ជំពូកទី១២
ប្រភពដ៏ខ្ពង់ខ្ពស់នៃប្រាជ្ញា
«ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។ (ទំនុកដំកើង ១០៤:២៤) ត្រូវហើយ តាំងពីអធិកភាពនៃសកលលោកដ៏ធំធេង ដល់លំអដ៏ប្រណីតនៃបុប្ផា របស់ដែលបង្កើតទាំងនេះគឺបញ្ជាក់នូវប្រាជ្ញាដ៏គ្មានអ្វីប្រៀបបានរបស់អ្នកបង្កើត។ បច្ចេកវិជ្ជានៃសតវត្សទី២០នេះ គឺទៅជាឥតសំខាន់សោះឡើយ ពេលប្រៀបនឹងការបង្កើតរបស់ព្រះ។ បើព្រះគម្ពីរគឺជាបន្ទូលរបស់ព្រះ នោះយើងក៏នឹងទន្ទឹងថា វានឹងផ្ដល់ទីសំអាងអំពីប្រាជ្ញា ដែលប្រសើរលើសពីសមត្ថភាពមនុស្សទៅទៀត។ តើនេះគឺមែនទេ?
១. (រួមបុព្វយោគ) (ក) តើយើងឃើញទីសំអាងនៅឯណា អំពីប្រាជ្ញាដ៏គ្មានអ្វីប្រៀបបានរបស់ព្រះ? (ខ) តើព្រះគម្ពីរផ្ដល់ដំបូន្មានអ្វីអំពីប្រាជ្ញា?
ព្រះគម្ពីរបញ្ជាក់នូវសារៈសំខាន់នៃប្រាជ្ញា ដោយប្រាប់ថា៖ «ប្រាជ្ញាជាសំខាន់លេខ១ ដូច្នេះចូរខំឲ្យបានប្រាជ្ញាចុះ អើ កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង»។ (សុភាសិត ៤:៧) ព្រះគម្ពីរក៏ទទួលស្គាល់ដែរថា យើងជាមនុស្សតែងតែខ្វះប្រាជ្ញា ហើយលើកទឹកចិត្តយើងថា៖ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា»។—យ៉ាកុប ១:៥
២. តើបុគ្គលម្នាក់អាចចម្រើនប្រាជ្ញារបស់ខ្លួនយ៉ាងដូចម្ដេច?
២ តើតាមរបៀបណាដែលព្រះ‹ប្រទានប្រាជ្ញាដោយសទ្ធា›? វិធីមួយ គឺដោយលើកទឹកចិត្តយើងឲ្យអានហើយរៀនពីព្រះគម្ពីរ។ សៀវភៅសុភាសិតក្នុងព្រះគម្ពីរដាស់តឿនថា៖ «កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា . . . នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា»។ (សុភាសិត ២:១, ២, ៥, ៦) ពេលយើងអនុវត្តតាមដំបូន្មានក្នុងព្រះគម្ពីរ ហើយឃើញថាមានប្រសិទ្ធភាពមែន នោះយើងនឹងដឹងថាព្រះគម្ពីរគឺពិតជាតំណាងប្រាជ្ញាពីព្រះ។
ពាក្យសំដីដ៏មានប្រាជ្ញា
៣, ៤. (ក) តើព្រះគម្ពីរចែងយ៉ាងណា អំពីការឥតប្រយោជន៍នៃការស្រឡាញ់ប្រាក់? (ខ) តើការថ្លឹងថ្លែងយ៉ាងត្រឹមត្រូវអ្វី ដែលព្រះគម្ពីរបានសម្ដែងក្នុងការទូន្មានយើង អំពីតម្លៃនៃប្រាក់?
៣ ដើម្បីឲ្យយល់សេចក្ដីនេះឲ្យបានច្បាស់ថែមទៀត សូមយើងមើលខពីរបីក្នុងព្រះគម្ពីរ។ សូមពិចារណាពាក្យសំដីដ៏មានប្រាជ្ញានេះ៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន . . . ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង»។ (ធីម៉ូថេទី១ ៦:៩, ១០) សូមប្រៀបសេចក្ដីនេះនឹងទស្សនៈសម័យថ្មី—យ៉ាងតិចណាស់ក៏ក្នុងសង្គមបស្ចិមប្រទេស—ដែលជម្រុញមនុស្សឲ្យស្វែងរកប្រាក់ ជាគោលដៅសំខាន់ទីមួយរបស់គេ។ ប៉ុន្តែគួរឲ្យស្ដាយណាស់ មនុស្សជាច្រើនទទួលបានទ្រព្យដែលគេស្វែងរក ហើយនៅតែមានអារម្មណ៍ថាគ្មានន័យ ហើយឥតពេញចិត្តសោះ។ គ្រូពេទ្យខាងចិត្តវិជ្ជាម្នាក់មានប្រសាសន៍ថា៖ «ក្លាយជាលេខ១ និងជាអ្នកមានមិនធ្វើឲ្យអ្នកបានស្កប់ចិត្ត ពេញចិត្ត ឬមានគេគោរព ឬស្រឡាញ់អ្នកដោយពិតនោះទេ»។1
៤ នេះមិនមែនថាមនុស្សធម្មតាអាចបែរខ្នងចេញ មិនចង់បានប្រាក់សោះនោះទេ។ ព្រះគម្ពីរបង្ហាញនូវប្រាជ្ញាមួយដ៏ថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ ដោយចែងថា៖ «ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញាឲ្យរមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដា ៧:១២) ដូច្នេះ ព្រះគម្ពីរជួយយើងឲ្យយល់ថាប្រាក់ ថ្វីដ្បិតតែសំខាន់ មិនមែនសំខាន់បំផុតនោះទេ។ ប្រាក់គឺគ្រាន់តែជាគ្រឿងសម្រាប់បំពេញបំណងអ្វីមួយតែប៉ុណ្ណោះ ហើយតម្លៃវាគឺមានកម្រិត បើយើងឥតមានប្រាជ្ញាប្រើវាឲ្យបានត្រឹមត្រូវ។
៥, ៦. (ក) ហេតុអ្វីក៏ដំបូន្មានព្រះគម្ពីរដែលឲ្យជៀសវាងពីពួកម៉ាកអាក្រក់ គឺប្រកបដោយប្រាជ្ញា? (ខ) តាមរបៀបណាដែលយើងបានផលប្រយោជន៍ដោយ«ដើរជាមួយនឹងមនុស្សប្រាជ្ញ»?
៥ សេចក្ដីថ្លែងនៃព្រះគម្ពីរនេះក៏ត្រូវដែរ៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) តើអ្នកដែលបានកត់សម្គាល់នូវអានុភាពដ៏ខ្លាំង ដែលពួកម៉ាករបស់យើងមានមកលើយើងទេ? ការបង្ខិតបង្ខំពីពួកម៉ាកនាំឲ្យមនុស្សវ័យក្មេងចូលក្នុងការស្រវឹងស្រា ការប្រើគ្រឿងឱសថយ៉ាងផ្ដេសផ្ដាស និងអំពើឥតសីលធម៌។ បើយើងចូលរួមនឹងអ្នកដែលប្រើសំដីអាក្រក់ នោះខ្លួនយើងក៏គង់តែនឹងប្រើសំដីអាក្រក់ដែរ។ ការចូលរួមនឹងអ្នកមិនស្មោះត្រង់តែងលំអៀងចិត្តយើងឲ្យទៅជាមិនស្មោះត្រង់។ ពិតហើយ ព្រះគម្ពីរក៏ចែងប្រាប់ដែរថា៖ «ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។—កូរិនថូសទី១ ១៥:៣៣
៦ តែម្យ៉ាងវិញ ពួកម៉ាកល្អអាចធ្វើឲ្យយើងចម្រើនឡើង។ ដោយ«ដើរជាមួយនឹងមនុស្សប្រាជ្ញ» នោះយើងនឹងរឹតតែមានប្រាជ្ញាថែមទៀត។ ទម្លាប់ល្អមានអានុភាពលើយើង ដូចជាទម្លាប់អាក្រក់ដែរ។ ម្ដងទៀតនេះ ព្រះគម្ពីរបង្ហាញនូវប្រាជ្ញា ក្នុងការលើកទឹកចិត្តយើងឲ្យជ្រើសរើសពួកម៉ាកដោយប្រយ័ត្ន។
៧. តើអ្វីធ្វើឲ្យព្រះគម្ពីរជាប្រភពដ៏ប្លែកតែមួយនៃដំបូន្មាន?
៧ ព្រះគម្ពីរមានសិក្ខាបទដូចនេះជាច្រើន សម្រាប់ជួយយើងឲ្យដឹកនាំជីវិតរបស់យើង។ ជាប្រភពនៃដំបូន្មាន ព្រះគម្ពីរគឺប្លែកពីសៀវភៅឯទៀត។ ដំបូន្មាននៃព្រះគម្ពីរតែងតែនាំមកនូវផលប្រយោជន៍ មិនមែនគ្រាន់ជាទ្រឹស្តីតែប៉ុណ្ណោះទេ ហើយមិនដែលធ្វើឲ្យយើងរងទុក្ខឡើយ។ ដំបូន្មានជាច្រើនយ៉ាងក្នុងព្រះគម្ពីរ គឺគ្មានអ្វីមកប្រៀបផ្ទឹមបានទេ។ អ្នកដែលអនុវត្តតាមដំបូន្មាននេះក្នុងជីវិតគេ ហើយឃើញថាបានផលល្អមែន នោះគេក៏អបអរនឹងព្រះគម្ពីរដែលជាប្រភពដ៏ប្លែកតែមួយនៃប្រាជ្ញា។
គោលការណ៍ដ៏មានប្រាជ្ញា
៨. តាមរបៀបណាដែលព្រះគម្ពីរជួយយើងបាន សូម្បីក្នុងពេលដែលយើងប្រទះនឹងស្ថានភាពមួយ ដែលមិនមាននិយាយក្នុងព្រះគម្ពីរសោះ?
៨ ប៉ុន្តែ ចុះយ៉ាងណាទៅបើយើងប្រទះនឹងស្ថានភាពមួយ ដែលមិនមាននិយាយក្នុងព្រះគម្ពីរសោះ? ជាញឹកញយ យើងរកឃើញគោលការណ៍យ៉ាងទូលំទូលាយសម្រាប់ដឹកនាំយើង។ ជាឧទាហរណ៍ មនុស្សជាច្រើនក្នុងគ្រាខ្លះនៃជីវិតរបស់គេ ត្រូវសម្រេចចិត្តអំពីទម្លាប់នៃការជក់ថ្នាំជក់។ ពីព្រោះមិនមានគេស្គាល់ថ្នាំជក់នៅមជ្ឈិមបូព៌ាកាលជំនាន់ព្រះយេស៊ូ ព្រះគម្ពីរក៏មិនបាននិយាយអំពីវាទេ។ ប៉ុន្តែ មានគោលការណ៍ត្រឹមត្រូវក្នុងព្រះគម្ពីរ ដើម្បីជួយយើងឲ្យសម្រេចចិត្តដោយប្រាជ្ញាក្នុងរឿងនេះ។
៩-១១. តាមរបៀបណាដែលគោលការណ៍ព្រះគម្ពីរជួយយើងឲ្យសម្រេចចិត្តដោយប្រាជ្ញា ក្នុងរឿងប្រើថ្នាំជក់ ហើយដូចម្ដេចយើងបានផលប្រយោជន៍ ដោយធ្វើតាមគោលការណ៍ទាំងនេះ?
៩ ថ្វីបើគេថាបានឆ្ងាញ់ ការជក់ថ្នាំជក់តាមពិតគឺមានបឺតផ្សែងកខ្វក់ដ៏ក្រាស់ចូលក្នុងសួត។ អ្នកដែលជក់ធ្វើឲ្យកខ្វក់ខ្លួនគេ ព្រមទាំងសំលៀកបំពាក់គេ និងខ្យល់ជុំវិញគេផង។ ថែមទៅទៀត ការជក់គឺជាការញៀន។ មនុស្សដែលចង់ឈប់ជក់តែងតែឃើញថាជាការពិបាកណាស់។ ដោយចាំទុករឿងនេះក្នុងចិត្ត យើងអាចពឹងលើព្រះគម្ពីរ ដើម្បីជួយយើងឲ្យធ្វើការសន្និដ្ឋានដោយប្រាជ្ញា អំពីការជក់ថ្នាំជក់។
១០ ទីមួយ សូមពិចារណាបញ្ហានៃការញៀន។ ពេលនិយាយអំពីចំណី ប៉ុលប្រាប់ថា៖ «ខ្ញុំមិនព្រមចុះចូលក្នុងអំណាចនៃការណាមួយនោះសោះ»។ (កូរិនថូសទី១ ៦:១២) ប៉ុលអាចបរិភោគចំណីគ្រប់យ៉ាងដោយសេរី ប៉ុន្តែលោកដឹងថាមនុស្សខ្លះនៅទីនោះមានមនសិការដែលងាយប្រែប្រួល។ ដូច្នេះ លោកមានប្រសាសន៍ថាលោកមិន«ញៀន»នឹងចំណីខ្លះដល់ម្ល៉េះទេ ដែលធ្វើលោកមិនអាចលះបង់បាន បើលោកត្រូវតែលះបង់នោះ ដើម្បីកុំឲ្យអ្នកឯទៀតត្រូវធ្លាក់ខ្លួនខុស។ បើអ្នកណាម្នាក់មិនអាចឈប់ជក់—ឬក៏ចុក—ថ្នាំជក់ទេ នោះគេគឺប្រាកដជា‹ចុះចូលក្នុងអំណាចនៃការនោះ›ហើយ។ ដូច្នេះសេចក្ដីរបស់ប៉ុលអំពីរឿងចំណីគឺជាគោលការណ៍ណែនាំដ៏ល្អ សម្រាប់ការប្រើថ្នាំជក់។ យើងមិនគួរអនុញ្ញាតឲ្យខ្លួនយើងនៅក្រោមអំណាចនៃទម្លាប់អ្វីមួយឡើយ។
១១ ទីពីរ សូមពិចារណារឿងកខ្វក់។ ព្រះគម្ពីរចែងថា៖ «ត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង»។ (កូរិនថូសទី២ ៧:១) គ្មានសង្ស័យឡើយ ការជក់គឺនាំឲ្យប្រឡាក់ឬកខ្វក់ដល់សាច់ឈាម។ ស្របតាមអង្គការពិភពលោកខាងសុខភាព ដែលការកខ្វក់នេះគឺខ្លាំងយ៉ាងណា គឺអាចឃើញច្បាស់ក្នុងការដែលវាបណ្ដាលឲ្យមនុស្សជាងមួយលាននាក់ ស្លាប់ទាំងអាយុខ្លីរាល់ឆ្នាំ។ បើយើងធ្វើតាមគោលការណ៍ព្រះគម្ពីរ ថាឲ្យនៅជ្រះស្អាតពីសេចក្ដីប្រឡាក់ខាងសាច់ឈាម នោះយើងនឹងការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដោយសារការជក់នេះ ព្រមទាំងគ្រឿងឱសថនិងសេចក្ដីប្រឡាក់ឯទៀតផង។
ពាក្យដ៏មានផលប្រយោជន៍
១២. ហេតុអ្វីក៏ដំបូន្មានព្រះគម្ពីរតែងតែជាប់ទាក់ទងនឹងសុខុមាលភាពខាងរូបកាយនិងខាងចិត្តរបស់យើង?
១២ យើងមិនគួរឆ្ងល់ឡើយថា ធ្វើតាមដំបូន្មានព្រះគម្ពីរគឺមានផលប្រយោជន៍ដល់រូបកាយយើង។ ដំបូន្មានព្រះគម្ពីរគឺមកពីព្រះ។ ជាអ្នកបង្កើតយើង ព្រះអង្គមានចំណេះយ៉ាងជ្រៅអំពីរបៀបដែលយើងបានត្រូវបង្កើតមក ហើយអ្វីដែលយើងត្រូវការ។ (ទំនុកដំកើង ១៣៩:១៤-១៦) ដំបូន្មានរបស់ទ្រង់គឺតែងតែជាប់ទាក់ទងនឹងសុខុមាលភាពខាងរូបកាយ និងខាងចិត្តរបស់យើង។
១៣, ១៤. ហេតុអ្វីជាផ្លូវដ៏មានប្រាជ្ញា ដោយធ្វើតាមដំបូន្មានព្រះគម្ពីរ ដែលហាមមិនឲ្យកុហកនោះ?
១៣ នេះគឺឃើញក្នុងដំបូន្មានដែលថាមិនឲ្យនិយាយកុហក។ ការកុហកគឺកត់ក្នុងចំណោមរបស់ប្រាំពីរយ៉ាង ដែលព្រះយេហូវ៉ាមានព្រះហឫទ័យស្អប់ ហើយសៀវភៅវិវរណៈកត់មនុស្សកុហកក្នុងចំណោមអ្នកដែលឥតមានចំណែកក្នុងពិភពលោកថ្មីរបស់ព្រះទេ។ (សុភាសិត ៦:១៩; វិវរណៈ ២១:៨) ថ្វីបើដូច្នេះក៏ដោយ ការកុហកគឺមានច្រើនទូទៅ។ ទស្សនាវដ្ដីជំនួញមួយនិយាយថា៖ «សហរដ្ឋអាមេរិកមានការបន្លំលួច ការបោក និងអំពើអាក្រក់ស្រដៀងគ្នាឯទៀត ដែលកើតមានឡើងដ៏ច្រើនបំផុតក្នុងប្រវត្ដិសាស្ត្រ»។2
១៤ ប៉ុន្តែ ថ្វីបើវាជាធម្មតាទូទៅមែន ការកុហកគឺអាក្រក់ដល់សង្គម និងអាក្រក់ដល់មនុស្សម្នាក់ៗដែរ។ អ្នកសរសេរសារពត៌មានឈ្មោះ ឃ្លីហ្វដ ឡងលី កត់សម្គាល់យ៉ាងត្រឹមត្រូវថា៖ «ការកុហកធ្វើឲ្យអ្នកកុហកនិងអ្នកដែលត្រូវគេកុហករងទុក្ខ ដល់កម្រិតយ៉ាងខ្លាំងបំផុត ដោយផ្ដាច់ការទាក់ទងដ៏សំខាន់បំផុត រវាងចិត្តនិងរឿងពិត»។3 ទស្សនាវដ្ដីអាមេរិកាំងខាងវេជ្ជវិទ្យាខាងវិកលចរិត ថ្លែងថា៖ «ឥទ្ធិពលខាងចិត្តលើអ្នកដែលត្រូវគេកុហកគឺអាចធ្វើឲ្យខូចខាតខ្លាំងណាស់។ ការសម្រេចចិត្តដ៏សំខាន់នៃជីវិត គឺអាចសំអាងលើពត៌មានមិនពិត ដែលគេជឿថាជាពិត។ ការកុហកក៏មានឥទ្ធិពលអាក្រក់ដល់អ្នកកុហកដែរ»។4 បើនិយាយប្រាប់ការពិត ដូចព្រះគម្ពីរទូន្មានដោយប្រាជ្ញា នោះគឺជាការល្អប្រសើរយ៉ាងណាទៅ!
១៥, ១៦. តាមរបៀបណាដែលយើងបានផលប្រយោជន៍ ដោយធ្វើតាមដំបូន្មានគម្ពីរព្រះ ដែលថាឲ្យមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ?
១៥ ជាអំពើមួយដ៏ល្អប្រសើរ ព្រះគម្ពីរប្រាប់យើងថា យើងគួរតែគិតគូរដល់អ្នកឯទៀត ឲ្យមានសេចក្ដីស្រឡាញ់ចំពោះគេ ហើយជួយដល់គេផង។ បន្ទូលរបស់ព្រះយេស៊ូគឺល្បីណាស់ថា៖ «ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។—ម៉ាថាយ ៧:១២
១៦ តើពិភពលោកនឹងទៅជារឹតតែល្អប្រសើរយ៉ាងណា បើគ្រប់ៗគ្នាធ្វើតាមវិន័យនេះ! ម្យ៉ាងទៀត មនុស្សនឹងមានអារម្មណ៍ រឹតតែល្អឡើងស្របទៅតាមវិចារណ៍ខាងចិត្តសាស្ត្រដែលធ្វើនៅសហរដ្ឋ។ មនុស្ស១.៧០០នាក់ដែលត្រូវគេពិចារណានោះ រាយការណ៍ថា ការជួយដល់អ្នកដទៃធ្វើឲ្យគេមានចិត្តស្ងប់ និងធូរស្បើយពីជម្ងឺដែលមានភាពតានតឹង ដូចជាឈឺក្បាល និងការពិបាកបន្លឺសម្លេង។ សេចក្ដីរាយការណ៍នេះសន្និដ្ឋានថា៖ «ដូច្នេះ គឺដូចជាឃើញថា ការគិតគូរដល់អ្នកដទៃ គឺជាចំណែកមួយនៃប្រភេទមនុស្ស ដូចជាការគិតគូរដល់ខ្លួនយើងដែរ»។5 នេះរំឭកយើងអំពីសេចក្ដីបង្គាប់នៃព្រះគម្ពីរដែលថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (ម៉ាថាយ ២២:៣៩; ប្រៀបធៀប យ៉ូហាន ១៣:៣៤, ៣៥) គឺជាធម្មតាទេដែលយើងស្រឡាញ់ខ្លួន។ ប៉ុន្តែ ដើម្បីឲ្យយើងបានសុខភាពល្អខាងចិត្ត ព្រះគម្ពីរប្រាប់ថាយើងត្រូវតែថ្លឹងថ្លែងឲ្យបានត្រឹមត្រូវ សេចក្ដីស្រឡាញ់ចំពោះខ្លួនយើង និងសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ។
អាពាហ៍ពិពាហ៍និងសីលធម៌
១៧. ហេតុអ្វីក៏ដំបូន្មានព្រះគម្ពីរជួនកាលគឺដូចជាឃើញថាផុតសម័យ?
១៧ ថ្វីបើដំបូន្មានព្រះគម្ពីរផ្ដល់ទីសំអាងនៃប្រាជ្ញាដ៏ជ្រាលជ្រៅ ព្រះគម្ពីរមិនតែងតែនិយាយរឿង ដែលមនុស្សចង់ស្ដាប់នោះទេ។ គេបន្ទោសព្រះគម្ពីរជាញឹកញយថា ជាផុតសម័យហើយ។ ហេតុអ្វីអញ្ចឹង? ពីព្រោះថ្វីបើដំបូន្មាននៃព្រះគម្ពីរគឺសម្រាប់ផ្ដល់ផលល្អដល់យើងយូរអង្វែងទៅមុខ អនុវត្តតាមដំបូន្មាននេះគឺតែងតែតម្រូវឲ្យមានការអប់រំនិងការលះបង់ផលប្រយោជន៍ខ្លួនផង ហើយគុណសម្បត្ដិទាំងនេះគឺគេមិននិយមទេសព្វថ្ងៃ។
១៨, ១៩. តើអ្វីជាខ្នាតគំរូព្រះគម្ពីរសម្រាប់អាពាហ៍ពិពាហ៍និងសីលធម៌?
១៨ សូមពិចារណារឿងអាពាហ៍ពិពាហ៍និងសីលធម៌។ ខ្នាតគំរូនៃព្រះគម្ពីរចំពោះរឿងនេះ គឺតឹងរឹងណាស់។ ព្រះគម្ពីរប្រាប់យ៉ាងជាក់ច្បាស់អំពីឯកពន្ធន៍ភាព គឺប្ដីមួយសម្រាប់ប្រពន្ធមួយ។ ព្រះគម្ពីរមាននិយាយអំពីករណីដ៏ប្លែកពីធម្មតា ដែលប្ដីប្រពន្ធអាចលែងលះគ្នា ឬនៅបែកពីគ្នាបាន។ ប៉ុន្តែតាមធម្មតា ព្រះគម្ពីរនិយាយថាចំណងអាពាហ៍ពិពាហ៍គឺសម្រាប់មួយជីវិត។ «តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី រួចក៏មានបន្ទូលថា ‹ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ›? យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។—ម៉ាថាយ ១៩:៤-៦; កូរិនថូសទី១ ៧:១២-១៥
១៩ ម្យ៉ាងទៀត ព្រះគម្ពីរចែងថា សេចក្ដីស្និទ្ធស្នាលក្នុងការរួមដំណេក គឺមានតែនៅក្នុងចំណងអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ក៏ហាមមិនឲ្យមានសេចក្ដីស្និទ្ធស្នាលដូចនេះ នៅខាងក្រៅអាពាហ៍ពិពាហ៍ឡើយ។ យើងអានថា៖ «ពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង . . . នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ»។—កូរិនថូសទី១ ៦:៩, ១០
២០. តើក្នុងរបៀបណាដែលមនុស្សជាច្រើនមិនស្ដាប់តាមខ្នាតគំរូព្រះគម្ពីរ អំពីសីលធម៌សព្វថ្ងៃនេះ?
២០ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនស្ដាប់តាមខ្នាតគំរូទាំងនេះទេ។ សាស្ដ្រាចារ្យខាងសង្គមវិជ្ជាឈ្មោះ ដាវីឌ មេស៍ កត់សម្គាល់ថា៖ «ក្នុងសតវត្សបច្ចុប្បន្ននេះ វប្បធម៌របស់យើងបានត្រូវប្រែប្រួលយ៉ាងខ្លាំង ហើយទំនៀមទម្លាប់និងស្ថាប័នជាច្រើនពីបុរាណ បានត្រូវប្រែក្រឡាប់អស់។ អាពាហ៍ពិពាហ៍ក៏ត្រូវយ៉ាងដូច្នេះដែរ»។6 អំពើខ្វះសីលធម៌គឺធម្មតាជាទូទៅ។ ការរួមដំណេករវាងក្មេងជំទង់ប្រុសស្រី ដែលដើរលេងជាគូនោះ ក៏តែងតែយល់ថាជាការធម្មតា។ មនុស្សរស់នៅជាមួយគ្នាមុនពេលរៀបការ—‹ដើម្បីគ្រាន់តែចង់ដឹងប្រាកដ›—គឺមានច្រើនជាញឹកញយ។ ហើយពេលគូប្រុសនិងស្រីរៀបការហើយ នោះការសហាយគ្នាដ៏ខុសច្បាប់ ក៏មិនជាប្លែកដែរ។
២១. តើហេតុផលអ្វីបានកើតឡើងពីការដែលមនុស្សជាច្រើនមិនស្ដាប់តាមខ្នាតគំរូព្រះគម្ពីរសម្រាប់អាពាហ៍ពិពាហ៍និងសីលធម៌?
២១ តើបរិយាកាសដ៏ខ្វះសីលធម៌នេះ បាននាំមកនូវសេចក្ដីសប្បាយចិត្តទេ? គឺអត់ទេ វានាំឲ្យមានតែចលាចល—ហើយជាចលាចលដ៏ធ្ងន់ធ្ងរផង—បណ្ដាលឲ្យមានការមិនសប្បាយចិត្ត និងការបែកបាក់គ្រួសារ។ ហើយក៏មានរោគជាច្រើន ឆ្លងរាលដាលដោយការរួមដំណេកដែលកើតឡើងពីការខ្វះសីលធម៌។ រោគប្រមេះទឹកបាយ រោគស្វាយ រោគខ្លាមេឌា និងរោគឯទៀត គឺរាលដាលច្រើនពាសពេញយ៉ាងហួសកម្រិត។ ក្នុងឆ្នាំថ្មីៗនេះ ពេស្យាចារហើយការប្រតិព័ទ្ធនឹងមនុស្សភេទដូចគ្នា បានធ្វើឲ្យរោគអេដស៍រាលដាលកាន់តែលឿនឡើង។ ស្ត្រីក្មេងនៅលីវជាច្រើននាក់ដែលមានទារក ពេលគេមិនទាន់បានពេញវ័យផុតពីកុមារភាពស្រួលបួលផង។ សារពត៌មានអំពីផ្ទះសម្រាប់ស្ត្រី កត់សម្គាល់ថា៖ «ការបញ្ជាក់លើការរួមដំណេក ដែលជាតំណាងនៃទសវត្សចាប់ពីឆ្នាំ៦០និង ពីឆ្នាំ៧០មិនបាននាំមកនូវសេចក្ដីសប្បាយចិត្តដ៏គ្មានព្រំដែនសម្រាប់មនុស្សទេ តែនាំមកនូវសេចក្ដីវេទនាយ៉ាងខ្លាំងសម្រាប់មនុស្សវិញ»។7
២២. អំពីរឿងសីលធម៌ តើអ្វីនាំមកនូវសេចក្ដីសប្បាយចិត្តជាទីបំផុត?
២២ ដូច្នេះ យើងឥឡូវឮយោបល់ដូចខាងក្រោមនេះ ពីសាស្ដ្រាចារ្យខាងសង្គមវិជ្ជា ឈ្មោះ ខាលហ្វ្រិដ ប្រូដឺរិកថា៖ «យើងប្រហែលជាធំចេះដឹងគ្រប់គ្រាន់ ដើម្បីពិចារណាមើល តើនឹងរឹតតែបានប្រយោជន៍ដល់យើងឬអត់ បើយើងលើកការជៀសវាង រួមដំណេកមុនពេលរៀបការ ទុកជាច្បាប់មួយ ដ៏មានប្រសិទ្ធិភាពចំពោះសេចក្ដីត្រូវការរបស់ពលរដ្ឋយើង និងសិទ្ធិសេរីភាពរបស់គេ គឺ៖ សេរីភាពពីជម្ងឺ សេរីភាពពីផ្ទៃពោះដែលឥតចង់បាន»។8 ជាប្រាកដ ខ្នាតគំរូនៃព្រះគម្ពីរខាងសីលធម៌គឺបានឃើញថា នឹងនាំមកនូវសេចក្ដីសប្បាយចិត្តជាទីបំផុត ដល់ពេលយូរអង្វែងទៅមុខ។
គោលការណ៍ដែលពិតជាផ្ដល់លទ្ធផលល្អ
២៣. (ក) បើគ្មានការសប្បាយចិត្តក្នុងអាពាហ៍ពិពាហ៍ទេ តើការលះលែងគ្នាជាចម្លើយតែមួយគត់ឬ? (ខ) តើអ្វីជាចម្លើយពីរយ៉ាងសម្រាប់ឲ្យអាពាហ៍ពិពាហ៍បានសប្បាយហើយនឹងនរ?
២៣ ពីព្រោះអាពាហ៍ពិពាហ៍គឺសម្រាប់គង់នៅមួយជីវិត យើងត្រូវតែដឹងធ្វើយ៉ាងណា ដើម្បីឲ្យនេះបានសម្រេច។ អ្នកខ្លះប្រកែកថា លែងលះចេញពីអាពាហ៍ពិពាហ៍ដែលមិនសប្បាយចិត្ត គឺប្រសើរជាជាងរួមរស់ជាមួយគ្នា ទាំងមានទុក្ខវេទនា។ ប៉ុន្តែមានផ្លូវផ្សេងមួយទៀត៖ គឺដោះស្រាយបញ្ហា ដែលបណ្ដាលឲ្យមានការមិនសប្បាយចិត្តនោះ។ នេះជាវិស័យមួយដែលព្រះគម្ពីរនឹងជួយបាន។ យើងបានឃើញរួចហើយ នូវរបៀបដែលព្រះគម្ពីរទូន្មានយើងឲ្យស្មោះត្រង់ ចំពោះគូអាពាហ៍ពិពាហ៍របស់យើង ហើយនេះជាចម្លើយមួយសម្រាប់អាពាហ៍ពិពាហ៍ដ៏សប្បាយហើយនឹងនរ។ ចម្លើយមួយទៀតគឺថា យើងត្រូវដឹងថាមានមេដឹកនាំតែមួយគត់ក្នុងអាពាហ៍ពិពាហ៍ ហើយព្រះគម្ពីរប្រាប់ថាគឺជាប្ដីនោះឯង។ ប្រពន្ធបានត្រូវទូន្មានឲ្យគាំទ្រប្ដីរបស់នាង មិនមែនឲ្យប្រឆាំងនឹងឋានៈរបស់ប្ដីទេ។ រីឯប្ដីវិញបានត្រូវប្រាប់ឲ្យប្រើឋានៈរបស់ខ្លួន ដើម្បីឲ្យបានផលល្អដល់ប្រពន្ធ ហើយមិនត្រូវមានចិត្តកំណាញ់ឡើយ។—កូរិនថូសទី១ ១១:៣; ធីម៉ូថេទី១ ២:១១-១៤
២៤, ២៥. តើតាមរបៀបណាដែលព្រះគម្ពីរជម្រុញប្ដីប្រពន្ធឲ្យបំពេញមុខងារត្រឹមត្រូវរបស់គេ ក្នុងអាពាហ៍ពិពាហ៍?
២៤ ព្រះគម្ពីរចែងចំពោះប្ដីថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធ . . . ដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ»។ (អេភេសូរ ៥:២៨, ២៩) ប្ដីដ៏មានចិត្តស្រឡាញ់ប្រើអំណាចរបស់គេដោយចេះគិតគូរ គេចាំថាថ្វីបើគេជាមេដឹកនាំ គេគួរតែគិតគូរដល់ប្រពន្ធ ហើយពិគ្រោះជាមួយនាងផង។ អាពាហ៍ពិពាហ៍គឺជាការរួបរួមគ្នាជាគូ មិនមែនជាការប្រើអំណាចផ្ដាច់ការទេ។
២៥ ដំបូន្មានព្រះគម្ពីរសម្រាប់ប្រពន្ធគឺមានពាក្យដូចនេះ៖ «ប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:៣៣) នាងគោរពប្ដីនាងពីព្រោះឋានៈរបស់ប្ដី ហើយការគោរពរបស់នាងនឹងត្រូវឃើញច្បាស់ ក្នុងការដែលនាងគាំទ្រប្ដី ដូចឯសេចក្ដីស្រឡាញ់របស់ប្ដីនឹងត្រូវឃើញច្បាស់ ក្នុងការដែលប្ដីចេះខ្វល់ខ្វាយដល់នាង។ ចំពោះមនុស្សជាច្រើនដែលមានគំនិតសម័យថ្មី ដំបូន្មានដូចនេះគឺគេមិនអាចស្របតាមបានទេ។ ប៉ុន្តែ ការរួបរួមគ្នាជាគូដែលសំអាងការទាក់ទងលើសេចក្ដីស្រឡាញ់និងការគោរព—ដូចព្រះគម្ពីរទូន្មាន—តែងតែបានសប្បាយចិត្ត។
២៦. តើខ្នាតគំរូព្រះគម្ពីរសម្រាប់អាពាហ៍ពិពាហ៍ ពិតជាផ្ដល់លទ្ធផលល្អឬ? សូមពន្យល់។
២៦ ដែលដំបូន្មាននៃព្រះគម្ពីរពិតជាផ្ដល់លទ្ធផលល្អក្នុងវិស័យនេះ គឺឃើញក្នុងការពិសោធមួយពីស្រុកនៅសមុទ្រខាងត្បូង។ ក្រោយពេលរស់នៅជាមួយគ្នាអស់រយ:ដប់ឆ្នាំ ប្ដីប្រពន្ធពីរនាក់នៅទីនោះក៏ជឿថា អាពាហ៍ពិពាហ៍របស់គេគឺឥតបានសម្រេចហើយ ដូច្នេះក៏សម្រេចចិត្តថាលែងគ្នា។ បន្ទាប់មក ប្រពន្ធនិយាយជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ នាងនិងស្មរបន្ទាល់នោះ ទាំងអស់គ្នាក៏រៀនឱវាទនៃព្រះគម្ពីរសម្រាប់ប្ដីប្រពន្ធ។ ប្ដីនោះប្រាប់ថា៖ «ពេលប្រពន្ធខ្ញុំកំពុងរៀនគោលការណ៍ព្រះគម្ពីរ នាងក៏ខិតខំអនុវត្តតាមគោលការណ៍នោះ ក្នុងជីវិតរបស់នាង។ ក្នុងរយៈពេលពីរបីអាទិត្យ ខ្ញុំក៏ចាប់តាំងសម្គាល់ឃើញការប្រែប្រួល»។ ដោយមានចិត្តចាប់អារម្មណ៍ខ្លាំង គាត់ក៏សុខចិត្តចូលរៀនព្រះគម្ពីរជាមួយប្រពន្ធដែរ ហើយរៀនដឹងនូវដំបូន្មាននៃព្រះគម្ពីរ សម្រាប់បុរសដែលជាប្ដី។ តើមានលទ្ធផលយ៉ាងណា? គាត់និយាយថា៖ «ឥឡូវយើងបានរកឃើញមូលដ្ឋាន សម្រាប់ជីវិតគ្រួសារដ៏សប្បាយពិតមែន»។
២៧. ការអនុវត្តតាមគោលការណ៍មួយណាពីព្រះគម្ពីរ អាចជួយពួកគ្រីស្ទានដែលរងទុក្ខពីភាពសេដ្ឋកិច្ចដុនដាប?
២៧ ការលៃលកដោះស្រាយបញ្ហាក្រីក្រ ក៏ជាវិស័យមួយទៀតដែលដំបូន្មាននៃព្រះគម្ពីរគឺឃើញថាមានប្រយោជន៍។ ជាឧទាហរណ៍ ការជក់បារីនិងការស្រវឹងស្រាដែលខុសពីគោលការណ៍ព្រះគម្ពីរនោះ គឺជាការបំផ្លាញទ្រព្យសម្បត្ដិដ៏មានកម្រិត។ (សុភាសិត ២៣:១៩-២១) ថែមទៅទៀត ព្រះគម្ពីរទូន្មានឲ្យយើងឧស្សាហ៍ ដ្បិតអ្នកឧស្សាហ៍តែងតែរកឃើញវិធីចិញ្ចឹមគ្រួសាររបស់គេបាន ជាងអ្នកដែលខ្ជិល ឬអ្នកដែលចុះញ៉មក្នុងសេចក្ដីអស់សង្ឃឹម។ (សុភាសិត ៦:៦-១១; ១០:២៦) ម្យ៉ាងទៀត ដោយស្ដាប់តាមឱវាទថាកុំឲ្យ«ច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិត» នោះនឹងធ្វើឲ្យគេម្នាក់ជៀសវាងពីការស្វែងរកអំពើដូចជាបទឧក្រិដ្ឋ ឬការលេងល្បែង ជាផ្លូវជួយសម្រាលភាពក្រីក្រ។ (ទំនុកដំកើង ៣៧:១) ការអនុវត្តដូចនេះហាក់ដូចជាផ្ដល់ផ្លូវដោះស្រាយយ៉ាងឆាប់ សម្រាប់បញ្ហាខាងប្រាក់ ប៉ុន្តែផលផ្លែនៃការទាំងនេះដល់យូរអង្វែងទៅមុខ គឺជូរចត់ណាស់។
២៨-៣០. (ក) តាមរបៀបណាដែលការអនុវត្តតាមគោលការណ៍ពីព្រះគម្ពីរ ជួយស្ត្រីគ្រីស្ទានម្នាក់ឲ្យដោះស្រាយភាពក្រីក្រ? (ខ) ការពិសោធនៃពួកគ្រីស្ទានជាច្រើនពាន់នាក់ ដែលមានសេដ្ឋកិច្ចដុនដាបនោះ គឺជាភស្តុតាងសម្រាប់អ្វី?
២៨ តើដំបូន្មាននេះពិតជាជួយអ្នកដែលក្រីក្រ ឬគ្រាន់តែជាទ្រឹស្តីឧត្តមគតិប៉ុណ្ណោះ? ចម្លើយគឺថា ដំបូន្មាននេះផ្ដល់លទ្ធផលល្អ ដូចបង្ហាញដោយការពិសោធជាច្រើនទូទាំងពិភពលោក។ សូមមើលឧទាហរណ៍មួយចុះ ស្ត្រីគ្រីស្ទានម្នាក់នៅទ្វីបអាស៊ីធ្លាក់ខ្លួនជាមេម៉ាយ ទាំងគ្មានប្រាក់ចំណូល ហើយត្រូវចិញ្ចឹមកូនប្រុសតូចម្នាក់ផង។ តើព្រះគម្ពីរបានជួយនាងព្រមទាំងកូនយ៉ាងដូចម្ដេច?
២៩ នាងឧស្សាហ៍ដូចព្រះគម្ពីរទូន្មាន ហើយចាប់ផ្ដើមកាត់ដេរសំលៀកបំពាក់លក់។ ដោយព្រោះនាងស្មោះត្រង់ ហើយអាចទុកចិត្តលើបាន ដូចព្រះគម្ពីរទូន្មានដែរ នាងមិនយូរក៏មានភ្ញៀវដែលមកជារឿយៗ។ (កូល៉ុស ៣:២៣) បន្ទាប់មក នាងប្រែបន្ទប់តូចមួយក្នុងផ្ទះនាង ធ្វើជាកន្លែងមួយតូចសម្រាប់បរិភោគចំណីអាហារ ហើយនាងងើបឡើងប្រហែលជាម៉ោងបួនរាល់ព្រឹក មករៀបចំណីអាហារសម្រាប់លក់ ហើយនេះក៏ជួយបន្ថែមប្រាក់ចំណូលរបស់នាង។ នាងនិយាយថា៖ «សូម្បីដូច្នេះក៏ដោយ យើងត្រូវតែរស់នៅដោយឥតស្មុគស្មាញ»។ ប៉ុន្តែនាងចាំឱវាទព្រះគម្ពីរដែលថា៖ «បើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។—ធីម៉ូថេទី១ ៦:៨
៣០ នាងនិយាយថែមទៀតថា៖ «ថ្វីដ្បិតតែខ្ញុំរស់នៅជិតដល់ឋានៈក្រីក្រ ខ្ញុំមិនតូចចិត្តឬជូរចត់អ្វីទេ។ សេចក្ដីពិតពីព្រះគម្ពីរធ្វើឲ្យខ្ញុំពោរពេញទៅដោយទស្សនៈវិស័យដ៏វិជ្ជមាន»។ ថែមទៅទៀត នាងបានឃើញថា សេចក្ដីសន្យាដ៏ល្បីមួយដែលព្រះយេស៊ូបានផ្ដល់ឲ្យនោះ ពិតជាមានលទ្ធផលល្អមែនចំពោះរឿងរបស់នាង។ ទ្រង់មានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ(របស់ត្រូវការជាចាំបាច់)នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣៣) ការពិសោធរបស់នាងគឺថា ដោយទុកដាក់ការបំរើព្រះជាមុនក្នុងជីវិតរបស់នាង នោះនាងតែងតែទទួល តាមរបៀបផ្សេងៗ នូវរបស់ត្រូវការជាចាំបាច់។ ការពិសោធនៃស្ត្រីគ្រីស្ទាននេះ ព្រមទាំងការពិសោធនៃពួកគ្រីស្ទានជាច្រើននាក់ឯទៀត ដែលមានសេដ្ឋកិច្ចដុនដាប គឺជាភស្តុតាងថែមទៀត ដែលថាដំបូន្មាននៃព្រះគម្ពីរ ពិតជាផ្ដល់លទ្ធផលល្អមែន។
៣១. តើមានលទ្ធផលអ្វីពេលយើងធ្វើតាមដំបូន្មានព្រះគម្ពីរ ហើយនេះជាភស្តុតាងសម្រាប់អ្វី?
៣១ ក្នុងជំពូកនេះ យើងបានពិចារណាតែបន្ដិចបន្តួចប៉ុណ្ណោះអំពីលទ្ធផលដ៏ល្អជាច្រើននៃដំបូន្មាន និងឱវាទក្នុងព្រះគម្ពីរ ហើយយើងគ្រាន់តែបានឃើញរឿងតែពីរបីប៉ុណ្ណោះ ដែលដំបូន្មាននេះបានផ្ដល់លទ្ធផលល្អ។ ការពិសោធដែលបានរៀបរាប់ប្រាប់នោះ គឺមានជាច្រើនពាន់ទៀត។ ម្ដងហើយម្ដងទៀត ពេលមនុស្សធ្វើតាមព្រះគម្ពីរ គេនឹងបានផលប្រយោជន៍ ហើយពេលគេមិនស្ដាប់តាម នោះគេត្រូវរងទុក្ខវិញ។ គ្មានដំបូន្មានណាផ្សេងទៀតទេ ទោះចាស់បុរាណឬថ្មីទំនើបយ៉ាងណាក៏ដោយ ដែលផ្ដល់ផលប្រយោជន៍យ៉ាងទៀងទាត់ដល់ម្ល៉េះ ហើយអនុវត្តតាមបានដោយមនុស្សគ្រប់សាសន៍នោះ។ ដំបូន្មានដ៏ប្រកបដោយប្រាជ្ញាដូចនេះ មិនមែនគ្រាន់តែជាប្រាជ្ញានៃមនុស្សទេ។ ដែលព្រះគម្ពីរជាសៀវភៅពោរពេញទៅដោយប្រាជ្ញាដូចនេះ គឺជាទីសំអាងយ៉ាងខ្លាំង ដែលថាព្រះគម្ពីរគឺជាបន្ទូលនៃព្រះ។
[ឃ្លាអក្សរធំនៅទំព័រ១៦៨]
អាកប្បកិរិយាល្អនឹងផ្ដល់ផលប្រយោជន៍ដល់គ្រប់ៗគ្នា
[រូបភាពនៅទំព័រ១៦៣]
ដើរជាមួយនឹងមនុស្សប្រាជ្ញធ្វើឲ្យយើងមានប្រាជ្ញាឡើង ប៉ុន្តែសេពគប់ជាមួយនឹងមនុស្សល្ងីល្ងើនឹងធ្វើឲ្យយើងខូចបង់វិញ
[រូបភាពនៅទំព័រ១៦៥]
ត្រូវជៀសវាងការជក់ថ្នាំជក់ ពីព្រោះនេះខុសពីគោលការណ៍ព្រះគម្ពីរ
[រូបភាពនៅទំព័រ១៧១]
ពួកអ្នកដែលធ្វើតាមដំបូន្មានព្រះគម្ពីរក្នុងអាពាហ៍ពិពាហ៍ នឹងមានមូលដ្ឋានមាំមួនសម្រាប់សេចក្ដីសប្បាយចិត្ត
[រូបភាពនៅទំព័រ១៧៣]
អនុវត្តតាមដំបូន្មានព្រះគម្ពីរនឹងជួយមនុស្សឲ្យលៃលកដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃភាពក្រីក្រ