ការធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា
«ដូច្នេះចូរអ្នករាល់គ្នាមានចិត្តមេត្ដាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្ដាករុណាដែរ»។—លូកា ៦:៣៦
១. តើពួកផារីស៊ីបានបង្ហាញថាពួកគេគ្មានមេត្ដា យ៉ាងដូចម្ដេច?
ទោះបីមនុស្សបានត្រូវបង្កើតមកដូចរូបអង្គព្រះយ៉ាងណាក៏ដោយ ជាញឹកញាប់មនុស្សខានធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ទ្រង់។ (លោកុប្បត្តិ ១:២៧) ឧទាហរណ៍ សូមពិចារណាពួកផារីស៊ី។ ពួកផារីស៊ីជាក្រុម មិនបានអរសប្បាយទេ ពេលព្រះយេស៊ូបានព្យាបាលបុរសដែលស្វិតដៃម្នាក់នៅថ្ងៃឈប់សំរាកនោះ។ ផ្ទុយទៅវិញ ពួកគេបានរួមគំនិតប្រឆាំងនឹងព្រះយេស៊ូដើម្បី«ធ្វើឲ្យទ្រង់វិនាស»។ (ម៉ាថាយ ១២:៩-១៤) នៅពេលមួយទៀត ព្រះយេស៊ូបានព្យាបាលបុរសខ្វាក់ពីកំណើតម្នាក់។ នៅគ្រាមួយទៀត «ពួកផារិស៊ីខ្លះ»ក៏ឥតអរសប្បាយចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូដែរ។ ផ្ទុយទៅវិញ ពួកគេបានប្ដឹងថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ»។—យ៉ូហាន ៩:១-៧, ១៦
២, ៣. តើបន្ទូលរបស់ព្រះយេស៊ូដែលថា «ប្រុងប្រយ័តចំពោះដំបែរបស់ពួកផារីស៊ី»មានន័យយ៉ាងណា?
២ អាកប្បកិរិយាដែលគ្មានមេត្ដារបស់ពួកផារីស៊ី បានរាប់ទុកជាបទឧក្រិដ្ឋដែលប្រឆាំងនឹងមនុស្សជាតិ ហើយគឺជាបាបកម្មដែលប្រឆាំងនឹងព្រះដែរ។ (យ៉ូហាន ៩:៣៩-៤១) ដោយមានហេតុល្អ ព្រះយេស៊ូបានព្រមានសិស្សរបស់ទ្រង់ថា «ប្រុងប្រយ័តចំពោះដំបែ»របស់វីរជននេះ និងអ្នកកាន់សាសនាឯទៀត ដូចពួកសាឌូស៊ីជាដើម។ (ម៉ាថាយ ១៦:៦) ពាក្យដំបែបានត្រូវប្រើក្នុងព្រះគម្ពីរជាតំណាងនៃអំពើបាបឬការពុករលួយ។ ដូច្នេះ ព្រះយេស៊ូចង់មានបន្ទូលថា សេចក្ដីបង្រៀនរបស់«ពួកអាចារ្យនឹងពួកផារិស៊ី»អាចបង្ខូចការថ្វាយបង្គំបរិសុទ្ធ។ តើអាចបង្ខូចយ៉ាងដូចម្ដេច? គឺដោយព្រោះបានបង្រៀនឲ្យមនុស្សរាប់ទុកច្បាប់របស់ព្រះតាមរយៈក្រិត្យវិន័យ និងទំនៀមទំលាប់ដែលពួកអាចារ្យនិងពួកផារីស៊ីដែលបានតែង ដោយខ្លួនគេតែប៉ុណ្ណោះ ហើយបង្រៀនឲ្យគេមិនអើពើ«សេចក្ដីសំខាន់ជាង»ដែលមានរួមបញ្ចូលសេចក្ដីមេត្ដាករុណាផង។ (ម៉ាថាយ ២៣:២៣) ការថ្វាយបង្គំបែបនេះដោយការកាន់តាមហួសហេតុនូវទំនៀមទំលាប់ បានធ្វើឲ្យការថ្វាយបង្គំព្រះទៅជាបន្ទុកមួយដែលពុំអាចអត់ទ្រាំបាន។
៣ នៅក្នុងផ្នែកទីពីរនៃឧទាហរណ៍និទស្សន៍អំពីអ្នកបង្ហិនទ្រព្យ ព្រះយេស៊ូបានលាតត្រដាងគំនិតដ៏ពុករលួយរបស់ពួកអ្នកដឹកនាំសាសនានៃសាសន៍យូដា។ ក្នុងឧទាហរណ៍និទស្សន៍នោះ ឪពុកតំណាងព្រះយេហូវ៉ា ហើយគាត់បានមានចំណង់ខ្លាំងដើម្បីលើកលែងទោសឲ្យកូនប្រុសដែលបានប្រែចិត្តនោះ។ ក៏ប៉ុន្តែ បងប្រុសរបស់យុវបុរសនោះដែលតំណាង«ពួកផារិស៊ីនឹងពួកអាចារ្យ» បានមានអារម្មណ៍ផ្ទុយឆ្ងាយពីឪពុកចំពោះរឿងនោះ។—លូកា ១៥:២
កំហឹងរបស់បងប្រុសម្នាក់
៤, ៥. តើក្នុងន័យយ៉ាងណា ដែលបងប្រុសរបស់អ្នកបង្ហិនទ្រព្យ«បានវង្វេងបាត់ទៅ»នោះ?
៤ «ឯកូនច្បងនៅឯចំការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេងនឹងរបាំ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង បាវនោះជំរាបថា ‹ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសម្លាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត› ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ»។—លូកា ១៥:២៥-២៨
៥ យ៉ាងច្បាស់ហើយ ដែលអ្នកបង្ហិនទ្រព្យមិនគ្រាន់តែជាបុគ្គលម្នាក់ ដែលមានបញ្ហានោះទេ។ ឯកសារយោងមួយបានចែងថា «កូនប្រុសទាំងពីរនាក់នេះដែលបានត្រូវពិពណ៌នាគឺបានវង្វេងបាត់ទៅ។ កូនមួយគឺបានវង្វេងបាត់ទៅដោយសារភាពទុច្ចរិតដែលធ្វើឲ្យគាត់អាប់កិត្ដិយស កូនមួយទៀតដោយសារភាពលើកខ្លួនជាសុចរិតដែលធ្វើឲ្យគាត់ទៅជាមោហ៍បាំង»។ ចូរកត់សម្គាល់ថា បងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះមិនគ្រាន់តែមិនព្រមអរសប្បាយប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមទៅទៀត «គាត់ក៏ខឹង»យ៉ាងខ្លាំង។ ពាក្យដើមក្នុងភាសាក្រិកសំរាប់«កំហឹង»មិនមែនសំដៅទៅលើការផ្ទុះកំហឹងឡើងទេ ប៉ុន្តែសំដៅទៅលើលក្ខណៈក្នុងគំនិតដែលនៅជាប់ជានិច្ច។ តាមប្រមើលទៅ បងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះបានខាំមាត់ចងគំនុំនូវការតូចចិត្តដ៏ដិតជាប់ជ្រៅ។ ដូច្នេះ គាត់គិតថាគឺមិនសមអបអរនឹងការត្រឡប់មកវិញរបស់បុគ្គលម្នាក់ដែលមិនគួរចេញពីផ្ទះនោះទេ។
៦. តើបងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះតំណាងអ្នកណា ហើយហេតុអ្វីបានជាគាត់តំណាងគេ?
៦បងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះ គឺតំណាងមនុស្សដែលបានប្រកាន់ចំពោះសេចក្ដីមេត្ដាករុណា និងការយកចិត្តទុកដាក់របស់ព្រះយេស៊ូដល់មនុស្សមានបាប។ សេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូមិនបានមានអនុភាពលើចិត្តរបស់ពួកអ្នក ដែលបានលើកខ្លួនជាសុចរិតនោះទេ។ គេក៏មិនបានបង្ហាញសេចក្ដីអំណរដូចនៅស្ថានសួគ៌ ពេលមនុស្សធ្វើអំពើបាបត្រូវលើកលែងទោសនោះដែរ។ ផ្ទុយទៅវិញ សេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូបានធ្វើឲ្យគេខឹង ហើយគេបានចាប់ផ្ដើម«មានគំនិតអាក្រក់»ក្នុងចិត្តរបស់គេ។ (ម៉ាថាយ ៩:២-៤) នៅពេលមួយ កំហឹងរបស់ពួកផារីស៊ីគឺខ្លាំងដល់ម្ល៉េះ ដែលគេបានតាមរកបុគ្គលម្នាក់ដែលព្រះយេស៊ូបានព្យាបាល ដើម្បីនឹង«បណ្ដេញគាត់»ពីសាលាប្រជុំ តាមប្រមើលទៅបណ្ដេញគាត់ចោលតែម្ដង! (យ៉ូហាន ៩:២២, ៣៤) ដូចបងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះដែល«មិនព្រមចូលទៅសោះ» អ្នកដឹកនាំសាសនានៃសាសន៍យូដាបានបោះបង់ចោលនូវឱកាសល្អ ពេលគេមានឱកាសដើម្បី«អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ»។ (រ៉ូម ១២:១៥) ព្រះយេស៊ូបានលាតត្រដាងគំនិតដ៏អាក្រក់របស់គេទៀត ពេលទ្រង់បាននិទានបន្តនូវឧទាហរណ៍និទស្សន៍របស់ទ្រង់។
ការវែកញែកដ៏ខុសទំនង
៧, ៨. (ក) តើតាមរបៀបណាដែលបងប្រុសរបស់អ្នកបង្ហិនទ្រព្យ មិនបានយល់ន័យនៃភាពជាកូនប្រុស? (ខ) តើតាមរបៀបណាដែលកូនច្បងនោះឥតមានសភាពដូចឪពុករបស់គាត់?
៧ «បានជាឪពុកចេញមកអង្វរដល់គាត់ តែគាត់ឆ្លើយថា ‹មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្តសំឡាញ់ខ្ញុំឡើយ ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្ដិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសំឡាប់កូនគោដែលបំប៉ន ឲ្យវាភ្លាម› »។—លូកា ១៥:២៨-៣០
៨ ដោយនិយាយពាក្យសំដីបែបនេះ បងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះបានបង្ហាញយ៉ាងច្បាស់ថា គាត់មិនបានយល់ន័យពិតប្រាកដនៃភាពជាកូនប្រុសទាល់តែសោះ។ គាត់បានបំរើឪពុករបស់គាត់ ស្រដៀងនឹងរបៀបដែលនិយោជិតម្នាក់នឹងបំរើនិយោជករបស់គាត់។ ដូចគាត់បានប្រាប់ឪពុករបស់គាត់៖ «ខ្ញុំបានបំរើលោកឪពុក»។ ពិតមែន កូនច្បងនេះមិនបានចេញពីផ្ទះ ឬល្មើសបង្គាប់របស់ឪពុកគាត់ឡើយ។ ក៏ប៉ុន្តែ តើការស្ដាប់បង្គាប់របស់គាត់បានត្រូវជំរុញដោយសេចក្ដីស្រឡាញ់ទេ? តើគាត់ទទួលអំណរពិតប្រាកដក្នុងការបំរើឪពុករបស់គាត់ទេ? ឬក៏តើគាត់បានចូលក្នុងការពេញចិត្តយ៉ាងខ្លាំង ដោយជឿថាគាត់ជាកូនប្រុសល្អព្រោះតែគាត់បំពេញភារកិច្ចរបស់គាត់«នៅឯចំការ»? ប្រសិនបើគាត់ជាកូនប្រុសដែលមានភក្ដីភាពមែនទែន ហេតុអ្វីក៏គាត់មិនសម្ដែងគំនិតដូចឪពុករបស់គាត់? នៅពេលមានឱកាសដើម្បីបង្ហាញសេចក្ដីមេត្ដាករុណាដល់ប្អូនខ្លួន ហេតុអ្វីក៏គាត់គ្មានចិត្តមេត្ដាដូច្នេះ?—ប្រៀបធៀប ទំនុកដំកើង ៥០:២០-២២
៩. សូមពន្យល់នូវរបៀបដែលពួកអ្នកដឹងនាំសាសនានៃសាសន៍យូដា មានចិត្តស្រដៀងនឹងកូនច្បងនោះ។
៩ ពួកអ្នកដឹកនាំសាសនានៃសាសន៍យូដាគឺស្រដៀងនឹងកូនច្បងនេះដែរ។ គេបានជឿថាគេមានភក្ដីភាពនឹងទ្រង់ ពីព្រោះគេបានកាន់តាមយ៉ាងតឹងរឹងនូវក្រិត្យវិន័យ។ ពិតហើយ ការស្ដាប់បង្គាប់គឺសំខាន់ណាស់។ (សាំយូអែលទី១ ១៥:២២) ក៏ប៉ុន្តែ ការឲ្យទម្ងន់ហួសហេតុរបស់គេទៅលើការប្រព្រឹត្ត បានធ្វើឲ្យការថ្វាយបង្គំនៃព្រះក្លាយទៅជាទំលាប់ដ៏ស្វ័យប្រវត្ដិ និងការបង្ហាញភក្ដីភាពដែលគ្មានភាពខាងវិញ្ញាណ។ គំនិតរបស់ពួកគេតែងតែគិតដល់ទំនៀមទំលាប់ជានិច្ច។ ចិត្តរបស់គេគឺគ្មានសេចក្ដីស្រឡាញ់ទេ។ គេបានរាប់មនុស្សសាមញ្ញដូចជាដីនៅក្រោមជើងគេ សូម្បីនិយាយក៏សំដៅទៅលើពួកគេជា«មនុស្សត្រូវបណ្ដាសា»ផង។ (យ៉ូហាន ៧:៤៩) តាមការពិត តើព្រះនឹងពេញព្រះហឫទ័យនឹងការប្រព្រឹត្តរបស់គេយ៉ាងដូចម្ដេច ពេលដែលចិត្តគេនៅឆ្ងាយពីទ្រង់នោះ?—ម៉ាថាយ ១៥:៧, ៨
១០. (ក) ហេតុអ្វីបានជាពាក្យ«អញចង់បានសេចក្ដីមេត្ដាករុណា មិនមែនយញ្ញបូជាទេ»គឺជាពាក្យប្រៀនប្រដៅដ៏សមរម្យ? (ខ) តើការខ្វះខាតសេចក្ដីមេត្ដាករុណា ជារឿងដ៏សំខាន់យ៉ាងណាទៅ?
១០ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកផារីស៊ីឲ្យ«ទៅរៀនន័យបទ ដែលថា‹អញចង់បានសេចក្ដីមេត្ដាករុណា មិនមែនយញ្ញបូជាទេ›»។ (ម៉ាថាយ ៩:១៣; ហូសេ ៦:៦) អាទិភាពរបស់គេបានត្រូវច្របូកច្របល់ ដ្បិតបើគ្មានសេចក្ដីមេត្ដាករុណាទេ នោះយញ្ញបូជាទាំងអស់របស់គេគឺពិតជាអត់ប្រយោជន៍ទាំងស្រុង។ នេះគឺជារឿងមួយដ៏ធ្ងន់ធ្ងរមែនទែន ពីព្រោះព្រះគម្ពីរថ្លែងថាមនុស្សដែល«ឥតមានសេចក្ដីមេត្ដាករុណាសោះ» ត្រូវរាប់ជាមួយនឹងមនុស្សដែលព្រះរាប់ថា«គួរនឹងស្លាប់ហើយ»។ (រ៉ូម ១:៣១, ៣២) ដូច្នេះ មិនមែនជារឿងដែលធ្វើឲ្យភ្ញាក់ផ្អើលទេ ដែលព្រះយេស៊ូបានមានបន្ទូលថាពួកអ្នកដឹកនាំសាសនានៃសាសន៍យូដាជាក្រុម កំពុងតែឆ្ពោះទៅដល់សេចក្ដីហិនវិនាស។ តាមប្រមើលទៅ ភាពគ្មានមេត្ដារបស់គេបានចូលរួមជាផ្នែកធំ នូវហេតុដែលពួកគេសមនឹងទទួលការកាត់ទោសនេះមែន។ (ម៉ាថាយ ២៣:៣៣) ក៏ប៉ុន្តែ ប្រហែលមានអ្នកខ្លះក្នុងក្រុមនេះដែលអាចត្រូវជួយបាន។ នៅចុងឧទាហរណ៍និទស្សន៍របស់ទ្រង់ ព្រះយេស៊ូបានព្យាយាមកែតម្រង់គំនិតនៃពួកយូដាបែបនេះ តាមរយៈពាក្យរបស់ឪពុកនោះចំពោះកូនច្បងរបស់គាត់។ ចូរឲ្យយើងមើលនូវរបៀបដែលទ្រង់បានធ្វើបែបនេះ។
សេចក្ដីមេត្ដាករុណារបស់ឪពុកម្នាក់
១១, ១២. តើតាមរបៀបណាដែលឪពុកក្នុងឧទាហរណ៍និទស្សន៍របស់ព្រះយេស៊ូ បានខិតខំវែកញែកជាមួយនឹងកូនច្បងរបស់គាត់ ហើយតើអ្វីប្រហែលជាមូលហេតុដែលឪពុកនោះ បានប្រើឃ្លាដែលថា«ប្អូនឯង»?
១១ «ឪពុកក៏តបថា ‹កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរ គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ›»។—លូកា ១៥:៣១, ៣២
១២ ចូរកត់សម្គាល់ថាឪពុកនោះបានប្រើឃ្លាថា «ប្អូនឯង»។ ហេតុអ្វីបានថាអញ្ចឹង? សូមចាំថា ពេលកូនច្បងនោះបាននិយាយជាមួយឪពុកគាត់ គាត់បានស្តីពីអ្នកបង្ហិនទ្រព្យជា«កូនលោកឪពុក» មិនបាននិយាយថា«ប្អូនខ្ញុំ»នោះទេ។ គឺហាក់ដូចជាគាត់មិនព្រមទទួលស្គាល់ទំនាក់ទំនងជាសាច់ញាតិ រវាងគាត់និងប្អូនប្រុសគាត់សោះ។ ដូច្នេះ តាមការពិត ឪពុកនោះចង់ប្រាប់កូនច្បងរបស់គាត់ថា៖ ‹នេះមិនគ្រាន់តែជាកូនប្រុសរបស់អញប៉ុណ្ណោះទេ។ គាត់ជាប្អូនប្រុសរបស់ឯង ជាសាច់ឈាមរបស់ឯង។ ឯងមានហេតុដ៏ល្អសំរាប់ការអរសប្បាយ ដែលគាត់បានត្រឡប់មកវិញ›! សាររបស់ព្រះយេស៊ូគួរជាច្បាស់លាស់ចំពោះពួកអ្នកដឹកនាំសាសនាយូដានោះ។ មនុស្សបាបនោះដែលពួកគេមើលងាយ តាមពិតប្រាកដគឺជា«ប្អូនប្រុស»របស់គេ។ មែនហើយ «គ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ»។ (សាស្ដា ៧:២០) ដូច្នេះ ពួកយូដាដែលមានឋានៈធំដុំនោះមានហេតុដ៏ល្អដើម្បីអរសប្បាយ ពេលមនុស្សបានប្រែចិត្តវិញ។
១៣. តើទីបញ្ចប់ដ៏កំបុតនៃឧទាហរណ៍និទស្សន៍របស់ព្រះយេស៊ូ បានទុកឲ្យយើងមានសំនួរអ្វី?
១៣ ក្រោយពីការអង្វររបស់ឪពុក ឧទាហរណ៍និទស្សន៍របស់ព្រះយេស៊ូបានចប់យ៉ាងកំបុត។ នេះគឺហាក់ដូចជាព្រះយេស៊ូអញ្ជើញពួកអ្នកស្ដាប់ទ្រង់ ឲ្យគេសន្និដ្ឋានចំពោះទីបញ្ចប់នៃរឿងនេះដោយខ្លួនឯង។ ទោះបីកូនច្បងនោះបានឆ្លើយយ៉ាងណាក៏ដោយ អ្នកស្ដាប់និមួយៗប្រឈមសំនួរមួយ គឺថា‹តើអ្នកនឹងចូលរួមក្នុងអំណរដែលមាននៅស្ថានសួគ៌ ពេលដែលអ្នកធ្វើបាបប្រែចិត្តវិញឬទេ›? សព្វថ្ងៃនេះ ពួកគ្រីស្ទានមានឱកាសដើម្បីបង្ហាញចម្លើយរបស់គេចំពោះសំនួរនេះ។ តើគេអាចធ្វើនេះយ៉ាងដូចម្ដេច?
ការធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះសព្វថ្ងៃនេះ
១៤. (ក) តើយើងអាចអនុវត្តតាមដំបូន្មានរបស់សាវ័កប៉ុលក្នុងអេភេសូរ ៥:១ ចំពោះសេចក្ដីមេត្ដាករុណា បានយ៉ាងដូចម្ដេច? (ខ) តើយើងត្រូវតែប្រុងប្រយ័ត្ននឹងការយល់ច្រឡំអ្វីចំពោះមេត្ដាករុណារបស់ព្រះ?
១៤ ប៉ុលបានដាស់តឿនពួកអេភេសូរឲ្យ៖ «ត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា»។ (អេភេសូរ ៥:១) ដូច្នេះ ជាពួកគ្រីស្ទាន យើងគួរស្គាល់តម្លៃនៃសេចក្ដីមេត្ដាករុណារបស់ព្រះ គឺបញ្ចូលសេចក្ដីនោះនៅក្នុងចិត្តរបស់យើង ហើយនិងសម្ដែងគុណសម្បត្ដិនេះក្នុងការទាក់ទងជាមួយនឹងអ្នកដទៃ។ ក៏ប៉ុន្តែ ជាការសមរម្យក្នុងការឲ្យការព្រមានមួយ។ យើងមិនគួរយល់ច្រឡំថាសេចក្ដីមេត្ដាករុណារបស់ព្រះ គឺជាការបន្ថយទម្ងន់នៃអំពើបាបនោះទេ។ ឧទាហរណ៍ មានមនុស្សខ្លះដែលប្រហែលនឹងសន្និដ្ឋានយ៉ាងកន្តើយថា ‹បើខ្ញុំធ្វើបាប ខ្ញុំគ្រាន់តែអាចអធិស្ឋានសូមព្រះឲ្យអត់ឱនទោសខ្ញុំ ហើយទ្រង់នឹងបង្ហាញសេចក្ដីមេត្ដាករុណាហើយ›។ គំនិតបែបនេះនឹងរាប់ជាអ្វីដែលអ្នកសរសេរព្រះគម្ពីរម្នាក់ឈ្មោះយូដាស បានហៅថាជាការ«បំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស»។ (យូដាស ៤) ទោះបីព្រះយេហូវ៉ាប្រកបដោយសេចក្ដីមេត្ដាករុណាយ៉ាងណាក៏ដោយ «ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ» នៅពេលដែលទ្រង់ទាក់ទងជាមួយអ្នកធ្វើបាបដែលមិនព្រមប្រែចិត្តនោះ។—និក្ខមនំ ៣៤:៧; ប្រៀបធៀប យ៉ូស្វេ ២៤:១៩; យ៉ូហានទី១ ៥:១៦
១៥. (ក) ហេតុអ្វីបានជាពួកអ្នកចាស់ទុំជាពិសេស ត្រូវតែមានតុល្យភាពក្នុងគំនិតគេចំពោះរឿងមេត្ដាករុណា? (ខ) ទោះបីពួកអ្នកចាស់ទុំមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តអំពើបាបដោយចេតនាយ៉ាងណាក្ដី តើពួកគេគួរខិតខំធ្វើអ្វី ហើយហេតុអ្វីបានជាគេគួរធ្វើអញ្ចឹង?
១៥ ម្យ៉ាងវិញទៀត យើងត្រូវតែប្រុងប្រយ័ត្នផងដែរ ដើម្បីមិនមានគំនិតផ្ទុយពីនោះ គឺជាការទោរទន់ទៅការមានគំនិតតឹងរឹង និងវិនិច្ឆ័យចំពោះអ្នកដែលបង្ហាញការប្រែចិត្តពិតប្រាកដ ព្រមទាំងមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហឫទ័យព្រះរបស់ព្រះ។ (កូរិនថូសទី២ ៧:១១) ពីព្រោះពួកអ្នកចាស់ទុំបានទទួលនូវការរក្សាចៀមរបស់ព្រះយេហូវ៉ា គឺជាចាំបាច់ដែលគេមានតុល្យភាពរវាងទស្សនៈទាំងពីរខាងលើនេះ ជាពិសេសនៅពេលគេកំពុងតែអនុវត្តការវិនិច្ឆ័យសម្រេចសេចក្ដី។ ក្រុមជំនុំគ្រីស្ទានត្រូវតែទុកឲ្យស្អាតស្អំ ហើយគឺសមតាមព្រះគម្ពីរដើម្បី«បណ្ដេញមនុស្សអាក្រក់» ដោយការបណ្ដាច់មិត្តភាព។ (កូរិនថូសទី១ ៥:១១-១៣) ក៏ប៉ុន្តែ គឺជាការល្អក្នុងការបង្ហាញសេចក្ដីមេត្ដាករុណា នៅពេលដែលមានមូលដ្ឋានច្បាស់សំរាប់សេចក្ដីនោះ។ ដូច្នេះ ទោះបីពួកអ្នកចាស់ទុំមិនបណ្ដោយឲ្យមានការធ្វើអំពើបាបដោយចេតនាយ៉ាងណាក្ដី គេខំប្រឹងស្វែងរកដំណើរប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់និងមេត្ដាករុណា ដែលនៅក្នុងព្រំដែននៃយុត្ដិធម៌។ ពួកគេតែងតែនឹកចាំពីគោលការណ៍ព្រះគម្ពីរដែលថា៖ «ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្ដា នោះនឹងត្រូវទោសឥតគេមេត្ដាដែរ រីឯសេចក្ដីមេត្ដា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ»។—យ៉ាកុប ២:១៣; សុភាសិត ១៩:១៧; ម៉ាថាយ ៥:៧
១៦. (ក) ដោយប្រើគម្ពីរ សូមបង្ហាញថាព្រះយេហូវ៉ាពិតជាមានសេចក្ដីប្រាថ្នាឲ្យអ្នកដែលបានធ្វើខុស ត្រឡប់មកឯទ្រង់វិញ។ (ខ) តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងក៏ទទួលស្វាគមន៍អ្នកធ្វើអំពើបាបដែលបានប្រែចិត្តហើយនោះ?
១៦ ឧទាហរណ៍និទស្សន៍អំពីអ្នកបង្ហិនទ្រព្យនោះ បានបង្ហាញយ៉ាងជាក់ស្តែងថា ព្រះយេហូវ៉ាប្រាថ្នាឲ្យពួកអ្នកដែលបានប្រព្រឹត្តខុសត្រឡប់មកឯទ្រង់វិញ។ មែនហើយ ទ្រង់ប្រគល់សេចក្ដីអញ្ជើញនេះជូនពួកគេ ទាល់តែគេបង្ហាញថាពួកគេមិនព្រមកែប្រែចិត្តទាំងស្រុង។ (អេសេគាល ៣៣:១១; ម៉ាឡាគី ៣:៧; រ៉ូម ២:៤, ៥; ពេត្រុសទី២ ៣:៩) ដូចឪពុករបស់អ្នកបង្ហិនទ្រព្យនោះ ព្រះយេហូវ៉ាប្រព្រឹត្តដោយថ្លៃថ្នូរចំពោះអ្នកដែលត្រឡប់មក ទាំងទទួលគេជាសមាជិកគ្រួសារយ៉ាងពេញសិទ្ធ។ តើអ្នកធ្វើតម្រាប់តាមព្រះយេហូវ៉ាចំពោះរឿងនេះទេ? នៅពេលអ្នកដែលបានត្រូវបណ្ដាច់មិត្តភាពមួយរយៈត្រូវទទួលក្នុងមិត្តភាពវិញ តើអ្នកប្រព្រឹត្តយ៉ាងណា? យើងដឹងហើយថា «នៅស្ថានសួគ៌នឹងមានសេចក្ដីអំណរ»។ (លូកា ១៥:៧) ក៏ប៉ុន្តែ តើមានសេចក្ដីអំណរនៅផែនដី នៅក្រុមជំនុំរបស់អ្នក សូម្បីតែនៅក្នុងចិត្តរបស់អ្នកឬទេ? ឬក៏ ដូចកូនច្បងក្នុងឧទាហរណ៍និទស្សន៍នោះ តើមានការតូចចិត្តខ្លះ ដូចជាការស្វាគមន៍មិនសមសំរាប់បុគ្គលម្នាក់ ដែលមិនគួរចាកចេញពីហ្វូងរបស់ព្រះនៅដើមដំបូងទេ?
១៧. (ក) តើអ្វីបានកើតឡើងនៅក្រុងកូរិនថូសនៅសតវត្សទីមួយ ហើយតើសាវ័កប៉ុលបានដាស់តឿនឲ្យពួកគេធ្វើអ្វីចំពោះរឿងនេះ? (ខ) ហេតុអ្វីបានជាការប្រៀនប្រដៅនេះមានប្រយោជន៍ ហើយតើតាមរបៀបណាដែលយើងអាចអនុវត្តតាមនោះសព្វថ្ងៃនេះ? (សូមមើលប្រអប់នៅខាងស្ដាំ)
១៧ ដើម្បីជួយឲ្យយើងពិនិត្យមើលខ្លួនយើង សូមពិចារណាអ្វីដែលបានកើតឡើងនៅឆ្នាំ៥៥ ស.យ.នៅក្រុងកូរិនថូស។ នៅទីនោះ បុរសម្នាក់ដែលបានត្រូវបណ្ដេញពីក្រុមជំនុំ នៅទីបំផុតបានចាប់ផ្ដើមរស់នៅដោយសីលធម៌ស្អាតស្អំវិញ។ តើបងប្អូននោះនឹងត្រូវធ្វើយ៉ាងណា? តើពួកគេគួរសង្ស័យនូវការប្រែចិត្តរបស់គាត់នឹងបន្តក្នុងការគេចមុខពីគាត់ឬ? ផ្ទុយទៅវិញ សាវ័កប៉ុលបានជំរុញចិត្តពួកកូរិនថូសឲ្យ៖ «អត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសម្ដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់»។ (កូរិនថូសទី២ ២:៧, ៨) តាមធម្មតា ពួកអ្នកដែលបានប្រព្រឹត្តខុស ឆាប់មានអារម្មណ៍អាប់យសនិងអស់សង្ឃឹម។ ដូច្នេះ ពួកនេះត្រូវការការធានាជាថ្មីថា ពួកអ្នកជឿឯទៀត ព្រមទាំងព្រះយេហូវ៉ាក៏ស្រឡាញ់គេដែរ។ (យេរេមា ៣១:៣; រ៉ូម ១:១២) នេះគឺសំខាន់ណាស់។ ហេតុអ្វីក៏ដូច្នេះ?
១៨, ១៩. (ក) តើតាមរបៀបណាដែលពួកកូរិនថូស បានសម្ដែងខ្លួនគេជាអ្នកដែលអត់ឱនទោសហួសហេតុ? (ខ) តើតាមរបៀបណាដែលការមានគំនិតដ៏គ្មានមេត្ដា «ឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះ»លើពួកកូរិនថូស?
១៨ នៅពេលជំរុញចិត្តរបស់ពួកកូរិនថូស ឲ្យគេអនុវត្តការអត់ឱនទោស សាវ័កប៉ុលបានឲ្យហេតុមួយដែល«មិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ»។ (កូរិនថូសទី២ ២:១១) តើពាក្យរបស់គាត់មានន័យយ៉ាងណា? ពីមុន សាវ័កប៉ុលបានស្តីបន្ទោសក្រុមជំនុំកូរិនថូស ដោយព្រោះការអត់ឱនទោសហួសហេតុពេក។ គេបានអនុញ្ញាតឲ្យបុរសនោះប្រព្រឹត្តអំពើបាបដោយគ្មានដាក់ទោស។ ដោយធ្វើយ៉ាងនេះក្រុមជំនុំនោះ ជាពិសេសពួកចាស់ទុំបានធ្វើអ្វីដែលផ្គាប់ចិត្តរបស់អារក្សសាតាំង ពីព្រោះវានឹងពេញចិត្តដើម្បីនាំក្រុមជំនុំចូលក្នុងភាពខូចកិត្ដិនាម។—កូរិនថូសទី១ ៥:១-៥
១៩ បើសិនជាគេបានផ្លាស់គំនិតទៅទស្សនៈផ្ទុយ ហើយមិនបានព្រមអត់ឱនទោសអ្នកដែលបានប្រែចិត្តនោះ សាតាំងនឹងនៅតែឈ្នះលើគេដោយម្យ៉ាងទៀត។ តើវានឹងឈ្នះយ៉ាងដូចម្ដេច? ពីព្រោះវាអាចប្រើហេតុការណ៍ដែលគេបានប្រព្រឹត្តយ៉ាងតឹងរឹងនិងដោយគ្មានមេត្ដា។ បើអ្នកដែលបានធ្វើបាបនោះបាន«ត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង»—ឬក៏ដូចក្នុងសេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ បានប្រែជា«ព្រួយខ្លាំងដល់ម្ល៉េះដែលនឹងឈប់តែម្ដង»។ តើពួកអ្នកចាស់ទុំនឹងទទួលខុសត្រូវដ៏ធ្ងន់ធ្ងរចំពោះព្រះយេហូវ៉ាយ៉ាងណាទៅហ្ន៎! (ប្រៀបធៀប អេសេគាល ៣៤:៦; យ៉ាកុប ៣:១) ដោយមានហេតុល្អ ក្រោយទ្រង់បានព្រមានអ្នកកាន់តាមទ្រង់អំពីការធ្វើឲ្យ«កូនតូចណាមួយ»រវាតចិត្ត នោះទ្រង់បានមានបន្ទូលប្រាប់គេថា៖ «ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ»។a—លូកា ១៧:១-៤
២០. តើមានសេចក្ដីអំណរយ៉ាងដូចម្ដេច នៅស្ថានសួគ៌និងនៅលើផែនដី ពេលអ្នកដែលបានប្រព្រឹត្ដិខុសប្រែចិត្តវិញនោះ?
២០ រាប់ពាន់នាក់ត្រឡប់មកចូលការថ្វាយបង្គំបរិសុទ្ធរាល់ឆ្នាំ មានកតញ្ញូចំពោះសេចក្ដីមេត្ដាករុណាដែលព្រះយេហូវ៉ាបានសម្ដែងដល់ពួកគេ។ «ខ្ញុំមិនអាចនឹកចាំពីពេលមួយក្នុងជីវិតខ្ញុំ ដែលខ្ញុំមានចិត្តរីករាយអញ្ចឹងអំពីអ្វីមួយឡើយ» បងស្រីគ្រីស្ទានម្នាក់បាននិយាយដូច្នេះអំពីការទទួលក្នុងមិត្តភាពវិញរបស់គាត់។ ប្រាកដហើយ ពួកទេវតាក៏មានអំណរដូចគាត់ដែរ។ ចូរឲ្យយើងចូលរួមក្នុង‹សេចក្ដីអំណរនៅស្ថានសួគ៌› ដែលកើតមានឡើងពេលដែលអ្នកបានប្រព្រឹត្តខុសប្រែចិត្តវិញ។ (លូកា ១៥:៧) ដោយធ្វើយ៉ាងនេះ យើងនឹងធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះ។
[កំណត់សម្គាល់]
a ទោះបីហាក់ដូចជាអ្នកដែលបានធ្វើបាបនៅឯកូរិនថូស បានត្រូវទទួលក្នុងមិត្តភាពវិញក្រោយមួយរយៈខ្លី នេះមិនត្រូវប្រើជាខ្នាតគំរូសំរាប់ការបណ្ដាច់មិត្តភាពទាំងអស់នោះឡើយ។ ករណីនិមួយៗគឺខុសគ្នា។ អ្នកខ្លះដែលធ្វើខុសបង្ហាញការប្រែចិត្តស្ទើរតែភ្លាមក្រោយគេបានត្រូវបណ្ដេញចេញ។ រីឯអ្នកឯទៀត គឺជាមួយរយៈវែងពីមុនបានឃើញចិត្តគំនិតបែបនេះ។ ក៏ប៉ុន្តែ ក្នុងករណីទាំងអស់មនុស្សដែលបានត្រូវទទួលក្នុងមិត្តភាពវិញ ពួកគេត្រូវតែបង្ហាញសក្ខីភាពនូវការមានសេចក្ដីទុក្ខព្រួយដែលគាប់ព្រះហឫទ័យរបស់ព្រះ ហើយបើមានសមត្ថភាពត្រូវតែប្រព្រឹត្តបែបសមនឹងការប្រែចិត្ត។—កិច្ចការ ២៦:២០; កូរិនថូសទី២ ៧:១១
ដើម្បីរៀនសាឡើងវិញ
◻ តើតាមរបៀបណាដែលបងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះ គឺស្រដៀងនឹងពួកអ្នកដឹកនាំសាសនាយូដា?
◻ តើតាមរបៀបណាដែលបងប្រុសរបស់អ្នកបង្ហិនទ្រព្យនោះ មិនបានយល់អត្ថន័យនៃភាពជាកូនប្រុស?
◻ ក្នុងការធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះ តើយើងត្រូវតែជៀសវាងពីការប្រព្រឹត្តដ៏ហួសហេតុពីរណា?
◻ សព្វថ្ងៃនេះតើតាមរបៀបណា ដែលយើងអាចធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះ?
[ប្រអប់នៅទំព័រ១៦]
«សម្ដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់»
ចំពោះអ្នកបណ្ដាច់មិត្តភាពដែលប្រព្រឹត្តខុសដែលបានបង្ហាញការប្រែចិត្តនោះ សាវ័កប៉ុលបានប្រាប់ក្រុមជំនុំគ្រីស្ទាននៅកូរិនថូសថា៖ «ខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសម្ដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់»។ (កូរិនថូសទី២ ២:៨) ពាក្យភាសាក្រិកដែលបានត្រូវបកប្រែ«ឲ្យជាក់លាក់» គឺជាពាក្យច្បាប់ដែលមានន័យថា«ធ្វើឲ្យប្រើជាការបាន»។ មែនហើយ អ្នកប្រែចិត្តដែលបានត្រូវទទួលឲ្យចូលក្នុងមិត្តភាពវិញត្រូវតែដឹងថាគេស្រឡាញ់ខ្លួន ហើយគេត្រូវទទួលការស្វាគមន៍ គឺជាសមាជិកនៃក្រុមជំនុំ។
ក៏ប៉ុន្តែ យើងត្រូវតែចាំថា មនុស្សភាគច្រើនក្នុងក្រុមជំនុំមិនដឹងនូវកាលៈទេសៈដែលបាននាំទៅដល់ការបណ្ដាច់មិត្តភាពឬក៏ការទទួលឲ្យចូលក្នុងមិត្តភាពវិញទេ។ បន្ថែមទៅទៀត ប្រហែលមានគេក្នុងក្រុមជំនុំដែលបានត្រូវប៉ះពាល់ឬបញ្ឈឺ ប្រហែលអស់រយៈពេលយូរ ដោយអំពើខុសរបស់អ្នកប្រែចិត្តនោះ។ ដោយការយល់ដឹងនូវរឿងទាំងនេះ នៅពេលមានសេចក្ដីជូនដំណឹងអំពីការទទួលឲ្យចូលក្នុងមិត្តភាពវិញ គឺជាសមហេតុសមផល ដែលយើងទុកពាក្យទទួលស្វាគមន៍នេះទៅនិយាយប្រាប់គាត់ដោយខ្លួនឯងផ្ទាល់។
តើការចំរើនសេចក្ដីជំនឿយ៉ាងណាទៅហ្ន៎ សំរាប់មនុស្សដែលបានត្រូវទទួលឲ្យចូលក្នុងមិត្តភាពវិញ ដែលដឹងថាគេត្រូវទទួលស្វាគមន៍ជាសមាជិកនៃក្រុមជំនុំគ្រីស្ទាន! យើងអាចលើកទឹកចិត្តមនុស្សបែបនេះដោយការនិយាយរកពួកគេ ហើយការអរសប្បាយនឹងការរួបរួមជាមួយគេនៅសាលព្រះរាជាណាចក្រ ក្នុងកិច្ចបំរើ ហើយឱកាសឯទៀតដែលសមរម្យ។ ដោយការធ្វើឲ្យជាក់លាក់ ឬក៏ធ្វើឲ្យប្រើជាការបាននូវសេចក្ដីស្រឡាញ់របស់យើងចំពោះពួកស្ងួនភ្ងាទាំងនេះ យើងមិនបន្ថយទម្ងន់នៃអំពើដែលគេបានប្រព្រឹត្តឡើយ។ ផ្ទុយទៅវិញ ជាមួយនឹងបុគ្គលនៅស្ថានសួគ៌ យើងអរសប្បាយក្នុងហេតុការណ៍ពួកគេបានបដិសេធផ្លូវដែលប្រកបដោយអំពើបាប ហើយបានត្រឡប់មកឯព្រះយេហូវ៉ាវិញ។—លូកា ១៥:៧
[រូបភាពនៅទំព័រ១៥]
កូនច្បងមិនបានព្រមអរសប្បាយនឹងការត្រឡប់មកវិញរបស់ប្អូនប្រុសគាត់ទេ