ពាក្យសម្ដីរបស់អ្នក តើ«មែនរួចទេវិញ»ឬ?
សូមពិចារណាឧទាហរណ៍នេះ: អ្នកចាស់ទុំម្នាក់ដែលជាសមាជិកគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ បានរៀបចំផ្សព្វផ្សាយជាមួយប្អូនប្រុសវ័យក្មេងម្នាក់នៅថ្ងៃអាទិត្យពេលព្រឹក។ នៅព្រឹកនោះ បងប្រុសម្នាក់បានទូរស័ព្ទទៅអ្នកចាស់ទុំនេះជាបន្ទាន់ ដោយសារប្រពន្ធរបស់បងប្រុសនោះទើបតែមានគ្រោះថ្នាក់ចរាចរណ៍ ហើយបានត្រូវគេយកទៅមន្ទីរពេទ្យយ៉ាងប្រញាប់។ បងប្រុសនេះសុំអ្នកចាស់ទុំជួយគាត់រកគ្រូពេទ្យដែលនឹងធ្វើតាមបំណងរបស់ពួកគាត់ស្តីអំពីឈាម។ ដូច្នេះអ្នកចាស់ទុំលុបចោលការណាត់ផ្សព្វផ្សាយជាមួយនឹងប្អូនប្រុសវ័យក្មេងនោះ ដើម្បីគាត់អាចជួយក្រុមគ្រួសារមួយដែលប្រឈមមុខនឹងរឿងបន្ទាន់។
សូមពិចារណាឧទាហរណ៍មួយទៀត: ម្ដាយគ្មានគូម្នាក់ដែលមានកូនពីរនាក់ បានទទួលសេចក្ដីអញ្ជើញពីប្ដីប្រពន្ធមួយគូក្នុងក្រុមជំនុំរបស់គាត់ ឲ្យទៅលេងផ្ទះពួកគេនៅល្ងាចមួយ។ ពេលដែលម្ដាយប្រាប់កូនអំពីរឿងនេះ កូនមានទឹកមុខសប្បាយ។ ពួកគេរង់ចាំល្ងាចនោះដោយចិត្តរំភើប។ ប៉ុន្តែ មួយថ្ងៃមុនពួកគេទៅលេង ប្ដីប្រពន្ធនោះបានទូរស័ព្ទថាមានអ្វីមួយកើតឡើងដែលពួកគេមិនបានដឹងទុកជាមុន ហើយពួកគេត្រូវលុបចោលសេចក្ដីអញ្ជើញនោះ។ នៅពេលក្រោយមក ម្ដាយនោះបានឮអំពីមូលហេតុដែលពួកគេបានលុបចោលសេចក្ដីអញ្ជើញ គឺដោយសារក្រោយពីពួកគេបានអញ្ជើញគាត់ឲ្យទៅលេង ពួកគេបានទទួលសេចក្ដីអញ្ជើញពីមិត្តភក្ដិឲ្យទៅលេងផ្ទះរបស់ពួកគេនៅល្ងាចដដែលនោះ ហើយពួកគេបានទទួលសេចក្ដីអញ្ជើញនោះ។
ជាគ្រិស្តសាសនិក យើងគួរធ្វើតាមពាក្យសម្ដីរបស់យើង។ យើងមិនគួរនិយាយថា៖ «មែន រួចទេវិញឡើយ»។ (២កូ. ១:១៨) ប៉ុន្តែ ដូចឧទាហរណ៍ទាំងពីរនេះបានបញ្ជាក់ ស្ថានភាពទាំងអស់មិនមែនដូចគ្នាទេ។ ប្រហែលជាមានពេលខ្លះដែលយើងគិតថាយើងត្រូវតែលុបចោលការរៀបចំមួយដែលយើងបានធ្វើ។ សាវ័កប៉ូលធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះ។
គេចោទថាប៉ូលមិនធ្វើតាមពាក្យសម្ដី
ពេលប៉ូលនៅក្រុងអេភេសូរ នៅឆ្នាំ៥៥ គ.ស. ក្នុងអំឡុងការធ្វើដំណើរជាសាសនទូតលើកទីបីរបស់គាត់ គាត់មានគម្រោងឆ្លងសមុទ្រអេជានទៅក្រុងកូរិនថូស ហើយក្រោយមកធ្វើដំណើរពីទីនោះទៅស្រុកម៉ាសេដូន។ ពេលដែលប៉ូលធ្វើដំណើរទៅក្រុងយេរូសាឡិមវិញ គាត់ចង់ទៅលេងក្រុមជំនុំនៅក្រុងកូរិនថូសជាលើកទីពីរ ដើម្បីទទួលអំណោយដ៏សប្បុរសរបស់ពួកគេសម្រាប់បងប្អូនរួមជំនឿនៅក្រុងយេរូសាឡិម។ (១កូ. ១៦:៣) យើងឃើញគម្រោងរបស់គាត់យ៉ាងច្បាស់នៅកូរិនថូសទី២ ១:១៥, ១៦ដែលថា៖ «ម្ល៉ោះហើយ ដោយមានទំនុកចិត្តដូច្នេះ ពីមុន ខ្ញុំមានបំណងមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានហេតុអរសប្បាយជាលើកទីពីរ ហើយក្រោយពីបាននៅជាមួយនឹងអ្នករាល់គ្នាមួយរយៈ ខ្ញុំមានបំណងទៅតំបន់ម៉ាសេដូន រួចមកឯអ្នករាល់គ្នាពេលត្រឡប់មកពីតំបន់ម៉ាសេដូនវិញ ហើយបន្ទាប់មកឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅតំបន់យូឌា»។
តាមមើលទៅក្នុងសំបុត្រមួយដែលប៉ូលបានសរសេរនៅពេលមុន គាត់បានជម្រាបបងប្អូននៅក្រុងកូរិនថូសអំពីគម្រោងរបស់គាត់។ (១កូ. ៥:៩) មិនយូរក្រោយពីគាត់សរសេរសំបុត្រនោះ ប៉ូលបានឮពីក្រុមគ្រួសារខ្លូអេថាមានការទាស់ទែងគ្នាក្នុងក្រុមជំនុំនោះ។ (១កូ. ១:១០, ១១) ប៉ូលបានសម្រេចចិត្តផ្លាស់ប្ដូរគម្រោងដំបូងរបស់គាត់ ហើយគាត់បានសរសេរសំបុត្រមួយទៀតទៅពួកគេដែលសព្វថ្ងៃនេះយើងហៅថាកូរិនថូសទី១។ ក្នុងសំបុត្រនេះ ប៉ូលបានផ្ដល់ឱវាទនិងការកែតម្រង់ដោយសេចក្ដីស្រឡាញ់។ គាត់ក៏ប្រាប់ពួកគេដែរថាគាត់បានផ្លាស់ប្ដូរគម្រោង ហើយគាត់នឹងទៅស្រុកម៉ាសេដូនមុន រួចមកទៅក្រុងកូរិនថូស។—១កូ. ១៦:៥, ៦a
តាមមើលទៅ ពេលបងប្អូននៅក្រុងកូរិនថូសបានទទួលសំបុត្ររបស់ប៉ូល អ្នកខ្លះពីចំណោម«ពួកមហាសាវ័ក»ក្នុងក្រុមជំនុំនោះ បានចោទថាប៉ូលមិនធ្វើតាមពាក្យសម្ដីនិងមិនរក្សាពាក្យសន្យារបស់គាត់ឡើយ។ ក្នុងបំណងនិយាយការពារខ្លួន ប៉ូលបានសួរថា៖ «ពេលដែលខ្ញុំមានបំណងធ្វើដូច្នោះ ខ្ញុំមិនបានចាត់ទុកថាជារឿងតូចតាចទេ មែនទេ? ឬអ្វីដែលខ្ញុំមានបំណងធ្វើ តើខ្ញុំមានបំណងនោះដោយសារខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន បានជាខ្ញុំត្រូវនិយាយថា‹មែនៗ› រួចថា‹ទេៗ›ឬ?»។—២កូ. ១:១៧; ១១:៥
យើងប្រហែលជាអាចសួរថា ក្នុងស្ថានភាពនេះតើសាវ័កប៉ូលពិតជា«ចាត់ទុកថាជារឿងតូចតាច»ឬ? ច្បាស់ជាមិនមែនដូច្នេះទេ! ពាក្យដែលបានត្រូវបកប្រែថា«តូចតាច» មានអត្ថន័យថាមិនធ្វើតាមពាក្យសម្ដី គឺដូចបុគ្គលដែលមិនគួរទុកចិត្ត ដែលមិនរក្សាពាក្យសន្យារបស់ខ្លួន។ សំណួររបស់ប៉ូលដែលថា៖ «អ្វីដែលខ្ញុំមានបំណងធ្វើ តើខ្ញុំមានបំណងនោះដោយសារខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន?» គួរតែបញ្ជាក់យ៉ាងច្បាស់ទៅគ្រិស្តសាសនិកនៅក្រុងកូរិនថូសថា ការដែលប៉ូលសម្រេចចិត្តផ្លាស់ប្ដូរគម្រោងរបស់គាត់គឺមិនមែនដោយសារគាត់ជាមនុស្សដែលមិនធ្វើតាមពាក្យសម្ដីនោះទេ។
ប៉ូលបានបដិសេធការចោទប្រកាន់នោះយ៉ាងច្បាស់ដោយសរសេរថា៖ «ប៉ុន្តែយើងអាចទុកចិត្តព្រះ ថាសម្ដីរបស់យើងចំពោះអ្នករាល់គ្នា មិនមែនថា មែន រួចទេវិញឡើយ»។ (២កូ. ១:១៨) ប៉ូលពិតជាចង់ឲ្យបងប្អូននៅក្រុងកូរិនថូសទទួលប្រយោជន៍ច្រើនបំផុត ដូច្នេះគាត់បានផ្លាស់ប្ដូរគម្រោងរបស់គាត់។ យើងអាននៅកូរិនថូសទី២ ១:២៣ថា៖ ‹ដើម្បីមិនធ្វើឲ្យពួកគេពិបាកចិត្តខ្លាំងជាង›គាត់បានផ្លាស់ប្ដូរគម្រោងដំបូងទៅក្រុងកូរិនថូស។ គាត់បានឲ្យពួកគេមានឱកាសកែប្រែមុនគាត់ទៅលេងពួកគេ។ ពេលដែលគាត់នៅស្រុកម៉ាសេដូន ប៉ូលបានឮពីទីតុសថា សំបុត្រនោះបានជួយក្រុមជំនុំនៅក្រុងកូរិនថូសឲ្យយល់ថាអ្វីដែលពួកគេកំពុងធ្វើគឺខុស ហើយពួកគេបានកែប្រែចិត្ត។ នេះបានធ្វើឲ្យប៉ូលមានអំណរយ៉ាងខ្លាំង។—២កូ. ៦:១១; ៧:៥-៧
និយាយ«អាមេន»ទៅកាន់ព្រះ
កាលដែល«ពួកមហាសាវ័ក»បានចោទថាប៉ូលមិនធ្វើតាមពាក្យសន្យា ពួកគេប្រហែលជាចង់និយាយថា គេក៏មិនអាចទុកចិត្តគាត់ក្នុងកិច្ចការផ្សព្វផ្សាយរបស់គាត់ដែរ។ ប៉ុន្តែ ប៉ូលបានរំលឹកបងប្អូននៅក្រុងកូរិនថូសថាគាត់បានផ្សព្វផ្សាយអំពីលោកយេស៊ូគ្រិស្តដល់ពួកគេ។ «គ្រិស្តយេស៊ូដែលជាបុត្រព្រះ និងដែលបានត្រូវផ្សព្វផ្សាយក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង ពោលគឺខ្ញុំ ស៊ីលវេនុស និងធីម៉ូថេ មិនបានទៅជា មែនផង ទេផងឡើយ ប៉ុន្តែក្នុងករណីរបស់លោក មែន គឺមែន»។ (២កូ. ១:១៩) តើលោកយេស៊ូដែលជាគំរូរបស់ប៉ូល ជាអ្នកដែលគេមិនអាចទុកចិត្តបានទេឬ? មិនមែនទេ! ក្នុងជីវិតនិងក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក លោកយេស៊ូតែងតែនិយាយសេចក្ដីពិត។ (យ៉ូន. ១៤:៦; ១៨:៣៧) បើអ្វីដែលលោកយេស៊ូផ្សព្វផ្សាយគឺជាសេចក្ដីពិតទាំងស្រុងនិងគួរឲ្យទុកចិត្ត ហើយប៉ូលបានផ្សព្វផ្សាយអំពីអ្វីដែលលោកយេស៊ូបានផ្សព្វផ្សាយ នោះកិច្ចផ្សព្វផ្សាយរបស់សាវ័កប៉ូលក៏គួរឲ្យទុកចិត្តដែរ។
ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីពិត»។ (ទំនុក. ៣១:៥) អ្វីដែលប៉ូលសរសេរបន្ទាប់មកបញ្ជាក់ចំណុចនេះថា៖ «ទោះជាសេចក្ដីសន្យារបស់ព្រះមានច្រើនយ៉ាងណាក៏ដោយ ក៏សេចក្ដីសន្យាទាំងអស់នោះបានទៅជាមែន តាមរយៈលោក»គឺតាមរយៈគ្រិស្ត។ ដោយសារលោកយេស៊ូរក្សាចិត្តស្មោះគ្រប់លក្ខណៈពេលលោកនៅផែនដី នោះយើងអាចប្រាកដថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្ត។ ប៉ូលបន្តថា៖ «ដូច្នេះ តាមរយៈលោក[យេស៊ូ] យើងនិយាយ‹អាមេន›ទៅកាន់ព្រះ ដើម្បីយើងអាចលើកតម្កើងព្រះ»។ (២កូ. ១:២០) លោកយេស៊ូជា«អាមេន»ឬជាការធានាថាអស់ទាំងពាក្យសន្យារបស់ព្រះយេហូវ៉ានឹងបានសម្រេច!
ដូចព្រះយេហូវ៉ានិងលោកយេស៊ូតែងតែនិយាយសេចក្ដីពិត នោះប៉ូលតែងតែធ្វើតាមពាក្យសម្ដីរបស់គាត់។ (២កូ. ១:១៩) គាត់មិនមែនជាបុគ្គលដែលមិនធ្វើតាមពាក្យសម្ដី ដូចបុគ្គលដែលសន្យាដោយ«ខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន»នោះទេ។ (២កូ. ១:១៧) ផ្ទុយទៅវិញ ប៉ូល‹ឲ្យសកម្មពលរបស់ព្រះដឹកនាំ›គាត់។ (កាឡ. ៥:១៦) ក្នុងការទាក់ទងរបស់គាត់ជាមួយនឹងអ្នកឯទៀត ប៉ូលគិតអំពីប្រយោជន៍ពួកគេ។ ពាក្យថាមែនរបស់គាត់គឺមែន!
តើពាក្យថាមែនរបស់អ្នកគឺមែនឬ?
សព្វថ្ងៃនេះ សម្រាប់មនុស្សដែលមិនរស់នៅស្របតាមគោលការណ៍គម្ពីរ ជាធម្មតាពួកគេសន្យាអ្វីមួយ ហើយក្រោយមកបើមានអ្វីល្អជាងឬមានបញ្ហាបន្ដិចបន្តួចកើតឡើង ពួកគេក្បត់ពាក្យសន្យាទាំងនោះ។ ក្នុងការរកស៊ី ពាក្យថា«មែន»មិនតែងតែមានន័យថា«មែន»ទេ ទោះបីជាមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដើម្បីធានាពាក្យសន្យានោះក៏ដោយ។ មនុស្សជាច្រើនលែងចាត់ទុកអាពាហ៍ពិពាហ៍ជាសេចក្ដីសន្យាដែលពួកគេត្រូវរក្សាអស់មួយជីវិត។ មនុស្សដែលលែងលះគ្នាមានកាន់តែច្រើន ហើយនេះបង្ហាញថាមនុស្សជាច្រើនចាត់ទុកពាក្យសច្ចារបស់ពួកគេនៅថ្ងៃរៀបការជាពាក្យសន្យាមិនសំខាន់មួយដែលពួកគេអាចក្បត់ពាក្យសន្យានោះបានយ៉ាងងាយ។—២ធី. ៣:១, ២
ចុះអ្នកវិញយ៉ាងណាដែរ? តើពាក្យថាមែនរបស់អ្នកគឺមែនឬ? ដូចយើងបានឃើញនៅដើមអត្ថបទនេះ ប្រហែលជានៅពេលខ្លះអ្នកត្រូវតែលុបចោលការរៀបចំឬគម្រោងណាមួយ នោះមិនមែនដោយសារអ្នកមិនរក្សាពាក្យសម្ដីទេ តែគឺដោយសារស្ថានភាពមួយដែលអ្នកមិនអាចផ្លាស់ប្ដូរបាន។ ប៉ុន្តែ បើអ្នកសន្យាអ្វីមួយ អ្នកគួរធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីរក្សាពាក្យសន្យានោះ។ (ទំនុក. ១៥:៤; ម៉ាថ. ៥:៣៧) បើអ្នកធ្វើដូច្នេះ អ្នកនឹងត្រូវឲ្យគេស្គាល់ថាជាបុគ្គលដែលគួរឲ្យទុកចិត្ត ដែលរក្សាពាក្យសម្ដីរបស់ខ្លួន ហើយដែលតែងតែនិយាយសេចក្ដីពិត។ (អេភ. ៤:១៥, ២៥; យ៉ា. ៥:១២) កាលដែលមនុស្សឃើញថាពួកគេអាចទុកចិត្តអ្នកក្នុងគ្រប់កិច្ចការទាំងអស់ ពួកគេប្រហែលជាចង់ស្ដាប់ជាងនៅពេលអ្នកផ្សព្វផ្សាយសេចក្ដីពិតអំពីរាជាណាចក្រព្រះដល់ពួកគេ។ ដូច្នេះ សូមឲ្យយើងប្រាកដថាពាក្យថាមែនរបស់យើងពិតជាមែន!
a មិនយូរក្រោយពីប៉ូលបានសរសេរកូរិនថូសទី១ គាត់បានធ្វើដំណើរទៅស្រុកម៉ាសេដូនដោយឆ្លងកាត់ក្រុងត្រូអាស ហើយនៅស្រុកម៉ាសេដូនគាត់បានសរសេរកូរិនថូសទី២។ (២កូ. ២:១២; ៧:៥) នៅពេលក្រោយមក គាត់បានទៅក្រុងកូរិនថូស។