«ចូរឲ្យពាក្យសំដីរបស់អ្នក . . . បង់អំបិល»ជានិច្ច
១ សាវ័កប៉ុលបានសរសេរថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។ (កូល. ៤:៦) ការបង់អំបិលចំពោះពាក្យសម្ដីមានន័យថា ពេលនិយាយយើងប្រើពាក្យដែលគួរសម ហើយរបៀបដែលយើងនិយាយធ្វើឲ្យគេចូលចិត្តស្ដាប់។ ការធ្វើដូច្នេះគឺជាការសំខាន់ណាស់ពេលយើងកំពុងផ្សាយ។
២ គំរូរបស់ព្រះយេស៊ូ : ពេលព្រះយេស៊ូកំពុងតែសម្រាកនៅជិតអណ្ដូងមួយ ទ្រង់បានចាប់ផ្ដើមនិយាយជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់ដែលបានមកដងទឹកពីអណ្ដូង។ ពេលនាងនិយាយជាមួយព្រះយេស៊ូ មានពីរបីដងដែលនាងបានលើកឡើងពីការស្អប់គ្នារវាងជនជាតិយូដានិងសាសន៍សាម៉ារីដែលមានជាយូរមកហើយ។ នាងក៏បានប្រាប់អំពីជំនឿរបស់ខ្លួនថាសាសន៍សាម៉ារីជាកូនចៅរបស់លោកយ៉ាកុប ប៉ុន្តែជនជាតិយូដាមិនឯកភាពសោះអំពីរឿងនេះ។ ជាជាងប្រកែកអំពីអ្វីដែលនាងបានលើកឡើង ព្រះយេស៊ូបានខំនិយាយអំពីរឿងល្អៗក្នុងការសន្ទនាវិញ។ ជាលទ្ធផល ទ្រង់បានផ្សាយប្រាប់នាងអំពីសេចក្ដីពិត ហើយនេះបានជួយនាងនិងពួកបុរសនៅទីក្រុងនោះដែរ។—យ៉ូន. ៤:៧-១៥, ៣៩
៣ ពេលផ្សាយ គួរគប្បីឲ្យយើងចងចាំពីគោលបំណងរបស់យើង ពោលគឺ«ប្រកាសប្រាប់ដំណឹងល្អពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត»។ (រ៉ូម ១០:១៥) ដូច្នេះ យើងចង់ប្រាប់ម្ចាស់ផ្ទះសារមួយពីគម្ពីរដែលទាក់ទាញចិត្តនិងធ្វើឲ្យគាត់មានកម្លាំងចិត្ត មិនមែនឲ្យគាត់គិតថាយើងរិះគន់ជំនឿរបស់គាត់ឡើយ។ ប្រសិនបើគាត់មានទស្សនៈមិនត្រឹមត្រូវអំពីរឿងណាមួយ នោះមិនចាំបាច់ឲ្យយើងរហ័សប្រាប់ថាគាត់ជឿខុសនោះទេ ហើយយើងក៏មិនគួរនិយាយអ្វីដែលស្ដាប់ទៅដូចជាខ្វះសុជីវធម៌ដែរ។ តើយើងអាចឯកភាពនឹងសម្ដីរបស់គាត់បានទេ? តើយើងអាចលើកយកពាក្យសម្ដីរបស់គាត់មកសរសើរគាត់យ៉ាងស្មោះបានទេ? ប្រហែលយើងអាចសួរគាត់ថា «តើអ្នកធ្លាប់គិតអំពីរឿងនេះទេ?»។ រួចមកបង្ហាញបទគម្ពីរមួយ។
៤ ចុះយ៉ាងណាបើម្ចាស់ផ្ទះនិយាយគំរោះគំរើយ ឬយើងឃើញច្បាស់ថាគាត់គ្រាន់តែចង់ប្រកែកគ្នាប៉ុណ្ណោះ? យើងគួរបន្តបង្ហាញថា របៀបនិយាយនិងពាក្យសម្ដីរបស់យើងគឺសុភាពរាបសាហើយស្លូតបូត។ (២ធី. ២:២៤, ២៥) ប្រសិនបើម្ចាស់ផ្ទះមិនចូលចិត្តសារពីរាជាណាចក្រព្រះសោះ យកល្អឲ្យយើងរកវិធីបញ្ចប់ការសន្ទនាដោយមិននិយាយអ្វីដែលធ្វើឲ្យគាត់អាក់អន់ចិត្តឡើយ។—ម៉ាថ. ៧:៦; ១០:១១-១៤
៥ លទ្ធផលល្អ : នៅពេលបងស្រីម្នាក់បានផ្សាយទៅអ្នកជិតខាងរបស់គាត់ អ្នកជិតខាងនោះបានខឹង ហើយចាប់ផ្ដើមស្រែកជេរគាត់។ ដោយចេះគួរសម បងស្រីយើងបាននិយាយថា៖ «ខ្ញុំសោកស្ដាយណាស់ដែលបងមានអារម្មណ៍ដូចនេះ។ សូមជំរាបលា សុខសប្បាយ»។ ពីរសប្ដាហ៍ក្រោយមក អ្នកជិតខាងនោះបានគោះទ្វាររបស់បងស្រីយើងដើម្បីសុំអភ័យទោសពីទង្វើរបស់គាត់ ហើយបានប្រាប់ថាគាត់ចង់ស្ដាប់អ្វីដែលបងស្រីយើងចង់និយាយ។ ជាច្រើនដង ការនិយាយដោយចេះគួរសមនាំឲ្យមានលទ្ធផលល្អ!—សុ. ១៥:១; ២៥:១៥
៦ ពេលផ្សាយដំណឹងល្អ សូមខំព្យាយាមប្រើសម្ដីដែលគួរសម។ សូម្បីតែម្ចាស់ផ្ទះមិនចង់ស្ដាប់ឥឡូវក្ដី ប្រហែលគាត់ចង់ស្ដាប់ពេលសាក្សីណាម្នាក់របស់ព្រះយេហូវ៉ាជួបគាត់នៅលើកក្រោយ។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើការ‹បង់អំបិលចំពោះពាក្យសំដីរបស់យើង›មានន័យអ្វី?
២. តើព្រះយេស៊ូបានផ្សាយដល់ស្ត្រីសាសន៍សាម៉ារីយ៉ាងដូចម្ដេច?
៣. ពេលផ្សាយ តើយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងណា?
៤. ប្រសិនបើម្ចាស់ផ្ទះនិយាយគំរោះគំរើយ តើយើងគួរធ្វើអ្វី?
៥. ដោយការចេះនិយាយគួរសម តើបងស្រីម្នាក់បានទទួលលទ្ធផលល្អយ៉ាងណា?
៦. ហេតុអ្វីសំខាន់ឲ្យយើងប្រើពាក្យសម្ដីដែលគួរសមក្នុងកិច្ចបម្រើផ្សាយ?