រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំ
«គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នារក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។—កូល៉ុស ៤:១២, ព.ថ.
១, ២. (ក) តើពួកអ្នកដែលមិនកាន់សាសនាគ្រីស្ទានបានកត់សម្គាល់អ្វីស្តីអំពីពួកគ្រីស្ទានសម័យដើម? (ខ) តើសៀវភៅកូល៉ុស បង្ហាញនូវចំណាប់អារម្មណ៍ដែលប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
ពួកអ្នកកាន់តាមព្រះយេស៊ូ បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនឹងពួកអ្នកថ្វាយបង្គំគ្នីគ្នា។ លោកធើធូលាន (អ្នកនិពន្ធនៅសតវត្សទីពីរនិងទីបី ស.យ.) បានប្រាប់អំពីសេចក្ដីសប្បុរស ដែលពួកគេបានបង្ហាញដល់ក្មេងកំព្រា អ្នកក្រីក្រ និងមនុស្សចាស់ជរា។ ទីសំអាងនៃសេចក្ដីស្រឡាញ់ទាំងនេះ បានធ្វើឲ្យពួកអ្នកឥតជឿព្រះមានចិត្តអស្ចារ្យដល់ម្ល៉េះ ដែលអ្នកខ្លះបាននិយាយអំពីពួកគ្រីស្ទានថា ‹ឃើញនូវរបៀបដែលគេស្រឡាញ់គ្នាទៅវិញទៅមក›។
២ សៀវភៅកូល៉ុសបង្ហាញនូវចំណាប់អារម្មណ៍ដែលប្រកបដោយសេចក្ដីស្រឡាញ់បែបនេះ ដោយសាវ័កប៉ុលនិងគូកនរបស់គាត់អេប៉ាប្រាស ធ្វើចំពោះបងប្អូនប្រុសស្រីនៅទីក្រុងកូល៉ុស។ ប៉ុលបានសរសេរជូនពួកគេថា៖ អេប៉ាប្រាស«គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នារក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ ក្នុងកំឡុងឆ្នាំ២០០១ ស្មរបន្ទាល់ព្រះយេហូវ៉ានឹងមានខគម្ពីរប្រចាំឆ្នាំដោយប្រើពាក្យទាំងនេះពីកូល៉ុស ៤:១២ ដែលថា៖ «រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។
៣. តើអេប៉ាប្រាសបានអធិស្ឋានសុំរបស់ពីរយ៉ាងអ្វី?
៣ អ្នកអាចឃើញថា សេចក្ដីអធិស្ឋានរបស់អេប៉ាប្រាសចំពោះពួកស្ងួនភ្ងារបស់គាត់ គឺមានទិដ្ឋភាពពីរយ៉ាង៖ (១) គឺឲ្យពួកគេមាន«ជំហរឲ្យបានពេញខ្នាត» និង (២) គឺឲ្យពួកគេ«មានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ ពត៌មាននេះបានរួមបញ្ចូលក្នុងបទគម្ពីរ សំរាប់ជាប្រយោជន៍ដល់យើង។ ដូច្នេះសូមសួរខ្លួនអ្នកចុះ ‹តើខ្ញុំត្រូវតែធ្វើអ្វីផ្ទាល់ខ្លួន ដើម្បីរក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូកនោះ? ហើយកាលដែលខ្ញុំធ្វើអ៊ីចឹង តើនឹងមានលទ្ធផលយ៉ាងណា?›។ សូមឲ្យយើងពិនិត្យមើល។
ខំប្រឹងឲ្យមាន«ជំហរបានពេញខ្នាត»
៤. តើពួកកូល៉ុសត្រូវការឲ្យបាន«ពេញខ្នាត»ក្នុងន័យយ៉ាងណា?
៤ អេប៉ាប្រាសបានមានសេចក្ដីប្រាថ្នាជាខ្លាំងឲ្យបងប្អូនប្រុសស្រីខាងវិញ្ញាណ ដែលរស់នៅទីក្រុងកូល៉ុស«រក្សាជំហរឲ្យបានពេញខ្នាត»។ ពាក្យដែលប៉ុលបានប្រើ ដែលបានបកស្រាយនៅទីនេះថា«ពេញខ្នាត» ក៏អាចមានន័យថាគ្រប់ល័ក្ខណ៍ ពេញវ័យ ឬដែលមានគំនិតចាស់ទុំ។ (ម៉ាថាយ ១៩:២១; ហេព្រើរ ៥:១៤; យ៉ាកុប ១:៤, ២៥) អ្នកប្រហែលជាដឹងថា ទោះជាបុគ្គលម្នាក់ជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា ដែលបានទទួលបុណ្យជ្រមុជទឹកហើយក៏ដោយ ក៏មិនមែនបានសេចក្ដីថា គាត់ជាគ្រីស្ទានពេញវ័យនោះទេ។ ប៉ុលបានសរសេរទៅពួកអេភេសូរ ដែលរស់នៅខាងលិចទីក្រុងកូល៉ុសដែលថា ពួកអ្នកគង្វាលនិងពួកគ្រូខំប្រឹងជួយឲ្យ«យើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ»។ នៅកន្លែងផ្សេងៗទៀត ប៉ុលបានដាស់តឿនពួកគ្រីស្ទានឲ្យ«ចេះគិតអោយសមជាមនុស្សពេញវ័យ»។—អេភេសូរ ៤:៨-១៣; កូរិនថូសទី១ ១៤:២០, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៥. តើតាមរបៀបណាដែលយើងអាចធ្វើឲ្យមានភាពពេញខ្នាត ដែលជាគោលដៅដ៏សំខាន់នោះ?
៥ បើសិនជាពួកអ្នកខ្លះនៅទីក្រុងកូល៉ុស មិនទាន់ពេញវ័យឬមិនមានគំនិតចាស់ទុំខាងវិញ្ញាណទេ នោះត្រូវជាគោលដៅរបស់គេវិញ។ តើនេះមិនគួរជាអ៊ីចឹងដែរនៅសព្វថ្ងៃនេះទេឬ? មិនថាយើងបានទទួលបុណ្យជ្រមុជទឹកជាច្រើនទសវត្សមកហើយ ឬនៅពេលថ្មីៗនេះក៏ដោយ តើយើងអាចឃើញយ៉ាងច្បាស់ថាយើងបានលូតលាស់ ស្តីអំពីសមត្ថភាពខាងការវែកញែកនិងទស្សនៈរបស់យើងទេ? តើយើងពិនិត្យមើលគោលការណ៍ព្រះគម្ពីរ មុននឹងយើងធ្វើការសម្រេចទេ? តើរឿងដែលទាក់ទងនឹងព្រះ និងផលប្រយោជន៍ខាងក្រុមជំនុំ មានមុខនាទីកាន់តែខ្លាំងឡើងក្នុងជីវិតរបស់យើង ជាជាងកើតឡើងដោយចៃដន្យទេ? នៅទីនេះ យើងមិនអាចពន្យល់នូវវិធីគ្រប់យ៉ាង ដែលយើងអាចបង្ហាញនូវការរីកចំរើនដែលឆ្ពោះទៅភាពពេញខ្នាតទេ ប៉ុន្តែសូមពិចារណាមើលនូវឧទាហរណ៍ពីរនេះ។
៦. តើអ្វីជាផ្នែកមួយដែលបុគ្គលម្នាក់អាចមានការលូតលាស់ឲ្យបានគ្រប់ល័ក្ខណ៍ ដូចជាព្រះយេហូវ៉ាជាបុគ្គលគ្រប់ល័ក្ខណ៍នោះ?
៦ ឧទាហរណ៍ទីមួយ ឧបមាថាយើងបានធំឡើងក្នុងបរិយាកាស ដែលពេញដោយការប្រកាន់សាសន៍ឬការស្អប់ចំពោះជាតិសាសន៍ សញ្ជាតិ ឬក៏តំបន់ផ្សេងៗ។ ឥឡូវនេះ យើងដឹងថា ព្រះមិនរើសមុខឡើយ ហើយយើងក៏មិនគួររើសមុខដែរ។ (កិច្ចការ ១០:១៤, ១៥, ៣៤, ៣៥) នៅក្នុងក្រុមជំនុំឬក៏មណ្ឌលរបស់យើង គឺមានបុគ្គលដែលមកពីសាសន៍ផ្សេងៗនោះ ដូច្នេះយើងនៅជុំវិញគេ។ ក៏ប៉ុន្តែ តើដល់កំរិតណាដែលយើងមានអារម្មណ៍អវិជ្ជមាន ឬសង្ស័យនឹងមនុស្សដែលមកពីសាសន៍នោះ? តើយើងមាន‹អាកប្បកិរិយាដែលរករឿងប្រទូស› ដោយរហ័សនឹងគិតថាមានអ្វីដ៏អវិជ្ជមាន បើសិនជាបុគ្គលពីសាសន៍នោះធ្វើខុស ឬធ្វើឲ្យយើងអាក់អន់ចិត្តតាមរបៀបដ៏តូចណាមួយឬ? សូមសួរខ្លួនអ្នកមើល ‹តើខ្ញុំត្រូវតែខំប្រឹងលូតលាស់ច្រើនទៀតឲ្យមានទស្សនៈដ៏ឥតរើសមុខដូចព្រះបានទេ?›។
៧. ដើម្បីឲ្យបានពេញខ្នាតជាគ្រីស្ទានម្នាក់ តើនោះប្រហែលជាទាក់ទងនឹងការមានទស្សនៈយ៉ាងណាចំពោះអ្នកដទៃ?
៧ ឧទាហរណ៍ទីពីរ យោងទៅតាមភីលីព ២:៣ យើងគួរតែ«កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ»។ តើយើងមានការលូតលាស់យ៉ាងណាដែរក្នុងករណីនេះ? បុគ្គលម្នាក់ៗមានភាពទន់ខ្សោយផ្សេងៗនិងមានភាពខ្លាំងផ្សេងៗ។ បើពីមុន យើងធ្លាប់រហ័សមើលឃើញចំណុចខ្សោយរបស់អ្នកដទៃ តើយើងបានលូតលាស់ លែងតម្រូវឲ្យគេសឹងតែ«គ្រប់ល័ក្ខណ៍»ឬទេ? (យ៉ាកុប ៣:២) ឥឡូវនេះ ជាងមុនៗទៅទៀត តើយើងអាចមើលឃើញបែបហ្នឹង ដោយរាប់ទុកអ្នកដទៃថាប្រសើរជាងយើងឬទេ? ‹ខ្ញុំត្រូវតែសារភាពថា បងស្រីនេះគឺប្រសើរជាងខ្ញុំ ដោយមានចិត្តអត់ធ្មត់›។ ‹បុគ្គលនោះបង្ហាញនូវជំនឿដែលប្រកបដោយសុទិដ្ឋិនិយមច្រើនជាង›។ ‹បើនិយាយឲ្យចំទៅ គាត់ជាគ្រូបង្រៀនដ៏ប្រសើរជាងខ្ញុំ›។ ‹នាងគឺល្អប្រសើរជាងខ្ញុំក្នុងការចេះទប់កំហឹង›។ ប្រហែលជាពួកខ្លះនៅទីក្រុងកូល៉ុសត្រូវការលូតលាស់ក្នុងករណីនេះ។ ចុះចំណែកយើងវិញនោះ?
៨, ៩. (ក) តើក្នុងន័យយ៉ាងណា ដែលអេប៉ាប្រាសបានអធិស្ឋានឲ្យពួកអ្នកនៅក្រុងកូល៉ុសឲ្យ«មានជំហរ»ពេញខ្នាតនោះ? (ខ) តើ‹ការមានជំហរឲ្យបានពេញខ្នាត› បានមានន័យយ៉ាងណាចំពោះអនាគត?
៨ អេប៉ាប្រាសបានអធិស្ឋានឲ្យពួកអ្នកនៅទីក្រុងកូល៉ុស «រក្សាជំហរឲ្យបានពេញខ្នាត»។ យ៉ាងច្បាស់ណាស់ អេប៉ាប្រាសបានអធិស្ឋានទៅព្រះ ថាដល់កំរិតណាដែលពួកកូល៉ុសបានពេញខ្នាត មានគំនិតចាស់ទុំ និងពេញវ័យជាគ្រីស្ទាន នោះពួកគេនឹង«មានជំហរ» ឬរក្សាឲ្យមានគំនិតចាស់ទុំបាន។
៩ យើងមិនអាចសន្មតថា បុគ្គលម្នាក់ដែលក្លាយទៅជាគ្រីស្ទាន សូម្បីតែពួកអ្នកដែលមានគំនិតចាស់ទុំ នឹងខំប្រឹងរក្សាឲ្យមានសភាពបែបនេះបានទេ។ ព្រះយេស៊ូបានមានបន្ទូលថា បុត្ររបស់ព្រះដ៏ជាទេវតាមួយរូប«មិនបាននៅជាប់ក្នុងសេចក្ដីពិត»។ (យ៉ូហាន ៨:៤៤) ហើយប៉ុលបានរំឭកពួកអ្នកនៅក្រុងកូរិនថូសអំពីបុគ្គលខ្លះៗដែលនៅសម័យដើម បានបំរើព្រះយេហូវ៉ាអស់មួយរយៈ ប៉ុន្តែក្រោយមក ក៏លែងធ្វើតទៅទៀត។ គាត់បានព្រមានបងប្អូនដែលបានចាក់ប្រេងតាំងដោយវិញ្ញាណថា៖ «អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល»។ (កូរិនថូសទី១ ១០:១២) នេះបន្ថែមនូវទម្ងន់នឹងសេចក្ដីអធិស្ឋាននេះ ដែលថាឲ្យពួកកូល៉ុស«រក្សាជំហរឲ្យបានពេញខ្នាត»។ កាលណាពួកគេបានទៅជាពេញខ្នាត ពេញវ័យ នោះពួកគេត្រូវតែខំព្យាយាម មិនមែនថយទៅវិញ ទៅជាអស់កម្លាំង ឬរសាត់ចេញនោះទេ។ (ហេព្រើរ ២:១; ៣:៧; ៦:៦; ១០:៣៩; ១២:២៥) អ៊ីចឹងហើយ ពួកគេនឹងបាន«ពេញខ្នាត»ក្នុងថ្ងៃចំពោះការមកពិនិត្យមើលរបស់គេ និងការយល់ព្រមផ្ដាច់ព្រាត់នោះ។—កូរិនថូសទី២ ៥:១០; ពេត្រុសទី១ ២:១២
១០, ១១. (ក) តើអេប៉ាប្រាសបានទុកគំរូអ្វីសំរាប់យើងស្តីអំពីសេចក្ដីអធិស្ឋាន? (ខ) ស្របទៅតាមអ្វីដែលអេប៉ាប្រាសបានធ្វើ តើអ្នកតាំងចិត្តចង់ធ្វើអ្វី?
១០ យើងបានពិគ្រោះរួចហើយនូវសារៈសំខាន់នៃការអធិស្ឋានឲ្យអ្នកដទៃ ដោយប្រើឈ្មោះ ដោយនិយាយចំៗក្នុងការទូលសុំព្រះយេហូវ៉ាឲ្យជួយគេ សម្រាលទុក្ខគេ ប្រទានពរឲ្យគេ និងប្រទានឲ្យគេនូវវិញ្ញាណបរិសុទ្ធ។ សេចក្ដីអធិស្ឋានរបស់អេប៉ាប្រាសសំរាប់ពួកកូល៉ុស គឺមានសភាពបែបនោះ។ ហើយយើងអាចធ្វើដូចនេះបាន តាមការពិត យើងគួរតែរកនៅក្នុងពាក្យរបស់អេប៉ាប្រាសទាំងនោះនូវយោបល់ដ៏មានតម្លៃ អំពីអ្វីដែលយើងអាចទូលព្រះយេហូវ៉ា តាមរយៈសេចក្ដីអធិស្ឋានអំពីខ្លួនយើង។ យ៉ាងប្រាកដហើយ យើងគួរតែទូលសុំជំនួយរបស់ព្រះយេហូវ៉ាឲ្យមានគោលដៅប្រព្រឹត្តអ៊ីចឹង ដែលយើងម្នាក់ៗនឹង«រក្សាជំហរឲ្យបានពេញខ្នាត»។ តើអ្នកធ្វើអ៊ីចឹងឬទេ?
១១ ម្ដេចក៏មិនរៀបរាប់ស្ថានការណ៍របស់អ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់អ្នកទៅ? ចូរទូលប្រាប់ព្រះអំពីកំរិតដែលអ្នកបានលូតលាស់ឲ្យបាន«ពេញខ្នាត» ពេញវ័យ ហើយមានគំនិតចាស់ទុំនោះ។ សូមអង្វរទ្រង់ឲ្យជួយអ្នកទទួលស្គាល់នូវផ្នែកណា ដែលអ្នកមិនទាន់បានលូតលាស់ខាងវិញ្ញាណនោះ។ (ទំនុកដំកើង ១៧:៣; ១៣៩:២៣, ២៤) យ៉ាងប្រាកដណាស់ អ្នកមានចំណុចខ្លះបែបនេះហើយ។ ក្រោយមក ជាជាងទៅជាធ្លាក់ទឹកចិត្តដោយព្រោះរឿងនេះ សូមទូលអង្វរព្រះឲ្យបានច្បាស់លាស់ ដោយចំៗចំពោះជំនួយឲ្យបានលូតលាស់នោះ។ ចូរធ្វើអ៊ីចឹងច្រើនជាងមួយដង។ តាមការពិត ម្ដេចក៏មិនតាំងចិត្តថា សប្ដាហ៍ខាងមុខនេះ អ្នកនឹងអធិស្ឋានអស់រយៈយូរថា អ្នកនឹងមាន«ជំហរឲ្យបានពេញខ្នាត»។ ហើយរៀបចំដើម្បីធ្វើអ៊ីចឹងឲ្យបានច្រើន កាលដែលអ្នកពិនិត្យមើលបទគម្ពីរប្រចាំឆ្នាំ។ ក្នុងសេចក្ដីអធិស្ឋានរបស់អ្នក ប្រុងស្មារតីលើការទោរទន់ដែលអ្នកប្រហែលជាមានក្នុងការថយចេញ ទៅជាអស់កម្លាំង ឬក៏រសាត់ចេញពីកិច្ចបំរើព្រះនិងរបៀបដែលអ្នកអាចជៀសវាងពីការធ្វើអ៊ីចឹង។—អេភេសូរ ៦:១១, ១៣, ១៤, ១៨
អធិស្ឋានសុំជំនឿដ៏មុតមាំ
១២. ជាពិសេស តើហេតុអ្វីបានជាពួកអ្នកនៅក្រុងកូល៉ុសត្រូវការ«មានជំនឿដ៏មុតមាំ»?
១២ អេប៉ាប្រាសក៏បានអធិស្ឋានសុំរបស់មួយទៀតដែលមានសារៈសំខាន់ បើពួកអ្នកនៅក្រុងកូល៉ុសចង់រក្សាជំហរឲ្យមានការយល់ព្រមពីព្រះនោះ។ នេះគឺជាការចាំបាច់ចំពោះយើងរាល់គ្នាដែរ។ តើនោះជាអ្វីទៅ? គាត់បានអធិស្ឋានឲ្យគេ«មានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ ពួកគេបានត្រូវព័ទ្ធជុំវិញដោយអញ្ញមតិ និងទស្សនវិជ្ជាដ៏ស៊ីរូង ហើយខ្លះមានអាការដែលឆបោកខាងការថ្វាយបង្គំពិត។ ជាឧទាហរណ៍ ពួកគេបានត្រូវបង្ខំឲ្យធ្វើពិធីបុណ្យចំពោះថ្ងៃពិសេសៗ ដែលស្តីអំពីការតម និងពិធីបុណ្យដែលធ្លាប់ត្រូវការជាចាំបាច់នៅក្នុងការថ្វាយបង្គំរបស់សាសន៍យូដា។ ពួកគ្រូក្លែងក្លាយប្រុងស្មារតីលើពួកទេវតា គឺអស់បុគ្គលវិញ្ញាណដ៏ខ្លាំងក្លាដែលបានប្រើឲ្យផ្ដល់នូវក្រិត្យវិន័យដល់លោកម៉ូសេ។ ចូរគិតអំពីការនៅក្រោមអំណាចនៃការបង្ខិតបង្ខំបែបនោះ! គឺមានការខ្វែងគំនិតជាច្រើន ដែលនាំឲ្យវង្វេង។—កាឡាទី ៣:១៩; កូល៉ុស ២:៨, ១៦-១៨
១៣. តើការទទួលស្គាល់នូវកត្ដាអ្វី ដែលជួយពួកអ្នកនៅក្រុងកូល៉ុស ហើយតើនេះអាចជួយយើងយ៉ាងដូចម្ដេច?
១៣ ប៉ុលបានផ្ដល់ចម្លើយដោយបញ្ជាក់នូវមុខនាទីរបស់ព្រះយេស៊ូគ្រីស្ទ។ «ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ»។ ត្រូវហើយ (ពួកអ្នកនៅក្រុងកូល៉ុស និងយើងដែរ) គឺត្រូវការឲ្យមានជំនឿដ៏មុតមាំលើមុខនាទីរបស់ព្រះគ្រីស្ទក្នុងគោលបំណងរបស់ព្រះ និងនៅក្នុងជីវិតរបស់យើង។ ប៉ុលបានពន្យល់ថា៖ «ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញ ក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង នឹងអំណាចទាំងប៉ុន្មាន»។—កូល៉ុស ២:៦-១០
១៤. ហេតុអ្វីក៏សេចក្ដីសង្ឃឹមជាអ្វីដ៏ពិតប្រាកដចំពោះអស់អ្នកដែលនៅទីក្រុងកូល៉ុស?
១៤ ពួកអ្នកនៅក្រុងកូល៉ុស គឺជាពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងដោយវិញ្ញាណ។ ពួកគេបានមានសេចក្ដីសង្ឃឹមដ៏ជាក់លាក់ គឺជីវិតនៅស្ថានសួគ៌ ហើយពួកគេមានមូលហេតុក្នុងការរក្សាទុកសេចក្ដីសង្ឃឹមនោះឲ្យបានភ្លឺស្វាង។ (កូល៉ុស ១:៥) គឺជា«ព្រះហឫទ័យនៃព្រះ» ដែលពួកគេមានជំនឿដ៏មុតមាំអំពីភាពពិតប្រាកដនៃសេចក្ដីសង្ឃឹមរបស់គេ។ តើមានពួកគេណាម្នាក់គួរមានចិត្តសង្ស័យអំពីសេចក្ដីសង្ឃឹមនោះឬទេ? មិនមានទាល់តែសោះ! តើសព្វថ្ងៃនេះគួរមានការខុសគ្នាឬទេ ចំពោះអស់អ្នកដែលមានសេចក្ដីសង្ឃឹមនៃជីវិតលើផែនដីមនោរម្យ ដែលព្រះបានប្រទានឲ្យនោះ? ប្រាកដជាមិនអ៊ីចឹងសោះឡើយ! សេចក្ដីសង្ឃឹមដ៏ពិតប្រាកដនោះ ច្បាស់ជារួមបញ្ចូល«ព្រះហឫទ័យនៃព្រះ»។ ឥឡូវសូមពិនិត្យមើលនូវសំនួរដូចតទៅនេះ៖ បើសិនជាអ្នកកំពុងតែខំឲ្យបានជាបុគ្គលម្នាក់ក្នុងចំណោម«ហ្វូងធំ» ដែលនឹងនៅរួចរស់ពី«សេចក្ដីវេទនាជាខ្លាំង» តើសេចក្ដីសង្ឃឹមរបស់អ្នកពិតយ៉ាងណាដែរ? (វិវរណៈ ៧:៩, ១៤) តើសេចក្ដីសង្ឃឹមនេះជាផ្នែកនៃ«ជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»ឬទេ?
១៥. តើប៉ុលបានរៀបរាប់ចំណុចអ្វីជាលំដាប់ ដែលបានរួមបញ្ចូលនឹងសេចក្ដីសង្ឃឹម?
១៥ ដោយ«សេចក្ដីសង្ឃឹម» នោះយើងមិនមែនមានន័យថាមានសេចក្ដីប្រាថ្នាដ៏ស្រពិចស្រពិល ឬក៏ការមានគំនិតរវើរវាយនោះទេ។ យើងអាចយល់អ៊ីចឹងពីចំណុចជាលំដាប់ ដែលប៉ុលបានបង្ហាញជាមុនជូនពួកអ្នកនៅទីក្រុងរ៉ូម។ ក្នុងចំណុចជាបន្តបន្ទាប់នោះ របស់និមួយៗដែលបានរៀបរាប់ គឺភ្ជាប់ទៅនឹង ឬក៏ នាំទៅដល់ចំណុចមួយទៀត។ សូមកត់សម្គាល់ថា ប៉ុលបានរៀបរាប់ពី«សេចក្ដីសង្ឃឹម» ជាចំណុចទីប៉ុន្មាន ក្នុងការវែកញែករបស់គាត់ ដោយចែងថា៖ «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ»។—រ៉ូម ៥:៣-៥
១៦. កាលដែលអ្នកបានរៀនអំពីសេចក្ដីពិតនោះ តើអ្នកបានទទួលនូវសេចក្ដីសង្ឃឹមអ្វី?
១៦ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ា បានចែកប្រាប់សារព្រះគម្ពីរជាមួយអ្នកជាលើកដំបូង នោះអ្នកប្រហែលជាចាប់អារម្មណ៍នឹងសេចក្ដីពិតណាមួយ ដូចជាស្ថានភាពនៃមនុស្សស្លាប់ ឬអំពីដំណើររស់ឡើងវិញ។ ចំពោះមនុស្សជាច្រើន ការយល់ដឹងជាលើកដំបូងដ៏សំខាន់បំផុត គឺពីលទ្ធភាពនៃជីវិតលើផែនដីមនោរម្យ ដែលមានមូលដ្ឋានពីព្រះគម្ពីរ។ ចូរនឹកចាំពីពេលដែលអ្នកបានឮជាលើកដំបូងអំពីសេចក្ដីបង្រៀននោះ។ ជីវិតលើផែនដីមនោរម្យនោះ ជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! ដែលជម្ងឺនិងអាយុចាស់ជរានឹងលែងមានទៀត អ្នកអាចរស់នៅជារហូត ដោយទទួលនូវផលនៃការធ្វើរបស់អ្នក ហើយនិងមានភាពសុខសាន្តជាមួយសត្វដែរ។ (សាស្ដា ៩:៥, ១០; អេសាយ ៦៥:១៧-២៥; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២១:៣, ៤) អ្នកបានទទួលសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន!
១៧, ១៨. (ក) តើចំណុចជាលំដាប់ដែលប៉ុលបានរៀបរាប់ជូនពួកអ្នកនៅទីក្រុងរ៉ូម បាននាំទៅដល់សេចក្ដីសង្ឃឹមយ៉ាងដូចម្ដេច? (ខ) តើរ៉ូម ៥:៤, ៥ សំដៅទៅសេចក្ដីសង្ឃឹមយ៉ាងណា ហើយតើអ្នកមានសេចក្ដីសង្ឃឹមបែបនោះឬទេ?
១៧ ក្រោយមក អ្នកប្រហែលជាបានប្រឈមមុខនឹងការប្រឆាំងឬការបៀតបៀនខ្លះៗ។ (ម៉ាថាយ ១០:៣៤-៣៩; ២៤:៩) សូម្បីតែនៅពេលថ្មីៗនេះ ពួកស្មរបន្ទាល់នៅប្រទេសផ្សេងៗ មានគេចូលលួចប្លន់ផ្ទះរបស់ខ្លួន ឬបានត្រូវជំរុញឲ្យទៅជាជនភៀសខ្លួន។ ពួកស្មរបន្ទាល់ខ្លះបានត្រូវគេវាយតប់ បានត្រូវគេរឹបអូសយកប្រកាសនវត្ថុព្រះគម្ពីរខ្លួន ឬមានសេចក្ដីរាយការណ៍ដ៏កុហកតាមគ្រឿងផ្សាយពត៌មានអំពីពួកគេ។ ទោះជាអ្នកបានប្រឈមមុខនឹងបែបបទនៃការបៀតបៀនណាក៏ដោយ ដូចជារ៉ូម ៥:៣ ចែងមក អ្នកអាចអរសប្បាយនឹងសេចក្ដីវេទនា ហើយនេះបាននាំឲ្យមានផលល្អ។ ដូចជាប៉ុលបានសរសេរមក សេចក្ដីវេទនាបាននាំឲ្យអ្នកចេះស៊ូទ្រាំ។ រួចមក ការស៊ូទ្រាំបាននាំឲ្យមានការយល់ព្រម។ អ្នកបានដឹងថា អ្នកបានធ្វើអ្វីដែលត្រឹមត្រូវ គឺជាការធ្វើតាមបំណងព្រះហឫទ័យព្រះ ដូច្នេះអ្នកមានអារម្មណ៍យ៉ាងប្រាកដថា អ្នកមានការយល់ព្រមពីទ្រង់។ តាមពាក្យសំដីរបស់ប៉ុល អ្នកដឹងថាអ្នកនៅក្នុង‹សភាពដែលមានការយល់ព្រម›។ ប៉ុលបានសរសេរជាបន្តថា«សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម»។ នោះប្រហែលហាក់ដូចជាចម្លែក។ ហេតុអ្វីក៏ប៉ុលបានរៀបរាប់អំពី«សេចក្ដីសង្ឃឹម»ជាចំណុចក្រោយគេអ៊ីចឹង? តើអ្នកមិនមានសេចក្ដីសង្ឃឹមជាយូរមកហើយ ពេលដែលអ្នកបានឮដំណឹងល្អជាលើកដំបូងទេឬ?
១៨ យ៉ាងច្បាស់ណាស់ នៅទីនេះប៉ុលមិនសំដៅទៅអារម្មណ៍ដំបូងនៃសេចក្ដីសង្ឃឹមអំពីជីវិតដ៏គ្រប់ល័ក្ខណ៍ឡើយ។ អ្វីដែលគាត់បានសំដៅទៅ គឺមានហួសពីនោះទៅទៀត គឺមានជំរៅជ្រៅជាង ហើយជំរុញទឹកចិត្តជាង។ នៅពេលដែលយើងស៊ូទ្រាំដោយស្មោះត្រង់ ហើយដឹងថាយើងមានការយល់ព្រមពីព្រះ នេះមានអានុភាពយ៉ាងជ្រាលជ្រៅក្នុងការបន្ថែម និងពង្រឹងសេចក្ដីសង្ឃឹមដំបូងរបស់យើង។ ឥឡូវនេះ សេចក្ដីសង្ឃឹមដែលយើងមានគឺកាន់តែពិតឡើងៗ ហើយកាន់តែមុតមាំឡើងៗ ដែលប៉ះទង្គិចទៅដល់រឿងផ្ទាល់ខ្លួនទៀតផង។ សេចក្ដីសង្ឃឹមនេះដែលមានយ៉ាងជ្រាលជ្រៅជាងមុន គឺបញ្ចេញពន្លឺកាន់តែភ្លឺឡើង។ វាជ្រួតជ្រាបដល់ជីវិតរបស់យើង គឺដល់គ្រប់សរសៃប្រសាទរបស់យើង។ «ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ»។
១៩. តើសេចក្ដីសង្ឃឹមរបស់អ្នក គួរតែជាផ្នែកនៃសេចក្ដីអធិស្ឋានជាទៀងទាត់យ៉ាងដូចម្ដេច?
១៩ គឺជាសេចក្ដីអធិស្ឋានរបស់អេប៉ាប្រាស ដែលបងប្អូនប្រុសស្រីរបស់គាត់ដែលនៅទីក្រុងកូល៉ុស រក្សាការទាក់ទាញចិត្តនិងបានជឿយ៉ាងមុតមាំនូវអ្វីដែលមាននៅខាងមុខគេ ដោយមាន«ជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ ស្រដៀងគ្នាដែរ សូមឲ្យយើងម្នាក់ៗទូលប្រាប់ព្រះជាទៀងទាត់អំពីសេចក្ដីសង្ឃឹមរបស់យើង។ តាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួន សូមរួមបញ្ចូលសេចក្ដីសង្ឃឹមរបស់អ្នក ស្តីអំពីពិភពលោកថ្មី។ សូមមានបន្ទូលប្រាប់ព្រះយេហូវ៉ានូវការចង់បានជាខ្លាំងនូវពិភពលោកថ្មីនោះ ដោយមានជំនឿដ៏មុតមាំថានឹងមានជាពុំខាន។ សូមទូលអង្វរទ្រង់ឲ្យជួយអ្នកមានជំនឿដ៏មុតមាំកាន់តែជ្រៅឡើង។ កាលដែលអេប៉ាប្រាសបានអធិស្ឋានឲ្យពួកអ្នកនៅក្រុងកូល៉ុស ឲ្យមាន«ជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក» សូមធ្វើអ៊ីចឹងដែរចុះ។ សូមធ្វើជារឿយៗផង។
២០. ប្រសិនបើមនុស្សមួយចំនួនតូចបានចាកចេញពីផ្លូវគ្រីស្ទាន ហេតុអ្វីក៏នេះមិនមែនជាមូលហេតុដ៏ចាំបាច់ដែលនាំឲ្យធ្លាក់ទឹកចិត្តនោះទេ?
២០ អ្នកមិនគួរមានចិត្តរំខានឬទៅជាធ្លាក់ទឹកចិត្តឡើយ ដោយហេតុការណ៍ដែលថា មិនមែនមនុស្សទាំងអស់រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំនោះទេ។ អ្នកខ្លះប្រហែលជាទទួលបរាជ័យ បានបែរចេញ ឬក៏ចុះចាញ់តែម្ដង។ នោះបានកើតឡើងក្នុងចំណោមមិត្តដ៏ជិតស្និទ្ធនឹងព្រះយេស៊ូ គឺជាពួកសាវ័ករបស់ទ្រង់។ ក៏ប៉ុន្តែនៅពេលដែលយូដាសបានទៅជាអ្នកក្បត់ តើពួកសាវ័កឯទៀតបានបង្អន់ល្បឿនឬក៏លះបង់ចោលឬ? ប្រាកដជាមិនអ៊ីចឹងទេ! ពេត្រុសបានអនុវត្តតាមទំនុកដំកើង ១០៩:៨ ដើម្បីបង្ហាញថាមានមនុស្សម្នាក់ទៀតនឹងផ្លាស់មកជំនួសយូដាស។ គឺបានជ្រើសរើសបុគ្គលម្នាក់ដើម្បីផ្លាស់មកជំនួស និងពួកអ្នកស្មោះត្រង់របស់ព្រះបានចាប់ផ្ដើមបន្តកិច្ចការផ្សព្វផ្សាយយ៉ាងសកម្ម។ (កិច្ចការ ១:១៥-២៦) ពួកគេបានតាំងចិត្តដើម្បីរក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំ។
២១, ២២. តើក្នុងន័យយ៉ាងណា ដែលការរក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំនឹងមានគេកត់សម្គាល់នោះ?
២១ អ្នកអាចប្រាកដក្នុងចិត្តថា ការរក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះគ្រប់ជំពូក នឹងមានគេកត់សម្គាល់។ ជំហរបែបនេះនឹងត្រូវបានសង្កេតឃើញនិងសរសើរអបអរទៀតផង។ តើដោយអ្នកណាទៅ?
២២ ត្រូវហើយ បងប្អូនប្រុសស្រីរបស់អ្នក ដែលស្គាល់និងស្រឡាញ់អ្នក នឹងកត់សម្គាល់។ ទោះជាពួកគេជាច្រើនមិនសម្ដែងដោយពាក្យក៏ដោយ នោះលទ្ធផលគឺមានស្រដៀងគ្នានឹងអ្វីដែលយើងអាននៅថែស្សាឡូនីចទី១ ១:២-៦ ដែលថា៖ «យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង . . . ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា នឹងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង . . . អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់»។ ពួកគ្រីស្ទានដ៏ស្មោះត្រង់ដែលនៅជុំវិញអ្នក នឹងមានអារម្មណ៍ស្រដៀងគ្នានេះ កាលដែលគេសង្កេតឃើញថាអ្នក«រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។—កូល៉ុស ១:២៣
២៣. ក្នុងកំឡុងឆ្នាំនេះ តើយើងគួរតែតាំងចិត្តធ្វើអ្វី?
២៣ អ្វីដែលពិតប្រាកដដែរ គឺថាព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ នឹងសង្កេតឃើញ ហើយសព្វព្រះហឫទ័យ។ សូមឲ្យអ្នកមានទំនុកចិត្តអំពីនេះចុះ។ ហេតុអ្វី? ពីព្រោះអ្នកកំពុងតែរក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំ«ចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។ ប៉ុលបានសរសេរដោយលើកទឹកចិត្តជូនពួកអ្នកនៅក្រុងកូល៉ុស អំពីការដើរ«បែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់»។ (កូល៉ុស ១:១០) ត្រូវហើយ មនុស្សឥតគ្រប់ល័ក្ខណ៍អាចផ្គាប់ព្រះហឫទ័យទ្រង់យ៉ាងពេញលេញ។ បងប្អូនប្រុសស្រីរបស់អ្នកនៅទីក្រុងកូល៉ុសបានធ្វើអ៊ីចឹង។ ឥឡូវនេះពួកគ្រីស្ទាននៅជុំវិញអ្នកក៏កំពុងតែធ្វើអ៊ីចឹងដែរ។ អ្នកក៏អាចធ្វើអ៊ីចឹងបានដែរ! ដូច្នេះហើយ ក្នុងកំឡុងឆ្នាំនេះ សូមឲ្យសេចក្ដីអធិស្ឋានប្រចាំថ្ងៃ និងការប្រព្រឹត្តជាទៀងទាត់របស់អ្នក សឲ្យឃើញថាអ្នកបានតាំងចិត្ត«រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះ គ្រប់ជំពូក»។
តើអ្នកអាចនឹកចាំឬទេ?
• តើ‹ការរក្សាជំហរឲ្យបានពេញខ្នាត›របស់យើង ទាក់ទងនឹងអ្វីខ្លះ?
• តើរបស់អ្វីខ្លះអំពីខ្លួនអ្នក ដែលអ្នកគួររួមបញ្ចូលក្នុងសេចក្ដីអធិស្ឋាន?
• ដូចបានឲ្យយោបល់នៅរ៉ូម ៥:៤, ៥ តើសេចក្ដីសង្ឃឹមបែបណា ដែលអ្នកចង់បាននោះ?
• តើការសិក្សារបស់យើងបានជំរុញទឹកចិត្តអ្នកឲ្យមានគោលដៅអ្វីក្នុងកំឡុងនៃឆ្នាំនេះ?
[រូបភាពនៅទំព័រ២៧]
អេប៉ាប្រាសបានអធិស្ឋានឲ្យបងប្អូនរបស់គាត់រក្សាជំហរជាគ្រីស្ទានដែលមានគំនិតចាស់ទុំ ទាំងមានជំនឿដ៏មុតមាំអំពីព្រះគ្រីស្ទនិងសេចក្ដីសង្ឃឹមរបស់ពួកគេ
[រូបភាពនៅទំព័រ៣១]
មនុស្សរាប់លាននាក់ឯទៀតក៏មានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដនិងជំនឿដ៏មុតមាំដូចអ្នកដែរ