ចូរបន្តពង្រឹងក្រុមជំនុំ
«ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—១ថែ. ៥:១១
១. ដោយសារយើងនៅក្នុងក្រុមជំនុំគ្រិស្តសាសនិក តើយើងមានពរអ្វីខ្លះ? ប៉ុន្តែតើយើងនៅតែប្រឈមមុខនឹងបញ្ហាណាខ្លះ?
ការធ្វើជាសមាជិកនៃក្រុមជំនុំគ្រិស្តសាសនិកនាំមកនូវពរដ៏វិសេស។ អ្នកមានចំណងមេត្រីភាពដ៏ល្អជាមួយព្រះយេហូវ៉ា។ ដោយសារអ្នកទុកចិត្តលើបណ្ដាំរបស់លោកដើម្បីណែនាំអ្នក នេះជួយការពារអ្នកពីផលវិបាកដែលមកពីរបៀបរស់នៅដែលខុសគោលការណ៍គម្ពីរ។ អ្នកមានមិត្តភក្ដិពិតប្រាកដជាច្រើននាក់ដែលចង់ឲ្យអ្នកបានល្អ។ ត្រូវហើយ អ្នកមានពរច្រើនណាស់។ ប៉ុន្តែ គ្រិស្តសាសនិកភាគច្រើនកំពុងតស៊ូនឹងបញ្ហាផ្សេងៗ។ ពួកគាត់ខ្លះប្រហែលជាត្រូវការជំនួយដើម្បីយល់សេចក្ដីជ្រាលជ្រៅនៃបណ្ដាំរបស់ព្រះ។ អ្នកខ្លះទៀតឈឺឬធ្លាក់ទឹកចិត្ត ឬក៏ប្រហែលជាកំពុងរងផលវិបាកដែលមកពីការសម្រេចចិត្តមិនត្រឹមត្រូវ។ ម្យ៉ាងទៀត យើងទាំងអស់គ្នាត្រូវរស់នៅក្នុងពិភពលោកដែលឃ្លាតឆ្ងាយពីព្រះ។
២. តើយើងគួរធ្វើអ្វី ពេលបងប្អូនយើងរងការលំបាក? ហើយហេតុអ្វី?
២ គ្មាននរណាម្នាក់ក្នុងចំណោមយើង ចង់ឃើញបងប្អូនរួមជំនឿមានការពិបាកឬរងទុក្ខឡើយ។ សាវ័កប៉ូលបានប្រៀបប្រដូចក្រុមជំនុំទៅនឹងរូបកាយ ហើយបានពោលថា៖ «ប្រសិនបើអវយវៈមួយរងទុក្ខ អវយវៈទាំងប៉ុន្មានទៀតក៏រងទុក្ខជាមួយដែរ»។ (១កូ. ១២:១២, ២៦) ក្នុងកាលៈទេសៈបែបនេះ យើងគួរព្យាយាមគាំទ្របងប្អូនប្រុសស្រីរបស់យើង។ កំណត់ហេតុមួយចំនួនក្នុងគម្ពីរចែងថាសមាជិកក្រុមជំនុំបានជួយគ្នាប្រឈមមុខ ហើយយកឈ្នះការពិបាកផ្សេងៗ។ ឥឡូវ ពេលយើងពិចារណាករណីទាំងនោះ សូមគិតពីរបៀបដែលអ្នកអាចផ្ដល់ជំនួយ ដែលស្រដៀងគ្នានឹងអ្វីដែលបានរៀបរាប់ក្នុងកំណត់ហេតុទាំងនោះ។ តើអ្នកអាចជួយបងប្អូនរួមជំនឿយ៉ាងដូចម្ដេចឲ្យបន្តបម្រើព្រះយេហូវ៉ា ហើយពង្រឹងក្រុមជំនុំរបស់លោក?
អាគីឡានិងព្រីស៊ីលបាន«នាំ[គាត់]ទៅដោយឡែកពីគេ»
៣, ៤. តើតាមរបៀបណាដែលអាគីឡានិងព្រីស៊ីលបានជួយអាប៉ូឡុស?
៣ ពេលអាប៉ូឡុសបានតាំងទីលំនៅនៅក្រុងអេភេសូរ គាត់ជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏ខ្នះខ្នែងរួចហើយ។ កំណត់ហេតុនៅសៀវភៅសកម្មភាពចែងថា៖ «ដោយសារសកម្មពលរបស់ព្រះ គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ»។ ដោយសារអាប៉ូឡុសមិនស្គាល់ការជ្រមុជទឹក«ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក» នេះទំនងជាមានន័យថាអ្នកកាន់តាមយ៉ូហានដែលជាអ្នកជ្រមុជទឹក ឬក៏អ្នកកាន់តាមលោកយេស៊ូ បានផ្សព្វផ្សាយដល់គាត់មុនបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ទោះជាអាប៉ូឡុសមានចិត្តខ្នះខ្នែងក៏ដោយ គាត់មិនបានយល់រឿងសំខាន់ៗខ្លះទេ។ តើការសេពគប់ជាមួយបងប្អូនរួមជំនឿបានជួយគាត់យ៉ាងណា?—សកម្ម. ១:៤, ៥; ១៨:២៥; ម៉ាថ. ២៨:១៩
៤ អាគីឡានិងព្រីស៊ីលដែលជាគូស្វាមីភរិយាគ្រិស្តសាសនិកមួយគូបានឮអាប៉ូឡុសនិយាយយ៉ាងក្លាហាននៅសាលាប្រជុំ ក៏នាំគាត់ទៅដោយឡែកពីគេ ហើយបានបង្រៀនគាត់ថែមទៀតអំពីអ្វីដែលគាត់មិនដឹង។ (សូមអាន សកម្មភាព ១៨:២៤-២៦) នេះជាអ្វីដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលពួកគាត់បានធ្វើ។ ប្រាកដហើយ អាគីឡានិងព្រីស៊ីលពិតជាបាននិយាយជាមួយអាប៉ូឡុសតាមរបៀបដែលបង្ហាញថាពួកគាត់ចង់ជួយគាត់ និងតាមរបៀបដែលមិនធ្វើឲ្យគាត់អន់ចិត្ត មិនមែនធ្វើឲ្យគាត់មានអារម្មណ៍ថាត្រូវគេរិះគន់ទេ។ អ្វីដែលអាប៉ូឡុសមិនបានដឹងនោះគឺប្រវត្ដិនៃក្រុមជំនុំគ្រិស្តសាសនិកដំបូង។ អាប៉ូឡុសប្រាកដជាដឹងគុណចំពោះគូកនថ្មីរបស់គាត់ដែលបានជួយគាត់ឲ្យយល់ព័ត៌មានសំខាន់ទាំងនេះ។ ដោយសារអាប៉ូឡុសបានដឹងព័ត៌មាននេះ គាត់បានធ្វើជាសាក្សីបញ្ជាក់ដែលមានឥទ្ធិពលខ្លាំង ហើយ«បានជួយយ៉ាងច្រើន»ដល់បងប្អូនរួមជំនឿនៅស្រុកអាខេយ៉ា។—សកម្ម. ១៨:២៧, ២៨
៥. ដោយសេចក្ដីស្រឡាញ់ តើអ្នកផ្សព្វផ្សាយរាប់ពាន់នាក់ផ្ដល់ជំនួយយ៉ាងណា? ហើយតើមានលទ្ធផលអ្វី?
៥ សព្វថ្ងៃនេះ បងប្អូនជាច្រើននៅក្រុមជំនុំគ្រិស្តសាសនិកដឹងគុណណាស់ចំពោះពួកអ្នកដែលបានជួយពួកគាត់ឲ្យយល់គម្ពីរ។ អាស្រ័យហេតុនេះ អ្នកបង្រៀននិងសិស្សគម្ពីរជាច្រើននាក់មានចំណងមិត្តភាពជាមួយគ្នាដែលនៅស្ថិតស្ថេរ។ ក្នុងករណីភាគច្រើន ការជួយអ្នកឯទៀតឲ្យយល់សេចក្ដីពិតតម្រូវឲ្យកំណត់ពេលសិក្សាជាមួយគ្នាយ៉ាងទៀងទាត់អស់រយៈពេលបីបួនខែ។ ក៏ប៉ុន្តែ អ្នកផ្សព្វផ្សាយស្ម័គ្រចិត្តធ្វើដូច្នេះដោយមិនគិតពីប្រយោជន៍ខ្លួន ដោយសារពួកគេទទួលស្គាល់ថានេះទាក់ទងនឹងជីវិតស្លាប់រស់។ (យ៉ូន. ១៧:៣) យើងប្រាកដជាមានអំណរមែនពេលឃើញមនុស្សទទួលយក ព្រមទាំងរស់នៅសមស្របនឹងសេចក្ដីពិត ហើយប្រើជីវិតរបស់ពួកគេដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា!
‹បងប្អូនតែងនិយាយល្អអំពីគាត់›
៦, ៧. (ក) ហេតុអ្វីបានជាប៉ូលជ្រើសរើសធីម៉ូថេឲ្យធ្វើដំណើរជាមួយគាត់ជាសាសនទូត? (ខ) តើប៉ូលបានជួយធីម៉ូថេឲ្យមានជំនឿនយ៉ាងដូចម្ដេច?
៦ ក្នុងអំឡុងដំណើរទី២ជាសាសនទូត សាវ័កប៉ូលនិងស៊ីឡាសបានទៅលេងក្រុងលីស្ដ្រា ហើយនៅទីនោះពួកគាត់ជួបយុវជនម្នាក់ឈ្មោះធីម៉ូថេ ដែលមានអាយុប្រហែលជិតឬជាង២០ឆ្នាំ។ «បងប្អូននៅក្រុងលីស្ដ្រានិងក្រុងអ៊ីកូនាមតែងនិយាយល្អអំពីធីម៉ូថេ»។ អឺនីសដែលជាម្ដាយរបស់ធីម៉ូថេ និងឡូអ៊ីសដែលជាយាយរបស់គាត់ជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ តែឪពុករបស់គាត់មិនមែនជាអ្នកបម្រើព្រះយេហូវ៉ាទេ។ (២ធី. ១:៥) ប៉ូលប្រហែលជាបានស្គាល់ក្រុមគ្រួសាររបស់ធីម៉ូថេពេលគាត់មកលេងតំបន់នោះជាលើកដំបូងពីរបីឆ្នាំមុន។ ប៉ុន្តែ នៅពេលជួបគ្នាម្ដងទៀត ប៉ូលបង្ហាញចំណាប់អារម្មណ៍ទៅលើធីម៉ូថេពីព្រោះមើលទៅគាត់ជាយុវជនដ៏អស្ចារ្យម្នាក់។ អាស្រ័យហេតុនេះ ដោយទទួលការអនុញ្ញាតពីក្រុមនៃពួកអ្នកចាស់ទុំនៅទីនោះ ធីម៉ូថេបានក្លាយទៅជាជំនួយការរបស់ប៉ូលក្នុងសកម្មភាពជាសាសនទូត។—សូមអាន សកម្មភាព ១៦:១-៣
៧ ធីម៉ូថេមានអ្វីជាច្រើនដែលគាត់អាចរៀនពីគូកនរបស់គាត់ដែលមានអាយុច្រើនជាងគាត់។ ប៉ុន្តែ គាត់ពិតជាបានរៀនច្រើនមែន ហើយមិនយូរក្រោយមក ប៉ូលមានទំនុកចិត្តចាត់ធីម៉ូថេឲ្យទៅលេងក្រុមជំនុំនានា ហើយឲ្យធ្វើជាតំណាងគាត់។ ក្នុងរយៈពេលជាង១៥ឆ្នាំដែលធីម៉ូថេបានសេពគប់ជាមួយប៉ូល នោះបុរសវ័យក្មេងនេះដែលមិនមានបទពិសោធន៍ ហើយប្រហែលជាអៀនខ្មាស បានមានជំនឿនរហូតក្លាយទៅជាអ្នកត្រួតពិនិត្យដ៏ប្រសើរម្នាក់។—ភី. ២:១៩-២២; ១ធី. ១:៣
៨, ៩. តើសមាជិកក្នុងក្រុមជំនុំអាចលើកទឹកចិត្តប្អូនៗវ័យក្មេងយ៉ាងណា? សូមលើកឧទាហរណ៍។
៨ សព្វថ្ងៃនេះ យុវជននិងយុវតីជាច្រើនក្នុងក្រុមជំនុំគ្រិស្តសាសនិកមានគុណសម្បត្ដិនិងសមត្ថភាពដែលអាចជួយពួកគេឲ្យជឿនទៅមុខ។ បើគូកនដែលទុកគំរូល្អក្នុងការបម្រើព្រះយេហូវ៉ា បានលើកទឹកចិត្តនិងថែរក្សាពួកគាត់ នោះប្អូនៗវ័យក្មេងទាំងនេះអាចខំប្រឹងឲ្យបានមុខងារ ហើយព្រមទទួលភារកិច្ចជាច្រើនទៀតក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា។ សូមមើលក្នុងក្រុមជំនុំរបស់អ្នក! តើមានប្អូនៗវ័យក្មេងណាដែលអាចព្យាយាមឲ្យបានមុខងារក្នុងក្រុមជំនុំ ដូចធីម៉ូថេបានធ្វើឬទេ? ដោយមានជំនួយនិងការលើកទឹកចិត្តពីអ្នក ពួកគាត់អាចក្លាយទៅជាអ្នកត្រួសត្រាយ អ្នកធ្វើការនៅបេតអែល សាសនទូត ឬអ្នកធ្វើដំណើរត្រួតពិនិត្យជាដើម។ តើអ្នកអាចធ្វើអ្វីដើម្បីជួយពួកគាត់ឲ្យព្យាយាមដើម្បីសម្រេចគោលដៅបែបនោះ?
៩ ម៉ាថិនដែលបានបម្រើនៅបេតអែលអស់២០ឆ្នាំ នឹកចាំដោយចិត្តដឹងគុណចំពោះអ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែលបានយកចិត្តទុកដាក់នឹងគាត់កាលពី៣០ឆ្នាំមុន ពេលដែលគាត់ទាំងពីរនាក់កំពុងផ្សព្វផ្សាយជាមួយគ្នា។ អ្នកត្រួតពិនិត្យនោះបាននិយាយដោយចិត្តរំភើបអំពីពេលគាត់បម្រើនៅបេតអែលកាលដែលគាត់នៅវ័យក្មេង។ គាត់បានលើកទឹកចិត្តម៉ាថិនឲ្យគិតអំពីកិច្ចបម្រើបែបនេះក្នុងអង្គការរបស់ព្រះយេហូវ៉ា។ ម៉ាថិនមានអារម្មណ៍ថាការពិភាក្សានេះដែលគាត់មិនអាចបំភ្លេចបាន មានឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តដែលគាត់បានធ្វើនៅពេលក្រោយមក។ ដោយនិយាយជាមួយប្អូនៗវ័យក្មេងអំពីគោលដៅក្នុងកិច្ចបម្រើព្រះ អ្នកប្រហែលជាមានឥទ្ធិពលល្អទៅលើពួកគាត់ ដែលអ្នកគិតមិនដល់។
«និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត»
១០. តើអេប៉ាប្រូឌីតមានអារម្មណ៍យ៉ាងណា? ហើយហេតុអ្វី?
១០ អេប៉ាប្រូឌីតបានធ្វើដំណើរឆ្ងាយដែលធ្វើឲ្យគាត់នឿយហត់ ពីក្រុងភីលីពទៅក្រុងរ៉ូមដើម្បីទៅលេងប៉ូលកាលដែលគាត់ជាប់គុកដោយសារជំនឿគាត់។ អេប៉ាប្រូឌីតធ្វើជាអ្នកនាំសារពីបងប្អូនក្នុងក្រុងភីលីព។ គាត់មិនគ្រាន់តែយកអំណោយឲ្យសាវ័កប៉ូលប៉ុណ្ណោះទេ តែគាត់ក៏មានគម្រោងនៅជាមួយប៉ូលដើម្បីជួយប៉ូលក្នុងកាលៈទេសៈដ៏ពិបាករបស់គាត់។ ក៏ប៉ុន្តែ កាលអេប៉ាប្រូឌីតនៅក្រុងរ៉ូម គាត់បានធ្លាក់ខ្លួនឈឺ«រហូតដល់ជិតស្លាប់»។ ដោយមានអារម្មណ៍ថាគាត់មិនបានសម្រេចគោលបំណងរបស់គាត់ គាត់ធ្លាក់ទឹកចិត្ត។—ភី. ២:២៥-២៧
១១. (ក) ហេតុអ្វីយើងមិនគួរភ្ញាក់ផ្អើលបើបងប្អូនខ្លះក្នុងក្រុមជំនុំធ្លាក់ទឹកចិត្ត? (ខ) ក្នុងករណីរបស់អេប៉ាប្រូឌីត តើប៉ូលជូនយោបល់អ្វី?
១១ សព្វថ្ងៃនេះ បញ្ហាផ្សេងៗក្នុងជីវិតបណ្ដាលឲ្យមនុស្សធ្លាក់ទឹកចិត្ត។ ស្ថិតិពីអង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុងចំណោមមនុស្សប្រាំនាក់ មានម្នាក់ដែលប្រហែលជារងការធ្លាក់ទឹកចិត្តនៅពេលមួយក្នុងជីវិតរបស់គេ។ រាស្ត្ររបស់ព្រះយេហូវ៉ាក៏រងការធ្លាក់ទឹកចិត្តដែរ។ បញ្ហាក្នុងការចិញ្ចឹមគ្រួសារ សុខភាពមិនល្អ ការធ្លាក់ទឹកចិត្តដោយសារមិនអាចសម្រេចបំណង ឬកត្ដាឯទៀតអាចនាំឲ្យមនុស្សអស់កម្លាំងចិត្ត។ តើបងប្អូនក្នុងក្រុងភីលីពអាចធ្វើអ្វីដើម្បីជួយអេប៉ាប្រូឌីត? ប៉ូលបានសរសេរថា៖ «ចូរស្វាគមន៍គាត់តាមរបៀបដែលអ្នករាល់គ្នាស្វាគមន៍អស់អ្នកកាន់តាមលោកម្ចាស់ដោយមានអំណរដ៏ពោរពេញ ហើយចូររក្សាឲ្យមានការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ ពីព្រោះគាត់ជិតបាត់បង់ជីវិតដោយសារកិច្ចការរបស់លោកម្ចាស់ ក៏បានប្រថុយជីវិតប្រឈមមុខនឹងគ្រោះថ្នាក់ ដើម្បីផ្ដល់ឲ្យខ្ញុំនូវជំនួយដែលអ្នករាល់គ្នាផ្ដល់មិនបាន»។—ភី. ២:២៩, ៣០
១២. តើអ្វីអាចសម្រាលទុក្ខអ្នកដែលធ្លាក់ទឹកចិត្ត?
១២ យើងទាំងអស់គ្នាក៏គួរលើកទឹកចិត្តបងប្អូនដែលធ្លាក់ទឹកចិត្តដែរ។ យើងពិតជាអាចនិយាយអ្វីដែលល្អៗដែលគាត់បានធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ពួកគាត់ប្រហែលបានកែប្រែច្រើនក្នុងជីវិតដើម្បីក្លាយទៅជាគ្រិស្តសាសនិក ឬដើម្បីបម្រើពេញពេល។ យើងទទួលស្គាល់ថាការព្យាយាមទាំងនោះពិតជាមានតម្លៃ ហើយយើងអាចពង្រឹងទំនុកចិត្តគាត់ថាព្រះយេហូវ៉ាក៏មានទស្សនៈដូច្នោះដែរ។ ប្រសិនបើវ័យចាស់ ឬសុខភាពមិនល្អរារាំងបងប្អូនខ្លះដែលស្មោះត្រង់មិនឲ្យធ្វើអ្វីទាំងអស់ដែលគាត់ធ្លាប់ធ្វើ នោះពួកគាត់នៅតែសមទទួលការគោរពពីយើងដោយសារពួកគាត់បានបម្រើអស់ជាច្រើនឆ្នាំ។ ទោះជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ព្រះយេហូវ៉ាបានឲ្យដំបូន្មានដល់អស់អ្នកដែលបម្រើស្មោះត្រង់របស់លោកថា៖ «[ចូរ]មានចិត្តធ្ងន់ចំពោះមនុស្សទាំងអស់ . . . និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត ហើយគាំពារពួកអ្នកដែលខ្សោយ»។—១ថែ. ៥:១៤
«អភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់»
១៣, ១៤. (ក) តើក្រុមជំនុំកូរិនថូសបានចាត់វិធានការអ្វី? ហើយហេតុអ្វី? (ខ) តើការបណ្ដាច់មិត្តភាពមានលទ្ធផលអ្វី?
១៣ ក្រុមជំនុំនៅក្រុងកូរិនថូសមានបញ្ហាពេលបុរសម្នាក់បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយមិនប្រែចិត្ត។ ការប្រព្រឹត្តរបស់គាត់បានធ្វើឲ្យប៉ះពាល់ដល់ភាពស្អាតស្អំនៃក្រុមជំនុំ ហើយទៅជារឿងអាស្រូវសូម្បីតែក្នុងចំណោមអ្នកដែលមិនបម្រើព្រះ។ ហេតុនេះ ប៉ូលបានណែនាំយ៉ាងត្រឹមត្រូវឲ្យដកបុរសនោះចេញពីក្រុមជំនុំ។—១កូ. ៥:១, ៧, ១១-១៣
១៤ ការប្រដៅនោះមានលទ្ធផលល្អ។ ក្រុមជំនុំបានត្រូវការពារពីឥទ្ធិពលអាក្រក់ដែលមកពីអ្នកប្រព្រឹត្តអំពើខុសឆ្គងនោះ ហើយគាត់ទទួលស្គាល់កំហុសរបស់គាត់ថែមទាំងប្រែចិត្តយ៉ាងស្មោះ។ ដោយសារការប្រព្រឹត្តរបស់បុរសនោះបង្ហាញថាគាត់ពិតជាប្រែចិត្តមែន ប៉ូលបានបញ្ជាក់ក្នុងសំបុត្រទី២ទៅក្រុមជំនុំនោះថាគួរអនុញ្ញាតឲ្យគាត់ធ្វើជាសមាជិកក្រុមជំនុំឡើងវិញ។ ប៉ុន្តែ ក្រៅពីនេះ បងប្អូនក្នុងក្រុមជំនុំត្រូវធ្វើអ្វីផ្សេងទៀត។ ប៉ូលបានបង្គាប់ឲ្យបងប្អូនក្នុងក្រុមជំនុំ«មេត្ដាអភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់ ដើម្បីកុំឲ្យគាត់ត្រូវលេបបាត់ដោយការព្រួយចិត្តក្រៃលែង»។—សូមអាន កូរិនថូសទី២ ២:៥-៨
១៥. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្ត ហើយក្លាយទៅជាសមាជិកក្រុមជំនុំឡើងវិញ?
១៥ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? ពេលបុគ្គលបានត្រូវបណ្ដាច់មិត្តភាព នោះធ្វើឲ្យយើងពិបាកចិត្ត។ ពួកគេប្រហែលជាបានធ្វើឲ្យអាប់ឱននាមរបស់ព្រះ ហើយបង្ខូចឈ្មោះក្រុមជំនុំ ឬបានធ្វើខុសដល់យើងផ្ទាល់។ ប៉ុន្តែ ពេលពួកអ្នកចាស់ទុំដែលបានត្រូវតែងតាំងឲ្យពិនិត្យមើលរឿងនោះបានសម្រេចចិត្តស្របតាមការណែនាំរបស់ព្រះយេហូវ៉ាថា អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្តអាចធ្វើជាសមាជិកនៃក្រុមជំនុំឡើងវិញ នោះបញ្ជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ហើយ។ (ម៉ាថ. ១៨:១៧-២០) យើងគួរយកតម្រាប់តាមព្រះយេហូវ៉ាមែនទេ? តាមពិត បើយើងគ្មានមេត្ដាហើយមិនអភ័យទោស នេះមានន័យថា យើងប្រឆាំងព្រះយេហូវ៉ា។ ដើម្បីជួយធ្វើឲ្យក្រុមជំនុំរបស់ព្រះមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព ហើយទទួលការពេញចិត្តពីព្រះយេហូវ៉ា នោះចំពោះពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្តយ៉ាងស្មោះ ហើយបានទៅជាសមាជិកក្រុមជំនុំឡើងវិញ យើងគួរ‹បញ្ជាក់ថាយើងស្រឡាញ់›ពួកគេ មែនទេ?—ម៉ាថ. ៦:១៤, ១៥; លូក. ១៥:៧
«គាត់មានប្រយោជន៍ចំពោះខ្ញុំ»
១៦. ហេតុអ្វីបានជាប៉ូលខកចិត្តនឹងម៉ាកុស?
១៦ កំណត់ហេតុមួយទៀតក្នុងគម្ពីរបង្ហាញថាយើងមិនគួរប្រកាន់ទោសជានិច្ចចំពោះពួកអ្នកដែលធ្វើឲ្យយើងខកចិត្តទេ។ ជាឧទាហរណ៍ យ៉ូហានម៉ាកុសបានធ្វើឲ្យសាវ័កប៉ូលខកចិត្តខ្លាំង។ តើគាត់បានធ្វើអ្វី? ពេលប៉ូលនិងបាណាបាសចាប់ផ្ដើមធ្វើដំណើរជាលើកទី១ជាសាសនទូត ម៉ាកុសបានទៅជាមួយ ហើយបម្រើពួកគាត់។ ប៉ុន្តែ នៅពេលមួយ ហើយដោយមូលហេតុមួយដែលគម្ពីរមិនបានបញ្ជាក់ នោះយ៉ូហានម៉ាកុសបានចាកចេញពីពួកគាត់ទាំងពីរនាក់ ហើយត្រឡប់ទៅផ្ទះវិញ។ ការសម្រេចចិត្តនេះរបស់ម៉ាកុសធ្វើឲ្យប៉ូលខកចិត្តណាស់ ហេតុនេះពេលគាត់និងបាណាបាសកំពុងរៀបចំធ្វើដំណើរជាលើកទី២ ពួកគាត់ខ្វែងគំនិតគ្នាថាត្រូវឬមិនត្រូវយកម៉ាកុសទៅជាមួយពួកគាត់ម្ដងទៀត។ ដោយគិតអំពីអ្វីដែលម៉ាកុសបានធ្វើនៅដំណើរជាលើកទី១ ប៉ូលមិនចង់យកម៉ាកុសទៅជាមួយពួកគាត់ទេ។—សូមអាន សកម្មភាព ១៣:១-៥, ១៣; ១៥:៣៧, ៣៨
១៧, ១៨. តើយើងដឹងយ៉ាងដូចម្ដេចថា បញ្ហារវាងប៉ូលនិងម៉ាកុសបានត្រូវដោះស្រាយ? ហើយតើយើងអាចទាញមេរៀនអ្វីអំពីរឿងនេះ?
១៧ ម៉ាកុសមិនបានធ្លាក់ទឹកចិត្តហួសហេតុពេកដោយសារការបដិសេធរបស់ប៉ូលទេ ពីព្រោះគាត់បានបន្តសកម្មភាពរបស់គាត់ជាសាសនទូតនៅតំបន់ផ្សេងជាមួយបាណាបាស។ (សកម្ម. ១៥:៣៩) តាមរយៈអ្វីដែលប៉ូលបានសរសេរអំពីម៉ាកុសប៉ុន្មានឆ្នាំក្រោយមក យើងដឹងថា ម៉ាកុសបានបង្ហាញថាគាត់ស្មោះត្រង់ ហើយអាចទុកចិត្តបាន។ ពេលប៉ូលជាប់គុកនៅក្រុងរ៉ូម គាត់បានសរសេរសំបុត្រទៅធីម៉ូថេឲ្យមកជួបគាត់។ ក្នុងសំបុត្រដដែលនោះ ប៉ូលបាននិយាយថា៖ «ចូរយកម៉ាកុសមកជាមួយនឹងអ្នក ព្រោះគាត់មានប្រយោជន៍ចំពោះខ្ញុំសម្រាប់កិច្ចបម្រើ»។ (២ធី. ៤:១១) ពិតមែនហើយ ប៉ូលយល់ឃើញថាម៉ាកុសល្អជាងមុន។
១៨ មានមេរៀនមួយដែលយើងអាចទាញពីកំណត់ហេតុនេះ។ ម៉ាកុសបានបណ្ដុះគុណសម្បត្ដិដែលសាសនទូតល្អគួរមាន។ គាត់មិនបានឲ្យការបដិសេធរបស់ប៉ូលធ្វើឲ្យជំនឿគាត់ចុះខ្សោយឡើយ។ ទាំងគាត់ ទាំងប៉ូលមានចំណងមេត្រីភាពរឹងមាំជាមួយព្រះ ហើយពួកគាត់ខ្វែងគំនិតគ្នាមិនបានយូរទេ។ ផ្ទុយទៅវិញ ក្រោយមក ប៉ូលបានទទួលស្គាល់ថាម៉ាកុសជាជំនួយការដ៏មានប្រយោជន៍។ ហេតុនេះ ពេលបងប្អូនយកឈ្នះការពិបាក ហើយបំភ្លេចបញ្ហារវាងគ្នា នោះបន្ទាប់មក អ្វីដែលត្រឹមត្រូវដែលពួកគេត្រូវធ្វើគឺបន្តជួយអ្នកឯទៀតឲ្យជឿនទៅមុខក្នុងសេចក្ដីពិត។ ការទទួលស្គាល់គុណសម្បត្ដិរបស់អ្នកឯទៀត នោះពង្រឹងក្រុមជំនុំ។
ក្រុមជំនុំនិងអ្នក
១៩. តើសមាជិកទាំងឡាយក្នុងក្រុមជំនុំគ្រិស្តសាសនិកអាចជួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
១៩ នៅ«គ្រាចុងក្រោយបង្អស់»ដែល«លំបាកណាស់» អ្នកត្រូវការជំនួយពីបងប្អូនប្រុសស្រីរបស់អ្នកក្នុងក្រុមជំនុំ ហើយពួកគាត់ក៏ត្រូវការឲ្យអ្នកជួយដែរ។ (២ធី. ៣:១) គ្រិស្តសាសនិកម្នាក់ៗប្រហែលមិនតែងតែដឹងថាត្រូវធ្វើយ៉ាងណាដើម្បីប្រឈមមុខដោយជោគជ័យនឹងស្ថានភាពផ្សេងៗដែលគេជួបប្រទះទេ តែព្រះយេហូវ៉ាជ្រាប។ លោកអាចប្រើសមាជិកផ្សេងៗក្នុងក្រុមជំនុំ រួមទាំងអ្នកដែរ ឲ្យជួយអ្នកឯទៀតដើរតាមផ្លូវត្រូវ។ (អេ. ៣០:២០, ២១; ៣២:១, ២) ដូច្នេះ សូមពិចារណាឲ្យបានហ្មត់ចត់នូវពាក្យដាស់តឿនរបស់សាវ័កប៉ូល! ចូរបន្ត«សម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក ដូចអ្នករាល់គ្នាកំពុងធ្វើ»។—១ថែ. ៥:១១
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីចាំបាច់ពង្រឹងកម្លាំងអ្នកឯទៀតក្នុងក្រុមជំនុំគ្រិស្តសាសនិក?
• តើការពិបាកណាខ្លះដែលអ្នកប្រហែលជាអាចជួយអ្នកឯទៀតឲ្យយកឈ្នះ?
• ហេតុអ្វីយើងត្រូវការជំនួយពីអ្នកឯទៀតក្នុងក្រុមជំនុំរបស់យើង?
[រូបភាពនៅទំព័រ១៣]
យើងអាចផ្ដល់ការគាំទ្រដល់បងប្អូនរួមជំនឿណាម្នាក់ ពេលគាត់កំពុងពុះពារនឹងស្ថានភាពលំបាក
[រូបភាពនៅទំព័រ១៥]
សព្វថ្ងៃនេះ យុវជននិងយុវតីជាច្រើននៅក្នុងក្រុមជំនុំមានគុណសម្បត្ដិនិងសមត្ថភាពដែលអាចជួយពួកគាត់ឲ្យជឿនទៅមុខ