កៀកណាស់ហើយ! គ្រាដែលរាជ្យរបស់ព្រះនឹងប្រោសយើងឲ្យរួច
«សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថ. ៦:១០
១. តើអ្វីជារឿងសំខាន់ចម្បងដែលព្រះយេស៊ូបានផ្សាយបង្រៀន?
ពេលថ្លែងធម្មទាននៅលើភ្នំនាស្រុកកាលីឡេ ព្រះយេស៊ូគ្រិស្តបានផ្ដល់គំរូអំពីរបៀបអធិដ្ឋានដែលរួមបញ្ចូលសេចក្ដីបង្រៀនសំខាន់ចម្បងរបស់ទ្រង់។ ព្រះយេស៊ូបង្រៀនអ្នកកាន់តាមទ្រង់ឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជ្យ[ព្រះ]បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថ. ៦:៩-១៣) ព្រះយេស៊ូក៏បានធ្វើដំណើរទៅ«គ្រប់ក្រុង គ្រប់ភូមិ[ដើម្បី]ប្រាប់ដំណឹងល្អពីនគរព្រះ»។ (លូ. ៨:១) ព្រះយេស៊ូគ្រិស្តថែមទាំងបានដាស់តឿនអ្នកកាន់តាមទ្រង់ថា៖ «ចូរស្វែងរកនគរនឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថ. ៦:៣៣) ពេលសិក្សាអត្ថបទនេះ សូមកត់សម្គាល់ចំណុចដែលយើងអាចប្រើក្នុងកិច្ចបម្រើផ្សាយរបស់ខ្លួន។ ជាឧទាហរណ៍ សូមគិតអំពីរបៀបឆ្លើយសំណួរដូចជា តើសារអំពីនគរ រាជ្យឬរាជាណាចក្ររបស់ព្រះយេហូវ៉ាជារឿងសំខាន់ប៉ុណ្ណា? តើមនុស្សជាតិត្រូវពឹងទៅលើរាជ្យរបស់ព្រះដើម្បីប្រោសឲ្យរួចពីអ្វី? តើរាជាណាចក្ររបស់ព្រះនឹងប្រោសយើងឲ្យរួចដោយរបៀបណា?
២. តើសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ាជារឿងសំខាន់ប៉ុណ្ណា?
២ ព្រះយេស៊ូបានទាយថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ[ព្រះ] នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»ឬ«អវសានកាលនៃពិភពលោក»។ (ម៉ាថ. ២៤:១៤; មថ. ២៤:១៤, ខ.ស.) ដំណឹងល្អអំពីនគរ រាជ្យឬរាជាណាចក្ររបស់ព្រះយេហូវ៉ាជារឿងសំខាន់ចម្បង។ តាមការពិត នេះជារឿងសំខាន់បំផុតក្នុងពិភពលោកទាំងមូល! សាក្សីព្រះយេហូវ៉ាប្រមាណ៧លាននាក់ ក្នុងជាង១០០.០០០ក្រុមជំនុំដែលមាននៅទូទាំងពិភពលោក កំពុងធ្វើកិច្ចការផ្សព្វផ្សាយដែលរកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្រកាសប្រាប់ដល់មហាជនថា ព្រះយេហូវ៉ាបានស្ថាបនារាជាណាចក្ររបស់ទ្រង់រួចទៅហើយ។ នេះជាដំណឹងល្អពីព្រោះបញ្ជាក់ថា ព្រះយេហូវ៉ាបានស្ថាបនារាជរដ្ឋាភិបាលមួយនៅឯស្ថានសួគ៌ ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។ ក្រោមការគ្រប់គ្រងនោះ ព្រះយេហូវ៉ានឹងសម្រេចការនៅផែនដីឲ្យបានដូចនៅស្ថានសួគ៌ដែរ ស្របទៅតាមព្រះហឫទ័យឬឆន្ទៈរបស់ទ្រង់។
៣, ៤. ពេលព្រះយេហូវ៉ាសម្រេចការស្របទៅតាមឆន្ទៈរបស់ទ្រង់ តើនឹងមានស្ថានភាពបែបណានៅផែនដី?
៣ ពេលព្រះយេហូវ៉ាសម្រេចការស្របទៅតាមឆន្ទៈរបស់ទ្រង់ តើនឹងមានស្ថានភាពបែបណានៅផែនដី? ព្រះយេហូវ៉ានឹង«ជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។ (វិវរ. ២១:៤) ជំងឺនិងសេចក្ដីស្លាប់ដែលជាលទ្ធផលពីភាពខុសឆ្គងដែលឆ្លងរាលដាលពីជីដូនជីតាដំបូង នឹងលែងមានទៀត។ មនុស្សស្លាប់ដែលព្រះយេហូវ៉ានឹកចាំ ក៏នឹងមានឱកាសរស់ជារៀងរហូត ពីព្រោះមានសេចក្ដីសន្យាក្នុងគម្ពីរដែលចែងថា៖ «ទាំងមនុស្សសុចរិតនឹងមនុស្សទុច្ចរិតនឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ច. ២៤:១៥) នៅគ្រានោះ ផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យាន ព្រមទាំងលែងមានសង្គ្រាម ជំងឺតម្កាត់និងការអត់អាហារទៀត។ សូម្បីតែសត្វដែលមានលក្ខណៈសាហាវនៅសព្វថ្ងៃនេះ ក៏នឹងទៅជាស្លូតវិញ ហើយមិនគំរាមដល់មនុស្សឬសត្វឯទៀតទេ។—ទំនុក. ៤៦:៩; ៧២:១៦; អេសា. ១១:៦-៩; ៣៣:២៤; លូ. ២៣:៤៣
៤ ដោយសារការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះយេហូវ៉ានឹងនាំឲ្យមានពរដ៏អស្ចារ្យទាំងនេះ ពុំមែនជាការចម្លែកអ្វីឡើយដែលទំនាយក្នុងគម្ពីរជួយសម្រាលទុក្ខយើង ដោយរៀបរាប់អំពីគ្រានោះថា៖ «មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ ប៉ុន្តែ ចុះយ៉ាងណាចំពោះមនុស្សដែលចេះតែបង្កឲ្យមានចលាចលទៅវិញ? ទំនាយក្នុងគម្ពីរចែងថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ»។ រីឯ«អស់អ្នកដែលរង់ចាំ[ឬ«សង្ឃឹមលើ»]ព្រះយេហូវ៉ា»វិញ ពួកគេ«នឹងបានផែនដីជាមរដក»។—ទំនុក. ៣៧:៩-១១; ទំន. ៣៧:៩, ខ.ស.
៥. តើរបៀបរបបពិភពលោកនៅសព្វថ្ងៃនេះនឹងទៅជាយ៉ាងណា?
៥ ដើម្បីសម្រេចការទាំងអស់នេះ របៀបរបបពិភពលោកនៅសព្វថ្ងៃ ដែលរួមបញ្ចូលរដ្ឋាភិបាលនិងសាសនានានាដែលទាស់ទែងគ្នាជានិច្ច ព្រមទាំងបណ្ដាញពាណិជ្ជកម្មផង ត្រូវដកចេញជាមុនសិន។ នោះហើយជាអ្វីដែលរាជរដ្ឋាភិបាលរបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌នឹងសម្រេចមែន! លោកដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានសរសេរថា៖ «នៅគ្រានៃស្តេចទាំងនោះ[ដែលកំពុងកាន់អំណាចនៅសព្វថ្ងៃនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ[ឬរាជរដ្ឋាភិបាល]១ឡើង[នៅឯស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួង[ឬអំណាចគ្រប់គ្រង] ក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ។ [រាជរដ្ឋាភិបាលរបស់ព្រះ]នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំង[ប៉ុន្មានរបស់មនុស្សជាតិ]វិញ។ នគរ[របស់ព្រះ]នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»ឬជារៀងរហូត។ (ដា. ២:៤៤) រួចមក រាជាណាចក្ររបស់ព្រះយេហូវ៉ា ដែលជារាជរដ្ឋាភិបាលថ្មីនៅឯស្ថានសួគ៌ នឹងគ្រប់គ្រងលើសង្គមមនុស្សថ្មីនៅផែនដី។ យ៉ាងនេះ «ផ្ទៃមេឃថ្មីនឹងផែនដីថ្មី[នឹង]មានសុទ្ធតែសេចក្ដីសុចរិតវិញ»។—២ពេ. ៣:១៣
គ្រានេះបន្ទាន់ជាងមុន
៦. តើគម្ពីររៀបរាប់យ៉ាងណាស្តីពីអំពើអាក្រក់ក្នុងពិភពលោកនេះ?
៦ ពេលសាតាំង ព្រមទាំងអ័ដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដោយសម្រេចចិត្តខ្លួនឯងអំពីអ្វីដែលខុសនិងត្រូវ នេះបានបង្កហេតុដែលនាំឲ្យមនុស្សជាតិទាំងឡាយកើតទុក្ខ។ ជាង១.៦០០ឆ្នាំក្រោយការបះបោរនោះ គឺមុនទឹកជន់លិចផែនដីទាំងមូល «ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ច»។ (លោ. ៦:៥) ប្រមាណ១.៣០០ឆ្នាំក្រោយនោះទៀត ស្ថានភាពក្នុងសង្គមមនុស្សមានកាន់តែអាក្រក់ឡើងៗ ដល់ម្ល៉េះបានជាស្តេចសាឡូម៉ូនសរសេរថា៖ «យើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ។ អើ! អ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ»។ (សាស. ៤:២, ៣) ឥឡូវនេះ ប្រមាណ៣.០០០ឆ្នាំក្រោយសម័យសាឡូម៉ូនទៅទៀត អំពើអាក្រក់បានរីករាលដាលកាន់តែច្រើនថែមទៀត។
៧. ហេតុអ្វីបានជាគ្រានេះបន្ទាន់ជាងមុន ឲ្យរាជ្យរបស់ព្រះប្រោសយើងឲ្យរួច?
៧ ទោះជាមានអំពើអាក្រក់យូរយារមកហើយក្ដី គ្រានេះបន្ទាន់ជាងមុន ឲ្យរាជ្យរបស់ព្រះប្រោសយើងឲ្យរួច។ ស្ថានភាពនៅផែនដីក្នុងអំឡុងពេល១០០ឆ្នាំកន្លងទៅនេះ គឺអាក្រក់ជាងមុនៗទៅទៀត ហើយចេះតែអាក្រក់ទៅៗ។ ជាឧទាហរណ៍ សេចក្ដីរាយការណ៍ពីវិទ្យាស្ថានមួយប្រាប់ថា៖ «បើប្រៀបធៀបចំនួនមនុស្សដែលបានស្លាប់ដោយសារសង្គ្រាមនៅសតវត្សរ៍[ទី២០] និងអ្នកដែលបានស្លាប់ដោយសារសង្គ្រាមទាំងអស់តាំងពីឆ្នាំ១ គ.ស. រហូតដល់ឆ្នាំ១៨៩៩ គ.ស.នោះ អ្នកដែលបានស្លាប់ក្នុងសតវត្សរ៍ទី២០គឺច្រើនជាងមួយជាបី»។ (Worldwatch Institute) តាំងពីឆ្នាំ១៩១៤មកម្ល៉េះ មនុស្សជាង១០០លាននាក់បានស្លាប់ដោយសារសង្គ្រាម! យោងទៅតាមវចនាធិប្បាយមួយ គេប៉ាន់ស្មានថា មនុស្សប្រហែលជា៦០លាននាក់បានស្លាប់ក្នុងសង្គ្រាមលោកលើកទី២តែប៉ុណ្ណោះ។ ដោយសារប្រទេសមួយចំនួនសព្វថ្ងៃមានអាវុធនុយក្លេអ៊ែរដែរ គេមានលទ្ធភាពបំផ្លាញមនុស្សជាតិភាគច្រើនឲ្យសាបសូន្យទៅ។ ណាមួយទៀត ទោះជាមនុស្សបានជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រនិងវិជ្ជាពេទ្យក៏ដោយ រៀងរាល់ឆ្នាំកុមារកុមារីប្រមាណប្រាំលាននាក់ស្លាប់ដោយសារគ្មានអាហារបរិភោគគ្រប់គ្រាន់។a
៨. អស់រាប់ពាន់ឆ្នាំកន្លងទៅនេះ តើការគ្រប់គ្រងរបស់មនុស្សជាតិបានបញ្ជាក់យ៉ាងណា?
៨ ទោះជាមនុស្សព្យាយាមចាត់វិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះក៏ដោយ ពួកគេមិនអាចទប់ស្កាត់អំពើអាក្រក់ដែលចេះតែកើនឡើងជានិច្ចទេ។ រដ្ឋាភិបាលនិងសាសនានានា ព្រមទាំងបណ្ដាញពាណិជ្ជកម្មមិនធ្លាប់ផ្ដល់ភាពសុខសាន្តនិងភាពចម្រុងចម្រើនពិតឲ្យមនុស្សឡើយ។ ជាជាងដោះស្រាយបញ្ហាធំដុំដែលមនុស្សជាតិមាននោះ រដ្ឋាភិបាល សាសនានិងបណ្ដាញពាណិជ្ជកម្មចេះតែបង្កហេតុដែលបណ្ដាលឲ្យមានបញ្ហាកាន់តែច្រើន។ ការគ្រប់គ្រងរបស់មនុស្សជាតិអស់រាប់ពាន់ឆ្នាំកន្លងទៅនេះ បានបញ្ជាក់ពីសច្ចភាពនៃពាក្យដែលថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេ. ១០:២៣) ត្រូវមែន! ពេល«មនុស្សម្នាក់មានអំណាចលើម្នាក់ទៀត» នេះតែងតែនាំឲ្យ«គេត្រូវវេទនា»។ (សាស. ៨:៩) អាស្រ័យហេតុនេះ «ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នាដរាបដល់គ្រាឥឡូវនេះ»។—រ៉ូម ៨:២២
៩. ក្នុង«ជាន់ក្រោយបង្អស់»នេះ តើគ្រិស្តសាសនិកមិននឹកប្លែកពីស្ថានភាពអ្វីខ្លះ?
៩ ទំនាយក្នុងគម្ពីររៀបរាប់អំពីគ្រានេះថា៖ «នៅជាន់ក្រោយបង្អស់នឹងមានគ្រាលំបាកណាស់!»។ ក្រោយបានពិពណ៌នាអំពីស្ថានភាពក្នុងគ្រាចុងក្រោយដែលមនុស្សជាតិមានអំណាចគ្រប់គ្រង ទំនាយនោះចែងថា៖ «ពួកអាក្រក់នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង»។ (សូមអាន ធីម៉ូថេទី២ ៣:១-៥, ១៣) គ្រិស្តសាសនិកមិននឹកប្លែកពីស្ថានភាពនេះទេ ពីព្រោះពិភពលោក«ទាំងមូលដេកនៅក្នុងឱវាទ[ឬ«ស្ថិតនៅក្រោមអំណាច»]នៃមេកំណាចវិញ»។ (១យ៉ូន. ៥:១៩; ១យហ. ៥:១៩, ខ.ស.) ប៉ុន្តែ មានដំណឹងល្អថា បន្ដិចទៀតព្រះយេហូវ៉ានឹងប្រោសមនុស្សដែលស្រឡាញ់ទ្រង់ឲ្យរួច។ ព្រះយេហូវ៉ានឹងប្រោសពួកគេឲ្យរួចពីពិភពលោកដែលចេះតែអាក្រក់ទៅៗយ៉ាងឆាប់រហ័សដូចនេះ។
ព្រះតែមួយអង្គគត់ដែលអាចប្រោសយើងឲ្យរួច
១០. ហេតុអ្វីបានជាមានតែព្រះយេហូវ៉ាមួយអង្គគត់ដែលអាចប្រោសយើងឲ្យរួច?
១០ ពេលផ្សាយដំណឹងល្អ ចូរឲ្យយើងបញ្ជាក់ដល់មនុស្សថា ព្រះយេហូវ៉ាជាព្រះតែមួយអង្គគត់ដែលអាចប្រោសយើងឲ្យរួច។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ដែលមានអំណាចនិងឆន្ទៈប្រោសរាស្ត្ររបស់ទ្រង់ឲ្យរួចពីស្ថានភាពដ៏អាក្រក់ទាំងឡាយ។ (កិច្ច. ៤:២៤, ៣១; វិវរ. ៤:១១) យើងអាចជឿជាក់ថា ព្រះយេហូវ៉ាតែងតែប្រោសរាស្ត្រទ្រង់ឲ្យរួច ហើយតែងតែបំពេញតាមគោលបំណងរបស់ទ្រង់ ពីព្រោះទ្រង់បានសន្យាថា៖ «ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ ក៏នឹងសំរេចដូចជាអញបានកំណត់ទុកផង»។ ពាក្យរបស់ព្រះយេហូវ៉ា«មិនដែលវិលមកឯ[ទ្រង់]វិញ ដោយឥតកើតផល»ទេ។—សូមអាន អេសាយ ១៤:២៤, ២៥; ៥៥:១០, ១១
១១, ១២. តើព្រះយេហូវ៉ាសន្យាថានឹងជួយរាស្ត្រទ្រង់យ៉ាងណា?
១១ ព្រះយេហូវ៉ាបានធានាថា ពេលទ្រង់កាត់ទោសមនុស្សអាក្រក់ ទ្រង់ក៏នឹងប្រោសរាស្ត្រទ្រង់ឲ្យរួច។ ពេលព្រះយេហូវ៉ាបានចាត់លោកយេរេមា ជាអ្នកប្រកាសទំនាយ ឲ្យប្រកាសសារដោយអង់អាចដល់មនុស្សដែលកំពុងធ្វើអំពើបាបនោះ ទ្រង់មានប្រសាសន៍ដល់គាត់ថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ»។ ហេតុអ្វីបានជាយេរេមាមិនគួរខ្លាចគេ? គាត់មិនគួរខ្លាចពីព្រោះព្រះយេហូវ៉ាសន្យាដល់គាត់ថា៖ «អញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួច»។ (យេ. ១:៨) ស្រដៀងគ្នាដែរ មុនព្រះយេហូវ៉ាបានបំផ្លាញចោលមនុស្សអាក្រក់នៅទីក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា ទ្រង់បានចាត់ទេវតាពីររូបដើម្បីជូនដំណើរលោកឡុតនិងក្រុមគ្រួសាររបស់គាត់ឲ្យចេញពីទីក្រុងដោយសុវត្ថិភាព។ រួចមក «ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រនឹងភ្លើង . . . មកលើក្រុងសូដុំមនឹងក្រុងកូម៉ូរ៉ា»។—លោ. ១៩:១៥, ២៤, ២៥
១២ ព្រះយេហូវ៉ាក៏អាចប្រោសអស់អ្នកដែលធ្វើតាមឆន្ទៈទ្រង់ឲ្យរួច មិនថាពួកគេរស់ឆ្ងាយពីគ្នា នៅទូទាំងពិភពលោកក្ដី។ ពេលព្រះយេហូវ៉ាបានបំផ្លាញពិភពលោកអាក្រក់នាសម័យបុរាណ ដោយធ្វើឲ្យទឹកជន់លិចផែនដីទាំងមូល ទ្រង់នៅតែ«បានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (២ពេ. ២:៥) ពេលព្រះយេហូវ៉ាបំផ្លាញពិភពលោកដ៏អាក្រក់នេះម្ដងទៀត ទ្រង់ក៏នឹងប្រោសមនុស្សទៀងត្រង់ឲ្យរួចផង។ អាស្រ័យហេតុនេះបានជាបណ្ដាំរបស់ព្រះយេហូវ៉ាចែងថា៖ «អស់អ្នករាបសានៅផែនដី . . . អើយ! ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ! ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង»។ (សេផា. ២:៣) ដោយសារការបំផ្លិចបំផ្លាញដែលនឹងមានជាទូទៅនោះ ‹មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញវិញ›។—សុ. ២:២១, ២២
១៣. ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្លាប់ទៅហើយ តើទ្រង់នឹងប្រោសពួកគេឲ្យរួចយ៉ាងដូចម្ដេច?
១៣ ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកបម្រើព្រះយេហូវ៉ា បានស្លាប់ទៅហើយ មិនថាដោយសារជំងឺឬការបៀតបៀនជាដើម។ (ម៉ាថ. ២៤:៩) ដូច្នេះ តើទ្រង់នឹងប្រោសពួកគេឲ្យរួចយ៉ាងដូចម្ដេច? ដូចបានបញ្ជាក់នៅខាងលើ «មនុស្សសុចរិត . . . នឹងបានរស់ឡើងវិញ»។ (កិច្ច. ២៤:១៥) នេះជាចំណុចដ៏គួរឲ្យសម្រាលទុក្ខមែន! ថាគ្មានអ្វីសោះដែលអាចឃាត់ព្រះយេហូវ៉ាឡើយ ពីការប្រោសរាស្ត្រទ្រង់ឲ្យរួច។
រាជ្យរបស់ព្រះ រដ្ឋាភិបាលដ៏សុចរិត
១៤. ម្ដេចក៏យើងអាចទុកចិត្តថា រាជាណាចក្ររបស់ព្រះយេហូវ៉ាជារដ្ឋាភិបាលដ៏សុចរិត?
១៤ ពេលផ្សព្វផ្សាយ យើងអាចពន្យល់ដល់មនុស្សថា រាជាណាចក្ររបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌ ជារាជរដ្ឋាភិបាលដ៏សុចរិត។ រាជ្យរបស់ព្រះយេហូវ៉ាជារដ្ឋាភិបាលដ៏សុចរិត ពីព្រោះអ្នកគ្រប់គ្រងរដ្ឋាភិបាលនោះមានគុណសម្បត្ដិអស្ចារ្យដូចទ្រង់ ដូចជាសេចក្ដីស្រឡាញ់ យុត្ដិធម៌និងសេចក្ដីសុចរិតជាដើម។ (ចោទិ. ៣២:៤; ១យ៉ូន. ៤:៨) ព្រះយេហូវ៉ាបានប្រគល់អំណាចឲ្យព្រះយេស៊ូគ្រិស្ត ជាអ្នកដែលមានលក្ខណៈប្រសើរបំផុតដើម្បីគ្រប់គ្រងលើមនុស្សជាតិ។ ព្រះយេហូវ៉ាក៏បានតែងតាំងគ្រិស្តសាសនិក១៤៤.០០០នាក់ពីផែនដី ដោយមានបំណងប្រោសពួកគាត់ឲ្យឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងលើមនុស្សជាតិជាមួយនឹងព្រះយេស៊ូគ្រិស្ត។—វិវរ. ១៤:១-៥
១៥. សូមរៀបរាប់អំពីលក្ខណៈខុសគ្នារវាងការគ្រប់គ្រងរបស់មនុស្សនិងរាជាណាចក្ររបស់ព្រះ។
១៥ ការគ្រប់គ្រងរបស់ព្រះយេស៊ូនិងមនុស្ស១៤៤.០០០នាក់នោះ នឹងមានលក្ខណៈខុសគ្នាឆ្ងាយពីរបៀបដែលមនុស្សមិនល្អឥតខ្ចោះបានគ្រប់គ្រង! ក្នុងប្រវត្ដិសាស្ត្រនៃមនុស្សជាតិ អ្នកគ្រប់គ្រងភាគច្រើនមានលក្ខណៈកាចសាហាវ ហើយបានជំរុញពលរដ្ឋឲ្យធ្វើសង្គ្រាមផង ដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត។ អាស្រ័យហេតុនេះ មិនជាការចម្លែកអ្វីឡើយដែលមានការព្រមានក្នុងគម្ពីរថា កុំឲ្យយើងទុកចិត្តនឹងមនុស្សដែល«ជួយ[យើង]មិនបានទេ»។ (ទំនុក. ១៤៦:៣) រីឯព្រះយេស៊ូគ្រិស្តវិញ ការគ្រប់គ្រងរបស់ទ្រង់នឹងប្រកបទៅដោយសេចក្ដីស្រឡាញ់! ព្រះយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! ដ្បិតខ្ញុំស្លូតហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹងពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។—ម៉ាថ. ១១:២៨-៣០
ជាន់ក្រោយបង្អស់ ជិតដល់ទីបញ្ចប់!
១៦. តើនឹងមានអ្វីកើតឡើងនៅចុងជាន់ក្រោយបង្អស់នេះ?
១៦ តាំងពីឆ្នាំ១៩១៤ ពិភពលោកនេះបានស្ថិតក្នុងជាន់ក្រោយបង្អស់ដែលជា«បំផុតកល្ប»ឬ«អវសានកាលនៃពិភពលោក»។ (ម៉ាថ. ២៤:៣; មថ. ២៤:៣, ខ.ស.) មិនយូរប៉ុន្មានទៀត អ្វីដែលព្រះយេស៊ូហៅថា «សេចក្ដីវេទនាជាខ្លាំងណាស់» នឹងផ្ទុះឡើង។ (សូមអាន ម៉ាថាយ ២៤:២១) សេចក្ដីឬគ្រាវេទនានោះ ដែលមិនធ្លាប់មានពីមុន នឹងនាំពិភពលោកទាំងមូលរបស់សាតាំងទៅដល់ទីបញ្ចប់។ ប៉ុន្តែ តើគ្រាវេទនានោះនឹងចាប់ផ្ដើមយ៉ាងណា? ហើយតើគ្រាវេទនានោះនឹងមកដល់ទីបញ្ចប់យ៉ាងដូចម្ដេច?
១៧. តើគម្ពីររៀបរាប់យ៉ាងណាអំពីការផ្ទុះឡើងនៃគ្រាវេទនាជាខ្លាំងណាស់?
១៧ គ្រាវេទនាជាខ្លាំងណាស់នឹងផ្ទុះឡើងក្នុងមួយរំពេច។ ត្រូវមែន! «កាលណាគេកំពុងតែនិយាយថា៖ ‹មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ›» នោះ‹ថ្ងៃនៃព្រះយេហូវ៉ា›នឹងផ្ទុះឡើង! (សូមអាន ថែស្សាឡូនីចទី១ ៥:២, ៣) ស្របទៅតាមទំនាយនោះ ពេលប្រជាជាតិនានាគិតថា គេហៀបនឹងដោះស្រាយបញ្ហាធំដុំក្នុងពិភពលោកនេះ នោះគ្រាវេទនាជាខ្លាំងណាស់នឹងផ្ទុះឡើង។ ពេល«បាប៊ីឡូនដ៏ជាធំ»ទទួលសេចក្ដីហិនវិនាស ដែលសំដៅទៅលើសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ នោះមនុស្សក្នុងពិភពលោកនេះនឹងភ្ញាក់ផ្អើលជាខ្លាំង។ ពេលបាប៊ីឡូនដ៏ជាធំទទួលទោសនោះ ពួកស្តេចនិងអ្នកឯទៀតនឹងឆ្ងល់មែន!—វិវរ. ១៧:១-៦, ១៨; ១៨:៩, ១០, ១៥, ១៦, ១៩
១៨. ពេលសាតាំងពាធារាស្ត្ររបស់ព្រះយេហូវ៉ា តើទ្រង់នឹងមានប្រតិកម្មយ៉ាងណា?
១៨ នៅពេលមួយក្នុងអំឡុងគ្រានោះ នឹងមានព្រឹត្ដិការណ៍ដ៏សំខាន់ឯទៀតដែរ ពោលគឺ «ទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ» ហើយ«ទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ»ផង។ នៅពេលនោះ យើងអាច«ងើប[ឬ«ឈរឲ្យត្រង់ខ្លួន»] ពីព្រោះសេចក្ដីប្រោសលោះរបស់[យើង]ជិតដល់ហើយ!»។ (លូ. ២១:២៥-២៨; ព.ថ.; ម៉ាថ. ២៤:២៩, ៣០) សាតាំងដែលមានឈ្មោះហៅថា កុក នឹងនាំកងកម្លាំងរបស់វាឲ្យប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ ប៉ុន្តែ ស្តីអំពីអស់អ្នកដែលពាធារាស្ត្ររបស់ព្រះយេហូវ៉ា ទ្រង់មានប្រសាសន៍ថា៖ «អ្នកណាដែលពាល់»រាស្ត្រទ្រង់ «នោះគឺជាពាល់ដល់ប្រស្រី[ភ្នែក]»របស់ទ្រង់ហើយ។ (សាក. ២:៨) ដូច្នេះ ទោះជាសាតាំងប៉ុនប៉ងបំផ្លាញចោលរាស្ត្ររបស់ព្រះយេហូវ៉ាក្ដី វានឹងត្រូវបរាជ័យ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាជាលោកម្ចាស់មហាក្សត្រដែលនឹងចាត់វិធានការភ្លាម ដើម្បីប្រោសរាស្ត្រទ្រង់ឲ្យរួច។—អេសេ. ៣៨:៩, ១៨
១៩. ហេតុអ្វីបានជាយើងអាចទុកចិត្តថា កងកម្លាំងរបស់ព្រះយេហូវ៉ានឹងបំផ្លាញចោលរបៀបរបបរបស់សាតាំង?
១៩ ពេលព្រះយេហូវ៉ាចាត់វិធានការតបតនឹងប្រជាជាតិទាំងឡាយ ‹ពួកគេនឹងដឹងថា ទ្រង់ជាព្រះយេហូវ៉ាពិត›។ (អេសេ. ៣៦:២៣) ព្រះយេហូវ៉ានឹងចាត់កងកម្លាំងរបស់ទ្រង់ ជាទេវតាពិឃាតរាប់លានរូបក្រោមបញ្ជាការនៃព្រះគ្រិស្តយេស៊ូ ដើម្បីបំផ្លាញចោលរបៀបរបបរបស់សាតាំងដែលនៅសេសសល់នៅផែនដី។ (វិវរ. ១៩:១១-១៩) បើយើងនឹកចាំថា ទេវតាតែមួយរូបប៉ុណ្ណោះធ្លាប់«សំឡាប់[ខ្មាំងសត្រូវ]អស់១សែន៨ម៉ឺន៥ពាន់នាក់»ក្នុងមួយយប់សោះ នេះពិតជាពង្រឹងទំនុកចិត្តយើងថា មិនពិបាកទេឲ្យពលទ័ពនៅស្ថានសួគ៌បំផ្លាញរបៀបរបបរបស់សាតាំងនៅផែនដីឲ្យសាបសូន្យទៅ។ នេះនឹងកើតឡើងក្នុងសង្គ្រាមអើម៉ាគេដូនដែលមានជាបន្តបន្ទាប់ហើយផ្សារភ្ជាប់នឹងគ្រាវេទនាជាខ្លាំងណាស់! (២ពង្ស. ១៩:៣៥; វិវរ. ១៦:១៤, ១៦) ព្រះយេស៊ូនឹងបោះសាតាំងព្រមទាំងវិញ្ញាណកំណាចទាំងឡាយរបស់វាទៅក្នុងជង្ហុកធំដែលមានលក្ខណៈដូចជាគុក ហើយឃុំទុកពួកវាអស់រយៈពេលមួយពាន់ឆ្នាំ។ នៅទីបំផុត ព្រះយេហូវ៉ានឹងបំផ្លាញពួកវាចោលទាល់តែអស់រលីង។—វិវរ. ២០:១-៣
២០. តាមរយៈរាជាណាចក្ររបស់ព្រះយេហូវ៉ា តើទ្រង់នឹងសម្រេចអ្វីខ្លះ?
២០ យ៉ាងនេះ ព្រះយេហូវ៉ានឹងដកអំពើអាក្រក់ចេញពីស្ថានសួគ៌និងផែនដី ហើយមនុស្សសុចរិតនឹងរស់ជារៀងរហូតនៅផែនដី។ ការទាំងប៉ុន្មានដែលព្រះយេហូវ៉ានឹងធ្វើនោះ នឹងផ្ដល់ទីសំអាងថា ទ្រង់ពិតជាព្រះដែលប្រោសរាស្ត្រទ្រង់ឲ្យរួចមែន! (ទំនុក. ១៤៥:២០) តាមរយៈរាជាណាចក្ររបស់ព្រះយេហូវ៉ា ទ្រង់នឹងបង្ហាញថាទ្រង់មានសិទ្ធិគ្រប់គ្រង ក៏នឹងលើកនាមរបស់ទ្រង់ឲ្យបានបរិសុទ្ធ ហើយបំពេញគោលបំណងដ៏អស្ចារ្យរបស់ទ្រង់ចំពោះផែនដីផង។ ដូច្នេះ ចូរឲ្យយើងមានអំណរដែលមកពីការផ្សាយដំណឹងល្អដល់«អស់អ្នកដែល[«មានចិត្តគំនិតត្រឹមត្រូវឲ្យ»]បានជីវិត» ដើម្បីជួយពួកគេឲ្យយល់ថា គ្រាដែលរាជ្យរបស់ព្រះនឹងប្រោសយើងឲ្យរួច នោះកៀកណាស់ហើយ!—កិច្ច. ១៣:៤៨; ព.ថ.
[កំណត់សម្គាល់]
a សូមមើលជំពូកទី៩ក្នុងសៀវភៅដែលមានចំណងជើងថា តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
តើអ្នកនៅចាំទេ?
• តើព្រះយេស៊ូបានបញ្ជាក់ពីសារៈសំខាន់នៃរាជ្យរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏គ្រានេះបន្ទាន់ជាងមុន ឲ្យរាជ្យរបស់ព្រះប្រោសយើងឲ្យរួច?
• ក្នុងអំឡុងគ្រាវេទនាជាខ្លាំងណាស់ តើនឹងមានព្រឹត្ដិការណ៍អ្វីខ្លះ?
• តើព្រះយេហូវ៉ាបង្ហាញយ៉ាងណា ថាទ្រង់ពូកែប្រោសមនុស្សឲ្យរួច?
[រូបភាពនៅទំព័រ១៨, ១៩]
ទំនាយក្នុងបណ្ដាំរបស់ព្រះយេហូវ៉ាបង្ហាញថា សព្វថ្ងៃនេះរាស្ត្ររបស់ទ្រង់នឹងធ្វើកិច្ចការផ្សព្វផ្សាយ ដែលរកអ្វីប្រៀបផ្ទឹមពុំបាន នៅទូទាំងពិភពលោក
[រូបភាពនៅទំព័រ២១]
ព្រះយេហូវ៉ានឹង‹ជូតអស់ទាំងទឹកភ្នែក ហើយនឹងគ្មានសេចក្ដីស្លាប់›ទៀតឡើយ។—វិវរ. ២១:៤