងបិតាលោក?
៦ អ្នកបម្រើព្រះយេហូវ៉ាតែងតែសប្បាយពេលពួកគេធ្វើការជាមួយនឹងលោក។ មុនមកផែនដី បុត្រច្បងរបស់ព្រះបានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់បានតាំងអញឡើងជាដើមការនៃទ្រង់ . . . អញបាននៅជិតទ្រង់ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច»។ (សុភាសិត ៨:២២, ៣០) ពេលលោកយេស៊ូធ្វើការជាមួយនឹងបិតាលោក លោកសប្បាយរីករាយ ព្រោះលោកបានសម្រេចកិច្ចការជាច្រើន ហើយបានដឹងថាព្រះយេហូវ៉ាស្រឡាញ់លោក។ ប៉ុន្តែ ចុះយើងវិញ?
៧. ហេតុអ្វីកិច្ចការផ្សព្វផ្សាយនាំឲ្យយើងមានអំណរ?
៧ លោកយេស៊ូបានមានប្រសាសន៍ថាយើងសប្បាយរីករាយទាំងពេលយើងទទួល ទាំងពេលយើងឲ្យគេ។ (សកម្មភាព ២០:៣៥) យើងមានអំណរពេលយើងបានទទួលសេចក្ដីពិត ប៉ុន្តែហេតុអ្វីការប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតក៏នាំឲ្យយើងមានអំណរដែរ? ពីព្រោះយើងឃើញពួកគេពិតជាសប្បាយចិត្តពេលពួកគេយល់អ្វីដែលគម្ពីរបង្រៀន ហើយចាប់ផ្ដើមមានចំណងមិត្តភាពជាមួយនឹងព្រះ។ យើងរំភើបចិត្តពេលយើងឃើញពួកគេកែប្រែទស្សនៈនិងរបៀបរស់នៅរបស់ពួកគេ។ កិច្ចការផ្សព្វផ្សាយគឺជាកិច្ចការដ៏សំខាន់បំផុតនិងដែលនាំឲ្យយើងស្កប់ចិត្តបំផុតដែលយើងអាចធ្វើបាន។ កិច្ចការនេះនាំឲ្យពួកអ្នកដែលទៅជាមិត្តសម្លាញ់របស់ព្រះទទួលជីវិតដែលគ្មានទីបញ្ចប់។—កូរិនថូសទី២ ៥:២០
៨. ស្តីអំពីអំណរដែលមកពីការធ្វើការជាមួយនឹងព្រះយេហូវ៉ា តើបងប្អូនខ្លះបាននិយាយយ៉ាងណា?
៨ ពេលយើងជួយអ្នកឯទៀតរៀនអំពីព្រះ យើងដឹងថាយើងកំពុងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយថាលោកឲ្យតម្លៃចំពោះការខំប្រឹងរបស់យើងដើម្បីបម្រើលោក។ នេះក៏នាំឲ្យយើងមានអំណរដែរ។ (សូមអាន កូរិនថូសទី១ ១៥:៥៨) បងប្រុសម៉ាកូដែលរស់នៅប្រទេសអ៊ីតាលីនិយាយថា៖ «ខ្ញុំមានអំណរក្រៃលែងដោយដឹងថាខ្ញុំកំពុងឲ្យព្រះយេហូវ៉ានូវអ្វីដ៏ល្អបំផុត មិនមែនឲ្យទៅបុគ្គលណាម្នាក់ដែលនឹងឆាប់ភ្លេចអ្វីដែលខ្ញុំបានធ្វើទេ»។ ស្រដៀងគ្នាដែរ បងប្រុសហ្វ្រាងកូដែលបម្រើនៅប្រទេសអ៊ីតាលីដែរ និយាយថា៖ «តាមរយៈបណ្ដាំរបស់ព្រះ និងអ្វីៗដែលលោកផ្ដល់ឲ្យយើងដើម្បីរក្សាចំណងមិត្តភាពជាមួយនឹងលោក ព្រះយេហូវ៉ារំលឹកយើងរាល់ថ្ងៃថាលោកស្រឡាញ់យើង ហើយថាអ្វីៗទាំងអស់ដែលយើងធ្វើដើម្បីលោកគឺសំខាន់ ទោះបីជាចំពោះយើងការខំប្រឹងរបស់យើងមើលទៅដូចជាបន្ដិចបន្តួចក្ដី។ នេះជាមូលហេតុដែលការរួមធ្វើការជាមួយនឹងព្រះនាំឲ្យខ្ញុំសប្បាយនិងធ្វើឲ្យជីវិតខ្ញុំមានន័យខ្លឹមសារ»។
ធ្វើការជាមួយនឹងព្រះនាំឲ្យយើងចូលកាន់តែជិតលោកនិងអ្នកឯទៀត
៩. តើព្រះយេហូវ៉ានិងលោកយេស៊ូមានចំណងមិត្តភាពបែបណា ហើយហេតុអ្វី?
៩ ពេលយើងរួមធ្វើការជាមួយនឹងអ្នកដែលយើងស្រឡាញ់ យើងចូលកាន់តែជិតពួកគេ។ យើងកាន់តែស្គាល់បុគ្គលិកលក្ខណៈនិងគុណសម្បត្ដិរបស់ពួកគេ។ យើងដឹងអំពីគោលដៅផ្សេងៗដែលពួកគេមាននិងរបៀបដែលពួកគេចង់សម្រេចគោលដៅទាំងនោះ។ លោកយេស៊ូបានធ្វើការជាមួយនឹងព្រះយេហូវ៉ាអស់រយៈពេលប្រហែលជារាប់ពាន់លានឆ្នាំ។ សេចក្ដីស្រឡាញ់ដែលលោកទាំងពីរមានចំពោះគ្នាទៅវិញទៅមកគឺកាន់តែខ្លាំងឡើងរហូតដល់គ្មានអ្វីអាចបំផ្លាញចំណងមិត្តភាពរបស់លោកទាំងពីរបានឡើយ។ លោកយេស៊ូបានពន្យល់ថាចំណងមិត្តភាពនោះគឺជិតស្និទ្ធយ៉ាងណាពេលដែលលោកមានប្រសាសន៍ថា៖ «ខ្ញុំនិងបិតានៅស្ថានសួគ៌គឺតែមួយ»។ (យ៉ូហាន ១០:៣០) លោកទាំងពីរពិតជាមានសាមគ្គីភាព ហើយបានសហការគ្នាយ៉ាងពេញលេញនៅពេលធ្វើការជាមួយគ្នា។
កិច្ចការផ្សព្វផ្សាយពង្រឹងជំនឿរបស់យើង ពីព្រោះកិច្ចការនោះរំលឹកយើងអំពីសេចក្ដីសន្យារបស់ព្រះ និងខ្នាតតម្រាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់លោក
១០. ហេតុអ្វីកិច្ចការផ្សព្វផ្សាយនាំឲ្យយើងចូលកាន់តែជិតព្រះនិងអ្នកឯទៀត?
១០ លោកយេស៊ូបានសុំព្រះយេហូវ៉ាការពារពួកអ្នកកាន់តាមលោក។ ហេតុអ្វី? លោកបានអធិដ្ឋានថា៖ «ដើម្បីឲ្យពួកគាត់រួមគ្នាតែមួយដូចយើងរួមគ្នាតែមួយដែរ»។ (យ៉ូហាន ១៧:១១) ពេលយើងរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះ ហើយចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ យើងកាន់តែយល់អំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់លោក។ យើងដឹងអំពីមូលហេតុដែលការទុកចិត្តព្រះនិងការធ្វើតាមការណែនាំរបស់លោក គឺជាការឈ្លាសវៃ។ ម្យ៉ាងទៀត ពេលយើងចូលទៅជិតព្រះ លោកក៏ចូលមកជិតយើងដែរ។ (សូមអាន យ៉ាកុប ៤:៨) យើងក៏ចូលទៅជិតបងប្អូនរបស់យើងដែរ ដោយសារយើងមានអំណរនិងបញ្ហាស្រដៀងគ្នា ហើយដោយសារយើងមានគោលដៅដូចគ្នា។ យើងរួមធ្វើការជាមួយគ្នា អរសប្បាយជាមួយគ្នា ហើយស៊ូទ្រាំជាមួយគ្នា។ បងស្រីអុកថេវីអាដែលរស់នៅប្រទេសអង់គ្លេសនិយាយថា៖ «កាលដែលខ្ញុំធ្វើការជាមួយនឹងព្រះយេហូវ៉ា នោះនាំឲ្យខ្ញុំចូលកាន់តែជិតអ្នកឯទៀត»។ គាត់ពន្យល់ថា ព្រោះពេលនោះចំណងមិត្តភាពរបស់គាត់មានមូលដ្ឋានទៅលើ«គោលដៅតែមួយ»។ យើងច្បាស់ជាមានទស្សនៈដូចគាត់។ ពេលយើងឃើញបងប្អូនយើងខំព្យាយាមដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត នោះនាំឲ្យយើងចូលកាន់តែជិតពួកគាត់។
១១. ក្នុងពិភពលោកថ្មី ហេតុអ្វីយើងនឹងចូលកាន់តែជិតព្រះយេហូវ៉ានិងបងប្អូនរបស់យើង?
១១ ឥឡូវនេះ យើងមានសេចក្ដីស្រឡាញ់ខ្លាំងចំពោះព្រះនិងបងប្អូនរបស់យើង ប៉ុន្តែក្នុងពិភពលោកថ្មី យើងនឹងមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំង។ សូមគិតអំពីកិច្ចការទាំងអស់ដ៏គួរឲ្យរំភើបចិត្តដែលយើងនឹងធ្វើនៅពេលអនាគត! យើងនឹងទទួលស្វាគមន៍ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបង្រៀនពួកគេអំពីព្រះយេហូវ៉ា។ យើងក៏នឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានដែរ។ យើងនឹងមានអំណរក្រៃលែងពេលយើងធ្វើការជាមួយគ្នា ហើយបន្ដិចម្ដងៗយើងទៅជាមនុស្សល្អឥតខ្ចោះក្រោមការគ្រប់គ្រងរបស់គ្រិស្ត។ មនុស្សទាំងអស់នឹងចូលកាន់តែជិតគ្នា និងកាន់តែជិតព្រះយេហូវ៉ា ហើយលោកប្រាកដជានឹង«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកតម្កើង ១៤៥:១៦
ធ្វើការជាមួយនឹងព្រះការពារយើង
១២. តើកិច្ចការផ្សព្វផ្សាយការពារយើងយ៉ាងដូចម្ដេច?
១២ យើងត្រូវការពារចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យើងរស់នៅក្នុងពិភពលោករបស់សាថាន ហើយយើងជាមនុស្សមិនល្អឥតខ្ចោះ ហេតុនេះយើងងាយស្រួលចាប់ផ្ដើមមានគំនិតនិងការប្រព្រឹត្តដូចពិភពលោកនេះ។ គឺប្រៀបដូចជាយើងហែលក្នុងទឹកទន្លេដែលមានខ្សែទឹកហូរខ្លាំងដែលទាញយើងឲ្យទៅកន្លែងដែលយើងមិនចង់ទៅ។ ដូច្នេះ យើងត្រូវប្រើកម្លាំងទាំងអស់របស់យើងដើម្បីហែលបញ្ច្រាសទឹក។ ស្រដៀងគ្នាដែរ យើងត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីមិនឲ្យពិភពលោករបស់សាថានមានឥទ្ធិពលលើយើង។ ដូច្នេះ តើកិច្ចការផ្សព្វផ្សាយការពារយើងយ៉ាងដូចម្ដេច? ពេលយើងនិយាយអំពីព្រះយេហូវ៉ានិងគម្ពីរ យើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលល្អនិងសំខាន់ មិនមែនទៅលើអ្វីដែលនឹងនាំឲ្យជំនឿរបស់យើងចុះខ្សោយទេ។ (ភីលីព ៤:៨) កិច្ចការផ្សព្វផ្សាយពង្រឹងជំនឿរបស់យើង ពីព្រោះកិច្ចការនោះរំលឹកយើងអំពីសេចក្ដីសន្យារបស់ព្រះ និងខ្នាតតម្រាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់លោក។ កិច្ចផ្សព្វផ្សាយក៏ជួយយើងរក្សាគុណសម្បត្ដិដែលយើងត្រូវការដើម្បីការពារខ្លួនពីសាថាននិងពិភពលោករបស់វា។—សូមអាន អេភេសូរ ៦:១៤-១៧
ពេលយើងជាប់រវល់ក្នុងកិច្ចការរបស់ព្រះយេហូវ៉ា យើងមិនមានពេលដើម្បីបារម្ភច្រើនពេកអំពីបញ្ហាផ្ទាល់ខ្លួន
១៣. តើសាក្សីម្នាក់នៅប្រទេសអូស្ដ្រាលីមានអារម្មណ៍យ៉ាងណាអំពីកិច្ចផ្សព្វផ្សាយ?
១៣ យើងទទួលការការពារ ពេលយើងជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយ សិក្សាគម្ពីរនិងសៀវភៅរបស់យើង ហើយធ្វើអ្វីផ្សេងៗសម្រាប់អ្នកឯទៀតក្នុងក្រុមជំនុំ ពីព្រោះយើងមិនមានពេលដើម្បីបារម្ភច្រើនពេកអំពីបញ្ហាផ្ទាល់ខ្លួន។ បងប្រុសជោអែលដែលរស់នៅប្រទេសអូស្ដ្រាលីនិយាយថា៖ «កិច្ចការផ្សព្វផ្សាយជួយខ្ញុំមិនឲ្យភ្លេចអំពីអ្វីដែលជាការពិត ពោលគឺរំលឹកខ្ញុំអំពីបញ្ហាដែលមនុស្សជួបប្រទះ ហើយអំពីប្រយោជន៍ដែលខ្ញុំបានទទួលដោយធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតរបស់ខ្ញុំ។ កិច្ចការផ្សព្វផ្សាយជួយខ្ញុំខំព្យាយាមរក្សាចិត្តរាបទាប ហើយបើកឱកាសឲ្យខ្ញុំពឹងទៅលើព្រះយេហូវ៉ានិងបងប្អូនរបស់ខ្ញុំ»។
១៤. ហេតុអ្វីការតស៊ូព្យាយាមរបស់យើងក្នុងកិច្ចផ្សព្វផ្សាយបង្ហាញថាព្រះកំពុងឲ្យសកម្មពលរបស់លោកដល់យើង?
១៤ ការផ្សព្វផ្សាយក៏ធ្វើឲ្យយើងមានទំនុកចិត្តច្រើនជាងថាព្រះកំពុងឲ្យសកម្មពលរបស់លោកដល់យើង។ ជាឧទាហរណ៍ សូមស្រមៃគិតថាអ្នកមានភារកិច្ចឲ្យនំប៉័ងដល់មនុស្សដែលរស់នៅក្នុងតំបន់របស់អ្នក។ អ្នកមិនទទួលប្រាក់ខែសម្រាប់កិច្ចការនោះទេ ហើយអ្នកត្រូវបង់ចំណាយរបស់ខ្លួន។ ម្យ៉ាងទៀត មនុស្សភាគច្រើនមិនចង់បាននំប៉័ងនោះទេ ហើយអ្នកខ្លះថែមទាំងស្អប់អ្នកដោយសារអ្នកយកវាមកឲ្យពួកគេ។ តើអ្នកនឹងបន្តធ្វើកិច្ចការនោះរយៈពេលយូរប៉ុន្មាន? មិនយូរប៉ុន្មានអ្នកនឹងធ្លាក់ទឹកចិត្ត ហើយអ្នកទំនងជានឹងឈប់ធ្វើកិច្ចការនោះ។ ប៉ុន្តែ យើងជាច្រើននាក់បន្តធ្វើកិច្ចការផ្សព្វផ្សាយពីមួយឆ្នាំទៅមួយឆ្នាំ ទោះជាយើងត្រូវចំណាយពេលវេលានិងលុយ ហើយមនុស្សសើចចំអកឲ្យយើង ឬខឹងយើងក្ដី។ នេះបង្ហាញថាសកម្មពលរបស់ព្រះកំពុងជួយយើង។
ធ្វើការជាមួយនឹងព្រះបង្ហាញថា យើងស្រឡាញ់លោកនិងអ្នកឯទៀត
១៥. តើការផ្សព្វផ្សាយដំណឹងល្អជាប់ទាក់ទងយ៉ាងណានឹងគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ?
១៥ តើកិច្ចការផ្សព្វផ្សាយជាប់ទាក់ទងយ៉ាងណានឹងគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ? គោលបំណងរបស់ព្រះគឺឲ្យមនុស្សរស់ជារៀងរហូត ហើយពេលអាដាមប្រព្រឹត្តអំពើខុសឆ្គង គោលបំណងនេះមិនបានផ្លាស់ប្ដូរទេ។ (អេសាយ ៥៥:១១) ព្រះបានរៀបចំរំដោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ តើតាមរបៀបណា? លោកយេស៊ូបានមកផែនដី ហើយផ្ដល់ជីវិតជាគ្រឿងបូជា។ ប៉ុន្តែដើម្បីទទួលប្រយោជន៍ពីគ្រឿងបូជារបស់លោក មនុស្សត្រូវស្ដាប់បង្គាប់ព្រះ។ ដូច្នេះ លោកយេស៊ូបានបង្រៀនមនុស្សអំពីអ្វីដែលព្រះតម្រូវឲ្យពួកគេធ្វើ ហើយលោកបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើដូច្នេះដែរ។ សព្វថ្ងៃនេះ ពេលយើងផ្សព្វផ្សាយនិងជួយអ្នកឯទៀតក្លាយទៅជាមិត្តសម្លាញ់របស់ព្រះ យើងកំពុងធ្វើការជាមួយនឹងព្រះតាមការរៀបចំរបស់លោកដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដើម្បីសង្គ្រោះមនុស្សពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។
១៦. តើកិច្ចផ្សព្វផ្សាយរបស់យើងជាប់ទាក់ទងយ៉ាងណានឹងបញ្ញត្ដិសំខាន់បំផុត?
១៦ ពេលយើងជួយអ្នកឯទៀតឲ្យរកផ្លូវដែលឆ្ពោះទៅជីវិតដែលគ្មានទីបញ្ចប់ យើងបង្ហាញថាយើងស្រឡាញ់ពួកគេនិងស្រឡាញ់ព្រះយេហូវ៉ា។ «លោកមានបំណងប្រាថ្នាឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) ពេលផារិស៊ីម្នាក់បានសួរលោកយេស៊ូអំពីបញ្ញត្ដិមួយណារបស់ព្រះដែលសំខាន់ជាងគេ លោកយេស៊ូបានមានប្រសាសន៍ថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។ បញ្ញត្ដិសំខាន់ទីពីរក៏ស្រដៀងនឹងនេះដែរ គឺ៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។ (ម៉ាថាយ ២២:៣៧-៣៩) យើងធ្វើតាមបញ្ញត្ដិទាំងនេះដោយផ្សព្វផ្សាយដំណឹងល្អ។—សូមអាន សកម្មភាព ១០:៤២
១៧. តើអ្នកមានទស្សនៈយ៉ាងណាចំពោះឯកសិទ្ធិដែលអ្នកមានដើម្បីផ្សព្វផ្សាយដំណឹងល្អ?
១៧ យើងពិតជាបានទទួលពរមែន! ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវកិច្ចការដែលនាំឲ្យយើងមានអំណរ ដែលនាំឲ្យយើងចូលកាន់តែជិតលោកនិងបងប្អូនរបស់យើង ហើយដែលការពារចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ កិច្ចការនេះក៏បើកឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកឯទៀតដែរ។ ព្រះយេហូវ៉ាមានអ្នកបម្រើរាប់លាននាក់ទូទាំងពិភពលោក ហើយពួកគេទាំងអស់គ្នាមានស្ថានភាពខុសគ្នាឆ្ងាយណាស់។ ប៉ុន្តែ ទោះជាយើងជាមនុស្សវ័យក្មេងឬចាស់ មានឬក្រ ខ្លាំងឬខ្សោយក៏ដោយ យើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីប្រាប់អ្នកឯទៀតអំពីជំនឿរបស់យើង។ យើងមានទស្សនៈដូចបងស្រីហ្សង់តែលដែលមកពីប្រទេសបារាំង ដែលនិយាយថា៖ «បុគ្គលដែលមានឫទ្ធានុភាពខ្លាំងបំផុតក្នុងសកលលោក ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ ដែលជាព្រះដែលមានសេចក្ដីសប្បាយ បានមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរទៅ! ចូរនិយាយ! ចូរនិយាយជំនួសខ្ញុំ និយាយចេញពីចិត្ត។ ខ្ញុំឲ្យអ្នកនូវឫទ្ធានុភាពរបស់ខ្ញុំ គម្ពីរដែលជាបណ្ដាំរបស់ខ្ញុំ ការគាំទ្រពីបុគ្គលនៅស្ថានសួគ៌ អ្នករួមធ្វើការនៅផែនដី ការបង្ហាត់បង្រៀនបន្ដិចម្ដងៗ ហើយការណែនាំជាក់លាក់តាមត្រូវពេល›។ ការដែលយើងធ្វើអ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើ និងការដែលយើងរួមធ្វើការជាមួយនឹងព្រះរបស់យើង នោះគឺជាឯកសិទ្ធិដ៏ធំណាស់!»។