ស្វាមីទាំងឡាយ ចូរនាំមុខគ្រួសារតាមគំរូព្រះគ្រិស្ត
«ព្រះគ្រីស្ទជាសិរសា[ឬអ្នក«នាំមុខ»]បុរសទាំងអស់»។—កូរិនថូសទី១ ១១:៣; ខ.ស.
១, ២. (ក) តើមនុស្សខ្លះគិតថាបុរសត្រូវមានលក្ខណៈបែបណា ទើបហៅថាស្វាមីល្អ? (ខ) ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យយើងទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតមនុស្សប្រុសស្រីមកដោយមានបំណងឲ្យពួកគេរៀបការជាស្វាមីភរិយា?
តើបុរសត្រូវមានលក្ខណៈបែបណា ទើបហៅថាស្វាមីល្អ? តើគាត់ត្រូវជាមនុស្សឆ្លៀវឆ្លាតដែលពូកែធ្វើការឬ? តើសមត្ថភាពរកលុយជាអ្វីសំខាន់ទេ? ឬមួយក៏តើការបង្ហាញសេចក្ដីស្រឡាញ់ចំពោះភរិយានិងកូនជាអ្វីដែលសំខាន់បំផុត? គួរឲ្យស្ដាយណាស់ ថាស្វាមីជាច្រើនមិនសូវប្រព្រឹត្តល្អចំពោះភរិយានិងកូនទេ ដ្បិតទស្សនៈនិងទំនៀមទម្លាប់របស់មនុស្សក្នុងពិភពលោកនេះមានឥទ្ធិពលខ្លាំងលើស្វាមីភាគច្រើន។ ហេតុអ្វីក៏មានទស្សនៈនិងទម្លាប់មិនល្អដូច្នេះ? នេះគឺច្រើនតែដោយព្រោះមនុស្សក្នុងពិភពលោកនេះមិនទទួលស្គាល់ហើយមិនធ្វើតាមការណែនាំពីព្រះដែលបានបង្កើតមនុស្សដំបូងដោយមានបំណងឲ្យមនុស្សប្រុសស្រីរៀបការជាស្វាមីភរិយា។ ព្រះគម្ពីរពន្យល់ថា ទ្រង់បាន‹យកឆ្អឹងពីអ័ដាមមកជបឲ្យកើតជាមនុស្សស្រី› ហើយក្រោយមកបាន‹នាំនាងទៅឯអ័ដាម›។—លោកុប្បត្តិ ២:២១-២៤
២ ព្រះយេស៊ូគ្រិស្តក៏ទទួលស្គាល់ថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សដោយមានបំណងឲ្យពួកគេរៀបការជាស្វាមីភរិយា។ ពេលមនុស្សខ្លះបានរិះគន់ព្រះយេស៊ូ ទ្រង់សំដៅទៅលើបទគម្ពីរខាងលើនេះជារឿងពិតដោយនិយាយថា៖ «តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះដែលទ្រង់បង្កើតមនុស្សកាលពីដើមថា ទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី? រួចក៏មានបន្ទូលថា៖ ‹ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ›។ យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ។ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នា[ជាស្វាមីភរិយា]ឡើយ»។ (ម៉ាថាយ ១៩:៤-៦) បើនិយាយឲ្យចំទៅ ស្វាមីភរិយាដែលចង់បានសុភមង្គល ពួកគាត់ត្រូវតែទទួលស្គាល់ថា ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតមនុស្សប្រុសស្រីដោយមានបំណងឲ្យពួកគេរៀបការជាស្វាមីភរិយា។ ពួកគាត់ក៏ត្រូវទទួលស្គាល់ដែរថា សុភមង្គលគ្រួសារអាស្រ័យលើការធ្វើតាមពាក្យណែនាំក្នុងព្រះគម្ពីរដែលជាបណ្ដាំព្រះ។
របៀបធ្វើជាស្វាមីល្អ
៣, ៤. (ក) ហេតុអ្វីក៏ព្រះយេស៊ូមានការយល់ដឹងច្រើនអំពីរបៀបគូស្វាមីភរិយាគួរនិយាយនិងប្រព្រឹត្តចំពោះគ្នា? (ខ) តើអ្នកណាប្រៀបដូចជាភរិយារបស់ព្រះយេស៊ូ? តើស្វាមីទាំងឡាយគួរប្រព្រឹត្តយ៉ាងណាលើភរិយារបស់ខ្លួន?
៣ ពួកប្រុសៗអាចក្លាយជាស្វាមីល្អបានដោយពិនិត្យមើលពាក្យសម្ដីដែលព្រះយេស៊ូធ្លាប់ប្រើ ហើយដោយប្រព្រឹត្តដូចទ្រង់ដែរ។ ព្រះយេស៊ូមានការយល់ដឹងច្រើនអំពីរបៀបគូស្វាមីភរិយាគួរនិយាយនិងប្រព្រឹត្តចំពោះគ្នា ពីព្រោះទ្រង់មានវត្តមានពេលព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុសស្រីដំបូង ហើយទ្រង់ក៏នៅទីនោះផងដែរ ពេលព្រះយេហូវ៉ាបានផ្សំផ្គុំបុរសនិងស្ត្រីទីមួយឲ្យធ្វើជាស្វាមីភរិយា។ ព្រះយេហូវ៉ាបាននិយាយទៅកាន់ព្រះយេស៊ូថា៖ «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង»។ (លោកុប្បត្តិ ១:២៦, កំណែជាអក្សរទ្រេត) ត្រូវមែន ព្រះយេហូវ៉ាបាននិយាយទៅកាន់ព្រះយេស៊ូដែលទ្រង់បានបង្កើតមុនអ្វីៗទាំងអស់ ហើយក្រោយៗមកព្រះយេស៊ូក៏បាន«នៅជិតទ្រង់ដូចជាមេជាង»។ (សុភាសិត ៨:២២-៣០) ព្រះយេស៊ូជា«បងច្បងនៃគ្រប់ទាំងអស់ដែលព្រះបានបង្កើតមក»។ ទ្រង់ជា«ដើមការដែលព្រះទ្រង់បង្កើតមក»ដែលមានន័យថា ព្រះយេហូវ៉ាបានបង្កើតទ្រង់មុនសកលលោកនេះទៅទៀត។—កូល៉ុស ១:១៥; វិវរណៈ ៣:១៤
៤ ព្រះយេស៊ូក៏បានត្រូវហៅថា «កូនចៀមនៃព្រះ» ហើយមានការពណ៌នាដែលប្រៀបធៀបទ្រង់ទៅនឹងស្វាមី ដ្បិតទេវតាមួយរូបបាននិយាយថា៖ «ចូរមកឯណេះ! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មីជាភរិយារបស់កូនចៀម»។ (យ៉ូហាន ១:២៩; វិវរណៈ ២១:៩) បើដូច្នេះ តើប្រពន្ធថ្មោងថ្មីដែលជាភរិយារបស់ព្រះយេស៊ូជាអ្នកណា? «ភរិយារបស់កូនចៀម»សំដៅទៅលើពួកអ្នកកាន់តាមព្រះគ្រិស្តយ៉ាងស្មោះត្រង់ដែលបានតែងតាំងឲ្យគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។ (វិវរណៈ ១៤:១, ៣) ដូច្នេះ របៀបព្រះយេស៊ូបានប្រព្រឹត្តលើសិស្សទ្រង់ពេលនៅលើផែនដី ជាគំរូល្អអំពីរបៀបស្វាមីទាំងឡាយគួរប្រព្រឹត្តលើភរិយារបស់ខ្លួន។
៥. តើព្រះយេស៊ូជាគំរូសម្រាប់អ្នកណា?
៥ ព្រះគម្ពីររៀបរាប់អំពីព្រះយេស៊ូជាគំរូដែលអ្នកកាន់តាមទ្រង់គួរប្រព្រឹត្តតាម ដ្បិតយើងអានក្នុងព្រះគម្ពីរថា៖ «ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ (ពេត្រុសទី១ ២:២១) ត្រូវហើយ ព្រះយេស៊ូបានទុកតម្រាប់ឬជាគំរូល្អ ពិសេសសម្រាប់ពួកប្រុសៗ។ ព្រះគម្ពីរចែងថា៖ «ព្រះគ្រីស្ទជាសិរសា[ឬអ្នក«នាំមុខ»]បុរសទាំងអស់ ឯបុរសវិញ នោះជាក្បាល[ឬអ្នក«នាំមុខ»]ស្ត្រី ហើយសិរសា[ឬអ្នក«នាំមុខ»]ព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣; ខ.ស.) ដោយសារព្រះគ្រិស្តជាអ្នកនាំមុខបុរស នោះស្វាមីទាំងឡាយគួរធ្វើតាមគំរូទ្រង់។ នេះមានន័យថា សមាជិកគ្រួសារត្រូវបង្ហាញការគោរពចំពោះមេគ្រួសារឬអ្នកនាំមុខក្រុមគ្រួសារដើម្បីទទួលប្រយោជន៍និងមានសុភមង្គល។ ដើម្បីសម្រេចការនេះបាន ស្វាមីទាំងឡាយត្រូវប្រព្រឹត្តលើភរិយារបស់ខ្លួនដោយបង្ហាញសេចក្ដីស្រឡាញ់ ដូចព្រះយេស៊ូបានប្រព្រឹត្តលើសិស្សទ្រង់ដែលប្រៀបដូចជាភរិយា។
វិធីដោះស្រាយបញ្ហារវាងស្វាមីនិងភរិយា
៦. តើស្វាមីគួរនៅជាមួយភរិយាយ៉ាងដូចម្ដេច?
៦ ដោយសារមានការពិបាកជាច្រើននៅគ្រានេះ ជាការចាំបាច់ណាស់ឲ្យស្វាមីទាំងឡាយធ្វើតាមគំរូរបស់ព្រះយេស៊ូដោយបង្ហាញចិត្តអត់ធ្មត់និងសេចក្ដីស្រឡាញ់ រួមទាំងត្រូវម៉ឺងម៉ាត់បន្ដិចក្នុងការជំរុញឲ្យក្រុមគ្រួសារប្រព្រឹត្តតាមក្ដីសុចរិត។ (ធីម៉ូថេទី២ ៣:១-៥) យើងអានក្នុងព្រះគម្ពីរអំពីគំរូរបស់ព្រះយេស៊ូថា៖ «ពួកប្រុសៗនោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ»។ (ពេត្រុសទី១ ៣:៧) ត្រូវមែន ស្វាមីទាំងឡាយត្រូវខំដោះស្រាយបញ្ហាជាមួយភរិយាដោយមានប្រាជ្ញា គឺតាមរបៀបព្រះយេស៊ូបានដោះស្រាយបញ្ហាផ្សេងៗដែរ។ ព្រះយេស៊ូបានរងទុក្ខខ្លាំងជាងមនុស្សឯទៀត ហើយទ្រង់ជ្រាបថា សាតាំងនិងពួកទេវតាអាក្រក់របស់វាព្រមទាំងពិភពលោកអាក្រក់នេះជាអ្នកបង្កឲ្យមានក្ដីទុក្ខវេទនា។ (យ៉ូហាន ១៤:៣០; អេភេសូរ ៦:១២) ព្រះយេស៊ូមិនដែលភ្ញាក់ផ្អើលពេលមានបញ្ហា ហើយគូស្វាមីភរិយាក៏មិនគួរភ្ញាក់ផ្អើលដែរ ពេលពួកគាត់មាន«សេចក្ដីទុក្ខព្រួយខាងសាច់ឈាម»។ តាមពិត ព្រះគម្ពីរបានព្រមានថា អ្នកណាដែលរៀបការ អ្នកនោះនឹងមានទុក្ខព្រួយ។—កូរិនថូសទី១ ៧:២៨
៧, ៨. (ក) តើការរស់នៅជាមួយភរិយាដោយប្រាជ្ញារួមបញ្ចូលអ្វីខ្លះ? (ខ) ហេតុអ្វីក៏គួរគប្បីឲ្យស្វាមីបង្ហាញការគោរពចំពោះភរិយា?
៧ ព្រះគម្ពីរចែងថា ស្វាមីគួរនៅជាមួយភរិយា«ដោយប្រាជ្ញា» ហើយក៏រៀបរាប់ថានាងប្រៀបដូចជា«គ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី» ដូច្នេះស្វាមីគួរ«រាប់អាន[ឬ«គោរព»]នាង»។ (ពេត្រុសទី១ ៣:៧; ខ.ស.) យូរឆ្នាំមុននេះ មានទំនាយមួយសរសេរក្នុងព្រះគម្ពីរថា បុរសភាគច្រើននឹងត្រួតត្រាយ៉ាងខ្លាំងលើភរិយារបស់ខ្លួន តែព្រះយេហូវ៉ាពេញចិត្តចំពោះតែបុរសណាដែលបង្ហាញការគោរពចំពោះភរិយារបស់ខ្លួនវិញ។ (លោកុប្បត្តិ ៣:១៦) ស្វាមីល្អនឹងប្រព្រឹត្តលើភរិយាហាក់ដូចជានាងជាគ្រឿងភាជនៈដែលមានតម្លៃថ្លៃបំផុត ហើយទោះជាគាត់មានកម្លាំងខ្លាំងជាងនាងក្ដី ក៏គាត់មិនប្រើកម្លាំងនោះដើម្បីធ្វើបាបនាងដែរ។ ផ្ទុយទៅវិញ ស្វាមីល្អតែងយល់ដល់អារម្មណ៍របស់ភរិយាខ្លួន ហើយប្រព្រឹត្តលើនាងដោយថ្លៃថ្នូរនិងបង្ហាញការគោរពជានិច្ច។
៨ ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យស្វាមីបង្ហាញការគោរពចំពោះភរិយា? ព្រះគម្ពីរឆ្លើយថា ពួកប្រុសៗត្រូវ«រាប់អាន[ភរិយា]ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិតទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។ (ពេត្រុសទី១ ៣:៧) ស្វាមីទាំងឡាយត្រូវយល់ថា ក្នុងចំណោមពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា ទ្រង់មិនចាត់ទុកមនុស្សប្រុសសំខាន់ជាងមនុស្សស្រីទេ។ រីឯស្ត្រីណាដែលគាប់ចិត្តព្រះយេហូវ៉ា គាត់នឹងទទួលរង្វាន់ស្មើនឹងបុរសទាំងឡាយ ពោលគឺជីវិតជារៀងរហូត។ ហើយស្ត្រីខ្លះក៏នឹងមានជីវិតនៅឯស្ថានសួគ៌ដែរ ជាទីកន្លែងដែល«គ្មាន[ភេទ]ប្រុសនឹងស្រី»។ (កាឡាទី ៣:២៨) ដូច្នេះ ស្វាមីទាំងឡាយគួរចងចាំថា ព្រះយេហូវ៉ាឲ្យតម្លៃចំពោះមនុស្សម្នាក់ៗដោយព្រោះអ្នកនោះស្មោះត្រង់ចំពោះទ្រង់ មិនមែនដោយសារគាត់ជាមនុស្សប្រុសឬស្រី ឬជាស្វាមី ភរិយាឬក៏កូនក្មេងឡើយ។—កូរិនថូសទី១ ៤:២
៩. (ក) យោងទៅតាមសំណេររបស់ពេត្រុស ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យស្វាមីបង្ហាញការគោរពចំពោះភរិយារបស់ខ្លួន? (ខ) តើព្រះយេស៊ូបានបង្ហាញការគោរពចំពោះមនុស្សស្រីដោយរបៀបណា?
៩ ពាក្យចុងក្រោយរបស់សាវ័កពេត្រុសបញ្ជាក់មូលហេតុមួយទៀតដែលស្វាមីទាំងឡាយត្រូវបង្ហាញការគោរពចំពោះភរិយា ពោលគឺ «ដើម្បីកុំឲ្យមានអ្វីបង្អាក់ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។ ការបង្អាក់នេះអាចធ្វើឲ្យមានគ្រោះថ្នាក់ធំមែន! ដ្បិតព្រះយេហូវ៉ាអាចបាំងផ្លូវកុំឲ្យសេចក្ដីអធិស្ឋានរបស់ស្វាមីចូលទៅដល់ទ្រង់ឡើយ ដូចអ្នកបម្រើខ្លះបានពិសោធនៅអតីតកាលដោយព្រោះពួកគេមិនបានប្រុងប្រយ័ត្ន។ (បរិទេវ ៣:៤៣, ៤៤) ដូច្នេះ មិនថាបុរសគ្រិស្តសាសនិកមានភរិយារួចហើយ ឬកំពុងតែគិតរកភរិយាក្ដី យកល្អឲ្យគាត់ពិនិត្យមើលរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តដោយថ្លៃថ្នូរលើមនុស្សស្រី។ ព្រះយេស៊ូបានស្វាគមន៍មនុស្សស្រីខ្លះឲ្យចូលរួមជាមួយពួកអ្នកដែលបានដើរផ្សព្វផ្សាយជាមួយទ្រង់ ហើយទ្រង់ក៏បានបង្ហាញការគោរពនិងចិត្តសប្បុរសចំពោះស្ត្រីទាំងនោះផងដែរ។ ណាមួយទៀត ក៏មានគ្រាមួយដែលព្រះយេស៊ូប្រាប់រឿងអស្ចារ្យដល់ស្ត្រីមុនគេ ទាំងបង្គាប់ឲ្យពួកគាត់ទៅប្រាប់ប្រុសៗទាំងឡាយតាមក្រោយ!—ម៉ាថាយ ២៨:១, ៨-១០; លូកា ៨:១-៣
គំរូល្អសម្រាប់ស្វាមីទាំងឡាយ
១០, ១១. (ក) ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យស្វាមីទាំងឡាយពិនិត្យមើលគំរូរបស់ព្រះយេស៊ូ? (ខ) តើស្វាមីទាំងឡាយគួរបង្ហាញក្ដីស្រឡាញ់ចំពោះភរិយាយ៉ាងដូចម្ដេច?
១០ ដូចបានបញ្ជាក់ខាងលើ ព្រះគម្ពីររៀបរាប់ថា ស្វាមីភរិយាគួរមានចំណងមិត្តភាពជាមួយគ្នាប្រហាក់ប្រហែលនឹងទំនាក់ទំនងរវាងព្រះគ្រិស្តនឹង«ប្រពន្ធថ្មោងថ្មី»ដែលជាក្រុមជំនុំនៃពួកអ្នកដែលសង្ឃឹមឡើងទៅស្ថានសួគ៌ជាមួយទ្រង់។ ព្រះគម្ពីរចែងថា៖ «ប្ដីជាក្បាល[ឬអ្នក«នាំមុខ»]ប្រពន្ធដូចជាព្រះគ្រីស្ទទ្រង់ជាសិរសា[ឬអ្នក«នាំមុខ»]ពួកជំនុំដែរ»។ (អេភេសូរ ៥:២៣; ខ.ស.) ពាក្យទាំងនេះគួរលើកទឹកចិត្តស្វាមីទាំងឡាយឲ្យពិនិត្យមើលរបៀបដែលព្រះយេស៊ូបាននាំមុខពួកអ្នកកាន់តាមទ្រង់។ តាមពិត ស្វាមីទាំងឡាយត្រូវតែពិចារណាមើលគំរូរបស់ព្រះយេស៊ូ ទើបពួកគាត់អាចធ្វើតាមទ្រង់ស្តីអំពីរបៀបថែទាំ ស្រឡាញ់និងផ្ដល់ការណែនាំដល់ភរិយារបស់ខ្លួន ដូចទ្រង់បានធ្វើចំពោះពួកជំនុំ។
១១ ព្រះគម្ពីរដាស់តឿនពួកគ្រិស្តសាសនិកថា៖ «បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៥) ក្នុងជំពូកបួននៃសៀវភៅអេភេសូរ ប៉ុលហៅ«ពួកជំនុំ»នោះ ជា«រូបកាយព្រះគ្រីស្ទ»។ ពួកជំនុំនោះដែលប្រៀបដូចជារូបកាយមួយ មានទាំងមនុស្សប្រុសនិងមនុស្សស្រីជាសមាជិក ហើយពួកគេទាំងអស់គ្នាប្រៀបដូចជាអវយវៈដែលចាំបាច់ដើម្បីអាចមានដំណើរការបាន។ រីឯព្រះយេស៊ូ ទ្រង់ជា«សិរសា[ឬក្បាល]របស់រូបកាយ[ដែល]ជាពួកជំនុំ»។—អេភេសូរ ៤:១២; កូល៉ុស ១:១៨; កូរិនថូសទី១ ១២:១២, ១៣, ២៧
១២. តើព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេចចំពោះពួកជំនុំដែលប្រៀបដូចជារូបកាយទ្រង់?
១២ ព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះ«ពួកជំនុំ»ដែលប្រៀបដូចជារូបកាយទ្រង់ ជាពិសេសទ្រង់គិតពីប្រយោជន៍ពួកអ្នកដែលនឹងក្លាយជាសមាជិកនៃពួកជំនុំដោយយកចិត្តទុកដាក់ចំពោះពួកគាត់ជានិច្ច។ ជាឧទាហរណ៍ ពេលសិស្សរបស់ព្រះយេស៊ូអស់កម្លាំងនោះ ទ្រង់និយាយទៅកាន់ពួកគេថា៖ «មកឯទីស្ងាត់ដោយឡែកនឹងឈប់សំរាកបន្ដិចសិន»។ (ម៉ាកុស ៦:៣១) សាវ័កម្នាក់របស់ព្រះយេស៊ូក៏បានរៀបរាប់អំពីអ្វីដែលទ្រង់ធ្វើមិនយូរប៉ុន្មានមុនគេប្រហារជីវិតទ្រង់។ គាត់សរសេរថា ព្រះយេស៊ូ«ស្រឡាញ់ដល់ពួកទ្រង់»ជាសមាជិកនៃពួកជំនុំដែលប្រៀបដូចជារូបកាយទ្រង់ ហើយ«ទ្រង់ក៏ចេះតែស្រឡាញ់គេដរាបដល់ចុងបំផុត»។ (យ៉ូហាន ១៣:១) ព្រះយេស៊ូពិតជាតាំងគំរូល្អមែនអំពីរបៀបស្វាមីទាំងឡាយគួរប្រព្រឹត្តលើភរិយារបស់ខ្លួន!
១៣. តើស្វាមីទាំងឡាយគួរស្រឡាញ់ភរិយាយ៉ាងណា?
១៣ ដោយផ្អែកលើគំរូដែលព្រះយេស៊ូទុកឲ្យស្វាមីទាំងឡាយនោះ សាវ័កប៉ុលបានដាស់តឿនបុរសទាំងឡាយថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធ . . . ដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹមហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ»។ ក្រោយមក ប៉ុលសរសេរទៀតថា៖ «ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួនដូចជាខ្លួនឯង»។—អេភេសូរ ៥:២៨, ២៩, ៣៣
១៤. តើបុរសតែងតែប្រព្រឹត្តយ៉ាងណាលើរូបកាយរបស់ខ្លួន? តើនេះបង្ហាញថាស្វាមីគួរប្រព្រឹត្តយ៉ាងណាលើភរិយារបស់ខ្លួន?
១៤ សូមគិតអំពីពាក្យរបស់ប៉ុលហើយពិនិត្យមើលថា តើបុរសធម្មតាម្នាក់នឹងមានបំណងធ្វើបាបរូបកាយខ្លួនឯងទេ? បើជើងគាត់ដើរប៉ះអ្វីមួយ តើគាត់នឹងវាយជើងនោះហាក់ដូចជាវាមានកំហុសឬ? គ្មានអ្នកណាធ្វើដូច្នេះទេ! ណាមួយទៀត តើមានស្វាមីណាម្នាក់និយាយដើមខ្លួនឯងនិងប្រាប់ពីកំហុសរបស់ខ្លួនដើម្បីធ្វើឲ្យខ្លួនអាម៉ាស់មុខឬទេ? មិនមែនទេ! បើដូច្នេះ តើស្វាមីនឹងជេរប្រមាថភរិយារបស់ខ្លួននិងប្រើអំពើហិង្សាលើនាងពេលនាងភ្លាត់ធ្វើខុសទេ? តាមពិត ស្វាមីទាំងឡាយមិនគួរស្វែងរកតែប្រយោជន៍ខ្លួនឯងទេ តែគួរគិតពីប្រយោជន៍ភរិយាវិញ។—កូរិនថូសទី១ ១០:២៤; ១៣:៥
១៥. (ក) ពេលពួកសិស្សបង្ហាញឲ្យឃើញភាពខ្សោយរបស់ខ្លួននោះ តើព្រះយេស៊ូប្រព្រឹត្តយ៉ាងណាទៅលើពួកគេ? (ខ) តើយើងអាចទាញយកមេរៀនអ្វីពីគំរូនេះរបស់ព្រះយេស៊ូ?
១៥ សូមគិតអំពីព្រឹត្ដិការណ៍នៅរាត្រីមុនព្រះយេស៊ូបានទទួលមរណភាព ដែលបង្ហាញពីរបៀបទ្រង់យកចិត្តទុកដាក់ចំពោះពួកសិស្ស ពេលពួកគេបានបង្ហាញឲ្យឃើញភាពខ្សោយរបស់ខ្លួន។ នៅក្នុងសួនច្បារគែតសេម៉ានី ពីរបីដងហើយព្រះយេស៊ូបានសូមឲ្យសិស្សទ្រង់អធិស្ឋាន។ ប៉ុន្តែបីដងពួកគេបានដេកលក់។ មួយរំពេចនោះ មានមនុស្សប្រដាប់អាវុធមកឡោមព័ទ្ធពួកគេ។ ព្រះយេស៊ូបានសួរអ្នកទាំងនោះថា៖ «តើ[អ្នក]មករកអ្នកណា?»។ ពេលពួកគេឆ្លើយថា៖ «[យើង]រកយេស៊ូវជាអ្នកស្រុកណាសារ៉ែត» នោះទ្រង់តបឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ដោយសារព្រះយេស៊ូជ្រាបថា ពេល‹កំណត់បានមកដល់ហើយ› ទ្រង់ក៏មានប្រសាសន៍ថា៖ «បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ!»។ ព្រះយេស៊ូមិនដែលឈប់គិតពីប្រយោជន៍ពួកសិស្សដែលប្រៀបដូចជាភរិយារបស់ទ្រង់ ហើយទ្រង់ក៏ខំរកឱកាសជួយពួកគេឲ្យរួចដែរ។ ពេលយើងពិនិត្យមើលរបៀបព្រះយេស៊ូបានប្រព្រឹត្តលើសិស្សទ្រង់ នោះស្វាមីទាំងឡាយអាចរកឃើញគោលការណ៍ជាច្រើនដែលទាក់ទងនឹងរបៀបពួកគាត់គួរប្រព្រឹត្តលើភរិយារបស់ខ្លួន។—យ៉ូហាន ១៨:១-៩; ម៉ាកុស ១៤:៣៤-៣៧, ៤១
សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូមិនបណ្ដោយទៅតាមទស្សនៈខុស
១៦. តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះម៉ាថា? តើព្រះយេស៊ូបានកែតម្រង់ម៉ាថាដោយរបៀបណា?
១៦ ព្រះគម្ពីរចែងថា៖ «ព្រះយេស៊ូវទ្រង់ស្រឡាញ់នាងម៉ាថានឹងប្អូនស្រីនាងហើយនឹងឡាសារផង» ហើយទ្រង់ក៏ស្នាក់នៅផ្ទះពួកគាត់ជាញឹកញយដែរ។ (យ៉ូហាន ១១:៥) យ៉ាងណាក៏ដោយ ព្រះយេស៊ូមិនស្ទាក់ស្ទើរក្នុងការទូន្មានម៉ាថាពេលគាត់គិតច្រើនពេកអំពីការធ្វើម្ហូបអាហារ ពីព្រោះនេះមានន័យថាគាត់មិនសូវមានពេលស្ដាប់ការបង្រៀនរបស់ទ្រង់។ ព្រះយេស៊ូនិយាយថា៖ «ម៉ាថាៗអើយ! នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម្ល៉េះ មានសេចក្ដីតែ១ទេដែលសំរាប់ត្រូវការ»។ (លូកា ១០:៤១, ៤២) ម៉ាថាច្បាស់ជាមិនតូចចិត្តទេពេលព្រះយេស៊ូទូន្មានគាត់ ពីព្រោះទ្រង់ប្រើសម្ដីដែលបង្ហាញពីសេចក្ដីស្រឡាញ់។ ស្រដៀងគ្នាដែរ ស្វាមីទាំងឡាយគួរចេះប្រើពាក្យគួរសមនិងប្រព្រឹត្តលើភរិយារបស់ខ្លួនដោយបង្ហាញចិត្តសប្បុរសនិងសេចក្ដីស្រឡាញ់។ ប៉ុន្តែ បើស្វាមីត្រូវជួយកែតម្រង់ភរិយា គាត់គួរតែនិយាយដោយឥតលាក់លៀមដូចព្រះយេស៊ូបានធ្វើដែរ។
១៧, ១៨. (ក) តើពេត្រុសជំទាស់យ៉ាងណានឹងព្រះយេស៊ូ? ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យព្រះយេស៊ូកែតម្រង់ពេត្រុស? (ខ) តើស្វាមីមានភារកិច្ចអ្វី?
១៧ មានគ្រាផ្សេងទៀតដែលព្រះយេស៊ូបានពន្យល់ប្រាប់សិស្សទ្រង់ថា ទ្រង់ត្រូវឡើងទៅឯទីក្រុងយេរូសាឡិមហើយនៅទីនោះ«ពួកចាស់ទុំ ពួកសង្គ្រាជនឹងពួកអាចារ្យ»នឹងបៀតបៀនទ្រង់។ ព្រះយេស៊ូពន្យល់ទៀតថា ក្រោយមកពួកគេនឹង«ធ្វើគុត[ទ្រង់]ផង តែក្រោយ៣ថ្ងៃមកទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ»។ ពេលពេត្រុសឮពាក្យនោះ គាត់ទៅជិតព្រះយេស៊ូទាំងជំទាស់នឹងទ្រង់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ»។ ទស្សនៈដ៏ខុសនេះច្បាស់ជាផុសចេញពីសេចក្ដីស្រឡាញ់ខ្លាំងដែលពេត្រុសមានចំពោះព្រះយេស៊ូ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូត្រូវកែតម្រង់ទស្សនៈរបស់គាត់។ ដូច្នេះ ព្រះយេស៊ូប្រាប់ពេត្រុសថា៖ «សាតាំងអើយ! ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ»។—ម៉ាថាយ ១៦:២១-២៣
១៨ ពេលព្រះយេស៊ូរៀបរាប់ថាទ្រង់នឹងរងទុក្ខជាច្រើនហើយទទួលមរណភាពនោះ ទ្រង់គ្រាន់តែប្រាប់ពីបំណងចិត្តរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ (ទំនុកដំកើង ១៦:១០; អេសាយ ៥៣:១២) ហេតុនេះហើយបានជាពេត្រុសមានទស្សនៈខុសឆ្គងពេលជំទាស់នឹងព្រះយេស៊ូ។ ជាលទ្ធផល ព្រះយេស៊ូត្រូវកែតម្រង់ពេត្រុសដោយម៉ឺងម៉ាត់ ដូចយើងរាល់គ្នាត្រូវការម្ដងម្កាលដែរ។ ដោយសារស្វាមីជាមេគ្រួសារ គាត់មានសិទ្ធិនិងភារកិច្ចកែតម្រង់សមាជិកគ្រួសារម្នាក់ៗ រួមទាំងភរិយារបស់គាត់ផងដែរ។ ជួនកាលមេគ្រួសារត្រូវកែតម្រង់ភរិយានិងកូនដោយម៉ឺងម៉ាត់ក៏ពិតមែន ប៉ុន្តែគាត់ក៏ត្រូវបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសប្បុរសរៀងរាល់ដងដែលគាត់ទូន្មានពួកគេ។ ពិតមែនហើយ ជួនកាលស្វាមីត្រូវជួយឲ្យភរិយាមានគំនិតត្រឹមត្រូវ ដូចព្រះយេស៊ូបានជួយកែតម្រង់ទស្សនៈរបស់ពេត្រុសដែរ។ ជាឧទាហរណ៍ បើភរិយាចាប់ផ្ដើមស្លៀកពាក់សម្អិតសម្អាងខ្លួនខុសពីអ្វីដែលរៀបរាប់ក្នុងព្រះគម្ពីរ ប្រហែលជាស្វាមីត្រូវជួយពន្យល់ដោយចិត្តសុភាពនូវមូលហេតុដែលនាងត្រូវកែប្រែបន្ដិច។—ពេត្រុសទី១ ៣:៣-៥
យកល្អឲ្យស្វាមីចេះអត់ធ្មត់
១៩, ២០. (ក) តើពួកសាវ័ករបស់ព្រះយេស៊ូបានឈ្លោះគ្នាអំពីរឿងអ្វី? តើព្រះយេស៊ូបានដោះស្រាយរឿងនោះដោយរបៀបណា? (ខ) ពេលព្រះយេស៊ូព្យាយាមកែតម្រង់ពួកសាវ័ក តើមានលទ្ធផលអ្វី?
១៩ បើស្វាមីឃើញថាគាត់ត្រូវផ្ដល់ការណែនាំដល់ភរិយានិងកូន គាត់ក៏ត្រូវយល់ថាពួកគេប្រហែលជានឹងមិនអាចកែប្រែបានភ្លាមៗទេ។ ព្រះយេស៊ូបានព្យាយាមកែតម្រង់ទស្សនៈរបស់សាវ័កទ្រង់ម្ដងហើយម្ដងទៀត។ ជាក់ស្តែងគឺមានការប្រកួតប្រជែងគ្នារវាងពួកគេម្ដងទៀត មិនយូរប៉ុន្មានមុនព្រះយេស៊ូបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដី។ ពួកគេបានជជែកគ្នាអំពីអ្នកណាជាអ្នកដែលធំជាងគេ។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥) មិនយូរប៉ុន្មានក្រោយពួកសាវ័ករបស់ព្រះយេស៊ូបានឈ្លោះគ្នាពីរឿងនេះជាលើកទីពីរនោះ ទ្រង់បានរៀបចំឲ្យពួកគេរួមគ្នាធ្វើបុណ្យរំលងជាលើកចុងក្រោយបង្អស់។ ពេលពួកគេបានចូលធ្វើបុណ្យនោះ គ្មានសាវ័កណាម្នាក់សុខចិត្តលាងជើងសាវ័កឯទៀតទេ ដ្បិតនេះជាអ្វីដែលពួកគេចាត់ទុកជាកិច្ចការថោកទាប។ នៅទីបំផុត ព្រះយេស៊ូបានលាងជើងពួកគេវិញ។ រួចមក ទ្រង់ប្រាប់ពួកគេថា៖ «ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ»។—យ៉ូហាន ១៣:២-១៥
២០ បើស្វាមីមានអាកប្បកិរិយារាបទាបដូចព្រះយេស៊ូ ភរិយាច្បាស់ជានឹងរួមកម្លាំងជាមួយស្វាមីព្រមទាំងគាំទ្រគាត់ជានិច្ច។ ប៉ុន្តែ ស្វាមីក៏ត្រូវចេះអត់ធ្មត់។ សូមគិតម្ដងទៀតអំពីរាត្រីដែលព្រះយេស៊ូតាំងគំរូឲ្យសាវ័កទ្រង់ ពេលធ្វើបុណ្យរំលងជាមួយគ្នានោះ។ នៅយប់នោះឯង ពួកគេបានឈ្លោះគ្នាម្ដងទៀតអំពីអ្នកណាដែលធំជាងគេ។ (លូកា ២២:២៤) ធម្មតាមនុស្សត្រូវការរយៈពេលយូរ ដើម្បីកែប្រែទស្សនៈនិងអាកប្បកិរិយាបន្ដិចម្ដងៗ។ ប៉ុន្តែ ពេលបានកែប្រែល្អហើយ នេះពិតជានាំឲ្យមានលទ្ធផលល្អមែន ដូចក្នុងករណីពួកសាវ័ករបស់ព្រះយេស៊ូ!
២១. ដោយសារមានការពិបាកជាច្រើននៅសម័យយើងនេះ តើស្វាមីទាំងឡាយគួរចងចាំនិងធ្វើអ្វី?
២១ នៅសម័យយើងនេះ គូស្វាមីភរិយាមានបញ្ហាផ្សេងៗច្រើនជាងនៅសម័យមុនៗទៅទៀត។ ពេលស្វាមីភរិយាភាគច្រើនស្បថចំពោះគ្នានៅថ្ងៃមង្គលការ សម្បថនោះមិនសូវមានន័យអ្វីចំពោះពួកគេទៀតទេ។ ហេតុនេះហើយ ចូរឲ្យស្វាមីទាំងឡាយគិតពិចារណាអំពីព្រះដែលបានបង្កើតមនុស្សប្រុសស្រីមកដោយមានបំណងឲ្យពួកគេរៀបការជាស្វាមីភរិយា។ ចូរចាំថា ព្រះយេហូវ៉ាពោរពេញទៅដោយសេចក្ដីស្រឡាញ់ ហើយទ្រង់ពេញចិត្តឲ្យមនុស្សរៀបអាពាហ៍ពិពាហ៍ ដ្បិតនេះជាអ្វីដែលទ្រង់បានរៀបចំឡើងពេលទ្រង់បង្កើតមនុស្សប្រុសស្រីដំបូង។ ណាមួយទៀត ព្រះយេហូវ៉ាបានចាត់ព្រះយេស៊ូជាបុត្រទ្រង់មក មិនគ្រាន់តែឲ្យទ្រង់ធ្វើជាអ្នកសង្គ្រោះដែលលោះបាបយើងប៉ុណ្ណោះទេ តែឲ្យទ្រង់ធ្វើជាគំរូល្អមួយដែលស្វាមីទាំងឡាយអាចយកតម្រាប់តាមបាន។—ម៉ាថាយ ២០:២៨; យ៉ូហាន ៣:២៩; ពេត្រុសទី១ ២:២១
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងទទួលស្គាល់ថាព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុសស្រីមកដោយមានបំណងឲ្យពួកគេរៀបការជាស្វាមីភរិយា?
• តើស្វាមីទាំងឡាយគួរស្រឡាញ់ភរិយាយ៉ាងណា?
• សូមប្រាប់ឧទាហរណ៍ខ្លះពីរបៀបព្រះយេស៊ូបានប្រព្រឹត្តលើសិស្សទ្រង់ដែលជាគំរូអំពីរបៀបស្វាមីទាំងឡាយគួរប្រព្រឹត្តលើភរិយារបស់ខ្លួន។
[រូបភាពនៅទំព័រ១០]
ស្វាមីទាំងឡាយគួរចេះប្រើពាក្យគួរសមនិងប្រព្រឹត្តលើភរិយាដោយបង្ហាញចិត្តសប្បុរសនិងសេចក្ដីស្រឡាញ់