ចូរទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់
«ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់»។—ទំនុកដំកើង ៩:១០
១. ហេតុអ្វីក៏យើងអាចទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ក្នុងសម័យយើងនេះ?
ក្នុងពិភពលោកសម័យយើងនេះ ការអញ្ជើញឲ្យទុកចិត្តដល់ព្រះនិងបន្ទូលរបស់ទ្រង់ ព្រះគម្ពីរ ហាក់បីដូចជាគ្មានប្រយោជន៍ហើយឥតសមសោះ។ ប៉ុន្តែ ប្រាជ្ញារបស់ព្រះបានបង្ហាញថាជាការពិតហើយមានប្រយោជន៍ អស់រយៈជាយូរយារមកហើយ។ ព្រះអាទិទេពរបស់បុរសនិងស្ត្រី គឺជាអ្នកផ្ដើមនៃអាពាហ៍ពិពាហ៍និងគ្រួសារ ហើយទ្រង់ជ្រាបដឹងនូវសេចក្ដីត្រូវការរបស់យើងជាងបុគ្គលណាទៅទៀត។ កាលដែលសេចក្ដីត្រូវការរបស់មនុស្សមិនបានផ្លាស់ប្ដូរ ដូច្នេះវិធីសំខាន់ចំពោះការបំពេញសេចក្ដីត្រូវការទាំងនោះក៏នៅមានដដែល។ ឱវាទដ៏មានប្រាជ្ញារបស់ព្រះគម្ពីរ ថ្វីបើបានសរសេរជាច្រើនសតវត្សមកហើយក៏ដោយ ក៏នៅផ្ដល់ការណែនាំដ៏ល្អបំផុតក្នុងការរស់នៅ ហើយក្នុងការដោះស្រាយបញ្ហាឲ្យបានជោគជ័យ។ ការយកចិត្តទុកដាក់ដល់ឱវាទទាំងនេះនឹងធ្វើឲ្យយើងសប្បាយណាស់—សូម្បីតែរស់នៅក្នុងពិភពលោកដ៏ស្មុគស្មាញនិងខាងវិទ្យាសាស្ត្រនេះក៏ដោយ!
២. (ក) តើការគោរពតាមបញ្ជារបស់ព្រះ ផលិតផលផ្លែល្អអ្វីខ្លះក្នុងជីវិតរបស់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា? (ខ) តើមានអ្វីទៀតដែលព្រះយេហូវ៉ាសន្យាឲ្យពួកអ្នកដែលគោរពតាមទ្រង់និងបន្ទូលរបស់ទ្រង់?
២ ការទុកចិត្តដល់ព្រះយេហូវ៉ាហើយអនុវត្តតាមគោលការណ៍ព្រះគម្ពីរ នាំឲ្យមានផលប្រយោជន៍រៀងរាល់ថ្ងៃ។ ភាពជាក់ស្តែងនៃការនេះ បានសម្ដែងឲ្យឃើញក្នុងជីវិតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់នៅជុំវិញផែនដី ដែលមានជំនឿស៊ប់ ហើយសេចក្ដីក្លាហានក្នុងការអនុវត្តតាមឱវាទព្រះគម្ពីរ។ ចំពោះពួកគេ ការទុកចិត្តដល់ព្រះអាទិទេពនិងបន្ទូលរបស់ទ្រង់គឺជាអ្វីដ៏ត្រឹមត្រូវ។ (ទំនុកដំកើង ៩:៩, ១០) ការគោរពតាមបញ្ជារបស់ព្រះធ្វើឲ្យពួកគេទៅជាមនុស្សដ៏ប្រសើរ ចំពោះភាពស្អាតបាត ការទៀងត្រង់ ការឧស្សាហ៍ ការគោរពជីវិត និងទ្រព្យសម្បត្ដិរបស់អ្នកដទៃ ហើយចំពោះការទទួលទានដោយចេះប្រមាណ។ នេះនាំឲ្យមានសេចក្ដីស្រឡាញ់ត្រឹមត្រូវនិងការហ្វឹកហ្វឺនក្នុងក្រុមគ្រួសារ—ដោយចេះរាក់ទាក់ អត់ធ្មត់ មេត្ដាករុណានិងចេះអត់ឱនទោស—ព្រមទាំងមានជាច្រើនទៀត។ ពួកគេអាចចៀសវាងពីផលផ្លែអាក្រក់ដូចជាកំហឹង សម្អប់ ការកាប់សម្លាប់ ច្រណែន ខ្លាច ខ្ជិល អំនួត ការភូតភរ ការនិយាយបង្ខូច ការមិនរើសមុខ និងអំពើអសីលធម៌។ (ទំនុកដំកើង ៣២:១០) ប៉ុន្តែទ្រង់ប្រទានឲ្យជាច្រើនទៀត មិនគ្រាន់តែសន្យាឲ្យលទ្ធផលល្អដល់ពួកអ្នកដែលកាន់តាមក្រិត្យវិន័យរបស់ទ្រង់ប៉ុណ្ណោះទេ។ ព្រះយេស៊ូមានបន្ទូលថា អស់អ្នកដែលកាន់តាមផ្លូវគ្រីស្ទាននឹងទទួល«១រយភាគឡើង ក្នុងសម័យនេះ . . . ម្ដាយហើយកូន នឹងស្រែចំការ ព្រមទាំង សេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង»។—ម៉ាកុស ១០:២៩, ៣០
ចូរចៀសវាងទុកចិត្តប្រាជ្ញាលោកីយ៍
៣. ក្នុងការបន្តទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ តើជនគ្រីស្ទានជួនកាលជួបប្រទះបញ្ហាណាខ្លះ?
៣ បញ្ហាមួយរបស់មនុស្សឥតគ្រប់ល័ក្ខណ៍ គឺថាពួកគេចេះតែធ្វើព្រងើយឬបំភ្លេចនូវអ្វីដែលព្រះតម្រូវ។ ពួកគេអាចចាប់ផ្ដើមគិតដោយស្រួលថា ប្រាជ្ញារបស់គេប្រសើរជាងព្រះ ឬថាប្រាជ្ញាពីវណ្ណៈបញ្ញវន្តក្នុងលោកីយ៍នេះគឺខ្ពង់ខ្ពស់ជាងព្រះ ហើយទាន់សម័យទៀត។ ពួកអ្នកបំរើរបស់ព្រះក៏អាចបង្កើតអាកប្បកិរិយាដូចនេះដែរ ពីព្រោះពួកគេរស់នៅក្នុងលោកីយ៍នេះ។ ដូច្នេះ ក្នុងការអញ្ជើញឲ្យស្ដាប់តាមឱវាទរបស់ទ្រង់ ព្រះវរបិតានៃស្ថានសួគ៌របស់យើង បានរួមបញ្ចូលទាំងការព្រមានដ៏ត្រឹមត្រូវនេះថា៖ «កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ»។—សុភាសិត ៣:១, ២, ៥-៧
៤. តើ«ប្រាជ្ញានៃលោកីយ៍»មានច្រើនពាសពេញយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជា«ល្ងង់ល្ងើនៅចំពោះព្រះ»?
៤ ប្រាជ្ញានៃលោកីយ៍នេះគឺមានជាបរិបូរហើយចេញពីប្រភពច្រើន។ គឺមានគ្រឹះស្ថានបង្ហាត់ជាច្រើន ហើយមាន«សៀវភៅជាច្រើន . . . មិនចេះអស់មិនចេះហើយឡើយ»។ (សាស្ដា ១២:១២) មហាវិថីនៃពត៌មានក្នុងវិស័យកុំព្យូទ័រ សន្យាឲ្យពត៌មានដ៏គ្មានកំរិតអំពីប្រធានគ្រប់បែបយ៉ាង។ ប៉ុន្តែការមានចំណេះវិជ្ជាជាច្រើនទាំងនេះ មិនបានធ្វើឲ្យមនុស្សលោកមានប្រាជ្ញាច្រើន ឬអាចដោះស្រាយបញ្ហារបស់ខ្លួននោះឡើយ។ ផ្ទុយទៅវិញ ស្ថានការណ៍នៃពិភពលោកនេះគឺកាន់តែអាក្រក់ឡើងៗរៀងរាល់ថ្ងៃ។ ដូច្នេះហើយ ព្រះគម្ពីរចែងប្រាប់យើងថា«ប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ»។—កូរិនថូសទី១ ៣:១៩, ២០
៥. តើព្រះគម្ពីរឲ្យការព្រមានអ្វីខ្លះអំពី«ប្រាជ្ញានៃលោកីយនេះ»?
៥ ក្នុងកំឡុងនៃថ្ងៃជាន់ក្រោយបង្អស់ យើងដឹងថាអារក្សសាតាំង ដែលជាមេបំភាន់ នឹងធ្វើឲ្យមានការភូតភរជាច្រើន ដើម្បីធ្វើឲ្យអន្តរាយដល់ការខិតខំទុកចិត្តសេចក្ដីពិតនៃព្រះគម្ពីរ។ ពួកអ្នកទិតៀនព្រះគម្ពីរបានផលិតសៀវភៅជាច្រើន ដែលប្រកួតប្រជែងដល់ភាពពិតនិងភាពទុកចិត្តបាននៃព្រះគម្ពីរ។ ប៉ុលបានព្រមានប្រាប់គូកនគ្រីស្ទានរបស់គាត់ថា៖ «ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្ដីដែលក្លែងហៅថា ចំណេះវិជ្ជាផង ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្ដីជំនឿចេញហើយ»។ (ធីម៉ូថេទី១ ៦:២០, ២១) ព្រះគម្ពីរក៏ព្រមានទៀតថា៖ «ចូរប្រយ័ត៖ ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៨
ការប្រយុទ្ធនឹងចិត្តដែលចេះតែសង្ស័យ
៦. ហេតុអ្វីក៏ត្រូវប្រុងប្រយ័ត្នកុំឲ្យការសង្ស័យចាក់ឫសក្នុងចិត្តរបស់យើង?
៦ កលល្បិចមួយទៀតដែលអារក្សប្រើ គឺការបណ្ដុះការសង្ស័យក្នុងគំនិត។ វាប្រុងស្មារតីជានិច្ចក្នុងការចាំមើលភាពទន់ខ្សោយក្នុងជំនឿ រួចកេងប្រវ័ញ្ចពីនេះ។ ចំពោះពួកអ្នកណាដែលមានចិត្តសង្ស័យ ចូរចងចាំថា បុគ្គលដែលបានធ្វើឲ្យមានការសង្ស័យបែបនេះ គឺជាបុគ្គលដែលបានមានប្រសាសន៍ទៅនាងអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ»? ក្រោយពីវាបានបណ្ដុះការសង្ស័យក្នុងគំនិតរបស់នាងហើយ ជំហានបន្ទាប់គឺវានិយាយប្រាប់ពាក្យភូតភរ ហើយនាងបានជឿពាក្យនោះ។ (លោកុប្បត្តិ ៣:១, ៤, ៥) យើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន ទើបយើងអាចចៀសផុតពីការសង្ស័យដែលអាចធ្វើឲ្យហិនហោចដល់ជំនឿរបស់យើង ដូចនាងអេវ៉ា។ បើសិនជាមានការសង្ស័យតូចណាមួយអំពីព្រះយេហូវ៉ា បន្ទូលរបស់ទ្រង់ ឬអំពីអង្គការរបស់ទ្រង់ បានចាប់ផ្ដើមអែនអនក្នុងចិត្តរបស់អ្នក ចូរចាត់វិធានការកំចាត់វាចោលភ្លាមទៅ មុននឹងទៅជាអ្វីមួយដែលអាចបំផ្លាញជំនឿរបស់អ្នក។—ប្រៀបធៀប កូរិនថូសទី១ ១០:១២
៧. តើអាចធ្វើអ្វីដើម្បីកំចាត់ការសង្ស័យ?
៧ តើអាចធ្វើយ៉ាងណាខ្លះ? ម្ដងនេះទៀត ចម្លើយគឺថាដោយទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់។ «បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រ ដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង»។ (យ៉ាកុប ១:៥, ៦; ពេត្រុសទី២ ៣:១៧, ១៨) ដូច្នេះជំហានទីមួយ គឺការខំខ្នះខ្នែងអធិស្ឋានទៅព្រះយេហូវ៉ា។ (ទំនុកដំកើង ៦២:៨) រួចមក ចូរកុំឲ្យមានចិត្តស្ទាក់ស្ទើរទៅសុំជំនួយពីពួកអ្នកត្រួតពិនិត្យដែលមានសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំ។ (កិច្ចការ ២០:២៨; យ៉ាកុប ៥:១៤, ១៥; យូដាស ២២) គេអាចជួយអ្នកក្នុងការតាមដានមើលប្រភពនៃការសង្ស័យរបស់អ្នក ដែលប្រហែលជាមានមកដោយចិត្តមានះឬការគិតខុសណាមួយ។
៨. តើគំនិតក្បត់ជំនឿមានកំណើតមកយ៉ាងដូចម្ដេច ហើយតើមានការដោះស្រាយយ៉ាងណា?
៨ តើការអានឬស្ដាប់មតិរបស់ពួកអ្នកក្បត់ជំនឿឬទស្សនៈលោកីយ៍ធ្វើមានការសង្ស័យដ៏ពុលនេះឬ? ដោយប្រាជ្ញា ព្រះគម្ពីរផ្ដល់ឲ្យឱវាទថា៖ «ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ»។ (ធីម៉ូថេទី២ ២:១៥-១៧) ជាការគួរឲ្យចាប់អារម្មណ៍ដែរ មនុស្សជាច្រើនដែលបានរងគ្រោះនៃសេចក្ដីក្បត់ជំនឿ បានចាប់ផ្ដើមពីទិសដៅខុស ដែលជាដំបូងបានត្អូញត្អែរពីរបៀបដែលមនុស្សបានប្រព្រឹត្តមកលើខ្លួនក្នុងអង្គការរបស់ព្រះយេហូវ៉ា។ (យូដាស ១៦) នៅក្រោយមក គេក៏ចាប់ផ្ដើមរកកំហុសក្នុងជំនឿ។ ដូចជាអ្នកវះកាត់ម្នាក់នឹងវះយកចេញដំបៅរលួយភ្លាមជាយ៉ាងណា អ្នកក៏ត្រូវប្រព្រឹត្តឲ្យបានភ្លាមដែរ ក្នុងការកំចាត់ចោលការទោរទន់ត្អូញត្អែរ ការមិនពេញចិត្តនឹងរបៀបដែលបានធ្វើឡើងក្នុងក្រុមជំនុំគ្រីស្ទានពីគំនិតរបស់អ្នក។ (កូល៉ុស ៣:១៣, ១៤) ចូរយកចេញអ្វីៗដែលធ្វើឲ្យមានការសង្ស័យបែបនោះចុះ។—ម៉ាកុស ៩:៤៣
៩. តើទម្រង់ការគ្រីស្ទានដ៏ល្អអាចជួយយើងឲ្យរក្សាជំនឿមាំមួនយ៉ាងណា?
៩ ចូរនៅឲ្យជិតព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ចុះ។ ចូរប្រព្រឹត្តតាមពេត្រុសដោយចិត្តស្មោះ ដែលបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា៖ «ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។ (យ៉ូហាន ៦:៥២, ៦០, ៦៦-៦៨) ចូរធ្វើយ៉ាងណាឲ្យមានកម្មវិធីល្អនៃការសិក្សាបន្ទូលរបស់ព្រះយេហូវ៉ា ដើម្បីឲ្យអ្នករក្សាជំនឿរបស់អ្នកឲ្យបានមាំមួន ដូចជាខែលដ៏ធំមួយ ដែលអាច«រំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច»។ (អេភេសូរ ៦:១៦) ចូរធ្វើយ៉ាងណាឲ្យបានសកម្មក្នុងកិច្ចបំរើគ្រីស្ទាន ដោយចូលរួមប្រាប់អ្នកដទៃអំពីសារព្រះរាជាណាចក្រ។ ចូរមានចិត្តអបអររំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានប្រទានពរដល់អ្នករៀងរាល់ថ្ងៃ។ ចូរឲ្យមានអំណរគុណផងដែរ ដែលអ្នកមានចំណេះវិជ្ជានៃសេចក្ដីពិត។ ការធ្វើរបស់ទាំងនេះក្នុងទម្រង់ការគ្រីស្ទាន នឹងជួយអ្នកឲ្យបានសប្បាយចិត្ត ឲ្យស៊ូទ្រាំ និងឲ្យគ្មានការសង្ស័យទៀតឡើយ។—ទំនុកដំកើង ៤០:៤; ភីលីព ៣:១៥, ១៦; ហេព្រើរ ៦:១០-១២
ការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាក្នុងអាពាហ៍ពិពាហ៍
១០. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះក្នុងការទុកចិត្តដល់ព្រះយេហូវ៉ាចំពោះការណែនាំក្នុងអាពាហ៍ពិពាហ៍គ្រីស្ទាន?
១០ ក្នុងការរៀបចំឲ្យបុរសនិងស្ត្រីរស់នៅជាមួយគ្នា ជាគូស្វាមីភរិយា ព្រះយេហូវ៉ាមិនគ្រាន់តែមានបំណងឲ្យគេបំពេញផែនដីប៉ុណ្ណោះទេ តែឲ្យគេមានសុភមង្គលផងដែរ។ ប៉ុន្តែ អំពើបាបនិងភាពឥតគ្រប់ល័ក្ខណ៍បានធ្វើឲ្យមានបញ្ហាយ៉ាងធ្ងន់ដល់ទំនាក់ទំនងនៃអាពាហ៍ពិពាហ៍។ ហើយជនគ្រីស្ទានក៏មិនអាចចៀសផុតពីនេះឡើយ ពីព្រោះពួកគេក៏ជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយមានការពិបាកក្នុងការរស់នៅរៀងរាល់ថ្ងៃក្នុងសម័យនេះ។ ប៉ុន្តែ បើកាលណាគេទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ ជនគ្រីស្ទានទាំងឡាយនឹងអាចមានការជោគជ័យក្នុងអាពាហ៍ពិពាហ៍និងក្នុងការចិញ្ចឹមកូនចៅរបស់គេ។ ការប្រព្រឹត្តនិងមារយាទដែលមិនគោរពព្រះ គឺមិនគួរមានក្នុងអាពាហ៍ពិពាហ៍គ្រីស្ទានឡើយ។ បន្ទូលរបស់ព្រះដាស់តឿនយើងថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។—ហេព្រើរ ១៣:៤
១១. ក្នុងការដោះស្រាយបញ្ហាខាងអាពាហ៍ពិពាហ៍ តើប្ដីនិងប្រពន្ធត្រូវទទួលស្គាល់អ្វី?
១១ អាពាហ៍ពិពាហ៍ដែលបានសម្រេចតាមឱវាទព្រះគម្ពីរ គឺមានសេចក្ដីស្រឡាញ់ កាតព្វកិច្ច និងសន្ដិសុខ។ ទាំងប្ដីនិងប្រពន្ធយល់ចិត្តគ្នាហើយគោរពគោលការណ៍នៃប្រមុខភាព។ នៅពេលដែលមានបញ្ហា នេះធម្មតាគឺមានមកដោយមិនអនុវត្តតាមឱវាទព្រះគម្ពីរ។ ក្នុងការដោះស្រាយបញ្ហា ជាការសំខាន់ណាស់ដែលប្ដីនិងប្រពន្ធពិចារណាដោយស្មោះនឹងបញ្ហានោះ ហើយដោះស្រាយបុព្វហេតុជាជាងអាការហេតុ។ បើគ្មានការយល់ស្របគ្នាក្រោយពីការពិចារណាថ្មីៗនេះ គូស្វាមីភរិយាប្រហែលជាអាចសុំជំនួយពីអ្នកត្រួតពិនិត្យដែលឥតលំអៀងដែលប្រកបដោយសេចក្ដីស្រឡាញ់។
១២. (ក) តើព្រះគម្ពីរផ្ដល់ឲ្យឱវាទចំពោះបញ្ហាដែលមានទូទៅអ្វីខ្លះក្នុងអាពាហ៍ពិពាហ៍? (ខ) ហេតុអ្វីក៏ជាការចាំបាច់ដែលប្ដីនិងប្រពន្ធត្រូវធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា?
១២ តើបញ្ហានោះទាក់ទងនឹងការធ្វើគមនាគមន៍ ការគោរពដល់អារម្មណ៍របស់គូខ្លួន ការគោរពចំពោះប្រមុខភាព ឬទាក់ទងនឹងរបៀបដែលបានសម្រេចចិត្តឬ? តើនេះទាក់ទងនឹងការចិញ្ចឹមកូនចៅ ឬការចេះថ្លឹងថ្លែងចំពោះសេចក្ដីត្រូវការខាងរួមសង្វាស? ឬក៏ថវិកាក្នុងគ្រួសារ ការលំហែចិត្តកាយ ការសេពគប់ ថាតើប្រពន្ធត្រូវធ្វើការ ឬកន្លែងដែលត្រូវរស់នៅឬ? ទោះជាមានបញ្ហាបែបណាក៏ដោយ ព្រះគម្ពីរផ្ដល់ឲ្យយោបល់ដ៏មានប្រយោជន៍ តាមរយៈចំៗនៃក្រិត្យវិន័យឬក៏តាមរយៈគោលការណ៍។ (ម៉ាថាយ ១៩:៤, ៥, ៩; កូរិនថូសទី១ ៧:១-៤០; អេភេសូរ ៥:២១-២៣, ២៨-៣៣; ៦:១-៤; កូល៉ុស ៣:១៨-២១; ទីតុស ២:៤, ៥; ពេត្រុសទី១ ៣:១-៧) កាលណាប្ដីនិងប្រពន្ធមិនទាមទារដោយអាត្មានិយម ហើយបណ្ដាលឲ្យសេចក្ដីស្រឡាញ់មានក្នុងអាពាហ៍ពិពាហ៍របស់គេ នោះនឹងធ្វើឲ្យមានសុភមង្គល។ ដើម្បីនឹងធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា ប្ដីនិងប្រពន្ធត្រូវតែមានចិត្តចង់ដ៏ខ្លាំងក្នុងការកែប្រែអ្វីៗចាំបាច់ទាំងនោះ។ «អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ»។—សុភាសិត ១៦:២០
យុវជន—ចូរស្ដាប់តាមបន្ទូលរបស់ព្រះ
១៣. ហេតុអ្វីក៏មិនជាការស្រួលចំពោះក្មេងគ្រីស្ទានឲ្យលូតលាស់ជំនឿមាំមួនក្នុងព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់?
១៣ មិនជាការស្រួលទេ ចំពោះយុវជនគ្រីស្ទានឲ្យលូតលាស់មានជំនឿមាំមួន ក្នុងលោកីយ៍ដ៏អាក្រក់ជុំវិញនេះ។ មូលហេតុមួយគឺថា«លោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច» គឺអារក្សសាតាំង។ (យ៉ូហានទី១ ៥:១៩) សត្រូវកំណាចនេះកំពុងតែប្រយុទ្ធដល់យុវជន ដែលអាចធ្វើឲ្យរបស់អាក្រក់មើលឃើញល្អ។ អាកប្បកិរិយាថាខ្លួនលេខមួយ បំណងចិត្តកំណាញ់ និងការចង់បានអ្វីដែលអសីលធម៌ហើយឃោរឃៅ ការស្វែងរកការកំសាន្តដោយមិនធម្មតា—របស់ទាំងនេះ គឺមានគំនិតតែមួយ ដែលព្រះគម្ពីរចែងប្រាប់ថាជា«វិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ (អេភេសូរ ២:១-៣) សាតាំងបានផ្សព្វផ្សាយ«វិញ្ញាណ»នេះ ក្នុងសៀវភៅសិក្សា ក្នុងបទភ្លេងជាច្រើន ក្នុងកីឡា ហើយក្នុងបែបបទផ្សេងៗទៀតនៃគ្រឿងកំសាន្ត។ ឪពុកម្ដាយត្រូវតែប្រុងប្រយ័ត្នយកឥទ្ធិពលនេះចេញ ដោយជួយកូនចៅរបស់គេឲ្យលូតលាស់ការទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់។
១៤. តើតាមរបៀបណាដែលយុវជន‹គេចចេញពីតណ្ហានៃយុវវ័យ›?
១៤ ប៉ុលបានឲ្យយោបល់នេះទៅគូកនធីម៉ូថេរបស់គាត់ថា៖ «ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ»។ (ធីម៉ូថេទី២ ២:២២) ទោះបី‹តណ្ហានៃយុវវ័យ›ទាំងអស់មិនជាអាក្រក់ក៏ដោយ យុវជនត្រូវ‹គេចចេញ›ពីរបស់ទាំងនោះ មិនត្រូវឲ្យរបស់ទាំងនេះជាកង្វល់ហួសហេតុ ដែលធ្វើឲ្យគ្មានពេលវេលាសំរាប់ការស្វែងរករបស់ខាងព្រះឡើយ។ ការហាត់សាច់ដុំ កីឡា ភ្លេង គ្រឿងកំសាន្ត ការធ្វើដំណើរ ទោះបីមិនខុសក៏ដោយ នេះក៏អាចទៅជាអន្ទាក់បានដែរ បើសិនជាក្លាយទៅរបស់ដ៏សំខាន់ក្នុងជីវិតនោះ។ ចូរគេចចេញពីការនិយាយដែលឥតប្រយោជន៍ ពីការទៅដើរលេងរឿយៗ ពីការចាប់អារម្មណ៍មិនត្រឹមត្រូវនឹងសេពមេថុនកម្ម ពីការចំណាយពេលធ្វើអ្វីៗឥតប្រយោជន៍ ហើយពីការអផ្សុក ហើយពីការត្អូញត្អែរថាឪពុកម្ដាយមិនយល់ចិត្តពួកគេ។
១៥. តើអ្វីដែលអាចកើតឡើងក្នុងផ្ទះរបស់ខ្លួន ដែលបណ្ដាលឲ្យក្មេងប្រកបជីវិតពីរ?
១៥ សូម្បីតែនៅឯផ្ទះរបស់ខ្លួន ក៏អាចមានគ្រោះថ្នាក់ដល់ក្មេងៗដែរ។ បើសិនជាក្មេងមើលកម្មវិធីទូរទស្សន៍ដ៏ឃោរឃៅនិងអសីលធម៌ តណ្ហាចង់ធ្វើអាក្រក់នឹងអាចបណ្ដុះលូតលាស់ក្នុងចិត្តរបស់គេ។ (យ៉ាកុប ១:១៤, ១៥) ព្រះគម្ពីរទូន្មានថា៖ «ឱពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់ចុះ»។ (ទំនុកដំកើង ៩៧:១០; ១១៥:១១) ព្រះយេហូវ៉ាជ្រាបដឹង បើសិនជាបុគ្គលណាមួយចង់ប្រកបជីវិតពីរនោះ។ (សុភាសិត ១៥:៣) ក្មេងៗគ្រីស្ទានអើយ ចូរមើលជុំវិញបន្ទប់របស់អ្នក។ តើអ្នកដាក់តាំងរូបភាពតួឯកអសីលធម៌នៃកីឡាឬភ្លេង ឬក៏ដាក់តាំងរបស់ត្រឹមត្រូវដែលជាការរំឭកល្អ? (ទំនុកដំកើង ១០១:៣) ក្នុងបន្ទប់ដាក់ខោអាវរបស់អ្នក តើអ្នកមានខោអាវដែលសមរម្យទេ ឬក៏សំលៀកបំពាក់របស់អ្នកបញ្ចេញឲ្យឃើញនូវម៉ូដខោអាវនៃលោកីយ៍នេះ? ក្នុងវិធីយ៉ាងប៉ិនប្រសប់ អ្នកអាចជាប់អន្ទាក់របស់អារក្ស បើសិនជាអ្នកចុះចូលនឹងការល្បួងសាកមើលនូវអ្វីដែលអាក្រក់។ ព្រះគម្ពីរឲ្យទូន្មានដោយមានប្រាជ្ញាថា៖ «ចូរឲ្យដឹងខ្លួនហើយចាំយាមចុះព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហដើម្បីនឹងរកអ្នកណាដែលវាត្របាក់លេបបាន»។—ពេត្រុសទី១ ៥:៨
១៦. តើឱវាទព្រះគម្ពីរជួយក្មេងធ្វើយ៉ាងណា ដើម្បីឲ្យមនុស្សគ្រប់គ្នាសរសើរគាត់?
១៦ ព្រះគម្ពីរចែងប្រាប់អ្នកឲ្យប្រយ័ត្នពីការសេពគប់។ (កូរិនថូសទី១ ១៥:៣៣) មិត្តរបស់អ្នកគឺគួរតែជាពួកកោតខ្លាចព្រះយេហូវ៉ា។ ចូរកុំចុះចាញ់ពីការកៀបសង្កត់នៃគូកនឲ្យសោះ។ (ទំនុកដំកើង ៥៦:១១; សុភាសិត ២៩:២៥) ចូរគោរពតាមឪពុកម្ដាយដែលកោតខ្លាចព្រះរបស់អ្នក។ (សុភាសិត ៦:២០-២២; អេភេសូរ ៦:១-៣) ចូររកការណែនាំនិងការលើកទឹកចិត្តពីពួកចាស់ទុំ។ (អេសាយ ៣២:១, ២) ចូររក្សាគំនិតនិងភ្នែករបស់អ្នកទៅលើបមាណីយនិងគោលបំណងខាងវិញ្ញាណ។ ចូររកឱកាសធ្វើយ៉ាងណាឲ្យបានលូតលាស់ខាងវិញ្ញាណ ហើយចូលរួមក្នុងសកម្មភាពទាំងឡាយនៃក្រុមជំនុំ។ ចូររៀនធ្វើអ្វីៗពីដៃរបស់អ្នក។ ចូរលូតលាស់ឲ្យបានមាំមួនហើយឲ្យមានសុភាពល្អក្នុងជំនឿ ហើយរួចមកអ្នកនឹងទៅជាបុគ្គលម្នាក់—គឺបុគ្គលម្នាក់ដែលសមទទួលជីវិតក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា! ព្រះវរបិតានៃស្ថានសួគ៌របស់យើងនឹងសរសើរអ្នក ឪពុកម្ដាយលើផែនដីរបស់អ្នកក៏នឹងសប្បាយចិត្ត ហើយបងប្អូនប្រុសស្រីគ្រីស្ទានរបស់អ្នកក៏នឹងបានលើកទឹកចិត្តដោយសារអ្នកដែរ។ នេះហើយជាអ្វីដែលសំខាន់!—សុភាសិត ៤:១, ២, ៧, ៨
១៧. តើមានប្រយោជន៍អ្វីខ្លះ ចំពោះអស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់?
១៧ ក្នុងឃ្លាកំណាព្យ អ្នកតែងបទទំនុកដំកើងបានបណ្ដាលឲ្យសរសេរថា៖ «ព្រះយេហូវ៉ា . . . នឹងមិនសំច័យទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ»។ (ទំនុកដំកើង ៨៤:១១, ១២) ត្រូវហើយ ពួកអ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ នឹងទទួលបានសុភមង្គលហើយការជោគជ័យ មិនមែនការខកចិត្តនិងបរាជ័យនោះឡើយ។—ធីម៉ូថេទី២ ៣:១៤, ១៦, ១៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ជនគ្រីស្ទានមិនត្រូវទុកចិត្តដល់«ប្រាជ្ញានៃលោកីយ៍នេះ»?
◻ តើត្រូវធ្វើអ្វីបើសិនជាបុគ្គលម្នាក់កំពុងតែមានការសង្ស័យ?
◻ តើការធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា ផ្ដល់ឲ្យមានការជោគជ័យនិងសុភមង្គលដល់អាពាហ៍ពិពាហ៍យ៉ាងណា?
◻ តើតាមរបៀបណាដែលព្រះគម្ពីរជួយក្មេងៗឲ្យ‹គេចចេញពីតណ្ហានៃយុវវ័យ›?
[រូបភាពនៅទំព័រ១៩]
ជនគ្រីស្ទានបែរទៅព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ កាលដែលបដិសេធចោល«ប្រាជ្ញានៃលោកីយ៍នេះ»ជាសេចក្ដីល្ងង់ល្ងើ
[រូបភាពនៅទំព័រ២០]
គ្រួសារដែលទុកចិត្តដល់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់មានការជោគជ័យនិងសុភមង្គល