ធ្វើតាមពាក្យសច្ចាអាពាហ៍ពិពាហ៍របស់អ្នក!
ថ្ងៃរៀបការគឺជាថ្ងៃដ៏សប្បាយរីករាយមួយ ហើយក៏ជាឱកាសដ៏សំខាន់ធំដុំដែរ។ កូនក្រមុំនិងកូនកម្លោះចងពាក្យសន្យាដ៏ឧឡារិកដែលនឹងមានឥទ្ធិពលលើជីវិតគេរហូតតទៅ។ ពួកអ្នកដែលជាភ្ញៀវនៅក្នុងពិធីរៀបការនោះ គឺជាសាក្សីចំពោះពាក្យសន្យាដ៏ឧឡារិកនេះ ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាសាក្សីដ៏សំខាន់បំផុត។
ព្រះគម្ពីរឥតមានតម្រូវឲ្យមានទម្រង់ការជាក់លាក់ ឬពិធីការពិសេសអ្វីទេ។ តែដោយទទួលស្គាល់ថាអាពាហ៍ពិពាហ៍មានដើមកំណើតពីព្រះមក អាពាហ៍ពិពាហ៍ក៏តែងរៀបចំឡើងយ៉ាងឧឡារិកតាមទំនៀមទម្លាប់ ដោយប្រើពាក្យសច្ចាអាពាហ៍ពិពាហ៍ក្នុងពិធីសាសនា។ អស់ជាយូរឆ្នាំហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រើពាក្យសច្ចាអាពាហ៍ពិពាហ៍ ដែលមានខ្លឹមសារដូចតទៅនេះ៖ « . . . ខ្ញុំទទួលយក . . . អ្នក រៀបការជា(ភរិយា/ស្វាមី)របស់ខ្ញុំ ស្រឡាញ់និងថ្នាក់ថ្នមអស់ពីដួងចិត្ត (កូនក្រមុំ៖ និងគោរពយ៉ាងជ្រាលជ្រៅ) តាមច្បាប់វិន័យព្រះ ដូចដែលចែងទុកក្នុងបទគម្ពីរបរិសុទ្ធសំរាប់(ភរិយា/ស្វាមី)គ្រីស្ទាន ដរាបណាយើងទាំងពីរនាក់មានជីវិតរស់នៅជាមួយគ្នាលើភពផែនដី ស្របតាមរបៀបរៀបចំអាពាហ៍ពិពាហ៍នៃព្រះ»។a
ការដែលគួរគិត
បើអ្នកគ្រោងគិតចង់រៀបការ នោះជាផលប្រយោជន៍ល្អណាស់ដែលអ្នកគិតនូវជម្រៅនិងន័យនៃពាក្យសច្ចានេះមុនថ្ងៃរៀបការ។ ស្តេចសាឡូម៉ូនទ្រង់មានបន្ទូលថា៖ «កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះ[ពិត]ឡើយ»។ (សាស្ដា ៥:២) ចុះបើអ្នកបានរៀបការហើយនោះ តើជាយ៉ាងណាដែរ? អ្នកក៏នឹងបានផលប្រយោជន៍ពីការសញ្ជឹងគិតអំពីសារៈសំខាន់នៃពាក្យសន្យាដ៏ឧឡារិក ដែលអ្នកបានពោលនៅចំពោះព្រះយេហូវ៉ា។ តើអ្នកធ្វើតាមពាក្យសន្យានេះទេ? គ្រីស្ទានចាត់ទុកពាក្យសន្យារបស់ខ្លួនជាសារៈសំខាន់។ ស្តេចសាឡូម៉ូនទ្រង់មានបន្ទូលតទៀតថា៖ «ចូរសងតាមដែលឯងបានបន់ចុះ ស៊ូកុំឲ្យឯងបានបន ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ កុំបើកឲ្យមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ»។—សាស្ដា ៥:៤-៦
ការពិចារណាពាក្យសច្ចាអាពាហ៍ពិពាហ៍មួយឃ្លាៗ នឹងជួយចំរើនការដឹងយល់របស់អ្នកជាប្រាកដ នូវពាក្យសន្យាដ៏ឧឡារិកនេះ។
«ខ្ញុំទទួលយកអ្នក»៖ នេះជាសេចក្ដីផ្ដើមនៃពាក្យសច្ចា។ នេះបញ្ជាក់ជាគោលសំខាន់ថាអ្នកទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះការសម្រេចចិត្តរៀបការរបស់អ្នក។
ក្រោមរបៀបរៀបចំគ្រីស្ទាន ឥតមានសេចក្ដីតម្រូវពីបទគម្ពីរថាត្រូវរៀបការនោះទេ។ ព្រះយេស៊ូគ្រីស្ទព្រះអង្គទ្រង់នៅលីវ ហើយទ្រង់អនុសាសឲ្យទុកខ្លួននៅលីវចំពោះអ្នកណា‹ដែលអាចធ្វើទៅបាន›។ (ម៉ាថាយ ១៩:១០-១២) តែផ្ទុយទៅវិញ សាវ័កភាគច្រើនរបស់ព្រះយេស៊ូគឺជាអ្នកមានប្រពន្ធ។ (លូកា ៤:៣៨; កូរិនថូសទី១ ៩:៥) ជាការច្បាស់លាស់ដែលការសម្រេចចិត្តរៀបការគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ គ្មានមនុស្សណាមានអំណាចខាងបទគម្ពីរមកបង្ខំនរណាម្នាក់ឲ្យរៀបការយកប្ដីប្រពន្ធឡើយ។
ដូច្នេះ អ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរៀបការ។ អ្នកប្រហែលជាបានជ្រើសរើសយកអ្នកណាម្នាក់ដែលអ្នកចង់រៀបការជាមួយ។ ពេលដែលអ្នកពោលពាក្យសច្ចាអាពាហ៍ពិពាហ៍ថា ‹ខ្ញុំទទួលយក . . . អ្នក› នោះអ្នកទទួលយកឬយល់ព្រមយកបុគ្គលនោះ ជាមួយនឹងគុណសម្បត្ដិរបស់គេ—ព្រមទាំងគុណវិបត្ដិរបស់គេផងដែរ។
ដល់ក្រោយមក អ្នកប្រហែលនឹងជ្រាបអំពីលក្ខណៈដ៏មិនលេចច្បាស់លាស់នៃបុគ្គលិកលក្ខណៈរបស់គូអ្នក។ ការខកចិត្តនឹងមានកើតឡើងមួយដងមួយកាល។ ព្រះគម្ពីរប្រាប់ថា «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ (រ៉ូម ៣:២៣) ដូច្នេះ អ្នកប្រហែលត្រូវតែកែសម្រុះសម្រួល ដើម្បីឲ្យបានតាមតម្រូវចិត្តគូរបស់អ្នក។ នេះគឺអាចជាការពិបាកមួយ ហើយជួនកាលអ្នកចង់តែបោះបង់ចោលតែម្ដង។ ប៉ុន្តែសូមចាំថា ពាក្យសច្ចាអាពាហ៍ពិពាហ៍គឺបានចងក្រងឡើងនៅចំពោះព្រះយេហូវ៉ា។ ទ្រង់អាចជួយអ្នកឲ្យបានជោគជ័យ។
«រៀបការជា(ភរិយា/ស្វាមី)របស់ខ្ញុំ»៖ ក្នុងពិធីរៀបការដំបូងបង្អស់ ពេលនាងអេវ៉ាបានត្រូវប្រគល់ឲ្យរៀបការនឹងអ័ដាម នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ «អ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៤-៦) ម្ល៉ោះហើយ ចំណងអាពាហ៍ពិពាហ៍គឺជាការប្រស្រ័យទាក់ទងដ៏ស្និទ្ធស្នាលបំផុត ដែលអាចមានឡើងរវាងមនុស្សពីររូប។ អាពាហ៍ពិពាហ៍នាំអ្នកឲ្យជាប់ក្នុងសាច់ញាតិថ្មី។ អ្នកយល់ព្រមយកបុគ្គលម្នាក់«រៀបការជាភរិយា» ឬ«រៀបការជាស្វាមី»របស់អ្នក។ នេះមិនដូចការប្រស្រ័យទាក់ទងរវាងអ្នកឯទៀតទេ។ ការប្រព្រឹត្តដែលបណ្ដាលឲ្យមានការទាស់ទែងបន្ដិចបន្តួចក្នុងការប្រស្រ័យទាក់ទងរវាងអ្នកឯទៀត គឺអាចបណ្ដាលឲ្យកើតមានការឈឺចុកចាប់ខ្លាំងបានក្នុងអាពាហ៍ពិពាហ៍។
ជាឧទាហរណ៍ សូមពិចារណាដំបូន្មានបទគម្ពីរក្នុងអេភេសូរ ៤:២៦។ ក្នុងនោះព្រះគម្ពីរប្រាប់ថា៖ «ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ»។ ប្រហែលជាអ្នកមិនតែងតែដោះស្រាយបញ្ហារបស់អ្នកឲ្យបានភ្លាមជាមួយនឹងបងប្អូនញាតិមិត្តទាំងឡាយទេ។ ប៉ុន្តែគូរបស់អ្នកគឺជាបុគ្គលដ៏ស្និទ្ធស្នាលជាងពួកបងប្អូនញាតិមិត្តណាទាំងអស់។ ការខកខានមិនបានដោះស្រាយរឿងឲ្យបានភ្លាមជាមួយគូរបស់អ្នក អាចនាំឲ្យមានគ្រោះថ្នាក់ដល់សាច់ញាតិពិសេសនេះរវាងអ្នក។
តើអ្នកទុកឲ្យការទាស់ទែងខ្វែងគំនិតរវាងអ្នកនិងគូអ្នក ឲ្យកើតទៅជាប្រភពនៃសេចក្ដីរំខានចិត្តឬសេចក្ដីមួម៉ៅជាដរាបទៅឬ? តើការយល់ច្រឡំនិងស្ថានការណ៍ដ៏រកាំចិត្តបានបណ្ដែតទុកឲ្យយូរអស់បីបួនថ្ងៃឬ? ដើម្បីធ្វើតាមពាក្យសច្ចារបស់អ្នក ពេលមានការពិបាកកើតឡើង នោះកុំទុកឲ្យពេលវេលាកន្លងផុតមួយថ្ងៃទៅដោយមិនបានសម្រុះសម្រួលគ្នាជាមួយនឹងគូរបស់អ្នកឡើយ។ នេះមានន័យថា ត្រូវអត់ឱនទោសនិងអត់អាស្រ័យ ព្រមទាំងទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួនអ្នកផង។—ទំនុកដំកើង ៥១:៥; លូកា ១៧:៣, ៤
«ស្រឡាញ់»៖ បុរសដែលនឹងទៅជាប្ដីសច្ចាថា«ស្រឡាញ់និងថ្នាក់ថ្នមអស់ពីដួងចិត្ត»ដល់កូនក្រមុំរបស់ខ្លួន។ សេចក្ដីស្រឡាញ់នេះគឺមានរួមសេចក្ដីស្នេហាដែលប្រហែលបានទាក់ទាញអ្នកទាំងពីរជាមួយគ្នា។ ប៉ុន្តែសេចក្ដីស្នេហាទទេគឺមិនគ្រប់គ្រាន់ទេ។ សេចក្ដីស្រឡាញ់ដែលគ្រីស្ទានសច្ចាដល់គូរបស់ខ្លួននោះ គឺមានខ្លឹមសារជ្រាលជ្រៅជាងនេះទៅទៀត។
អេភេសូរ ៥:២៥ ចែងថា៖ «បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ»។ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះក្រុមជំនុំគឺប្រាកដជាមិនមែនស្មើភាពនឹងសេចក្ដីស្នេហារវាងភេទប្រុសនិងភេទស្រីនោះទេ។ ពាក្យ«ស្រឡាញ់»និង«បានស្រឡាញ់»ប្រើក្នុងបទគម្ពីរនេះ គឺស្រង់មកពីពាក្យ អេហ្គាពេ (a·gaʹpe) ដែលយោលសំដៅទៅលើសេចក្ដីស្រឡាញ់ដែលណែនាំដោយគោលការណ៍។ ក្នុងនេះព្រះគម្ពីរបង្គាប់ពួកប្ដីឲ្យសម្ដែងនូវសេចក្ដីស្រឡាញ់ស្មោះត្រង់ ឥតវៀចវេរដ៏នៅឋិតថេរជានិច្ចចំពោះប្រពន្ធខ្លួន។
នេះមិនមែនគ្រាន់តែជាការរំភើបចិត្តម្យ៉ាងដែលអាងទៅលើពាក្យថា «ខ្ញុំស្រឡាញ់អ្នកពីព្រោះអ្នកស្រឡាញ់ខ្ញុំ»នោះទេ។ ប្ដីខំប្រឹងប្រែងរកឲ្យប្រពន្ធខ្លួនបានទទួលសេចក្ដីសុខមុនខ្លួនឯង ហើយឯប្រពន្ធក៏ស្រឡាញ់ប្ដីនាងយ៉ាងដូច្នោះដែរ។ (ភីលីព ២:៤) ដោយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគូរបស់អ្នក នេះនឹងជួយអ្នកឲ្យធ្វើតាមពាក្យសច្ចាអាពាហ៍ពិពាហ៍របស់អ្នក។
«ថ្នាក់ថ្នមអស់ពីដួងចិត្ត»៖ ស្របតាមវចនានុក្រមមួយ ពាក្យ«ថ្នាក់ថ្នមអស់ពីដួងចិត្ត»មានន័យថា ‹រាប់ទុកជាទីស្រឡាញ់ មានចិត្តចំពោះ ឬបង្ហាញនូវសេចក្ដីបេតីចំពោះ›។ អ្នកត្រូវតែសម្ដែងសេចក្ដីស្រឡាញ់របស់អ្នកក្នុងពាក្យសំដីនិងអំពើប្រព្រឹត្តផង! ប្រពន្ធជាពិសេសត្រូវការចង់ឃើញការបង្ហាញជារឿយៗនូវសេចក្ដីស្រឡាញ់ពីប្ដីរបស់នាង។ ប្ដីនាងប្រហែលជាថែរក្សានាងយ៉ាងល្អខាងរូបកាយ ប៉ុន្តែនេះគឺមិនគ្រប់គ្រាន់ទេ។ មានប្រពន្ធដែលមានចំណីអាហារគ្រប់គ្រាន់បរិភោគហើយមានផ្ទះសុខស្រួលនៅ ប៉ុន្តែនាងខ្វះសុភមង្គលជាខ្លាំង ដោយព្រោះគូស្វាមីរបស់នាងមិនយកចិត្តទុកដាក់ឬមិនអើពើដល់នាង។
តែឯម្យ៉ាងវិញ ប្រពន្ធដែលដឹងថាប្ដីនាងស្រឡាញ់ហើយថ្នាក់ថ្នមនាងអស់ពីដួងចិត្ត ពិតជាមានមូលហេតុដែលគួរនាំឲ្យនាងសប្បាយចិត្តមែន។ ប្រាកដហើយ នេះក៏ត្រូវយ៉ាងដូច្នោះដែរបើនិយាយអំពីប្ដីវិញ។ សេចក្ដីស្រឡាញ់ស្មោះគឺរឹតតែបានវិសេសឡើងដោយការបញ្ចេញដ៏ពិតត្រង់នូវការថ្នាក់ថ្នមបេតី។ ក្នុងបទចំរៀងនៃសាឡូម៉ូន អ្នកគង្វាលដ៏មានសេចក្ដីស្នេហាចេញវាចាថា៖ «ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាងល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ»!—បទចំរៀងសាឡូម៉ូន ៤:១០
«និងគោរពយ៉ាងជ្រាលជ្រៅ»៖ ក្នុងរាប់សតវត្សមានបុរសខ្លះបានធ្វើបាបហើយបង្អាប់ស្ត្រី។ សូម្បីតែសព្វថ្ងៃនេះ ស្របតាមទស្សនាវដ្ដី សុខភាពពិភពលោក «ការឃោរឃៅលើស្ត្រីកើតឡើងក្នុងរាល់ប្រទេសនិងក្នុងគ្រប់វណ្ណៈសង្គមវណ្ណៈសេដ្ឋកិច្ច។ ក្នុងវប្បធម៌ជាច្រើន ការវាយប្រពន្ធគឺចាត់ទុកជាសិទ្ធិរបស់បុរស»។ បុរសភាគច្រើនប្រហែលមិនមានទោសពីការប្រព្រឹត្តបែបនេះទេ។ តែយ៉ាងណាក៏ដោយ ហាក់ដូចជាបុរសជាច្រើនមិនបានបង្ហាញការចាប់អារម្មណ៍ដ៏ពិតត្រង់សោះ ចំពោះរឿងដែលជាការខ្វល់ខ្វាយដល់ពួកស្ត្រី។ អាស្រ័យហេតុនេះ ស្ត្រីជាច្រើនក៏បានកើតមានអាកប្បកិរិយាហៃជំទាស់ចំពោះមនុស្សប្រុស។ ប្រពន្ធខ្លះមានឮនិយាយថា «ខ្ញុំស្រឡាញ់ប្ដីខ្ញុំ ប៉ុន្តែខ្ញុំមិនអាចគោរពគាត់សោះ!»
ប៉ុន្តែ ព្រះយេហូវ៉ាលើកតម្លៃដល់ស្ត្រីដែលខំគោរពប្ដី—ទោះបីប្ដីនាងមានការខុសឆ្គងមិនត្រូវចិត្តនាងមួយដងមួយកាលក៏ដោយ។ នាងជ្រាបថាប្ដីនាងគាត់មានកិច្ចការឬមុខងារដែលព្រះទ្រង់ប្រទានមក។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២៣) ដូច្នេះ សេចក្ដីគោរពជ្រាលជ្រៅចំពោះប្ដីនាង គឺជាចំណែកនៃការថ្វាយបង្គំនិងការស្ដាប់បង្គាប់ព្រះ។ ព្រះទ្រង់មិនបំភ្លេចការស្ដាប់បង្គាប់នៃពួកស្ត្រីដែលកោតខ្លាចព្រះអង្គនោះឡើយ។—អេភេសូរ ៥:៣៣; ពេត្រុសទី១ ៣:១-៦; សូមប្រៀបធៀប ហេព្រើរ ៦:១០
សេចក្ដីគោរពក្នុងអាពាហ៍ពិពាហ៍ត្រូវតែមានទៅវិញទៅមក ហើយសេចក្ដីគោរពនេះគួរតែបានមកដោយការសក្ដិសមទទួល ជាជាងដោយការតម្រូវតែប៉ុណ្ណោះ ឬដោយទាមទារវិញ។ ជាឧទាហរណ៍ ពាក្យសំដីចំអកឬនាំឲ្យអាក់អន់ចិត្ត គឺមិនត្រូវមានឡើយក្នុងរបៀបរៀបចំអាពាហ៍ពិពាហ៍។ បញ្ចេញយោបល់ប្រមាទមើលងាយដល់ប្ដីឬប្រពន្ធអ្នក នោះមិនមែនជាសេចក្ដីស្រឡាញ់ទេ។ ការបង្ហាញកំហុសនៃគូរបស់អ្នកឲ្យមនុស្សឯទៀតដឹង ឬនិយាយប្រាប់កំហុសទាំងនេះឲ្យគេឯងឮ គឺគ្មានប្រយោជន៍អ្វីទាល់តែសោះ។ សូម្បីតែក្នុងការនិយាយលេងសើចក៏គេអាចបង្ហាញនូវការខ្វះសេចក្ដីគោរពយ៉ាងហួសហេតុក្នុងប្រការនេះដែរ។ ពាក្យទូន្មានក្នុងអេភេសូរ ៤:២៩, ៣២ គឺសំរាប់ទាំងប្ដីនិងប្រពន្ធ។ ក្នុងនោះព្រះគម្ពីរប្រាប់ថា៖ «មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ . . . ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស»ផង។
«តាមច្បាប់វិន័យព្រះ ដូចដែលចែងទុកក្នុងបទគម្ពីរបរិសុទ្ធ»៖ ព្រះទ្រង់ចង់ឲ្យយើងសប្បាយនឹងសេរីភាពនៃការជ្រើសរើសនិងការប្រព្រឹត្ត។ ទ្រង់មិនដាក់បន្ទុកយើង ដោយតាំងវិន័យយ៉ាងច្រើនដ៏ហ្មត់ចត់ដិតដល់ ដើម្បីកាន់កាប់ជីវិតប្ដីប្រពន្ធនោះទេ។ ប៉ុន្តែទ្រង់បានតាំងគោលការណ៍ណែនាំខ្លះទុកជាផលប្រយោជន៍ដល់យើង។
សព្វថ្ងៃនេះគឺសម្បូរហូរហៀរទៅដោយសម្ភារៈបោះពុម្ពផ្សេងៗអំពីអាពាហ៍ពិពាហ៍ ហើយមនុស្សជាច្រើនក៏មានទស្សនៈគេផ្ទាល់ខ្លួន។ ប៉ុន្តែសូមឲ្យប្រយ័ត្ន! អំពីរឿងអាពាហ៍ពិពាហ៍ ពត៌មានជាច្រើនដែលផ្សព្វផ្សាយគឺផ្ទុយប្រឆាំងនឹងព្រះគម្ពីរ។
សូមឲ្យជ្រាបដែរថាកាលៈទេសៈគឺខុសៗគ្នារវាងប្ដីប្រពន្ធមួយគូៗ។ ក្នុងរបៀបម្យ៉ាង គូប្ដីប្រពន្ធគឺប្រៀបដូចនឹងសន្លឹកទឹកកកស្តើងល្អិត ដែលប្រហែលមើលទៅឃើញដូចគ្នាពីចម្ងាយ ប៉ុន្តែតាមការពិត មួយគូៗគឺប្លែកៗខុសពីគ្នាទាំងអស់។ ការរួមបញ្ចូលបុគ្គលិកលក្ខណៈរបស់អ្នក ជាមួយនឹងបុគ្គលិកលក្ខណៈរបស់គូអ្នក គឺមិនអាចចម្លងធ្វើតាមបានដោយគូប្ដីប្រពន្ធណាសោះឡើយក្នុងពិភពលោកនេះ។ ដូច្នេះ សូមកុំឲ្យរហ័សទទួលយកទស្សនៈផ្ទាល់របស់អ្នកឯទៀត។ គឺឥតមានរូបមន្តណាបង្កើតដោយមនុស្សដែលអាចយកមកអនុវត្តឲ្យបានសម្រេចក្នុងគ្រប់អាពាហ៍ពិពាហ៍ឡើយ។
ផ្ទុយទៅវិញ សេចក្ដីបង្គាប់ទាំងអស់របស់ព្រះគម្ពីរគឺពិត ហើយយកអនុវត្តបាន។ សាវ័កប៉ុលសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់»។ (ធីម៉ូថេទី២ ៣:១៦; ទំនុកដំកើង ១១៩:១៥១) បើអ្នកអានព្រះគម្ពីរ ហើយទទួលយកសេចក្ដីបង្រៀនព្រះគម្ពីរ ទុកជាការណែនាំដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក នោះអ្នកនឹងអាចធ្វើតាមពាក្យសច្ចាអាពាហ៍ពិពាហ៍របស់អ្នកហើយ។—ទំនុកដំកើង ១១៩:១០៥
«ដរាបណាយើងទាំងពីរនាក់មានជីវិតរស់នៅជាមួយគ្នាលើភពផែនដី»៖ នេះចង្អុលប្រាប់នូវភាពជាមួយគ្នាជាយូរអង្វែងទៅមុខ។ ព្រះទ្រង់បង្គាប់ថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ»។ (លោកុប្បត្តិ ២:២៤) ព្រះយេហូវ៉ាចង់ឲ្យអ្នកនៅជាប់ជាមួយគ្នា។ សូមបំរើព្រះជាមួយគ្នា រៀនសូត្របន្ទូលទ្រង់ជាមួយគ្នា យកពេលវេលាដើរជាមួយគ្នា អង្គុយជាមួយគ្នា បរិភោគជាមួយគ្នា ហើយសប្បាយនឹងជីវិតរស់នៅជាមួយគ្នាផង!
គូប្ដីប្រពន្ធខ្លះខិតខំទុកពេលវេលាជារៀងរាល់ថ្ងៃ ដើម្បីគ្រាន់តែពិគ្រោះគ្នា។ សូម្បីក្រោយពេលរៀបការអស់រយៈជាច្រើនឆ្នាំហើយក៏ដោយ ភាពជាមួយគ្នានេះគឺសំខាន់ណាស់ដើម្បីឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍។
«ស្របតាមរបៀបរៀបចំអាពាហ៍ពិពាហ៍នៃព្រះ»៖ អាពាហ៍ពិពាហ៍គឺជាអំណោយទានពីព្រះយេហូវ៉ា ជាព្រះអង្គដែលចាប់តាំងបង្កើតរបៀបរៀបចំអាពាហ៍ពិពាហ៍ឡើង។ (សុភាសិត ១៩:១៤) ការខកខានមិនធ្វើតាមរបៀបរៀបចំរបស់ទ្រង់ នឹងនាំឲ្យមានវិបត្ដិគំរាមកំហែងដល់មិនត្រឹមតែសុភមង្គលក្នុងអាពាហ៍ពិពាហ៍អ្នកប៉ុណ្ណោះទេ តែដល់ការប្រស្រ័យទាក់ទងរវាងអ្នកនិងព្រះអាទិទេពផង។ ឯម្យ៉ាងវិញ ពេលប្ដីប្រពន្ធបណ្ដុះឲ្យមានការប្រស្រ័យទាក់ទងដ៏ល្អស្និទ្ធស្នាលរវាងព្រះយេហូវ៉ា ដែលសម្ដែងឲ្យឃើញដោយការស្ដាប់បង្គាប់ដល់របៀបរៀបចំរបស់ទ្រង់ នោះពួកគេនឹងបានការប្រស្រ័យទាក់ទងសុខសាន្តរវាងអ្នកឯទៀត ព្រមទាំងរវាងខ្លួនគេទាំងពីរនាក់ផងដែរ។—សុភាសិត ១៦:៧
សូមកុំឲ្យភ្លេចថា ព្រះយេហូវ៉ាទ្រង់ជាសាក្សីដ៏សំខាន់បំផុត ចំពោះពាក្យសច្ចាអាពាហ៍ពិពាហ៍របស់អ្នក។ សូមធ្វើតាមពាក្យសន្យាដ៏ឧឡារិកនេះតទៅ នោះអាពាហ៍ពិពាហ៍របស់អ្នកនឹងបានជាប្រភពនៃសេចក្ដីសរសើរដំកើងនិងសិរីល្អដល់ព្រះយេហូវ៉ា!
[កំណត់សម្គាល់]
a នៅកន្លែងខ្លះគេត្រូវប្រើពាក្យសច្ចាដែលមានកែប្រែខុសពីពាក្យសច្ចានេះ ដើម្បីឲ្យស្របតាមច្បាប់នាតំបន់នោះ។ (ម៉ាថាយ ២២:២១) ប៉ុន្តែនៅប្រទេសភាគច្រើន គូប្ដីប្រពន្ធគ្រីស្ទានប្រើពាក្យសច្ចាខាងលើនេះ។
[ឃ្លាអក្សរធំនៅទំព័រ៣២]
ក្នុងរបៀបម្យ៉ាង គូប្ដីប្រពន្ធគឺប្រៀបដូចនឹងសន្លឹកទឹកកកស្តើងល្អិត។ គ្រប់ទាំងគូប្រហែលមើលទៅឃើញដូចគ្នាពីចម្ងាយ ប៉ុន្តែតាមការពិតមួយគូៗគឺខុសប្លែកៗពីគ្នា
[អ្នកផ្ដល់សិទ្ធិ]
Snow Crystals\Dover