ជំពូកទីបី
កត្ដាសំខាន់ពីរដែលនាំឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរជាដរាប
១, ២. (ក) តើចំណងអាពាហ៍ពិពាហ៍បានត្រូវស្ថាបនាឡើង សំរាប់អស់រយៈពេលប៉ុន្មានឆ្នាំ? (ខ) តើនេះអាចសម្រេចបានយ៉ាងណាដែរ?
នៅពេលដែលព្រះបានផ្សំផ្គុំរៀបអាពាហ៍ពិពាហ៍ឲ្យបុរសនិងស្ត្រីដំបូង នោះគឺគ្មានអ្វីដែលបញ្ជាក់ឲ្យដឹងថា ចំណងនេះមានគ្រាន់តែជាការបណ្ដោះអាសន្ននោះឡើយ។ អ័ដាមនិងអេវ៉ានឹងត្រូវរស់នៅជាមួយគ្នាជារៀងរហូត។ (លោកុប្បត្តិ ២:២៤) ខ្នាតតម្រារបស់ព្រះចំពោះអាពាហ៍ពិពាហ៍ដ៏ថ្លៃថ្នូរ នោះគឺការបង្រួបបង្រួមបុរសម្នាក់និងស្ត្រីម្នាក់។ មានតែអំពើអសីលធម៌ខាងកាមដ៏ស្មោកគ្រោក ដែលគូម្នាក់ឬទាំងពីរនាក់បានប្រព្រឹត្តប៉ុណ្ណោះទេ ដែលជាមូលដ្ឋានតាមបទគម្ពីរសំរាប់ការលែងលះគ្នា ហើយមានលទ្ធភាពនឹងរៀបការម្ដងទៀតបាន។—ម៉ាថាយ ៥:៣២
២ តើបុគ្គលពីរនាក់ពិតជាអាចរស់នៅដោយមានសុភមង្គលនឹងគ្នាយ៉ាងយូរអង្វែងដ៏គ្មានកំណត់បានទេ? មែនហើយ ព្រះគម្ពីរសម្គាល់នូវកត្ដាពីរដ៏សំខាន់ ដែលជួយឲ្យសម្រេចការនេះបាន។ បើស្វាមីនិងភរិយាទាំងពីរនាក់អនុវត្តតាមកត្ដាទាំងនេះ នោះពួកគេនឹងទទួលបានសុភមង្គលនិងប្រសិទ្ធិពរជាច្រើន។ តើកត្ដាពីរនេះជាអ្វីទៅ?
កត្ដាទីមួយ
៣. តើសេចក្ដីស្រឡាញ់បីបែបអ្វី ដែលគូស្វាមីភរិយាគួរបណ្ដុះឲ្យមាននោះ?
៣ កត្ដាទីមួយ គឺជាសេចក្ដីស្រឡាញ់។ គួរឲ្យចាប់អារម្មណ៍ដែរ គឺមានសេចក្ដីស្រឡាញ់បែបផ្សេងៗ ដែលបានសម្គាល់ក្នុងព្រះគម្ពីរ។ សេចក្ដីស្រឡាញ់ម្យ៉ាងដែលកក់ក្ដៅ គឺជាសេចក្ដីស្រឡាញ់ផ្ទាល់ខ្លួនចំពោះបុគ្គលណាម្នាក់ ជាសេចក្ដីស្រឡាញ់ដែលមានរវាងមិត្តដ៏ជិតស្និទ្ធ។ (យ៉ូហាន ១១:៣) សេចក្ដីស្រឡាញ់ម្យ៉ាងទៀត គឺជាសេចក្ដីស្រឡាញ់ដែលមានរវាងសមាជិកគ្រួសារ។ (រ៉ូម ១២:១០) សេចក្ដីស្រឡាញ់បែបទីបី គឺជាសេចក្ដីស្រឡាញ់ផ្នែកខាងស្នេហាដែលបុគ្គលម្នាក់អាចមានចំពោះម្នាក់ទៀតដែលមានភេទខុសពីគ្នានោះ។ (សុភាសិត ៥:១៥-២០) ប្រាកដហើយ ស្វាមីភរិយាគួរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ទាំងបីបែបនេះ។ ប៉ុន្តែ គឺមានសេចក្ដីស្រឡាញ់បែបទីបួន ដែលមានសារៈសំខាន់ជាងសេចក្ដីស្រឡាញ់បីដំបូងនោះទៅទៀត។
៤. តើអ្វីទៅជាសេចក្ដីស្រឡាញ់បែបទីបួន?
៤ តាមភាសាដើមក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក សេចក្ដីស្រឡាញ់បែបទីបួន គឺជាពាក្យអាហ្កាប៉េ។ ពាក្យនោះបានត្រូវប្រើនៅយ៉ូហានទី១ ៤:៨ ដែលប្រាប់យើងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ ប្រាកដហើយ ‹យើងស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន›។ (យ៉ូហានទី១ ៤:១៩) គ្រីស្ទានម្នាក់បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះចំពោះព្រះយេហូវ៉ាជាមុន ហើយរួចមកបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះចំពោះមនុស្សគ្នីគ្នាឯទៀត។ (ម៉ាកុស ១២:២៩-៣១) ពាក្យអាហ្កាប៉េ ក៏ត្រូវប្រើនៅអេភេសូរ ៥:២ ដែលចែងថា៖ «ដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង»។ ព្រះយេស៊ូបានមានបន្ទូលថា សេចក្ដីស្រឡាញ់បែបនេះនឹងសម្គាល់ពួកអ្នកកាន់តាមដ៏ពិតរបស់ទ្រង់ ដោយថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់[អាហ្កាប៉េ]ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ចូរកត់សម្គាល់ដែរ នូវការប្រើពាក្យអាហ្កាប៉េនៅកូរិនថូសទី១ ១៣:១៣ ដែលចែងថា៖ «នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់ [អាហ្កាប៉េ]»។
៥, ៦. (ក) ហេតុអ្វីក៏សេចក្ដីស្រឡាញ់វិសេសជាងជំនឿនិងសេចក្ដីសង្ឃឹម? (ខ) តើមានមូលហេតុណាខ្លះដែលថាសេចក្ដីស្រឡាញ់នឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានស្ថិតស្ថេរជាដរាបនោះ?
៥ តើអ្វីដែលធ្វើឲ្យសេចក្ដីស្រឡាញ់អាហ្កាប៉េនេះ វិសេសជាងជំនឿនិងសេចក្ដីសង្ឃឹមទៅទៀតនោះ? សេចក្ដីស្រឡាញ់នេះគឺដឹកនាំដោយគោលការណ៍ដ៏ត្រឹមត្រូវ ដែលមានក្នុងបន្ទូលរបស់ព្រះ។ (ទំនុកដំកើង ១១៩:១០៥) នេះជាការយកចិត្តទុកដាក់ដែលមិនមែនជាភាពអាត្មានិយមទេ ខាងឯការប្រព្រឹត្តចំពោះអ្នកឯទៀតនូវអ្វីដែលត្រឹមត្រូវនិងល្អតាមទស្សនៈរបស់ព្រះ មិនថាអ្នកទទួលនោះសមនឹងទទួលឬក៏មិនសមក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះនឹងជួយឲ្យគូអាពាហ៍ពិពាហ៍ ធ្វើតាមឱវាទនេះនៅក្នុងព្រះគម្ពីរដែលថា៖ «ហើយចូរបន្តទ្រាំទ្រនឹងគ្នា ទាំងអត់ទោសគ្នាទៅវិញទៅមកដោយឥតរុញរាចុះ ប្រសិនបើអ្នកណាមួយមានហេតុទាស់នឹងអ្នកណាទៀតនោះ។ ដូចជាព្រះយេហូវ៉ាបានអត់ទោសឲ្យអ្នករាល់គ្នា អ្នកក៏ត្រូវអត់ទោសឲ្យគេដែរ»។ (កូល៉ុស ៣:១៣, ព.ថ.) គូស្វាមីភរិយាដែលប្រកបដោយសេចក្ដីស្រឡាញ់ ក៏បណ្ដុះឲ្យមាននូវ«សេចក្ដីស្រឡាញ់[អាហ្កាប៉េ ចំពោះគ្នាទៅវិញទៅមក]ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត»។ (ពេត្រុសទី១ ៤:៨) ចូរកត់សម្គាល់ថា សេចក្ដីស្រឡាញ់គ្របបាំងនូវកំហុស។ សេចក្ដីស្រឡាញ់មិនធ្វើឲ្យលែងមានកំហុសទាំងនេះទេ ពីព្រោះគ្មានមនុស្សឥតគ្រប់ល័ក្ខណ៍ណាអាចជៀសផុតពីការធ្វើខុសនោះឡើយ។—ទំនុកដំកើង ១៣០:៣, ៤; យ៉ាកុប ៣:២
៦ នៅពេលដែលគូស្វាមីភរិយាបណ្ដុះឲ្យមានឡើងនូវសេចក្ដីស្រឡាញ់បែបនេះ ចំពោះព្រះនិងចំពោះគ្នាទៅវិញទៅមក នោះអាពាហ៍ពិពាហ៍របស់គេនឹងនៅស្ថិតស្ថេរជាដរាប ថែមទាំងមានសុភមង្គល ពីព្រោះ«សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ (កូរិនថូសទី១ ១៣:៨) សេចក្ដីស្រឡាញ់ជា«ចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។ (កូល៉ុស ៣:១៤) ប្រសិនបើអ្នកបានរៀបការហើយ តើអ្នកនិងគូរបស់អ្នកអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់បែបនេះយ៉ាងដូចម្ដេច? ចូរអានបន្ទូលរបស់ព្រះជាមួយគ្នា ហើយពិគ្រោះអំពីការអាននោះចុះ។ ចូរសិក្សានូវគំរូរបស់ព្រះយេស៊ូខាងឯសេចក្ដីស្រឡាញ់ ហើយខំប្រឹងត្រាប់តាមទ្រង់ ដើម្បីឲ្យចេះគិតនិងប្រព្រឹត្តដូចទ្រង់។ បន្ថែមទៀត ចូរទៅឯកិច្ចប្រជុំគ្រីស្ទាន ជាកន្លែងដែលបន្ទូលរបស់ព្រះបានត្រូវបង្រៀន។ ហើយ ចូរអធិស្ឋានសុំជំនួយពីព្រះ ដើម្បីបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បែបនេះ ដែលជាផលផ្លែនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ។—សុភាសិត ៣:៥, ៦; យ៉ូហាន ១៧:៣; កាឡាទី ៥:២២; ហេព្រើរ ១០:២៤, ២៥
កត្ដាទីពីរ
៧. តើសេចក្ដីគោរពជាអ្វីទៅ? ហើយក្នុងអាពាហ៍ពិពាហ៍ តើអ្នកណាគួរបង្ហាញនូវសេចក្ដីគោរព?
៧ ប្រសិនបើពីរនាក់ដែលបានរៀបអាពាហ៍ពិពាហ៍ពិតជាស្រឡាញ់គ្នា នោះពួកគេក៏នឹងមានសេចក្ដីគោរពចំពោះគ្នាទៅវិញទៅមកដែរ ហើយសេចក្ដីគោរពជាកត្ដាទីពីរដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍បានសុភមង្គល។ សេចក្ដីគោរពបានត្រូវបកស្រាយថា ជា«ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ការឲ្យកិត្ដិយសចំពោះគេ»។ បន្ទូលរបស់ព្រះជូនឱវាទដល់គ្រីស្ទានទាំងឡាយ ដែលរួមបញ្ចូលស្វាមីនិងភរិយាថា៖ «ចូរនាំមុខក្នុងការលើកកិត្ដិយសចំពោះគ្នាទៅវិញទៅមក»។ (រ៉ូម ១២:១០, ព.ថ.) សាវ័កពេត្រុសបានសរសេរថា៖ «រីឯស្វាមីទាំងឡាយក៏ដូច្នេះដែរ ត្រូវបន្តរស់នៅជាមួយភរិយា[របស់អ្នក]ដោយប្រាជ្ញា ផ្ដល់ឲ្យនាងនូវកិត្ដិយសប្រៀបដូចជាគ្រឿងភាជនៈដែលទន់ខ្សោយជាង គឺជាមនុស្សស្រី»។ (ពេត្រុសទី១ ៣:៧, ព.ថ.) រីឯភរិយាវិញ បានទូន្មានឲ្យ«មានសេចក្ដីគោរពដ៏ជ្រាលជ្រៅចំពោះស្វាមីរបស់នាង»។ (អេភេសូរ ៥:៣៣, ព.ថ.) ប្រសិនបើអ្នកចង់ផ្ដល់កិត្ដិយសឲ្យអ្នកណាម្នាក់ អ្នកមានចិត្តសប្បុរសចំពោះបុគ្គលនោះ ក៏ចេះគោរពចំពោះសេចក្ដីថ្លៃថ្នូរនិងទស្សនៈដែលគាត់សម្ដែងមក ហើយប្រុងប្រៀបនឹងបំពេញតាមសេចក្ដីស្នើសុំដ៏សមរម្យណារបស់បុគ្គលនោះ។
៨-១០. តើសេចក្ដីគោរពនឹងជួយឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរជាដរាបនិងមានសុភមង្គលតាមរបៀបណាខ្លះ?
៨ អស់អ្នកដែលចង់បានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល នោះបង្ហាញនូវសេចក្ដីគោរពចំពោះគូរបស់គេ ដោយឥត«ស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះ[គូរបស់គេ]»។ (ភីលីព ២:៤) ពួកគេមិនគិតអំពីអ្វីដែលមានប្រយោជន៍តែសំរាប់ខ្លួនប៉ុណ្ណោះទេ ពីព្រោះនេះជាភាពសួនតួ។ ផ្ទុយទៅវិញ ពួកគេគិតតែអំពីអ្វីដែលមានប្រយោជន៍ចំពោះគូរបស់គេ។ ប្រាកដហើយ គេចាត់ទុកប្រយោជន៍របស់គូខ្លួនជាអាទិភាព។
៩ សេចក្ដីគោរពនឹងជួយគូអាពាហ៍ពិពាហ៍ ឲ្យទទួលស្គាល់នូវភាពខុសគ្នាខាងទស្សនៈ។ ការសង្ឃឹមថា បុគ្គលពីរនាក់នឹងមានទស្សនៈដូចៗគ្នាចំពោះរឿងទាំងអស់នោះ គឺមិនអាចទៅរួចបានទេ។ អ្វីដែលស្វាមីប្រហែលជាគិតថាសំខាន់ នោះប្រហែលជាមិនសូវសំខាន់ចំពោះភរិយាទេ ហើយអ្វីដែលភរិយាចូលចិត្ត នោះប្រហែលជាស្វាមីមិនចូលចិត្តឡើយ។ ក៏ប៉ុន្តែ បុគ្គលម្នាក់ៗគួរគោរពនូវទស្សនៈនិងការជ្រើសរើសរបស់គូខ្លួន ឲ្យតែរបស់ទាំងនេះសមស្របតាមក្រិត្យវិន័យនិងគោលការណ៍របស់ព្រះ។ (ពេត្រុសទី១ ២:១៦; ប្រៀបមើល ភីលេម៉ូន ១៤) ម្យ៉ាងទៀត បុគ្គលម្នាក់ៗគួរគោរពនូវសេចក្ដីថ្លៃថ្នូររបស់គូខ្លួន ដោយមិននិយាយបង្អាប់គ្នា ឬចំអកលេងទៅវិញទៅមក មិនថានៅចំពោះមុខគេមុខឯង ឬក៏នៅកន្លែងស្ងាត់ក៏ដោយ។
១០ ត្រូវហើយ សេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះគ្នាទៅវិញទៅមក ថែមទាំងសេចក្ដីគោរពចំពោះគ្នា ជាកត្ដាដ៏សំខាន់ពីរ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏រុងរឿង។ តើអាចយកកត្ដាទាំងពីរនេះមកអនុវត្តតាមរបៀបណា ក្នុងទិដ្ឋភាពដ៏សំខាន់ជាងនៃជីវិតអាពាហ៍ពិពាហ៍នោះ?
ប្រមុខភាពដូចព្រះគ្រីស្ទ
១១. តាមបទគម្ពីរ តើអ្នកណាជាមេដឹកនាំក្នុងអាពាហ៍ពិពាហ៍?
១១ ព្រះគម្ពីរចែងប្រាប់យើងថា បុរសបានត្រូវបង្កើតមកទាំងមានលក្ខណៈដែលនឹងធ្វើឲ្យគាត់ទៅជាមេគ្រួសារដ៏ជោគជ័យមួយ។ ដោយមានឋានៈបែបនេះ បុរសត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ា ខាងឯសុខុមាលភាពខាងវិញ្ញាណនិងខាងសាច់ឈាមរបស់ភរិយានិងបុត្រធីតារបស់គាត់។ គាត់ត្រូវតែធ្វើការសម្រេចចិត្តដែលមានតុល្យភាព ដោយគិតដល់បំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយត្រូវធ្វើជាគំរូដ៏ល្អចំពោះការប្រព្រឹត្តដែលបង្ហាញការកោតខ្លាចចំពោះព្រះ។ «ស្ត្រីរាល់គ្នាអើយ! ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ»។ (អេភេសូរ ៥:២២, ២៣) ក៏ប៉ុន្តែ ព្រះគម្ពីរចែងថា ស្វាមីក៏មានមេដឹកនាំគាត់ដែរ គឺជាអ្នកមានអំណាចគ្រប់គ្រងលើគាត់។ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣) ស្វាមីដែលមានប្រាជ្ញា នឹងរៀនឲ្យចេះប្រើឋានៈជាមេដឹកនាំ ដោយធ្វើតម្រាប់តាមមេដឹកនាំរបស់គាត់ គឺព្រះគ្រីស្ទយេស៊ូ។
១២. តើគំរូដ៏ល្អអ្វីដែលព្រះយេស៊ូបានទុកឲ្យក្នុងការបង្ហាញនូវការចុះចូល និងការប្រើឋានៈជាមេដឹកនាំនោះ?
១២ ព្រះយេស៊ូក៏មានមេដឹកនាំដែរ គឺព្រះយេហូវ៉ា ហើយព្រះយេស៊ូក៏ចុះចូលយ៉ាងត្រឹមត្រូវចំពោះព្រះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»ប៉ុណ្ណោះ។ (យ៉ូហាន ៥:៣០) នេះជាគំរូដ៏ប្រសើរម្ល៉េះហ្ន៎! ព្រះយេស៊ូជា«បងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។ (កូល៉ុស ១:១៥) ទ្រង់បានទៅជាព្រះមេស្ស៊ី។ ទ្រង់នឹងធ្វើជាមេដឹកនាំក្នុងក្រុមជំនុំនៃពួកគ្រីស្ទានចាក់ប្រេងតាំង ហើយជាស្តេចរើសតាំងខាងព្រះរាជាណាចក្ររបស់ព្រះ ដែលខ្ពស់លើសជាងអស់ទាំងទេវតា។ (ភីលីព ២:៩-១១; ហេព្រើរ ១:៤) ទោះជាព្រះយេស៊ូមានឋានៈដ៏ខ្ពង់ខ្ពស់បែបនេះ និងមានសេចក្ដីសង្ឃឹមទទួលបានឋានៈខ្ពស់ជាងទៀតក៏ដោយ តែជាមនុស្សប្រុសម្នាក់ ទ្រង់មិនកាចនោះទេ ក៏មិនទាមទារហួសហេតុពេក ឬមានចិត្តមិនចេះបន្ទន់ទៅតាមនោះឡើយ។ ទ្រង់មិនមែនជាអ្នកកាន់អំណាចផ្ដាច់ការ ដែលរំឭកពួកសិស្សជាញឹកញាប់ថា ត្រូវតែស្ដាប់បង្គាប់តាមទ្រង់នោះទេ។ ព្រះយេស៊ូមានព្រះទ័យស្រឡាញ់និងមេត្ដា ជាពិសេសចំពោះពួកដែលត្រូវគេសង្កត់សង្កិន។ ទ្រង់បានមានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) ការមានមិត្តភាពជាមួយទ្រង់ ជាអ្វីដ៏គួរឲ្យសប្បាយរីករាយក្រៃលែង។
១៣, ១៤. តើស្វាមីដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងប្រើឋានៈជាមេដឹកនាំរបស់គាត់យ៉ាងណា ក្នុងការធ្វើតម្រាប់តាមព្រះយេស៊ូនោះ?
១៣ ស្វាមីដែលមានចិត្តប្រាថ្នាចង់បានជីវភាពគ្រួសារដ៏មានសុភមង្គល គួរនឹងពិនិត្យមើលនូវលក្ខណៈដ៏ល្អៗរបស់ព្រះយេស៊ូ។ ស្វាមីដ៏ល្អមិនមានចិត្តឃោរឃៅ ក៏មិនកាន់អំណាចផ្ដាច់ការ ដោយប្រើយ៉ាងខុសនូវឋានៈជាមេដឹកនាំ ទុកជារំពាត់វាយសម្លុតនាងឡើយ។ ផ្ទុយទៅវិញ គាត់ស្រឡាញ់និងឲ្យកិត្ដិយសចំពោះនាង។ ប្រសិនបើព្រះយេស៊ូមាន«ចិត្តសុភាព» នោះមានមូលហេតុច្រើនជាងឲ្យស្វាមីមានចិត្តសុភាពដែរ ដោយគាត់មិនដូចព្រះយេស៊ូនោះទេ បានជាគាត់រមែងតែងតែធ្វើខុស។ នៅពេលដែលគាត់ធ្វើខុស គាត់ចង់ឲ្យភរិយាចេះយោគយល់ចំពោះគាត់វិញ។ ដូច្នេះហើយ ស្វាមីដែលមានចិត្តរាបទាប ក៏សារភាពនូវកំហុសរបស់ខ្លួន ថ្វីបើប្រហែលជាពិបាកនិយាយថា៖ «បងសុំអត់ទោស អូននិយាយត្រូវមែន!»។ ភរិយាម្នាក់នឹងគោរពឋានៈជាមេដឹកនាំរបស់ស្វាមីដែលមានចិត្តសុភាពរាបទាប បានស្រួលជាងគោរពស្វាមីដែលមានចិត្តមានះនិងចិត្តដ៏រឹងរូសនោះ។ ចំណែកឯភរិយាដែលមានចិត្តគោរព ក៏សុំអត់ទោសដូច្នោះដែរ ពេលដែលនាងប្រព្រឹត្តខុសនោះ។
១៤ ព្រះទ្រង់បានបង្កើតស្ត្រីមកទាំងមានលក្ខណៈដ៏ល្អៗ ដែលនាងអាចប្រើក្នុងការធ្វើឲ្យមានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយ។ ស្វាមីដែលមានប្រាជ្ញានឹងទទួលស្គាល់នូវលក្ខណៈនេះ ហើយនិងមិនជិះជាន់ទៅលើនាងឡើយ។ មនុស្សស្រីជាច្រើននាក់ទំនងជាមានចិត្តមេត្ដានិងចេះដឹងចិត្តគេខ្លាំងជាង។ គុណសម្បត្ដិទាំងនេះត្រូវការជាចាំបាច់ដើម្បីមើលថែរក្សាក្រុមគ្រួសារ និងដើម្បីបណ្ដុះឲ្យមានទំនាក់ទំនងដ៏ល្អរវាងគ្នានឹងគ្នា។ ជាធម្មតា ស្ត្រីមានជំនាញចេះរៀបចំផ្ទះឲ្យទៅជាកន្លែងដ៏គួរឲ្យពេញចិត្តនឹងរស់នៅ។ ‹ភរិយាដែលមានសមត្ថភាព›ដូចដែលបានរៀបរាប់ក្នុងសៀវភៅសុភាសិតជំពូកទី៣១ នោះមានគុណសម្បត្ដិដ៏អស្ចារ្យជាច្រើន និងការប៉ិនប្រសប់ដ៏ប្រសើរ ហើយក្រុមគ្រួសាររបស់នាងបានទទួលប្រយោជន៍យ៉ាងពេញលេញពីនោះ។ ហេតុអ្វី? ពីព្រោះចិត្តស្វាមីរបស់នាង«ទុកចិត្តចំពោះនាង»។—សុភាសិត ៣១:១០, ១១
១៥. តើស្វាមីម្នាក់អាចបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីគោរពដូចព្រះគ្រីស្ទ ចំពោះភរិយារបស់គាត់យ៉ាងដូចម្ដេច?
១៥ ក្នុងវប្បធម៌ខ្លះៗ គេប្រកាន់អំណាចរបស់ស្វាមីយ៉ាងហួសហេតុ ដូច្នេះបានជាគ្រាន់តែការសួរសំនួរប៉ុណ្ណោះចំពោះស្វាមី បានចាត់ទុកជាការគ្មានសេចក្ដីគោរពទៅវិញ។ គាត់ប្រហែលជាប្រព្រឹត្តលើភរិយា សឹងតែដូចជាទាសីម្នាក់។ ការប្រើយ៉ាងខុសនូវឋានៈជាមេដឹកនាំបែបនេះ នាំឲ្យមានទំនាក់ទំនងមិនល្អ មិនគ្រាន់តែជាមួយនឹងភរិយាគាត់ប៉ុណ្ណោះទេ តែក៏ជាមួយនឹងព្រះផងដែរ។ (ប្រៀបមើល យ៉ូហានទី១ ៤:២០, ២១) ម្យ៉ាងវិញទៀត ស្វាមីខ្លះមិនយកចិត្តទុកដាក់ក្នុងការនាំមុខគេទេ ដោយអនុញ្ញាតឲ្យភរិយាត្រួតត្រាលើសមាជិកក្នុងគ្រួសារទៅវិញ។ ស្វាមីម្នាក់ដែលចុះចូលយ៉ាងត្រឹមត្រូវចំពោះព្រះគ្រីស្ទ នឹងមិនកេងប្រវ័ញ្ចឬក៏ដកហូតសេចក្ដីថ្លៃថ្នូរពីភរិយាឡើយ។ ផ្ទុយទៅវិញ គាត់ធ្វើតម្រាប់តាមសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូដែលសុខចិត្តពលីខ្លួន និងធ្វើតាមឱវាទរបស់ប៉ុលដែលថា៖ «បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង»។ (អេភេសូរ ៥:២៥) ព្រះគ្រីស្ទយេស៊ូបានស្រឡាញ់ពួកអ្នកកាន់តាមទ្រង់យ៉ាងនេះ ដែលទ្រង់បានសោយទិវង្គតជំនួសពួកគេ។ ស្វាមីដ៏ល្អម្នាក់នឹងខំត្រាប់តាមអាកប្បកិរិយាដែលគ្មានភាពអាត្មានិយម ទាំងស្វែងរកប្រយោជន៍ឲ្យភរិយាខ្លួន ជាជាងទាមទារហួសហេតុពេកពីនាង។ នៅពេលដែលស្វាមីចុះចូលជាមួយព្រះគ្រីស្ទ និងសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីគោរពដូចព្រះគ្រីស្ទដែរ នោះភរិយារបស់គាត់នឹងមានចិត្តជំរុញឲ្យចុះចូលចំពោះគាត់។—អេភេសូរ ៥:២៨, ២៩, ៣៣
ការចុះចូលជាភរិយា
១៦. តើភរិយាម្នាក់គួរសម្ដែងនូវគុណសម្បត្ដិអ្វីខ្លះ ក្នុងការទាក់ទងជាមួយស្វាមីរបស់នាង?
១៦ ប៉ុន្មានឆ្នាំក្រោយពីអ័ដាមបានត្រូវបង្កើតមក «ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៀតថា៖ ‹គឺមិនជាការល្អទេ ដែលបុរសនេះបន្តរស់នៅតែម្នាក់ឯង។ អញនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់វា ដើម្បីជាគូបង្គ្រប់ឲ្យវា›»។ (លោកុប្បត្តិ ២:១៨, ព.ថ.) ព្រះទ្រង់បានបង្កើតអេវ៉ាជា«គូបង្គ្រប់» មិនមែនជាអ្នកប្រកួតប្រជែងនោះទេ។ អាពាហ៍ពិពាហ៍មិនត្រូវប្រៀបដូចនឹងនាវាដែលមាននាវិកពីរនាក់ ដែលចង់តែប្រកួតប្រជែងនឹងគ្នានោះទេ។ ស្វាមីត្រូវធ្វើជាមេដឹកនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយភរិយាត្រូវសម្ដែងនូវសេចក្ដីស្រឡាញ់ សេចក្ដីគោរព និងការចុះចូលដ៏ស្មោះស្ម័គ្រពីចិត្ត។
១៧, ១៨. តើមានវិធីណាខ្លះដែលភរិយាម្នាក់ អាចជាអ្នកជំនួយដ៏ពិតសំរាប់ស្វាមីរបស់នាង?
១៧ ក៏ប៉ុន្តែ ភរិយាដ៏ល្អម្នាក់ មិនគ្រាន់តែចុះចូលប៉ុណ្ណោះទេ។ នាងខំប្រឹងឲ្យបានជាអ្នកជំនួយដ៏ពិត ដោយចេះគាំទ្រស្វាមីរបស់នាង ក្នុងកាលដែលគាត់ធ្វើការសម្រេចចិត្តនោះ។ ប្រាកដហើយ ការធ្វើដូច្នេះគឺស្រួលណាស់ចំពោះនាង ពេលដែលនាងយល់ព្រមនឹងការសម្រេចចិត្តរបស់គាត់នោះ។ ក៏ប៉ុន្តែទោះជាមានពេលដែលនាងមិនយល់ស្របក៏ដោយ នោះការគាំទ្រដោយសហការពីនាង អាចជួយឲ្យការសម្រេចចិត្តរបស់គាត់ បានលទ្ធផលដ៏ជោគជ័យជាងដែរ។
១៨ ភរិយាម្នាក់ក៏អាចជួយស្វាមីរបស់នាងឲ្យបានធ្វើជាមេគ្រួសារដ៏ល្អម្នាក់ តាមវិធីផ្សេងៗទៀតដែរ។ នាងអាចសម្ដែងនូវការអបអរចំពោះការខំប្រឹងរបស់គាត់ក្នុងការនាំមុខ ជាជាងរិះគន់គាត់ឬក៏ធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់មិនអាចបំពេញចិត្តនាងបានឡើយ។ ការប្រស្រ័យទាក់ទងជាមួយស្វាមីរបស់នាងតាមរបៀបដ៏វិជ្ជមាននោះ នាងគួរចងចាំថា ទឹកចិត្ត«សំឡូត ហើយរម្យទម នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ» មិនគ្រាន់តែមានតម្លៃចំពោះស្វាមីនាងនោះទេ។ (ពេត្រុសទី១ ៣:៣, ៤; កូល៉ុស ៣:១២) ចុះយ៉ាងណាវិញបើស្វាមីមិនមែនជាអ្នកជឿព្រះទេនោះ? មិនថាគាត់ជាអ្នកជឿព្រះឬមិនជឿក៏ដោយ បទគម្ពីរនានាលើកទឹកចិត្តឲ្យភរិយា«ចេះស្រឡាញ់ស្វាមីរបស់នាង ស្រឡាញ់កូនចៅរបស់នាង ឲ្យមានគំនិតសមហេតុផល មានលក្ខណៈពិសុទ្ធ ជាអ្នកធ្វើការនៅផ្ទះ និងមានលក្ខណៈល្អ ឲ្យចេះចុះចូលនឹងស្វាមីរបស់ខ្លួន ដើម្បីកុំឲ្យគេនិយាយប្រមាថនឹងបន្ទូលរបស់ព្រះបានឡើយ»។ (ទីតុស ២:៤, ៥, ព.ថ.) ប្រសិនបើមានរឿងទាក់ទងនឹងមនសិការវិញ ស្វាមីដែលមិនជឿព្រះទំនងជានឹងគោរពជំហររបស់ភរិយាគាត់ បើបញ្ជាក់ឡើងដោយ«សុភាពហើយកោតខ្លាច»នោះ។ ស្វាមីខ្លះដែលមិនជឿព្រះ បានត្រូវ«ទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។—ពេត្រុសទី១ ៣:១, ២, ១៥; កូរិនថូសទី១ ៧:១៣-១៦
១៩. ចុះយ៉ាងណាបើស្វាមីតម្រូវឲ្យភរិយាប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យរបស់ព្រះ?
១៩ ចុះយ៉ាងណាវិញ បើស្វាមីសុំភរិយាឲ្យធ្វើអ្វីមួយដែលត្រូវហាមឃាត់ដោយព្រះនោះ? ប្រសិនបើមានរឿងដូច្នេះមែន នោះនាងត្រូវតែចាំថា ព្រះជាអ្នកគ្រប់គ្រងដ៏ឧត្តមបំផុតរបស់នាង។ នាងនឹងធ្វើតាមគំរូរបស់ពួកសាវ័កនូវអ្វីដែលពួកគាត់បានធ្វើ ពេលដែលពួកអាជ្ញាធរបានតម្រូវឲ្យពួកគាត់ប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យរបស់ព្រះ។ កិច្ចការ ៥:២៩ រៀបរាប់ថា៖ «តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា៖ ‹ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស›»។
ការប្រស្រ័យទាក់ទងដ៏ល្អ
២០. តើត្រូវការសេចក្ដីស្រឡាញ់និងសេចក្ដីគោរពជាចាំបាច់ខាងផ្នែកដ៏ពិសេសណា?
២០ សេចក្ដីស្រឡាញ់និងសេចក្ដីគោរពគឺជាអ្វីដ៏ចាំបាច់ក្នុងផ្នែកមួយទៀតនៃអាពាហ៍ពិពាហ៍ ពេលមានការប្រស្រ័យទាក់ទងជាមួយគ្នា។ ស្វាមីដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងនិយាយជាមួយភរិយាអំពីសកម្មភាព បញ្ហា និងទស្សនៈរបស់នាងស្តីអំពីរឿងផ្សេងៗ។ នាងត្រូវការឲ្យស្វាមីធ្វើដូច្នេះ។ ស្វាមីម្នាក់ដែលចំណាយពេលនិយាយជាមួយភរិយាខ្លួន និងស្ដាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលនាងចង់និយាយ នោះសម្ដែងសេចក្ដីស្រឡាញ់និងសេចក្ដីគោរពចំពោះនាង។ (យ៉ាកុប ១:១៩) ភរិយាខ្លះត្អូញត្អែរថា ស្វាមីចំណាយពេលតិចណាស់ក្នុងការនិយាយជាមួយនាង។ នេះជាអ្វីដែលគួរឲ្យស្ដាយមែន។ ពិតហើយ ក្នុងគ្រាដ៏រវល់នេះ ស្វាមីប្រហែលជាធ្វើការក្រៅផ្ទះជាច្រើនម៉ោង និងកាលៈទេសៈខាងសេដ្ឋកិច្ច ប្រហែលជាតម្រូវឲ្យភរិយាខ្លះចូលធ្វើការដែរ។ ក៏ប៉ុន្តែគូស្វាមីភរិយាត្រូវទុកពេលវេលាសំរាប់គ្នាជាចាំបាច់។ បើមិនដូច្នេះទេ ពួកគេអាចទៅជាមិនពឹងផ្អែកលើគ្នា។ នេះអាចនាំឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរ ប្រសិនបើគេមានចិត្តជំរុញឲ្យរកមិត្តភាពក្រៅអាពាហ៍ពិពាហ៍ជាមួយមនុស្សណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះខ្លួន។
២១. តើការនិយាយតាមរបៀបដ៏សមរម្យនឹងជួយរក្សាឲ្យបានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលយ៉ាងដូចម្ដេច?
២១ របៀបដែលស្វាមីនិងភរិយាប្រស្រ័យទាក់ទងជាមួយគ្នាគឺសំខាន់ណាស់។ «ពាក្យសំដីពីរោះ នោះ . . . ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង»។ (សុភាសិត ១៦:២៤) ទោះជាគូរបស់ខ្លួនជាអ្នកជឿព្រះឬក៏មិនជឿ ឱវាទពីព្រះគម្ពីរក៏នៅតែទាក់ទងដោយថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង» នេះមានន័យថាត្រូវប្រើពាក្យសំដីដែលសមរម្យ។ (កូល៉ុស ៤:៦) នៅពេលដែលគេបានប្រឈមមុខនឹងការពិបាកពេញមួយថ្ងៃនោះ ពាក្យសំដីខ្លះៗដែលបង្ហាញមនោសញ្ចេតនាដ៏ល្អពីគូរបស់ខ្លួន អាចមានប្រយោជន៍ច្រើនណាស់។ «ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។ (សុភាសិត ២៥:១១) របៀបនិយាយនិងពាក្យសំដីដែលយកមកប្រើ គឺមានសារៈសំខាន់ណាស់។ ជាឧទាហរណ៍ គេប្រហែលជាអាចប្រាប់គូរបស់គេតាមរបៀបដ៏មួម៉ៅ ឬដោយសម្លុតថា៖ «ទៅបិទទ្វារទៅ!»។ ក៏ប៉ុន្តែ ពាក្យសំដីដែលបាន«បង់អំបិល» ដែលនិយាយយ៉ាងស្លូតបូត ទាំងនិយាយតាមរបៀបដ៏ស្រទន់ នោះគឺថា៖ «សូមអូន(ឬបង)បិទទ្វារបានទេ?»។
២២. តើគូស្វាមីភរិយាត្រូវមានអាកប្បកិរិយាបែបណា ដើម្បីរក្សាឲ្យមានការប្រស្រ័យទាក់ទងដ៏ល្អជាមួយគ្នា?
២២ ការប្រស្រ័យទាក់ទងដ៏ល្អនឹងបានចំរើនឡើង នៅពេលមានពាក្យសំដីដែលនិយាយដោយផ្អែមល្ហែម កាយវិការនិងទឹកមុខដ៏រួសរាយ សេចក្ដីសប្បុរស ការយោគយល់ និងសេចក្ដីថ្នាក់ថ្នម។ ដោយខំប្រឹងរក្សាការប្រស្រ័យទាក់ទងឲ្យបានល្អនោះ ទាំងស្វាមីទាំងភរិយានឹងមានអារម្មណ៍ស្រួលប្រាប់ពីតម្រូវការរបស់ពួកគេ និងអាចជាប្រភពសម្រាលទុក្ខហើយជាជំនួយដល់គ្នាទៅវិញទៅមក ក្នុងកាលដែលមានការធ្លាក់ទឹកចិត្តឬក៏ភាពតានតឹង។ បន្ទូលរបស់ព្រះដាស់តឿនថា៖ ‹ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីក្រៀមក្រំចិត្ត›។ (ថែស្សាឡូនីចទី១ ៥:១៤) នឹងមានពេលខ្លះដែលស្វាមីធ្លាក់ទឹកចិត្ត ក៏នឹងមានពេលខ្លះដែលភរិយាមានអារម្មណ៍បែបនោះដែរ។ ពួកគេអាច‹ជួយកំសាន្ត› ទាំងស្អាងចិត្តគ្នាឡើង។—រ៉ូម ១៥:២
២៣, ២៤. តើសេចក្ដីស្រឡាញ់និងសេចក្ដីគោរពនឹងជួយយ៉ាងណា ពេលមានការខ្វែងគំនិតគ្នានោះ? សូមឲ្យឧទាហរណ៍។
២៣ គូស្វាមីភរិយាដែលសម្ដែងនូវសេចក្ដីស្រឡាញ់និងសេចក្ដីគោរព នឹងមិនចាត់ទុកការខ្វែងគំនិតនិមួយៗជាបញ្ហាដ៏ធំមួយឡើយ។ ពួកគេនឹងខំប្រឹងមិន«មួម៉ៅ»នឹងគ្នាឡើយ។ (កូល៉ុស ៣:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ស្វាមីភរិយាទាំងពីរនាក់គួរចងចាំថា «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ»។ (សុភាសិត ១៥:១) ចូរប្រុងប្រយ័ត្នកុំនិយាយមើលងាយ ឬក៏ស្តីបន្ទោសគូរបស់ខ្លួន ដោយព្រោះគាត់ប្រាប់អស់ពីដួងចិត្តនូវអារម្មណ៍របស់គាត់នោះឡើយ។ ផ្ទុយទៅវិញ ចូរចាត់ទុកការសម្ដែងមនោសញ្ចេតនាបែបនេះ ជាឱកាសដើម្បីឲ្យយល់ពីទស្សនៈរបស់គូខ្លួនចុះ! ដោយសហការគ្នា ចូរខំប្រឹងដោះស្រាយការខ្វែងគំនិតគ្នា និងធ្វើការសម្រេចដោយស្រុះស្រួលគ្នាវិញ។
២៤ សូមនឹកចាំពីគ្រាដែលសារ៉ាបានជូនយោបល់ឲ្យស្វាមីរបស់គាត់ គឺលោកអ័ប្រាហាំ ពីផ្លូវដោះស្រាយនូវបញ្ហាមួយ ហើយយោបល់នោះឥតបានសមស្របនឹងអារម្មណ៍របស់លោកអ័ប្រាហាំទេ។ ក៏ប៉ុន្តែ ព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំថា៖ «ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ»។ (លោកុប្បត្តិ ២១:៩-១២) អ័ប្រាហាំបានស្ដាប់តាម ហើយបានទទួលប្រសិទ្ធិពរ។ ស្រដៀងគ្នានេះ ប្រសិនបើភរិយាឲ្យយោបល់អ្វីដែលខុសពីគំនិតរបស់ស្វាមី នោះយ៉ាងហោចណាស់ស្វាមីគួរស្ដាប់ភរិយា។ នៅពេលដំណាលគ្នានោះ ភរិយាមិនគួរនិយាយច្រើនតែឯងទេ ក៏ប៉ុន្តែគួរស្ដាប់នូវអ្វីដែលស្វាមីរបស់នាងចង់និយាយផងដែរ។ (សុភាសិត ២៥:២៤) ចំពោះស្វាមីឬភរិយាដែលទទូចចង់តែធ្វើតាមចិត្តរបស់ខ្លួនរាល់ពេលនោះ គឺមិនប្រកបដោយសេចក្ដីស្រឡាញ់ទេ និងគ្មានសេចក្ដីគោរពផងដែរ។
២៥. តើតាមរបៀបណាដែលការប្រស្រ័យទាក់ទងយ៉ាងល្អជាមួយគ្នា អាចនាំឲ្យមានសុភមង្គលក្នុងភាពស្និទ្ធស្នាលនៃជីវិតជាគូស្វាមីភរិយា?
២៥ ការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អ ក៏មានសារៈសំខាន់ក្នុងទំនាក់ទំនងខាងការរួមដំណេករវាងស្វាមីភរិយាផងដែរ។ អត្តទត្ថភាពនិងការឥតចេះទប់ចិត្ត អាចធ្វើឲ្យខូចយ៉ាងខ្លាំងនូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះក្នុងអាពាហ៍ពិពាហ៍។ ការប្រស្រ័យទាក់ទងគ្នាដោយឥតលាក់លៀម និងរួមបញ្ចូលនូវចិត្តអត់ធ្មត់គឺជាការសំខាន់ដ៏ចាំបាច់។ នៅពេលដែលម្នាក់ៗស្វែងរកដោយឥតកំណាញ់នូវប្រយោជន៍នៃគូរបស់ខ្លួន នោះកម្រមានបញ្ហាដ៏ធំខាងការរួមដំណេកណាស់។ ក្នុងរឿងនេះដូចរឿងផ្សេងៗទៀតដែរ «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។—កូរិនថូសទី១ ៧:៣-៥; ១០:២៤
២៦. ទោះជាគ្រប់អាពាហ៍ពិពាហ៍នឹងមានពេលដ៏សប្បាយហើយមានពេលដែលជួបវិបត្ដិក៏ដោយ តើការស្ដាប់តាមបន្ទូលរបស់ព្រះ នឹងជួយគូស្វាមីភរិយាឲ្យរកបានសុភមង្គលយ៉ាងណា?
២៦ បន្ទូលរបស់ព្រះផ្ដល់ឲ្យឱវាទដ៏ល្អម្ល៉េះហ្ន៎! ពិតមែន គ្រប់អាពាហ៍ពិពាហ៍តែងតែមានពេលដ៏សប្បាយនិងមានពេលដែលជួបវិបត្ដិផងដែរ។ ប៉ុន្តែនៅពេលដែលស្វាមីនិងភរិយាចុះចូលតាមគំនិតរបស់ព្រះយេហូវ៉ា ដូចបានលាតត្រដាងក្នុងព្រះគម្ពីរ ហើយពឹងផ្អែកទំនាក់ទំនងរបស់ពួកគេលើសេចក្ដីស្រឡាញ់និងសេចក្ដីគោរពតាមគោលការណ៍ទាំងនេះ នោះពួកគេអាចទុកចិត្តថា អាពាហ៍ពិពាហ៍របស់ពួកគេនឹងបានសុភមង្គលហើយនឹងស្ថិតស្ថេរជាដរាបទៀតផង។ ដូច្នេះហើយពួកគេនឹងលើកកិត្ដិយស មិនគ្រាន់តែចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែចំពោះព្រះយេហូវ៉ាផងដែរ ដែលជាអ្នកផ្ដើមអាពាហ៍ពិពាហ៍។