សំបុត្រពីគណៈអភិបាល
«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។ ប៉ុលប្រើពាក្យទាំងនេះច្រើនដងក្នុងសំបុត្រដែលគាត់ផ្ញើជូនក្រុមជំនុំទាំងឡាយ។ ពាក្យទាំងនេះបញ្ជាក់អំពីអ្វីដែលយើងចង់បានចំពោះបងប្អូន។—អេភ. ១:២
យើងពិតជាមានចិត្តកតញ្ញូចំពោះព្រះគុណរបស់ព្រះយេហូវ៉ាតាមរយៈយញ្ញបូជាលោះរបស់ព្រះគ្រីស្ទមែន! តាមរយៈតម្លៃលោះ យើងអាចផ្គាប់ព្រះហឫទ័យនៃព្រះបាន។ យើងមិនអាចផ្គាប់ព្រះហឫទ័យព្រះបានទេ បើពឹងលើសមត្ថភាពរបស់ខ្លួន ទោះជាយើងខំប្រឹងសិក្សាព្រះគម្ពីរ ផ្សព្វផ្សាយដំណឹងល្អឬធ្វើការល្អផ្សេងទៀតក៏ដោយ។ ទោះជាមនុស្សមិនគួរទទួលក៏ដោយ ព្រះយេហូវ៉ាបង្ហាញព្រះគុណឬព្រះទ័យសប្បុរសដល់យើងតាមរយៈព្រះយេស៊ូគ្រីស្ទ។ ទ្រង់ធ្វើដូច្នេះដោយអត់ទោសបាបឲ្យយើង និងឲ្យសង្ឃឹមរស់ជារៀងរហូត ទុកជាអំណោយទាន មិនមែនជាឈ្នួលសម្រាប់ការដែលយើងប្រព្រឹត្តទេ។—រ៉ូម ១១:៦
ប៉ុលបានសរសេរឲ្យបងប្អូនរួមជំនឿថា៖ «យើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ។ ដ្បិតទ្រង់មានបន្ទូលថា‹នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្ដាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង› មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។ មុនសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិមនៅសតវត្សរ៍ទីមួយ គឺមាន«វេលាដែលគាប់ចិត្ត»។ មនុស្សដែលស្រឡាញ់ព្រះយេហូវ៉ាដោយមានចិត្តស្មោះត្រង់បានទទួលសេចក្ដីសង្គ្រោះខាងវិញ្ញាណ។ ជាយថាហេតុ អស់អ្នកដែលមានចិត្តស្មោះត្រង់បានរត់ចេញពីទីក្រុងយេរូសាឡិម មុនសេចក្ដីហិនវិនាសនៅឆ្នាំ៧០ គ.ស.។ ពួកគេបានទទួលសេចក្ដីសង្គ្រោះ។—២កូ. ៦:១, ២
សព្វថ្ងៃនេះ យើងក៏កំពុងតែរស់នៅ«វេលាដែលគាប់ចិត្ត» ហើយ«ថ្ងៃសង្គ្រោះ»ផងដែរ។ ព្រះយេហូវ៉ាទទួលស្គាល់អស់អ្នកបម្រើទ្រង់ ដែលកំពុងតែទទួលសេចក្ដីសង្គ្រោះខាងវិញ្ញាណ។ ពួកគេមានសេចក្ដីសង្ឃឹមរួចរស់ជីវិតនៅ«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»នៅពេលឆាប់ៗខាងមុខនេះ។—សេផា. ១:១៤
ថ្ងៃដ៏ធំនៃព្រះយេហូវ៉ាដែលជិតដល់ហើយ នាំឲ្យយើងមានភារកិច្ចធ្ងន់ធ្ងរមែន។ យើងក៏ត្រូវព្រមានមនុស្សពីថ្ងៃដ៏ធំនោះ ថែមទាំងជួយមនុស្សដែលមានចិត្តស្មោះត្រង់ទទួលសេចក្ដីសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេហូវ៉ា។ ប៉ុលបានយល់យ៉ាងច្បាស់ថានេះជាភារកិច្ចធ្ងន់ធ្ងរមែនទែន។ គាត់បានសរសេរថា៖ «បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»។ គាត់ក៏បានបង្ហាញពីអារម្មណ៍របស់គាត់តាមពាក្យទាំងនេះថា៖ «ខ្ញុំមានសេចក្ដីជំពាក់ . . . ទាំងអ្នកប្រាជ្ញ នឹងអ្នកខ្លៅផង ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា»។—១កូ. ៩:១៦; រ៉ូម ១:១៤, ១៥
យើងនឹងទទួលខុសត្រូវចំពោះព្រះយេហូវ៉ា ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងកិច្ចការដ៏សំខាន់នេះ គឺការព្រមានមនុស្ស។ យើងដឹងពីអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅព្យាការីអេសេគាលថា៖ «កូនមនុស្សអើយ! អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្ដាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង។ កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា៖ ‹ឯងនឹងត្រូវស្លាប់ជាពិត› នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ»។—អេសេ. ៣:១៧, ១៨
ថ្ងៃជាន់ក្រោយបង្អស់ជាគ្រាដ៏ពិបាកណាស់។ ការរក្សាតុល្យភាពរវាងរឿងទាក់ទងនឹងក្រុមគ្រួសារ ភារកិច្ចនៅកន្លែងធ្វើការ ភារកិច្ចក្នុងក្រុមជំនុំ និងកិច្ចផ្សព្វផ្សាយមិនសូវស្រួលប៉ុន្មានទេ។ ម្យ៉ាងវិញទៀត បងប្អូនជាច្រើនអាចធ្លាក់ខ្លួនឈឺ បាក់ទឹកចិត្ត មានបញ្ហាដោយព្រោះភាពចាស់ជរា ហើយជួបប្រទះការប្រឆាំងផងដែរ។ បងប្អូនភាគច្រើនមាន«ផ្ទុកធ្ងន់»រួចហើយ។ យើងអាណិតបងប្អូនណាស់ ហើយសូមមានប្រសាសន៍ដូចព្រះយេស៊ូដែលមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។ (ម៉ាថ. ១១:២៨) យើងចង់សរសើរដោយអស់ពីចិត្ត ដល់បងប្អូនដែលខំប្រឹងបម្រើព្រះយេហូវ៉ាដោយចិត្តស្មោះភក្ដីទោះបីមានការពិបាកធំឬតូចក្ដី។
ជាមធ្យម ទូទាំងពិភពលោកជារៀងរាល់សប្ដាហ៍ មានចំនួន៤.៧៦២នាក់បានទទួលបុណ្យជ្រមុជទឹក។ នេះជាលទ្ធផលដែលព្រះយេហូវ៉ាប្រទានពរដល់ការផ្សព្វផ្សាយនិងការបង្រៀនរបស់បងប្អូនយ៉ាងខ្នះខ្នែង។ ក្នុងកំលុងឆ្នាំកិច្ចបម្រើកន្លងទៅ មាន១.៣៧៥ក្រុមជំនុំថ្មី។ យើងសង្ឃឹមនិងអធិស្ឋាន សូមឲ្យសៀវភៅថ្មីដែលមានចំណងជើងថា៖ តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលមានជាង១២០ភាសារួចហើយ នឹងជួយមនុស្សរាប់លាននាក់ទទួលប្រយោជន៍ពីព្រះគុណនិងភាពសុខសាន្តដែលមកពីព្រះយេហូវ៉ានា«ថ្ងៃសង្គ្រោះ»នេះ។
សូមមានទំនុកចិត្តថា គណៈអភិបាលស្រឡាញ់បងប្អូននិងអធិស្ឋានជូនបងប្អូន។ យើងក៏អរគុណបងប្អូនដែលបានអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាប្រយោជន៍ឲ្យយើងដែរ។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា)