ចូរមានចិត្តស្មោះភក្ដីក្នុងការបម្រើព្រះគ្រីស្ទជាស្តេច
«ទ្រង់មានអំណាចគ្រប់គ្រងនឹងសិរីល្អ ព្រមទាំង . . . មានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃនឹងមនុស្សគ្រប់ភាសាបានគោរពដល់ទ្រង់»។—ដានីយ៉ែល ៧:១៤
១, ២. តើអ្វីបង្ហាញថាព្រះគ្រីស្ទមិនបានទទួលអំណាចទាំងស្រុងក្នុងព្រះរាជាណាចក្ររបស់ព្រះនៅឆ្នាំ៣៣ គ.ស.?
តើមានអ្នកគ្រប់គ្រងអង្គណាមួយអាចធ្វើពលីខ្លួនដើម្បីរាស្ត្រទ្រង់ ហើយមានលទ្ធភាពរស់ឡើងវិញនិងគ្រប់គ្រងតទៅទៀតបានទេ? តើអាចមានស្តេចណារស់នៅលើផែនដីមួយរយៈដើម្បីជួយឲ្យរាស្ត្រមានទំនុកចិត្តនិងចិត្តស្មោះភក្ដីចំពោះទ្រង់ ហើយក្រោយមកឡើងទៅសោយរាជ្យនៅស្ថានសួគ៌ឬទេ? មានបុគ្គលតែមួយអង្គគត់ដែលអាចធ្វើដូចនោះហើយធ្វើអ្វីៗផ្សេងទៀតបាន គឺព្រះយេស៊ូគ្រីស្ទ។ (លូកា ១:៣២, ៣៣) ក្រោយព្រះគ្រីស្ទបានសោយទិវង្គត មានព្រះជន្មរស់ឡើងវិញ ហើយឡើងទៅស្ថានសួគ៌នោះ ព្រះយេហូវ៉ាបាន‹ប្រទានឲ្យទ្រង់ធ្វើជាសិរសាលើគ្រប់ទាំងអស់ដល់ពួកជំនុំ›។ នេះបានកើតឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ (អេភេសូរ ១:២០-២២; កិច្ចការ ២:៣២-៣៦) នៅពេលនោះ ព្រះគ្រីស្ទចាប់ផ្ដើមមានអំណាចគ្រប់គ្រងខ្លះៗ។ ពួកគ្រីស្ទានដែលបានតែងតាំងដោយវិញ្ញាណរបស់ព្រះ ជារាស្ត្រដំបូងរបស់ព្រះគ្រីស្ទដែលរួមគ្នាជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណឬ«សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦; កូល៉ុស ១:១៣
២ ជិត៣០ឆ្នាំក្រោយបុណ្យថ្ងៃទី៥០ នៅឆ្នាំ៣៣ គ.ស. សាវ័កប៉ុលបានបញ្ជាក់ថាព្រះគ្រីស្ទមិនទាន់បានទទួលអំណាចទាំងស្រុងក្នុងព្រះរាជាណាចក្ររបស់ព្រះទេ ដ្បិតទ្រង់នៅតែ«គង់ខាងស្ដាំព្រះ . . . ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់»។ (ហេព្រើរ ១០:១២, ១៣) ក្រោយមក គឺជិតដំណាច់សតវត្សរ៍ទីមួយ គ.ស. សាវ័កយ៉ូហានដែលមានវ័យចាស់បានឃើញចក្ខុនិមិត្តពីព្រឹត្ដិការណ៍នាអនាគតកាល។ គាត់ឃើញព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោកប្រគល់អំណាចឲ្យព្រះគ្រីស្ទយេស៊ូក្នុងព្រះរាជាណាចក្រថ្មីរបស់ទ្រង់នៅស្ថានសួគ៌។ (វិវរណៈ ១១:១៥; ១២:១-៥) ពេលពិនិត្យព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រ យើងអាចឃើញទីសំអាងយ៉ាងជាក់ច្បាស់ថា ព្រះគ្រីស្ទដែលជាព្រះមេស្ស៊ីបានចាប់ផ្ដើមសោយរាជ្យជាស្តេចនៅឆ្នាំ១៩១៤។a
៣. (ក) តាំងពីឆ្នាំ១៩១៤ តើដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះមានលក្ខណៈថ្មីអ្វី? (ខ) តើយើងគួរសួរខ្លួនសំណួរអ្វីខ្លះ?
៣ ពិតមែនហើយ ដំណឹងល្អអំពីនគរឬព្រះរាជាណាចក្ររបស់ព្រះមានលក្ខណៈកាន់តែអស្ចារ្យតាំងពីឆ្នាំ១៩១៤ ដ្បិតព្រះគ្រីស្ទមានអំណាចសោយរាជ្យជាស្តេចក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ ទោះបី«កណ្ដាលពួកខ្មាំងសត្រូវ»ទ្រង់ក៏ដោយ។ (ទំនុកដំកើង ១១០:១, ២; ម៉ាថាយ ២៤:១៤; វិវរណៈ ១២:៧-១២) ម្យ៉ាងទៀត រាស្ត្រស្មោះភក្ដីរបស់ព្រះយេស៊ូទូទាំងផែនដីកំពុងតែចុះចូលដោយអំណរក្រោមអំណាចទ្រង់ ហើយក៏រួមគ្នាក្នុងការអប់រំខាងព្រះគម្ពីរទូទាំងពិភពលោកដែលពុំធ្លាប់មានពីមុនក្នុងប្រវត្ដិសាស្ត្រមនុស្ស។ (ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៨:១៨) ពួកគ្រីស្ទានដែលបានតែងតាំងដោយវិញ្ញាណរបស់ព្រះ ជា«មនុស្សរបស់នគរស្ថានសួគ៌»ដែលកំពុងតែបម្រើជា«ទូតដំណាងព្រះគ្រីស្ទ»។ ពួកគាត់ទទួលជំនួយពីពួក«ចៀមឯទៀត»របស់ព្រះគ្រីស្ទដែលមានចិត្តស្មោះភក្ដី។ ចំនួនពួកចៀមឯទៀតនោះចេះតែរីកកាន់តែច្រើន ហើយពួកគេកំពុងតែបំពេញមុខនាទីជាអ្នកនាំសារព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ១៣:៣៨; កូរិនថូសទី២ ៥:២០; យ៉ូហាន ១០:១៦) យ៉ាងណាក៏ដោយ យើងម្នាក់ៗត្រូវពិចារណាថា តើយើងទទួលស្គាល់អំណាចរបស់ព្រះគ្រីស្ទដែរឬទេ? តើយើងមានចិត្តស្មោះភក្ដីចំពោះទ្រង់ដោយឥតវៀចវេរឬទេ? តើយើងអាចបង្ហាញចិត្តស្មោះភក្ដីបានយ៉ាងណា ចំពោះស្តេចមួយអង្គដែលសោយរាជ្យពីស្ថានសួគ៌មក? មុនដំបូង យើងសូមពិភាក្សាអំពីមូលហេតុដែលយើងគួរមានចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទ។
គុណសម្បត្ដិរបស់ស្តេចយើង ផ្ដល់ហេតុឲ្យមានចិត្តស្មោះភក្ដី
៤. ពេលព្រះយេស៊ូមានព្រះជន្មរស់នៅផែនដីជាអ្នកដែលត្រូវតែងតាំងជាស្តេចនោះ តើទ្រង់បានសម្រេចការអ្វីខ្លះ?
៤ ចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទមានមូលដ្ឋានលើចិត្តអបអរចំពោះអ្វីដែលទ្រង់បានធ្វើ ហើយចំពោះគុណសម្បត្ដិដ៏អស្ចារ្យរបស់ទ្រង់ដែរ។ (ពេត្រុសទី១ ១:៨) ពេលមានព្រះជន្មរស់នៅផែនដីជាអ្នកដែលត្រូវតែងតាំងជាស្តេចនោះ ព្រះយេស៊ូបានធ្វើអព្ភូតហេតុខ្លះៗដែលបង្ហាញពីអ្វីដែលទ្រង់នឹងធ្វើទូទាំងផែនដីពេលព្រះយេហូវ៉ាបង្គាប់ឲ្យទ្រង់ឡើងសោយរាជ្យ។ ព្រះយេស៊ូបានចម្អែតអ្នកស្រេកឃ្លាន។ ទ្រង់បានប្រោសអ្នកឈឺ ខ្វាក់ ពិការ ថ្លង់និងគឲ្យបានជា។ ព្រះយេស៊ូក៏បានប្រោសមនុស្សស្លាប់ខ្លះឲ្យរស់ឡើងវិញផងដែរ។ (ម៉ាថាយ ១៥:៣០, ៣១; លូកា ៧:១១-១៦; យ៉ូហាន ៦:៥-១៣) ម្យ៉ាងទៀត ពេលរៀនអំពីជីវិតព្រះយេស៊ូនៅលើផែនដីនេះ យើងក៏រៀនអំពីគុណសម្បត្ដិរបស់ទ្រង់ក្នុងនាមជាព្រះអង្គដែលនឹងគ្រប់គ្រងលើផែនដីនៅពេលអនាគត។ គុណសម្បត្ដិចម្បងរបស់ទ្រង់នោះ គឺជាសេចក្ដីស្រឡាញ់ប្ដូរផ្ដាច់។ (ម៉ាកុស ១:៤០-៤៥) អ្នកប្រវត្ដិសាស្ត្រសរសេរថាលោកណាប៉ូឡេអុង ប៉ូណាប៉ាតបានមានប្រសាសន៍អំពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូថា៖ «លោកអាឡិចសង់និងពួកសេសារ ហើយលោកហ្សាឡឺម៉ាញនិងខ្ញុំផង បានបង្កើតចក្រភពផ្សេងៗបាន។ តើយើងបានសម្រេចការដ៏អស្ចារ្យទាំងនេះដោយរបៀបណា? គឺដោយប្រើកម្លាំង! រីឯព្រះយេស៊ូគ្រីស្ទវិញ ទ្រង់តែមួយអង្គប៉ុណ្ណោះបានស្ថាបនាព្រះរាជាណាចក្ររបស់ទ្រង់ដោយសេចក្ដីស្រឡាញ់ ហើយមកទល់សព្វថ្ងៃនេះ មនុស្សរាប់លាននាក់ស៊ូស្លាប់ដើម្បីទ្រង់ដែរ»។
៥. ហេតុអ្វីក៏មនុស្សចូលចិត្តបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូម្ល៉េះ?
៥ ព្រះយេស៊ូមានព្រះទ័យស្លូតហើយសុភាពផង ដូច្នេះអស់អ្នកដែលមានបន្ទុកធ្ងន់សង្កត់លើខ្លួននោះ អាចមានកម្លាំងចិត្តឡើងវិញដោយសារសេចក្ដីបង្រៀននិងបុគ្គលិកលក្ខណៈស្រទន់របស់ទ្រង់។ (ម៉ាថាយ ១១:២៨-៣០) កូនក្មេងមិនខ្លាចនៅជាមួយទ្រង់។ ពួកបុរសដែលមានចិត្តរាបទាបហើយចេះវិភាគក៏បានក្លាយជាសិស្សរបស់ទ្រង់ស្ម័គ្រអស់ពីចិត្ត។ (ម៉ាថាយ ៤:១៨-២២; ម៉ាកុស ១០:១៣-១៦) មនុស្សស្រីជាច្រើនដែលកោតខ្លាចព្រះក៏មានចិត្តស្មោះភក្ដីចំពោះទ្រង់ដោយសារទ្រង់យោគយល់និងលើកកិត្ដិយសពួកគេ។ ស្ត្រីជាច្រើនបានចំណាយពេល កម្លាំងនិងទ្រព្យសម្បត្ដិរបស់ខ្លួនដើម្បីគាំទ្រទ្រង់ក្នុងកំលុងពេលធ្វើកិច្ចបម្រើ។—លូកា ៨:១-៣
៦. ពេលឡាសារស្លាប់ តើព្រះយេស៊ូមានអារម្មណ៍បែបណា?
៦ ព្រះគ្រីស្ទបានបង្ហាញពីជម្រៅព្រះទ័យពេលមិត្តសម្លាញ់ឈ្មោះឡាសារបានស្លាប់។ ពេលទតឃើញចិត្តសង្រេងខ្លាំងរបស់នាងម៉ារានិងម៉ាថានោះ ព្រះយេស៊ូមានព្រះទ័យក្ដួលអាណិតនិងថ្ងូរដោយសោកសៅ ហើយ«ព្រះកន្សែង»ផង។ ព្រះយេស៊ូ«ក្នាញ់ក្នុងព្រះហឫទ័យ»ឬរំជួលចិត្តដោយស្ដាយអាល័យទោះជាទ្រង់មានបំណងប្រោសឡាសារឲ្យរស់ឡើងវិញភ្លាមៗក្ដី។ រួចមក សេចក្ដីស្រឡាញ់និងព្រះទ័យអាណិតអាសូរបានជំរុញព្រះយេស៊ូឲ្យប្រើអំណាចដែលព្រះប្រទានឲ្យទ្រង់នោះ ដើម្បីប្រោសឡាសារឲ្យរស់ឡើងវិញ។—យ៉ូហាន ១១:១១-១៥, ៣៣-៣៥, ៣៨-៤៤
៧. ហេតុអ្វីក៏គួរគប្បីឲ្យយើងមានចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទ? (សូមមើលប្រអប់នៅទំព័រ៣១)
៧ យើងក៏កោតស្ងើចចំពោះសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលព្រះយេស៊ូមានចំពោះអ្វីដែលត្រឹមត្រូវ ហើយសេចក្ដីសម្អប់របស់ទ្រង់ចំពោះការពុតត្បុតនិងអំពើអាក្រក់។ ព្រះយេស៊ូបានបង្ហាញចិត្តអង់អាចហើយចាត់វិធានការពីរដងដោយបណ្ដេញពួកជួញដូរដ៏ល្មោភចេញពីព្រះវិហារ។ (ម៉ាថាយ ២១:១២, ១៣; យ៉ូហាន ២:១៤-១៧) ម្យ៉ាងទៀត ពេលមានព្រះជន្មរស់នៅផែនដី ព្រះយេស៊ូបានជួបប្រទះការអាក្រក់ជាច្រើនដែលជួយទ្រង់ឲ្យយល់ច្បាស់អំពីបញ្ហានិងលំបាកដែលកៀបសង្កត់មនុស្សជាតិ។ (ហេព្រើរ ៥:៧-៩) ព្រះយេស៊ូក៏បានរងទុក្ខយ៉ាងអយុត្ដិធម៌និងបានត្រូវគេស្អប់ផងដែរ។ (យ៉ូហាន ៥:១៥-១៨; ១១:៥៣, ៥៤; ១៨:៣៨–១៩:១៦) នៅទីបំផុត ព្រះយេស៊ូមានព្រះទ័យក្លាហានពេលសោយទិវង្គតដោយរបៀបសាហាវៗ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ និងប្រទានជីវិតជារៀងរហូតដល់រាស្ត្រទ្រង់។ (យ៉ូហាន ៣:១៦) គុណសម្បត្ដិទាំងនេះរបស់ព្រះគ្រីស្ទពិតជាជំរុញចិត្តអ្នកឲ្យបន្តបម្រើទ្រង់ដោយចិត្តស្មោះភក្ដី មែនទេ? (ហេព្រើរ ១៣:៨; វិវរណៈ ៥:៦-១០) ប៉ុន្តែ តើមានសេចក្ដីតម្រូវអ្វីដើម្បីធ្វើជារាស្ត្ររបស់ព្រះគ្រីស្ទ?
សេចក្ដីតម្រូវដើម្បីធ្វើជារាស្ត្ររបស់ព្រះគ្រីស្ទ
៨. តើមានសេចក្ដីតម្រូវអ្វីដើម្បីធ្វើជារាស្ត្ររបស់ព្រះគ្រីស្ទ?
៨ សូមគិតទៅមើល បើយើងចង់ក្លាយជាប្រជាពលរដ្ឋម្នាក់នៅប្រទេសផ្សេងនោះ យើងត្រូវបំពេញតាមសេចក្ដីតម្រូវខ្លះៗជាមុនសិន។ ប្រហែលជាមានសេចក្ដីតម្រូវឲ្យមានកេរ្ដិ៍ឈ្មោះនិងសុខភាពល្អ។ ស្រដៀងគ្នាដែរ រាស្ត្ររបស់ព្រះគ្រីស្ទត្រូវមានសីលធម៌ល្អហើយសុខុមាលភាពល្អខាងវិញ្ញាណ។—កូរិនថូសទី១ ៦:៩-១១; កាឡាទី ៥:១៩-២៣
៩. តើយើងអាចបង្ហាញចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទដោយរបៀបណាខ្លះ?
៩ ព្រះយេស៊ូគ្រីស្ទក៏មានសិទ្ធិតម្រូវឲ្យរាស្ត្រទ្រង់មានចិត្តស្មោះភក្ដីចំពោះទ្រង់និងព្រះរាជាណាចក្ររបស់ទ្រង់។ រាស្ត្រទាំងនោះបង្ហាញចិត្តស្មោះភក្ដីដោយរស់សមស្របទៅតាមអ្វីដែលព្រះយេស៊ូបានបង្រៀនពេលទ្រង់មានព្រះជន្មរស់នៅផែនដីជាអ្នកដែលបានតែងតាំងជាស្តេច។ ជាឧទាហរណ៍ រាស្ត្ររបស់ព្រះគ្រីស្ទចាត់ទុកព្រះរាជាណាចក្ររបស់ព្រះនិងបំណងព្រះហឫទ័យរបស់ទ្រង់ជាអ្វីដែលសំខាន់ជាងការដេញតាមវត្ថុទ្រព្យ។ (ម៉ាថាយ ៦:៣១-៣៤) រាស្ត្ររបស់ព្រះគ្រីស្ទក៏ខំបណ្ដុះឲ្យមានលក្ខណៈដូចទ្រង់ សូម្បីតែក្រោមកាលៈទេសៈដ៏ពិបាកបំផុតក្ដី។ (ពេត្រុសទី១ ២:២១-២៣) ម្យ៉ាងទៀត រាស្ត្ររបស់ព្រះគ្រីស្ទធ្វើតាមគំរូរបស់ទ្រង់ដោយខិតខំធ្វើល្អដល់មនុស្សដទៃ។—ម៉ាថាយ ៧:១២; យ៉ូហាន ១៣:៣-១៧
១០. តើយើងអាចបង្ហាញចិត្តស្មោះភក្ដីបានយ៉ាងណា (ក) ក្នុងរង្វង់គ្រួសារ? (ខ) ក្នុងក្រុមជំនុំ?
១០ ពួកអ្នកកាន់តាមព្រះយេស៊ូក៏អាចបង្ហាញចិត្តស្មោះភក្ដីចំពោះទ្រង់ដោយបង្ហាញលក្ខណៈនិងគុណសម្បត្ដិដូចទ្រង់ក្នុងរង្វង់គ្រួសារដែរ។ ជាឧទាហរណ៍ ស្វាមីទាំងឡាយបង្ហាញចិត្តស្មោះភក្ដីចំពោះស្តេចនៅស្ថានសួគ៌ដោយមានលក្ខណៈដូចព្រះគ្រីស្ទស្តីអំពីរបៀបប្រព្រឹត្តលើភរិយានិងបុត្រធីតា។ (អេភេសូរ ៥:២៥, ២៨-៣០; ៦:៤; ពេត្រុសទី១ ៣:៧) ភរិយាទាំងឡាយក៏បង្ហាញចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទដោយមានកិរិយាបរិសុទ្ធនិងបង្ហាញ«វិញ្ញាណ[ឬ«ចិត្ត»]សំឡូតហើយរម្យទម»។ (ពេត្រុសទី១ ៣:១-៤; ខ.ស.; អេភេសូរ ៥:២២-២៤) បុត្រធីតាក៏បង្ហាញចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទពេលធ្វើតាមគំរូទ្រង់ដោយស្ដាប់បង្គាប់មាតាបិតា។ ពេលព្រះយេស៊ូមានព្រះជន្មាយុតិច ទ្រង់បានធ្វើតាមឱវាទឬចុះចូលចំពោះមាតាបិតាទ្រង់ទោះបីពួកគាត់ជាមនុស្សមិនគ្រប់លក្ខណ៍ក៏ដោយ។ (លូកា ២:៥១, ៥២; អេភេសូរ ៦:១) រាស្ត្ររបស់ព្រះគ្រីស្ទបង្ហាញចិត្តស្មោះភក្ដីដោយព្យាយាមយកតម្រាប់តាមទ្រង់ដោយ«មានចិត្តអាណិតអាសូរហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្ដោស»ផង។ ពួកគេខំបង្ហាញលក្ខណៈដូចព្រះគ្រីស្ទដោយមានចិត្ត«សុភាព [ទាំង]ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬ[ពោល]ពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ»។—ពេត្រុសទី១ ៣:៨, ៩; កូរិនថូសទី១ ១១:១
រាស្ត្ររបស់ព្រះគ្រីស្ទធ្វើតាមក្រឹត្យវិន័យទ្រង់
១១. តើរាស្ត្ររបស់ព្រះគ្រីស្ទធ្វើតាមក្រឹត្យវិន័យអ្វីខ្លះ?
១១ ពេលក្លាយជាប្រជាពលរដ្ឋនៅប្រទេសណាមួយ អ្នកត្រូវធ្វើតាមច្បាប់របស់ប្រទេសនោះ។ ដូចគ្នាដែរ រាស្ត្ររបស់ព្រះគ្រីស្ទក៏ធ្វើតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ដោយមានរបៀបរស់នៅស្របទៅតាមសេចក្ដីបង្រៀននិងសេចក្ដីបង្គាប់ទាំងឡាយរបស់ព្រះយេស៊ូ។ (កាឡាទី ៦:២) ជាពិសេស ពួកគេមានចិត្តស្មោះភក្ដីដោយរស់ស្របទៅតាម«ក្រិត្យវិន័យដ៏ប្រសើរ»ដែលបង្គាប់ឲ្យបង្ហាញសេចក្ដីស្រឡាញ់។ (យ៉ាកុប ២:៨) តើក្រឹត្យវិន័យរបស់ព្រះគ្រីស្ទរួមបញ្ចូលអ្វីខ្លះ?
១២, ១៣. តើយើងធ្វើតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»យ៉ាងស្មោះភក្ដីដោយរបៀបណាខ្លះ?
១២ រាស្ត្ររបស់ព្រះគ្រីស្ទមានភាពមិនគ្រប់លក្ខណ៍ហើយក៏ចេះធ្វើខុសដែរ។ (រ៉ូម ៣:២៣) អាស្រ័យហេតុនេះបានជាពួកគេត្រូវខំបណ្ដុះឲ្យមាន‹សេចក្ដីស្រឡាញ់ឥតពុតមាយាចំពោះគ្នាជាបងប្អូន› ដើម្បី«ស្រឡាញ់គ្នាទៅវិញទៅមក . . . យ៉ាងខ្លាំងដោយចិត្តដ៏ស្អាត»។ (ពេត្រុសទី១ ១:២២) «បើអ្នកណាមានហេតុទាស់នឹងអ្នកណា» បណ្ដាគ្រីស្ទានធ្វើតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទដោយ«ទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក»។ ការធ្វើតាមក្រឹត្យវិន័យនេះតែងជួយពួកគេបំភ្លេចកំហុសរបស់អ្នកដទៃ និងរកហេតុបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ពេលបងប្អូនបំពាក់សេចក្ដីស្រឡាញ់«ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍» ហើយចុះចូលដោយចិត្តស្មោះភក្ដីចំពោះស្តេចដែលពេញទៅដោយសេចក្ដីស្រឡាញ់នោះ អ្នកក៏ចូលចិត្តមានទំនាក់ទំនងជាមួយនឹងពួកគេដែរ មែនទេ?—កូល៉ុស ៣:១៣, ១៤
១៣ ម្យ៉ាងទៀត ព្រះយេស៊ូបានពន្យល់ថា សេចក្ដីស្រឡាញ់ដែលទ្រង់បង្ហាញនោះ មិនមែនជាសេចក្ដីស្រឡាញ់ធម្មតាដែលមនុស្សមានចំពោះគ្នាទៅវិញទៅមកទេ។ (យ៉ូហាន ១៣:៣៤, ៣៥) បើយើងស្រឡាញ់តែមនុស្សដែលស្រឡាញ់យើង នេះមិនមែនជាការ«អ្វីប្លែកពីគេ»ទេ។ បើដូច្នេះ សេចក្ដីស្រឡាញ់របស់យើងមិនពេញលក្ខណៈឡើយ។ ព្រះយេស៊ូបានដាស់តឿនយើងឲ្យយកតម្រាប់តាមព្រះវរបិតារបស់ទ្រង់ដោយបង្ហាញសេចក្ដីស្រឡាញ់ដល់សត្រូវផងដែលស្អប់និងធ្វើទុក្ខបៀតបៀនដល់យើង។ (ម៉ាថាយ ៥:៤៦-៤៨) សេចក្ដីស្រឡាញ់នេះក៏ជំរុញរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះឲ្យស៊ូទ្រាំដោយចិត្តស្មោះភក្ដីក្នុងកិច្ចការសំខាន់ចម្បងដែលទ្រង់ឲ្យគេធ្វើ។ តើទ្រង់ឲ្យគេធ្វើការអ្វី?
ការល្បងលចិត្តស្មោះភក្ដីនៃរាស្ត្ររបស់ព្រះគ្រីស្ទ
១៤. ហេតុអ្វីការផ្សព្វផ្សាយជាកិច្ចការសំខាន់ម្ល៉េះ?
១៤ សព្វថ្ងៃនេះរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះត្រូវធ្វើកិច្ចការដ៏សំខាន់ដោយ«ធ្វើបន្ទាល់សព្វគ្រប់ . . . ពីនគរព្រះ»។ (កិច្ចការ ២៨:២៣) នេះជាកិច្ចការសំខាន់ម្ល៉េះពីព្រោះព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនឹងបង្ហាញឲ្យដឹងថា ព្រះយេហូវ៉ាសមជាអធិបតីសកលលោកមែន។ (កូរិនថូសទី១ ១៥:២៤-២៨) ពេលយើងផ្សព្វផ្សាយដំណឹងល្អ ពួកអ្នកដែលស្ដាប់នោះមានឱកាសក្លាយជារាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ។ ម្យ៉ាងទៀត អារម្មណ៍របស់មនុស្សចំពោះសារដែលយើងផ្សាយជាខ្នាតតម្រាដែលព្រះគ្រីស្ទជាស្តេចអាចប្រើដើម្បីជំនុំជំរះមនុស្សជាតិ។ (ម៉ាថាយ ២៤:១៤; ថែស្សាឡូនីចទី២ ១:៦-១០) អាស្រ័យហេតុនេះ របៀបសំខាន់មួយដែលយើងបង្ហាញចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទ គឺដោយធ្វើតាមបង្គាប់របស់ទ្រង់ដែលឲ្យយើងប្រាប់មនុស្សដទៃអំពីព្រះរាជាណាចក្ររបស់ទ្រង់។—ម៉ាថាយ ២៨:១៨-២០
១៥. ហេតុអ្វីក៏មានការល្បងលចិត្តស្មោះភក្ដីរបស់ពួកគ្រីស្ទាន?
១៥ ពិតមែនហើយ សាតាំងតែងតែទប់ទល់នឹងកិច្ចការផ្សព្វផ្សាយដោយរបៀបផ្សេងៗ ហើយមនុស្សដែលកាន់អំណាចក្នុងលោកិយនេះក៏មិនទទួលស្គាល់អំណាចសោយរាជ្យរបស់ព្រះគ្រីស្ទដែលព្រះយេហូវ៉ាប្រទានឲ្យទ្រង់។ (ទំនុកដំកើង ២:១-៣, ៦-៨) ហេតុនេះហើយបានជាព្រះយេស៊ូបានព្រមានសិស្សទ្រង់ថា៖ «បាវមិនមែនធំជាងចៅហ្វាយទេ។ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា»ដែរ។ (យ៉ូហាន ១៥:២០) ដូច្នេះ ពួកអ្នកកាន់តាមព្រះគ្រីស្ទកំពុងចូលរួមការតយុទ្ធខាងវិញ្ញាណដែលល្បងលចិត្តស្មោះភក្ដីរបស់ពួកគេ។—កូរិនថូសទី២ ១០:៣-៥; អេភេសូរ ៦:១០-១២
១៦. តើរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ‹ថ្វាយរបស់ព្រះទៅព្រះ›ដោយរបៀបណា?
១៦ យ៉ាងណាក្ដី រាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះស្តេចដ៏មើលមិនឃើញរបស់គេ តែមិនឈប់បង្ហាញការគោរពចំពោះមនុស្សដែលកាន់អំណាចទេ។ (ទីតុស ៣:១, ២) ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។ (ម៉ាកុស ១២:១៣-១៧) ហេតុនេះហើយបានជារាស្ត្ររបស់ព្រះគ្រីស្ទធ្វើតាមច្បាប់រដ្ឋដែលមិនប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះ។ (រ៉ូម ១៣:១-៧) ក៏ប៉ុន្តែ ពេលដែលតុលាការជាន់ខ្ពស់របស់សាសន៍យូដាបានប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះដោយហាមផ្ដាច់មិនឲ្យសិស្សរបស់ព្រះយេស៊ូផ្សព្វផ្សាយទៀត នោះពួកគាត់បានឆ្លើយយ៉ាងម៉ឺងម៉ាត់តែដោយបង្ហាញការគោរពថា ពួកគាត់«ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ១:៨; ៥:២៧-៣២
១៧. ពេលចិត្តស្មោះភក្ដីត្រូវល្បងលនោះ ហេតុអ្វីក៏យើងអាចមានចិត្តក្លាហានបាន?
១៧ ពេលទទួលទុក្ខបៀតបៀន រាស្ត្ររបស់ព្រះគ្រីស្ទត្រូវតែមានចិត្តក្លាហានដើម្បីរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះស្តេចរបស់ពួកគេ។ យ៉ាងណាក្ដី ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នករាល់គ្នាមានពរក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរមានចិត្តអំណរហើយរីករាយជាខ្លាំងចុះ! ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌»។ (ម៉ាថាយ ៥:១១, ១២) បទពិសោធន៍នៃពួកអ្នកកាន់តាមព្រះគ្រីស្ទនៅសម័យដើមបង្ហាញពីសច្ចភាពនៃបន្ទូលនោះមែន។ សូម្បីតែពេលបានត្រូវវាយដោយសារបានបន្តផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះនោះ សិស្សរបស់ព្រះយេស៊ូមានអំណរ«ពីព្រោះព្រះបានរាប់[ពួកគេ]ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀលដោយព្រោះព្រះនាមទ្រង់ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ (កិច្ចការ ៥:៤១, ៤២) អ្នកក៏គួរសរសើរដែរ ពេលស៊ូទ្រាំដោយស្មោះភក្ដីនូវទុក្ខបៀតបៀន ការប្រឆាំង ជំងឺរ៉ាំរ៉ៃឬគ្រាសោកសង្រេង។—រ៉ូម ៥:៣-៥; ហេព្រើរ ១៣:៦
១៨. តើបន្ទូលរបស់ព្រះយេស៊ូទៅកាន់លោកប៉ុនទាស ពីឡាត់បង្កប់អត្ថន័យអ្វី?
១៨ ពេលព្រះយេស៊ូមានព្រះជន្មរស់នៅផែនដីជាអ្នកដែលត្រូវតែងតាំងជាស្តេចនោះ ទ្រង់បានមានបន្ទូលទៅកាន់បុរសជនជាតិរ៉ូមឈ្មោះប៉ុនទាស ពីឡាត់ដែលជាអភិបាលស្រុកយូដាថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ។ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំគេនឹងបានតយុទ្ធហើយដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះនគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ»។ (យ៉ូហាន ១៨:៣៦) ហេតុនេះហើយបានជារាស្ត្រនៃព្រះរាជាណាចក្រដែលស្ថិតនៅស្ថានសួគ៌មិនកាន់អាវុធឬកាន់ជើងក្នុងរឿងក្ដីរបស់លោកិយនេះ។ ពួកគេរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះ«ម្ចាស់នៃមេត្រីភាព»ដោយមានជំហរអព្យាក្រឹតទាំងស្រុងក្នុងរឿងរ៉ាវរបស់លោកិយ។—អេសាយ ២:២-៤; ៩:៦, ៧
រង្វាន់ដែលស្ថិតស្ថេរសម្រាប់រាស្ត្រស្មោះភក្ដី
១៩. ហេតុអ្វីក៏រាស្ត្ររបស់ព្រះគ្រីស្ទរង់ចាំព្រឹត្ដិការណ៍នាអនាគតដោយមានទំនុកចិត្ត?
១៩ រាស្ត្រស្មោះភក្ដីរបស់ព្រះគ្រីស្ទដែលជា«ស្តេចលើអស់ទាំងស្តេច»មានទំនុកចិត្តទៅលើទ្រង់ពេលរង់ចាំព្រឹត្ដិការណ៍នាអនាគត។ ពួកគេរង់ចាំដោយរីករាយនូវគ្រាឆាប់ៗខាងមុខនេះ ដែលមនុស្សនឹងឃើញព្រះចេស្ដារបស់ព្រះគ្រីស្ទជាស្តេចនៅលើផែនដី។ (វិវរណៈ ១៩:១១–២០:៣; ម៉ាថាយ ២៤:៣០) «មនុស្សរបស់នគរស្ថានសួគ៌»ជាពួកអ្នកតែងតាំងដោយវិញ្ញាណរបស់ព្រះ ហើយជនសំណល់របស់ពួកគាត់ដែលមានចិត្តស្មោះភក្ដីនោះ កំពុងតែរង់ចាំទទួលមត៌កដ៏វិសេសឲ្យក្លាយជាស្តេចជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌។ (ម៉ាថាយ ១៣:៣៨; លូកា ១២:៣២) «ចៀមឯទៀត»ដែលមានចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទក៏រង់ចាំពេលដែលស្តេចរបស់ពួកគេប្រកាសប្រាប់ថា៖ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលមរដក[ក្នុងសួនមនោរម្យនៅលើផែនដី]ចុះ! គឺជា [ផ្នែកមួយនៃ]នគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នាតាំងពីកំណើតលោកីយមក»។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៤) យ៉ាងនេះ ចូរឲ្យរាស្ត្រទាំងឡាយនៃព្រះរាជាណាចក្ររបស់ព្រះប្ដេជ្ញាមានចិត្តស្មោះភក្ដីក្នុងការបម្រើព្រះគ្រីស្ទដែលជាស្តេចយើង។
[កំណត់សម្គាល់]
a សូមមើលសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ទំព័រ៩៥-៩៦ វគ្គ១៤-១៧ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីក៏គួរគប្បីឲ្យយើងមានចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទ?
• តើរាស្ត្ររបស់ព្រះគ្រីស្ទបង្ហាញចិត្តស្មោះភក្ដីចំពោះទ្រង់ដោយរបៀបណាខ្លះ?
• ហេតុអ្វីក៏យើងចង់រក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះគ្រីស្ទជាស្តេចយើង?
[ប្រអប់នៅទំព័រ៣១]
គុណសម្បត្ដិឯទៀតដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ
ឥតរើសមុខ—យ៉ូហាន ៤:៧-៣០
ព្រះទ័យអាណិតអាសូរ—ម៉ាថាយ ៩:៣៥-៣៨; ១២:១៨-២១; ម៉ាកុស ៦:៣០-៣៤
សេចក្ដីស្រឡាញ់ប្ដូរផ្ដាច់—យ៉ូហាន ១៣:១; ១៥:១២-១៥
ព្រះទ័យស្មោះភក្ដី—ម៉ាថាយ ៤:១-១១; ២៨:២០; ម៉ាកុស ១១:១៥-១៨
យល់អារម្មណ៍អ្នកដទៃ—ម៉ាកុស ៧:៣២-៣៥; លូកា ៧:១១-១៥; ហេព្រើរ ៤:១៥,១៦
ចេះយោគយល់—ម៉ាថាយ ១៥:២១-២៨
[រូបភាពនៅទំព័រ៣១]
តើគុណសម្បត្ដិរបស់ព្រះគ្រីស្ទជំរុញអ្នកឲ្យបម្រើទ្រង់ដោយចិត្តស្មោះភក្ដីឬទេ?
[រូបភាពនៅទំព័រ២៩]
យើងបង្ហាញចិត្តស្មោះភក្ដីពេលធ្វើតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»ដោយបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក