ការការពារសេចក្ដីជំនឿរបស់យើង
«ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច . . . ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា»។—ពេត្រុសទី១ ៣:១៥
១, ២. ហេតុអ្វីបានជាពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនភ្ញាក់ផ្អើលទេ ពេលមានការប្រឆាំង ក៏ប៉ុន្តែតើពួកគេប្រាថ្នាអ្វី?
នៅប្រទេសភាគច្រើន ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានកិត្ដិសព្ទជាមនុស្សទៀងត្រង់ ហើយដែលប្រកបដោយសីលធម៌។ មនុស្សជាច្រើនមានទស្សនៈថាស្មរបន្ទាល់ព្រះយេហូវ៉ា គឺជាអ្នកជិតខាងល្អ ហើយមិនបង្ករឿងទេ។ ក៏ប៉ុន្តែ ជារឿងដែលមិនសមហេតុសមផល ដែលគ្រីស្ទានទាំងនេះ ដែលស្រឡាញ់សន្ដិភាព បានរងការបៀតបៀនដ៏អយុត្ដិធម៌ក្នុងពេលសន្ដិភាពនិងពេលសង្គ្រាមដែរ។ ពួកគេមិនភ្ញាក់ផ្អើលដោយសារការប្រឆាំងបែបនេះ។ តាមការពិត គេយល់ថាការប្រឆាំងនឹងកើតមានឡើង ពីព្រោះគេដឹងថាពួកគ្រីស្ទានស្មោះត្រង់នៅសតវត្សទីមួយ ស.យ. ជា‹អ្នកដែលបានត្រូវគេស្អប់›។ ដូច្នេះ ហេតុអ្វីបានជាអ្នកដែលព្យាយាមធ្វើជាអ្នកកាន់តាមព្រះយេស៊ូដ៏ពិត គួរសង្ឃឹមថាមនុស្សនឹងប្រព្រឹត្តខុសគ្នាចំពោះគេ? (ម៉ាថាយ ១០:២២) ម្យ៉ាងទៀត ព្រះគម្ពីរបានចែងថា៖ «ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។—ធីម៉ូថេទី២ ៣:១២
២ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនស្វែងរកសេចក្ដីបៀតបៀនទេ ឬក៏អរសប្បាយនឹងការលំបាកលំបិនដែរ ដូចជាការពិន័យ ការដាក់គុក ឬក៏ការរងការប្រព្រឹត្តដ៏កាចសាហាវ។ ពួកគេប្រាថ្នា «នៅជាសុខសាន្ត ហើយស្រគត់ស្រគំ» ដើម្បីប្រកាសប្រាប់ដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះដោយគ្មានឧបសគ្គ។ (ធីម៉ូថេទី១ ២:១, ២) ពួកគេដឹងគុណនៃសេរីភាពរបស់គេខាងសាសនា ហើយដោយយកចិត្តទុកដាក់ គេបណ្ដាលឲ្យមាន«មេត្រីនឹងមនុស្សទាំងអស់» រួមបញ្ចូលពួកគ្រប់គ្រងនៃរដ្ឋាភិបាលរបស់មនុស្ស ដល់កំរិតដែលអាចធ្វើបាន។ (រ៉ូម ១២:១៨; ១៣:១-៧) បើដូច្នេះ ហេតុអ្វីបានជាគេ គឺជា‹អ្នកដែលត្រូវមនុស្សស្អប់›?
៣. តើអ្វីជាហេតុមួយដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវគេស្អប់ដោយអយុត្ដិធម៌?
៣ ជាបឋម ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវមនុស្សស្អប់ដោយអយុត្ដិធម៌ សំរាប់ហេតុដដែលមនុស្សបានបៀតបៀនពួកគ្រីស្ទាននៅសម័យដើម។ ទីមួយគឺ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាប្រព្រឹត្តតាមជំនឿសាសនារបស់គេ តាមរបៀបមួយដែលធ្វើឲ្យមនុស្សខ្លះគ្មានចំណូលចិត្ត។ ឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាប្រកាសប្រាប់យ៉ាងឧស្សាហ៍នូវដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្តែ មនុស្សតែងតែយល់ច្រឡំពីសេចក្ដីឧស្សាហ៍របស់គេ ហើយមើលឃើញការប្រកាសរបស់គេជា «ការបង្ខិតបង្ខំឲ្យដូរសាសនា»។ (ប្រៀបមើល កិច្ចការ ៤:១៩, ២០) ពួកគេក៏អព្យាក្រឹតក្នុងរឿងនយោបាយនិងសង្គ្រាមនៃសាសន៍នានា ហើយជួនកាលមនុស្សបានគិតនេះមានន័យថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាពលរដ្ឋដែលមិនស្មោះត្រង់។—មីកា ៤:៣, ៤
៤, ៥. (ក) ហេតុយ៉ាងដូចម្ដេចដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានទៅជាអ្នកដែលរងការចោទប្រកាន់ដ៏មិនពិត? (ខ) តើអ្នកណាដែលច្រើនតែអុជអាលឲ្យមានការបៀតបៀនអ្នកបំរើព្រះយេហូវ៉ា?
៤ ទីពីរ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានរងការចោទប្រកាន់ដ៏មិនពិត ជាពាក្យភូតឥតខ្មាស ហើយការមួលបង្កាច់នូវជំនឿរបស់គេ។ ជាលទ្ធផល គេបានត្រូវពាធាដ៏ឥតត្រឹមត្រូវក្នុងប្រទេសខ្លះ។ ថែមទៀតនោះ ដោយព្រោះពួកគេស្វែងរកការព្យាបាលដោយមិនប្រើឈាម ដែលស្របតាមសេចក្ដីប្រាថ្នារបស់គេដើម្បីធ្វើតាមបញ្ជាព្រះគម្ពីរដែលថា ‹ជៀសពីឈាម› នោះគេបានត្រូវមនុស្សរាប់ទុកគេជា «អ្នកសម្លាប់កូនក្មេង» ហើយ «និកាយដែលធ្វើអត្តឃាត»។ (កិច្ចការ ១៥:២៩) ក៏ប៉ុន្តែ ហេតុការណ៍ពិតគឺថាពួកស្មរបន្ទាល់ព្រះយេហូវ៉ាដាក់តម្លៃខ្ពង់ខ្ពស់លើជីវិត ហើយគេខិតខំរកការព្យាបាលដ៏ល្អបំផុតសំរាប់ខ្លួនគេព្រមទាំងកូនរបស់គេដែរ។ ការចោទប្រកាន់ដែលថា ពួកកូនជាច្រើនរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាស្លាប់រៀងរាល់ឆ្នាំ ដោយការបដិសេធការបញ្ចូលឈាម គឺជាចំណោទមួយដែលគ្មានភស្តុតាង។ ម្យ៉ាងទៀតនោះ ពីព្រោះសេចក្ដីពិតពីព្រះគម្ពីរគ្មានអនុភាពដូចគ្នាលើសមាជិកគ្រួសារទាំងអស់ ពួកស្មរបន្ទាល់បានត្រូវគេចោទប្រកាន់ថា គេបំបាក់បំបែកគ្រួសារ។ ក៏ប៉ុន្តែ អ្នកដែលស្គាល់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដឹងថាពួកគេមានការគោរពដ៏ជ្រាលជ្រៅចំពោះជីវភាពគ្រួសារ ហើយដែលគេខិតខំធ្វើតាមវិន័យព្រះគម្ពីរ ដែលតម្រូវឲ្យប្ដីនិងប្រពន្ធស្រឡាញ់ទាំងគោរពគ្នាទៅវិញទៅមក ហើយតម្រូវឲ្យកូនស្ដាប់តាមឪពុកម្ដាយផង ទោះបីពួកគេជាអ្នកជឿឬក៏មិនជឿក៏ដោយ។—អេភេសូរ ៥:២១–៦:៣
៥ អ្នកដែលអុជអាលឲ្យមានការបៀតបៀនពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺច្រើនតែអ្នកប្រឆាំងពីសាសនាដទៃ ដែលប្រើអនុភាពរបស់គេចំពោះអាជ្ញាធរនយោបាយ ហើយនិងប្រព័ន្ធផ្សាយពត៌មាន ដើម្បីខិតខំបង្ក្រាបសកម្មភាពរបស់ពួកស្មរបន្ទាល់។ តើយើងដែលជាស្មរបន្ទាល់ព្រះយេហូវ៉ា គួរមានប្រតិកម្មយ៉ាងណាចំពោះការប្រឆាំងបែបនេះ ទោះបីការប្រឆាំងនោះគឺដោយសារជំនឿនិងការប្រព្រឹត្ត ឬក៏ការចោទប្រកាន់ដ៏មិនពិតក៏ដោយ?
«ឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នា»
៦. ហេតុអ្វីបានជាសំខាន់ ដើម្បីមានតុល្យភាពក្នុងទស្សនៈរបស់យើង ចំពោះអ្នកដែលនៅក្រៅក្រុមជំនុំគ្រីស្ទាន?
៦ មុនបង្អស់ យើងត្រូវតែមានទស្សនៈដ៏ត្រឹមត្រូវដូចទស្សនៈរបស់ព្រះយេហូវ៉ា ចំពោះអ្នកដែលគ្មានជំនឿដូចយើង។ បើមិនអីចឹង យើងអាចនាំឲ្យមានប្រទូសភាពឬក៏ការតិះដៀលពីអ្នកដទៃ។ សាវ័កប៉ុលបានសរសេរថា៖ «ឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នា»។ (ភីលីព ៤:៥) ដូច្នេះ ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យមានតុល្យភាពក្នុងទស្សនៈរបស់យើង ចំពោះអ្នកដែលនៅក្រៅក្រុមជំនុំគ្រីស្ទាន។
៧. តើការរក្សាខ្លួន «មិនឲ្យប្រឡាក់ដោយលោកីយ» រួមបញ្ចូលអ្វី?
៧ នៅមួយផ្នែក ព្រះគម្ពីរទូន្មានយ៉ាងជាក់លាក់ឲ្យយើង «រក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។ (យ៉ាកុប ១:២៧; ៤:៤) ដូចនៅកន្លែងជាច្រើនក្នុងព្រះគម្ពីរ ពាក្យពេចន៍ដែលថា«លោកីយ៍»នោះ សំដៅទៅលើមនុស្សលោកជាក្រុម ដែលនៅដាច់ឡែកពីពួកគ្រីស្ទានពិត។ យើងរស់នៅក្នុងចំណោមសង្គមមនុស្សនោះ។ យើងទាក់ទងគេនៅកន្លែងធ្វើការ នៅសាលា ហើយនៅក្នុងសហគមន៍។ (យ៉ូហាន ១៧:១១, ១៥; កូរិនថូសទី១ ៥:៩, ១០) ក៏ប៉ុន្តែ យើងរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍ ដោយការបដិសេធនូវអាកប្បកិរិយា ពាក្យសំដី ហើយនិងចរិយាដែលខុសនឹងការប្រព្រឹត្តដ៏សុចរិតរបស់ព្រះ។ ការស្គាល់គ្រោះថ្នាក់នៃការសេពគប់នឹងលោកីយ៍នេះ គឺជាការសំខាន់ដែរ ជាពិសេសការសេពគប់នឹងអ្នក ដែលបង្ហាញការបដិសេធចោលនូវខ្នាតគំរូរបស់ព្រះយេហូវ៉ា។—សុភាសិត ១៣:២០
៨. ហេតុអ្វីបានជាដំបូន្មានដើម្បីឲ្យយើង រក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍ មិនឲ្យយើងមានហេតុសំរាប់ការមើលងាយអ្នកដទៃ?
៨ ក៏ប៉ុន្តែ ដំបូន្មាននោះ ដើម្បីមិនឲ្យប្រឡាក់ដោយលោកីយ៍ មិនឲ្យយើងមានហេតុសំរាប់ការនិយាយមើលងាយ អំពីអ្នកដែលមិនជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ (សុភាសិត ៨:១៣) សូមនឹកចាំពីពួកអ្នកដឹកនាំសាសនាយូដា ដែលយើងបានពិភាក្សាក្នុងអត្ថបទមុន។ ទ្រង់ទ្រាយសាសនាដែលអ្នកដឹកនាំនោះបានបណ្ដុះបណ្ដាល មិនបានផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ឬក៏នាំឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកដែលមិនជាសាសន៍យូដាទេ។ (ម៉ាថាយ ២១:៤៣, ៤៥) ដោយដំកើងទស្សនៈរបស់គេ នោះគេបានមើលងាយអ្នកសាសន៍ដទៃ។ យើងមិនមានទស្សនៈដ៏រាក់កំផែលនេះទេ ដែលប្រព្រឹត្តមើលងាយមនុស្សដែលមិនជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ដូចសាវ័កប៉ុល នោះយើងប្រាថ្នាចង់ឲ្យមនុស្សទាំងអស់ ដែលឮសារព្រះគម្ពីរនៃសេចក្ដីពិតបានទទួលការយល់ព្រមពីព្រះដែរ។—កិច្ចការ ២៦:២៩; ធីម៉ូថេទី១ ២:៣, ៤
៩. តើទស្សនៈដ៏ស្របតាមព្រះគម្ពីរ ហើយដែលប្រកបដោយតុល្យភាព គួរមានអនុភាពអ្វីលើរបៀបដែលយើងនិយាយពីអ្នកដែលមានជំនឿផ្សេងពីយើង?
៩ ទស្សនៈមួយដែលប្រកបដោយតុល្យភាព ហើយដែលស្របតាមព្រះគម្ពីរ គួរមានអនុភាពលើរបៀបយើងនិយាយអំពីអ្នកដែលមិនជាស្មរបន្ទាល់។ ប៉ុលបានប្រាប់ទីតុសឲ្យរំឭកពួកគ្រីស្ទាននៅកោះគ្រិត «មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសម្ដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង»។ (ទីតុស ៣:២) សូមកត់សម្គាល់ថា ពួកគ្រីស្ទាន «មិនត្រូវនិយាយអាក្រក់ពីអ្នកណា» សូម្បីតែអំពីអ្នកដែលមិនជាគ្រីស្ទាននៅកោះគ្រិត ដែលគេខ្លះមានឈ្មោះល្បីជាអ្នកភូតភរ អ្នកល្មោភស៊ី ហើយអ្នកខ្ជិលច្រអូសក៏ដោយ។ (ទីតុស ១:១២) ដូច្នេះ ការប្រើពាក្យដែលបង្អាប់នៅពេលយើងនិយាយអំពីអ្នកដែលគ្មានជំនឿដូចយើង គឺខុសនឹងព្រះគម្ពីរ។ អាកប្បកិរិយាដ៏ខ្ពង់ខ្ពស់ជាងគេបែបនេះ នឹងមិនទាក់ទាញមនុស្សមកដល់ការថ្វាយបង្គំរបស់ព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ នៅពេលដែលយើងប្រព្រឹត្តចំពោះមនុស្ស តាមគោលការណ៍របស់ព្រះបន្ទូលដ៏សមហេតុផលរបស់ព្រះយេហូវ៉ា យើង«តាក់តែងសេចក្ដីបង្រៀន»របស់ព្រះ។—ទីតុស ២:១០
ពេលសំរាប់នៅស្ងៀម ពេលសំរាប់និយាយ
១០, ១១. ហេតុយ៉ាងដូចម្ដេចដែលព្រះយេស៊ូបានបង្ហាញថា ទ្រង់ដឹងពេលណាជា (ក) ‹នៅស្ងៀម›? (ខ) «ពេលសំរាប់និយាយ»?
១០ សាស្ដា ៣:៧ប្រាប់ថា មានពេលសំរាប់នៅ«ស្ងៀមហើយពេលសំរាប់និយាយ»។ នៅត្រង់នេះមានការពិបាក គឺជាការសម្រេចថា ពេលណាដែលគួរធ្វើព្រងើយចំពោះអ្នកប្រឆាំង ហើយពេលណាដែលគួរនិយាយដើម្បីការពារសេចក្ដីជំនឿរបស់យើង។ យើងអាចរៀនបានច្រើនពីមនុស្សម្នាក់ ដែលតែងតែមានសមត្ថភាពវិនិច្ឆ័យយ៉ាងល្អឥតខ្ចោះ បុគ្គលនេះគឺព្រះយេស៊ូ។ (ពេត្រុសទី១ ២:២១) ទ្រង់បានដឹងពេលណា «ដែលគួរស្ងៀម»។ ឧទាហរណ៍ ពេលពួកសង្គ្រាជនិងពួកចាស់ទុំបានចោទប្រកាន់ទ្រង់នៅមុខលោកពីឡាត់ ព្រះយេស៊ូ «មិនបានមានបន្ទូលឆ្លើយសោះ»។ (ម៉ាថាយ ២៧:១១-១៤) ទ្រង់មិនចង់មានបន្ទូលណាដែលនឹងរំខាននូវការបំពេញព្រះហឫទ័យរបស់ព្រះចំពោះទ្រង់។ ជំនួសការនិយាយ ទ្រង់បានជ្រើសឲ្យការប្រព្រឹត្តដ៏សាធារណៈរបស់ទ្រង់មានបន្ទូលជួសទ្រង់។ ទ្រង់បានដឹងថា សូម្បីតែការប្រាប់គេសេចក្ដីពិត នឹងមិនប្រែចិត្តនឹងគំនិតដ៏ក្រអឺតក្រទមរបស់គេឡើយ។ ដូច្នេះ ទ្រង់បានធ្វើព្រងើយចំពោះការចោទរបស់គេ ដោយបដិសេធនូវការបំបាក់បំបែកសម្ងាត់ដោយបំណងរបស់ទ្រង់។—អេសាយ ៥៣:៧
១១ ក៏ប៉ុន្តែ ព្រះយេស៊ូក៏បានដឹងពេល «សំរាប់និយាយ»។ នៅពេលមួយ ទ្រង់បានមានបន្ទូលត្រង់តទល់ជាមួយអ្នកដែលរិះគន់ទ្រង់ ដោយបង្ហាញភាពខុសនៃការចោទមិនពិតរបស់គេ។ ឧទាហរណ៍ នៅពេលពួកផារីស៊ីបានខិតខំបង្ខូចទ្រង់នៅមុខមនុស្សមួយហ្វូង ដោយចោទប្រកាន់ទ្រង់ថា ទ្រង់បណ្ដេញពួកអារក្សដោយអំណាចពីបេលសេប៊ូល ព្រះយេស៊ូបានជ្រើសមិនឲ្យការចោទនោះនៅបានការ។ ដោយប្រើការគិតហេតុផលដែលបានធ្វើឲ្យខ្ទេចខ្ទីដល់ការចោទរបស់គេ ព្រមទាំងពាក្យប្រៀបប្រដូចមួយ ព្រះយេស៊ូបានផ្ដួលចោលពាក្យភូតភរនោះ។ (ម៉ាកុស ៣:២០-៣០; មើលផងដែរ ម៉ាថាយ ១៥:១-១១; ២២:១៧-២១; យ៉ូហាន ១៨:៣៧) គឺស្រដៀងគ្នានឹងនោះដែរ ពេលព្រះយេស៊ូបានត្រូវគេរុញទៅមុខតុលាការជាន់ខ្ពស់នៃសាសន៍យូដា ក្រោយទ្រង់បានត្រូវគេក្បត់និងចាប់ទ្រង់។ សម្ដេចសង្ឃឈ្មោះកៃផាបានទាមទារដោយល្បិចថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រនៃព្រះមែន នោះចូរប្រាប់យើងមក»! នេះគឺជា «ពេលសំរាប់និយាយ» ពីព្រោះការនៅស្ងៀមអាចត្រូវរាប់ជាការបដិសេធថាខ្លួនមិនជាព្រះគ្រីស្ទទេ។ ដូច្នេះ ព្រះយេស៊ូបានមានបន្ទូលឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។—ម៉ាថាយ ២៦:៦៣, ៦៤; ម៉ាកុស ១៤:៦១, ៦២
១២. តើកាលៈទេសៈអ្វីដែលបានជំរុញ ប៉ុលនិងបាណាបាសឲ្យនិយាយយ៉ាងក្លៀវក្លានៅក្រុងអ៊ីកូនាម?
១២ សូមពិចារណាគំរូរបស់ប៉ុលនិងបាណាបាសដែរ។ កិច្ចការ ១៤:១, ២ ថា៖ «កាលនៅក្រុងអ៊ីកូនាម ក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា បានអធិប្បាយនាំឲ្យទាំងពួកសាសន៍យូដា នឹងសាសន៍ក្រេកយ៉ាងសន្ធឹកបានជឿ ប៉ុន្តែ ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ»។ ព្រះគម្ពីរថ្មីភាសាអង់គ្លេស ចែងថា៖ «ក៏ប៉ុន្តែ ពួកយូដាដែលមិនបានដូរសាសនានោះ បាននាំឲ្យប្រជាជនជ្រួលជ្រើម ហើយបានបំពុលគំនិតរបស់គេឲ្យប្រឆាំងពួកគ្រីស្ទាន»។ ដោយព្រោះគេមិនស្កប់ចិត្តនឹងការបដិសេធសារគ្រីស្ទានខ្លួនគេ អ្នកប្រឆាំងសាសន៍យូដាបានចាប់ផ្ដើមបង្ខូចគេ ដោយខិតខំធ្វើឲ្យសាសន៍ដទៃលំអៀងដើម្បីប្រឆាំងនឹងពួកគ្រីស្ទាន។a សេចក្ដីសំអប់របស់គេចំពោះពួកគ្រីស្ទានគឺជ្រាលជ្រៅម្ល៉េះហ្ន៎! (ប្រៀបមើល កិច្ចការ ១០:២៨) ប៉ុលនិងបាណាបាសបានមានអារម្មណ៍ថា ពេលនោះគឺជាពេល «សំរាប់និយាយ» ក្រែងលោសិស្សថ្មីធ្លាក់ទឹកចិត្តដោយការតិះដៀលសាធារណៈនោះ។ «ចំណែកប៉ុល នឹងបាណាបាស ក៏នៅទីនោះជាយូរថ្ងៃ គេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់» ដែលបានបង្ហាញការពេញព្រះហឫទ័យរបស់ទ្រង់ ដោយឲ្យគេមានអំណាចធ្វើទីសម្គាល់ដ៏ខ្លាំងក្លា។ ជាលទ្ធផល មនុស្សខ្លះ«កាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក»។—កិច្ចការ ១៤:៣, ៤
១៣. នៅពេលយើងប្រឈមការតិះដៀល តើនៅពេលណាជាធម្មតាដែលជាពេល«ដែលគួរស្ងៀម»?
១៣ ដូច្នេះ តើយើងគួរមានប្រតិកម្មយ៉ាងដូចម្ដេចពេលដែលយើងត្រូវគេតិះដៀល? នេះគឺពឹងពាក់ទៅលើកាលៈទេសៈ។ កាលៈទេសៈខ្លះតម្រូវឲ្យយើងធ្វើតាមគោលការណ៍ ដែលថាមានពេល«ដែលគួរស្ងៀម»។ គឺដូច្នេះជាពិសេស ពេលអ្នកប្រឆាំងប្ដេជ្ញាទាញយើងចូលក្នុងការឈ្លោះប្រកែកដែលគ្មានន័យ។ យើងត្រូវតែចាំថា មានមនុស្សខ្លះដែលគ្រាន់តែមិនចង់ដឹងសេចក្ដីពិតទេ។ (ថែស្សាឡូនីចទី២ ២:៩-១២) គឺឥតប្រយោជន៍ទេ ដើម្បីព្យាយាមនិយាយហេតុផលជាមួយអ្នក ដែលមានចិត្តនៅជាប់នឹងការមិនជឿដោយសារភាពក្រអឺតក្រទមរបស់គេ។ លើសពីនេះទៅទៀត បើសិនជាយើងចូលរួមក្នុងការប្រកែកជាមួយ អ្នកចោទប្រកាន់មិនពិតទាំងអស់ដែលប្រឆាំងនឹងយើង យើងនឹងត្រូវបង្វែរពីសកម្មភាពមួយដែលសំខាន់ជាងឆ្ងាយ ហើយដែលនាំរង្វាន់ច្រើនជាង នេះគឺជាការជួយអ្នកចិត្តស្មោះ ដែលមានចំណង់រៀនមែនទែននូវសេចក្ដីពិតពីព្រះគម្ពីរ។ ដូច្នេះនៅពេលយើងប្រឈមអ្នកប្រឆាំង ដែលចង់តែផ្សាយពាក្យភូតភរអំពីយើង ដំបូន្មានពីព្រះគម្ពីរគឺ៖ «បែរចេញពីអ្នកទាំងនោះ»។—រ៉ូម ១៦:១៧, ១៨; ម៉ាថាយ ៧:៦
១៤. តើតាមរបៀបណាដែលយើងអាចការពារសេចក្ដីជំនឿរបស់យើងនៅចំពោះអ្នកឯទៀត?
១៤ ពិតមែនហើយ នេះមិនមានន័យថាយើងមិនការពារសេចក្ដីជំនឿរបស់យើងទេ ពីព្រោះមាន«ពេលសំរាប់និយាយ»។ យើងមានសិទ្ធិយកចិត្តទុកដាក់នឹងអ្នកចិត្តស្មោះដែលបានដឹងឮការរិះគន់អំពីយើងដែលបង្កាច់បង្ខូច។ យើងសុខចិត្តពន្យល់យ៉ាងច្បាស់ជាក់លាក់ឲ្យអ្នកដទៃពីសេចក្ដីជំនឿ ដែលចេញពីដួងចិត្តដ៏ស្មោះរបស់យើង។ ប្រាកដហើយ យើងស្វាគមន៍នឹងឱកាសនេះជានិច្ច។ ពេត្រុសបានសរសេរថា៖ «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាពហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា»។ (ពេត្រុសទី១ ៣:១៥) នៅពេលអ្នកដែលមានចំណាប់អារម្មណ៍ពិតប្រាកដ សុំភស្តុតាងអំពីសេចក្ដីជំនឿដែលជាទីស្រឡាញ់របស់យើង ហើយពេលគេសួរអំពីការចោទប្រកាន់មិនពិត ដែលពួកអ្នកប្រឆាំងយើងបានលើកឡើង។ គឺជាភារកិច្ចរបស់យើងដើម្បីការពារសេចក្ដីជំនឿរបស់យើង ដោយផ្ដល់ឲ្យចម្លើយព្រះគម្ពីរដ៏ត្រឹមត្រូវ។ បន្ថែមទៅទៀត ចរិយាដ៏ល្អល្អះរបស់យើងអាចប្រាប់ជាច្រើន។ នៅពេលអ្នកដែលមិនលំអៀងគំនិត កត់សម្គាល់ថាយើងពិតជាខិតខំរស់នៅដោយស្របតាមខ្នាតគំរូដ៏សុចរិតរបស់ព្រះ គេអាចឃើញយ៉ាងច្បាស់លាស់ថា ការចោទប្រកាន់ប្រឆាំងយើងគឺជាមិនពិត។—ពេត្រុសទី១ ២:១២-១៥
ចុះយ៉ាងណាវិញ ចំពោះការផ្សាយជាសាធារណៈដ៏បង្កាច់បង្ខូច?
១៥. តើអ្វីជាឧទាហរណ៍មួយដែលបង្ហាញនូវរបៀបពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវប្រព័ន្ធផ្សាយពត៌មាន ផ្សាយអំពីគេដែលបានត្រូវមួលបង្កាច់?
១៥ ជួនកាល ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវមនុស្សផ្សាយពត៌មានអំពីគេ ដែលបានត្រូវមូលបង្កាច់។ ជាឧទាហរណ៍ នៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៧ កាសែតរុស្ស៊ីមួយបានបោះពុម្ពផ្សាយអត្ថបទមួយដ៏បង្កាច់បង្ខូច ដោយអះអាងថាពួកស្មរបន្ទាល់ព្រះយេហូវ៉ា ‹តម្រូវឲ្យសមាជិករបស់គេបដិសេធប្រពន្ធ ប្ដី និងឪពុកម្ដាយរបស់គេ បើគេមិនយល់និងជឿតាមសេចក្ដីជំនឿរបស់គេ›។ អ្នកណាដែលពិតជាស្គាល់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ដឹងថាការចោទនេះគឺមិនពិតទេ។ ព្រះគម្ពីរបង្ហាញថា ពួកគ្រីស្ទានត្រូវតែប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ និងការគោរពចំពោះសមាជិកគ្រួសាររបស់គេដែលមិនជឿ ហើយពួកស្មរបន្ទាល់ព្យាយាមធ្វើតាមការណែនាំ។ (កូរិនថូសទី១ ៧:១២-១៦; ពេត្រុសទី១ ៣:១-៤) ទោះបីដូច្នេះក៏ដោយ អត្ថបទនោះបានត្រូវគេបោះពុម្ព ហើយមនុស្សជាច្រើនបានទទួលពត៌មានខុស។ ហេតុយ៉ាងដូចម្ដេចដែលយើងអាចការពារសេចក្ដីជំនឿរបស់យើង នៅពេលយើងត្រូវមនុស្សតិះដៀលយើង?
១៦, ១៧, និងក្នុងប្រអប់នៅក្នុងទំព័រ ១៦. (ក) តើទស្សនាវដ្ដីប៉មយាមបាននិយាយអ្វីម្ដង អំពីការតបឆ្លើយនឹងពត៌មានមិនពិតក្នុងប្រព័ន្ធពត៌មាន? (ខ) ក្នុងកាលៈទេសៈអ្វីដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ា ប្រហែលតបឆ្លើយនឹងសេចក្ដីរាយការណ៍មិនពិតក្នុងប្រព័ន្ធពត៌មាន?
១៦ ម្ដងទៀត នៅត្រង់នេះមានពេលសំរាប់នៅ«ស្ងៀមហើយពេលសំរាប់និយាយ»។ ទស្សនាវដ្ដីប៉មយាម បានស្តីពីនេះម្ដងដូចតទៅ៖ «បើសិនជាយើងមិនអើពើនឹងពត៌មានមិនពិតក្នុងប្រព័ន្ធពត៌មាន ឬក៏ការពារសេចក្ដីពិតដោយរបៀបដ៏សមរម្យ នេះពឹងពាក់ទៅលើកាលៈទេសៈ អ្នកដែលបានបណ្ដាលឲ្យមានការរិះគន់នោះ ហើយគោលបំណងរបស់គេ»។ ក្នុងករណីខ្លះ គឺជាល្អជាងបើសិនយើងមិនអើពើនឹងសេចក្ដីរាយការណ៍ដ៏អវិជ្ជមាន ដូច្នេះយើងមិនជួយផ្សាយជាសាធារណៈនូវពាក្យភូតភរនោះ។
១៧ ក្នុងករណីផ្សេងទៀត ប្រហែលនោះគឺជា«ពេលសំរាប់និយាយ»។ អ្នកសារពត៌មានឬក៏អ្នកកាសែតម្នាក់ដែលគួរទុកចិត្ត ប្រហែលបានទទួលពត៌មានខុសអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយអរនឹងទទួលពត៌មានដ៏ពិតប្រាកដអំពីយើង។ (សូមមើលប្រអប់ «ការកែតម្រូវពត៌មានខុស»)។ បើសេចក្ដីរាយការណ៍ដ៏អវិជ្ជមានក្នុងប្រព័ន្ធពត៌មាន នាំឲ្យមានការលំអៀងដែលឃាត់ការផ្សព្វផ្សាយរបស់យើង អ្នកតំណាងការិយាល័យសាខាសមាគមប៉មយាម អាចផ្ដើមការការពារសេចក្ដីពិតដោយរបៀបមួយដ៏សមរម្យ។b ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់អាចត្រូវគេឲ្យកិច្ចការដើម្បីផ្ដល់ហេតុការណ៍ ប្រហែលក្នុងកម្មវិធីទូរទស្សន៍ ដោយដឹងថា ការខានមកអាចមានន័យថាស្មរបន្ទាល់ព្រះយេហូវ៉ាគ្មានចម្លើយទេ។ ដោយប្រាជ្ញា ពួកស្មរបន្ទាល់ម្នាក់ៗធ្វើតាមការណែនាំនៃសមាគមប៉មយាមហើយអ្នកតំណាងនោះ ក្នុងរឿងបែបនេះ។—ហេព្រើរ ១៣:១៧
ការការពារដំណឹងល្អដោយតាមរយៈច្បាប់
១៨. (ក) ហេតុអ្វីបានជាយើងមិនត្រូវការសេចក្ដីអនុញ្ញាតហេតុដូចខាងលើ នៃរដ្ឋាភិបាលមនុស្សលោកដើម្បីផ្សព្វផ្សាយ? (ខ) តើយើងធ្វើអ្វីនៅពេលយើងបានត្រូវគេ បិទសេចក្ដីអនុញ្ញាតដើម្បីផ្សព្វផ្សាយ?
១៨ សេចក្ដីអនុញ្ញាតរបស់យើង ដើម្បីប្រកាសប្រាប់ដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះ មកពីស្ថានសួគ៌។ ព្រះយេស៊ូជាអ្នកដែលបានប្រគល់មុខការនេះ ហើយទ្រង់បានត្រូវទទួល‹គ្រប់ទាំងអំណាចនៅលើស្ថានសួគ៌ ហើយលើផែនដីផង›។ (ម៉ាថាយ ២៨:១៨-២០; ភីលីព ២:៩-១១) ដូច្នេះ យើងមិនត្រូវការសេចក្ដីអនុញ្ញាត នៃរដ្ឋាភិបាលមនុស្សលោកដើម្បីផ្សព្វផ្សាយទេ។ ទោះបីជាអីចឹងក៏ដោយ យើងទទួលស្គាល់ថាការមានសេរីភាពខាងសាសនា ជួយក្នុងការផ្សាយសារព្រះរាជាណាចក្រ។ ក្នុងប្រទេសដែលយើងមានសេរីភាពធ្វើការថ្វាយបង្គំរបស់យើង យើងនឹងប្រើប្រព័ន្ធច្បាប់ដើម្បីការពារសេរីភាពនោះ។ នៅកន្លែងដែលយើងបានត្រូវគេបង្អត់សេរីភាពបែបនេះ យើងនឹងខិតខំទទួលសេរីភាពក្នុងទ្រង់ទ្រាយច្បាប់។ គោលបំណងរបស់យើងមិនជាការកែសង្គមទេ ក៏ប៉ុន្តែគោលបំណងយើងជា «ការការពារហើយស្ថាបនាដំណឹងល្អតាមច្បាប់»។c—ភីលីព ១:៧, ព.ថ.
១៩. (ក) តើការ‹ថ្វាយរបស់ព្រះទៅព្រះវិញ› អាចមានលទ្ធផលអ្វី? (ខ) តើយើងប្ដេជ្ញាដើម្បីធ្វើអ្វី?
១៩ ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងទទួលស្គាល់ព្រះយេហូវ៉ាជាអធិបតេយ្យសកលលោក។ ច្បាប់ទាំងឡាយរបស់ទ្រង់គឺជាធំបំផុត។ យើងយកចិត្តទុកដាក់ស្ដាប់តាមរដ្ឋាភិបាលទាំងឡាយនៃមនុស្សលោក។ ដោយធ្វើដូច្នេះយើង «ថ្វាយរបស់សេសារ ទៅសេសារ»។ ក៏ប៉ុន្តែ យើងនឹងមិនឲ្យអ្វីក៏ដោយដើម្បីរំខានយើង ក្នុងការបំពេញភារកិច្ចមួយដ៏សំខាន់ជាង នោះជាការ ‹ថ្វាយរបស់ព្រះទៅព្រះវិញ›។ (ម៉ាថាយ ២២:២១) យើងយល់ទាំងស្រុងថា ការធ្វើយ៉ាងនេះនឹងធ្វើឲ្យយើងទៅជា‹អ្នកដែលត្រូវគេស្អប់›ដោយសាសន៍ទាំងឡាយ។ ក៏ប៉ុន្តែ យើងទទួលនេះជាផ្នែកមួយនៃថ្លៃនៃភាពជាសិស្ស។ ប្រវត្ដិការណ៍ខាងច្បាប់ពួករបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅសតវត្សទី២០នេះ គឺជាសក្ខីភាពនៃការប្ដេជ្ញារបស់យើងដើម្បីការពារសេចក្ដីជំនឿរបស់យើង។ ដោយជំនួយនឹងការគាំទ្រពីព្រះយេហូវ៉ា យើងនឹងបន្ត«ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អ»។—កិច្ចការ ៥:៤២
[កំណត់សម្គាល់]
a អត្ថាធិប្បាយរបស់មាថៀវហិនរីអំពីព្រះគម្ពីរទាំងមូល ពន្យល់ថាពួកយូដាដែលប្រឆាំងនោះ «បានយកជាកិច្ចការរបស់គេនូវការទៅរកអ្នកសាសន៍ដទៃដែលគេស្គាល់ ហើយនិយាយអំពីអ្វីទាំងអស់ដែលគំនិតឬក៏ព្យាបាទរបស់គេអាចប្រឌិតឡើង ដើម្បីបណ្ដាលឲ្យគេមានទស្សនៈដែលមិនគ្រាន់តែកាចសាហាវតែប៉ុណ្ណោះ ក៏ប៉ុន្តែទស្សនៈដែលមានប្រទូសភាពចំពោះពួកគ្រីស្ទាន»។
b ក្រោយពីអត្ថបទដែលបង្កាច់បង្ខូចបានត្រូវបោះពុម្ពក្នុងកាសែតរុស្ស៊ីនោះ (ដែលបានត្រូវរៀបរាប់ក្នុងវគ្គទី១៥) ស្មរបន្ទាល់ព្រះយេហូវ៉ាបានប្ដឹងទៅប្រធានាធិបតីសភានៃតុលាការ សំរាប់ជម្លោះពត៌មាននៃសហព័ន្ធរុស្ស៊ី ដោយមានសំណើរសំរាប់ការពិនិត្យសាឡើងវិញ នូវការចោទប្រកាន់មិនពិតទាំងឡាយដែលបានត្រូវចោទក្នុងអត្ថបទនោះ។ នៅពេលថ្មីៗនេះ តុលាការនោះបានកាត់សេចក្ដីដែលបានដាក់ទោសដ៏ធ្ងន់ទៅលើកាសែតនោះ សំរាប់ការបោះពុម្ពអត្ថបទដែលបង្ខូចនោះ។—សូមមើលភ្ញាក់រឭក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រលេខ២៦-២៧។
c សូមមើលអត្ថបទ «ការការពារដំណឹងល្អតាមរយៈច្បាប់» នៅទំព័រ ១៨-២១
តើអ្នកចាំទេ?
◻ ដោយសារអ្វីដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺជា ‹អ្នកដែលត្រូវគេស្អប់›?
◻ តើយើងគួរមានទស្សនៈយ៉ាងណា ចំពោះអ្នកដែលគ្មានសេចក្ដីជំនឿខាងសាសនាដូចយើង?
◻ ក្នុងការទាក់ទងអ្នកប្រឆាំង តើអ្វីជាគំរូដែលប្រកបដោយតុល្យភាពដែលព្រះយេស៊ូបានប្រគល់ឲ្យ?
◻ នៅពេលយើងត្រូវគេតិះដៀល តើយ៉ាងដូចម្ដេចដែលយើងអាចអនុវត្តតាមគោលការណ៍ដែលថា «មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»?
[ប្រអប់នៅទំព័រ១៥]
ការកែតម្រូវពត៌មានខុស
«នៅក្រុងយ៉ាឃ្វីបាប្រទេសបូលីវា ក្រុមប្រូតេស្តង់មួយនៅតំបន់នោះបានរៀបចំឲ្យប៉ុស្តិ៍ទូរទស្សន៍ផ្សាយកុនមួយ ដែលច្បាស់ជាបានត្រូវអ្នកក្បត់ជំនឿផលិត។ ដោយឃើញអនុភាពដ៏អាក្រក់នៃកុននោះ អ្នកចាស់ទុំពីរនាក់បានសម្រេចចិត្តទៅជួបប៉ុស្តិ៍ទូរទស្សន៍ទាំងពីរនោះ ហើយស្នើផ្ដល់លុយដើម្បីឲ្យគេផ្សាយឲ្យសាធារណជនមើលកាសែតវីដេអូពួកស្មរបន្ទាល់ព្រះយេហូវ៉ា៖ អង្គការដែលគាំទ្រឈ្មោះនោះ ហើយនិង ព្រះគម្ពីរ៖ សៀវភៅនៃហេតុការណ៍ហើយបទទំនាយ។ ក្រោយគេបានមើលកាសែតវីដេអូរបស់សមាគមនោះ ម្ចាស់ប៉ុស្តិ៍វិទ្យុមួយបានតូចចិត្តដោយសារពត៌មានខុស ក្នុងកម្មវិធីរបស់អ្នកក្បត់ជំនឿនោះ ហើយបានស្នើផ្សាយសេចក្ដីជូនដំណឹងដោយឥតគិតថ្លៃ សំរាប់ស្មរបន្ទាល់ព្រះយេហូវ៉ា អំពីមហាសន្និបាតរបស់ពួកគេដែលជិតមកដល់នោះ។ អ្នកដែលមានវត្តមានគឺច្រើនខុសពីធម្មតា ហើយមនុស្សចិត្តស្មោះជាច្រើន បានចាប់ផ្ដើមសួរសំនួរយ៉ាងស្មោះនៅពេលពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានជួបគេក្នុងកិច្ចផ្សព្វផ្សាយ»។—សៀវភៅកិច្ចការពីឆ្នាំ១៩៩៧នៃស្មរបន្ទាល់ព្រះយេហូវ៉ា ទំព័រលេខ ៦១-២
[រូបភាពនៅទំព័រ១៧]
នៅពេលមួយ ព្រះយេស៊ូបានបង្ហាញភាពខុសនៃការចោទប្រកាន់មិនពិតរបស់អ្នករិះគន់ទ្រង់