តើព្រះបណ្ដាលឲ្យតែងព្រះគម្ពីរដោយរបៀបណា?
មានការចាប់អារម្មណ៍ច្រើនទៅលើការធ្វើគមនាគមន៍សព្វថ្ងៃនេះ ជាងគ្រាឯណាទៅទៀតក្នុងប្រវត្ដិសាស្ត្រ។ ទូរស័ព្ទ ទូរពុម្ព កុំព្យូទ័រ—ជាច្រើនឆ្នាំមុនៗ គឺគ្មានអ្នកណាអាចគិតថានឹងមានគ្រាដែលអាចបញ្ជូនសារពីកន្លែងណាមួយនៅជុំវិញផែនដី—ដោយមួយរំពេចបានឡើយ។
ប៉ុន្តែគមនាគមន៍ដ៏ចាប់អារម្មណ៍ជាងគេ គឺជាអ្វីមួយដែលមនុស្សមិនអាចយល់បាន—ការបណ្ដាលមកពីព្រះ។ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមនុស្សជាអ្នកសរសេរមនុស្ស៤០នាក់ ផលិតពាក្យបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរបរិសុទ្ធ។ ដូចជាមនុស្សជាតិមានផ្លូវគមនាគមន៍ច្រើន ព្រះយេហូវ៉ាក៏បានប្រើផ្លូវគមនាគមន៍បីបួនបែបដែរ ដើម្បីបណ្ដាលឲ្យតែងព្រះគម្ពីរ។
ការកត់ទុកពីពាក្យសំដី។ ព្រះទ្រង់បានបញ្ជូនសារជាច្រើន ដែលក្រោយមក បានត្រូវកត់ទុកក្នុងព្រះគម្ពីរ។a ឧទាហរណ៍ សូមពិចារណាមើលបទបញ្ជាទាំងឡាយដែលបានត្រូវធ្វើជាកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេថា៖ «ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនឹងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ»។ (និក្ខមនំ ៣៤:២៧) «ពាក្យ»ទាំងនោះ ដែលបាន‹នាំមកដោយពួកទេវតា› បានត្រូវកត់ទុកដោយលោកម៉ូសេ ហើយឥឡូវនេះអាចរកឃើញក្នុងសៀវភៅព្រះគម្ពីរនិក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា។—កិច្ចការ ៧:៥៣
ព្យាការីជាច្រើនទៀត រួមទាំងអេសាយ យេរេមា អេសេគាល អេម៉ុស ណាហ៊ុម និងមីកា បានទទួលសារពីព្រះតាមរយៈពួកទេវតា។ ពេលខ្លះ ពួកបុរសទាំងនេះបានចាប់ផ្ដើមសេចក្ដីប្រកាសរបស់គេដោយពាក្យថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ»។ (អេសាយ ៣៧:៦; យេរេមា ២:២; អេសេគាល ១១:៥; អេម៉ុស ១:៣; មីកា ២:៣; ណាហ៊ុម ១:១២) រួចមក គេក៏បានកត់ទុកនូវអ្វីៗដែលព្រះបានមានបន្ទូលប្រាប់។
ចក្ខុនិមិត្ត សុបិន និងការលង់ស្មារតី។ ចក្ខុនិមិត្ត គឺជាការនិមិត្តឃើញរូប រូបភាព ឬសារដែលបានដាក់ក្នុងគំនិតរបស់បុគ្គលម្នាក់ កាលដែលគាត់នៅភ្ញាក់ តាមធម្មតាគឺដោយមធ្យោបាយដ៏អស្ចារ្យណាមួយ។ ឧទាហរណ៍ ពេត្រុស យ៉ាកុប និងយ៉ូហាន ‹ពេលគេភ្ញាក់› បាននិមិត្តឃើញព្រះយេស៊ូផ្លាស់ប្រែទ្រង់ទ្រាយ។ (លូកា ៩:២៨-៣៦; ពេត្រុសទី២ ១:១៦-២១) ក្នុងករណីខ្លះ សារត្រូវឲ្យមកដោយសុបិន ឬចក្ខុនិមិត្តពេលយប់ ដោយដាក់ក្នុងសតិរបស់សាមីខ្លួន កាលដែលគាត់កំពុងតែដេក។ ដូច្នេះហើយបានជាដានីយ៉ែលសរសេរអំពី«ការជាក់ស្តែងដែលយើងឃើញក្នុងខួរនៅលើដំណេក»—ឬ តាមពាក្យរបស់អ្នកបកប្រែម្នាក់ឈ្មោះ រ៉ុណុល អ. ណុក្ស គឺថា«កាលដែលខ្ញុំដេកមើលក្នុងសុបិនរបស់ខ្ញុំ»។—ដានីយ៉ែល ៤:១០
បុគ្គលម្នាក់ដែលព្រះយេហូវ៉ាធ្វើឲ្យលង់ស្មារតី គឺតាមមើលទៅ មានអារម្មណ៍អណ្ដែតអណ្ដូងយ៉ាងឆ្ងាយ តែនៅដឹងខ្លួនតិចៗដែរ។ (ប្រៀបធៀប កិច្ចការ ១០:៩-១៦) ក្នុងព្រះគម្ពីរពាក្យក្រិកដែលប្រែថា«ការលង់ស្មារតី» គឺ (ekʹsta·sis) មានន័យថា‹ការដាក់ចោលឬបន្លាស់ទី›។ នេះគឺប្រាប់ពីការផ្លាស់ប្ដូរស្ថានភាពធម្មតានៃគំនិត។ ដូច្នេះ បុគ្គលដែលលង់ស្មារតីនឹងមិនចាប់ភ្លឹកពីអ្វីៗដែលនៅជុំវិញគាត់នោះទេ កាលដែលស្មារតីគាត់កំពុងតែទាញស្លុងទៅរកចក្ខុនិមិត្តនោះ។ សាវ័កប៉ុលក៏ប្រហែលជាបាននៅក្នុងស្ថានភាពនេះដែរ ពេលគាត់«បានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ»។—កូរិនថូសទី២ ១២:២-៤
ផ្ទុយនឹងពួកអ្នកដែលកត់ទុកសាររបស់ព្រះពីពាក្យបន្ទូលចំៗរបស់ទ្រង់ ពួកអ្នកសរសេរព្រះគម្ពីរដែលបានទទួលចក្ខុនិមិត្ត ឬ សុបិន ឬបានពិសោធការលង់ស្មារតី តែងតែមានជម្រើសដោយសេរី ក្នុងការរៀបរាប់តាមពាក្យសំដីរបស់គេអំពីអ្វីៗដែលគេបានឃើញ។ ហាបាគុកបានត្រូវបង្គាប់ថា៖ «ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារិកឲ្យច្បាស់នៅលើក្ដារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ»។—ហាបាគុក ២:២
តើនេះមានសេចក្ដីថា ផ្នែកនៃព្រះគម្ពីរទាំងនេះ គឺមិនបានបណ្ដាលមកដោយព្រះ ដូចសារដែលបានត្រូវកត់ទុកពីពាក្យសំដីឬ? គឺអត់ទេ។ តាមរយៈវិញ្ញាណរបស់ទ្រង់ ព្រះយេហូវ៉ាបានភ្ជាប់សាររបស់ទ្រង់ក្នុងគំនិតនៃពួកអ្នកសរសេរម្នាក់ៗ ដើម្បីឲ្យសម្ដែងគំនិតរបស់ព្រះ មិនមែនគំនិតរបស់មនុស្សទេ។ កាលដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្នកសរសេរជ្រើសរើសយកពាក្យត្រឹមត្រូវ ទ្រង់បានដឹកនាំចិត្តគំនិតនៃអ្នកសរសេរនោះ ដើម្បីកុំឲ្យពត៌មានសំខាន់បានត្រូវលុបចោល ដែលនៅទីបំផុត ពាក្យនោះត្រូវចាត់ទុកជាពាក្យរបស់ព្រះ។—ថែស្សាឡូនីចទី១ ២:១៣
ការសម្ដែងដោយព្រះ។ ព្រះគម្ពីរមានទំនាយ—ប្រវត្ដិសាស្ត្រដែលបានត្រូវសម្ដែងប្រាប់ហើយបានសរសេរទុកជាមុន—នោះគឺលើសលុបហួសសមត្ថភាពរបស់មនុស្សជាតិ។ ឧទាហរណ៍មួយ គឺការឡើងនិងការធ្លាក់អំណាចនៃ«ស្តេចនៃក្រិក» អ័ឡេក្សានត្រុសដ៏ធំ ដែលបានទាយប្រាប់២០០ឆ្នាំទុកជាមុន! (ដានីយ៉ែល ៨:១-៨, ២០-២២) ព្រះគម្ពីរក៏បានសម្ដែងប្រាប់ព្រឹត្ដិការណ៍ដែលមនុស្សជាតិមិនបានឃើញដែរ។ ការបង្កើតផ្ទៃមេឃនិងផែនដីជាឧទាហរណ៍មួយ។ (លោកុប្បត្តិ ១:១-២៧; ២:៧, ៨) រួចមក មានប្រាប់ពីការសន្ទនាក្នុងស្ថានសួគ៌ ដូចបានរាយការណ៍មកក្នុងសៀវភៅយ៉ូប។—យ៉ូប ១:៦-១២; ២:១-៦
បើសិនជាព្រះមិនបានសម្ដែងប្រាប់ផ្ទាល់ពីព្រឹត្ដិការណ៍នោះដល់អ្នកសរសេរទេ នោះទ្រង់នឹងសម្ដែងប្រាប់ដល់បុគ្គលណាមួយ ដើម្បីឲ្យសារទាំងនេះបានក្លាយទៅជាផ្នែកនៃប្រវត្ដិសាស្ត្រខាងសំដីនិងល័ក្សអក្សរ ហើយបានប្រាប់តៗពីជំនាន់មួយទៅជំនាន់មួយ រហូតដល់ផ្នែកនោះបានក្លាយទៅជាឯកសារព្រះគម្ពីរ។ (សូមមើលប្រអប់នៅទំព័រ៧)។ ក្នុងករណីណាក៏ដោយ យើងអាចដឹងជាប្រាកដថា ព្រះយេហូវ៉ាជាប្រភពនៃពត៌មានទាំងអស់ ហើយទ្រង់ដឹកនាំពួកអ្នកសរសេរ ដើម្បីកុំឲ្យដំណើររឿងរបស់គេប្រឡាក់ក្នុងភាពមិនត្រឹមត្រូវ សេចក្ដីពន្លើស ឬរឿងប្រពៃណី។ ពេត្រុសបានសរសេរអំពីទំនាយថា៖ «មនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។b—ពេត្រុសទី២ ១:២១
ត្រូវការប្រិតប្រៀងបំផុត
ថ្វីបើពួកអ្នកសរសេរព្រះគម្ពីរបានត្រូវ‹វិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែង› ការគិតគូរដ៏ប្រយ័ត្នប្រយែងគឺត្រូវការពីពួកគេ។ ឧទាហរណ៍ សាឡូម៉ូន«លោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ លោកបានស្វែងរកពាក្យពីរោះ នឹងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់»។—សាស្ដា ១២:៩, ១០
ពួកអ្នកសរសេរព្រះគម្ពីរខ្លះត្រូវតែស្រាវជ្រាវឲ្យបានច្រើន ដើម្បីកត់ទុកពត៌មានរបស់គេ។ ឧទាហរណ៍ លូកាបានសរសេរអំពីសៀវភៅដំណឹងល្អរបស់គាត់ថា៖ «ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ»។ ប្រាកដហើយ វិញ្ញាណរបស់ព្រះបានឲ្យពរដល់ការខំប្រឹងរបស់លូកា ដោយបណ្ដាលឲ្យគាត់រកឯកសារប្រវត្ដិសាស្ត្រដ៏អាចទុកចិត្ត ហើយឲ្យសម្ភាសន៍ពួកសាក្សីជាច្រើន ដូចជាពួកសិស្សរបស់ទ្រង់ដែលនៅរស់ និងនាងម៉ារា ម្ដាយរបស់ព្រះយេស៊ូ។ រួចមក វិញ្ញាណរបស់ព្រះនឹងដឹកនាំលូកាឲ្យកត់ទុកពត៌មានដ៏ត្រឹមត្រូវទាំងនោះ។—លូកា ១:១-៤
ផ្ទុយនឹងសៀវភៅដំណឹងល្អរបស់លូកា សៀវភៅដំណឹងល្អរបស់យ៉ូហាន ជាដំណើររឿងដែលឃើញជាក់ស្តែង ដែលបានសរសេរមកប្រមាណ៦៥ឆ្នាំក្រោយពីព្រះយេស៊ូបានសោយទិវង្គត។ វិញ្ញាណរបស់ព្រះយេហូវ៉ាច្បាស់ជាបានសំលៀងគំនិតរបស់យ៉ូហាន ដើម្បីកុំឲ្យខ្សោយកាលដែលពេលកន្លងទៅនោះ។ នេះនឹងស្របតាមអ្វីដែលព្រះយេស៊ូបានសន្យានឹងពួកកាន់តាមរបស់ទ្រង់៖ «តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ»។—យ៉ូហាន ១៤:២៦
ក្នុងករណីខ្លះ ពួកអ្នកសរសេរព្រះគម្ពីររួមបញ្ចូលសេចក្ដីចងក្រងពីឯកសារជាក់ស្តែងនៃពួកអ្នកនិពន្ធពីមុនក្នុងប្រវត្ដិសាស្ត្រ ដែលទាំងអស់មិនបានបណ្ដាលមកដោយព្រះទេ។ យេរេមាបានចងក្រងពង្សាវតារក្សត្រទី១និងទី២តាមរបៀបនេះឯង។ (ពង្សាវតារក្សត្រទី២ ១:១៨) លោកអែសរ៉ាបានស្រង់ពាក្យយ៉ាងហោចណាស់១៤ប្រភព ដែលមិនបានបណ្ដាលដោយព្រះ ដើម្បីប្រមូលយកពត៌មានសំរាប់របាក្សត្រទី១និងទី២ រួមបញ្ចូល«បញ្ជីពង្សាវតារនៃស្តេចដាវីឌ» និង«សៀវភៅ ដែលថ្លែងពីពួកស្តេចយូដា នឹងអ៊ីស្រាអែល»។ (របាក្សត្រទី១ ២៧:២៤; របាក្សត្រទី២ ១៦:១១) ម៉ូសេក៏បានដកស្រង់ចេញពី«សៀវភៅនៃសង្គ្រាមរបស់ព្រះយេហូវ៉ា»—តាមមើលទៅនេះជាឯកសារដ៏ទុកចិត្តបានអំពីសង្គ្រាមនៃរាស្ត្ររបស់ព្រះ។—ជនគណនា ២១:១៤, ១៥
ក្នុងករណីបែបនេះ វិញ្ញាណបរិសុទ្ធបានជាប់ទាក់ទងយ៉ាងសកម្ម ដោយបណ្ដាលឲ្យពួកអ្នកសរសេរព្រះគម្ពីរជ្រើសរើសពត៌មានដ៏ទុកចិត្ត ដែលក្រោយមកបានក្លាយទៅជាផ្នែកនៃឯកសាររបស់ព្រះគម្ពីរ ដែលព្រះបានបណ្ដាលឲ្យតែង។
ឱវាទដ៏មានប្រយោជន៍—ពីអ្នកណា?
ព្រះគម្ពីរមានឱវាទដែលផ្ដល់ឲ្យប្រយោជន៍ជាច្រើន ដែលមានមូលដ្ឋានលើការសង្កេតមើលដ៏ខ្នះខ្នែងផ្ទាល់ខ្លួន។ ឧទាហរណ៍ សាឡូម៉ូនបានសរសេរថា៖ «គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ»។ (សាស្ដា ២:២៤) ប៉ុលបានមានប្រសាសន៍ថាយោបល់របស់គាត់ចំពោះអាពាហ៍ពិពាហ៍ គឺ«តាមគំនិតខ្ញុំយល់» តែគាត់បានបន្ថែមទៀតថា៖ «ហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ»។ (កូរិនថូសទី១ ៧:២៥, ៣៩, ៤០) ប៉ុលគឺច្បាស់ជាមានវិញ្ញាណបរិសុទ្ធរបស់ព្រះមែន ព្រោះយោងទៅតាមសាវ័កពេត្រុស អ្វីដែលប៉ុលបានសរសេរគឺ«តាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ»។ (ពេត្រុសទី២ ៣:១៥, ១៦) ក្រោយមក ដឹកនាំដោយវិញ្ញាណបរិសុទ្ធ គាត់បានផ្ដល់ឲ្យយោបល់របស់គាត់។
ពេលដែលពួកអ្នកសរសេរព្រះគម្ពីរសម្ដែងការជឿជាក់ក្នុងខ្លួន ពួកគេបានធ្វើឡើងដោយការសិក្សានិងអនុវត្តតាមបទគម្ពីរដែលមានសំរាប់ពួកគេ។ យើងអាចដឹងជាប្រាកដថា ការសរសេររបស់គេសមស្របនឹងគំនិតរបស់ព្រះ។ អ្វីៗដែលពួកគេបានកត់ទុកក្លាយទៅជាបន្ទូលរបស់ព្រះ។
ប្រាកដហើយ ព្រះគម្ពីរក៏មានសេចក្ដីថ្លែងរបស់បុគ្គលខ្លះដែលគំនិតរបស់គេ ជាការខុស។ (ប្រៀបធៀប យ៉ូប ១៥:១៥ ជាមួយនិង ៤២:៧) ហើយក៏មានបញ្ចូលសេចក្ដីខ្លះៗដែលបង្ហាញនូវចិត្តដ៏ព្រួយនៃពួកអ្នកបំរើរបស់ព្រះ ទោះជាសេចក្ដីនេះមិនបានបង្ហាញនូវហេតុដែលគេមានអារម្មណ៍បែបនេះផង។c ថ្វីបើបានមានប្រសាសន៍ផ្ទាល់ខ្លួនក៏ដោយ អ្នកសរសេរក៏នៅតែដឹកនាំដោយវិញ្ញាណរបស់ព្រះឲ្យកត់ទុកឯកសារត្រឹមត្រូវ ដើម្បីទុកជាទីសម្គាល់និងលាតត្រដាងការវែកញែកខុស។ បន្ថែមទៀត ក្នុងករណីនិមួយៗ បរិបទនឹងធ្វើឲ្យច្បាស់ដល់អ្នកអានណាមួយថាតើគំនិតអ្នកសរសេរត្រឹមត្រូវឬក៏អត់។
បើនិយាយសរុបទៅ យើងអាចទុកចិត្តថាព្រះគម្ពីរទាំងមូលគឺជាសាររបស់ព្រះ។ ប្រាកដហើយ ព្រះយេហូវ៉ាបានធានារ៉ាប់រងថាអ្វីដែលមានក្នុងនោះ គឺសមនឹងបំណងរបស់ទ្រង់ ហើយបានផ្ដល់សេចក្ដីបង្គាប់ចាំបាច់សំរាប់ពួកអ្នកដែលចង់បំរើទ្រង់។—រ៉ូម ១៥:៤
មនុស្សជាអ្នកសរសេរ—ហេតុអ្វី?
ការប្រើមនុស្សឲ្យសរសេរព្រះគម្ពីរដោយព្រះយេហូវ៉ា បង្ហាញនូវប្រាជ្ញាដ៏ឧត្តមរបស់ទ្រង់។ សូមពិចារណាអំពីរឿងនេះ៖ បើព្រះប្រគល់រឿងទាំងនេះឲ្យពួកទេវតា តើព្រះគម្ពីរមានការចាប់អារម្មណ៍ដូចគ្នាទេ? ត្រូវហើយ យើងនឹងមានការរំភើបក្នុងការអានអំពីគុណសម្បត្ដិរបស់ព្រះ និងការប្រស្រ័យទាក់ទង ពីទស្សនៈរបស់ទេវតា។ ប៉ុន្តែ បើព្រះគម្ពីរមិនបានសរសេរដោយមនុស្សសោះ យើងប្រហែលជាមានការពិបាកនឹងយល់សាររបស់ព្រះគម្ពីរ។
ឧទាហរណ៍៖ ព្រះគម្ពីរអាចគ្រាន់តែរាយការណ៍ថាស្តេចដាវីឌបានប្រព្រឹត្តសហាយស្មន់ ហើយសម្លាប់គេ ហើយក្រោយមកប្រែចិត្ត។ ប៉ុន្តែ តើជាការប្រសើរយ៉ាងណាហ្ន៎ ដោយមានពាក្យផ្ទាល់របស់ដាវីឌ កាលដែលគាត់សម្ដែងចិត្តទុក្ខព្រួយលើដំណើរខ្លួន ហើយអង្វររកការអត់ឱនទោសពីព្រះយេហូវ៉ា! គាត់បានសរសេរថា៖ «ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច» «វិញ្ញាណខ្ទេចខ្ទាំឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ»។ (ទំនុកដំកើង ៥១:៣, ១៧) ដូច្នេះហើយ ព្រះគម្ពីរមានភាពកក់ក្ដៅ ភាពផ្សេងៗគ្នា ហើយការទាក់ទាញចិត្ត ដែលមនុស្សផ្ដល់ឲ្យ។
ត្រូវហើយ ព្រះយេហូវ៉ាបានជ្រើសរើសផ្លូវដ៏ល្អបំផុតដើម្បីផ្ដល់បន្ទូលទ្រង់ដល់យើង។ ទោះជាបានប្រើមនុស្សទន់ខ្សោយនិងមានគុណវិបត្ដិក៏ដោយ ពួកគេបានត្រូវវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែង ដើម្បីឲ្យសេចក្ដីសរសេររបស់គេឥតមានកំហុស។ ដូច្នេះ ព្រះគម្ពីរមានតម្លៃល្អលើសគេ។ ឱវាទដ៏មុតមាំ ហើយទំនាយជាច្រើនចំពោះផែនដីមនោរម្យនៅអនាគត គឺគួរឲ្យទុកចិត្តបាន។—ទំនុកដំកើង ១១៩:១០៥; ពេត្រុសទី២ ៣:១៣
ហេតុអ្វីក៏មិនធ្វើជាទម្លាប់ក្នុងការអានមួយផ្នែកនៃបន្ទូលរបស់ព្រះរៀងរាល់ថ្ងៃទៅ? ពេត្រុសបានសរសេរថា៖ «នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រលឹងវិញ្ញាណវិញ ... ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើងដរាបដល់បានសង្គ្រោះ»។ (ពេត្រុសទី១ ២:២) ដោយសារព្រះគម្ពីរបានត្រូវបណ្ដាលមកដោយព្រះ អ្នកនឹងរកឃើញបទគម្ពីរទាំងអស់សុទ្ធតែ«មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់ល័ក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៦, ១៧
[កំណត់សម្គាល់]
a យ៉ាងហោចណាស់ ក្នុងករណីមួយ ដែលពត៌មានក្នុងក្រិត្យវិន័យដប់ប្រការ បានត្រូវសរសេរដោយ«អង្គុលីព្រះហស្ត»។ រួចមក លោកម៉ូសេបានកត់ទុកពាក្យទាំងនោះក្នុងរមូរក្រដាសឬរបស់ផ្សេងៗទៀត។—និក្ខមនំ ៣១:១៨; ចោទិយកថា ១០:១-៥
b ពាក្យក្រិកនៅទីនេះដែលបានបកប្រែជា«បណ្ដាល» pheʹro, បានត្រូវប្រើក្នុងបែបបទមួយទៀតក្នុងកិច្ចការ ២៧:១៥, ១៧ ដើម្បីរៀបរាប់កប៉ាល់ដែលបានត្រូវខ្យល់បក់។ ដូច្នេះ វិញ្ញាណបរិសុទ្ធ‹ដឹកនាំដំណើរ›នៃពួកអ្នកសរសេរព្រះគម្ពីរ។ នេះបណ្ដាលពួកគេឲ្យបដិសេធចោលពត៌មានណាដែលមិនពិត ហើយរួមបញ្ចូលតែពត៌មានណាដែលពិត។
c ឧទាហរណ៍ ប្រៀបធៀប ពង្សាវតារក្សត្រទី១ ១៩:៤ និងខ ១៤ និង ១៨; យ៉ូប ១០:១-៣; ទំនុកដំកើង ៧៣:១២, ១៣, ២១; យ៉ូណាស ៤:១-៣, ៩; ហាបាគុក ១:១-៤,១៣
[ប្រអប់⁄រូបភាពនៅទំព័រ៧]
តើលោកម៉ូសេបានពត៌មានរបស់លោកពីណាមក?
លោកម៉ូសេបានសរសេរសៀវភៅលោកុប្បត្តិ ប៉ុន្តែ អ្វីៗដែលលោកបានកត់ទុកនោះ បានកើតឡើងមុនលោកបានកើតមកម្ល៉េះ។ បើអញ្ចឹង តើលោកបានពត៌មានបែបហ្នឹងពីណាមក? នេះអាចបើកសម្ដែងឲ្យលោកផ្ទាល់ពីព្រះ ឬក៏ចំណេះនៃព្រឹត្ដិការណ៍ខ្លះៗ ប្រហែលប្រាប់តពីតំណមួយទៅតំណមួយ។ ដោយសារតែមនុស្សជាតិមានអាយុវែងក្នុងសម័យបុរាណ អ្វីៗជាច្រើនដែលលោកម៉ូសេបានសរសេរក្នុងសៀវភៅលោកុប្បត្តិ អាចបន្តពីអ័ដាម រហូតទៅលោកម៉ូសេ តាមរយៈជីវិតមនុស្សប្រាំនាក់—មធូសាឡា សិម អ៊ីសាក លេវី ហើយនិងអាំរ៉ាម។
បន្ថែមទៀត លោកម៉ូសេប្រហែលបានមើលឯកសារជាច្រើន។ ចំពោះរឿងនេះ គួរឲ្យកត់សម្គាល់ថា ជាញឹកញាប់លោកម៉ូសេបានប្រើឃ្លា «នេះជាពង្សាវតាររបស់» មុននឹងរៀបរាប់ឈ្មោះបុគ្គលដែលនឹងពិគ្រោះនោះ។ (លោកុប្បត្តិ ៦:៩; ១០:១; ១១:១០, ២៧; ២៥:១២, ១៩; ៣៦:១, ៩; ៣៧:២) ពួកទស្សនវិទូខ្លះ បានមានប្រសាសន៍ថា ភាសាហេព្រើរដែលបកប្រែ«ប្រវត្ដិសាស្ត្រ»toh·le·dhohthʹ, សំដៅទៅឯកសារប្រវត្ដិសាស្ត្រដែលមានរួចហើយ ដែលលោកម៉ូសេបានប្រើជាប្រភពសំរាប់ការសរសេររបស់លោក។ មែនហើយ រឿងនេះមិនអាចនិយាយដាច់ស្រេចបានទេ។
ប្រហែលជាពត៌មានក្នុងសៀវភៅលោកុប្បត្តិបានទទួលមកពីរបៀបបីយ៉ាង ដូចរៀបរាប់នៅខាងលើនេះក៏មិនដឹង—ឯកសារខ្លះបានបើកសម្ដែងផ្ទាល់ ខ្លះបានបញ្ជូនមកតាមពាក្យសំដី ហើយខ្លះទៀតបានពីឯកសារសរសេរ។ ចំណុចដ៏សំខាន់ នោះគឺថា វិញ្ញាណរបស់ព្រះយេហូវ៉ាបានបណ្ដាលលោកម៉ូសេ។ ដូច្នេះអ្វីៗដែលលោកបានសរសេរនោះ គឺបានត្រូវចាត់ទុកយ៉ាងត្រឹមត្រូវជាពាក្យបន្ទូលរបស់ព្រះ។
[រូបភាពនៅទំព័រ៤]
ព្រះបានបណ្ដាលឲ្យមនុស្សសរសេរព្រះគម្ពីរតាមវិធីផ្សេងៗ