អានុភាពនៃសេចក្ដីអធិស្ឋាន
ព្រះអាទិត្យកំពុងតែលិចនៅទីក្រុងណាឃរនៅមជ្ឈិមបូព៌ាប្រទេស។ បុរសជនជាតិស៊ីរីម្នាក់ឈ្មោះអេលាស៊ើរ ទើបមកដល់អណ្ដូងទឹកមួយនៅក្រៅទីក្រុង ទាំងនាំសត្វអូដ្ឋដប់ដើរជាខ្សែ។ ទោះបីអេលាស៊ើរច្បាស់ជាអស់កម្លាំងហើយស្រេកទឹកក៏ដោយ គាត់មានកង្វល់ខ្លាំងជាងទៅលើសេចក្ដីត្រូវការរបស់អ្នកឯទៀត។ គាត់បានធ្វើដំណើរពីស្រុកបរទេសមួយ ដើម្បីទៅរកប្រពន្ធមួយសំរាប់កូនប្រុសរបស់ចៅហ្វាយគាត់។ ម្យ៉ាងវិញទៀត គាត់ត្រូវតែរកប្រពន្ធនេះក្នុងចំណោមញាតិសន្ដានរបស់ចៅហ្វាយគាត់។ តើគាត់នឹងសម្រេចកិច្ចការដ៏ពិបាកនេះយ៉ាងដូចម្ដេច?
អេលាស៊ើរមានជំនឿទៅលើអានុភាពនៃសេចក្ដីអធិស្ឋាន។ ដោយជំនឿដ៏គួរសរសើរនិងទំនុកចិត្តទាំងស្រុង នោះគាត់ទូលសូមដូច្នេះថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ ចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្ដាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង មើល ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះ ដូច្នេះកាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះ ចេញមកដងទឹក នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែង សេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន»។—លោកុប្បត្តិ ២៤:១២-១៤
ជំនឿរបស់អេលាស៊ើរទៅលើអានុភាពនៃសេចក្ដីអធិស្ឋាន មិនមែនជាការឥតប្រយោជន៍ទេ។ ស្ត្រីទីមួយដែលមកឯអណ្ដូងនោះ គឺជាកូនស្រីរបស់ប្អូនលោកអ័ប្រាហាំ! នាងមានឈ្មោះរេបិកា ហើយនាងនៅក្រមុំ មានលក្ខណៈពិសុទ្ធខាងសីលធម៌ និងស្រស់ស្អាតទៀតផង។ គួរឲ្យសរសើរមែន ដែលនាងមិនគ្រាន់តែដងទឹកឲ្យអេលាស៊ើរផឹកទេ ក៏ប៉ុន្តែដោយសប្បុរសនាងក៏ធ្វើតាមសេចក្ដីស្នើដែលថាសូមដងទឹកឲ្យសត្វអូដ្ឋផងដែរ។ បន្ទាប់មក ក្រោយពីសួរយោបល់ក្រុមគ្រួសារ នោះរេបិកាសុខចិត្តព្រមត្រឡប់ទៅជាមួយអេលាស៊ើរដល់ស្រុកឆ្ងាយមួយ ដើម្បីទៅជាប្រពន្ធនៃអ៊ីសាកជាកូនប្រុសរបស់អ័ប្រាហាំ។ នេះធ្វើឲ្យចាប់អារម្មណ៍ខ្លាំងម្ល៉េះហ្ន៎! ហើយក៏ជាចម្លើយច្បាស់លាស់ ចំពោះសេចក្ដីអធិស្ឋានរបស់អេលាស៊ើរនៅសម័យមួយ ពេលព្រះជួនកាលធ្វើអន្តរាគមន៍ដោយអព្ភូតហេតុ។
យើងអាចរៀនអ្វីជាច្រើនពីសេចក្ដីអធិស្ឋានរបស់អេលាស៊ើរ។ សេចក្ដីអធិស្ឋាននោះបានបង្ហាញជំនឿ ការបន្ទាបខ្លួន និងការយកចិត្តទុកដាក់ដ៏ល្អប្រសើរទៅលើសេចក្ដីត្រូវការរបស់អ្នកឯទៀត ដោយមិនគិតពីប្រយោជន៍ខ្លួន។ សេចក្ដីអធិស្ឋានរបស់អេលាស៊ើរ ក៏បានបង្ហាញការចុះចូលរបស់គាត់ ចំពោះរបៀបដែលព្រះយេហូវ៉ាទាក់ទងជាមួយនឹងមនុស្សជាតិ។ គាត់ពិតជាដឹងអំពីទំនាក់ទំនងពិសេសរវាងព្រះនឹងអ័ប្រាហាំ ព្រមទាំងដឹងពីសេចក្ដីសន្យារបស់ទ្រង់ដែលថា នាអនាគតពរនឹងមកដល់មនុស្សជាតិគ្រប់គ្នាតាមរយៈអ័ប្រាហាំ។ (លោកុប្បត្តិ ១២:៣) ដូច្នេះអេលាស៊ើរបានចាប់ផ្ដើមអធិស្ឋាន ដោយប្រើពាក្យ«ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ ចៅហ្វាយទូលបង្គំ»។
ព្រះយេស៊ូគ្រីស្ទជាកូនចៅអ័ប្រាហាំ ដែលនឹងជាខ្សែរយៈសំរាប់ពរដល់មនុស្សជាតិទាំងឡាយដែលស្ដាប់បង្គាប់។ (លោកុប្បត្តិ ២២:១៨) សព្វថ្ងៃនេះ បើសិនជាយើងចង់ឲ្យសេចក្ដីអធិស្ឋានរបស់យើងទទួលនូវចម្លើយ នោះយើងត្រូវតែបន្ទាបខ្លួន ទទួលស្គាល់របៀបដែលព្រះទាក់ទងនឹងមនុស្សជាតិ តាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន»។—យ៉ូហាន ១៥:៧
អ្នកកាន់តាមព្រះយេស៊ូម្នាក់ ដែលបានពិសោធន៍សេចក្ដីពិតនៃបន្ទូលរបស់ព្រះយេស៊ូ គឺជាសាវ័កប៉ុល។ ជំនឿរបស់គាត់ទៅលើអានុភាពនៃសេចក្ដីអធិស្ឋាន ពិតជាមិនមែនអសារឥតការនោះទេ។ គាត់បានលើកទឹកចិត្តគ្រីស្ទានគ្នីគ្នាឲ្យទូលដល់ព្រះតាមរយៈសេចក្ដីអធិស្ឋាន អំពីកង្វល់ទាំងអស់របស់គេ ហើយគាត់បានបញ្ជាក់ថានោះជាការពិតដោយនិយាយថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ (ភីលីព ៤:៦, ៧, ១៣) តើនេះមានន័យថាគ្រប់ទាំងសំណូមពររបស់ប៉ុលជូនព្រះ នោះបានទទួលនូវការយល់ព្រមទេ? សូមឲ្យយើងពិនិត្យមើល។
មិនមែនគ្រប់សំណូមពរទាំងអស់ដែលទទួលការយល់ព្រមទេ
ក្នុងកិច្ចបំរើរបស់ប៉ុលដោយមិនគិតពីប្រយោជន៍ខ្លួន នោះប៉ុលបានរងទុក្ខដោយអ្វីដែលគាត់បានរៀបរាប់ជា«បន្លា១ចាត់មកក្នុងសាច់ឈាម»។ (កូរិនថូសទី២ ១២:៧) នេះអាចជាការឈឺចាប់ខាងគំនិតនិងផ្លូវចិត្ត ដែលអ្នកប្រឆាំងនិង«បងប្អូនក្លែងក្លាយ»បានបណ្ដាលឲ្យមាន។ (កូរិនថូសទី២ ១១:២៦; កាឡាទី ២:៤) ឬក៏នោះអាចជាការពិបាកដោយសារជម្ងឺភ្នែក។ (កាឡាទី ៤:១៥) ទោះជាយ៉ាងណាក៏ដោយ «បន្លា១ចាត់មកក្នុងសាច់ឈាម» ធ្វើឲ្យប៉ុលខ្សោយ។ គាត់បានសរសេរថា៖ «ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ»។ ក៏ប៉ុន្តែ សំណូមពររបស់ប៉ុលមិនបានទទួលការយល់ព្រមទេ។ គឺបានពន្យល់ឲ្យប៉ុលថា ប្រយោជន៍ខាងវិញ្ញាណដែលគាត់បានទទួលពីព្រះ ដូចជាកម្លាំងដើម្បីទ្រាំនឹងការល្បងល នោះគឺគ្រប់គ្រាន់ហើយ។ ម្យ៉ាងទៀត ព្រះបានមានបន្ទូលថា៖ «កម្លាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ»។—កូរិនថូសទី២ ១២:៨, ៩
តើយើងអាចរៀនអ្វីពីគំរូនៃអេលាស៊ើរនិងប៉ុល? គឺថាព្រះយេហូវ៉ាពិតជាស្ដាប់សេចក្ដីអធិស្ឋានរបស់អ្នក ដែលរកថ្វាយបង្គំទ្រង់ដោយបន្ទាបខ្លួន។ ក៏ប៉ុន្តែ នេះមិនមានន័យថាដែលទ្រង់នឹងតែងតែយល់ព្រមនឹងសំណូមពររបស់គេ ពីព្រោះទ្រង់មានទស្សនៈវែងឆ្ងាយ។ ទ្រង់ជ្រាបច្រើនជាងយើងអំពីអ្វីដែលផ្ដល់ប្រយោជន៍ល្អបំផុតមកដល់យើង។ ចំណុចសំខាន់ជាងនោះទៅទៀត គឺជាទ្រង់ប្រព្រឹត្តសមស្របនឹងគោលបំណងរបស់ទ្រង់ ដែលទ្រង់បានថ្លែងប្រាប់ក្នុងព្រះគម្ពីរ។
ពេលសំរាប់ការព្យាបាលខាងវិញ្ញាណ
ព្រះសន្យាថាទ្រង់នឹងព្យាបាលមនុស្សជាតិ ឲ្យជាពីគ្រប់ទាំងជម្ងឺខាងរូបកាយ គំនិតនិងផ្លូវចិត្ត ក្នុងកំឡុងពេលការសោយរាជ្យមួយពាន់ឆ្នាំទៅលើផែនដី នៃព្រះរាជបុត្ររបស់ទ្រង់។ (វិវរណៈ ២០:១-៣; ២១:៣-៥) គ្រីស្ទានស្មោះត្រង់រង់ចាំដោយចិត្តរំភើបសំរាប់អនាគតនេះដែលត្រូវសន្យាមក ទាំងមានជំនឿស៊ប់ទៅលើអំណាចរបស់ព្រះដើម្បីធ្វើឲ្យសម្រេច។ ទោះមិនសង្ឃឹមថាបានការព្យាបាលដោយអព្ភូតហេតុនៅឥឡូវនេះក៏ដោយ គេអធិស្ឋានទូលព្រះសំរាប់ការសម្រាលទុក្ខនិងកម្លាំងដើម្បីស៊ូទ្រាំនឹងការល្បងល។ (ទំនុកដំកើង ៥៥:២២) ពេលគេធ្លាក់ខ្លួនឈឺ ពួកគេក៏អាចអធិស្ឋានទូលព្រះសំរាប់ការណែនាំ ដើម្បីរកឃើញការព្យាបាលដ៏ល្អបំផុតដែលសមស្របនឹងថវិការបស់គេ។
សាសនាខ្លះលើកទឹកចិត្តអស់អ្នកឈឺឲ្យអធិស្ឋានទទួលការព្យាបាលឥឡូវនេះ ដោយសំដៅទៅការព្យាបាលដោយអព្ភូតហេតុ ដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់ធ្លាប់ធ្វើ។ ក៏ប៉ុន្តែ អព្ភូតហេតុបែបនេះត្រូវធ្វើដើម្បីបំពេញបំណងពិសេស។ នោះបានបញ្ជាក់ភស្តុតាងថាព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីពិត ហើយដើម្បីបង្ហាញថាព្រះគុណរបស់ព្រះ ត្រូវដកពីសាសន៍យូដាហើយផ្ទេរទៅលើក្រុមជំនុំគ្រីស្ទានដែលនៅតែថ្មីនៅឡើយ។ នៅសម័យនោះ សមត្ថភាពធ្វើអព្ភូតហេតុគឺត្រូវការ ដើម្បីពង្រឹងជំនឿរបស់ក្រុមជំនុំគ្រីស្ទានដែលទើបបានបង្កើតឡើងនោះ។ នៅពេលក្រុមជំនុំដ៏ថ្មីនោះបានមានស្ថេរភាព និងមានភាពចាស់ទុំហើយ នោះសមត្ថភាពធ្វើអព្ភូតហេតុត្រូវ«សាបសូន្យទៅ»។—កូរិនថូសទី១ ១៣:៨, ១១
នៅសម័យដ៏សំខាន់នេះ ព្រះយេហូវ៉ាកំពុងតែណែនាំអ្នកថ្វាយបង្គំរបស់ទ្រង់ ក្នុងកិច្ចការដ៏សំខាន់ជាងនៃការព្យាបាលខាងវិញ្ញាណ។ ពេលគេនៅមានឱកាស នោះមនុស្សត្រូវតែតបនឹងការអង្វរនេះជាបន្ទាន់ ដែលថា៖ «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ។ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្ដាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ»។—អេសាយ ៥៥:៦, ៧
ការព្យាបាលខាងវិញ្ញាណនូវអស់អ្នកដែលបានប្រែចិត្តពីអំពើបាបនេះ កំពុងតែត្រូវសម្រេចតាមរយៈការផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ដោយទ្រង់ផ្គត់ផ្គង់ជាកម្លាំងដល់អ្នកបំរើរបស់ទ្រង់ ដើម្បីធ្វើកិច្ចការដែលសង្គ្រោះជីវិតនេះ នោះព្រះយេហូវ៉ាកំពុងតែជួយមនុស្សរាប់លាននាក់ ពីគ្រប់សាសន៍ឲ្យប្រែចិត្តពីបាបរបស់គេ ហើយចូលមកក្នុងទំនាក់ទំនងល្អជាមួយនឹងទ្រង់ មុនទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ អស់អ្នកដែលអធិស្ឋានដ៏ស្មោះស្ម័គ្រពីចិត្តឲ្យទទួលការព្យាបាលខាងវិញ្ញាណបែបនេះ ហើយដែលអធិស្ឋានសូមជំនួយដើម្បីទទួលការព្យាបាលបែបនេះ ពិតជាត្រូវសេចក្ដីអធិស្ឋានរបស់គេទទួលនូវចម្លើយ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Eliezer and Rebekah/The Doré Bible Illustrations/Dover Publications