ចូរមានចិត្តស្មោះភក្ដីចំពោះព្រះគ្រិស្តនិងអ្នកបម្រើស្មោះត្រង់របស់ទ្រង់
«ចៅហ្វាយនឹងតាំងអ្នកនោះឡើងឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។—ម៉ាថាយ ២៤:៤៥-៤៧
១, ២. (ក) យោងទៅតាមព្រះគម្ពីរ តើអ្នកណាជាមគ្គុទេសក៍របស់យើង? (ខ) តើអ្វីបង្ហាញថាព្រះគ្រិស្តជាអ្នកនាំមុខក្រុមជំនុំនៃពួកគ្រិស្តសាសនិក?
‹កុំអោយគេហៅអ្នករាល់គ្នាថាមគ្គុទេសក៍ឡើយ ដ្បិតមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះដែលជាមគ្គុទេសក៍របស់អ្នករាល់គ្នា›។ (ម៉ាថាយ ២៣:១០, ខ.ស.) ព្រះយេស៊ូបានប្រើពាក្យទាំងនេះដើម្បីបញ្ជាក់យ៉ាងច្បាស់ដល់អ្នកកាន់តាមទ្រង់ថា គ្មានមនុស្សណានៅផែនដីនឹងធ្វើជាមគ្គុទេសក៍ឬអ្នកដឹកនាំពួកគេទេ។ ព្រះយេស៊ូគ្រិស្តជាមគ្គុទេសក៍តែមួយ ហើយទ្រង់ដឹកនាំពួកគេពីស្ថានសួគ៌។ ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូឲ្យធ្វើជាមគ្គុទេសក៍លើរាស្ត្រទ្រង់។ ព្រះយេហូវ៉ាបាន«ប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ . . . ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ដល់ពួកជំនុំដែលជារូបកាយទ្រង់»។—អេភេសូរ ១:២០-២៣
២ ដោយសារព្រះគ្រិស្តជា«សិរសា»ឬមេ«លើគ្រប់ទាំងអស់»ដែលទាក់ទងនឹងក្រុមជំនុំនៃពួកគ្រិស្តសាសនិក ហេតុនោះហើយបានជាទ្រង់ត្រួតត្រាលើអ្វីៗទាំងអស់ដែលកើតឡើងក្នុងក្រុមជំនុំនានា។ ព្រះយេស៊ូឃើញអ្វីៗទាំងអស់ដែលកើតឡើងក្នុងក្រុមជំនុំ។ ទ្រង់ពិនិត្យមើលក្រុមជំនុំនីមួយៗហើយកត់សម្គាល់ថា តើពួកគេមានជំនឿរឹងមាំឬយ៉ាងណា? ព័ត៌មានដែលសាវ័កយ៉ូហានបានទទួលនៅសតវត្សរ៍ទីមួយ គ.ស. ដែលគាត់បានសរសេរក្នុងសៀវភៅវិវរណៈ បញ្ជាក់យ៉ាងច្បាស់ថាព្រះយេស៊ូកំពុងតែពិនិត្យមើលស្ថានភាពក្នុងក្រុមជំនុំនីមួយៗ។ អស់ប្រាំដងព្រះយេស៊ូប្រាប់ថា ទ្រង់ស្គាល់អស់ទាំងការដែលក្រុមជំនុំទាំង៧នោះកំពុងតែធ្វើ ដែលមានន័យថា ទ្រង់ដឹងអំពីអ្វីដែលពួកគេពូកែធ្វើ ហើយក៏ជ្រាបពីចំណុចខ្សោយរបស់ពួកគេផងដែរ។ ក្រោយមក ព្រះយេស៊ូបានជូនឱវាទហើយបានលើកទឹកចិត្តពួកគេតាមដែលគេត្រូវការ។ (វិវរណៈ ២:២, ៩, ១៣, ១៩; ៣:១, ៨, ១៥) យើងក៏អាចសន្និដ្ឋានថា ព្រះគ្រិស្តដឹងអំពីស្ថានភាពក្នុងក្រុមជំនុំឯទៀតនៅសម័យនោះ មិនថាក្រុមជំនុំនោះស្ថិតនៅប្រទេសក្រិច អ៊ីតាលី ស៊ីរី ប៉ាឡេស្ទីនឬកន្លែងណាទៀតក៏ដោយ។ (កិច្ចការ ១:៨) ចុះយ៉ាងណានៅសព្វថ្ងៃនេះ? តើព្រះយេស៊ូនៅតែដឹងអំពីស្ថានភាពក្នុងក្រុមជំនុំនីមួយៗទេ?
អ្នកបម្រើស្មោះត្រង់
៣. ហេតុអ្វីក៏ជាការសមរម្យដែលប្រៀបព្រះគ្រិស្តទៅនឹងក្បាល ហើយធៀបក្រុមជំនុំទ្រង់ទៅនឹងរូបកាយ?
៣ មិនយូរប៉ុន្មានមុនព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ក្រោយទ្រង់បានរស់ឡើងវិញនោះ ទ្រង់ប្រាប់សិស្សទាំងឡាយថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ហើយលើផែនដីផង»។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «មើល! ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថាយ ២៨:១៨-២០) ព្រះយេស៊ូសន្យាថាទ្រង់នឹងនៅជាមួយពួកគេក្នុងន័យថា ទ្រង់នឹងធ្វើជាមេនាំមុខពួកគេជានិច្ច។ ក្នុងសំបុត្រដែលសាវ័កប៉ុលសរសេរចំពោះបងប្អូនក្នុងក្រុមជំនុំនៅទីក្រុងអេភេសូរនិងក្រុងកូល៉ុស គាត់ប្រៀបធៀបក្រុមជំនុំនៃពួកគ្រិស្តសាសនិកទៅនឹង«រូបកាយ»មួយដែលមានព្រះគ្រិស្តជាសិរសាឬក្បាល។ (អេភេសូរ ១:២២, ២៣; កូល៉ុស ១:១៨) ព្រះគម្ពីរភាសាអង់គ្លេសមួយច្បាប់ពន្យល់ថា ពាក្យប្រៀបប្រដូចនេះ‹មិនគ្រាន់តែបញ្ជាក់ពីសារៈសំខាន់នៃការសហការជាមួយក្បាលដែលជាមេនាំមុខ តែក៏បញ្ជាក់ថាក្បាលនោះតែងតែបញ្ជាអវយវៈនីមួយៗឲ្យធ្វើតាមបំណងចិត្តទ្រង់។ ដូច្នេះ សមាជិកនៃក្រុមជំនុំនីមួយៗដែលប្រៀបដូចជាអវយវៈក្នុងរូបកាយ ក៏ប្រៀបដូចជាឧបករណ៍ដែលព្រះអង្គប្រើ›។ (The Cambridge Bible for Schools and Colleges) តាំងពីព្រះយេស៊ូបានទទួលអំណាចក្នុងរាជាណាចក្ររបស់ព្រះនៅឆ្នាំ១៩១៤ តើទ្រង់បានប្រើក្រុមមនុស្សណាទុកដូចជាឧបករណ៍មួយ?—ដានីយ៉ែល ៧:១៣, ១៤
៤. ដូចម៉ាឡាគីបានទាយនោះ តើព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តបានឃើញអ្វីពេលទ្រង់ទាំងពីរអង្គមកពិនិត្យមើលពួកអ្នកថ្វាយបង្គំដែលប្រៀបដូចជាព្រះវិហារ?
៤ បទទំនាយនៅសៀវភៅម៉ាឡាគីបានទាយថា «ព្រះអម្ចាស់»ព្រះយេហូវ៉ានឹងមកជាមួយ«ទូតដែលនាំសេចក្ដីសញ្ញា» គឺព្រះយេស៊ូគ្រិស្តជាបុត្រទ្រង់ដែលទើបតែបានឡើងសោយរាជ្យ។ ហេតុដែលព្រះយេហូវ៉ាមកនោះ គឺដើម្បីពិនិត្យមើល«ព្រះវិហារ»របស់ទ្រង់ដែលតំណាងការថ្វាយបង្គំពិត ហើយដើម្បីជំនុំជម្រះពួកអ្នកថ្វាយបង្គំទាំងនោះ។ តាមមើលទៅ «ពេលវេលា»ឬគ្រា‹ជំនុំជំរះដំណាក់នៃព្រះ›បានមកដល់នៅឆ្នាំ១៩១៨។a (ម៉ាឡាគី ៣:១; ពេត្រុសទី១ ៤:១៧) នៅគ្រានោះ ព្រះយេហូវ៉ាបានពិនិត្យមើលអស់អ្នកដែលអះអាងថាពួកគេជាអ្នកថ្វាយបង្គំទ្រង់ដោយពិតត្រង់។ ព្រះយេហូវ៉ាបានពិនិត្យមើលនិកាយនីមួយៗក្នុងពិភពគ្រិស្តសាសនា ហើយទ្រង់មិនទទួលស្គាល់ពួកគេថាជាអ្នកថ្វាយបង្គំពិតទេ។ ដ្បិតរាប់រយឆ្នាំមកហើយ គ្រិស្តសាសនានានាបានបង្រៀនអ្វីដែលបង្ខូចកេរ្ដិ៍ឈ្មោះព្រះយេហូវ៉ា ហើយក្រោយៗមកពួកគេបានរួមដៃក្នុងសង្គ្រាមលោកលើកទី១ដែលជាការសម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃ។ ប៉ុន្តែ ព្រះយេហូវ៉ាបានសាកល្បងគ្រិស្តសាសនិកស្មោះត្រង់មួយចំនួនដែលមិនទាន់ឡើងទៅស្ថានសួគ៌ ដូចជាជាងដែលដុតមាសក្នុងភ្លើងដើម្បីសម្រង់វាឲ្យបានស្អាត។ ជាលទ្ធផល ព្រះយេហូវ៉ាពេញចិត្តចំពោះពួកគេជាអ្នកដែល«ថ្វាយដង្វាយដល់[ទ្រង់]ដោយសេចក្ដីសុចរិត»។—ម៉ាឡាគី ៣:៣
៥. សមស្របនឹងទំនាយរបស់ព្រះយេស៊ូអំពីគ្រាទ្រង់«យាងមក» តើអ្នកណាជា«អ្នកបំរើ»ស្មោះត្រង់?
៥ សមស្របនឹងទំនាយក្នុងសៀវភៅម៉ាឡាគី ព្រះយេស៊ូបានប្រាប់អំពីអត្តសញ្ញាណនៃ«អ្នកបំរើ»មួយក្រុមនោះ ពេលទ្រង់រៀបរាប់ពីលក្ខណៈផ្សេងៗដែល‹សំគាល់គ្រាទ្រង់យាងមក ហើយបំផុតកល្ប›ឬ«អវសានកាលនៃពិភពលោក»។ ព្រះយេស៊ូបានសួរថា៖ «[តើ]អ្នកណាជាអ្នកបំរើស្មោះត្រង់មានមារយាទដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោកនឹងឲ្យអាហារគេបរិភោគតាមត្រូវពេល? បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើងឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់»។ (ម៉ាថាយ ២៤:៣, ៤៥-៤៧; ខ.ស.) ពេលព្រះគ្រិស្តបាន«មកដល់»នៅឆ្នាំ១៩១៨ ដើម្បីពិនិត្យមើល«អ្នកបំរើ»នោះ ទ្រង់បានរកឃើញសិស្សស្មោះត្រង់មួយចំនួនដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ហើយពួកគេកំពុងតែចែក‹អាហារបរិភោគតាមត្រូវពេល›។ ពួកគេបានធ្វើដូច្នេះតាំងពីឆ្នាំ១៨៧៩ ដោយប្រើទស្សនាវដ្ដីប៉មយាមនិងសៀវភៅឯទៀតក្នុងការពន្យល់អត្ថន័យសេចក្ដីបង្រៀនក្នុងព្រះគម្ពីរដែលប្រៀបដូចជាអាហារ។ ព្រះយេស៊ូបានទទួលស្គាល់«អ្នកបំរើ»មួយក្រុមនោះជាឧបករណ៍ដែលទ្រង់អាចប្រើបាន ហើយនៅឆ្នាំ១៩១៩ ទ្រង់បានប្រគល់សិទ្ធិអំណាចឲ្យពួកគេត្រួតត្រាលើរបស់ទ្រព្យទាំងអស់នៃទ្រង់នៅផែនដី។
ការត្រួតត្រាលើរបស់ទ្រព្យទាំងអស់នៃព្រះគ្រិស្តនៅផែនដី
៦, ៧. (ក) តើព្រះយេស៊ូសំដៅទៅលើ«អ្នកបំរើ»ស្មោះត្រង់របស់ទ្រង់ដោយប្រើពាក្យអ្វីទៀត? (ខ) ពេលព្រះយេស៊ូប្រើពាក្យ«នាយដំរួតការ»នោះ តើនេះបញ្ជាក់ពីភារកិច្ចអ្វី?
៦ ព្រះយេស៊ូក៏ធ្លាប់ប្រើពាក្យផ្សេងទៀតពេលរៀបរាប់អំពី«អ្នកបំរើ»របស់ទ្រង់ ហើយពាក្យនោះជួយយើងឲ្យយល់ច្រើនជាងអំពីភារកិច្ចរបស់ក្រុមអ្នកបម្រើ។ ព្រះយេស៊ូបានប្រើពាក្យផ្សេងនោះ គ្រាន់តែប៉ុន្មានខែមុនទ្រង់ប្រាប់ពីលក្ខណៈដែលសម្គាល់គ្រាទ្រង់យាងមក ដែលរួមបញ្ចូលការពន្យល់អំពីក្រុម«អ្នកបំរើ»ដែលជាអ្នកតំណាងទ្រង់នៅផែនដី។ ព្រះយេស៊ូបានសួរថា៖ «តើអ្នកណាជានាយដំរួតការដែលស្មោះត្រង់មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោកដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់»។—លូកា ១២:៤២, ៤៤
៧ ក្នុងខនេះ ព្រះយេស៊ូហៅអ្នកបម្រើទ្រង់ជានាយតម្រួតការ។ ពាក្យនេះមកពីភាសាក្រិចដែលសំដៅទៅលើ«អ្នកត្រួតត្រាការនៅក្នុងផ្ទះ»។ មនុស្សមួយក្រុមដែលជានាយតម្រួតការនោះ មិនមែនជាក្រុមអ្នកប្រាជ្ញដែលគ្រាន់តែមូលគ្នាដើម្បីបកស្រាយអត្ថន័យចំណុចដ៏គួរឲ្យចាប់អារម្មណ៍ពីព្រះគម្ពីរឡើយ។ តែ«នាយដំរួតការដែលស្មោះត្រង់»ក៏មានភារកិច្ចជួយបង្រៀនមនុស្សដោយផ្ដល់ការពន្យល់ពីព្រះគម្ពីរដែលប្រៀបដូចជាអាហារ«តាមត្រូវពេល»។ ពួកគាត់ក៏មានភារកិច្ចត្រួតត្រាលើអស់អ្នកដែលកាន់តាមព្រះគ្រិស្ត ហើយពួកគាត់ទទួលខុសត្រូវចំពោះ‹របស់ទ្រព្យទាំងអស់›នៃព្រះគ្រិស្តនៅផែនដី។ តើនេះតម្រូវឲ្យនាយតម្រួតការធ្វើអ្វីខ្លះ?
៨, ៩. តើអ្នកបម្រើរបស់ព្រះគ្រិស្តមានភារកិច្ចត្រួតត្រាលើ«របស់ទ្រព្យ»អ្វីខ្លះ?
៨ ក្រុមអ្នកបម្រើនោះមានភារកិច្ចត្រួតត្រាលើការិយាល័យនិងសាលប្រជុំទាំងឡាយដែលអ្នកកាន់តាមព្រះគ្រិស្តកំពុងតែប្រើក្នុងការបំពេញភារកិច្ចរបស់ពួកគាត់ជាគ្រិស្តសាសនិក។ នេះរួមបញ្ចូលមន្ទីរចាត់ការនិងការិយាល័យសាខានីមួយៗនៃស្មរបន្ទាល់ព្រះយេហូវ៉ា ព្រមទាំងសាលប្រជុំនិងសាលសន្និបាតនានាទូទាំងពិភពលោកដែលពួកគេប្រើជាកន្លែងថ្វាយបង្គំព្រះយេហូវ៉ា។ សំខាន់ជាងនោះទៅទៀត អ្នកបម្រើរបស់ព្រះគ្រិស្តក៏មានភារកិច្ចរៀបចំឲ្យមានកម្មវិធីសិក្សាព្រះគម្ពីររៀងរាល់សប្ដាហ៍ និងកម្មវិធីសន្និបាតម្ដងម្កាលដែរ ដើម្បីពង្រឹងកម្លាំងយើងក្នុងការថ្វាយបង្គំព្រះ។ អ្នកបម្រើរបស់ព្រះគ្រិស្តប្រើកម្មវិធីទាំងនេះដើម្បីផ្ដល់ព័ត៌មានអំពីរបៀបទំនាយផ្សេងៗបានសម្រេច ព្រមទាំងផ្ដល់ការណែនាំអំពីរបៀបធ្វើតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតយើង។
៩ នាយតម្រួតការក៏មានភារកិច្ចត្រួតត្រាលើកិច្ចការសំខាន់មួយទៀត គឺការផ្សព្វផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ»ដែលជារាជាណាចក្ររបស់ព្រះ ហើយកិច្ចការ«បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ កិច្ចការនេះតម្រូវឲ្យយើងបង្រៀនមនុស្សឲ្យចេះធ្វើតាមអ្វីៗទាំងអស់ដែលព្រះគ្រិស្ត ជាសិរសាឬមេនាំមុខក្រុមជំនុំបានបង្គាប់ឲ្យយើងធ្វើនៅគ្រាចុងក្រោយបង្អស់នេះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; វិវរណៈ ១២:១៧) កិច្ចការផ្សព្វផ្សាយនិងការបង្រៀនបាននាំឲ្យមាន«មនុស្ស១ហ្វូងយ៉ាងធំ»ចូលធ្វើជាគូកនស្មោះត្រង់ជាមួយមនុស្សមួយក្រុមតូចដែលមិនទាន់ឡើងទៅស្ថានសួគ៌។ មនុស្សមួយហ្វូងយ៉ាងធំនោះជា«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍» ហើយព្រះគ្រិស្តច្បាស់ជាចាត់ទុកពួកគេជា«របស់ទ្រព្យ»នៃទ្រង់ដែលអ្នកបម្រើស្មោះត្រង់ត្រូវត្រួតត្រាដែរ។—វិវរណៈ ៧:៩; ហាកាយ ២:៧
គណៈអភិបាលតំណាងក្រុមអ្នកបម្រើស្មោះត្រង់
១០. តើអ្នកណាបានធ្វើការសម្រេចចិត្តផ្សេងៗនៅសតវត្សរ៍ទីមួយ? តើការសម្រេចចិត្តរបស់ពួកគាត់នាំឲ្យមានលទ្ធផលអ្វីក្នុងក្រុមជំនុំទាំងឡាយ?
១០ ភារកិច្ចសំខាន់ៗរបស់អ្នកបម្រើស្មោះត្រង់នោះ តម្រូវឲ្យពួកគាត់ធ្វើការសម្រេចចិត្តផ្សេងៗ។ នៅសម័យដើម ពួកសាវ័កនិងអ្នកចាស់ទុំទាំងប៉ុន្មាននៅទីក្រុងយេរូសាឡិមជាក្រុមតំណាងអ្នកបម្រើទាំងមូល។ ដូច្នេះ ពួកគាត់បានរួមគ្នាដើម្បីធ្វើការសម្រេចចិត្តផ្សេងៗជំនួសពួកគ្រិស្តសាសនិកទាំងឡាយ។ (កិច្ចការ ១៥:១, ២) គណៈអភិបាលនៅសតវត្សរ៍ទីមួយបានផ្ញើសំបុត្រនិងចាត់បុរសខ្លះជាអ្នកតំណាងពួកគាត់ ឲ្យទៅប្រាប់ក្រុមជំនុំទាំងឡាយពីការសម្រេចចិត្តនីមួយៗ។ បងប្អូនគ្រិស្តសាសនិកនៅសម័យនោះពេញចិត្តណាស់ចំពោះការណែនាំដ៏ច្បាស់លាស់នោះ ហើយពេលពួកគេបានចុះចូលដោយស្មោះស្ម័គ្រចំពោះគណៈអភិបាល នេះបាននាំឲ្យក្រុមជំនុំទាំងឡាយមានសាមគ្គីភាពនិងសេចក្ដីសុខ។—កិច្ចការ ១៥:២២-៣១; ១៦:៤, ៥; ភីលីព ២:២
១១. នៅសព្វថ្ងៃនេះ តើព្រះគ្រិស្តកំពុងតែប្រើអ្នកណាក្នុងការដឹកនាំក្រុមជំនុំរបស់ទ្រង់? តើយើងគួរមានទស្សនៈយ៉ាងណាចំពោះគ្រិស្តសាសនិកមួយក្រុមនោះដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌?
១១ នៅសព្វថ្ងៃនេះពួកគ្រិស្តសាសនិកក៏មានរបៀបរៀបរយដូចនៅសម័យដើមនោះដែរ ដ្បិតអ្នកចាស់ទុំមួយចំនួនតូចដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ បានរួមគ្នាជាគណៈអភិបាលនៃអស់អ្នកដែលកាន់តាមព្រះគ្រិស្ត។ ដោយសារព្រះគ្រិស្តជាសិរសាឬមេនាំមុខក្រុមជំនុំនៃពួកគ្រិស្តសាសនិក ទ្រង់ប្រើ«ព្រះហស្តស្ដាំ»ដែលតំណាងអំណាចរបស់ទ្រង់ ដើម្បីដឹកនាំគណៈអភិបាលក្នុងការត្រួតត្រាលើកិច្ចការទាំងអស់នៅផែនដីដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះ។ (វិវរណៈ ១:១៦, ២០) បងប្រុសអាលបឺត ស្រូដឺធ្លាប់ជាសមាជិកម្នាក់ក្នុងគណៈអភិបាលច្រើនឆ្នាំ តែពេលថ្មីៗនេះគាត់បានស្លាប់ហើយ។ ប៉ុន្តែ យូរឆ្នាំមុននេះ មានអត្ថបទមួយដែលរៀបរាប់ពីបទពិសោធន៍របស់គាត់ ហើយបងប្រុសស្រូដឺបានសរសេរក្នុងអត្ថបទនោះថា៖ «គណៈអភិបាលយើងតែងតែជួបជុំគ្នារាល់ថ្ងៃពុធ ហើយយើងចាប់ផ្ដើមកម្មវិធីដោយអធិស្ឋានសូមព្រះយេហូវ៉ាជួយណែនាំយើងតាមរយៈសកម្មពលរបស់ទ្រង់។ យើងខំបំពេញគ្រប់កិច្ចការនិងធ្វើការសម្រេចចិត្តទាំងឡាយស្របទៅតាមព្រះគម្ពីរដែលជាបណ្ដាំរបស់ព្រះ»។b យើងពិតជាអាចទុកចិត្តទៅលើបងប្អូនគ្រិស្តសាសនិកស្មោះត្រង់ដូចគាត់ដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ដូច្នេះ យើងគួរធ្វើតាមអ្វីដែលប៉ុលបានដាស់តឿនថា៖ «ចូរស្ដាប់តាមហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះ! ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ»។ គឺសំខាន់ណាស់ ដែលយើងគួរចុះចូលនិងស្ដាប់តាមការណែនាំពីគណៈអភិបាល។—ហេព្រើរ ១៣:១៧
ការគោរពអ្នកបម្រើស្មោះត្រង់
១២, ១៣. តើព្រះគម្ពីរផ្ដល់ហេតុអ្វីខ្លះឲ្យយើងបង្ហាញការគោរពចំពោះក្រុមអ្នកបម្រើ?
១២ មូលហេតុសំខាន់មួយដែលយើងបង្ហាញការគោរពចំពោះក្រុមអ្នកបម្រើស្មោះត្រង់ គឺដោយសារពេលធ្វើដូច្នេះ យើងកំពុងតែបង្ហាញការគោរពចំពោះព្រះយេស៊ូគ្រិស្តដែលជាចៅហ្វាយរបស់អ្នកបម្រើនោះ។ ប៉ុលបានសរសេរអំពីពួកអ្នកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ថា៖ ‹អ្នកជាដែលព្រះហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទ› ដ្បិត«ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ»។ (កូរិនថូសទី១ ៧:២២, ២៣; អេភេសូរ ៦:៦) អាស្រ័យហេតុនេះ ពេលយើងមានចិត្តស្មោះភក្ដីក្នុងការចុះចូលចំពោះការណែនាំដែលមកពីគណៈអភិបាលនៃអ្នកបម្រើស្មោះត្រង់ នេះបង្ហាញថាយើងកំពុងតែចុះចូលចំពោះព្រះគ្រិស្តដែលជាចៅហ្វាយរបស់អ្នកបម្រើនោះ។ ពេលយើងបង្ហាញការគោរពចំពោះឧបករណ៍មួយនេះដែលព្រះគ្រិស្តកំពុងតែប្រើដើម្បីត្រួតត្រាលើរបស់ទ្រព្យទ្រង់នៅផែនដី នេះជារបៀបមួយដែលយើងបង្ហាញថាយើងទទួលស្គាល់‹ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា›។—ភីលីព ២:១១
១៣ ព្រះគម្ពីរផ្ដល់ហេតុមួយទៀតឲ្យយើងបង្ហាញការគោរពចំពោះអ្នកបម្រើស្មោះត្រង់ គឺដោយសារពួកគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ប្រៀបដូចជា«ព្រះវិហារ»ដែលព្រះយេហូវ៉ាស្ថិតនៅក្នុងតាមរយៈ«វិញ្ញាណ»ឬសកម្មពលរបស់ទ្រង់។ ហេតុនេះហើយបានជាពួកគាត់បានត្រូវរាប់ជាមនុស្ស«បរិសុទ្ធ»។ (កូរិនថូសទី១ ៣:១៦, ១៧; អេភេសូរ ២:១៩-២១) ព្រះយេស៊ូបានប្រគល់របស់ទ្រព្យនៃទ្រង់នៅផែនដីដល់មនុស្សមួយក្រុមនេះដែលប្រៀបដូចជាវិហាររបស់ព្រះយេហូវ៉ា។ នេះបានន័យថា ក្រុមអ្នកបម្រើនេះមានភារកិច្ចនិងឯកសិទ្ធិផ្សេងៗដែលគ្រិស្តសាសនិកឯទៀតមិនមានទេ។ ហេតុនេះហើយបានជាបងប្អូនទាំងឡាយក្នុងក្រុមជំនុំនានារមែងធ្វើតាមការណែនាំពីអ្នកបម្រើស្មោះត្រង់ និងគាំទ្រគណៈអភិបាល គឺពីព្រោះពួកគេចាត់ទុកទង្វើនោះជាកាតព្វកិច្ចពិសិដ្ឋ។ ប្រាកដហើយ! ពួក«ចៀមឯទៀត»ចាត់ទុកការរួមចំណែកជាមួយក្រុមអ្នកបម្រើក្នុងការថែទាំរបស់ទ្រព្យនៃចៅហ្វាយជាឯកសិទ្ធិពិសេសមែន!—យ៉ូហាន ១០:១៦
ការគាំទ្រអ្នកបម្រើស្មោះត្រង់ដោយចិត្តស្មោះភក្ដី
១៤. ស្របទៅតាមបទទំនាយក្នុងសៀវភៅអេសាយ តើពួកចៀមឯទៀតដើរតាមក្រោយក្រុមអ្នកបម្រើក្នុងន័យអ្វី? តើពួកចៀមឯទៀតបម្រើជា«អ្នកដែលធ្វើការឥតប្រាក់ខែ»យ៉ាងដូចម្ដេច?
១៤ បទទំនាយមួយក្នុងសៀវភៅអេសាយបានរៀបរាប់អំពីរបៀបពួកចៀមឯទៀតនឹងបង្ហាញចិត្តរាបទាបក្នុងការចុះចូលចំពោះពួកអ៊ីស្រាអែលនៃព្រះ។ ទំនាយនោះចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា៖ ‹កំរៃ[ឬ«អ្នកដែលធ្វើការឥតប្រាក់ខែ»]នៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពីនឹងពួកសេបាជាមនុស្សមានមាឌធំ នោះនឹងមកឯឯងហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ។ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯងដោយពាក្យថា៖ «ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ»›»។ (អេសាយ ៤៥:១៤; ព.ថ.) នៅសព្វថ្ងៃនេះ ពួកចៀមឯទៀតដើរតាមក្រោយឬធ្វើតាមក្រុមអ្នកបម្រើដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ហើយពួកគេក៏អនុវត្តតាមការណែនាំពីគណៈអភិបាលដែរ។ ពួកចៀមឯទៀតប្រៀបដូចជា«អ្នកដែលធ្វើការឥតប្រាក់ខែ»ដោយព្រោះពួកគេប្រើកម្លាំងនិងធនធានរបស់ខ្លួនដោយស្ម័គ្រពីចិត្តក្នុងការគាំទ្រកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។ តាមពិត នេះជាកិច្ចការដែលព្រះគ្រិស្តបង្គាប់ឲ្យអ្នកកាន់តាមទ្រង់ធ្វើនៅផែនដីមុនពួកគេឡើងទៅស្ថានសួគ៌។—កិច្ចការ ១:៨; វិវរណៈ ១២:១៧
១៥. តើទំនាយនៅអេសាយ ៦១:៥, ៦ រៀបរាប់យ៉ាងណាអំពីទំនាក់ទំនងរវាងពួកចៀមឯទៀតនិងសាសន៍អ៊ីស្រាអែលនៃព្រះ?
១៥ ពួកចៀមឯទៀតបង្ហាញកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាហើយពេញចិត្តណាស់ចំពោះឯកសិទ្ធិបម្រើទ្រង់ក្រោមការដឹកនាំនៃក្រុមអ្នកបម្រើព្រះគ្រិស្តនិងគណៈអភិបាលរបស់ក្រុមនោះ។ ពួកចៀមឯទៀតទទួលស្គាល់ថា បងប្អូនគ្រិស្តសាសនិកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ជា«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) ទោះជាពួកចៀមឯទៀតប្រៀបដូចជា«សាសន៍ដទៃ»និង«មនុស្សប្រទេសក្រៅ»ក្ដី ពួកគេនៅតែមានទំនាក់ទំនងល្អជាមួយសាសន៍អ៊ីស្រាអែលនៃព្រះ។ ពួកគេមានអំណរក្នុងកិច្ចបម្រើដែលប្រៀបដូចជាការ«ភ្ជួររាស់»និងការ«ថែរក្សាចំការទំពាំងបាយជូរ»ក្រោមការដឹកនាំរបស់ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយព្រះយេស៊ូ។ ក្រុមអ្នកបម្រើស្មោះត្រង់នោះក៏ជា«អ្នកគោរពដល់ព្រះ»ដែលមានភារកិច្ចធ្វើជា«សង្ឃរបស់ព្រះយេហូវ៉ា»ដែរ។ (អេសាយ ៦១:៥, ៦) ពួកចៀមឯទៀតមានចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អនេះអំពីរាជាណាចក្ររបស់ព្រះ ហើយពួកគេព្យាយាមបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍។ ពួកចៀមឯទៀតខំជួយក្រុមអ្នកបម្រើអស់ពីចិត្តក្នុងការឃ្វាលនិងថែរក្សាមនុស្សដែលប្រៀបដូចជាចៀមដែលទើបតែបានចូលរួមជាមួយយើងពេលថ្មីៗនេះ។
១៦. តើអ្វីជំរុញចិត្តពួកចៀមឯទៀតឲ្យមានចិត្តស្មោះភក្ដីក្នុងការគាំទ្រអ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?
១៦ ពួកចៀមឯទៀតទទួលស្គាល់ប្រយោជន៍ជាច្រើនដែលគេទទួលពីអ្នកបម្រើស្មោះត្រង់ដែលខិតខំផ្ដល់ការណែនាំដែលប្រៀបដូចជាអាហារតាមត្រូវពេល។ ពួកចៀមឯទៀតមានចិត្តរាបទាបក្នុងការទទួលស្គាល់ថា បើអ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អមិនបានជួយពួកគេ នោះពួកគេមិនអាចយល់ច្បាស់នូវសេចក្ដីពិតពីព្រះគម្ពីរដែលមានតម្លៃវិសេស។ សេចក្ដីពិតទាំងនោះរួមបញ្ចូលការស្គាល់អត្តសញ្ញាណពិតនៃព្រះយេហូវ៉ា រាជបុត្រទ្រង់និងវិញ្ញាណបរិសុទ្ធ ព្រមទាំងការយល់ដឹងត្រឹមត្រូវអំពីព្រលឹងនិងស្ថានភាពនៃមនុស្សស្លាប់។ យើងក៏យល់ច្បាស់អំពីភាពថ្កុំថ្កើងនៃព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុត និងអំពីរបៀបជួយឲ្យឈ្មោះទ្រង់បានបរិសុទ្ធ។ យើងក៏មានចំណេះអំពីរាជាណាចក្ររបស់ព្រះហើយយល់ថាផ្ទៃមេឃថ្មីនិងផែនដីថ្មីជាអ្វីដែរ។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃពិភពលោកនេះ ពួកចៀមឯទៀតបង្ហាញថាពួកគេមានកតញ្ញុតាធម៌និងចិត្តស្មោះភក្ដីចំពោះព្រះដោយស្រឡាញ់និងគាំទ្រ«ពួកបងប្អូន»របស់ព្រះគ្រិស្តនៅផែនដីដែលមិនទាន់ឡើងទៅស្ថានសួគ៌។—ម៉ាថាយ ២៥:៤០
១៧. តើស្ថានការណ៍បានជំរុញគណៈអភិបាលឲ្យធ្វើអ្វី? តើអត្ថបទបន្ទាប់នឹងពន្យល់អំពីចំណុចអ្វី?
១៧ នៅផែនដីនេះ ចំនួនពួកអ្នកដែលនឹងគ្រប់គ្រងជាមួយព្រះគ្រិស្តនៅស្ថានសួគ៌មានគ្នាកាន់តែតិចទៅៗ។ ដូច្នេះពួកគាត់មិនអាចមានវត្តមានក្នុងគ្រប់ក្រុមជំនុំទាំងឡាយដើម្បីត្រួតត្រាលើរបស់ទ្រព្យនៃព្រះគ្រិស្តបានទេ។ ហេតុនេះហើយបានជាគណៈអភិបាលបានតែងតាំងបុរសខ្លះពីចំណោមពួកចៀមឯទៀតឲ្យទទួលខុសត្រូវក្នុងការត្រួតត្រាលើការិយាល័យសាខា តំបន់ មណ្ឌលនិងក្រុមជំនុំនានានៃស្មរបន្ទាល់ព្រះយេហូវ៉ា។ តើទស្សនៈរបស់យើងចំពោះអ្នកគង្វាលឯទៀតទាំងនេះទាក់ទងយ៉ាងណានឹងការបង្ហាញចិត្តស្មោះភក្ដីចំពោះព្រះគ្រិស្តនិងអ្នកបម្រើស្មោះត្រង់របស់ទ្រង់? អត្ថបទបន្ទាប់នឹងពន្យល់អំពីចំណុចនេះ។
[កំណត់សម្គាល់]
a បើចង់អានព័ត៌មានល្អិតល្អន់អំពីរឿងនេះ សូមមើលទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៤ ទំព័រ១៣-១៨។
b អត្ថបទនោះបានបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ចុះថ្ងៃទី១ ខែមីនា ឆ្នាំ១៩៨៨ ទំព័រ១០-១៧។
ការសើរើឡើងវិញ
• តើអ្នកណាជាមគ្គុទេសក៍របស់យើង? តើអ្វីបង្ហាញថាទ្រង់ដឹងអំពីស្ថានភាពក្នុងក្រុមជំនុំនីមួយៗ?
• ពេលព្រះយេហូវ៉ាបានពិនិត្យមើលពួកអ្នកថ្វាយបង្គំដែលប្រៀបដូចជា«ព្រះវិហារ»របស់ទ្រង់ តើទ្រង់ឃើញអ្នកណាកំពុងតែបម្រើទ្រង់ដោយស្មោះត្រង់? តើពួកគេបានទទួលឯកសិទ្ធិត្រួតត្រាលើរបស់ទ្រព្យអ្វីខ្លះ?
• តើព្រះគម្ពីរផ្ដល់ហេតុអ្វីខ្លះឲ្យយើងគាំទ្រអ្នកបម្រើស្មោះត្រង់ដោយចិត្តស្មោះភក្ដី?
[រូបភាពនៅទំព័រ២៥]
«របស់ទ្រព្យ»ដែល«នាយដំរួតការ»ត្រួតត្រាមានការិយាល័យនិងសាលប្រជុំផ្សេងៗ ហើយរួមបញ្ចូលកិច្ចការផ្សព្វផ្សាយនិងកម្មវិធីប្រជុំដែលពង្រឹងជំនឿយើង
[រូបភាពនៅទំព័រ២៦]
ពួកចៀមឯទៀតគាំទ្រក្រុមអ្នកបម្រើស្មោះត្រង់ដោយមានចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ