សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
ព្រះយេហូវ៉ាបានដឹកនាំសាវ័កប៉ូលឲ្យសរសេរអំពីគុណសម្បត្ដិ៩ដែលមនុស្សមាន ពេលដែលសកម្មពលបរិសុទ្ធមានឥទ្ធិពលមកលើពួកគេ។ (កាឡាទី ៥:២២, ២៣) ពេលគុណសម្បត្ដិទាំងនេះរួមគ្នា នោះបានត្រូវហៅថា«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។a (សូមមើលកំណត់សម្គាល់) ផលនេះក៏ជាផ្នែកនៃ«បុគ្គលិកលក្ខណៈថ្មី»ដែលគ្រិស្តសាសនិកត្រូវមាន។ (កូឡុស ៣:១០) ដូចដែលដើមឈើនឹងបង្កើតផលពេលដែលវាបានត្រូវគេស្រោចទឹកឲ្យបានគ្រប់គ្រាន់ នោះបុគ្គលម្នាក់អាចមានគុណសម្បត្ដិដ៏គួរឲ្យសរសើរទាំងនេះពេលគាត់មានសកម្មពលរបស់ព្រះយ៉ាងច្រើនក្នុងជីវិតរបស់គាត់។—ទំនុកតម្កើង ១:១-៣
គុណសម្បត្ដិដំបូងដែលប៉ូលបានរៀបរាប់គឺជាសេចក្ដីស្រឡាញ់។ តើគុណសម្បត្ដិនេះមានតម្លៃយ៉ាងណា? ប៉ូលបាននិយាយថា បើគ្មានសេចក្ដីស្រឡាញ់ គាត់«មិនជាអ្វីសោះឡើយ»។ (កូរិនថូសទី១ ១៣:២) ប៉ុន្តែតើសេចក្ដីស្រឡាញ់គឺជាអ្វី? តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់កាន់តែច្រើន ហើយតើយើងអាចបង្ហាញគុណសម្បត្ដិនេះជារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច?
តើសេចក្ដីស្រឡាញ់ជាអ្វី?
ទោះជាពិបាកពន្យល់ច្បាស់លាស់ថាសេចក្ដីស្រឡាញ់គឺជាអ្វីក៏ដោយ គម្ពីររៀបរាប់អំពីរបៀបគិតគូរនិងការប្រព្រឹត្តរបស់បុគ្គលដែលមានសេចក្ដីស្រឡាញ់។ ជាឧទាហរណ៍ បុគ្គលដែលមានសេចក្ដីស្រឡាញ់«មានចិត្តធ្ងន់ហើយក៏សប្បុរស»និង«អរសប្បាយអំពីសេចក្ដីពិត»។ ពេលបុគ្គលម្នាក់មានសេចក្ដីស្រឡាញ់ គាត់«អត់ធន់នឹងអ្វីៗទាំងអស់ ជឿអ្វីៗទាំងអស់ សង្ឃឹមលើអ្វីៗទាំងអស់ ស៊ូទ្រាំនឹងអ្វីៗទាំងអស់»។ គាត់មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នកឯទៀត គាត់ពិតជាយកចិត្តទុកដាក់ចំពោះពួកគេ ហើយក៏ជាមិត្តភក្ដិដ៏ស្មោះត្រង់។ ប៉ុន្តែ ពេលបុគ្គលណាម្នាក់មិនមានសេចក្ដីស្រឡាញ់គាត់ច្រណែន អួតខ្លួន ប្រព្រឹត្តឥតសមរម្យ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងមិនអភ័យទោសឲ្យអ្នកឯទៀត។ ជាជាងបង្ហាញគុណវិបត្ដិទាំងនេះ យើងចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកឯទៀត នេះជាសេចក្ដីស្រឡាញ់ដែល«មិនរកប្រយោជន៍ផ្ទាល់ខ្លួន»។—កូរិនថូសទី១ ១៣:៤-៨
ព្រះយេហូវ៉ានិងលោកយេស៊ូទុកគំរូល្អឥតខ្ចោះអំពីសេចក្ដីស្រឡាញ់
«ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ស្នាដៃនិងការប្រព្រឹត្តទាំងអស់របស់លោកបង្ហាញដូច្នេះ។ ការប្រព្រឹត្តដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំបំផុតរបស់លោកចំពោះមនុស្សជាតិគឺពេលដែលលោកបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីរងទុក្ខនិងស្លាប់ជាប្រយោជន៍ដល់យើង។ សាវ័កយ៉ូហានបាននិយាយថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។ សេចក្ដីស្រឡាញ់នៅត្រង់កន្លែងនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះ តែគឺលោកដែលបានស្រឡាញ់យើង ដោយចាត់បុត្ររបស់លោក ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ»។ (យ៉ូហានទី១ ៤:៩, ១០) ដោយសារសេចក្ដីស្រឡាញ់របស់ព្រះ យើងអាចទទួលការអភ័យទោស ហើយអាចមានសេចក្ដីសង្ឃឹមនិងជីវិត។
លោកយេស៊ូបានបង្ហាញថាលោកស្រឡាញ់មនុស្សជាតិ ដោយផ្ដល់ជីវិតរបស់លោកជាគ្រឿងបូជាដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ សាវ័កប៉ូលប្រាប់យើងថា៖ «ដោយសារ‹បំណងប្រាថ្នា›នោះ យើងបានត្រូវញែកចេញជាបរិសុទ្ធដោយការប្រគល់រូបកាយរបស់លោកយេស៊ូគ្រិស្ត មួយដងជាការស្រេច»។ (ហេប្រឺ ១០:៩, ១០) គ្មានមនុស្សណាម្នាក់ដែលអាចបង្ហាញសេចក្ដីស្រឡាញ់ខ្លាំងជាងនេះបានទេ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ»។ (យ៉ូហាន ១៥:១៣) តើមនុស្សមិនល្អឥតខ្ចោះអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញឬទេ? យើងអាចបង្ហាញសេចក្ដីស្រឡាញ់បែបនេះបាន! សូមយើងពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នេះ។
«ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់»
ប៉ូលលើកទឹកចិត្តយើងថា៖ «ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់ ដូចគ្រិស្តបានស្រឡាញ់អ្នករាល់គ្នា ហើយបានប្រគល់ខ្លួនលោកដើម្បីអ្នករាល់គ្នា»។ (អេភេសូរ ៥:១, ២) តើការ«បន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់»មានន័យយ៉ាងណា? នេះមានន័យថាយើងបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា។ យើងមិនគ្រាន់តែនិយាយថាយើងស្រឡាញ់អ្នកឯទៀតប៉ុណ្ណោះទេ។ យើងបង្ហាញថាយើងស្រឡាញ់ពួកគេដោយការប្រព្រឹត្តរបស់យើង។ យ៉ូហានបានសរសេរថា៖ «កូនៗអើយ! យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ»។ (យ៉ូហានទី១ ៣:១៨) ជាឧទាហរណ៍ យើងផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ› ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងរបស់យើង។ (ម៉ាថាយ ២៤:១៤; លូកា ១០:២៧) យើងក៏«បន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់»ពេលយើងអភ័យទោសឲ្យអ្នកឯទៀត មានចិត្តអត់ធ្មត់ និងចិត្តសប្បុរស។ យើងធ្វើតាមឱវាទពីគម្ពីរដែលថា៖ «ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។—កូឡុស ៣:១៣
បើយើងឲ្យឱវាទឬកែតម្រង់អ្នកឯទៀត នេះមិនមានន័យថាយើងគ្មានសេចក្ដីស្រឡាញ់នោះទេ។ ជាឧទាហរណ៍ ដើម្បីឲ្យកូនឈប់យំ ឪពុកម្ដាយខ្លះធ្វើអ្វីណាក៏ដោយដែលកូនទារ។ ប៉ុន្តែ ឪពុកម្ដាយដែលពិតជាស្រឡាញ់កូននឹងម៉ឺងម៉ាត់នៅពេលដែលចាំបាច់។ ស្រដៀងគ្នាដែរ ទោះជាព្រះគឺជាសេចក្ដីស្រឡាញ់ក្ដី «ព្រះយេហូវ៉ាប្រដៅអស់អ្នកដែលលោកស្រឡាញ់»។ (ហេប្រឺ ១២:៦) ដូច្នេះ ការផ្ដល់ការប្រៀនប្រដៅដែលត្រឹមត្រូវនៅពេលដែលសំខាន់ចាំបាច់គឺបង្ហាញសេចក្ដីស្រឡាញ់។ (សុភាសិត ៣:១១, ១២) ប៉ុន្តែសូមចាំថា យើងទាំងអស់គ្នាមានភាពខុសឆ្គង ហើយជាញឹកញយយើងមិនបង្ហាញសេចក្ដីស្រឡាញ់ទេ។ ដូច្នេះ យើងទាំងអស់គ្នាអាចបង្ហាញសេចក្ដីស្រឡាញ់ឲ្យបានល្អប្រសើរជាង។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? សូមយើងពិចារណាអំពីវិធីបីយ៉ាង។
តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់កាន់តែច្រើន?
ទី១ សុំព្រះផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកពីព្រោះនេះនាំឲ្យមានសេចក្ដីស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថា ព្រះយេហូវ៉ាផ្ដល់«សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។ (លូកា ១១:១៣) ដូច្នេះយើងអាចប្រាកដថា បើយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយឲ្យសកម្មពលនេះជួយយើង យើងនឹងចេះបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗ។ (កាឡាទី ៥:១៦) ជាឧទាហរណ៍ បើអ្នកជាអ្នកចាស់ទុំ អ្នកអាចសុំព្រះផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយអ្នកបង្ហាញសេចក្ដីស្រឡាញ់នៅពេលដែលអ្នកត្រូវឲ្យឱវាទពីគម្ពីរដល់អ្នកឯទៀត។ បើអ្នកជាឪពុកឬម្ដាយ អ្នកអាចសុំព្រះផ្ដល់សកម្មពលរបស់លោកដើម្បីជួយអ្នកប្រដៅកូនដោយសេចក្ដីស្រឡាញ់ មិនមែនដោយកំហឹងទេ។
ទី២ សូមពិចារណាអំពីរបៀបដែលលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់សូម្បីតែនៅពេលដែលគេប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះលោក។ (ពេត្រុសទី១ ២:២១, ២៣) ពេលអ្នករងអំពើអយុត្ដិធម៌ ឬអ្នកឯទៀតធ្វើឲ្យអ្នកទើសចិត្ត សូមសួរខ្លួនអ្នកថា ‹តើលោកយេស៊ូនឹងធ្វើអ្វី?›។ បងស្រីលីបានឃើញថាការសួរខ្លួនគាត់នូវសំណួរនេះបានជួយគាត់ឲ្យគិតមុននឹងគាត់ធ្វើអ្វីមួយ។ គាត់និយាយថា៖ «នៅពេលមួយ អ្នករួមការងារជាមួយនឹងខ្ញុំបានផ្ញើអ៊ីមែលដល់អ្នករួមការងារឯទៀត ហើយបាននិយាយមិនល្អអំពីខ្ញុំនិងការងាររបស់ខ្ញុំ។ ខ្ញុំឈឺចិត្តខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំបានសួរខ្លួនឯងថា ‹តើតាមរបៀបណាខ្ញុំអាចយកតម្រាប់លោកយេស៊ូក្នុងការប្រព្រឹត្តរបស់ខ្ញុំចំពោះអ្នកនោះ?›។ ខ្ញុំបានគិតពិចារណាអំពីអ្វីដែលលោកយេស៊ូនឹងធ្វើ ហើយបានសម្រេចចិត្តបំភ្លេចរឿងនោះ។ ក្រោយមក ខ្ញុំបានឮថាអ្នករួមការងារនោះកំពុងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតានតឹងចិត្តយ៉ាងខ្លាំង។ ខ្ញុំបានសន្និដ្ឋានថា គាត់ទំនងជាបានសរសេរអ៊ីមែលនោះដោយគ្មានបំណងចង់ធ្វើឲ្យខ្ញុំឈឺចិត្តទេ។ ការពិចារណាអំពីគំរូរបស់លោកយេស៊ូក្នុងការបង្ហាញសេចក្ដីស្រឡាញ់សូម្បីតែនៅពេលដែលគេធ្វើអ្វីដែលអាចនាំឲ្យលោកខឹង បានជួយខ្ញុំឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នករួមការងារនោះ»។ បើយើងយកតម្រាប់លោកយេស៊ូ យើងនឹងតែងតែបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកឯទៀត។
ទី៣ ចូររៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។ សេចក្ដីស្រឡាញ់បែបនេះជាសញ្ញាសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់លោកយេស៊ូ។ (យ៉ូហាន ១៣:៣៤, ៣៥) លោកយេស៊ូមានសេចក្ដីស្រឡាញ់បែបនេះ ហើយលោកបានទុកគំរូដ៏ល្អឥតខ្ចោះសម្រាប់យើង។ តើលោកបានធ្វើដូច្នេះយ៉ាងដូចម្ដេច? ដោយចាកចេញពីស្ថានសួគ៌ «លោកបានលះបង់អ្វីៗទាំងអស់»ដើម្បីយើង រហូតដល់លោក«ត្រូវស្លាប់»។ (ភីលីព ២:៥-៨) ពេលយើងមានសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនដូចលោកយេស៊ូ គំនិតនិងអារម្មណ៍របស់យើងនឹងកាន់តែដូចលោក ហើយយើងនឹងគិតអំពីសេចក្ដីត្រូវការរបស់អ្នកឯទៀតច្រើនជាងអ្វីដែលយើងត្រូវការ។
ប្រយោជន៍ដែលមកពីការបង្ហាញសេចក្ដីស្រឡាញ់
ការបង្ហាញសេចក្ដីស្រឡាញ់មានប្រយោជន៍ច្រើន។ សូមយើងពិចារណាអំពីឧទាហរណ៍ពីរ៖
យើងមានបងប្អូនរួមជំនឿទូទាំងពិភពលោក។ ដោយសារយើងស្រឡាញ់គ្នាទៅវិញទៅមក យើងដឹងថាបងប្អូនក្នុងក្រុមជំនុំណាក៏ដោយដែលយើងទៅលេងនៅទូទាំងពិភពលោកនឹងស្វាគមន៍យើងយ៉ាងកក់ក្ដៅ។ ការដឹងថា‹បងប្អូនទាំងអស់របស់អ្នកពេញពិភពលោក›ស្រឡាញ់អ្នក គឺជាពរដ៏ធំមួយ! (ពេត្រុសទី១ ៥:៩) យើងអាចរកឃើញសេចក្ដីស្រឡាញ់បែបនេះក្នុងចំណោមរាស្ត្ររបស់ព្រះតែប៉ុណ្ណោះ។
យើងមានសេចក្ដីសុខសាន្ត។ ការ«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់»នាំឲ្យយើង«មានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភេសូរ ៤:២, ៣) យើងមានសេចក្ដីសុខសាន្តនេះនៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើង។ សេចក្ដីសុខសាន្តនេះពិតជាអ្វីដែលពិសេសនៅក្នុងពិភពលោកសព្វថ្ងៃនេះដែលបែកបាក់គ្នា មែនទេ? (ទំនុកតម្កើង ១១៩:១៦៥; អេសាយ ៥៤:១៣) ពេលយើងធ្វើឲ្យមានសេចក្ដីសុខសាន្តជាមួយនឹងអ្នកឯទៀត យើងបង្ហាញថាយើងពិតជាស្រឡាញ់ពួកគេ ហើយនេះនាំឲ្យបិតារបស់យើងនៅស្ថានសួគ៌ពេញចិត្ត។—ទំនុកតម្កើង ១៣៣:១-៣; ម៉ាថាយ ៥:៩
‹សេចក្ដីស្រឡាញ់ធ្វើឲ្យមាំមួនឡើង›
ប៉ូលបានសរសេរថា៖ ‹សេចក្ដីស្រឡាញ់ នោះធ្វើឲ្យមាំមួនឡើង›។ (កូរិនថូសទី១ ៨:១) តើនេះមានន័យអ្វី? នៅកូរិនថូសទី១ ជំពូក១៣ប៉ូលពន្យល់អំពីរបៀបដែលសេចក្ដីស្រឡាញ់ធ្វើឲ្យមាំមួនឡើង។ សេចក្ដីស្រឡាញ់គិតអំពីប្រយោជន៍របស់អ្នកឯទៀត ហើយយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ពួកគេ។ (កូរិនថូសទី១ ១០:២៤; ១៣:៥) ម្យ៉ាងទៀត ដោយសារសេចក្ដីស្រឡាញ់គឺអត់ធ្មត់ សប្បុរស និងចេះគិតអំពីអ្នកឯទៀត នោះជួយឲ្យក្រុមគ្រួសារមានសេចក្ដីស្រឡាញ់និងជួយឲ្យក្រុមជំនុំមានសាមគ្គីភាព។—កូឡុស ៣:១៤
មានវិធីជាច្រើនដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត ប៉ុន្តែសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះគឺជាសេចក្ដីស្រឡាញ់ដែលមានតម្លៃបំផុត ហើយជាសេចក្ដីស្រឡាញ់ដែលធ្វើឲ្យមាំមួនបំផុត។ ហេតុអ្វី? ពីព្រោះសេចក្ដីស្រឡាញ់របស់យើងចំពោះលោកនាំឲ្យយើងមានសាមគ្គីភាព! មនុស្សពីគ្រប់ពូជសាសន៍ ភាសា និងវប្បធម៌កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា ដោយ«ព្រមចិត្តគ្នា»បម្រើលោក។ (សេផានា ៣:៩) សូមឲ្យយើងតាំងចិត្តបង្ហាញជារៀងរាល់ថ្ងៃនូវលក្ខណៈមួយនេះនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ។
a អត្ថបទនេះគឺជាអត្ថបទដំបូងក្នុងចំណោមអត្ថបទ៩ដែលនឹងពិចារណាអំពីគុណសម្បត្ដិឬលក្ខណៈនីមួយៗនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។