តើយើងត្រូវតែរត់ចេញពីអ្វី?
«ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ចេញពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ?»។—ម៉ាថ. ៣:៧
១. ស្តីអំពីការរត់ចេញ សូមរៀបរាប់ឧទាហរណ៍ខ្លះដែលមានក្នុងគម្ពីរ។
ការ«រត់ចេញ» តើនាំឲ្យគិតពីអ្វី? អ្នកខ្លះប្រហែលជាគិតអំពីបុរសសង្ហាម្នាក់ ឈ្មោះយ៉ូសែប កំពុងរត់ចេញពីភរិយារបស់លោកប៉ូទីផារដែលបង្ខំគាត់ឲ្យរួមដំណេកជាមួយនឹងនាង។ (លោ. ៣៩:៧-១២) អ្នកឯទៀតប្រហែលជាគិតពីពួកគ្រិស្តសាសនិកដែលបានរត់ចេញពីទីក្រុងយេរូសាឡិមនៅឆ្នាំ៦៦ គ.ស. សមស្របនឹងការព្រមានរបស់ព្រះយេស៊ូដែលថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះ . . . ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្ដាលទីក្រុងត្រូវរត់ចេញទៅឲ្យផុត»។—លូ. ២១:២០, ២១
២, ៣. (ក) តើយ៉ូហានបាទីស្ទបន្ទោសមេដឹកនាំសាសនាយូដានិងប្រាប់ពួកគេឲ្យរត់ចេញក្នុងន័យអ្វី? (ខ) តើព្រះយេស៊ូបញ្ជាក់ម្ដងទៀតពីការព្រមានរបស់យ៉ូហានដោយមានប្រសាសន៍យ៉ាងណា?
២ ឧទាហរណ៍ទាំងពីរនេះសំដៅទៅលើការរត់គេចចេញពីស្ថានការណ៍ណាមួយ។ សព្វថ្ងៃនេះ ទោះជាគ្រិស្តសាសនិកពិតនៅស្ទើរតែគ្រប់ប្រទេសទាំងអស់មិនចាំបាច់រត់គេចពីស្ថានការណ៍ជាក់លាក់ណាមួយក្ដី គឺបន្ទាន់ណាស់ឲ្យពួកគេរត់គេចក្នុងន័យធៀបទៅវិញ។ យ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យ ក៏ធ្លាប់និយាយអំពីការ«រត់ចេញ»ក្នុងន័យធៀបដែរ។ ក្នុងចំណោមមនុស្សជាច្រើនដែលបានទៅជួបយ៉ូហាន មានពួកមេដឹកនាំសាសនាយូដាដែលចាត់ទុកខ្លួនជាមនុស្សសុចរិត។ ដូច្នេះ ពួកគេមានអំណួតដោយគិតថាខ្លួនគ្មានកំហុសដែលតម្រូវឲ្យប្រែចិត្តទេ។ អ្នកធំទាំងនោះក៏បានមើលងាយមនុស្សសាមញ្ញធម្មតាដែលទទួលការជ្រមុជទឹកដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត។ យ៉ូហានមិនខ្លាចមេដឹកនាំដ៏មានពុតត្បុតទាំងនោះទេ។ ដូច្នេះ គាត់បានបកអាក្រាតគំនិតខុសឆ្គងរបស់ពួកគេដោយកាត់ទោសពួកគេថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ចេញពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ? បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ!»។—ម៉ាថ. ៣:៧, ៨
៣ ក្នុងករណីនេះ យ៉ូហានមិនដាស់តឿនពួកមេដឹកនាំសាសនាទាំងនោះឲ្យរត់គេចទៅកន្លែងផ្សេងទេ។ ផ្ទុយទៅវិញ យ៉ូហានបានព្រមានអំពីគ្រាដែលព្រះយេហូវ៉ាក្រោធហើយនឹងជំនុំជម្រះពួកគេ។ យ៉ូហានចង់មានប្រសាសន៍ថា បើគេចង់រួចខ្លួននៅគ្រានោះ ពួកគេត្រូវតែបង្កើតផលឬមានការប្រព្រឹត្តដែលសឲ្យឃើញថា ពួកគេបានប្រែចិត្តយ៉ាងស្មោះ។ ក្រោយៗមក ព្រះយេស៊ូក៏បានកាត់ទោសពួកមេដឹកនាំសាសនាយូដាដែរ ពីព្រោះផែនការរបស់គេក្នុងការប៉ុនប៉ងសម្លាប់ទ្រង់បានបង្ហាញច្បាស់ថា សាតាំងជាឪពុកពិតរបស់ពួកគេ។ (យ៉ូន. ៨:៤៤) ព្រះយេស៊ូបញ្ជាក់ម្ដងទៀតពីសម្ដីរបស់យ៉ូហានដោយហៅមេដឹកនាំទាំងនោះថាជា«ពូជពស់វែក»ដែរ។ រួចមក ព្រះយេស៊ូសួរថា៖ «ធ្វើដូចម្ដេចឲ្យអ្នករាល់គ្នា[រត់គេចឲ្យ]រួចពីទោសនៅក្នុង[«ជ្រលងភ្នំហ៊ីណុំ»]បាន?»។ (ម៉ាថ. ២៣:៣៣; ព.ថ.) ពេលសំដៅទៅលើ«ជ្រលងភ្នំហ៊ីណុំ» តើព្រះយេស៊ូចង់បញ្ជាក់យ៉ាងណា?
៤. ពេលសំដៅទៅលើជ្រលងភ្នំហ៊ីណុំ តើព្រះយេស៊ូចង់មានន័យយ៉ាងណា?
៤ ជ្រលងភ្នំហ៊ីណុំជាច្រកភ្នំមួយនៅខាងក្រៅកំពែងទីក្រុងយេរូសាឡិម។ នៅទីនោះគេបានចាក់សំរាមនិងសាកសពនៃសត្វ ព្រមទាំងដុតរបស់ទាំងនោះចោលផង។ ព្រះយេស៊ូបានសំដៅទៅលើជ្រលងភ្នំហ៊ីណុំក្នុងន័យធៀប ពោលគឺ តំណាងការស្លាប់បាត់បង់ជីវិតជារៀងរហូត។ សំណួររបស់ព្រះយេស៊ូអំពីលទ្ធភាពរត់គេចឲ្យរួចពីជ្រលងភ្នំហ៊ីណុំបង្ហាញថា ក្រុមពួកអ្នកដឹកនាំសាសនាយូដាគួរនឹងទទួលសេចក្ដីហិនវិនាសជារៀងរហូត។—ម៉ាថ. ៥:២២, ២៩
៥. ស្របទៅតាមការព្រមានរបស់យ៉ូហាននិងព្រះយេស៊ូ តើអ្វីបានកើតឡើងនៅសម័យនោះ?
៥ ពួកមេដឹកនាំសាសនាយូដាបានធ្វើបាបរឹតតែធ្ងន់ កាលដែលគេបៀតបៀនព្រះយេស៊ូនិងអ្នកកាន់តាមទ្រង់។ នៅទីបំផុត គ្រាដែលព្រះយេហូវ៉ាក្រោធបានមកដល់ សមស្របទៅនឹងការព្រមានរបស់យ៉ូហាននិងព្រះយេស៊ូ។ ក្នុងករណីនោះ ពួកគេអាចរត់ចេញមែន ពីព្រោះ«សេចក្ដីក្រោធដែលត្រូវមក»នៅគ្រានោះ ជាស្ថានការណ៍ពិតនៅតំបន់ជាក់លាក់មួយ ពោលគឺ នៅទីក្រុងយេរូសាឡិមនិងស្រុកយូដា។ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានលេចធ្លោមែន ពេលពលទ័ពជនជាតិរ៉ូមបានបំផ្លាញចោលទីក្រុងយេរូសាឡិមនិងវិហារដែលមានទីតាំងនៅទីនោះ នាឆ្នាំ៧០ គ.ស.។ នៅគ្រានោះ ពួកអ្នកនៅទីក្រុងយេរូសាឡិមបានរងទុក្ខ«វេទនា»ខ្លាំងជាងអ្វីដែលធ្លាប់មានពីមុន។ ពួកគេជាច្រើនបានស្លាប់ ហើយខ្លះត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ព្រឹត្ដិការណ៍ទាំងនោះចង្អុលបញ្ជាក់ពីសេចក្ដីហិនវិនាសដ៏ធំជាង ដែលនឹងមានមកលើសាសនាទាំងឡាយនិងអស់អ្នកដែលគ្រាន់តែអះអាងថាជាអ្នកជឿលើព្រះយេស៊ូ។—ម៉ាថ. ២៤:២១
គប្បីរត់ចេញ មុនព្រះយេហូវ៉ាក្រោធម្ដងទៀត
៦. ក្នុងចំណោមពួកគ្រិស្តសាសនិកនាសម័យដើម តើអ្វីបានកើតឡើង?
៦ ក្នុងចំណោមពួកគ្រិស្តសាសនិកនាសម័យដើម អ្នកខ្លះបានក្បត់ជំនឿ ហើយអ្នកឯទៀតក៏បានកាន់តាមពួកគេដែរ។ (កិច្ច. ២០:២៩, ៣០) ពេលសាវ័កខ្លះរបស់ព្រះយេស៊ូនៅរស់នៅឡើយ ពួកគាត់ជួយ«ឃាត់»ឬទប់កុំឲ្យមានការក្បត់ជំនឿ។ ប៉ុន្តែ ពេលដែលពួកសាវ័កបានស្លាប់អស់ សាសនាយេស៊ូនិកាយផ្សេងៗបានផុសលេចមក។ សព្វថ្ងៃនេះ ពិភពគ្រិស្តសាសនាមានរាប់រយនិកាយដែលទាស់ទែងគ្នារហូត។ ទំនាយក្នុងគម្ពីរក៏បញ្ជាក់ថា មនុស្សខ្លះនឹងលើកខ្លួនជាអ្នកធំដែលចង់ដឹកនាំនិកាយសាសនាយេស៊ូនីមួយៗ។ ក្នុងទំនាយនោះ គេក៏បានហៅថាជា«អាទទឹងច្បាប់» និងជា«មនុស្សដែលត្រូវហិនវិនាស . . . ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាសដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក»។—២ថែ. ២:៣, ៦-៨
៧. ហេតុអ្វីក៏អ្នកដឹកនាំពិភពគ្រិស្តសាសនាសមហៅថា«អាទទឹងច្បាប់»?
៧ អ្នកធំដែលដឹកនាំនិកាយនីមួយៗក្នុងពិភពគ្រិស្តសាសនា ជាអ្នកទទឹងច្បាប់ក្នុងន័យថា បាននាំសមាជិករាប់លាននាក់របស់គេឲ្យវង្វេង។ ពួកគេធ្វើដូច្នេះដោយញុះញង់អ្នកដែលកាន់សាសនាគេឲ្យជឿទៅលើសេចក្ដីបង្រៀនមិនពិត ធ្វើពិធីបុណ្យផ្សេងៗ និងប្រព្រឹត្តបែបខុសនឹងអ្វីដែលចែងទុកក្នុងគម្ពីរ។ ដូចមេដឹកនាំសាសនាយូដាដែលព្រះយេស៊ូបានកាត់ទោសនោះ អ្នកថ្វាយបង្គំនាសម័យនេះដែលរួមចំណែកក្នុងចំណោម«មនុស្សដែលត្រូវហិនវិនាស»នោះ ក៏នឹងត្រូវបំផ្លាញចោល ព្រមទាំងគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញផង។ (២ថែ. ១:៦-៩) ប៉ុន្តែ ចុះយ៉ាងណាចំពោះបណ្ដាជនទាំងឡាយដែលមេដឹកនាំពិភពគ្រិស្តសាសនានិងសាសនាឯទៀតបាននាំឲ្យវង្វេងនោះ? តើពួកគេនឹងទៅជាយ៉ាងណា? ដើម្បីឆ្លើយសំណួរនេះ សូមឲ្យយើងពិនិត្យមើលព្រឹត្ដិការណ៍ដែលបានកើតឡើងមុនទីក្រុងយេរូសាឡិមបានបំផ្លាញចោលនៅសម័យមុនគ្រិស្តសករាជ គឺនៅឆ្នាំ៦០៧។
‹ចូររត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន›
៨, ៩. (ក) យោងទៅតាមទំនាយរបស់យេរេមា តើជនជាតិយូដាដែលជាឈ្លើយសឹកនៅឯស្រុកបាប៊ីឡូនត្រូវតែធ្វើអ្វី? (ខ) ក្រោយជនជាតិមេឌីនិងពើស៊ីបានដណ្ដើមអំណាចពីចក្រភពបាប៊ីឡូន តើពួកឈ្លើយសឹកអាចរត់ចេញយ៉ាងដូចម្ដេច?
៨ លោកយេរេមាជាអ្នកប្រកាសទំនាយអំពីសេចក្ដីហិនវិនាសដែលបានកើតឡើងនៅទីក្រុងយេរូសាឡិមនាឆ្នាំ៦០៧ មុនគ.ស.។ ទំនាយរបស់យេរេមាក៏បញ្ជាក់ថា អ្នកដែលបំផ្លាញចោលទីក្រុងយេរូសាឡិមក៏នឹងចាប់រាស្ត្ររបស់ព្រះយេហូវ៉ាទៅជាឈ្លើយសឹក។ ប៉ុន្តែ យោងទៅតាមទំនាយនោះ «៧០ឆ្នាំ»ក្រោយមក រាស្ត្ររបស់ព្រះយេហូវ៉ាអាចវិលមកឯស្រុករបស់ខ្លួនវិញ។ (យេ. ២៩:៤, ១០) ចំពោះជនជាតិយូដាដែលជាឈ្លើយសឹកនៅឯស្រុកបាប៊ីឡូន សាររបស់យេរេមាមានដំបូន្មានដ៏សំខាន់ដែរ ពោលគឺ ដាស់តឿនពួកគេឲ្យរក្សាខ្លួនដោយឡែកពីសាសនាមិនពិតរបស់ពួកបាប៊ីឡូន។ យ៉ាងនេះ ពេលគ្រាកំណត់របស់ព្រះយេហូវ៉ាមកដល់ រាស្ត្ររបស់ទ្រង់អាចវិលមកឯទីក្រុងយេរូសាឡិមវិញ និងរៀបចំឲ្យមានការថ្វាយបង្គំបរិសុទ្ធនៅទីនោះម្ដងទៀត។ មិនយូរប៉ុន្មានក្រោយជនជាតិមេឌីនិងជនជាតិពើស៊ីបាននាំគ្នាដណ្ដើមអំណាចពីចក្រភពបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ.ស. ពួកអ៊ីស្រាអែលដែលជាឈ្លើយសឹកបានត្រឡប់ទៅស្រុករបស់ខ្លួនមែន។ ស្តេចជនជាតិពើស៊ី ឈ្មោះស៊ីរូសទី២ បានបើកសិទ្ធិឲ្យពួកយូដាវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ព្រមទាំងសាងសង់វិហាររបស់ព្រះយេហូវ៉ានៅទីនោះម្ដងទៀត។—អែស. ១:១-៤
៩ ជនជាតិយូដារាប់ពាន់នាក់បានឆ្លៀតឱកាសនោះដើម្បីវិលត្រឡប់ទៅស្រុករបស់ខ្លួនមែន។ (អែស. ២:៦៤-៦៧) ពេលពួកគេបានត្រឡប់ទៅស្រុកវិញ នេះបានបំពេញទំនាយរបស់យេរេមាដែលបង្គាប់ពួកគេឲ្យរត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត។ (សូមអាន យេរេមា ៥១:៦,៤៥,៥០) អាស្រ័យទៅលើកាលៈទេសៈក្នុងជីវិតរបស់ខ្លួន ជនជាតិយូដាខ្លះមិនមានសមត្ថភាពធ្វើដំណើរឆ្ងាយទៅឯស្រុកយូដានិងទីក្រុងយេរូសាឡិមឡើយ។ យ៉ាងណាក៏ដោយ ពួកអ្នកដែលស្នាក់នៅស្រុកបាប៊ីឡូនជាបន្ត ដូចអ្នកប្រកាសទំនាយឈ្មោះដានីយ៉ែលដែលមានវ័យចាស់ណាស់ហើយ ពួកគេនៅតែអាចទទួលពរពីព្រះយេហូវ៉ានៅឡើយ។ ប៉ុន្តែដើម្បីទទួលពរនោះ ពួកគេត្រូវតែគាំទ្រការថ្វាយបង្គំបរិសុទ្ធដែលមានទីតាំងនៅឯក្រុងយេរូសាឡិម និងរក្សាខ្លួនដោយឡែកពីការថ្វាយបង្គំមិនពិតរបស់ពួកបាប៊ីឡូន។
១០. តើ«បាប៊ីឡូនដ៏ជាធំ»បានប្រព្រឹត្តអំពើដ៏«គួរខ្ពើម»បែបណាខ្លះ?
១០ នៅសព្វថ្ងៃនេះ មនុស្សរាប់ពាន់លាននាក់កាន់សាសនាមិនពិតផ្សេងៗដែលសុទ្ធតែមានឫសគល់ចេញពីសាសនារបស់ពួកបាប៊ីឡូនពីបុរាណ។ (លោ. ១១:៦-៩) រួមគ្នាទាំងអស់ សាសនាមិនពិតទាំងឡាយប្រៀបដូចជា«ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្ដាយនៃពួកស្រីសំផឹងនឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»។ (វិវរ. ១៧:៥) យូរយារមកហើយ សាសនាមិនពិតទាំងឡាយធ្លាប់តែគាំទ្រពួកនយោបាយ។ សង្គ្រាមជាច្រើនដែលបណ្ដាលឲ្យមនុស្សរាប់រយលាននាក់‹ស្លាប់នៅផែនដី› គឺជា«សេចក្ដីគួរខ្ពើម»ម្យ៉ាង ដែលសាសនាមិនពិតទាំងឡាយបានចូលប្រឡូកផងដែរ។ (វិវរ. ១៨:២៤) ពួកគេមានទោសចំពោះ«សេចក្ដីគួរខ្ពើម»ផ្សេងទៀត ដូចជាការរួមភេទជាមួយក្មេងៗ និងអំពើប្រាសចាកសីលធម៌ឯទៀតដែលបានប្រព្រឹត្តដោយអ្នកដឹកនាំសាសនា។ រីឯអ្នកដែលជាមេលើពួកគេក៏មិនអើពើផង។ អាស្រ័យហេតុនេះ មិនគួរឲ្យឆ្ងល់ឡើយ ថាបន្ដិចទៀតព្រះយេហូវ៉ានឹងបំផ្លាញសាសនាមិនពិតចេញពីផែនដី!—វិវរ. ១៨:៨
១១. មុនបាប៊ីឡូនដ៏ធំវិនាសទៅ តើពួកគ្រិស្តសាសនិកពិតមានភារកិច្ចអ្វី?
១១ ដោយដឹងថាបាប៊ីឡូនដ៏ធំនឹងវិនាសទៅនាអនាគតឆាប់ៗខាងមុខនេះ ពួកគ្រិស្តសាសនិកពិតមានភារកិច្ចព្រមានអស់អ្នកដែលកាន់សាសនាមិនពិត។ វិធីមួយដែលយើងអាចធ្វើដូច្នេះបាន គឺដោយចែកជូនគម្ពីរនិងសៀវភៅផ្សេងៗដល់គេ។ សៀវភៅទាំងនេះដែល«អ្នកបម្រើស្មោះត្រង់»បោះពុម្ព ប្រៀបដូចជា‹អាហារបរិភោគ›ដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគាត់ផ្ដល់ដល់មនុស្ស«តាមត្រូវពេល»។ (ម៉ាថ. ២៤:៤៥) ពេលមនុស្សចាប់អារម្មណ៍នឹងសារក្នុងគម្ពីរ យើងខំផ្ដល់ជំនួយថែមទៀតដោយណាត់ម៉ោងសិក្សាគម្ពីរជាមួយពួកគេ។ មុននឹងជ្រុលពេល យើងសង្ឃឹមថាពួកគេនឹងទទួលស្គាល់សារៈសំខាន់នៃការ«រត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន»។—វិវរ. ១៨:៤
ចូររត់ចេញពីការថ្វាយបង្គំរូបព្រះ
១២. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការថ្វាយបង្គំរូបព្រះ?
១២ ការប្រព្រឹត្តដ៏គួរខ្ពើមមួយទៀតដែលមានជាទូទៅក្នុងសាសនានានានៃបាប៊ីឡូនដ៏ធំ គឺការថ្វាយបង្គំរូបព្រះ។ ព្រះយេហូវ៉ាចាត់ទុករូបព្រះទាំងឡាយជាអ្វីដែល«គួរស្អប់ខ្ពើម»។ (ចោទិ. ២៩:១៦) អស់អ្នកដែលចង់ផ្គាប់ចិត្តព្រះយេហូវ៉ាត្រូវតែជៀសវាងពីការថ្វាយបង្គំរូបព្រះ សមស្របទៅនឹងបណ្ដាំរបស់ទ្រង់ដែលថា៖ «អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញដល់រូបឆ្លាក់ឡើយ»។—អេសា. ៤២:៨
១៣. ស្តីអំពីការប្រព្រឹត្តដែលមានលក្ខណៈប្រហាក់ប្រហែលនឹងការថ្វាយបង្គំរូបព្រះ តើយើងត្រូវតែរត់ចេញពីអ្វីខ្លះ?
១៣ បណ្ដាំរបស់ព្រះយេហូវ៉ាក៏រៀបរាប់អំពីការប្រព្រឹត្តឯទៀតដែលមានលក្ខណៈប្រហាក់ប្រហែលនឹងការថ្វាយបង្គំរូបព្រះ។ ជាឧទាហរណ៍ បណ្ដាំរបស់ព្រះយេហូវ៉ារៀបរាប់អំពីសេចក្ដីលោភជាអ្វីដែលមានលក្ខណៈដូចជា«ការថ្វាយបង្គំរូបព្រះ»។ (កូល. ៣:៥) ការលោភលន់ជាបំណងចង់បានរបស់អ្វីដែលមានម្ចាស់ហើយ ដូចជាកម្មសិទ្ធិរបស់អ្នកដទៃជាដើម។ (និក្ខ. ២០:១៧) ទេវតាមួយរូបដែលក្រោយមកមានឈ្មោះហៅថាសាតាំងដែលជាមេកំណាច វាចាប់ផ្ដើមមានចិត្តលោភចង់បានឋានៈដូចព្រះដ៏ខ្ពស់បំផុត ហើយចង់ឲ្យគេគោរពថ្វាយបង្គំ។ (លូ. ៤:៥-៧) ចំណង់ចំណូលចិត្តនេះបានជំរុញសាតាំងឲ្យបះបោរប្រឆាំងនឹងព្រះយេហូវ៉ា ព្រមទាំងញុះញង់នាងអេវ៉ាឲ្យមានចិត្តលោភចង់បានអ្វីដែលព្រះយេហូវ៉ាហាមឃាត់។ ការប្រព្រឹត្តរបស់អ័ដាមក៏មានលក្ខណៈប្រហាក់ប្រហែលនឹងការថ្វាយបង្គំរូបព្រះដែរ ពីព្រោះគាត់គិតតែពីខ្លួនឯងដោយប្រាថ្នាចង់បានជាគ្នានឹងភរិយារបស់ខ្លួន ហើយចាត់ទុកនេះជាអ្វីដែលសំខាន់ជាងការស្ដាប់បង្គាប់បិតារបស់គាត់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ទៅទៀត។ ផ្ទុយទៅវិញ អស់អ្នកដែលចង់រត់គេចក្នុងថ្ងៃដែលព្រះយេហូវ៉ាក្រោធនោះ ត្រូវតែមានចិត្តភក្ដីផ្ដាច់មុខចំពោះទ្រង់ ព្រមទាំងទប់ចិត្តមិនឲ្យលោភទាល់តែសោះ។
«ចូររត់ពីការសហាយស្មន់»
១៤-១៦. (ក) ស្តីអំពីរឿងសីលធម៌ តើយ៉ូសែបតាំងគំរូល្អបែបណា? (ខ) បើយើងមានសេចក្ដីប្រាថ្នាអាក្រក់ខាងកាមចូលមកក្នុងចិត្តគំនិតរបស់ខ្លួន តើយើងគួរតែធ្វើអ្វី? (គ) តើអ្វីនឹងជួយយើងឲ្យរត់ចេញពីអំពើដែលប្រាសចាកសីលធម៌?
១៤ សូមអាន កូរិនថូសទី១ ៦:១៨។ ពេលភរិយារបស់ប៉ូទីផារខំលួងលោមចិត្តយ៉ូសែបឲ្យរួមដំណេកជាមួយនឹងនាង គាត់បានរត់ចេញពីកន្លែងនោះភ្លាម! ចំពោះគ្រិស្តសាសនិកទាំងឡាយ មិនថាអ្នកដែលនៅលីវឬអ្នកដែលបានរៀបការហើយក្ដី នេះជាគំរូដ៏ល្អណាស់! អ្វីដែលយ៉ូសែបធ្លាប់រៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ា ច្បាស់ជាមានឥទ្ធិពលទៅលើចិត្តគំនិតរបស់គាត់មែន! បើយើងប្រាថ្នាចង់ធ្វើតាមបង្គាប់ឲ្យ«រត់ពីការសហាយស្មន់»ដែរ យើងនឹងជៀសវាងទាំងស្រុងពីអ្វីៗដែលអាចបណ្ដាលឲ្យយើងមានចិត្តស្រើបស្រាលចំពោះអ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ បទគម្ពីរចែងថា៖ «ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា . . . គឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ គឺដោយ[សារ]សេចក្ដីទាំងនោះបានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស»។—កូល. ៣:៥, ៦
១៥ សូមកត់សម្គាល់ថា «សេចក្ដីខ្ញាល់របស់ព្រះ[នឹង]មកលើពួកមនុស្សរឹងចចេស»ជាមិនខាន! មនុស្សជាច្រើនក្នុងពិភពលោកនេះបណ្ដុះឲ្យមានចិត្តស្រើបស្រាលដែលប្រាសចាកសីលធម៌ រួចមកពួកគេចុះញ៉មទៅតាមសេចក្ដីប្រាថ្នាដ៏មិនល្អទាំងនោះ។ អាស្រ័យហេតុនេះ ក្នុងនាមជាគ្រិស្តសាសនិក យើងត្រូវតែអធិដ្ឋានសូមជំនួយពីព្រះយេហូវ៉ា ព្រមទាំងសុំសកម្មពលបរិសុទ្ធរបស់ទ្រង់ដើម្បីមិនឲ្យសេចក្ដីប្រាថ្នាអាក្រក់ខាងកាមមកសង្គ្រុបចិត្តខ្លួនឡើយ។ បន្ថែមទៅទៀត ការសិក្សាគម្ពីរ ចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក និងការប្រកាសប្រាប់ដំណឹងល្អដល់មនុស្សដទៃនឹងជួយយើងឲ្យ«ដើរក្នុងព្រះវិញ្ញាណ»ឬប្រព្រឹត្តសមស្របទៅនឹងសកម្មពលរបស់ព្រះយេហូវ៉ា។ យ៉ាងនេះ យើងនឹង«មិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម»ស្របទៅតាមទំនោរចិត្តអាក្រក់ទេ។—កា. ៥:១៦
១៦ គឺច្បាស់ហើយថា បើយើងមើលរូបអាសអាភាស នេះមិនមែនជាការប្រព្រឹត្តដែលចាត់ទុកជាការ«ដើរក្នុងព្រះវិញ្ញាណ»ទេ។ ដូចគ្នាដែរ គ្រិស្តសាសនិកគ្រប់រូបត្រូវតែប្រយ័ត្នកុំអាន មើលនិងស្ដាប់រឿងឬបទភ្លេងដែលបណ្ដាលឲ្យមានចិត្តស្រើបស្រាល។ ស្រដៀងគ្នាដែរ «ពួកបរិសុទ្ធ»របស់ព្រះយេហូវ៉ាមិនសើចសប្បាយនឹងរឿងបែបនេះ ហើយក៏មិនយករឿងបែបនេះមកពិភាក្សាឡើយ។ (អេភ. ៥:៣, ៤) យ៉ាងនេះ យើងបង្ហាញដល់បិតានៅស្ថានសួគ៌ដែលស្រឡាញ់យើងថា យើងពិតជាចង់រត់គេចក្នុងថ្ងៃដែលទ្រង់ក្រោធ ដើម្បីរស់ក្នុងពិភពលោកថ្មីដែលសុទ្ធតែសុចរិត។
ចូររត់ចេញពី‹ការស្រឡាញ់ប្រាក់›
១៧, ១៨. ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងរត់ចេញពី‹ការស្រឡាញ់ប្រាក់›?
១៧ ក្នុងសំបុត្រទី១ដែលប៉ុលផ្ញើជូនដល់ប្អូនធីម៉ូថេ គាត់សរសេរគោលការណ៍ខ្លះៗដែលគប្បីឲ្យគ្រិស្តសាសនិកដែលជាខ្ញុំបម្រើធ្វើតាម។ ខ្ញុំបម្រើខ្លះនៅសម័យនោះប្រហែលជាមានទស្សនៈថា ពួកគេគួរមានជីវិតស្រួលជាងឬបានកម្រៃបន្ដិច ពីព្រោះម្ចាស់របស់ខ្លួនជាគ្រិស្តសាសនិកដែរ។ ខ្ញុំបម្រើឯទៀតប្រហែលជាចង់ជញ្ជក់យកប្រយោជន៍ពីបងប្អូនក្នុងក្រុមជំនុំ។ ប៉ុលបានព្រមានកុំឲ្យពួកគេ«ស្មានថា ការគោរពប្រតិបត្ដិដល់ព្រះជាផ្លូវឲ្យបានកំរៃ»ឡើយ។ មេឫសឬដើមហេតុដែលបណ្ដាលឲ្យមានបញ្ហាបែបនេះ គឺប្រហែលជាដោយសារអ្នកទាំងនោះ«ស្រឡាញ់ប្រាក់» ហើយនេះអាចមានឥទ្ធិពលអាក្រក់ទៅលើមនុស្សណាក៏ដោយ ទាំងអ្នកមាននិងអ្នកក្រដែរ។—១ធី. ៦:១, ២, ៥, ៩, ១០
១៨ តើយើងអាចគិតពីអ្នកខ្លះក្នុងគម្ពីរដែលបានបង្ខូចចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ដោយព្រោះតែ«ស្រឡាញ់ប្រាក់»និងស្រឡាញ់វត្ថុទ្រព្យដែលមិនត្រូវការចាំបាច់ក្នុងជីវិត? (យ៉ូស. ៧:១១, ២១; ២ពង្ស. ៥:២០, ២៥-២៧) ប៉ុលបានដាស់តឿនធីម៉ូថេថា៖ «ឱអ្នកសំណប់នៃព្រះអើយ! ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ»។ (១ធី. ៦:១១) អស់អ្នកដែលចង់រត់គេចក្នុងថ្ងៃដែលព្រះយេហូវ៉ាក្រោធ ត្រូវតែធ្វើតាមយោបល់នេះជាដាច់ខាត។
‹ចូររត់ចេញពីតណ្ហានៃយុវវ័យ›
១៩. តើប្អូនៗយុវវ័យទាំងឡាយត្រូវការអ្វី?
១៩ សូមអាន សុភាសិត ២២:១៥; ខ.ស.។ សេចក្ដីចម្កួតឬភាពល្ងីល្ងើក្នុងចិត្តយុវវ័យអាចនាំឲ្យពួកគេប្រព្រឹត្តបែបខុសទំនង។ ដំបូន្មានក្នុងគម្ពីរអាចប្រៀនប្រដៅប្អូនៗយុវវ័យបាន ប្រៀបដូចជារំពាត់វាយផ្ចាលដើម្បីជួយពួកគេឲ្យជៀសវាងពីការប្រព្រឹត្តដោយល្ងីល្ងើ។ ចំពោះយុវវ័យដែលជាគ្រិស្តសាសនិក តែមិនមានមាតាបិតារួមជំនឿជាមួយកូនទេ ពួកគេអាចខំស្វែងរកនិងអនុវត្តតាមគោលការណ៍ល្អៗក្នុងគម្ពីរ។ ប្អូនៗឯទៀតក៏មានប្រយោជន៍ពេលទទួលយោបល់ល្អៗពីបងៗក្នុងក្រុមជំនុំដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ពេលប្អូនៗធ្វើតាមការណែនាំដែលមានមូលដ្ឋានលើគម្ពីរ មិនថានរណាបានជូនយោបល់ក៏ដោយ នេះអាចនាំឲ្យមានសុភមង្គលឥឡូវ ហើយនៅពេលអនាគតដែរ។—ហេ. ១២:៨-១១
២០. តើអ្វីនឹងជួយប្អូនៗយុវវ័យឲ្យរត់ចេញពីតណ្ហាមិនល្អ?
២០ សូមអាន ធីម៉ូថេទី២ ២:២០-២២; ខ.ស.។ យុវវ័យជាច្រើនចេះតែប្រព្រឹត្តដោយល្ងីល្ងើ ពីព្រោះពួកគេមិនបានទទួលការប្រៀនប្រដៅ។ ដោយសារចិត្ត«ស្រើបស្រាល» ពួកគេរួមដំណេកមុនរៀបការ ព្រមទាំងធ្វើតាម«តណ្ហា[ឯទៀត]នៃយុវវ័យ» ដោយប្រកួតប្រជែងគ្នា មានចិត្តលោភលន់ ស្រឡាញ់លុយ និងគិតតែពីការសប្បាយជាដើម។ គម្ពីរដាស់តឿនប្អូនៗឲ្យរត់ចេញពីតណ្ហានិងការប្រព្រឹត្តបែបនេះ ដែលមានន័យថា យុវវ័យដែលជាគ្រិស្តសាសនិកត្រូវតែប្រយ័ត្ននឹងអ្នកណាឬអ្វីក៏ដោយដែលអាចមានឥទ្ធិពលមិនល្អមកលើគេ។ ឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែល្អ ពីព្រោះលើកទឹកចិត្តប្អូនៗយុវវ័យឲ្យដេញតាមលក្ខណៈសម្បត្ដិដែលគាប់ចិត្តទ្រង់ ហើយឲ្យគេធ្វើដូច្នេះ«ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់អំពីចិត្តដ៏បរិសុទ្ធ»។
២១. ស្តីអំពីអ្នកកាន់តាមព្រះយេស៊ូគ្រិស្តដែលប្រៀបដូចជាសត្វចៀម តើទ្រង់សន្យាយ៉ាងណា?
២១ មិនថាយើងនៅក្មេងឬមានវ័យចាស់ក៏ដោយ គប្បីឲ្យយើងបដិសេធយ៉ាងម៉ឺងម៉ាត់ ហើយមិនព្រមស្ដាប់ពួកអ្នកដែលចង់ទាក់ទាញចិត្តយើងឲ្យងាកចេញពីព្រះយេហូវ៉ាឡើយ។ យ៉ាងនេះ យើងបង្ហាញថាយើងចង់រួមចំណែកជាមួយអស់អ្នកដែលមានលក្ខណៈដូចចៀម ដោយស្ដាប់តាមព្រះយេស៊ូនិង«រត់ចេញពី . . . សំឡេងរបស់មនុស្សដទៃ»។ (យ៉ូន. ១០:៥) ប៉ុន្តែ ការរត់គេចក្នុងថ្ងៃដែលព្រះយេហូវ៉ាក្រោធ តម្រូវឲ្យយើងដេញតាមលក្ខណៈសម្បត្ដិល្អៗដែរ មិនត្រឹមតែរត់ចេញពីអ្វីៗដែលនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះឡើយ។ អត្ថបទបន្ទាប់នឹងពិនិត្យមើលលក្ខណៈសម្បត្ដិល្អ៧យ៉ាងដែលយើងត្រូវតែដេញតាម។ ព្រះយេស៊ូសន្យាដល់អ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់[ចៀមខ្ញុំ] វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»។ (យ៉ូន. ១០:២៨) អាស្រ័យហេតុនេះ គប្បីណាស់ឲ្យយើងពិនិត្យមើលចំណុចទាំងនេះតទៅទៀត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះយេស៊ូព្រមានពួកមេដឹកនាំសាសនាយ៉ាងដូចម្ដេច?
• សព្វថ្ងៃនេះ តើមនុស្សរាប់លាននាក់ស្ថិតនៅក្នុងស្ថានភាពដែលងាយរងគ្រោះថ្នាក់បែបណា?
• ស្តីអំពីការប្រព្រឹត្តដែលមានលក្ខណៈប្រហាក់ប្រហែលនឹងការថ្វាយបង្គំរូបព្រះ តើយើងត្រូវតែរត់ចេញពីអ្វីខ្លះ?
[រូបភាពនៅទំព័រ១៣, ១៤]
តើយើងគួរ«រត់ចេញ»ពីការប្រព្រឹត្តបែបណាខ្លះ?