ជំនឿ ជាគុណសម្បត្ដិមួយដែលជួយពង្រឹងកម្លាំងយើង
ជំនឿជួយយើងឲ្យមានកម្លាំងខ្លាំងក្លា។ ជាឧទាហរណ៍ ទោះជាសាថានចង់បំផ្លាញចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាក្ដី ជំនឿអាចជួយយើងឲ្យ«ពន្លត់អស់ទាំងព្រួញឆេះរបស់មេកំណាច»។ (អេភ. ៦:១៦) បើយើងមានជំនឿ យើងអាចស៊ូទ្រាំនឹងបញ្ហាដែលប្រៀបដូចជាភ្នំ។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «ប្រសិនបើអ្នកមានជំនឿប៉ុនគ្រាប់មូស្ដាត នោះអ្នកនឹងនិយាយទៅភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះ ទៅកន្លែងផ្សេង› នោះវានឹងរើទៅមែន»។ (ម៉ាថ. ១៧:២០) ដោយសារយើងដឹងថាជំនឿអាចធ្វើឲ្យចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ារឹងមាំ យើងគួរគិតអំពីសំណួរដូចតទៅនេះ៖ តើជំនឿគឺជាអ្វី? តើចិត្តគំនិតរបស់យើងមានឥទ្ធិពលយ៉ាងណាលើជំនឿរបស់យើង? តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? តើយើងគួរបង្ហាញជំនឿលើអ្នកណា?—រ៉ូម ៤:៣
តើជំនឿគឺជាអ្វី?
ជំនឿមិនគ្រាន់តែជាការជឿលើអ្វីៗដែលគម្ពីរចែងប៉ុណ្ណោះទេ ព្រោះសូម្បីតែ«ពួកវិញ្ញាណកំណាច ក៏ជឿ[ថាមានព្រះ]ហើយញ័ររន្ធត់»។ (យ៉ា. ២:១៩) ដូច្នេះ តើជំនឿគឺជាអ្វី?
គម្ពីរពន្យល់អត្ថន័យពីរយ៉ាងនៃជំនឿ។ ទី១ «ជំនឿគឺជាការទុកចិត្តដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម»។ (ហេ. ១១:១ក) បើអ្នកមានជំនឿ អ្នកនឹងជឿជាក់យ៉ាងមុតមាំថាអ្វីៗដែលព្រះយេហូវ៉ាមានប្រសាសន៍គឺពិត ហើយនឹងបានសម្រេច។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «បើសិនជាឯងរាល់គ្នាអាចនឹងផ្ដាច់សេចក្ដីសញ្ញារបស់អញ ពីដំណើរថ្ងៃនឹងយប់ ដើម្បីមិនឲ្យមានថ្ងៃឬយប់តាមធម្មតាបាន នោះសេចក្ដីសញ្ញាដែលអញបានតាំងនឹងដាវីឌជាអ្នកបំរើអញក៏នឹងផ្ដាច់ទៅបានដែរ»។ (យេ. ៣៣:២០, ២១) តើអ្នកធ្លាប់ភ័យខ្លាចថាព្រះអាទិត្យនឹងឈប់រះឬឈប់លិច ហើយថានេះនឹងបណ្ដាលឲ្យលែងមានថ្ងៃឬយប់ទៀតឬទេ? បើអ្នកពិតជាជឿជាក់លើច្បាប់ធម្មជាតិដែលបណ្ដាលឲ្យមានថ្ងៃនិងយប់ ហើយការធ្វើដំណើររបស់ផែនដីជុំវិញព្រះអាទិត្យ តើអ្នកគួរសង្ស័យថាអ្នកបង្កើតច្បាប់ទាំងនេះមិនអាចសម្រេចសេចក្ដីសន្យារបស់លោកឬទេ? ច្បាស់ជាមិនគួរសង្ស័យទេ!—អេ. ៥៥:១០, ១១; ម៉ាថ. ៥:១៨
ទី២ ជំនឿគឺជា«ការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។ (ហេ. ១១:១ខ) តើយើងអាចលើកឧទាហរណ៍អ្វីអំពីរឿងនេះ? ឧបមាថាកូនក្មេងសួរអ្នកថា ‹ម៉េចបងដឹងថាមានខ្យល់?›។ ទោះជាអ្នកមិនដែលឃើញខ្យល់ក៏ដោយ អ្នកអាចនិយាយជាមួយក្មេងនោះអំពីអ្វីៗដែលបង្ហាញថាមានខ្យល់ ដូចជាការដកដង្ហើម និងអ្វីៗដែលខ្យល់បក់ផាត់ជាដើម។ ពេលក្មេងនោះឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ នោះគាត់ទទួលស្គាល់ថាអ្វីដែលគាត់មើលមិនឃើញគឺពិតជាមានមែន។ ស្រដៀងគ្នាដែរ ជំនឿមានមូលដ្ឋានលើភ័ស្តុតាងច្បាស់លាស់។—រ៉ូម ១:២០
ចិត្តគំនិតត្រឹមត្រូវគឺសំខាន់ចាំបាច់
ដោយសារជំនឿមានមូលដ្ឋានលើភ័ស្តុតាង មុនដែលបុគ្គលម្នាក់អាចមានជំនឿ គាត់ត្រូវមាន«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៤) ប៉ុន្តែនេះគឺមិនគ្រប់គ្រាន់ឡើយ។ សាវ័កប៉ូលបានសរសេរថាយើងត្រូវ«មានចិត្តជឿ»។ (រ៉ូម ១០:១០) បុគ្គលម្នាក់មិនគ្រាន់តែត្រូវជឿសេចក្ដីពិតប៉ុណ្ណោះទេ តែគាត់ក៏ត្រូវឲ្យតម្លៃចំពោះសេចក្ដីពិតដែរ។ នោះនឹងជំរុញចិត្តគាត់ឲ្យបង្ហាញជំនឿ ពោលគឺមានរបៀបរស់នៅដែលព្រះពេញចិត្ត។ (យ៉ា. ២:២០) បុគ្គលម្នាក់ដែលមិនឲ្យតម្លៃចំពោះសេចក្ដីពិតប្រហែលជាមិនទទួលយកភ័ស្តុតាងជាក់លាក់ ដោយសារគាត់មិនចង់ផ្លាស់ប្ដូរគំនិតរបស់គាត់ ឬថែមទាំងរកលេសដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយរបស់គាត់។ (២ពេ. ៣:៣, ៤; យូ. ១៨) ហេតុនេះហើយនៅសម័យគម្ពីរ មិនមែនមនុស្សទាំងអស់ដែលបានឃើញអព្ភូតហេតុ ដែលបានបណ្ដុះឲ្យមានជំនឿនោះទេ។ (ជន. ១៤:១១; យ៉ូន. ១២:៣៧) សកម្មពលបរិសុទ្ធរបស់ព្រះអាចជួយបុគ្គលណាម្នាក់ឲ្យមានជំនឿ លុះត្រាតែអ្នកនោះពិតជាស្រឡាញ់សេចក្ដីពិត។—កាឡ. ៥:២២; ២ថែ. ២:១០, ១១
របៀបដែលដាវីឌធ្វើឲ្យជំនឿរបស់គាត់រឹងមាំ
ស្តេចដាវីឌជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នកដែលមានជំនឿរឹងមាំ។ (ហេ. ១១:៣២, ៣៣) ទោះជាយ៉ាងនោះក៏ដោយ មិនមែនសមាជិកទាំងអស់ក្នុងក្រុមគ្រួសាររបស់ដាវីឌមានជំនឿដូចគាត់ទេ។ ជាឧទាហរណ៍ នៅពេលមួយ អេលាបដែលជាបងប្រុសច្បងរបស់ដាវីឌ បានបង្ហាញថាគាត់ខ្វះជំនឿពេលដែលគាត់ស្តីបន្ទោសដាវីឌ ដោយសារដាវីឌចង់ដឹងចង់ឮអំពីពាក្យរបស់កូលីយ៉ាត។ (១សាំ. ១៧:២៦-២៨) គ្មានអ្នកណាម្នាក់កើតមកមានជំនឿស្រាប់នោះទេ ហើយក៏គ្មានអ្នកណាម្នាក់ទទួលជំនឿដោយស្វ័យប្រវត្ដិពីឪពុកម្ដាយដែរ ដូច្នេះជំនឿរបស់ដាវីឌគឺអាស្រ័យលើចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះ។
នៅទំនុកតម្កើង ២៧ ដាវីឌរៀបរាប់អំពីរបៀបដែលគាត់មានជំនឿរឹងមាំបែបនោះ។ (ខ១) ដាវីឌបានរំពឹងគិតអំពីបទពិសោធន៍របស់គាត់នៅអតីតកាល និងអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះសត្រូវរបស់គាត់។ (ខ២, ៣) គាត់ពិតជាឲ្យតម្លៃចំពោះការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍។ (ខ៤) ដាវីឌបានគោរពប្រណិប័តន៍ព្រះជាមួយនឹងអ្នកជឿគ្នីគ្នានៅឯត្រសាល។ (ខ៦) គាត់បានស្វែងរកព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តតាមរយៈសេចក្ដីអធិដ្ឋាន។ (ខ៧, ៨) ដាវីឌក៏ចង់ទទួលការណែនាំអំពីផ្លូវរបស់ព្រះដែរ។ (ខ១១) ជំនឿគឺសំខាន់ណាស់ចំពោះដាវីឌ រហូតដល់គាត់សួរថា៖ «បើសិនជាទូលបង្គំមិនបានជឿ . . . តើយ៉ាងណាទៅ?»។—ខ១៣
របៀបពង្រឹងជំនឿរបស់អ្នក
អ្នកអាចមានជំនឿដូចដាវីឌ បើអ្នកមានចិត្តគំនិតនិងទម្លាប់ដូចដែលបានត្រូវរៀបរាប់នៅទំនុកតម្កើង ២៧។ ដោយសារជំនឿមានមូលដ្ឋានលើចំណេះត្រឹមត្រូវ ពេលដែលអ្នកកាន់តែសិក្សាបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ នោះស្រួលជាងឲ្យអ្នកមានជំនឿ ដែលជាគុណសម្បត្ដិមួយនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។ (ទំនុក. ១:២, ៣) សូមលៃទុកពេលដើម្បីរំពឹងគិតពេលដែលអ្នកសិក្សា។ បើយើងរំពឹងគិតអំពីអ្វីដែលយើងសិក្សា យើងនឹងមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះព្រះយេហូវ៉ា។ កាលដែលអ្នកកាន់តែមានចិត្តកតញ្ញូចំពោះព្រះ អ្នកនឹងកាន់តែបង្ហាញជំនឿរបស់អ្នក ដោយគោរពប្រណិប័តន៍លោកនៅឯកិច្ចប្រជុំ និងដោយផ្សព្វផ្សាយដល់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមរបស់អ្នក។ (ហេ. ១០:២៣-២៥) ម្យ៉ាងទៀត យើងបង្ហាញថាយើងមានជំនឿ ពេលដែលយើងបន្ត«អធិដ្ឋានជានិច្ច ហើយមិនរសាយចិត្ត»។ (លូក. ១៨:១-៨) ដូច្នេះ «ចូរអធិដ្ឋានឥតឈប់»ទៅព្រះយេហូវ៉ា ដោយមានទំនុកចិត្តថា‹លោករមែងគិតអំពីអ្នក›។ (១ថែ. ៥:១៧; ១ពេ. ៥:៧) ជំនឿនាំឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវ ហើយពេលដែលយើងធ្វើអ្វីដែលត្រឹមត្រូវ នោះជំនឿរបស់យើងកាន់តែរឹងមាំ។—យ៉ា. ២:២២
ចូរបង្ហាញជំនឿលើលោកយេស៊ូ
នៅល្ងាចមុនលោកយេស៊ូបានស្លាប់ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរបង្ហាញជំនឿលើព្រះ ហើយបង្ហាញជំនឿលើខ្ញុំដែរ»។ (យ៉ូន. ១៤:១) ដូច្នេះ យើងមិនគ្រាន់តែត្រូវបង្ហាញជំនឿលើព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏ត្រូវបង្ហាញជំនឿលើលោកយេស៊ូដែរ។ តើយើងអាចបង្ហាញជំនឿលើលោកយេស៊ូតាមរបៀបណា? សូមយើងពិចារណារបៀបបីយ៉ាង។
ទី១ចូរចាត់ទុកថាថ្លៃលោះជាអំណោយដែលព្រះបានផ្ដល់ឲ្យអ្នកផ្ទាល់។ សាវ័កប៉ូលបាននិយាយថា៖ «ខ្ញុំរស់នៅដោយជំនឿលើបុត្រព្រះ ដែលលោកបានស្រឡាញ់ខ្ញុំ ហើយបានប្រគល់ខ្លួនដើម្បីខ្ញុំ»។ (កាឡ. ២:២០) ពេលអ្នកបង្ហាញជំនឿលើលោកយេស៊ូ អ្នកជឿជាក់យ៉ាងមុតមាំថាថ្លៃលោះគឺសម្រាប់អ្នកផ្ទាល់ ហើយថាព្រះនឹងអភ័យទោសចំពោះការខុសឆ្គងរបស់អ្នកដោយមានមូលដ្ឋានលើថ្លៃលោះ។ អ្នកក៏ជឿដែរថាថ្លៃលោះផ្ដល់ឲ្យអ្នកនូវសេចក្ដីសង្ឃឹមរស់ជារៀងរហូត ព្រមទាំងជាភ័ស្តុតាងដ៏អស្ចារ្យបំផុតដែលបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក។ (រ៉ូម ៨:៣២, ៣៨, ៣៩; អេភ. ១:៧) អ្វីទាំងនេះនឹងជួយពង្រឹងជំនឿរបស់អ្នក ហើយជួយអ្នកឲ្យជៀសវាងពីការមានទស្សនៈមិនត្រឹមត្រូវចំពោះខ្លួនឯង។—២ថែ. ២:១៦, ១៧
ទី២ចូរចូលទៅជិតព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋានដោយផ្អែកលើគ្រឿងបូជារបស់លោកយេស៊ូ។ ដោយសារថ្លៃលោះ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាទាំង‹និយាយដោយក្លាហាន ដើម្បីយើងអាចទទួលសេចក្ដីមេត្ដាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ›។ (ហេ. ៤:១៥, ១៦; ១០:១៩-២២) សេចក្ដីអធិដ្ឋានជួយយើងឲ្យតាំងចិត្តកាន់តែខ្លាំងដើម្បីមិនចុះចាញ់នឹងសេចក្ដីល្បួងដែលនាំឲ្យប្រព្រឹត្តអំពើខុសឆ្គង។—លូក. ២២:៤០
ទី៣ចូរស្ដាប់បង្គាប់លោកយេស៊ូ។ សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់ រីឯអ្នកណាដែលមិនស្ដាប់បង្គាប់បុត្ររបស់លោក អ្នកនោះនឹងមិនទទួលជីវិតឡើយ តែកំហឹងរបស់ព្រះនៅជាប់នឹងអ្នកនោះ»។ (យ៉ូន. ៣:៣៦) សូមកត់សម្គាល់ថាយ៉ូហានបានបញ្ជាក់ថាការបង្ហាញជំនឿគឺផ្ទុយពីការមិនស្ដាប់បង្គាប់។ ដូច្នេះ អ្នកបង្ហាញជំនឿលើលោកយេស៊ូ ពេលអ្នកស្ដាប់បង្គាប់លោក។ អ្នកស្ដាប់បង្គាប់លោកយេស៊ូដោយធ្វើតាម«ច្បាប់គ្រិស្ត» ពោលគឺអ្វីៗទាំងអស់ដែលលោកបានបង្រៀននិងបានបង្គាប់។ (កាឡ. ៦:២) អ្នកក៏ស្ដាប់បង្គាប់លោកយេស៊ូដោយធ្វើតាមការណែនាំដែលលោកផ្ដល់ឲ្យតាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥) ដោយស្ដាប់បង្គាប់លោកយេស៊ូ អ្នកនឹងមានកម្លាំងដើម្បីស៊ូទ្រាំនឹងបញ្ហាផ្សេងៗដែលប្រៀបដូចជាខ្យល់ព្យុះ។—ម៉ាថ. ៧:២៤, ២៥
ចូរ«ធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក»
នៅពេលមួយ ពេលបុរសម្នាក់និយាយជាមួយនឹងលោកយេស៊ូ គាត់បានស្រែកឡើងថា៖ «ខ្ញុំមានជំនឿ! សុំជួយពង្រឹងជំនឿរបស់ខ្ញុំផង!»។ (ម៉ាក. ៩:២៤) បុរសនោះមានជំនឿមួយកម្រិតហើយ ប៉ុន្តែគាត់ទទួលស្គាល់ថាគាត់ត្រូវការជំនឿថែមទៀត។ ដូចបុរសនេះដែរ នឹងមានពេលមួយដែលយើងទាំងអស់គ្នានឹងត្រូវការជំនឿថែមទៀត។ ម្យ៉ាងទៀត យើងទាំងអស់គ្នាអាចពង្រឹងជំនឿរបស់យើងនៅឥឡូវនេះ។ ដូចយើងបានពិចារណាក្នុងអត្ថបទនេះ យើងពង្រឹងជំនឿរបស់យើងពេលយើងសិក្សាបណ្ដាំរបស់ព្រះនិងរំពឹងគិតអំពីបណ្ដាំនោះ។ យ៉ាងនេះ យើងនឹងកាន់តែមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ ជំនឿរបស់យើងក៏នឹងកាន់តែមាំមួនឡើងៗ ពេលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងបងប្អូនរួមជំនឿ ប្រាប់អ្នកឯទៀតអំពីសេចក្ដីសង្ឃឹមរបស់យើង និងអធិដ្ឋានឥតឈប់។ លើសពីនេះទៅទៀត ពេលយើងពង្រឹងជំនឿរបស់យើង យើងទទួលពរដ៏អស្ចារ្យបំផុត។ បណ្ដាំរបស់ព្រះដាស់តឿនយើងថា៖ ‹អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ចូរធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក› ដើម្បី«រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។—យូ. ២០, ២១